២០១៨
ការស្វែងយល់​ពី​សាសនា​ឥស្លាម
April 2018


ការស្វែងយល់​ពី សាសនា​ឥស្លាម

រូបភាព
mosaic of kaaba in mecca

រូបថត​មក​ពី Getty Images

រូប​គំនូរ​នា​សតវត្សរ៍​ទី ១៩ បង្ហាញ​ពី Kaaba នៅក្នុង​មេកៈ ទីក្រុង​ដែល​មហាម៉ាត់​បានកើត និង​ជា​ទីក្រុង​ដ៏​បរិសុទ្ធ​បំផុត​នៅក្នុង​សាសនា​ឥស្លាម ។

ទោះ​ហេតុផល​ល្អ ឬ​អាក្រក់​ក្តី គ្មាន​គ្រា​ណា​មួយ​ដែល​សាសនា​ឥស្លាម និង​ពួក​ឥស្លាមបរិស័ទ ( ម៉ូស្លីម ) ពុំ​មាន​នៅ​លើ​ចំណង​ជើង​នៃ​សារព័ត៌មាន​ឡើយ ។ គួរ​ឲ្យ​យល់​បាន​ថា អ្នក​ដែល​មិនមែន​ជា​ពួក​ឥស្លាមបរិស័ទ ( ម៉ូស្លីម ) ជា​ច្រើន​នាក់ — រួម​ទាំង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ — ចង់ដឹង​ចង់​ឃើញ ថែម​ទាំង​មាន​កង្វល់​ផងដែរ ។ តើ​យើង​មាន​អ្វី​ខ្លះ​ដែល​ដូច​គ្នា​ជាមួយ​នឹង​ពួក​ឥស្លាមបរិស័ទ ( ម៉ូស្លីម ) ​ដែល​ជា​អ្នក​ជិត​ខាង​យើង​នោះ ? តើ​យើង​អាច​រស់នៅ ហើយ​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ដែរ​ឬ​ទេ ?

ដំបូង ការដឹង​អំពីជីវប្រវត្តិ​នៃ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​អាច​មាន​ប្រយោជន៍ ។

ក្នុង​ឆ្នាំ ៦១០ នៃ គ. ស. ឈ្មួញ​ជនជាតិ​អារ៉ាប់​វ័យ​កណ្តាល​ម្នាក់​ឈ្មោះ មហាម៉ាត់ បាន​ឡើង​ទៅលើ​កូន​ភ្នំ​មួយ​នៅ​ទីក្រុង មេកៈ ទីក្រុង​កំណើត​របស់​គាត់ ដើម្បី​សម្មាធិ និង​អធិស្ឋាន​អំពី​សាសនា​ដ៏​ច្របូកច្របល់​ដែល​នៅ​ជុំវិញ​គាត់ ។ ក្រោយ​មក គាត់​បាន​ប្រាប់​ថា គាត់​បាន​ទទួល​ការនិមិត្ត​មួយ​ដោយការ​ហៅ​គាត់​ឲ្យធ្វើ​ជា​ព្យាការី​ដល់​ប្រជាជន​គាត់ ។ ព្រឹត្តិការណ៍​នេះ​គូស​ចំណាំ​ការចាប់ផ្តើម​នៃ​សាសនា​ដែល​ហៅ​ថា ឥស្លាម ( iss-LAAM ) ជា​ពាក្យ​មួយ​ដែល​មាន​ន័យ​ថា « ចុះចូល » ( នឹង​ព្រះ ) ។ អ្នក​ជឿ​លើ​សាសនា​ឥស្លាម​ត្រូវបាន​ហៅ​ថា​ពួក​ឥស្លាមបរិស័ទ ( ម៉ូស្លីម ) ( MUSS-lim ) មាន​ន័យ​ថា « អ្នក​ចុះចូល » ។

បន្ទាប់​មក​ទៀត មហាម៉ាត់​បាន​និយាយ​ថា គាត់​បាន​ទទួល​វិវរណៈ​ជាច្រើន​រហូត​ដល់​គាត់​ស្លាប់​ដែល​ស្ទើរតែជិត ២៥ ឆ្នាំ​ក្រោយ​មក ។ ដំបូង​គាត់​បាន​ចែកចាយ​វិវរណៈ​នោះ​ជាមួយ​អ្នក​ស្រុក​នៅ​ភូមិ​របស់​គាត់​សិន ដោយ​ព្រមាន​អំពី​ការជំនុំជម្រះ​របស់​ព្រះ​ដែលនឹង​កើត​មាន ការដាស់​តឿន​អ្នក​ស្តាប់​របស់​គាត់​ឲ្យ​ប្រែចិត្ត និងការប្រព្រឹត្ត​ដោយ​ត្រឹមត្រូវ​ចំពោះ​ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា និង​អ្នក​ទ័លក្រ ព្រមទាំង​ការផ្សាយ​ដល់​សាកលលោក​អំពី​ការរស់​ឡើង​វិញ​នៃ​មរណជន និង​ការជំនុំជម្រះ​របស់​ព្រះ​នៅ​ចុង​បំផុត ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការចំអក និង​ការបៀត​បៀន​ដល់​គាត់ និង​អ្នក​ដើរ​តាម​គាត់​បាន​ប្រែ​កាន់តែ​មាន​ភាព​តានតឹង​ឡើង ដែល​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​រត់​គេច​ទៅ​ទីក្រុង​នៅ មេឌី​ណា ដោយ​ជិះ​សត្វ​អូដ្ឋ​រយៈពេល​បួន​ថ្ងៃ​យ៉ាង​លំបាកទៅ​ទិស​ខាង​ជើង ។

នៅ​ទីនោះ តួនាទី​របស់​មហាម៉ាត់​បាន​ផ្លាស់ប្តូរ​ភ្លាម​តែម្តង ។ ពីការគ្រាន់តែ​ធ្វើជា​អ្នក​ផ្សាយ និង​អ្នក​ព្រមាន នោះ​គាត់​បាន​ក្លាយ​ជា​អ្នក​បង្កើត​ច្បាប់ ចៅក្រម និង​អ្នកដឹកនាំ​នយោបាយ​សម្រាប់​ទីក្រុង​អារ៉ាប់​ដ៏​សំខាន់​មួយ ហើយ​យូរៗ​ទៅ​នៅក្នុង​ឧបទ្វីប​អារ៉ាប់ ។ ការបង្កើត​ដំបូង​នៃ​សហគមន៍​អ្នក​ជឿ​នេះ​បាន​ផ្តល់​ដល់​សាសនាឥស្លាម​នូវ​អត្តសញ្ញាណ​សាសនា​មួយដែល​បាន​ចាក់ឬស​នៅក្នុង​ច្បាប់ និង​តុលាការ​ដែល​បន្ត​មាន​នៅក្នុងការទាក់ទាញ​អារម្មណ៍ និង​បុគ្គលិក​លក្ខណៈ​ដ៏សំខាន់​របស់​សាសនា​នេះ ។

