២០១៨
ហាង​លក់​ស្បែកជើង​របស់អាប៊ូឡូ
April 2018


ហាង​លក់​ស្បែកជើង​របស់អាប៊ូឡូ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

លោក​តា​និយាយ​ថា « ចៅ​ដឹង​ទេ ​យើង​ត្រូវតែ​ក្លាយ​ឲ្យ​កាន់តែ​ដូច​ស្បែក​ជើង​នេះ » ។

« ‘I am sorry’ is not always easy to say » ( Children’s Songbook ទំព័រ ៩៨ ) ។

រូបភាព
Abuelos Shoe Shop

មីហ្គែល បាន​បើក​ទ្វារ​ចូល​ហាង​លក់​ស្បែក​ជើង​របស់​អាប៊ូឡូ ( ហាង​របស់​ជីតា​គាត់ ) ។ គាត់​ធុំក្លិន​ស្បែក​ដែល​អាប៊ូឡូបាន​ធ្វើការ​ជាមួយ ។ វា​ជា​ក្លិន​មួយ​ដែល​គាត់​ចូលចិត្ត ។

« សួស្ដី អាប៊ូឡូ ! »

អាប៊ូឡូ​កំពុង​លុត​ជង្គង់​ចុះ ហើយ​គូស​ដាន​ជើង​របស់​អតិថិជន​នៅលើ​ក្រដាស​មួយ​សន្លឹក ។ គាត់ពុំបាន​ងើយ​មើល​លើ​ឡើយ ។ ត្រចៀក​របស់​អាប៊ូឡូ​ពុំ​សូវ​ល្អ​ឡើយ ។

មីហ្គែល​អង្គុយ​នៅលើ​កៅអី​ធ្វើការ ។ គាត់​សម្លឹង​មើល​ស្បែក​ដែល​កាត់​ដាក់​គរ​លើ​គ្នា ។ គាត់​ស្រមៃ​អំពី​អ្វី​ដែល​អាប៊ូឡូ​នឹង​ធ្វើ​ជាមួយ​ស្បែក​នីមួយ​ៗ​នោះ ដោយ​ប្រើ​ញញួរ និងដង្កាប់​របស់​គាត់ ។

ឧបករណ៍​នោះ​រំឭក​មីហ្គែល​អំពី​អ្វីផ្សេង​ទៀត​ដែល​គាត់​ស្រឡាញ់ ។ អាប៊ូឡូ​តែងតែ​ឲ្យ​ស្ករគ្រាប់​ដល់គាត់​ពេល​មីហ្គែល​ជួយ​គាត់​បោស​សម្អាត ។

ប៉ុន្តែ​ឥឡូវមីហ្គែល​ឃ្លាន​ហើយ ! គាត់​ដឹង​ថា គាត់​មិន​ត្រូវ​យក​នំ​ញ៉ាំ​ដោយ​ពុំ​សូម​ឡើយ ប៉ុន្តែ​អាប៊ូឡូ​ហាក់​ដូចជា​កំពុង​រវល់​មួយ​រយៈ ។ មីហ្គែល​បាន​គិត​ថា « ប្រហែល​ជា​ខ្ញុំ​ពុំ​បាច់​ចាំ​ទេ » ។

មីហ្គែល​បាន​លូក​ដៃ​ទៅ​ក្រោម​តុ​យក​ក្រឡកែវ​ស្ករ​គ្រាប់ ។ ក្រឡកែវនោះ​មាន​ស្ករគ្រាប់​ពេញដែល​គាត់ចូលចិត្ត — ផ្អែម និង​ហិរៗ​ជាមួយ​នឹង​ម្សៅ​ម្ទេស ! ពេល​គាត់​បើកក្រឡ​នោះ មីហ្គែល​មាន​អារម្មណ៍​មិន​ស្រណុកចិត្តឡើយ ។ ប៉ុន្តែ​មើល​ទៅស្ករ​គ្រាប់​គួរ​ឲ្យ​ឆ្ងាញ់​ណាស់ ។ គាត់បាន​ប្រញាប់​ដាក់​វា​ចូល​មាត់​គាត់​ភ្លាម ។

