២០១៨
ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក
ខែ មិថុនា ឆ្នាំ ២០១៨


« ទទួល បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក »

សុន្ទរកថា​ដែល​បាន​ថ្លែង​ទៅកាន់​បុគ្គលិក​ផ្នែកសេវាកម្ម​គ្រួសារ អិល.ឌី.អេស. នៅ​ខែ មិថុនា ឆ្នាំ ២០១៧ ។ អែលឌើរ ហូឡិន បាន​សម្រួល​អត្ថបទ​នេះ​សម្រាប់​ទស្សនិជន​ឲ្យ​កាន់តែ​ទូលំទូលាយ​ឡើង ។

យើង​ប្រហែល​ជា​ពុំ​អាច​ផ្លាស់ប្តូរ​ការធ្វើ​ដំណើរ​បាន​ឡើយ ប៉ុន្តែ​យើង​អាច​ប្រាកដ​ថា គ្មាន​នរណា​ម្នាក់​ដើរ​លើ​ផ្លូវ​នោះ​តែ​ឯង​ឡើយ ។ ប្រាកដ​ណាស់ នោះ​ហើយ​ជា​អត្ថន័យ​នៃការទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ។

រូបភាព
walking with an elderly woman

រូបថត​មក​ពី Getty Images

សាវកពេត្រុសបានសរសេរថា សិស្សនៃព្រះគ្រីស្ទត្រូវតែ « មានចិត្តអាណិត​អាសូរ » ( ពេត្រុស​ទី ១ ៣:៨ ) ។ បងប្អូន​ជា​ច្រើន​បាន​បំពេញ​តាម​បទបញ្ញត្តិ​នោះ​ដោយ​គោរព និង​ពេញចិត្ត​រៀងរាល់​ថ្ងៃ​នៅក្នុង​ជីវិត​របស់​បងប្អូន ។ ប្រាកដណាស់ សេចក្តីត្រូវការ​ដ៏ខ្លាំង​នៃ​សេចក្តីអាណិតអាសូរ​គឺ​មាន​ទំហំ​ធំធេង​ទាំង​សព្វ​ថ្ងៃ​នេះ ក៏​ដូចជា​ពេល​ណាៗ​ទាំងអស់​ផងដែរ ។ តាមទិន្នន័យ​បច្ចុប្បន្ន​បាន​ឲ្យ​ដឹង​ថា ក្នុងចំណោម​មជ្ឈិមវ័យ ( ៤៣.៨ លាន​នាក់ ) នៅ​សហរដ្ឋអាមេរិក​ប្រាំ​នាក់ មាន​ម្នាក់​មាននូវ​ជំងឺ​ផ្លូវ​ចិត្ត​រៀងរាល់​ឆ្នាំ ។ ការមើលការណ៍អាសគ្រាម​ក្នុង​គេហទំព័រ​មួយ​ មាន​គេ​ចូលមើលច្រើន​ជាង ២៣ ពាន់​លាន​ដង​តែក្នុង​ឆ្នាំ ២០១៦ ប៉ុណ្ណោះ ។ « គ្រួសារ​មួយ​ដែលមាន​ឪពុក​ម្តាយ​ទាំង​ពីរ​នាក់កំពុង​ធ្លាក់​ចុះ [ យ៉ាង​លឿន ] នៅក្នុង​សហរដ្ឋ​អាមេរិក​ដោយសារ​តែ​ការលះលែង​គ្នា, … ការរួមរស់ជា​មួយគ្នា, [ និង​ការកើត​កូន​ឥត​ខាន់​ស្លា ] គឺ​កំពុង​តែ​កើន​ឡើង ។ … បច្ចុប្បន្ននេះ​ យ៉ាង​ហោច​ណាស់​កូន​កើត​មក​ដប់​នាក់ មានកូន​បួន​នាក់​កើត​ពី​ស្ត្រី​ដែល​នៅលីវ ឬ​រស់នៅ​ជាមួយ​ដៃគូ​ដែល​ពុំ​បាន​រៀបការ » ។​

ដើម្បី​ត្រូវបាន​ហៅ​ថា​ ជារាស្ត្រ​របស់​ព្រះអង្គសង្គ្រោះ ហើយ​ឈរ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ យើង​ត្រូវតែ « ហើយ​យល់​ព្រម​ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល មែន​ហើយ ហើយ [ យល់​ព្រម ] ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ មែន​ហើយ ហើយ​កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវ​ការ​កម្សាន្ដ​ទុក្ខ ហើយ​ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី » ( ម៉ូសាយ ១៨:៨–៩ ) ។

ចំពោះ​ខ្ញុំ ការ​ទទួល​បន្ទុក​គ្នា​ទៅវិញ​ទៅមក​គឺ​ជា​រឿង​សាមញ្ញ ប៉ុន្តែ​វា​ជានិយម​ន័យ​ដ៏មាន​ឥទ្ធិពល​នៃ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ពេល​យើង​ព្យាយាម​សម្រាល​បន្ទុកគ្នា​ទៅវិញទៅមក នោះ​យើង​គឺជា « អ្នក​សង្គ្រោះ … ​នៅលើភ្នំ​ស៊ីយ៉ូន » ( អូបាឌា ១:២១ ) ។ ​យើង​កំពុង​ធ្វើ​ខ្លួន​របស់​យើងជា​សញ្ញា​មួយ​ឲ្យ​ស្រប​នឹង​ព្រះប្រោសលោះ​នៃ​ពិភពលោក និង​ដង្វាយធួន​របស់​ទ្រង់ ។ យើង « [ កំពុង ] ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង … [ កំពុង ] ​ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ ហើយ … កំពុងដោះ​លែង … ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង » ( អេសាយ ៦១:១ ) ។