មនុស្ស​ពីរ​ក្រុម​ធំៗ​ដែល​បាន​បង្កើត​នៅក្នុង​ចំណោម​អ្នក​ដើរតាម​លោក​មហាម៉ាត់បន្ទាប់​ពី​មរណភាព​របស់​លោក​នៅ​ឆ្នាំ ៦៣២ នៃ គ. ស. ចាប់ផ្តើម​បែងចែក​ដោយសារ​សំណួរ​ថា តើ​នរណា​ដែល​គួរតែ​បន្ត​តំណែង​គាត់​ក្នុងនាម​ជា​អ្នកដឹកនាំនៃ​សហគមន៍​ឥស្លាម ។ ក្រុម​ធំបំផុត​ទាំង​នេះ​ត្រូវបាន​ហៅ​ថា ស៊ូនី ( ក្រុម​នេះប្រកាស​ធ្វើតាម ស៊ូណា ឬ អនុវត្ត​តាម​ទម្លាប់​មហាម៉ាត់ហើយបត់បែនតាមចំណែកដែលពាក់ព័ន្ធស្តីពីបញ្ហានៃការស្នងតំណែងនោះ ) ។ មួយ​ក្រុម​ទៀត​ដែល​កើត​ឡើងដោយសារ​កូនប្រសារប្រុស​របស់​មហាម៉ាត់​ ‹ អាលី ត្រូវបាន​ហៅ ថា shi‘at ‘Ali ( ក្រុម​របស់​អាលី ) ហើយ​ឥឡូវ​នេះ​ត្រូវបាន​គេ​ស្គាល់​យ៉ាង​សាមញ្ញ​ថា ស្ស៊ីអា ។ មិន​ដូច​ជា​ពួកស៊ូនី​ឡើយ ពួក ស្ស៊ីអា ( ហៅថា ស៊ីអ៊ីត ឬ ស៊ីអ៊ីម៉ូស្លីម ) ជឿ​ថា បុគ្គល​ត្រឹមត្រូវ​ដើម្បី​ស្នង​តំណែង​មហាម៉ាត់​ឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ​សមស្រប​នៃ​សហគមន៍​នោះ​ គឺ​ត្រូវ​បាន​ទៅលើ​សាច់ញាតិ​ប្រុស​ដែល​ជិត​បំផុត​របស់​ព្យាការី​មហាម៉ាត់​គឺ​ ‹ អាលី និង​អ្នក​ទទួល​មរតក​របស់​លោក ។

ទោះបីជា​មាន​ភាព​មិន​ចុះសម្រុង​គ្នា​បែប​នោះ​ក្តី សាសនា​ឥស្លាម​មាន​ភាព​សាមគ្គី​គ្នា​កាន់តែ​រឹងមាំ ដោយ​និយាយ​អំពី​សាសនា​គឺ​សាមគ្គី​គ្នា​ជាង​ពួកគ្រិស្តសាសនិក​ទៅ​ទៀត ។ លើសពីនោះ​ទៀត អស់រយៈពេល​បួន​ប្រាំ​ទសវត្សរ៍​បន្ទាប់​ពី​ឆ្នាំ ៨០០ នៃ គ. ស. នោះ​អរិយធម៌​ឥស្លាម​ជឿន​លឿន​បំផុត​នៅក្នុង​ពិភពលោកលើវិស័យវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ គណិតសាស្ត្រ និង​ទស្សនវិទ្យា ។

ប្រភព​នៃ​គោលលទ្ធិ និង​ការអនុវត្ត​របស់​ពួក​ឥស្លាមបរិស័ទ ( ម៉ូស្លីម )

វិវរណៈ​ដែល​បាន​ប្រកាស​ដោយ​មហាម៉ាត់​ត្រូវបាន​ប្រមូល​ផ្តុំ​ជា​គម្ពីរ​មួយ​ហៅ​ថា គម្ពីរ​កូរ៉ាន ( មក​ពី​ពាក្យ​កិរិយាសព្ទ​របស់​ភាសាអារ៉ាប់​ថា qara’a មានន័យ​ថា « អាន » ឬ « សូត្រ » ) នៅ​អំឡុង​មួយ ឬ​ពីរ​ទស្សវតរ៍​នៃមរណភាព​របស់គាត់ ។ គម្ពីរ​កូរ៉ាន​មាន ១១៤ ជំពូក​តែពុំមែន​ជា​ដំណើរ​រឿង​របស់​មហាម៉ាត់​ឡើយ ។ ភាគច្រើន​គឺ​ដូច​ជា គោលលទ្ធិ និង​សេចក្តី​សញ្ញា វា​ពុំមែន​ជា​និទានកថា​ឡើយ ពួក​ឥស្លាមបរិស័ទ ( ម៉ូស្លីម ) ចាត់ទុកគម្ពីរ​នេះ​ថា​ជា​ព្រះបន្ទូល ( និង​បន្ទូល​ទាំងឡាយ ) របស់​ព្រះ​ដែល​បាន​ប្រទាន​ដោយ​ផ្ទាល់​ដល់​មហាម៉ាត់ ។

រូបភាព
reading the quran

ពួកគ្រិស្តសាសនិក​ដែល​អាន​គម្ពីរ​នេះ​នឹង​រកឃើញ​នូវ​ប្រធានបទ​ស្រដៀង​គ្នា ។ ឧទាហរណ៍ គម្ពីរ​នេះ​ថ្លែង​ពី​ការបង្កបង្កើត​របស់​ព្រះ​នៃ​សាកលលោកនេះ​នៅក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ ការដាក់​អ័ដាម និង​អេវ៉ា​នៅក្នុង​សួនច្បារ​អេដែន ការល្បួង​របស់​ពួកគេ​ដោយ​សាតាំង ការធ្លាក់​របស់​ពួកគេ និង​ការហៅ​នៃ​ខ្សែ​ស្រឡាយ​របស់​ព្យាការី​បន្តបន្ទាប់​មក​ទៀត ( ដែល​ភាគច្រើន​បំផុត​គឺ​មាន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​ផងដែរ ) ។ ព្យាការី​ទាំង​នេះ​ដែល​បាន​ពិពណ៌នា​នៅក្នុង​គម្ពីរ​កូរ៉ាន​ថា​ជា ឥស្លាមបរិស័ទ ដែល​បាន​ចុះចូល​ឆន្ទៈ​របស់​ពួកគេ​ដល់ព្រះ ។

អ័ប្រាហាំ ដែល​បាន​ពិពណ៌នា​ថា​ជា​មិត្ត​នឹង​ព្រះ ត្រូវបាន​គេ​លើក​តម្កើង​នៅក្នុង​គម្ពីរនោះ ។ ( ក្នុង​ចំណោម​អ្វីៗ​ផ្សេង​ទៀត គេ​បាន​ជឿ​ថា​លោក​បាន​ទទួល​វិវរណៈ​ថា លោក​បាន​កត់ត្រា​ទុក​ប៉ុន្តែ​បាន​បាត់​បង់​ទៅវិញ ) ។ ម៉ូសេ ផារ៉ោន និង​និក្ខមនំ​របស់​កូនចៅ​អ៊ីស្រាអែល​ក៏​មាន​ក្នុងគម្ពីរ​នោះ​ផងដែរ ។

គួរ​ឲ្យចាប់អារម្មណ៍​ណាស់ ម៉ារី ម្តាយ​របស់ព្រះយេស៊ូវ​ត្រូវបាន​ថ្លែង​ចំនួន ៣៤ ដង​នៅក្នុង​គម្ពីរ​កូរ៉ាន បើប្រៀបធៀប​ទៅនឹង​គម្ពីរសញ្ញា​ថ្មី​គឺ​មាន​តែ ១៩ ដង​ប៉ុណ្ណោះ ។ ( ប្រាកដ​ណាស់ គាត់​គឺ​ជាស្ត្រី​តែម្នាក់​គត់​ដែល​មាន​នៅក្នុង​គម្ពីរ​កូរ៉ាន ) ។

គោលលទ្ធិ​មួយ​ដែល​បង្រៀ​នច្រើន​នៅក្នុង​គម្ពីរ​កូរ៉ាន​គឺ​គោលលទ្ធិ​របស់ ថាហ៊ីដtaw-HEED ) ជា​ពាក្យ​មួយ​ដែល​អាច​បកប្រែ​ថា « ឯកទិទេព​និយម » ឬ​ន័យ​ត្រង់​មានន័យ​ថា « ការបង្កើត​ឲ្យ​មាន​មួយ » ។ វា​តំណាង​ឲ្យ​គោលការណ៍​សំខាន់​មួយ​នៃ​សាសនា​ឥស្លាម ៖ ថា​មាន​តែ​ព្រះមួយ​អង្គគត់​នៅ​ទូទាំង​សាកលលោក​នេះ ។ គម្ពីរ​កូរ៉ាន​ថ្លែង​ថា « ទ្រង់​គ្មាន​បុត្រ ហើយ​ទ្រង់​ពុំមែន​ជា​បុត្រ​ព្រះ​ណា​ឡើយ ហើយ​គ្មាន​នរណា​ដូច​ជា​ទ្រង់​ទេ » ។ អ្វីៗ​ដូចតទៅទៀត​នេះ​គឺជាភាពខុសគ្នា​ដ៏​សំខាន់​បំផុត​រវាង​សាសនាឥស្លាម និង​គ្រិស្តសាសនា ៖ ឥស្លាមបរិស័ទ​ ( ម៉ូស្លីម ) ពុំ​ជឿ​លើ​ព្រះអាទិទេព​គឺជា​ព្រះយេស៊ូវគ្រីស្ទ ឬ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ ។ វា​ក៏​ប​ង្ហាញ​ផងដែរ​ថា ដោយសារ​តែ​មនុស្ស​ទាំងអស់​ត្រូវបាន​ព្រះ​បង្កើត​មក​ស្មើ​គ្នា នោះ​ស្រប​តាម​គោលលទ្ធិ​របស់​សាសនា​ឥស្លាម​គឺ​ថា យើង​ពុំមែន​ជា​កូន​របស់​ព្រះ​ទេ ។

តែ​ឥស្លាម​បរិស័ទ​ជឿលើ​ព្រះយេស៊ូវ​ថា​ជា​ព្យាការី​របស់​ព្រះ​ដែល​គ្មាន​អំពើ​បាប កើត​ពី​ស្ត្រី​ព្រហ្មចារីយ ហើយ​ត្រូវបាន​តែងតាំង​ឡើងក្នុង​តួនាទី​ដ៏សំខាន់​នៅក្នុង​ព្រឹត្តិការណ៍​នៃ​ថ្ងៃ​ចុងក្រោយ ។ ទ្រង់​ត្រូវបាន​ថ្លែង​ជា​ញឹកញាប់ និង​ដោយ​ការគោរព​នៅក្នុង​គម្ពីរ​កូរ៉ាន ។

ការបង្រៀន និង​ការអនុវត្តជា​គ្រឹះ​របស់​ពួក​ឥស្លាមបរិស័ទ ( ម៉ូស្លីម )

គេហៅ​ថា « សរសរ​ទាំង​ប្រាំ​របស់​សាសនា​ឥស្លាម » — ការសង្ខេប​ភាគច្រើន​គ្មាននៅក្នុង​គម្ពីរ​កូរ៉ាន​ទេ ប៉ុន្តែ​មាននៅក្នុង​សេចក្តីថ្លែង​តាម​ប្រពៃណីបុរាណ ដែល​និយាយ​អាង​ហេតុផល​ទៅកាន់​មហាម៉ាត់ — ចាប់ផ្តើម​ជា​គោលលទ្ធិ​គ្រឹះ​មួយចំនួន​របស់​សាសនា​ឥស្លាម ។

១. ទីបន្ទាល់

ប្រសិនបើ​សាសនា​ឥស្លាម​មាន​គោលជំនឿ​ជា​សាកល វា​គឺ​ជាលទ្ធិ ស្សាហាដាsha-HAD-ah ) មាន​ន័យ​ថា « ការអះអាង​អំពី​ជំនឿ » ឬ​ « ទីបន្ទាល់ » ។ ពាក្យ​នេះ​សំដៅ​ទៅលើ​រូបមន្តមួយ​ក្នុង​ភាសា​អារ៉ាប់​ដែល​បកប្រែ​មាន​ន័យ​ដូច​នេះ​ថា ៖ « ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា មាន​ព្រះ​តែ​មួយអង្គ​ប៉ុណ្ណោះ​គឺ [ ព្រះ​អល់ឡោះ ] ហើយ​ថា​មហាម៉ាត់​គឺ​ជាសារទូត​របស់​ព្រះ » ។ ស្សាហាដា ( Shahada ) គឺ​ជា​វិធី​ដើម្បី​ចូល​ជា​សមាជិក​សាសនា​ឥស្លាម ។ ការសូត្រ​វា​ដោយ​ជំនឿ​ស្មោះសរ​គឺ​ដើម្បី​ក្លាយ​ជា​ឥស្លាម​បរិស័ទ ។

ភាសា​អារ៉ាប់​ដែល​ស្មើ​នឹងពាក្យ ព្រះ គឺ អល់ឡោះ ( Allah ) ។ ជា​ពាក្យ​បំព្រួញ​មក​ពី​ពាក្យ al- គឺ ( « the » ) និង​ពាក្យ ilah ( « ព្រះ » ) វា​ពុំមាន​ជា​ឈ្មោះ​ត្រឹមត្រូវ​ឡើយ តែ​ជា​ងារ​មួយ ហើយ​វា​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ពាក្យ​ហេព្រើរ​ថា អេឡូហិម ។

