២០១៨
មាគ៌ា​ឆ្ពោះ​ទៅ​កាន់​សុភមង្គល​ពិត​ប្រាកដ
April 2018


មាគ៌ា​ឆ្ពោះ​ទៅ​កាន់​សុភមង្គល​ពិត​ប្រាកដ

ដកស្រង់​ចេញពី​ផ្នែក​ចាប់ផ្តើម​នៃ​សុន្ទរកថាមួយ​មាន​ចំណង​ជើង​ថា « មាគ៌ាសម្រាប់​សុភមង្គល » ​ដែលថ្លែង​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ — រដ្ឋហាវ៉ៃ កាលពីថ្ងៃទី ០៨ ខែ មិថុនា ​ឆ្នាំ ២០១៧ ។

សូម​ឲ្យ​យើង​ម្នាក់ៗ​ជ្រើសរើស​ស្រឡាញ់ព្រះអម្ចាស់ និង​ធ្វើ​តាម​មាគ៌ា​ឆ្ពោះ​ទៅ​កាន់​សុភមង្គល​របស់​ទ្រង់ ។

រូបភាព
couple standing outside the Oakland California Temple

លើស​ពី​អ្វីៗ​ទាំង​អស់ ព្រះវរបិតា​សួគ៌​មាន​ព្រះទ័យ​ឲ្យ​យើង​មាន​សុភមង្គល​ពិតប្រាកដ និង​យូរ​អង្វែង ។

« សុភមង្គល​របស់​យើង​គឺ​ជា​ប្លង់​រចនា​ពរជ័យ​ទាំងអស់​ដែល​ទ្រង់​ប្រទាន​ដល់​យើង — ការបង្រៀន​ដំណឹង​ល្អ បទបញ្ញត្តិ ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ទំនាក់ទំនង​គ្រួសារ ព្យាការី ព្រះវិហារ​បរិសុទ្ធ សម្រស់​នៃ​ការបង្កបង្កើត និង​សូម្បី​តែ​ឱកាស​ជួប​នូវ​ទុក្ខលំបាក​ក្តី ។ … ទ្រង់​បាន​បញ្ជូន​បុត្រា​សំណព្វ​តែ​មួយ​របស់​ទ្រង់​ឲ្យ​ធ្វើ​នូវ​ដង្វាយធួន ដើម្បី​យើង​អាច​រីករាយ​ក្នុង​ជីវិត​នេះ និង​ទទួល​អំណរ​ដ៏​ពោរពេញ​នៅក្នុង​ភាពអស់កល្ប​ជានិច្ច » ។

មនុស្ស​នៅ​គ្រប់​ទីកន្លែង​កំពុង​ស្វែងរក​អ្វី​មួយ ។ តាម​របៀប​របស់​ពួកគេផ្ទាល់ អ្វី​មួយ​ដែល​ពួកគេ​ពិតជា​កំពុង​ស្វែងរក​នោះ​គឺ​សុភមង្គល ។ ប៉ុន្តែ ជាមួយ​នឹង​សេចក្តីពិត នោះ​មនុស្ស​ជាច្រើន​ត្រូវបាន​រារាំង​ពី​សុភមង្គល « ពីព្រោះ​ពួកគេ​មិន​ដឹង​ជា​ទៅ​រក​សេចក្ដី​ពិត​ឯណា​ទេ » ( គ. និង ស. ១២៣:១២ ) ។

ដោយសារ​ពួកគេ​ពុំ​ដឹងពី​កន្លែង​ដើម្បីស្វែងរក​សេចក្តីពិត និង​សុភមង្គល​យូរ​អង្វែង​ នោះ​ពួកគេ​ស្វែងរក​វា​នៅក្នុង​កិច្ចការ​ដែល​នាំ​មក​នូវ​ក្តី​រីករាយបណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ — ដូច​ជា​ការទិញ​ឥវ៉ាន់ ស្វែងរក​កិត្តិយស និង​ការកោត​សរសើរ​ពី​លោកិយ​តាមរយៈ​ឥរិយាបថ​មិន​សមរម្យ ឬ​ផ្តោត​ទៅលើ​សម្រស់​នៃ​រូបកាយ និង​ការទាក់ទាញ​អារម្មណ៍ ។