ការអាណិតអាសូរ​របស់​ព្រះ

រូបភាព
young man in wheelchair laughing

ចូរ​យើង​បន្ត​ពិភាក្សា​អំពី​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​បន្តិច ។ ប្រសិនបើ​ខ្ញុំ​យល់​នូ​វ​គោលលទ្ធិនេះ​ត្រឹមត្រូវ​នៅក្នុង​បទពិសោធន៍​នៃ​ដង្វាយធួន ព្រះយេស៊ូវ​គ្រីស្ទបាន​ទទួល​បទពិសោធន៍​ជំនួស​មនុស្ស​ដទៃ — ហើយ​ទទួល​យក​បន្ទុក​នៃ — អំពើ​បាប និង​ក្តីទុក្ខ និង​កង្វល់ ព្រមទាំង​ទឹកភ្នែក​របស់​មនុស្សលោក​ទាំងអស់ ចាប់តាំង​ពី​អ័ដាម និង​អេវ៉ា រហូត​ដល់​ទីបញ្ចប់​នៃ​ពិភពលោក​នេះ ។ នៅក្នុង​រឿង​នេះ ព្រះអង្គ​ទ្រង់​ផ្ទាល់​គ្មាន​អំពើ​បាប​ឡើយ ប៉ុន្តែ​ទ្រង់​បាន​ទទួល​អារម្មណ៍​នៃ​ការ​ឈឺចាប់ និង​លទ្ធផល​នៃ​អស់​អ្នក​ដែល​បាន​ធ្វើ​បាប ។ ទ្រង់​គ្មាន​បទពិសោធន៍ផ្ទាល់​នៃ​ការបែកបាក់​ក្នុង​អាពាហ៍ពិពាហ៍​ឡើយ ប៉ុន្តែ​ទ្រង់​បាន​ទទួល​អារម្មណ៍​នៃ​ការ​ឈឺចាប់ និង​លទ្ធផល​នៃ​អស់​អ្នក​ដែល​មាន​ការបែកបាក់​នោះ ។ ទ្រង់​គ្មាន​បទពិសោធន៍ផ្ទាល់​នៃ​ការចាប់រំលោភ ឬ​ជំងឺវិកលចរឹត ឬ​ជំងឺ​មហារីក ឬ​ការបាត់បង់កូន​ឡើយ ប៉ុន្តែ​ទ្រង់​បាន​ទទួល​អារម្មណ៍​នៃ​ការ​ឈឺចាប់ និង​លទ្ធផល​នៃ​អស់​អ្នក​ដែល​មាន​បទពិសោធន៍​ទាំងនោះ ព្រមទាំង​បន្ទុក និង​ការខូចចិត្ត​គ្រប់​ជំពូក​ផ្សេង​ទៀត​នៃ​ជីវិត ។

ការយល់​ដឹង​អំពី​របៀប​ដែលដង្វាយធួន​ដំណើរការ​ផ្តល់​នូវ​សេចក្តីពិត​មួយ​អំពី​គំរូ​នៃ​ព្រះ​ស្តីពី សេចក្តីអាណិតអាសូរ ដែល​ពិភពលោក​ពុំដែល​ធ្លាប់​បាន​ស្គាល់ ។ ប្រាកដ​ណាស់ គ្មាន​ពាក្យ​ពេចន៍​ពេញលេញ​គ្រប់គ្រាន់​ចំពោះ​ទង្វើ​ដ៏​សំខាន់​បំផុត​នៃ​សាកល​លោក​នេះ​ឡើយ ប៉ុន្តែ​ថ្ងៃ​នេះ​ខ្ញុំ​គ្មាន​ពាក្យ​ណា​ល្អ​ជាង​ដែល​ជំនួសពាក្យ​នេះ​បាន ដូច្នេះ​ខ្ញុំ​នឹង​ប្រើ​ពាក្យ​នេះ ។

សេចក្តី​អាណិត​អាសូរ មាន​ន័យ​ថា « ជាទង្វើ​នៃ​ការយល់​ចិត្ត​យល់​ថ្លើម … និង​ការ​មាន​បទពិសោធន៍​ជំនួស​អារម្មណ៍, គំនិត និង​ទទួល​បទពិសោធន៍​របស់​នរណា​ម្នាក់​ទោះ​ជា​បទពិសោធន៍​នោះ​នៅ​ក្នុង​អតីតកាល ឬ​បច្ចុប្បន្នកាល​ក្តី » ។ ដូច​បាន​កត់សម្គាល់​រួចហើយ នោះគឺពិតជា​សេចក្តីថ្លែង​ដែលមាន​ហេតុផល​អំពី​ដំណើរការ​នៃ​ការពលិកម្ម​ធួន ជាពិសេស​ប្រសិនបើ​យើង​បន្ថែម​ពាក្យ « អនាគតកាល » ទៅលើ​ពាក្យ « អតីតកាល » និង « បច្ចុប្បន្នកាល​ » នោះ ។