ដោយសារ​សាសនា​ឥស្លាម​គ្មាន​បព្វជិតភាព នោះ​គ្មាន​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​អ្វី​ឡើយ ។ ហើយ​ក៏​គ្មាន​ « ព្រះវិហារ » សាសនាឥស្លាមណាមួយផងដែរ ។ ដូច្នេះ​ការ​សូត្រ សាហាដា ( Shahada ) គឺ​ស្មើ​នឹង​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​សាសនាឥស្លាម ។ កង្វះ​ខាត​បច្ចុប្បន្ន​នៃ​រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​ជា​ផ្លូវការ ការរួបរួម​សាមគ្គី​ទូទាំង​ពិភពលោក​មាន​ទំនាក់ទំនង​ផ្សេង​ទៀត ។ ឧទាហរណ៍ គ្មាន​អ្នក​ដឹកនាំ​ទាំង​មូលតែម្នាក់​នៅក្នុង​ពួក​ឥស្លាមបរិស័ទ​ឡើយ គ្មាន​នរណា​ម្នាក់​និយាយ​ជំនួស​សហគមន៍​ទាំង​មូល​ឡើយ ។ ( មហាម៉ាត់​ត្រូវបាន​គោរព​ស្ទើរតែ​ទូទាំង​សាកលលោកថា ជា​ព្យាការី​ចុងក្រោយ​បំផុត ) ។ នេះ​ក៏​មាន​ន័យ​ថា គ្មាន​ព្រះវិហារ​ដែល​ពួក​ភាវរជន ឬ « អ្នក​ជ្រុល​និយម » អាច​ត្រូវបាន​កាត់កាល​ចោល​ឡើយ ។

២. ការ​អធិស្ឋាន

រូបភាព
ritual prayer

មានអ្នក​មិនមែន​ជា​ឥស្លាម​បរិស័ទ​ជា​ច្រើន​ដឹង​អំពី​ការអធិស្ឋាន​ជា​ទម្លាប់​របស់ឥស្លាម​បរិស័ទ​ដែល​ហៅ​ថា​ សាឡាតsa-LAAT ) ដែល​ទាក់ទង​នឹង​ការ​ក្រាប​ឱន​ថ្វាយ​បង្គំ​ប្រាំ​ដង​រៀងរាល់​ថ្ងៃ ។ ការសូត្រ​ខបញ្ញត្តិ​មក​ពី​គម្ពីរ​កូរ៉ាន និង​ការឱន​ក្បាល​ដល់​ដី​បង្ហាញ​ពីការចុះចូល​យ៉ាង​រាបទាប​ដល់​ព្រះ ។ ការអធិស្ឋាន​ដោយ​ឯកឯងៗ​បន្ថែម​ទៀត​ហៅ​ថា ឌូ អា អាច​ធ្វើ​ឡើង​ពេលណា​ក៏​បាន​ដោយ​ពុំ​តម្រូវ​ឲ្យ​មាន​ការក្រាប​ឱន​ឡើយ ។

សម្រាប់​ការអធិស្ឋាន​នៅ​ពាក់កណ្តាល​ថ្ងៃ​នា​ថ្ងៃសុក្រ ពួកឥស្លាម​បរិស័ទ​បុរស​ត្រូវបាន​តម្រូវ​ឲ្យ​ធ្វើ ហើយ​ពួកឥស្លាម​បរិស័ទ​ស្ត្រី​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​អធិស្ឋាននៅក្នុងវិហារ​ឥស្លាម ( ពាក្យ​នេះ​មក​ពី​ពាក្យ​អារ៉ាប់​ថា ម៉ាស្ចិត ឬ « កន្លែង​ថ្វាយ​បង្គំ ) ។ នៅ​ទីនោះ ពួកគេ​ថ្វាយ​បង្គំ​ជា​ជួរៗ អធិស្ឋាន​ដោយ​មាន​អ៊ីម៉ាំ ( ee-MAAM មក​ពី​ពាក្យ​អារ៉ាប់ អាម៉ាម៉ា មានន័យ​ថា « នៅ​ខាង​មុខ » ) នៃ​ព្រះវិហារ​ដឹកនាំហើយ​ស្តាប់​ការទេសនា​ខ្លីមួយ ។ ប៉ុន្តែ ថ្ងៃ​សុក្រ​ពុំ​មែន​ដូច​ជា​ថ្ងៃ​ឈប់​សម្រាក​នោះ​ទេ ទោះបីជា​ « ថ្ងៃចុង​សប្តាហ៍ » នៅក្នុង​ប្រទេស​ដែល​កាន់សាសនាឥស្លាម​ភាគ​ច្រើន​ផ្តោត​ទៅលើ យ៉ម អាល ហូម៉ា ( « ថ្ងៃ​នៃ​ការប្រមូលផ្តុំ » ) ក្តី ឬ​ថ្ងៃ​សុក្រ ក៏​ការធ្វើ​ការ​នៅ​ថ្ងៃ​នោះ​ពុំ​ត្រូវបាន​ចាត់ទុកថា​ជា​អំពើ​បាប​ឡើយ ។​

៣. ការដាក់ទាន

ស្សាកាតza-KAAT មានន័យ​ថា « ដែល​បរិសុទ្ធ » ) បង្ហាញ​ពី​ការធ្វើ​ការ​បរិច្ចាគ​ដោយ​សប្បុរស​ដើម្បី​ជ្រោមជ្រែង​អ្នក​ក្រីក្រ ព្រមទាំង​ជួយ​ដល់​ព្រះវិហារ និង​កិច្ចការ​ផ្សេងៗ​ទៀត​របស់​សាសនា​ឥស្លាម ។ ជាទូទៅ​ វា​ត្រូវបាន​គិត​ជា​ចំនួន ២.៥ ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់ឥស្លាម​បរិស័ទពីលើ​ចំនួន​អប្បរមា​ជាក់លាក់​មួយ ។ នៅក្នុង​ប្រទេស​កាន់​សាសនាឥស្លាម​មួយ​ចំនួន ការបរិច្ចាគ​នេះ​ត្រូវបាន​ប្រមូល​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​រដ្ឋាភិបាល ។ នៅ​ប្រទេស​ដទៃ​ទៀត វា​គឺ​ជា​ការស្ម័គ្រ​ចិត្ត ។

៤. ការ​តម​អាហារ

រៀងរាល់​ឆ្នាំពួក​ឥស្លាម​បរិស័ទ​ស្មោះត្រង់​តម​មិន​បរិភោគ​អាហារ មិន​ផឹក និង​មិន​រួម​ភេទ​ចាប់តាំង​ពី​ថ្ងៃ​រះ​រហូត​ដល់​ថ្ងៃ​លិច​អំឡុង​ពេល​ពេញ​មួយខែ​តាម​ចន្ទគតិនៃ​បុណ្យ​រ៉ាម៉ាដាន់ ។ ជាទូទៅ​ពួកគេ​ក៏​សុខចិត្ត​លះបង់​ខ្លួន​ដើម្បី​បរិច្ចាគ​ជា​ពិសេស​ដល់​ជន​ក្រីក្រ ហើយ​អាន​គម្ពីរកូរ៉ាន​អំឡុង​ខែ​នោះ ។

