២០១៩
ផ្កា និង ស្ថេរភាព​ផ្នែក​ហិរញ្ញវត្ថុ
ខែ មិថុនា ឆ្នាំ ២០១៩


ពរជ័យ​នៃ​ភាព​ខ្លួន​ទីពឹងខ្លួន

ផ្កា និង ស្ថេរភាព​ផ្នែក​ហិរញ្ញវត្ថុ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋអាឡាស្កា ស.រ.អា. ។

ព្រះអម្ចាស់​បាន​បង្កើន​លទ្ធភាព​ខ្ញុំ បាន​ពង្រីក​សមត្ថភាព​ខ្ញុំ ហើយ​បាន​ធ្វើឲ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ប្រសើរ​ឡើង​ជាង​ខ្ញុំ​អាច​ធ្វើ​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ។

រូបភាព
overturned tractor

រចនា​រូបភាព​ដោយ ដេវីឌ ហ្គ្រីន

ភាពពិត​មួយ​ដែល​ខ្ញុំ​ពុំ​បាន​រៀន​ចប់​ពី​មហា​វិទ្យាល័យ​បាន​រំខាន​ចិត្ត​ខ្ញុំ​ណាស់ ។ ខ្ញុំ​បាន​ដឹង​ថា ប្រសិនបើ​មាន​អ្វី​មួយ​បាន​កើត​ឡើង​ចំពោះ​ស្វាមី​ខ្ញុំ នោះ​ខ្ញុំ​ពុំ​បាន​ត្រៀម​ហិរញ្ញវត្ថុ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​យើង​ឡើយ ។

បន្ទាប់​មក រឿង​ពុំ​បាន​រំពឹង​មួយ​បាន​កើត​ឡើង ។ ខ្ញុំ​បាន​ទទួល​ទូរសព្ទ​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រន្ធត់ និង​ផ្លាស់ប្តូរ​ជីវិត​ខ្ញុំ ។

ស្វាមីខ្ញុំ​ដែល​មាន​គ្រោះថ្នាក់​បាន​ស្រែក​តាម​ទូរសព្ទ​ថា « សូម​ទូរសព្ទ​ទៅ ៩១១ ! ។ បង​កំពុង​ជាប់​នៅ​ក្រោម​ត្រាក់ទ័រ ! »

ខ្ញុំ​បាន​ទូរសព្ទ​សូម​ជំនួយ ហើយ​បន្ទាប់​មក ខ្ញុំ​បាន​ទៅកាន់​ដី​ដែល​ស្វាមី​ខ្ញុំ​កំពុង​កាប់ឆ្ការ​នោះ​យ៉ាង​លឿន ដោយ​ធ្វើ​ដំណើរ​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​តាម​ផ្លូវ​ចាក់​ក្រួស​ទៅកាន់​ដី​របស់យើង​នៅ ភា រីច រដ្ឋអាឡាស្កា ស.រ.អា. ។ ប៊ែរី​នៅ​រស់​ទេ ប៉ុន្តែ​គាត់​កំពុង​ជាប់​នៅក្រោម​ម៉ាស៊ីន​ត្រាក់ទ័រ​ដែល​បាន​ក្រឡាប់​នោះ ។

ដោយ​ប្រើ​ឧបករណ៍​សង្គ្រោះ​ដោយ​កម្លាំង​ទឹក នោះ​ក្រុម​សង្គ្រោះ​បន្ទាន់​បាន​លើក​ត្រាក់ទ័រ​ចេញ ហើយ​ទាញ​ប៊ែរី​ចេញ​ពី​វា ។ ជើង​របស់​គាត់​បាន​ប្រឡាក់​ប្រេង​ម៉ាស៊ូត​ជោគ មើល​ទៅ​ដូចជា​បាក់​ច្រើន​កន្លែង ។ គាត់​ត្រូវបាន​គេ​យក​ទៅ​មជ្ឈមណ្ឌល​ផ្នែក​រង​របួស ជាកន្លែង​ដែល​គាត់​បាន​ទទួល​ការប្រសិទ្ធពរ​បព្វជិតភាព ពីមុន​គេ​ថត​កាំរស្មី​អ៊ិច​លើ​ជើង​គាត់ ។