យើង​ទាំងអស់​គ្នា​ដឹង​ថា មាន​បុត្រា​បុត្រី​របស់​ព្រះ​ជាច្រើន​ដែល​បាន​រងទុក្ខ​ដោយ​ស្ងប់ស្ងាត់ និង​តែ​ឯកឯង ។ ឧទាហរណ៍ សូម​គិត​ពី​យុវជន​ម្នាក់ដែល​បាន​សរសេរ​សំបុត្រ​មក​ខ្ញុំ ដោយ​បង្ហាញ​អំពីទីបន្ទាល់​របស់​គាត់​នៅក្នុង​សំបុត្រ​ដែល​មាន​វោហារ​ដ៏អស្ចារ្យ​របស់​គាត់ ប៉ុន្តែ​ក្រោយ​ម​ក​បាន​បន្ថែម​ថា គាត់​ខូច​ចិត្ត ដោយសារ​គាត់​ពុំ​បាន​ឃើញ​ការសម្រេច​បាន​ណា​មួយ ឬ​អំណរ​សម្រាប់​អនាគតកាល​ដែលអាចកើតមាន​ដល់​គាត់ ក្នុងនាម​គាត់​ជា​បុគ្គល​ម្នាក់​ដែល​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ឡើយ ។

« ខ្ញុំ​ជួប​នឹង​ភាព​ឯកោ​អាប់អួរ​ទាំង​យប់​ទាំង​ថ្ងៃពេញមួយ​ជីវិត ។ ខ្ញុំ​បាន​ចូលរួម​ថ្នាក់​យុវមជ្ឈិមវ័យនៅលីវ​របស់​ខ្ញុំ​ដោយ​ស្មោះត្រង់ ហើយ​រៀងរាល់​សប្តាហ៍​ខ្ញុំ​ចាកចេញ​ពី​ព្រះវិហារ​ដោយ​ដឹង​ថា ខ្ញុំ​ពុំ​អាច​ក្លាយ​ជា​ចំណែក​ក្នុង​ថ្នាក់​នោះឡើយ ។ ខ្ញុំ​នឹង​ពុំ​អាច​បង្រៀន​កូនប្រុស​ខ្ញុំ​ឲ្យ​ចេះ​ជិះកង់ ។ ខ្ញុំ​នឹង​ពុំ​អាច​ដឹងថា កូនស្រី​ខ្ញុំ​ចាប់​ម្រាមដៃ​ខ្ញុំ ពេល​នាង​រៀន​ដើរ​ឡើយ ។ ខ្ញុំ​នឹង​ពុំ​អាច​មាន​ចៅ​ឡើយ ។

« ខ្ញុំ​នឹង​មក​ដល់​ផ្ទះ​ដែល​មាន​តែ​ផ្ទះទទេ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​ខែ​ទៅ​មួយ​ខែ ពី​មួយ​ទសវត្សរ៍​ទៅ​មួយ​ទសវត្សរ៍ ដោយ​បោះយុថ្កាតែ​មួយគត់​នៅក្នុង​សេចក្តីសង្ឃឹម​ខ្ញុំ​ទៅលើ​ព្រះគ្រីស្ទ ។ ជួនកាល ខ្ញុំ​ងឿង​ឆ្ងល់​ពី​មូលហេតុ​ដែល​ទ្រង់​ធ្វើ​បែប​នេះ​ដាក់​ខ្ញុំ ហើយ​សុំ​ឲ្យ​ខ្ញុំ​ធ្វើ​នូវ​ការលះបង់​ដែល​ពុំ​អាច​ធ្វើទៅ​បាន​បែប​នេះ​ទៅវិញ ។ ខ្ញុំ​យំ​នៅពេលយប់​ដែល​គ្មាននរណាម្នាក់​មើល​ឃើញ ។ ខ្ញុំ​ពុំ​បាន​ប្រាប់​នរណាម្នាក់​ឡើយ សូម្បីតែ​ឪពុក​ម្តាយ​ខ្ញុំ ។ ពួកគាត់ និង​មិត្តភក្តិ​ខ្ញុំ … នឹង​បដិសេធ​ខ្ញុំ ប្រសិន​បើ​ពួកគេ​បាន​ដឹង​រឿង​នេះ គឺ​ដូចជា​អ្វី​ដែល​ពួកគេ​បាន​បដិសេធ​ចំពោះ​អស់​អ្នក​ដែល​ធ្លាប់​ដើរ​លើ​ផ្លូវ​នេះ​ពីមុន​រូប​ខ្ញុំ​ដែរ ។ ខ្ញុំ​នឹង​រស់នៅក្នុង​ជីវិត​មួយ​ដែលប្លែក​ពី​គេ ។ ខ្ញុំ​មាន​ជម្រើស​ក្នុងការ​ត្រូវបាន​គេ​រំខាន និង​ចៀសវាង​ពី​ការនៅ​លីវ ឬ​ត្រូវបាន​គេអាណិត និង​បដិសេធ​ដោយសារ​តែ​ការប្រាប់​នូវ​ហេតុ​ផង​នោះ ។ ជីវិត​ដ៏​អាប់អួរ​នេះ​ហាក់​ដូច​តោង​ជាប់​នឹង​រូប​ខ្ញុំ ។ តើ​គ្មាន​ប្រទាល​មុខ​សេះ​នៅ​ស្រុក​កាឡាត​ទេឬ ? »

ជាមួយ​នឹង​ការឈឺចាប់ និង​ក្តីទុក្ខ​ដ៏​ខ្លាំង ក្តីអស់​សង្ឃឹម​ដ៏​ខ្លាំង​បែប​នេះ រឿង​មួយ​ដែល​យើង​ព្យាយាម​ជាប្រាកដ​ដើម្បី​ផ្តល់​ឲ្យ​បុគ្គល​បែប​នោះ​គឺ ការបញ្ជាក់​អះអាង​ថា គាត់​ពុំ​ឯកោ​ឡើយ ។ យើង​ត្រូវតែ​មាន​ចិត្ត​រឹងប៉ឹង​ក្នុង​ការបញ្ជាក់​ថា ព្រះ​គង់​នៅ​ជាមួយ​គាត់ ពួកទេវតា​នៅ​ជាមួយ​គាត់ ហើយ​យើង​នៅ​ជាមួយ​គាត់ ។

សេចក្តីអាណិតអាសូរ ។ ហាក់ដូចជា​គ្មាន​ន័យ​គ្រប់គ្រាន់​ឡើយ ប៉ុន្តែ​វា​គឺ​ជាចំណុច​ចាប់ផ្តើម ។ យើង​ប្រហែល​ជា​ពុំ​អាច​ផ្លាស់ប្តូរ​ការធ្វើ​ដំណើរ​បាន​ឡើយ ប៉ុន្តែ​យើង​អាច​ប្រាកដ​ថា គ្មាន​នរណា​ម្នាក់​ដើរ​លើ​ផ្លូវ​នោះ​តែ​ឯង​ឡើយ ។ ប្រាកដ​ណាស់ នោះ​ហើយ​ជា​អត្ថន័យ​នៃការទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក — ពួកគេ គឺជា បន្ទុក ។ ហើយ​តើមាន​នរណា​ដឹង​ថា ពេលណា ឬ​ប្រសិនបើ​ពួកគេ​នឹង​ត្រូវបាន​លើក​ស្ទួយ​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ ប៉ុន្តែ​យើង​អាច​ដើរ​ជាមួយ​គ្នា ហើយ​រំលែក​នូវ​បន្ទុកនោះ ។ យើង​អាច​លើក​ស្ទួយ​បងប្អូនប្រុស​ស្រី​របស់​យើង ដូចជា​ព្រះគ្រីស្ទ​បាន​លើកស្ទួយ​ពួកយើង​ដែរ ( សូមមើល អាលម៉ា ៧:១១–១៣ ) ។

ហើយ​តាមរយៈ​កិច្ចការ​ទាំង​នេះ នោះ​យើង​ប្រាកដ​ជា​ទទួល​បាន​នូវ​ការ​ថ្លែងអំណរ​គុណថ្មី និង​កាន់តែ​ថ្លៃថ្លាចំពោះ​អ្វីៗ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​យើង ។ ដូច​ខ្ញុំ​ធ្លាប់​និយាយ​ថា ៖

« ក្នុង​ការខិតខំ​រក​ក្ដី​សុខសាន្ដ និង​ការយល់​ខ្លះ​ពី​បញ្ហា​លំបាក​ទាំង​នេះ វា​សំខាន់​ត្រូវ​ចាំ​ថា យើង​កំពុង​រស់នៅ — និង​បាន​ជ្រើសរើស​រស់នៅ — ក្នុង​ពិភពលោក​វឹកវរ​មួយ ដែល​ការខិតខំ​ដ៏​ស្មោះត្រង់​របស់​យើង​ឆ្ពោះទៅ​រកភាព​ដូចជា​ព្រះ​នឹង​ទទួល​ការសាកល្បង និង​ត្រូវ​ព្យាយាម​ដដែលៗ ។ ក្នុង​ការអះអាង​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ផែនការ​ព្រះ គឺថា​ព្រះអង្គសង្គ្រោះ​ត្រូវ​បាន​សន្យា ជា​ព្រះ​មួយ​អង្គ​ដែល​ជួយ​យើង​ឲ្យ​ឈ្នះ​ពី​ការសាកល្បង​ទាំង​នោះ តាមរយៈ​ជំនឿ​យើង​ទៅ​លើ​ទ្រង់ ទោះ​ព្រះបិតា​ជា​អង្គ​ដែល​បញ្ជូន​ទ្រង់​មក និង​ព្រះរាជបុត្រា ជា​អង្គ​ដែល​យាង​មក ត្រូវ​បង់​ថ្លៃ​ដ៏​ធំ​ដើម្បី​ធ្វើ​កិច្ចការ​នោះ​ក្ដី ។ វា​ជា​ការដឹង​គុណ​តែមួយ​គត់​ចំពោះ​ក្ដី​ស្រឡាញ់​ដ៏​ទេវភាព​នេះ ដែល​នឹង​ធ្វើ​ឲ្យ​ការរងទុក្ខ​តិចតួច​របស់​យើង ដំបូង អាច​ទ្រាំទ្រ​បាន រួចហើយ​អាច​យល់ និង​ចុង​ក្រោយ​អាច​សង្គ្រោះ​បាន » ។

យើង​រៀន​យ៉ាង​លឿន​ថា ជារឿយៗ​ការបម្រើ​ដ៏​ល្អ​បំផុត និង​មិនគិត​ពី​ខ្លួន​យើង​ពុំ​គ្រប់គ្រាន់​ដើម្បី​លួងលោម ឬ​លើក​ទឹកចិត្ត​ក្នុង​របៀប​មួយ​ដែល​មនុស្ស​ត្រូវការ​ឡើយ ។ ឬ​ប្រសិនបើ​យើង​បាន​ជោគជ័យ​ម្តង​ហើយ ជារឿយៗ​យើង​ហាក់ដូចជា​ពុំ​អាច​បាន​ជោគជ័យ​ទៀត​ឡើយ ។ ឬ​យើង​ក៏​ពុំមែន​ជា​វីរបុរស​ដែល​រារាំង​នូវ​ការត្រឡប់​ថយ​ក្រោយ​នៅ​ក្នុង​មនុស្ស​ដែល​យើង​ខ្វល់ខ្វាយ​ពី​ពួកគេ​ឡើយ ។ ទាំងអស់​នេះ​ហើយ ជាមូលហេតុ​ដែល​យើង​ត្រូវ​បែរ​ទៅរក​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពឹងផ្អែក​លើ​ទ្រង់​ទាំង​ស្រុង ( សូមមើល នីហ្វៃទី២ ៩:២១ ) ។

ជា​រឿយៗ​យើង​ពុំ​អាច​ជួយ — ឬ​យ៉ាង​ហោច​ណាស់ យើង​ពុំ​អាច​បន្ត​រក្សា​ជំនួយ​របស់​យើង ឬ​ពុំ​អាច​ធ្វើ​វាម្តង​ហើយម្តងទៀត ពេលយើង​ធ្វើវា​បាន​ជោគជ័យនៅពេលខ្លះនោះឡើយ ។ ប៉ុន្តែ​ព្រះគ្រីស្ទ​អាច​ជួយ​បាន ។ ព្រះជាព្រះវរបិតាអាច​ជួយ​បាន ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​បាន ហើយ​យើង​ត្រូវ​បន្ត​ការព្យាយាម​ធ្វើ​ជា​ភ្នាក់ងារ​របស់​ពួក​ទ្រង់ ដោយជួយ​នៅពេល និង​នៅ​កន្លែង​ដែល​យើង​អាចជួយ​បាន ។

ពង្រឹង​ខ្លួន​របស់​អ្នក

ចំពោះ​អស់​អ្នកដែល​ព្យាយាម​ដោយ​ស្មោះ​ដើម្បី​ទទួល​បន្ទុក​របស់​មនុស្ស​ដទៃ​ទៀត វា​ជា​រឿង​សំខាន់​ថា អ្នក​ត្រូវ​ពង្រឹង​ខ្លួន​របស់​អ្នក ហើយ​ស្ថាបនា​ខ្លួន​របស់​អ្នក​ឡើង​វិញ​ជា​មុន​សិន នៅពេល​មនុស្ស​ដទៃ​រំពឹង​ទាញ​យក​កម្លាំង​យ៉ាង​ច្រើន​ពី​អ្នក ហើយ​ប្រាកដ​ណាស់​គេ​ទាញ​យក​កម្លាំង​យ៉ាង​ច្រើន​ពី​អ្នក ។ គ្មាន​នរណា​ម្នាក់​រឹងប៉ឹង​រហូត​ដល់​គាត់​ពុំ​ធ្លាប់​មាន​អារម្មណ៍​ថា ហត់នឿយ ឬ​លំបាក ឬ​ទទួលស្គាល់​តម្រូវការ​ដើម្បី​មើល​ថែ​ដល់​ខ្លួន​គាត់​ឡើយ ។ ប្រាកដ​ណាស់ ព្រះយេស៊ូវ​មាន​បទពិសោធន៍​នៃ​ការនឿយហត់​នោះ បាន​ទទួល​អារម្មណ៍​នៃ​ការបាត់បង់​កម្លាំង​របស់​ទ្រង់ ។ ទ្រង់​បាន​ប្រទាន​ឲ្យ ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​មាន​តម្លៃ​ចំពោះ​ការធ្វើ​បែប​នោះ ហើយ​ទ្រង់​បាន​ជ្រាប​ដឹង​អំពី​ការរងទុក្ខ​របស់​មនុស្ស​ជាច្រើន​ដែល​ពឹង​ផ្អែក​ទៅ​លើ​ទ្រង់ ។ នៅពេល​ស្ត្រី​ម្នាក់​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម​បាន​ពាល់​ទ្រង់​នៅក្នុង​ហ្វូង​មនុស្ស នោះ​ទ្រង់​បាន​ព្យាបាល​គាត់ ប៉ុន្តែ​ទ្រង់​ក៏​បាន​សម្គាល់​ដែរ​ថា « មាន​ព្រះចេស្តា​ចេញ​ពី​ទ្រង់ » ( សូមមើល ម៉ាកុស ៥:២៥–៣៤ ) ។

ខ្ញុំ​តែង​កោត​សរសើរ​ទ្រង់​ជានិច្ច​ដែល ទ្រង់​អាច​ផ្ទុំ​លក់​នៅ​កណ្តាល​ព្យុះ​នៅលើ​សមុទ្រ​កាលីឡេ​ដ៏​ខ្លាំងក្លា និង​ឃោរឃៅ ដែល​សិស្ស​ជា​អ្នក​នេសាទ​ត្រី​ដ៏​មាន​បទពិសោធន៍​របស់​ទ្រង់​បាន​គិត​ថា សំពៅ​នឹង​លិច​ចុះ ។ ឱ​ទ្រង់​ពិតជា​នឿយហត់​ខ្លាំង​ណាស់​ហើយ ? តើ​មាន​ការបង្រៀន​ច្រើន​ប៉ុណ្ណា​ដែល​អ្នក​បង្រៀន ហើយ​តើ​មាន​ការប្រសិទ្ធពរ​ណា​ដែល​អ្នក​អាច​ធ្វើ​ឡើង​ដោយ​គ្មាន​ការនឿយ​ហត់​អស់​កម្លាំង​នោះ ? អ្នក​ដែលមើល​ថែទាំ​គេ ក៏​ត្រូវតែ​ទទួលការ​មើលថែ​ផងដែរ ។ អ្នក​ត្រូវតែ​មាន​ប្រេង​នៅក្នុង​កាដុង​ពីមុន​អ្នក​អាច​ឲ្យ​ប្រេង​នោះ​ទៅ​អ្នកដទៃ ។