៥. ការធ្វើ​ធម្មយាត្រា

រូបភាព
Mecca

ពួក​ឥស្លាម​បរិស័ទ​ដែល​មាន​សុខភាព​ល្អ និង​មាន​ធនធាន​ធ្វើ​រឿង​នេះ គួរតែ​ទទួល​ធ្វើ​ធម្មយាត្រា​ទៅ​មេកៈ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ម្តង​ក្នុង​មួយ​ជីវិត​របស់​ខ្លួន ។ ( ជាទូទៅ​ការ​ធ្វើទស្សនកិច្ចទៅទីក្រុងមេឌីណា ជាទីក្រុង​ដ៏បរិសុទ្ធទីពីរ​នៅក្នុងសាសនា​ឥស្លាម​ត្រូវបាន​រាប់​បញ្ចូល ប៉ុន្តែ​ពុំមែន​ជា​តម្រូវការ​នោះ​ទេ ) ។ សម្រាប់​ពួក​ឥស្លាម​បរិស័ទ​ស្មោះត្រង់ ការធ្វើ​បែប​នោះ​គឺ​ជាព្រឹត្តិការណ៍យ៉ាង​ជ្រាលជ្រៅ និង​មាន​អនុភាព​បំផុត​ខាង​វិញ្ញាណ ដូច​ជា​ការចូលរួម​សន្និសីទ​ទូទៅ​ដោយ​ផ្ទាល់ ឬ​ចូលទៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ដំបូង​ផងដែរ ។

បញ្ហា​មួយ​ចំនួន​នាពេលបច្ចុប្បន្ន

ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បី​របស់​មនុស្ស​ដែល​ពុំ​មែន​ជា​ពួក​ឥស្លាម​បរិស័ទ​មាន​កង្វល់​អំពី​សាសនា​ឥស្លាម​គឺ​អំពើ​ហិង្សា​ខាងសាសនាឥស្លាម ឬ​ច្បាប់ ស្សារីអា និង​ការប្រព្រឹត្តរបស់​ឥស្លាម​បរិស័ទ​ទៅលើ​ស្ត្រី ។

ពួក​ជ្រុលនិយម​ខ្លះ​បាន​ប្រើ​ពាក្យ ជីហាត ដើម្បី​សំ​ដៅ​ទាំងស្រុង​ទៅលើ « សង្គ្រាម​បរិសុទ្ធ » ប៉ុន្តែ​នោះ​មានន័យ​ពិតប្រាកដ​ថា « កិច្ចការ​មាន​ប្រយោជន៍ » ដែល​ផ្ទុយ​នឹង​ការ « គ្រាន់តែ » អធិស្ឋាន និង​ការសិក្សា​គម្ពីរ ។

អ្នក​ចេះ​ច្បាប់ និង​អ្នក​គិត​វែកញែក​នៃ​ឥស្លាម​បរិស័ទ​មាន​ការយល់ដឹង​ផ្សេងៗ​គ្នា​អំពី​ពាក្យ ជីហាត នេះ ។ ឧទាហរណ៍ ការជជែកវែកញែកអំពី​ប្រភព​ច្បាប់​ជា​បទដ្ឋាន​មួយ ដែលអាច​ទទួល​យក​កង​ទ័ព ជីហាត ត្រូវតែទទួលបាន​ការការពារ ហើយ​គូបដិបក្ស​ត្រូវតែ​ព្រមាន​ជាមុន និង​ផ្តល់​ឱកាស​ដើម្បី​បញ្ឈប់សកម្មភាព​ដែល​បង្ករឿងហេតុ​នានា ។ អ្នក​ចេះ​ច្បាប់ និង​អ្នក​គិត​វែកញែក​នៃ​ឥស្លាម​បរិស័ទ​មួយ​ចំនួន​នា​សព្វ​ថ្ងៃ​នេះ​ជជែក​តវ៉ា​ថា ពួក ជីហាត អាច​បង្ហាញ​នូវ​សកម្មភាព​មាន​ប្រយោជន៍​ណា​មួយ​ក្នុង​គោលបំណង​ផ្តល់​ប្រយោជន៍​ដល់​សហគមន៍​សាសនា​ឥស្លាម ឬ​ជាទូទៅ​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ប្រសើរ​ឡើង ។ គេ​និយាយ​ថា មហាម៉ាត់​បាន​បែងចែករវាង​ « ជីហាត ធំ » និង « ជីហាត តូច » ។ គាត់​បាន​និយាយ​ថា ចុងក្រោយ​គេ​គឺ​ចម្បាំង ។ ប៉ុន្តែ​ពួក ជីហាត ធំ​ត្រូវ​ប្រយុទ្ធ​ទាស់​នឹង​ភាពអយុត្តិធម៌ ព្រមទាំង​ការតស៊ូ​ផ្ទាល់​ខ្លួន​ដើម្បី​រស់នៅ​ដោយ​សុចរិត ។

សព្វ​ថ្ងៃ​នេះ​ពួក​ភាវកម្ម​ឥស្លាម​ទាមទា​រក​ឬស​គល់​សាសនា ប៉ុន្តែ​ដោយ​អាច​ប្រកែក​បាន​វា​ឆ្លុះ​បញ្ចាំង​អំពី​ភាព​អយុត្តិធម៌​ផ្នែក​សង្គម នយោបាយ និង​សេដ្ឋកិច្ច ដែល​មាន​ទំនាក់ទំនងតិចតួច ឬ​គ្មាន​សោះ​ទៅ​នឹង​សាសនា​នោះ ។ លើសពីនេះទៀត វាសំខាន់ដើម្បីកត់សម្គាល់ឃើញថា ពួក​ឥស្លាម​បរិស័ទ​ភាគច្រើន​នៅ​ទូទាំង​ពិភពលោក​ពុំ​បាន​ចូលរួម​នឹង​ភាវរករ​នៅក្នុង​អំពើ​ហិង្សា​របស់​ពួកគេ​ឡើយ ។

ស្សារីអា គឺ​ជា​ចំណុច​មួយ​ផ្សេង​ទៀត​ដែល​ជា​កង្វល់​សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​ពុំមែន​ជា​ឥស្លាម​បរិស័ទ ។ ចេញ​ពី​គម្ពីរ​កូរ៉ាន និង ហាឌីត — របាយ​ការណ៍​ខ្លី​អំពី​អ្វី​ដែល​មហាម៉ាត់ និង​មនុស្ស​ជំនិត​បំផុត​របស់​គាត់​បាន​និយាយ និង​បាន​ធ្វើ​ថា​ផ្តល់​ជា​គំរូ​ដល់​ការប្រព្រឹត្ត​របស់​ឥស្លាម​បរិស័ទ ព្រមទាំង​សេចក្តីបន្ថែម និង​ការ​ពន្យល់​វគ្គបទគម្ពីរ​កូរ៉ាន — វា​មាន​ចែង​នូវ​ក្រឹតក្រម​សីលធម៌​របស់​ឥស្លាមបរិស័ទ ។១០ ក្រឹត្យ​ក្រម​ដែល​គ្រប់គ្រង​លើ​ការស្លៀកពាក់​ទាំង​បុរស និង​ស្ត្រី ( ដូចជា ហ៊ីចាប ឬ ស្បៃ ) មាននៅក្នុង ស្សារីអា ខណៈ​ដែល​ក្រឹត្យ​ក្រម​នេះ​ត្រូវបាន​ប្រតិបត្តិដោយ​ប្រទេស​មួយ​ចំនួន​ដែល​កាន់​សាសនា​ឥស្លាម ក្រឹត្យ​ក្រម​នេះ​ក៏​ទុក​ទៅ​តាម​ការជ្រើសរើស​របស់​បុគ្គល​ម្នាក់​នៅក្នុង​ប្រទេស​មួយ​ចំនួន ។ ស្សារីអា ក៏​គ្រប់បាំង​លើ​អ្វីៗ​ទាំង​នោះ​ប្រើ​ជា​អនាម័យ​ផ្ទាល់​ខ្លួន ពេល​អធិស្ឋាន និង​មាតិកា​នៃ​ការអធិស្ឋាន និង​ក្រឹត្យក្រម​នៃ​អាពាហ៍ពិពាហ៍ ការលែងលះ និង​ការទទួលមរតក ។ ដូច្នេះហើយ ពេល​ឥស្លាម​បរិស័ទ​បង្ហាញ​នៅក្នុង​ការស្ទុង​មតិ​ថា ពួកគេ​ចង់​ឲ្យ ស្សារីអា គ្រប់គ្រង នោះ​ពួកគេ​អាច ឬ​មិន​អាច​ថ្លែងការ​ណ៍នយោបាយ​ឡើយ ។ ពួកគេ​គ្រាន់តែអាច​និយាយ​ថា ពួកគេ​ប្រាថ្នា​យ៉ាង​ខ្លាំង​ដើម្បី​រស់នៅ​ដោយ​ទៀងត្រង់​តាម​ជីវិត​នៃ​ឥស្លាម​បរិស័ទ ។

រូបភាព
woman wearing the hijab

មនុស្ស​ជាច្រើន​ដែល​ពុំមែន​ជា​ឥស្លាម​បរិស័ទ ពេល​ពួកគេ​គិត​អំពី​ការប្រព្រឹត្ត​ចំពោះ​ស្ត្រី នោះ​ពួកគេ​គិត​អំពី​ពហុពន្ធភាព និង​ស្បៃ​បាំង​មុខ​ភ្លាម ។ ប៉ុន្តែភាពពិតនៃវប្បធម៌នោះកាន់តែសាំញ៉ាំ ។ វគ្គបទគម្ពីរជាច្រើនក្នុងគម្ពីរកូរ៉ានប្រកាសថា ស្ត្រី​ស្មើ​នឹង​បុរស ខណៈ​ដែល​អ្នកដទៃ​ទៀត​ចាត់​ថា​ពួកគេ​មាន​ឋានៈ​ទាប​ជាង ។ ប្រាកដ​ណាស់​មាន​ការអនុវត្ត​នានា​នៅក្នុង​ប្រទេស​កាន់​សាសនា​ឥស្លាម​ជាច្រើន — ជារឿយៗ​មាន​ប្រភព​នៅក្នុង​វប្បធម៌​កុលសម្ព័ន្ធ​មុន​សាសនា​ឥស្លាម ឬ​ប្រពៃណី​ដែល​មាន​ពីមុន​ផ្សេង​ទៀត​ — ដែល​ផ្តល់​ការគោរព​ខ្ពង់ខ្ពស់​ដល់​ស្ត្រី ។ ប៉ុន្តែ​របៀបដែលពួកឥស្លាមបរិស័ទចាត់ទុកតួនាទីស្ត្រី មានភាពខុសគ្នាយ៉ាងខ្លាំងពីប្រទេសមួយទៅប្រទេសមួយទៀត និងសូម្បីតែនៅក្នុងប្រទេសតែមួយក្តី ។

ទស្សនៈ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ស្តីពី​សាសនា​ឥស្លាម

ទោះបីជាយើងមានជំនឿផ្សេងគ្នាក្តី តើពួកបរិសុទ្ធថ្ងៃចុងក្រោយអាចឈោងទៅបង្កើតទំនាក់ទំនងជាមួយឥស្លាមបរិស័ទដោយរបៀបណា ?

ដំបូង យើង​គួរទទួល​ស្គាល់​សិទ្ធិ​របស់​ឥស្លាមបរិស័ទ​ក្នុងការ « ថ្វាយ​បង្គំ​តាម​របៀប​ណា នៅ​ទីណា ឬ​អ្វី​ក៏​ដោយ​ដែល​គេ​ប្រាថ្នា » ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១១ ) ។ នៅក្នុង​ឆ្នាំ ១៨៤១ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅក្នុង​ក្រុមប្រឹក្សា​នៃ​ទីក្រុង ណៅវូ បាន​អនុម័ត​ច្បាប់​ស្តីពី​សេរីភាព​សាសនា​ដោយ​ធានា​ឲ្យ​បាន​នូវ « សេរីភាព​ផ្នែក​លទ្ធិ​សាសនា និង​មានឯកសិទ្ធិ​ស្មើ​ភាព​គ្នា » ទៅ​នឹង « ពួកកាតូលិក, ពួក​ប្រែសប៊ីធារាន, ពួកមែតូឌីស ពួកបាទីស្ទ, ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ, ពួក​ឃ្វេឃើរ ពួកអ៊ីពីស្កូផាល ពួក​យូនីវើសលលីស ពួកយូនីថារៀន ពួក​ម៉ូហាម៉េដាន [ ឥស្លាម​បរិស័ទ ] និង​ក្រុម ព្រមទាំង​និកាយ​សាសនា​ទាំង​អស់​ផ្សេង​ទៀត​ក៏​ដោយ » ។១១