យើង​មាន​ការភ្ញាក់ផ្អើល​ថា គ្មាន​ឆ្អឹង​មួយ​ណា​បាក់​ឡើយ ប៉ុន្តែ​ជើង​ផ្នែក​ខាង​ក្រោយ​ម្ខាង​របស់​ប៊ែរី​បាន​រលាក​ប្រេង​ម៉ាស៊ូត​ធ្ងន់ធ្ងរ ។ របួស​ដោយ​ការប៉ះ​ទង្គិច​របស់​គាត់​ក៏​បាន​ធ្វើឲ្យ​តម្រង​នោម​របស់​គាត់​ខូច​ផងដែរ ។ គាត់​អាច​ឈាន​ដល់​ការបាត់បង់​ជីវិត ។

បន្ទាប់​ពី​ប៊ែរី​បាន​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​ទាំងឈឺចាប់​អស់រយៈពេល​ប្រាំ​ថ្ងៃ​មក កម្រិត​សារធាតុពុល​ក្នុង​ឈាម​គាត់​បាន​ចាប់ផ្តើម​ធ្លាក់​ចុះ ។ ការផ្លាស់ប្តូរ​សម្លៀកបំពាក់ ការផ្សំ​ស្បែក ការវះកាត់​ជា​ច្រើន​ដង និង​ការព្យាបាល​ដោយ​ប្រើ​អុកស៊ីស្សែន​បាន​ធ្វើ​ឡើង​អស់រយៈពេល​ជា​ច្រើន​ខែ​បន្ទាប់​មកទៀត ។ ពេល​គាត់​បាន​ស្រួល​ខ្លួន​ល្មម​ហើយ ប៊ែរី​បាន​ត្រឡប់​មក​ធ្វើការងារ​ផ្នែក​លក់​របស់​គាត់​នៅ​ផ្ទះ​វិញ ។

« គ្មាន​នរណា​ជ្រើសរើស​ខ្ញុំ​ឲ្យ​ធ្វើ​ការ​ឡើយ »

បទពិសោធន៍​នេះ​គឺ​ជា​ការផ្លាស់ប្តូរ​ដ៏​ធំ ។ ពេល​ខ្ញុំ​បាន​ចំណាយពេល​ពីរបី​ឆ្នាំ​បន្ទាប់ ដោយ​ពិចារណារ​ពី​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ ប្រសិនបើ​ខ្ញុំ​បាត់បង់​ប៊ែរី នោះ​ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​ធ្វើការ បាន​ចូលរួម​សិក្ខាសាលា ហើយ​ដាក់ពាក្យ​ធ្វើការ​ក្រៅម៉ោង​ជាច្រើន​កន្លែង ។ ប៉ុន្តែ​ខ្ញុំ​គ្មាន​ជំនាញ​អ្វី​ឡើយ ហើយ​គ្មាន​នរណា​បាន​ជ្រើសរើស​ខ្ញុំ​ឡើយ ។

យើង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ធ្វើ​កសិកម្ម ដោយ​មាន​ដី​សម្រាប់​ចិញ្ចឹម​សត្វ​មួយ​ចំនួន ដូច្នេះ​ខ្ញុំ​បាន​ចាប់ផ្តើម​ស្រាវជ្រាវ​ផ្នែក​កសិកម្មទុក​ជា​របរ​ចិញ្ចឹម​ជីវិត ។ ថ្ងៃ​មួយ​មាន​គំនិត​មួយ​បាន​ផុស​ឡើង​ក្នុង​ចិត្ត​ខ្ញុំ​អំពី ៖ ផ្កា ។ បន្ទាប់​ពី​ស្រាវជ្រាវ​អំពី​ការដាំ​ផ្កា នោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​សាកល្បង​ដាំ​វា ។ ខ្ញុំ​បាន​ទៅ​សន្និសីទ​មួយ​ដើម្បី​ជួប​អ្នក​ដាំផ្កា ហើយ​បាន​រៀប​ចំ​ផ្លាស់ប្តូរ​ពី​ដី​ចិញ្ចឹម​សត្វ​ទៅជាដី​ដាំផ្កា​វិញ ។ បន្ទាប់​មក នៅ​ខែវិច្ឆិកា ឆ្នាំ ២០១៦ ខ្ញុំ​បាន​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​សេវាកម្ម​ភាព​ខ្លួន​ទីពឹង​ខ្លួន​ស្តីពី​របៀប​ចាប់ផ្តើម និង​ពង្រីក​អាជីវកម្មផ្ទាល់​ខ្លួន​របស់​ខ្ញុំ ។

