២០១៨
មេរៀន​មួយ​ដ៏អស្ចារ្យ
April 2018


មេរៀន​មួយ​ដ៏អស្ចារ្យ

« ​យើង​នឹង … បើក​ទ្វារ​ស្ថានសួគ៌ ដើម្បី​ចាក់​ព្រះពរ​មក​លើ​ឯង » ( ម៉ាឡាគី ៣:១០ ) ។

រូបភាព
An Amazing Lesson

ពេល​ខ្ញុំ​កំពុង​ធំពេញវ័យ​ឡើង​នៅ​ប្រទេស​ហ្គូតេម៉ាឡា គ្រួសារ​ខ្ញុំ​មាន​រោងចក្រ​មួយ​ផលិត​ឯកសណ្ឋាន​សម្រាប់​ក្រុម​កីឡា ។

ឪពុក​ខ្ញុំ​ចង់​ឲ្យ​ក្មេងៗ​ក្នុង​គ្រួសារ​យើង​រៀន​ខិតខំ​ធ្វើការ ។ យើង​បាន​ជួយ​គាត់​ធ្វើការ​នៅក្នុង​រោងចក្រ​នោះ ។ ខ្ញុំ​មាន​បញ្ហា​ច្រើន​ណាស់​កាល​ខ្ញុំ​នៅ​តូច ។ ខ្ញុំ​ហាក់ដូច​ជា​ធ្វើឲ្យ​របស់របរបែកបាក់​ជានិច្ច ! ប៉ុន្តែ​ពេល​ខ្ញុំ​កាន់តែ​ធំ​ឡើង ឪពុក​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​ថែទាំម៉ាស៊ីនដេរ ។

ឪពុក​ខ្ញុំ​បង់ប្រាក់​ឲ្យ​ពួកយើង​ចំពោះ​ការងារ​ដែល​យើង​បាន​ធ្វើ ។ បន្ទាប់​មក​គាត់​បាន​សួរ​ថា « តើ​កូននឹង​ធ្វើ​អ្វី​ជាមួយ​ប្រាក់​របស់​កូន ? » ខ្ញុំ​បាន​ដឹង​អ្វី​ដែល​ជា​ចម្លើយ​ត្រឹមត្រូវ ៖ « ថ្វាយ​ដង្វាយ​មួយភាគ​ដប់​របស់​ខ្ញុំ ហើយ​សន្សំ​ទុក​សម្រាប់​បេសកកម្ម​របស់​ខ្ញុំ » ។

ពេល​ខ្ញុំ​អាយុ​ប្រហែល​ជា ១៣ ឆ្នាំ ជំនួញ​របស់​យើង​បាន​ខាត​អស់​ប្រាក់​ជាច្រើន ។ យើង​ត្រូវ​លក់​ម៉ាស៊ីន​ដេរ​របស់​យើង​ជា​ច្រើន ។ ជាជាងការ​មាន​កម្មករ​ពីររយ​នាក់ យើង​មាន​កម្មករ​មិន​ដល់​ប្រាំ​នាក់​ផង ។ ពួកគេ​ធ្វើការ​នៅក្នុង​យាន្តដ្ឋាន​របស់​យើង​នៅ​ឯផ្ទះ ។

ខ្ញុំថ្វាយ​ដង្វាយ​មួយ​ភាគក្នុង​ដប់​របស់​ខ្ញុំ​ជានិច្ច ប៉ុន្តែ​ខ្ញុំ​ពុំ​យល់​ថា ​វា​សំខាន់​ប៉ុណ្ណា​ឡើយ ។ ក្រោយ​មក​ខ្ញុំ​បាន​រៀន​មេរៀន​មួយ​ដ៏អស្ចារ្យ ។ នា​ព្រឹក​ថ្ងៃ​សៅរ៍​មួយ ខ្ញុំ​បាន​ឮ​ឪពុក​ម្តាយ​ខ្ញុំ​និយាយ​គ្នា​ស្ងាត់ៗ ។ ឪពុកខ្ញុំ​បាន​ប្រាប់​ម្តាយ​ខ្ញុំ​ថា យើង​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​តែ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ ឬ​ទិញ​អាហារ​តែ​ប៉ុណ្ណោះ ។ គ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​រឿង​ទាំង​ពីរ​នេះ​ឡើយ ។ ខ្ញុំ​ព្រួយ​ចិត្ត​ណាស់ ។ តើ​ឪពុក​របស់​ខ្ញុំ​នឹង​ធ្វើ​ដូចម្តេច ?

នៅ​ថ្ងៃ​អាទិត្យ​ខ្ញុំ​បាន​ឃើញ​ឪពុក​ខ្ញុំ​ហុច​ស្រោម​សំបុត្រ​ទៅ​ឲ្យ​ប្រធាន​សាខា ។ ​គាត់​បានជ្រើសយកការ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ !ខ្ញុំ​សប្បាយ​ចិត្ត​ដែល​គាត់​បាន​ធ្វើ​បែប​នោះ ប៉ុន្តែ​ខ្ញុំ​ក៏​បារម្ភ​ផងដែរ ។ តើ​យើង​នឹង​បាន​អ្វីបរិភោគ ?

នៅ​ព្រឹក​បន្ទាប់​មក ​មាន​មនុស្ស​មួយចំនួន​បាន​គោះ​ទ្វារ​របស់​យើង ។ ពួកគេ​បាន​ប្រាប់​ឪពុក​ខ្ញុំ​ថា ពួកគេ​ត្រូវការ​ឯកសណ្ឋាន​ឥឡូវ​នេះ ។ ជា​ធម្មតា​គេ​បង់ប្រាក់​ឲ្យ​យើង​បន្ទាប់​ពី​ការបញ្ជា​ទិញ​នោះ​ត្រូវបាន​ធ្វើ​រួច ។ ប៉ុន្តែ​មនុស្ស​ទាំងនោះ​បាន​បង់​ប្រាក់​ឲ្យ​ឪពុក​ខ្ញុំ​នា​ថ្ងៃ​នោះ គឺ​ពីមុន​យើង​ដេរ​ឯកសណ្ឋាន​នោះ​ឲ្យ​ពួកគេ​ទៅ​ទៀត !

នៅចុង​សប្តាហ៍​នោះ ខ្ញុំ​បាន​រៀន​មេរៀន​ដ៏អស្ចារ្យ​ដែល​​ខ្ញុំ​នៅ​ចងចាំ​ពេញ​មួយជីវិត ។ ច្បាប់​នៃ​ដង្វាយមួយ​ភាគ​ក្នុង​ដប់​ជួយ​យើង​ឲ្យ​ស្ថាបនា​សេចក្តីជំនឿ​យើង និង​បង្ហាញ​អំណរគុណ​យើង​ចំពោះ​ព្រះវរបិតា​សួគ៌ ។ ការ​ថ្វាយ​ដង្វា​យ​មួយ​ភាគ​ក្នុង​ដប់​គឺ​ជា​ពរជ័យ !