ជារឿយៗ​ភាព​រីករាយ​ត្រូវបាន​ច្រឡំ​ជាមួយ​នឹង​សុភមង្គល ។ វា​ទំនង​ថា កាលណា​មនុស្ស​កាន់តែស្វែងរក​ភាពរីករាយ​បណ្តោះអាសន្ន នោះ​ពួកគេ​មាន​ភាព​សប្បាយ​កាន់តែ​តិច ។ ជាទូទៅ​ភាពរីករាយបែប​នោះ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។

ដូច​ប្រធាន ដេវីឌ អូ. មិកឃេ ( ១៨៧៣–១៩៧០ ) បាន​មាន​ប្រសាសន៍​ថា ៖ « អ្នក​ប្រហែល​ជា​អាច​ទទួល​បាន​ភាពរីករាយ​មិន​ថិតថេរ​នោះ មែនហើយ ប៉ុន្តែ​អ្នក​ពុំ​អាច​រក​ឃើញ​អំណរ​ឡើយ អ្នក​ពុំ​អាច​រក​ឃើញ​សុភមង្គល​ឡើយ ។ សុភមង្គល​ត្រូវបាន​រកឃើញ​តែនៅលើ​ផ្លូវ​ចង្អៀត ត្រង់ ដែល​នាំ​ទៅ​រក​ជីវិត​អស់កល្ប​ជានិច្ច​ប៉ុណ្ណោះ » ។​

ជាអកុសល​សម្រាប់​មនុស្ស​ជាច្រើន សុភមង្គល​គឺ​ជារឿង​ពិបាក​ទទួល​បាន ។ អ្នកវិទ្យាសាស្ត្រ​ដឹង​ថា « សុភមង្គល​គឺ​ជា​ស្ថានភាព​នៃសុខុមាលភាព​ដែលក្តោបយក​ការរស់នៅ​ក្នុង​ជីវិត​ដ៏​ល្អ​ លើស​ពី​អារម្មណ៍វិជ្ជមាន​ធម្មតា​ទៅ​ទៀត — គឺថា វា​រួម​ជាមួយ​នឹង​ស្មារតី​មួយ​នៃ​ការពេញចិត្ត​ពេញ​ថ្លើម​យ៉ាង​ជ្រាលជ្រៅ និង​ប្រកប​ដោយ​អត្ថន័យ » ។​

ការស្រាវជ្រាវ​បង្ហាញ​ថា សុភមង្គល​គឺ​ពុំ​មែន​ជា​លទ្ធផល​នៃ​ការផ្លាស់ប្តូរយ៉ាង​លឿន​ពី​បទពិសោធន៍​មួយ​ទៅ​បទពិសោធន៍​មួយ​ទៀត​ឡើយ ។ ផ្ទុយ​ទៅវិញ ជាទូទៅ​ការសម្រេច​បាន​សុភមង្គលគឺ​ទាក់ទង​នឹង​ការខិតខំ​យ៉ាង​យូរ​អង្វែង​សម្រាប់​អ្វី​មួយដែល​កាន់តែ​សំខាន់​ក្នុង​ជីវិត ។ សុភមង្គល​ត្រូវបាន​កំណត់​ដោយ​ទម្លាប់ ឥរិយាបថ និង​លំនាំ​នៃ​គំនិត​ដែល​យើង​អាច​ដោះស្រាយ​ដោយ​ផ្ទាល់តាមរយៈ​សកម្មភាព​ដោយ​ចេតនា ។ សុភមង្គល​ដ៏​ច្រើន​របស់​យើង​គឺ​ពិត​ជា « ស្ថិតនៅក្រោម​ការគ្រប់​គ្រង​របស់​យើង​ផ្ទាល់ » ។