ហាង​ផ្កា​ផ្ទាល់​ខ្លួន​របស់​យើង

វគ្គ​សិក្សា​រយៈពេល ១២ សប្តាហ៍​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវការ​ពិតប្រាកដ ។ ខ្ញុំ​មាន​ផែនការ​អាជីវកម្ម​គ្រឹះ ហើយ​មាន​គំនិត​អស្ចារ្យ​ជា​ច្រើន ប៉ុន្តែ​ខ្ញុំ​ខ្វះ​ការរៀបចំ ។ គំនិត​នានា​បាន​ផុស​ឡើង​នៅក្នុង​ថ្នាក់​នោះ ដែល​ខ្ញុំ​ពុំ​ធ្លាប់​ពិចារណា​ពីមុន​មក ។ ខ្ញុំ​បាន​អនុវត្ត​តាម​គំនិត​នីមួយៗ​ទាំង​នោះ ។ ពេល​ខ្ញុំ​បាន​ធ្វើ​ការ​នៅ​ឆ្នាំ​ដំបូង​ក្នុង​ការដាំដុះ និង​លក់​ផ្កា យោបល់ និង​គោលការណ៍​ដែល​ខ្ញុំ​បាន​រៀន​នៅក្នុង​ថ្នាក់​បាន​ដំណើរ​ការ ។

  • ខ្ញុំ​រក​បាន​ប្រាក់កម្ចី​អាជីវកម្មមួយ​ដែល​មាន​ការប្រាក់​ទាប ។

  • ខ្ញុំ​បាន​ពង្រីក​ទីផ្សារ​របស់​ខ្ញុំ ដើម្បី​រួម​បញ្ចូល​ទាំង​ទីផ្សារ​កសិករ និង​ហាង​លក់​ផ្កា ។

  • ខ្ញុំ​បាន​កក់​ព្រឹត្តិការណ៍​មួយ​ចំនួន​នៅ​កសិដ្ឋាន​របស់​យើង ទុក​ជា​ការពង្រីក​សេវាកម្ម​របស់​ខ្ញុំ ។

នៅ​ចុង​ឆ្នាំ ២០១៧ បន្ទាប់​ពី​ឆ្នាំ​ដំបូង​នៃ​ការដាំ​ផ្កា​របស់​ខ្ញុំ ខ្ញុំ​បាន​ដឹង​ថា ការលក់​ទៅ​ឲ្យ​ហាង​លក់​ផ្កា​ត្រូវ​ចំណាយពេល​ច្រើន​ណាស់ ។ ខ្ញុំ​មាន​ការងឿងឆ្ងល់​ថា « ចុះ​បើ​ខ្ញុំ​បើក​ហាង​ផ្ទាល់​ខ្លួន​វិញ​នោះ ? » ហាង​ផ្កា​ក្នុង​មូលដ្ឋាន​បាន​បិទទ្វារ ហើយ​អគារ​នោះ​បាន​ប្រែជា​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។ ដូច្នេះ​ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​ទិញវា ជួសជុល​វា​ឡើង​វិញ ហើយ​បើក​ហាង​ផ្កា​មួយ ដែល​មាន​លក់​រូបគំនូរ និង​វត្ថុ​ច្នៃប្រឌិត​ក្នុង​ស្រុក​ផ្សេងៗ​ផងដែរ ។ បន្ថែម​ពី​លើ​នោះ​ទៀត ខ្ញុំ​បាន​បើក​អាជីវកម្ម​កន្លែង​ជួល​ដាំ​រុក្ខជាតិ និង​ការតុបតែង​រុក្ខជាតិ​ក្នុង​គេហដ្ឋាន​ផងដែរ ។