យើង​ក៏​គួរ​ចងចាំ​ថា ជាទូទៅ​ថ្នាក់​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ​យើង​មាន​ភាព​វិជ្ជមាន​យ៉ាង​ខ្លាំង​ក្នុង​ការថ្លែង​អំណរគុណ​របស់​ពួកលោក​ដល់​ពួក​អ្នក​បង្កើត​សាសនា​ឥស្លាម ។ ឧទាហរណ៍ ក្នុង​ឆ្នាំ ១៨៥៥ នា​គ្រា​ដែល​ពួកគ្រិស្តសាសនិក​ជា​ច្រើន​បាន​ថ្កោលទោស​មហាម៉ាត់​ថា​ជា​អ្នក​ប្រឆាំង​ព្រះគ្រីស្ទ នោះ​អែលឌើរ ចច អេ អាល់ប៊ើត ស៊្មីធ ( ១៨១៧–១៨៧៥ ) និង ប៉ាលី ភី ប្រាត្ត ( ១៨០៧–១៨៥៧ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ផ្តល់​ការបង្រៀន​ដ៏​វែង​មួយ​ដែល​ពុំ​គ្រាន់តែ​បង្ហាញ​ពី​ចំណេះដឹង​អំពី​ការស្ងើច​សរសើរ និង​ការយល់ដឹង​ច្រើន​ពី​ប្រវត្តិ​សាសនា​ឥស្លាម​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​លោក​ថែម​ទាំង​បាន​សរសើរ​ពី​លោក​មហាម៉ាត់​ផ្ទាល់​ផងដែរ ។ អែលឌើរ ស៊្មីធ បាន​ថ្លែង​ថា មហាម៉ាត់ « ពិតជាត្រូវ​បាន​ព្រះ​លើក​ឡើង​ដោយ​មាន​គោលបំណង » ដើម្បី​បង្រៀន​ទាស់​នឹង​ការថ្វាយបង្គំ​រូប​ព្រះ ហើយ​គាត់​បង្ហាញ​ក្តីអាណិត​អាសូរ​ដល់​ពួក​ឥស្លាម​បរិស័ទ ដូច​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែរ ដោយ​ឃើញ​ថា​វា​មាន​ការលំបាក « ដើម្បី​ទទួល​បាន​ប្រវត្តិសាស្ត្រ​ដ៏​ឥតលាក់​លៀម​មួយ » ដែល​បាន​សរសេរ​អំពី​ពួកគេ ។ បន្ទាប់​មក ដោយ​និយាយ​ភ្លាមៗ​អែលឌើរ ប្រាត្ត បាន​បង្ហាញ​ការសរសើរ​ដល់​លទ្ធិ​របស់​មហាម៉ាត់ និង​ដល់​សីលធម៌ ព្រមទាំង​ច្បាប់​ធម្មនុញ្ញរបស់​សង្គម​ឥស្លាម​បរិស័ទ ។១២

សេចក្ដី​ថ្លែងការណ៍​ជា​ផ្លូវការ​មួយ​នា​ពេល​ថ្មីៗ​នេះ​បាន​ចេញ​នៅក្នុង​ឆ្នាំ ១៩៧៨ ពី​គណៈប្រធាន​ទីមួយ ។ សេចក្តីថ្លែង​នោះ​បាន​លើក​ឡើង​អំពី​មហាម៉ាត់​ជា​ពិសេស​ថា គាត់​នៅក្នុង​ចំណោម « ថ្នាក់​ដឹកនាំ​សាសនា​ដ៏​អស្ចារ្យ​នៃ​ពិភពលោក » ដែរ​ ដោយ​ថ្លែង​ថា គាត់ « បាន​ទទួល​ផ្នែក​មួយ​នៃ​ពន្លឺ​របស់​ព្រះ » ដូចជា​ពួកលោក​ដែរ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល, អិន អេលឌិន ថែនណឺ និង ម៉ារ៉ុន ជី រ៉មនី បាន​សរសេរ​ថា « ព្រះ​បាន​ប្រទាន​សីលធម៌​ពិត​ដល់ [ ថ្នាក់​ដឹកនាំ​ទាំង​នេះ ] ដើម្បី​បំភ្លឺ​ដល់​ជាតិសាសន៍​ទាំង​មូល ហើយ​នាំ​មកនូវ​ការយល់​ដឹង​មួយ​ក្នុង​កម្រិត​ខ្ពស់​ដល់​បុគ្គល​ម្នាក់ៗ » ។១៣

ការបង្កើតគំនិតរួមគ្នា

ទោះបី​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​ឥស្លាម​បរិស័ទ​មាន​អ្វីៗ​សំខាន់​ដែល​ខុស​ពី​គ្នា​យ៉ាង​ច្បាស់​ក្រឡែត​ក្តី — ដូចជា​ភាពជា​ព្រះ​របស់​ព្រះយេស៊ូវគ្រីស្ទ តួនាទី​របស់​ទ្រង់​ក្នុង​នាម​ជា​ព្រះអង្គសង្គ្រោះ និង​ការបម្រើ​របស់​ព្យាការី​សម័យ​ទំនើប — នោះ​យើង​មាន​អ្វីៗ​ជា​ច្រើន​ដូច​គ្នា ។ ឧទាហរណ៍ សាសនា​យើង​ទាំង​ពីរ​ជឿ​ថា យើង​មាន​ការទទួល​ខុសត្រូវ​ផ្នែក​សីលធម៌​នៅ​ចំពោះ​ព្រះ ថា​យើង​គួរតែ​ស្វែងរក​ទាំង​ភាព​សុចរិត​ផ្ទាល់​ខ្លួន និង​សង្គម​មួយ​ល្អ​ និង​យុត្តិធម៌ ហើយ​ថា​យើង​នឹង​រស់​ឡើង​វិញ ហើយ​នាំ​ទៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ​ដើម្បី​ជំនុំជម្រះ ។

រូបភាព
family

ទាំង​ពួក​ឥស្លាម​បរិស័ទ និង​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជឿ​លើ​សារៈសំខាន់​នៃ​គ្រួសារ​រឹងមាំ និង​នៅក្នុង​ការបញ្ជា​ពី​ព្រះ​ឲ្យ​ជួយ​ដល់​ជន​ទ័លក្រ និង​ខ្វះខាត ហើយ​ថា​យើង​បង្ហាញ​សេចក្តីជំនឿ​យើង​តាមរយៈ​ទង្វើ​នៃ​ភាព​ជា​សិស្ស ។ នោះ​គ្មាន​ហេតុផល​ណា​ដែល​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ និង​ឥស្លាម​បរិស័ទ​ពុំ​អាច​ធ្វើ​រួម​គ្នា​ឡើយ ហើយ​សូម្បី​តែ​ពេល​មាន​ឱកាស​ផ្តល់​ដល់​ពួកគេ​តាមរយៈ​ការសហការ​រួមគ្នា​នៅក្នុង​សហគមន៍ម្តង​ហើយ​ម្តង​ទៀត​ក្តី នោះ​យើង​ឃើញ​ថា​ខ្លួន​យើង​ជា​អ្នក​ជិតខាង​គ្នា​នៅក្នុង​ពិភពលោក​ដ៏​រីកចម្រើន​នេះ ។ ជាមួយ​គ្នា យើង​អាច​បង្ហាញ​ថា ជំនឿ​សាសនា​អាច​ក្លាយ​ជា​កម្លាំង​ដ៏​មាន​ឥទ្ធិពល​សម្រាប់​សេចក្តី​ល្អ និង​ពុំ​មែន​គ្រាន់តែ​ជា​ប្រភព​នៃ​ការបដិសេធ និង​អំពើហិង្សា ដែល​អ្នក​រិះគន់​មួយ​ចំនួន​ជជែក​វែកញែក​គ្នា​ឡើយ ។