ចូរ​យើង​ពិចារណា​អំពី​សារៈសំខាន់​នៃ​មាគ៌ា​មួយ​ចំនួន​នៃសុភមង្គលដែល​មាន​នៅក្នុង​ខគម្ពីរ និងបាន​បង្រៀន​ដោយ​ពួកព្យាការី និង​ពួក​សាវក​សម័យ​ទំនើប​នេះ ។ ការបោះ​ជំហាន​របស់​យើង​ដោយ​ស្មោះត្រង់ និង​រឹងប៉ឹង​នៅលើមាគ៌ា​ទាំង​នោះ នឹង​ធ្វើ​ឲ្យ​យើង​រីករាយ​នឹង​សុភមង្គល​នៅក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ខាង​មុខ ។

គុណធម៌

មាគ៌ា​ដំបូង​បំផុត​នោះ​គឺ​ជាគុណធម៌ ដែល​ជា​លំនាំ​នៃ​គំនិត និង​ឥរិយាបថ​ដែល​ផ្អែក​លើ​បទដ្ឋាន​សីលធម៌​ខ្ពស់ ។ វា​រួម​មាន​ទាំងបរិសុទ្ធភាព និង​សច្ចៈភាព​ប្រកបដោយ​សីលធម៌ ដែល​ធ្វើ​ឲ្យ​យើង​សក្តិសម​នឹង​ចូលទៅ​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ។ មនុស្ស​មាន​គុណធម៌​មាន​នូវ​ភាពថ្លៃថ្នូរ​ដោយស្ងប់ស្ងាត់ និង​ភាពរឹងមាំពី​ក្នុង​ចិត្ត ។ ពួកគេ​មាន​ទំនុក​ចិត្ត ដោយសារ​ពួកគេ​មាន​ភាពសក្តិសម​ទទួល និង​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ​ ។ គុណធម៌​ចាប់ផ្តើមនៅក្នុង​ចិត្ត និង​គំនិត ហើយ​វា​ប្រមូល​ផ្តុំ​នូវ​ការសម្រេច​ចិត្ត​ និង​សកម្មភាព​តូចៗ​រាប់ពាន់​រៀងរាល់​ថ្ងៃ ។

« សូម​ឲ្យ​គុណធម៌​តុបតែង​គំនិត​អ្នក​ដោយ​ឥតឈប់​ឈរ​ឡើយ ខណៈ​នោះ​អ្នក​នឹង​មាន​ចិត្ត​ក្លាហាន​ឡើង​នៅ​ចំពោះ​វត្តមាន​នៃ​ព្រះ ហើយ​គោលលទ្ធិ​អំពី​បព្វជិតភាព​នឹង​ចុះ​មក​លើ​ព្រលឹង​របស់​អ្នក​ដូចជា​ទឹក​សន្សើម​ចុះ​ពី​លើ​មេឃ ។

ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ទៅ​ជា​គូកន​អ្នក​ជា​និច្ច ហើយ​ដំបង​ពេជ្រ​របស់​អ្នក ជា​ដំបង​ពេជ្រ​នៃ​សេចក្ដី​សុចរិត និង​សេចក្ដី​ពិត​ដែល​មិន​ចេះ​ប្រែប្រួល ហើយ​អំណាច​គ្រប់​គ្រង​របស់​អ្នក នឹង​ទៅ​ជា​អំណាច​គ្រប់​គ្រង​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច ហើយ​ដោយ​ឥត​ការ​បង្ខិតបង្ខំ នោះ​វា​នឹង​ហូរ​មក​លើ​អ្នក​ជា​រៀង​ដរាប​ត​ទៅ » ( គ. និង ស. ១២១:៤៥–៤៦ ) ។

ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧-២០១៨ ) បាន​បង្រៀន​ថា « គ្មាន​មិត្តភាព​ណា​មាន​តម្លៃ​ជាង​សតិសម្បជញ្ញៈ​ដ៏​ច្បាស់​របស់​ខ្លួន​អ្នក ភាពស្អាតស្អំ​ខាង​សីលធម៌​ផ្ទាល់ខ្លួន​អ្នក​ឡើយ — ឱ វា​ជា​អារម្មណ៍ដ៏​រុង​រឿង​មួយ​ដែល​ដឹង​ថា អ្នក​ឈរ​នៅ​ក្នុង​កន្លែង​ស្អាតស្អំ​ដែល​អ្នក​បាន​តែងតាំង ហើយ​ដោយ​មាន​ទំនុកចិត្ត​ថា អ្នក​មាន​ភាពសក្តិសម​ក្នុង​ការធ្វើ​ដូច្នោះ » ។

ភាពទៀងត្រង់

មាគ៌ា​ទី​ពីរ​នៃ​សុភមង្គល​គឺ​ភាពទៀងត្រង់ ។ អែលឌើរ រីឆាត ជី ស្កត ( ១៩២៨–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

« សូម​ទទួល​ស្គាល់​ថា សុភមង្គល​យូរអង្វែង​កើត​ឡើងមកពី​ខ្លួន​អ្នក ពុំមែន​មក​ពី​អ្វី​ដែល​អ្នក​មាន​ឡើយ ។

« អំណរពិត​កើត​ឡើង​ពី​អត្តចរិត​សុចរិត ហើយ​ថា​វា​កើត​ឡើង​ពី​លំនាំ​ជាប់​ជានិច្ច​នៃ​ការសម្រេច​ចិត្ត​សុចរិត ។ … ការសម្រេច​ចិត្ត​សុចរិត​របស់​អ្នក​កំណត់​ថា ខ្លួន​អ្នក​ជានរណា និង​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​អ្នក ។ វា​ធ្វើ​ឲ្យ​ការធ្វើ​កិច្ចការ​ត្រឹមត្រូវ​កាន់តែ​ងាយស្រួល ។ ដើម្បី​មានសុភមង្គល​ក្នុងពេលបច្ចុប្បន្ន​នេះ និង​ពេញ​មួយ​ជីវិត​របស់​អ្នក សូម​គោរព​តាម​ព្រះអម្ចាស់​យ៉ាង​ខ្ជាប់ខ្ជួន » ។​

នៅពេល​យើង​សិក្សា​ព្រះគម្ពីរ យើង​ដឹង​ថា សេចក្ដីសន្យា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ចំពោះ​យើងជំរុញ​យើង​ឲ្យ​រស់នៅ​ដោយ​សុចរិត ។ ការសន្យា​ទាំង​នោះ​បំប៉ន​ព្រលឹង​យើង នាំ​ឲ្យ​យើង​មាន​ក្តីសង្ឃឹម​ដោយ​ជំរុញ​យើង​កុំ​ឲ្យចុះញ៉ម ទោះបី​ជា​ប្រឈម​មុខ​នឹង​ឧបសគ្គ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ នៅក្នុង​ពិភពលោក​ដែល​ខ្វះ​តម្លៃនៃ​សីលធម៌ និង​សុជីវធម៌​ក្តី ។ ហេតុដូច្នេះ​ហើយ យើង​ត្រូវ​ប្រាកដ​ថា គំនិត ពាក្យ​សម្តី និង​ទង្វើ​របស់​យើង​កំពុង​នាំ​យើង​ឲ្យ​ដើរ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ព្រះវរបិតាសួគ៌​របស់​យើង​វិញ ។

ភាព​ស្មោះត្រង់​

មាគ៌ា​ទី​បី​ទៅ​កាន់សុភមង្គល​គឺ​ភាពស្មោះត្រង់ ។ វា​ជា​រឿង​ចាំបាច់​ដើម្បី​យល់​ថា ព្រះប្រទាន​ពរ​ដល់​ពួកយើង​ស្រប​តាម​សេចក្តីជំនឿ​របស់យើង ដែល​ជា​ប្រភព​នៃ​ការរស់នៅ​ជាមួយ​គោលបំណង​របស់​ព្រះ និង​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច ។ សេចក្តីជំនឿ​គឺ​ជា​គោលការណ៍​អនុវត្តមួយ​ដែល​បំផុស​ឲ្យមានភាព​ឧស្សាហ៍​ព្យាយាម ។ វាបង្ហាញ​ឡើង​នៅ​ក្នុង​ឥរិយាបថ និង​បំណង​ប្រាថ្នា​វិជ្ជមាន​របស់​យើង ដើម្បី​ធ្វើ​អ្វីៗគ្រប់​យ៉ាង​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បង្គាប់ឲ្យ​យើង​ធ្វើ​ដោយស្ម័គ្រ​ចិត្ត ។ វា​ជា​អ្វី​ដែល​នាំ​ឲ្យ​យើង​លុត​ជង្គង់​ចុះ​ដើម្បី​ទទូច​អង្វរ​សូម​ការ​ដឹកនាំ ហើយជំរុញ​ចិត្ត​យើង​ឲ្យ​ក្រោក​ឡើង​ធ្វើ​សកម្មភាព​ដោយ​ទំនុក​ចិត្ត ដើម្បី​សម្រេច​កិច្ចការ​នានា​ស្របតាម​ព្រះទ័យ​ទ្រង់ ។

នៅពេល​អ្នក​បន្ត​ដំណើរ​នៅក្នុង​ជីវិត​អ្នក អ្នក​នឹង​ត្រូវបាន​សាកល្បង ដើម្បីឃើញ​ថា តើ​អ្នក​នឹង​ធ្វើ​គ្រប់​រឿង​ដែល​ព្រះអម្ចាស់​ជា​ព្រះ​នៃ​អ្នក​នឹង​បង្គាប់​ឲ្យ​អ្នក​ធ្វើ​ដែរ​ឬ​ទេ » ( សូមមើល អ័ប្រាហាំ ៣:២៥ ) ។ នេះ​គឺជា​ផ្នែក​មួយ​ក្នុង​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់ ។ វា​នឹង​តម្រូវ​ឲ្យអ្នក​ដើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​មាន​សេចក្តីជំនឿ​ខ្ជាប់​ខ្ជួន​លើ​ព្រះគ្រីស្ទ ដឹកនាំ​ដោយ​ព្រះវិញ្ញាណ និង​ដោយការ​ទុក​ចិត្ត​ថា ព្រះ​នឹង​ប្រទាន​ដល់​សេចក្ដី​ត្រូវ​ការអ្នក ។​

ចូរ​ចងចាំ​ថា អ្នក​ពុំ​ត្រូវ​ស្ទាក់ស្ទើរ​ក្នុង​សេចក្តីជំនឿ​របស់​អ្នក​ឡើយ — ទោះ​ស្ថិត​ក្នុង​គ្រា​ដ៏​លំបាក​ប៉ុណ្ណា​ក្ដី ។ ពេល​អ្នក​ខ្ជាប់​ខ្ជួន នោះ​ព្រះអម្ចាស់​នឹង​បង្កើន​សមត្ថភាព​របស់យើង​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​នានា​ក្នុង​ជីវិត ។ អ្នក​នឹង​មាន​លទ្ធភាព​បង្រ្កាបអារម្មណ៍​អវិជ្ជមាន ហើយ​អ្នក​នឹង​អភិវឌ្ឍ​លទ្ធភាព​ដើម្បី​យក​ឈ្នះ ទោះ​វាហាក់ដូច​ជា​ឧបសគ្គ​ដ៏​ធំ​ក្ដី ។