ខ្ញុំ​លក់​ផ្កា​របស់​ខ្ញុំ​នៅ​ហាង​របស់​យើង និង​នៅ​តាម​ហាង​កាហ្វេ ហាង​លក់​គ្រឿង​តែងកាយ និង​នៅ​តូប​មួយ​ក្នុង​អាកាសយាន្តដ្ឋាន​ក្នុង​មូលដ្ឋាន ។ ខ្ញុំ​បាន​ទទួល​អ្វី​ដែល​ខ្ញុំ​ត្រូវការ​រៀងរាល់​ថ្ងៃ ។

ព្រះអម្ចាស់​មាន​ព្រះទ័យ​គិតគូរ

ខ្ញុំ​មាន​ទីបន្ទាល់​មួយ​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​គិតគូរ​នឹង​អាជីវកម្ម​របស់​ខ្ញុំ ។ ទ្រង់​បាន​ជួយ​ខ្ញុំ​បង្កើត​ស្ថេរភាព​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ខ្លួន​ខ្ញុំ និង ការងារ​ក្រៅម៉ោង​សម្រាប់​ស្ត្រី​មួយ​ចំនួន​ដែល​ចង់​ធ្វើ​ការ​តាម​ម៉ោង​ដែល​អាច​បត់បែន​បាន និង​សម្រាប់​និស្សិត​ធ្វើការ​រហូត​ដល់​ពួកគេ​រៀន​ចប់ ។ កូនស្រី​ម្នាក់​របស់​ពួកយើង​គ្រប់គ្រង​កសិដ្ឋាន​ផ្កា ហើយ​កូន​ប្រុស​ពីរ​នាក់របស់​យើង​ធ្វើ​ការច្រើន​នៅ​កសិដ្ឋាន រួមទាំង​ជួយ​សាងសង់​ផ្ទះ​បៃតង​ផងដែរ ។ ប៊ែរី​ជួយ​ការងារ​នៅពេល​ល្ងាច និង​នៅ​ចុង​សប្តាហ៍ ដោយ​លើក​ឥវ៉ាន់​ធ្ងន់ៗ ។

យើង​ទាំងអស់​គ្នា​ជួយ​ជ្រោមជ្រែង​គ្នា ហើយ​ធ្វើ​ការរួមគ្នា ។ វា​បាន​ផ្តល់​ពរជ័យ​ដល់​មនុស្ស​គ្រប់​គ្នា​ដែលចូល​រួមនឹង​ការងារ​នេះ ។ ខ្ញុំ​មាន​ភាព​មមាញឹក ប៉ុន្តែ​នៅតែមាន​ពេល​សម្រាប់​គ្រួសារ​ខ្ញុំ ការហៅ​ទាំងឡាយ​ក្នុង​សាសនាចក្រ កាតព្វកិច្ច​នៃ​ការងារ​បម្រើ និង​ការងារ​ស្ម័គ្រ​ចិត្ត ។

ការធ្វើការ​តាំង​ពី​គ្រា​ដែល​ខ្ញុំ​ដាំ​គ្រាប់​ពូជ ឬ​ដាំ​មើម​នោះ រហូត​ដល់ពេល​ដែល​ខ្ញុំ​បង្ហាញ​ផ្កា​មួយ​ដល់​អតិថិជន​ម្នាក់ ដែល​ផ្តល់​ស្មារតី​នៃ​សមិទ្ធិផល​ដ៏​អស្ចារ្យ​មួយ​ដល់​ខ្ញុំ ។ ខ្ញុំ​ពុំ​សង្ស័យ​ឡើយ​ថា ព្រះអម្ចាស់​បាន​បង្កើន​លទ្ធភាព​ខ្ញុំ បាន​ពង្រីក​សមត្ថភាព​ខ្ញុំ ហើយ​បាន​ធ្វើឲ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ប្រសើរ​ឡើង​ជាង​ខ្ញុំ​អាច​ប្រែក្លាយ​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ។