អ្វីជាការស្តារឡើងវិញ មូលហេតុ និង របៀប ៖ ការពិពណ៌នាលម្អិតអំពីការស្តារឡើងវិញ
ដើម្បីបង្រៀនដំណឹងល្អ អ្នកត្រូវតែអាចពន្យល់អំពី ការក្បត់សាសនា គ្រាកាន់កាប់ត្រួតត្រា និងការស្តារឡើងវិញ ។ តារាងនេះអាចជួយបាន ។
ឧបមាថា អ្នកកំពុងធ្វើដំណើររយៈពេលមួយសប្តាហ៍ពេញ ទៅមាត់សមុទ្រជាមួយគ្រួសារមិត្តភក្តិរបស់អ្នក ។ អ្នកមានភាពរីករាយច្រើន ប៉ុន្តែអ្នកកំពុងចាប់ផ្តើមនឹកគ្រួសាររបស់អ្នកផ្ទាល់ ។ បន្ទាប់មកឪពុករបស់អ្នកបានផ្ញើសារមកអ្នកដើម្បីដឹងពីសុខទុក្ខរបស់អ្នក — វាជាអ្វីដែលអ្នកត្រូវការដើម្បីមានអារម្មណ៍ថាគេស្រឡាញ់ និងចងចាំ ។
ជីវិតនៅលើផែនដីនេះមានសភាពដូចនោះបន្តិចបន្តួចដែរ ។ ព្រះពុំផ្ញើសារឲ្យយើងឡើយ ប៉ុន្តែយើងនៅឆ្ងាយពីផ្ទះសួគ៌ារបស់យើង ដូច្នេះរបៀបមួយដែលព្រះវរបិតាសួគ៌ថ្លែងពីសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់ពួកយើងគឺតាមរយៈការបញ្ជូនពួកព្យាការី ។
គ្រាកាន់កាប់ត្រួតត្រា
ពួកព្យាការីដឹកនាំអ្វីមួយដែលហៅថា គ្រាកាន់កាប់ត្រួតត្រា ជារយៈពេលដែល ( ១ ) ព្រះមានអ្នកដឹកនាំបព្វជិតភាពយ៉ាងហោចណាស់ម្នាក់ ដែលមានសិទ្ធិអំណាចនៅលើផែនដី និង ( ២ ) អ្នកដឹកនាំ ដែលជាព្យាការីនេះរៀនអំពីផែនការនៃសេចក្តីសង្គ្រោះដោយផ្ទាល់ពីព្រះ ។ បន្ទាប់មកព្យាការីបង្រៀន ឬ ចែកចាយ ដំណឹងល្អដល់មនុស្ស ។
ដោយសារព្រះគម្ពីរ នោះយើងដឹងអំពីគ្រាកាន់កាប់ត្រួតត្រាជាច្រើន ។ គ្រាកាន់កាប់ត្រួតត្រាសំខាន់មួយចំនួនមានដូចជា អ័ដាម, អេណុក, ណូអេ, អ័ប្រាហាំ, ម៉ូសេ, ព្រះយេស៊ូវគ្រីស្ទ និង យ៉ូសែប ស៊្មីធ ។ ព្រះអម្ចាស់បានចាប់ផ្តើមគ្រាកាន់កាប់ត្រួតត្រាមួយតាមរយៈព្យាការីទាំងនេះម្នាក់ម្តងៗ ។
ការក្បត់សាសនា
ការក្បត់សាសនា = អំពើទុច្ចរិត ។ នៅពេលបុគ្គលម្នាក់ ឬក្រុមណាមួយងាកបែរចេញពីសេចក្តីពិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ បដិសេធពួកព្យាការី ហើយធ្លាក់ទៅក្នុងអំពើបាប នោះពួកគេកំពុងនៅក្នុងការក្បត់សាសនាហើយ ។
របៀបដែលការក្បត់សាសនាកើតឡើង
ព្រះហៅព្យាការីដែលបង្រៀនសេចក្តីពិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
មនុស្សដែលធ្វើតាមការបង្រៀនរបស់ព្យាការីបានទទួលពរ ។
មនុស្សមួយចំនួនមានអំនួត ហើយបដិសេធព្យាការី ។
ជារឿយៗ ព្រះអម្ចាស់បានដកយកព្យាការីទ្រង់ពីប្រជាជន ដែលបដិសេធគោលការណ៍នៃដំណឹងល្អ ។
នៅពេលណាមួយត្រឹមត្រូវ ព្រះហៅព្យាការីថ្មីដើម្បីស្តារសេចក្តីពិត បព្វជិតភាព និងសាសនាចក្រឡើងវិញ ។
ការស្តារឡើងវិញ
ការស្តារឡើងវិញគឺជាសកម្មភាពនៃការត្រឡប់មកវិញនៃអ្វីៗដែលជាលក្ខខណ្ឌដើមរបស់វា ។ វាពុំមែនជាការកែប្រែថ្មី ដែលផ្លាស់ប្តូរអ្វីៗដែលមានដើម្បីបង្កើតអ្វីមួយថ្មីឡើយ ។ ឧទាហរណ៍ ប្រសិនបើអ្នកចង់ស្តារផ្ទះចាស់មួយឡើងវិញ អ្នកត្រូវសាងសង់វាជាថ្មីជាមួយនឹងរូបរាងដដែលដែលវាមានពីដើមមក ។ អ្នកអាចបន្ថែមកន្លែងឡភ្លើងថ្មី ប៉ុន្តែពេលនោះអ្នកកំពុងផ្លាស់ប្តូរផ្ទះនោះហើយ មិនមែនស្តារវាឡើងវិញទេ ។
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទចាំបាច់ត្រូវស្តារឡើងវិញ ដោយសារវាបានបាត់បង់អំឡុងពេលការក្បត់សាសនាដ៏ធំ ។ មនុស្សបានរស់នៅអស់រយៈពេលជាច្រើនសតវត្សរ៍ដោយគ្មានព្រះវិហារពិត ។ ដូច្នេះព្រះអម្ចាស់ បានស្តារ សាសនាចក្រ និងដំណឹងល្អរបស់ទ្រង់តាមរយៈយ៉ូសែប ស្ម៊ីធ គឺដូចជាព្យាការីជំនាន់បុរាណបានព្យាករ ( សូមមើល អេសាយ ២:១–៣; ២៩:១៣–១៤; កិច្ចការ ៣:១៩–២១; វិវរណៈ ១៤:៦–៧; នីហ្វៃទី ២ ៣:៣–១៥ ) ។
ដំណឹងល្អដ៏ពិតនៃព្រះយេស៊ូវគ្រីស្ទនឹងបន្តមាននៅទីនេះ — ដូច្នេះតើអ្នកនឹងនៅជាមួយដំណឹងល្អដែរឬទេ ? ទោះបីជាលោកិយនេះមានអំពើទុច្ចរិតកាន់តែច្រើនឡើងៗក្តី ក៏សាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទនឹងបន្តនៅជារៀងរហូត ។
អ្នកមានជម្រើសដែលត្រូវសម្រេចចិត្ត — ជាជម្រើសដូចគ្នាដែលបានប្រឈមមុខនឹងជីវិតរមែងស្លាប់ ចាប់តាំងពីដើមដំបូងថា ៖ តើអ្នកនឹងធ្វើតាមព្យាការីដែរឬទេ ? ប្រសិនបើអ្នកធ្វើតាម នោះអ្នកនឹងទទួលពរ ហើយមានព្រះវិញ្ញាណដឹកនាំអ្នក ។
អ័ដាម
អ័ដាមពិតជាអ្នកត្រួសត្រាយមួយរូប ៖ លោកគឺជាមនុស្សដំបូងគេនៅលើផែនដី និងជាព្យាការីដំបូងគេ ! លោកបានបង្រៀនគ្រួសារលោកអំពីដំណឹងល្អ ប៉ុន្តែចាប់តាំងពីដំបូងមកមានមនុស្សជាច្រើន « បានស្វែងរកការទូន្មានរបស់ខ្លួនក្នុងសេចក្ដីងងឹត » ហើយបានបដិសេធសេចក្តីពិត ( ម៉ូសេ ៦:២៨ ) ។
អេណុក
តើអ្នកធ្លាប់បានឮពីទីក្រុងទាំងមូលមួយត្រូវបានយកទៅស្ថានសួគ៌ដែរឬទេ ? មែនហើយ ទីក្រុងស៊ីយ៉ូន — បានស្ថាបនាដោយអេណុក — សុចរិតយ៉ាងខ្លាំងដែលធ្វើឲ្យប្រជាជននោះបានទៅរស់នៅជាមួយព្រះ ( សូមមើល ម៉ូសេ ៧:២៣ ) ។
ណូអេ
អ្នកដឹងអំពីសំពៅរបស់ណូអេ ។ មានមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះ — គឺគ្រួសារណូអេ — បានរស់រានមានជីវិតពីទឹកជំនន់ ដោយសារពួកគេបានស្តាប់តាមការព្រមានរបស់ណូអេ ( សូមមើល លោកុប្បត្តិ ៧; ម៉ូសេ ៨ ) ។ ប៉ុន្តែអ្នកដឹងទេថា លោកបានទទួលបព្វជិតភាពកាលលោកមានអាយុ ១០ ឆ្នាំប៉ុណ្ណោះ ( សូមមើល គ. និង ស. ១០៧:៥២ ) ហើយថា « មនុស្សរូបធំសម្បើម … ព្យាយាមតាមយកជីវិតណូអេ ? » ( ម៉ូសេ ៨:១៨ ) ។
អ័ប្រាហាំ
អ័ប្រាហាំស្ទើរតែត្រូវបានបូជាដោយពួកសង្ឃទុច្ចរិតទៅហើយ ប៉ុន្តែទេវតាមួយអង្គបានសង្គ្រោះលោក ( សូមមើល អ័ប្រាហាំ ១ ) ។ លោកមានវិវរណៈអស្ចារ្យមួយចំនួន រួមមានការនិមិត្តអំពីជីវិតមុនផែនដីផងដែរ ។ សមាជិកសាសនាចក្រគឺជាពូជពង្សរបស់លោក ហើយសេចក្តីសញ្ញានៃអ័ប្រាហាំត្រូវបានដាក់ឈ្មោះតាមឈ្មោះលោក ។ ( សូមមើល អ័ប្រាហាំ ២–៥ ) ។
ម៉ូសេ
ម៉ូសេបានដឹកនាំសាសន៍អ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ ហើយបានជួយពួកគេឲ្យទទួលបានសេរីភាព ។ លោក « បានព្យាយាមស្វែងរក ដើម្បីញែកប្រជាជនរបស់លោកចេញជាបរិសុទ្ធ ប្រយោជន៍ឲ្យពួកគេអាចបានមើលឃើញព្រះភក្ត្រនៃព្រះ ប៉ុន្តែពួកគេពង្រឹងចិត្តរបស់គេ ហើយពុំអាចទ្រាំវត្តមានរបស់ទ្រង់បានឡើយ » ( គ. និង ស. ៨៤:២៣–២៤ ) ។ ប្រាកដណាស់ ដោយសារការក្បត់សាសនារបស់ពួកគេ នោះពួកគេដើរវង្វេងនៅក្នុងទីរហោស្ថានអស់រយៈពេល ៤០ ឆ្នាំ !
ព្រះយេស៊ូវគ្រីស្ទ
ព្រះយេស៊ូវគ្រីស្ទពុំគ្រាន់តែបង្រៀនដំណឹងល្អ និងសម្តែងអព្ភូតហេតុជាច្រើនប៉ុណ្ណោះទេ ទ្រង់ថែមទាំងស្ថាបនាសាសនាចក្ររបស់ទ្រង់នៅលើផែនដីផងដែរ ។ ទ្រង់បានធ្វើឲ្យធួនសម្រាប់អំពើបាបរបស់យើង ហើយត្រូវបានឆ្កាង និងមានព្រះជន្មរស់ឡើងវិញ ដែលអាចធ្វើឲ្យយើងឈ្នះលើសេចក្តីស្លាប់ខាងវិញ្ញាណ និងខាងសាច់ឈាម ។ ទ្រង់គឺជាសិរសារនៃសាសនាចក្ររបស់ទ្រង់សព្វថ្ងៃនេះ ហើយទ្រង់ និងព្រះវរបិតាសួគ៌គឺជាប្រភពនៃសិទ្ធិអំណាចបព្វជិតភាព ។
ការក្បត់សាសនាដ៏ធំ
បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ពួកសាវក និងថ្នាក់ដឹកនាំដទៃទៀតនៃសាសនាចក្រ បានព្យាយាមផ្សាយដំណឹងល្អ ប៉ុន្តែមនុស្សបានបដិសេធការបង្រៀនរបស់ពួកលោក ហើយថែមទាំងបានសម្លាប់ពួកសាវកស្ទើរតែទាំងអស់ទៀតផង ។ ដោយសារតែអំពើទុច្ចរិតរបស់មនុស្ស នោះភាពពេញលេញនៃដំណឹងល្អត្រូវបានបាត់បង់ពីផែនដីនេះ ។ លោកិយបានធ្លាក់ទៅក្នុងសេចក្តីងងឹតខាងវិញ្ញាណ ( សូមមើល អេសាយ ៦០:២ ) ។
-
អស់រយៈពេលជាង ១០០០ ឆ្នាំ មក មនុស្សពុំអាចទទួលបានពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះ ពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ ឬការណែនាំពីព្យាការីឡើយ ។
-
សេចក្តីពិតដ៏មានតម្លៃត្រូវបានបាត់បង់ពីព្រះគម្ពីរប៊ីប ។