បរិសុទ្ធភាព

រូបភាព
young adults walking toward the Provo City Center Temple

បរិសុទ្ធភាព គឺ​ជា​មាគ៌ា​មួយ​ឆ្ពោះ​ទៅ​រក​សុភមង្គល​ដែល​ទាក់ទង​នឹង​ភាពល្អ​ឥតខ្ចោះ​ខាង​វិញ្ញាណ និង​ខាង​សីលធម៌ ។ បរិសុទ្ធភាព​បង្ហាញ​អំពី​ភាពបរិសុទ្ធ​នៃ​ដួងចិត្ត និង​បំណង ។ តើ​យើង​អាច​ធ្វើការ​រៀងរាល់​ថ្ងៃ​នេះ ដើម្បី​ចិញ្ចឹម​ជីវិត​យើង​ខាង​វិញ្ញាណ ដើម្បី​យើង​អាច​អភិវឌ្ឍ​លក្ខណៈ​នៃ​ភាព​ជា​ព្រះ​បែប​នោះ​ដោយ​របៀប​ណា ?

ប្រធាន ហារ៉ូល ប៊ី លី ( ១៨៩៩–១៩៧៣ ) បានឆ្លើយ​ថា ៖ « យើង​អភិវឌ្ឍ​ខាង​វិញ្ញាណ​របស់​យើង​តាមរយៈ​ការអនុវត្ត ។ … យើង​ត្រូវ​មាន​ការអនុវត្ត​ប្រចាំ​ថ្ងៃ តាមរយៈ​វិញ្ញាណ​យើង តាមរយៈ​ការអធិស្ឋាន តាមរយៈ​ការធ្វើ​ទង្វើ​ល្អ​ប្រចាំ​ថ្ងៃ តាមរយៈ​ការចែករំលែក​ជាមួយ​អ្នកដទៃ ។ យើង​ត្រូវ​ចិញ្ចឹម​បីបាច់​វិញ្ញាណ​របស់​យើង​ប្រចាំ​ថ្ងៃ តាមរយៈ​ការសិក្សា​ព្រះគម្ពីររៀងរាល់ថ្ងៃ តាមរយៈ [ រាត្រី​ជួបជុំ​ក្រុមគ្រួសារ ] តាមរយៈ​ការចូលរួម​ការប្រជុំ​នានា តាមរយៈ​ការទទួល​ទាន​សាក្រាម៉ង់ ។ …

« មនុស្ស​សុចរិត​ព្យាយាម​អភិវឌ្ឍ​ខ្លួន​ដោយ​ដឹង​ថា គាត់​ចាំបាច់​ត្រូវ​ប្រែចិត្ត​រាល់​ថ្ងៃ » ។

ធាតុ​សំខាន់​មួយ​ទៀត​នៃ​បរិសុទ្ធ​ភាព​នោះ​គឺ​ទាក់​ទង​នឹង​ការចុះ និង​រក្សាសេចក្តីសញ្ញា​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ ប្រសិនបើ​យើង​ស្មោះត្រង់ សេចក្តីសញ្ញា​ទាំង​នោះ​អាច​លើក​ស្ទួយ​យើង​ឲ្យ​ហួស​ពី​ដែនកំណត់​នៃ​អំណាច និង​ទស្សនវិស័យ​របស់​យើង​បាន ។ ពរជ័យ​ដែល​បាន​សន្យា​ទាំងអស់​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​ក្លាយ​ជា​របស់​យើង តាមរយៈ​ភាព​ស្មោះត្រង់​របស់យើងចំពោះ​ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ដែលយើង​បាន​ចុះ​ចំពោះព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ផ្នែក​នៃ​លំនាំក្នុង​ការរស់នៅ « តាម​របៀប​នៃ​សុភមង្គល » រួមមាន​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ថ្វាយ​បង្គំ និង​ចុះ​សេចក្តីសញ្ញាជាមួយ​ព្រះអម្ចាស់ ( សូមមើល នីហ្វៃទី ២ ៥:១៦, ២៧ ) ។