រ៉ូសាលីន ខាធើរ ប្រធានក្រុមប្រឹក្សា​នៃ​វិទ្យាស្ថាន រ៉ូសាលីន ខាធើរ សម្រាប់​ការផ្តល់ការថែទាំ បាន​ថ្លែង​ថា « មាន​មនុស្ស​តែ​បួន​ប្រភេទ​ប៉ុណ្ណោះ​នៅក្នុង​ពិភពលោកនេះ ៖ អស់​អ្នក​ដែល​ធ្លាប់​ធ្វើ​ជា​អ្នក​មើលថែទាំ​គេ, អស់​អ្នក​ដែល​កំពុង​មើល​ថែទាំ​គេ, អស់​អ្នក​ដែល​នឹង​ក្លាយ​ជា​អ្នក​មើល​ថែ​ទាំ​គេ និង​អស់​អ្នក​ដែល​នឹង​ត្រូវការ​អ្នក​មើល​ថែទាំ » ។

ប្រាកដ​ណាស់ « ទំនាក់ទំនង​រវាង​អ្នក​មើលថែទាំ​គេ និង​អ្នក​ទទួល​ការថែទាំ​ពីគេ​គឺជា [ ទំនាក់ទំនង​ដ៏​ធ្ងន់​មួយ, គឺជា​ទំនាក់ទំនងកាន់តែ ] ពិសិដ្ឋ » ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​យើង​ជួប​បទពិសោធន៍​នៃ​ការលំបាក​ស្តីពី​ការទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក នោះ​យើង​អាច​ចងចាំ​ថា គ្មាន​ពួកយើង​ណា​ម្នាក់​អាច​ចៀសវាង​ពី​ឥទ្ធិពល​នៃ​ការអាណិតអាសូរ​ ជាមួយ​នឹង​ការឈឺចាប់ និង​ការរងទុក្ខ​របស់​បុគ្គល​ណា​ម្នាក់​ដែល​យើង​មើល​ថែ​ទាំ​ឡើយ ។

ស្វែងរក​តុល្យភាព

រូបភាព
helping a woman put shoes on

វា​គឺជា​កត្តា​សំខាន់​ក្នុងការស្វែងរក​វិធី​នានា​ដើម្បីធ្វើ​ឲ្យ​តួនាទី​ក្នុងការមើលថែទាំ​របស់​អ្នក​មាន​តុល្យភាព​ជាមួយ​នឹង​កត្តា​ផ្សេងៗ​ទៀត​នៃ​ជីវិត​អ្នក — រួមមាន ការងារ, គ្រួសារ, ទំនាក់ទំនង​នានា និង​សកម្មភាព​ដែល​អ្នក​ចូលចិត្ត ។ នៅក្នុងសុន្ទរកថានៃ​សន្និសីទ​ទូទៅ​ស្តីពី​ប្រធាន​បទ​នេះ ខ្ញុំ​បាន​ព្យាយាម « ថ្លែង​អំណរគុណដល់​បងប្អូន​ទាំងអស់​គ្នា ដល់​អស់​អ្នក​ដែល​បាន​ធ្វើ​កិច្ចការ​ដ៏​ច្រើន ហើយ​ថែទាំ​យ៉ាង​អស់​ពី​ចិត្ត ព្រមទាំង​ធ្វើការ​ដោយ ‹ បំណង​ប្រាថ្នា​ដើម្បី​ធ្វើ​ល្អ › ។ មាន​មនុស្ស​ជា​ច្រើន​ដែល​មាន​ចិត្ត​សប្បុរស ។ ខ្ញុំ​ដឹង​ថា មាន​បងប្អូន​មួន​ចំនួន [ អាច​ជួបប្រទះ​នឹង​ការលំបាក​ជាមួយ​ផ្នែក​ផ្លូវ​ចិត្ត ឬ​ហិរញ្ញវត្ថុ ] នៅក្នុង​ជីវិត​ផ្ទាល់​របស់​អ្នក ហើយ​អ្នក​នៅតែ​ស្វែងរក​អ្វី​មួយ​ដើម្បី​ចែកចាយ [ ជាមួយ​អ្នកដទៃ ] ។ ដូចស្តេចបេនយ៉ាមីន​បាន​ព្រមាន​ប្រជារាស្ត្រ​របស់​ទ្រង់​ថា វា​ពុំមែន​ជា​ការណ៍​ល្អ​ឡើយ​ដែល​យើង​រត់​លឿន​ជាង​កម្លាំង​យើង​នោះ ហើយ​គ្រប់​កិច្ចការ​ទាំងអស់​គប្បី​ធ្វើ​ឡើង​តាមរបៀប​រៀបរយ ( សូមមើល ម៉ូសាយ ៤:២៧ ) » ។ ប៉ុន្តែ​ថ្វីបើ​វា​បែប​នោះ​ក្តី ខ្ញុំ​ដឹង​ថា មាន​បងប្អូន​ជា​ច្រើន​បាន​រត់យ៉ាង​លឿន ហើយ​ជួនកាល​ការផ្គត់ផ្គង់​ផ្នែក​កម្លាំង និង​សតិអារម្មណ៍​របស់​អ្នក​ស្ទើរតែ​អស់​រលីង​តែ​ម្តង ។

នៅពេល​បញ្ហា​ហាក់បីដូចជា​ធំធេង​ពេក ចូរ​ចាំអំពី​ការសរសេរ​ទាំង​នេះ​មក​ពី​តែងសេចក្តីមួយ​របស់ ដេវីឌ បែតធី ៖

« សេចក្តីសង្ឃឹម​ពុំមែន​ជាអារម្មណ៍​ឡើយ — វា​ពុំមែន​ជា​រលក​នៃ​ទឹក​ជោរ ឬ​ទឹកនាច​នៃ​អំណរ​នៅក្នុង​កណ្តាល​បញ្ហា​មួយ​ឡើយ ។