-
គំនិតខុសឆ្គងត្រូវបានបង្រៀនអំពីលក្ខណៈពិតរបស់ព្រះ ។
-
ពិធីបរិសុទ្ធមួយចំនួននៃសេចក្តីសង្គ្រោះត្រូវបានផ្លាស់ប្តូរ ឬបង្រៀនពុំបានត្រឹមត្រូវ ( សូមមើល អេសាយ ២៤:៥ ) ។
-
ទីបំផុតការក្បត់សាសនានេះបាននាំឲ្យមានការស្ថាបនាព្រះវិហារសាសនាជាច្រើន ។
ការស្តារឡើងវិញ
អំឡុងពេលនៃការក្បត់សាសនាដ៏ធំ មនុស្សមួយចំនួនដែលគិតអំពីសាសនានៅទ្វីបអឺរ៉ុបបានដឹងថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទត្រូវបានបង្រៀនពុំបានត្រឹមត្រូវឡើយ ។ អ្នកកែទម្រង់ទាំងនេះពុំមែនជាព្យាការីឡើយ ប៉ុន្តែពួកគេបានធ្វើកិច្ចការដោយអស់ពីសមត្ថភាពដើម្បីបង្រៀនសេចក្តីពិតដែលពួកគេយល់បាន ។ ពួកគេបានជួយធ្វើឲ្យព្រះគម្ពីរប៊ីបអាចមានដល់មនុស្សជាច្រើនថែមទៀត ។ មនុស្សជាច្រើនស្វែងរកសេរីភាពខាងសាសនា ហើយបានបើកផ្លូវសម្រាប់ការស្តារឡើងវិញនៃដំណឹងល្អ ។
យ៉ូសែប ស៊្មីធ
ដូច្នេះតើភាពពេញលេញនៃដំណឹងល្អបាត់បង់ជារៀងរហូតឬ ? អត់ទេ ! ព្រះបានបើកសម្តែងសេចក្តីពិតសំខាន់ៗដល់ព្យាការីយ៉ូសែប ស៊្មីធ សារជាថ្មីម្តងទៀត ។ សារទូតសួគ៌ាបានស្តារឡើងវិញនូវកូនសោបព្វជិតភាពចាំបាច់ទាំងអស់ដល់លោក ( សូមមើល គ. និង ស. ២៧:៨–១៣; ១១០; ១២៨:១៨–២១ ) ដែលធ្វើឲ្យវាក្លាយជា « គ្រាកាន់កាប់ត្រួតត្រាក្នុងកាលដែលពេញកំណត់ » ( គ. និង ស. ១៣៨:៤៨ ) ។ វាក៏ត្រូវបានចាត់ទុកថាជាថ្ងៃចុងក្រោយ ដោយសារវាជាគ្រាកាន់កាប់ត្រួតត្រាចុងក្រោយពីមុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
ការស្ដារឡើងវិញ
សូមទាយទៅមើល ? អ្នក មានពរជ័យនៃការស្តារឡើងវិញ ។ ប្រាកដណាស់ អ្នកមាន !
-
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានស្ដារឡើងវិញដោយមានព្យាការី និងពួកសាវកដឹកនាំ ។
-
ព្រះគម្ពីរមរមន, គោលលទ្ធិ និងសេចក្តីសញ្ញា, មុក្តាដ៏មានតម្លៃមហិមា និងវិវរណៈសម័យទំនើបដទៃទៀត បានស្តារឡើងវិញនូវសេចក្តីពិតដ៏មានតម្លៃដែលបានបាត់បង់នោះ ( សូមមើល នីហ្វៃទី ២ ២៧ ) ។
-
យ៉ូសែប ស៊្មីធ បានទទួលបព្វជិតភាពអើរ៉ុនពីយ៉ូហាន បាទីស្ទ ( សូមមើល គ. និង ស. ១៣ ) ហើយបព្វជិតភាពមិលគីស្សាដែកមកពីសាវក ពេត្រុស យ៉ាកុប និង យ៉ូហាន ( សូមមើល គ. និង ស. ១២៨:២០ ) ។
-
អ្នកកាន់បព្វជិតភាពដែលមានសិទ្ធិអំណាចធ្វើពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះបានត្រឹមត្រូវ ។
-
ហើយយើងដឹងថាសេចក្តីពិតនឹងពុំបាត់បង់តាមរយៈការក្បត់សាសនាទៀតឡើយ ( សូមមើល ដានីយ៉ែល ២:៤៤ ) ។