ចំណុច​សំខាន់​នៃ​មាគ៌ា​នេះ​គឺ​ថា យើង​គួរតែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការអភិវឌ្ឍ​ខាង​វិញ្ញាណ ហើយ​មានភាព​បរិសុទ្ធ​ខាង​សីលធម៌ ។

ការគោរព​ប្រតិបត្តិ

ការគោរព​រាល់​បទបញ្ញត្តិ​ទាំងអស់​របស់​ព្រះ គឺ​មាន​ទំនាក់ទំនង​ទៅ​នឹង​មាគ៌ា​ផ្សេង​ទៀត​ឆ្ពោះ​ទៅ​កាន់​សុភមង្គល ។ បន្ទាប់​ពី​ពួកសាសន៍​នីហ្វៃ​បាន​បែកចេញ​ពី​ពួកសាសន៍​លេមិន ពួកគេ​រីកចម្រើន​យ៉ាង​លើសលុប ដោយសារ​ពួកគេ​រក្សាសេចក្ដី​យុត្តិធម៌​ ក្រឹត្យក្រម និង​បទបញ្ញត្តិ « នៃ​ព្រះ​អម្ចាស់​ចំពោះ​ការណ៍​ទាំង​អស់ ស្រប​តាម​ក្រឹត្យវិន័យ​លោក​ម៉ូសេ » ( នីហ្វៃ​ទី ២ ៥:១០ ) ។ លំនាំ​នេះ​គឺ​ជា​ធាតុ​សំខាន់​មួយ​ទៀត​នៃ​ការរស់នៅ « តាម​របៀប​នៃ​សុភមង្គល » ។

ប្រធាន ម៉នសុន បាន​បង្រៀន​ថា ៖ « នៅពេល​យើង​រក្សា​បទបញ្ញត្តិ នោះ​ជីវិត​យើង​នឹង​កាន់​តែ​រីករាយ កាន់តែ​ពេញ​លេញ ហើយ​មិន​សូវ​ស្មុគស្មាញ ។ បញ្ហា និង​ឧបសគ្គ​របស់​យើង​នឹង​កាន់តែ​ងាយ​ស្រួល​គ្រប់គ្រង ហើយ​យើង​នឹង​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា [ របស់​ព្រះ ] » ។ លោក​ក៏​មាន​ប្រសាសន៍​ផងដែរ​ថា « ចំណេះ​ដែល​យើង​ស្វែងរក ចម្លើយ​ដែល​យើង​ចង់​បាន និង​កម្លាំង​ដែល​យើង​ប៉ងប្រាថ្នា​នា​ថ្ងៃ​នេះ ដើម្បី​ដោះស្រាយ​ឧបសគ្គ​នៃ​ពិភពលោក​ដ៏​ស៊ាំញ៉ាំ និង​ផ្លាស់ប្តូរ​នេះ អាច​ក្លាយ​ជា​របស់​យើង​ពេល​យើង​មាន​ចិត្ត​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ » ។

ព្រះអង្គសង្គ្រោះ​បង្រៀន​យើង​ថា ៖

« បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​ខ្ញុំ​ចុះ ។ …

អ្នក​ណា​ដែល​មាន​បញ្ញត្តិ​របស់​ខ្ញុំ ហើយ​កាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ នោះ​ជា​ទី​ស្រឡាញ់​នៃ​ព្រះវរបិតា​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដែរ ក៏​នឹង​សម្ដែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ផង » ( យ៉ូហាន ១៤:១៥, ២១ ) ។