… សេចក្តីសង្ឃឹម​ពុំមែន​ជា​ដំបង​ទិព្វ​ដែល​ធ្វើ​ឲ្យ​បញ្ហា​នោះ​រលាយ​បាត់​ទៅ​ឡើយ ។ សេចក្តីសង្ឃឹម​គឺ​ជា​ខ្សែ​ជីវិត​ដែល​អាច​រក្សា​អ្នក​ពី​ការមាន​ភាពស្មុគស្មាញ​ដែល​កើត​មកពី​ព្យុះ​ក្នុង​ជីវិត​របស់​អ្នក ។

ពេល​អ្នក​ដាក់​សេចក្តីសង្ឃឹម​របស់​អ្នក​លើ​ព្រះយេស៊ូវ នោះ​អ្នក​ដាក់​ការទុកចិត្ត​របស់​អ្នក​លើ​ការសន្យា​របស់​ទ្រង់​ថា ទ្រង់​នឹង​ពុំ​ចាកចោលអ្នក ឬ​បោះបង់​អ្នក​ចោល​ឡើយ — ថា​ទ្រង់​នឹង​ធ្វើ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​អ្នក ។ ទោះបីជា​អ្នក​កំពុង​មាន​បញ្ហា​ដ៏​ធំ​មួយ​ក្តី សេចក្តីសង្ឃឹម​អាច​ធ្វើ​ឲ្យ​អ្នកមាន​ភាពសុខសាន្ត ដោយ​ដឹង​ថា ព្រះយេស៊ូវ​គង់​នៅជាមួយ​អ្នក​គ្រប់​ជំហាន​ដែល​អ្នក​ដើរ » ។១០

ខ្ញុំ​ចូលចិត្ត​អ្វី​ដែល​ប៉ុល​បាន​ដោះស្រាយ​ជាមួយ​នឹង​ការលំបាក និង​អារម្មណ៍​នៃ​ការខ្វះសមត្ថភាព​នេះ ។ នៅក្នុង​ព្រះគម្ពីរ ព្រះអម្ចាស់​បាន​ពន្យល់​ថា ព្រះគុណ​របស់​ទ្រង់​មានគ្រប់គ្រាន់​ល្មម​សម្រាប់​ប៉ុល ហើយ​ថា កម្លាំង​របស់​ទ្រង់ « បាន​ពេញខ្នាត​ដោយ​សេចក្តីកម្សោយ » ។ បន្ទាប់​មក​ប៉ុល​បាន​សរសេរ​ថា « ដូច្នេះ ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្តី​កម្សោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះចេស្តា​នៃ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​នៅ​នឹង​ខ្ញុំ » ( កូរិនថូស​ទី២ ១២:៩ ) ។១១

ទុកចិត្ត​លើ​ព្រះវរបិតា និង​ព្រះរាជបុត្រា

យើង​ត្រូវតែ​ទុកចិត្ត​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ពិតជា​មើលថែទាំ​យើង និង​កិច្ចការ​ដែល​យើង​កំពុង​ធ្វើ ថា​ពួកទ្រង់​មាន​ព្រះទ័យ​ឲ្យ​យើង « បាន​ពេញខ្នាត​ដោយសេចក្តីកម្សោយ » — គឺ​ដូចជា​អ្វី​ដែល​អ្នក​ចង់​ឲ្យ​មាន​ដល់​អស់​អ្នក​ដែល​អ្នក​មើល​ថែទាំ​ផងដែរ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​ជ្រាបដឹង​ពី​បន្ទុក​របស់​យើង ហើយ​ទ្រង់​នឹង​ពង្រឹង​យើង​ដើម្បី​ឲ្យ​យើង​ពង្រឹង​ដល់​អ្នកដទៃ​ទៀត ។ នេះ​ពុំ​មែន​មានន័យ​ថា បញ្ហា​របស់​យើង​នឹង​រលាយ​បាត់​ទៅ​ជានិច្ច ឬ​ពិភពលោក​នេះ​នឹង​មាន​ភាពសុខសាន្ត​ភ្លាមៗ​នោះ​ទេ ។ ប៉ុន្តែ​វា​ក៏​ពុំមែន​មាន​ន័យ​ថា ទ្រង់​មិន​ស្តាប់​ការអធិស្ឋាន​របស់​អ្នក​ឡើយ ។ ហើយ​ក៏​ពុំមែន​មានន័យ​ថា ការអធិស្ឋាន​នៃ​អស់​អ្នកដែល​អ្នកមើល​ថែទាំ — មានដូចជា ស្រ្តីមេម៉ាយ, អ្នក​លះលែង​គ្នា​ អ្នក​ឯកោ អ្នក​ដែល​ស្មុគស្មាញ អ្នកញៀន អ្នក​ជំងឺ អ្នក​គ្មាន​សង្ឃឹម — គឺ​មនុស្ស​គ្រប់គ្នា គ្មាននរណា​ស្តាប់​ឮ​នោះដែរ ។១២

បងប្អូន​ប្រុសស្រី ការបម្រើ​ដែល​យើង​ផ្តល់ ពេល​យើង​ទទួល​បន្ទុក​គ្នា​ទៅវិញ​ទៅមក​គឺ​ជា​កិច្ចការ​ដែល​សំខាន់​ណាស់ — ប្រាកដ​ណាស់​នេះ​គឺ​ជា​កិច្ចការ​របស់​លោក​ចៅ​ហ្វាយ​យើង ។ សំបុត្រ​ដ៏​ច្រើន​ដែល​ខ្ញុំ​បានទទួល​នៅ​ការិយាល័យ​របស់​ខ្ញុំ​បង្ហាញ​ពី​ជំនួយជា​ច្រើនដែល​ត្រូវការ​ ។ ជំនួយ​នោះ​គឺ​ជា​នំម៉ាន៉ា​មក​ពី​ស្ថានសួគ៌​ដល់អស់​អ្នក​ដែល​មាន​ការលំបាក ។