គម្ពីរ​កូរ៉ាន​តែ​មួយ​បាន​ផ្តល់​របៀប​នៃ​ការរស់នៅ​ដោយ​សុខសាន្ត​ជាមួយ​គ្នា​ ទោះបី​យើង​មាន​ភាព​ខុស​គ្នា​ក្តី ៖ « ប្រសិនបើ​ព្រះ​មាន​ព្រះទ័យ នោះ​ទ្រង់​អាច​ធ្វើ​ឲ្យ​អ្នក​ជា​សហគមន៍​តែ​មួយ ។ ប៉ុន្តែ​ទ្រង់​មាន​ព្រះទ័យ​សាក​ល្បង​អ្នក​នូវ​អ្វីៗ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​អ្នក ។ ដូច្នេះ​សូម​បំពេញ​គ្នា​ទៅវិញ​ទៅមក​ដោយ​ទង្វើ​ល្អ ។ អ្នក​ទាំងអស់​គ្នា​នឹង​ត្រឡប់​ទៅ​ជួប​ព្រះ ហើយ​ទ្រង់​នឹង​ប្រាប់​អ្នក​នូវ​រឿង​ដែល​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​ធ្លាប់​បដិសេធ » ។១៤

កំណត់​ចំណាំ

  1. ប្រាកដ​ណាស់​នៅក្នុង​ឆ្នាំ ៦២២ នៃ គ. ស. — ឆ្នាំ​នៃ​ឥស្លាម​បរិស័ទ ហ៊ីច្រា ឬ​ការធ្វើ​អន្តប្រវេសន៍​ទៅ មេឌីណា — គឺ​ជា​ឆ្នាំ​គ្រឹះ​របស់​ប្រតិទិន​នៃ​ពួកឥស្លាម​បរិស័ទ ( Hijri ) ហើយ​វិវរណៈ​បាន​ប្រមូល​ផ្តុំ​នៅក្នុង​គម្ពីរ​កូរ៉ាន​ត្រូវ​បានចាត់​ថ្នាក់​ថា​ជា ពួក​មេកៈ ឬ​ពួកមេឌីណា ។

  2. អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ក្រុម​ទាំងពីរ​បាន​បែក​គ្នា​ដោយសារ​បញ្ហា​បន្ទាប់បន្សំ​ផ្សេងៗ​ទៀត​ផងដែរ ។

  3. ជាពិសេស​ទោះបី​ជា​អំឡុង​ពេល​ការបកប្រែ​នៃ​គម្ពីរ​កូរ៉ាន​ជា​ភាសា​ដទៃ​ទៀត​ត្រូវបាន​អនុញ្ញាត​ក្តី ក៏​មាន​តែ​គម្ពីរ​កូរ៉ាន​ភាសា​អារ៉ាប់​ដើម​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បានចាត់​ទុក​ថា​ជា​គម្ពីរ​កូរ៉ាន​ពិត និង​ជា​គម្ពីរ​ពិត​ប្រាកដ ។

  4. សូមមើល​គម្ពីរ​កូរ៉ាន ៤:១២៥ ។

  5. សូមមើល​គម្ពីរ​កូរ៉ាន ៥៣:៣៦-៦២; ៨៧:៩-១៩ សូមមើល​ផងដែរ ដានីយ៉ែល ស៊ី ភើធើរសុន « News from Antiquity » Ensign ខែ មករា ឆ្នាំ ១៩៩៤ ទំព័រ ១៦–២១ ។

  6. សូមមើល​គម្ពីរ​កូរ៉ាន ១១២:៣-៤ ។ ការបកប្រែ​មកពី​គម្ពីរ​កូរ៉ាន​គឺ​មក​ពី ដានីយ៉ែល ស៊ី ភើធើរសុន ។

  7. ការបោះពុម្ព​ជា​បទដ្ឋាន​របស់​គម្ពីរ​កូរ៉ាន​ត្រូវបាន​បែងចែក​ជា ៣០ ផ្នែក​ស្មើ​គ្នា​ក្នុង​គោលបំណង​ឲ្យ​មាន​ភាព​ច្បាស់លាស់ ។

  8. ឧទាហរណ៍​សូមមើល Robert A. Pape Dying to Win: The Strategic Logic of Suicide Terrorism ( ២០០៥ ); Graham E. Fuller, A World without Islam ( ២០១០ ); Robert A. Pape and James K. Feldman, Cutting the Fuse: The Explosion of Global Suicide Terrorism and How to Stop It ( ២០១០ ) ។

  9. សូមមើល Charles Kurzman The Missing Martyrs: Why There Are So Few Muslim Terrorists ( ២០១១ ) សូមមើល​ផងដែរ John L. Esposito និង Dalia Mogahed Who Speaks for Islam? What a Billion Muslims Really Think ( ២០០៨ ) James Zogby Arab Voices: What They Are Saying to Us, and Why It Matters ( ២០១០ ) ។

  10. ប្រាកដ​ណាស់​វា​ស្រដៀង​ខ្លាំង​ទៅ​នឹង​ច្បាប់​របស់​រ៉ាបប៊ីនីក​នៅក្នុង​ពួក​យូដា ។

  11. ពិធីបរិសុទ្ធ​នៅក្នុង​ទំនាក់ទំនង​សង្គម​សាសនា ទីក្រុង ណៅវូ [ រដ្ឋ អិលលីណោយ ] ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ថ្ងៃ​ទី ១ ខែ មិនា ឆ្នាំ ១៨៤១ ។

  12. សូមមើល Journal of Discourses ៣:២៨–៤២ ។

  13. លិខិតគណៈប្រធានទីមួយ ចុះ​ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ១៩៧៨ ។ នៅ​ក្នុង​កំណែ​នៃ បុព្វកថា​នៃ​គម្ពីរ​កូរ៉ាន ( ឆ្នាំ ១៩៧០ ) ដោយ Richard Bell, W. Montgomery Watt ជាអ្នក​ប្រាជ្ញដ៏​ល្បីល្បាញ​របស់​ឥស្លាម​សាសនា និង​ជា​សង្ឃ​អង់លីខេន បាន​ផ្តល់​នូវ​វិធី​មួយដែល​អាច​កើត​មាន ដែល​ពួក​គ្រិស្តសាសនិក​អាច​យល់​ឃើញ​ថា​គម្ពីរ​កូរ៉ានជា​គម្ពីរ​បំផុស​គំនិត ។

  14. គម្ពីរ​កូរ៉ាន ៥:៤៨ សូម​ប្រៀបធៀប ២:៤៨ ។