ភាពមិន​អាត្មានិយម និង​សេចក្ដី​ស្រឡាញ់

មាគ៌ា​មាស​ឆ្ពោះទៅកាន់​សុភមង្គល​គឺ ភាពមិន​អាត្មានិយម ឬ​សេចក្ដី​ស្រឡាញ់ — សេចក្តីស្រឡាញ់​ដែល​មាននូវ​ការខ្វាយខ្វល់ ចំណាប់​អារម្មណ៍ និង​រង្វាស់​មួយ​ចំនួន​នៃ​សេចក្តីសប្បុរស​សម្រាប់​ព្រលឹង​មនុស្ស​គ្រប់រូប ។ សេចក្តីស្រឡាញ់​គឺ​ជា​ផ្លូវ​ផ្ទាល់​ទៅ​កាន់​សុភមង្គល​ដែល​នឹង​ពង្រីក ហើយ​ផ្តល់​ពរ​ដល់​ជីវិត​អ្នក និង​ជីវិត​អ្នកដទៃទៀត ។ ដូច​ព្រះអង្គសង្គ្រោះ​មាន​បន្ទូល វា​មាន​ន័យ​ថា អ្នក​បង្ហាញ​សេចក្តីស្រឡាញ់​សូម្បីតែ​ចំពោះ​មារសត្រូវ​របស់​អ្នក​ក្តី ( សូមមើល ម៉ាថាយ ៥:៤៤ ) ។

ការធ្វើ​ដូច្នោះ អ្នក​នឹង​បំពេញ​នូវ​បញ្ញត្តិ​ដ៏ធំ​ដើម្បី​ស្រឡាញ់​ព្រះ ។ អ្នក​នឹង​គេចផុត​ពីរឿង​អាក្រក់​ដែល​នឹង​កើត​ឡើង — គេច​ផុត​ពី​ភាពស្មោកគ្រោក ពី​ការបំផ្លាញ​ខ្លួន​ឯង និង​ភាពល្វីងជូរចត់ ។ សុភមង្គល​ពិតប្រាកដ និង​យូរ​អង្វែង​កើត​ឡើងបាន​តែ​នៅពេល​យើង​ជ្រើសរើស « ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត » ( ម៉ាថាយ ២២:៣៧, សូមមើល​ផងដែរ ចោទិយកថា ៦:៥; ម៉ាកុស ១២:៣០; លូកា ១០:២៧ ) ។

សូម​ឲ្យ​យើង​ម្នាក់ៗ​ជ្រើសរើស​ស្រឡាញ់ព្រះអម្ចាស់ និង​ធ្វើ​តាម​មាគ៌ា​ឆ្ពោះ​ទៅ​កាន់​សុភមង្គល​របស់​ទ្រង់ ដែល​ជា « វត្ថុបំណង និង​ការរៀបចំ​នៃ​ការរស់​នៅ​របស់​យើង » ។១០

កំណត់​ចំណាំ

  1. « Happiness » Gospel Topics, topics.lds.org ។

  2. ដេវីឌ អូ មិកឃេ នៅក្នុង Conference Report ខែ តុលា ឆ្នាំ ១៩១៩ ទំព័រ ១៨០ ។

  3. « Happiness » Psychology Today psychologytoday.com/basics/happiness ។

  4. « Happiness » Psychology Today ។

  5. ថូម៉ាស អេស ម៉នសុន « Examples of Righteousness » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៦៥ ។

  6. រីឆាដ ជី ស្កត « Making the Right Decisions » Ensign ខែ ឧសភា ឆ្នាំ ១៩៩១ ទំព័រ ៣៤ ។

  7. Teachings of Presidents of the Church: Harold B. Lee ( ឆ្នាំ ២០០០ ) ទំព័រ ១៧៦,១៧៨ ។

  8. ថូម៉ាស អេស ម៉នសុន « Keep the Commandments » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៨៣ ។

  9. ថូម៉ាស អេស ម៉នសុន « Obedience Brings Blessings » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩២ ។

  10. យ៉ូសែប ស៊្មីធ នៅក្នុង History of the Church ៥:១៣៤ ។