មាន​ម្តង​នោះ​ខ្ញុំ​បាន​ថ្លែង​ថា ៖ « នៅពេល​យើង​និយាយ​អំពី​អស់​អ្ន​កដែល​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​ទ្រង់ នោះ​យើង​កំពុង​រំឭក​ថា ទេវតា​ទាំងអស់ពុំ​មែន​សុទ្ធតែ​មក​ពី​ឯម្ខាង​ទៀត​នៃ​វាំង​នន​នោះទេ ។ ពួកទេវតា​មួយ​ចំនួន​នោះ​គឺ​ជា​អ្នក​ដែល​ដើរ​ជាមួយ​យើង និង​និយាយ​ជាមួយ​យើង — នៅទីនេះ នៅពេល​នេះ រៀងរាល់​ថ្ងៃ ។ ពួកគាត់​មួយ​ចំនួន​រស់នៅ​ក្នុង​សហគមន៍​របស់​យើង​ផ្ទាល់ ។ ពួកគាត់​មួយ​ចំនួនផ្តល់​កំណើត​ដល់​យើង ហើយ​នៅក្នុង​ករណី​របស់​ខ្ញុំ មាន​ពួក​គាត់​ម្នាក់​បាន​យល់​ព្រម​រៀបការ​ជាមួយ​ខ្ញុំ ។ ប្រាកដ​ណាស់ ស្ថានសួគ៌​ហាក់ដូចជា​នៅ​ជិតបង្កើយ នៅពេល​យើង​ឃើញ​សេចក្តីស្រឡាញ់​នៃ​ព្រះ​បង្ហាញ​ឡើង​នៅក្នុង​សេចក្តីសប្បុរស និង​ការលះបង់​នៃ​មនុស្ស​ដ៏​ល្អ និង​ដ៏​បរិសុទ្ធ​ដែលមាន​តែ​ពាក្យ​ថា ពួកទេវតា ទេ​ដែល​ផុស​ឡើង​ក្នុង​ចិត្ត​ដែល​សម​នឹង​ហៅ​ពួកគេ​នោះ » ។១៣

ចំពោះ​ខ្ញុំ នៅពេល​អ្នក​ព្យាយាម​សម្រាល​បន្ទុក​គ្នា​ទៅវិញទៅមក នោះ​អ្នក​ពិតជា​ទេវតា​នៃ​សេចក្តីមេត្តាករុណា​នៅក្នុង​គ្រប់​ស្មារតី​ទាំងអស់ ។ ចូរ​អ្នក​ទទួល​បាន​មក​វិញ​មួយ​រយភាគរយ​នូវ​អ្វី​ដែល​អ្នក​ព្យាយាម​ផ្តល់​ដល់​គេ ។

កំណត់​ចំណាំ

  1. សូមមើល « Mental Health by the Numbers » National Alliance on Mental Illness គេហទំព័រ nami.org ។

  2. សូមមើល « World’s Largest Porn Site Reveals the Most-Searched Porn Genre of 2016 », Fight the New Drug ថ្ងៃ​ទី ៩ ខែ មករា ឆ្នាំ ២០១៧ គេហទំព័រ fightthenewdrug.org ។

  3. « Parenting in America », Pew Research Center ថ្ងៃ​ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ គេហទំព័រ pewsocialtrends.org សូមមើល​ផងដែរ D’Vera Cohn and Andrea Caumont, « 10 Demographic Trends That Are Shaping the U.S. and the World », Pew Research Center ថ្ងៃ​ទី ៣១ ខែ មីនា ឆ្នាំ ២០១៦ គេហទំព័រ pewsocialtrends.org ។

  4. Merriam-Webster’s Collegiate Dictionary បោះពុម្ព​លើកទី ១១ [ ឆ្នាំ ២០០៣ ] « empathy » ។

  5. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។

  6. ជែហ្វ្រី អ័រ ហូឡិន « Like a Broken Vessel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤០ ។

  7. សូមមើល rosalynncarter.org/UserFiles/Jensen.pdf សូមមើល​ផងដែរ Rosalynn Carter នៅក្នុង Randi Kaplan « How to Care for the Caregiver » ថ្ងៃ​ទី ១៣ ខែ ឧសភា ឆ្នាំ ២០១៥ គេហទំព័រ health.usnews.com ។

  8. Nancy Madsen-Wilkerson « When One Needs Care, Two Need Help » Ensign ខែ មិនា ឆ្នាំ ២០១៦ ទំព័រ ៣៨ ។

  9. ជែហ្វ្រី អ័រ ហូឡិន «A Handful of Meal and a Little Oil» Ensign ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៣១ ។

  10. David Batty « Finding Hope in the Midst of Life’s Problems » គេហទំព័រ livingfree.org ។

  11. សូមមើល Anne C. Pingree « Making Weak Things Become Strong » Ensign ខែ ធ្នូ ឆ្នាំ ២០០៤ ទំព័រ ២៨–៣០ ។

  12. សូមមើល ដាល្លិន អេក អូក «He Heals the Heavy Laden» Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៦–៩ ។

  13. ជែហ្វ្រី អ័រ ហូឡិន «The Ministry of Angels» Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៣០ ។