ភ្លាមនោះ​អតិថិជន​បាន​ចេញ​ទៅ ។ អាប៊ូឡូ​បាន​លើក​ស្បែកមួយបន្ទះ​នោះ​ឡើង ហើយ​ជ្រលក់វា​ក្នុង​ទឹក ។ ការធ្វើ​បែប​នេះ​ជួយ​ឲ្យ​ស្បែក​ទន់ ហើយ​ងាយ​នឹង​ធ្វើ ។

មីហ្គែល​ញ៉ាំ​ស្ករ​គ្រាប់ដែល​នៅសល់​យ៉ាង​លឿន​តាម​ដែល​គាត់​អាច​ធ្វើបាន ។ បន្ទាប់​មក​គាត់​បាន​ដើរ​ទៅរក​អាប៊ូឡូ ។

​អាប៊ូឡូ​និយាយ​ដោយ​ញញឹម​ថា ៖ « សួស្ដី ! តា​សប្បាយ​ចិត្ត​ណាស់​ដែលចៅមក​មើលតា » ។

មីហ្គែល​ឱប​អាប៊ូឡូ ។ គាត់​បាន​រំពឹង​ថា អាប៊ូឡូ មិន​ដឹង​ថា គាត់​បាន​ញ៉ាំ​ស្ករគ្រាប់​អស់​មួយ​ឡើយ ។ មីហ្គែល​បានធ្វើ​ជាមិន​ព្រួយ​បារម្ភ​អ្វី​ឡើយ ។

មីហ្គែល​បាននិយាយ​ដោយ​ចង្អុល​ទៅ​គំនរ​ស្បែក​ថា « មើលទៅ​លោកតា​រវល់​ណាស់​ថ្ងៃ​នេះ ។ តើ​តា​ត្រូវការ​ជំនួយ​ទេ ? »

« បាទ​ត្រូវការ ! តើ​ចៅ​អាច​ជួយ​ហុច​អំបោះ​នោះ​ឲ្យតា​បាន​ទេ ? »

មីហ្គែល​បាន​ឈោង​ទៅ​យក​អំបោះដ៏​វែង​នោះ ។ គាត់​ប្រើដៃ​ទាំងពីរ​របស់​គាត់​ទាញ​អំបោះ​នោះ ។ វា​ពិបាក​នឹង​ទាញ​មក​ជាង​ការ​គិត ។

​អាប៊ូឡូ​បានសើចកក្អឹក

« ឱ វា​រឹង​មាំ​ណាស់ ។ វា​ត្រូវ​តែមាំ ដើម្បី​វា​នៅ​ជាប់​រហូត » ។ ​អាប៊ូឡូ​បាន​ទាញ​អំបោះដេរ​ស្បែកនោះ ។ បន្ទាប់​មក​គាត់​មាន​ទឹកមុខ​ដែលជួនកាល​លោកយាយ​ហៅ​ថា​ទឹកមុខ « ​អាប៊ូឡូ​ដ៏វាងវៃ » ។

​អាប៊ូឡូ​និយាយ​ដោយ​ងក់​ក្បាល​ថា « ចៅ​ដឹង​ទេ យើង​ត្រូវតែ​ក្លាយ​ឲ្យ​កាន់តែ​ដូច​ស្បែក​ជើង​នេះ » ។

មីហ្គែល បាន​ខំសម្លឹង​មើល​ស្បែក​នោះ​យ៉ាង​ជិត ។ « ហឺ មែន​ឬ ? »

« មែនហើយ ។ យើង​ត្រូវ​បន្ត​រឹងមាំ ។ តាម​របៀប​នោះ ការល្បួង​របស់​សាតាំង​ពុំ​ធ្វើ​ឲ្យ​យើង​វិនាស​ឡើយ » ។

ភ្លាម​នោះមីហ្គែល​បាន​នឹក​ចាំ​ពី​ស្ករគ្រាប់​ពណ៌​ក្រហម​នោះ ។ គាត់​បាន​ដឹង​ថា គាត់​គួរតែ​ប្រាប់​អាប៊ូឡូ​អំពី​វា ។

​អាប៊ូឡូ​បាន​យក​ស្បែក​ជើង​ចាស់​ចុះពី​ធ្នើរ ។ « ឃើញ​ប្រហោង​ធំ​នេះ​ដែរ​ទេ ? »

ដៃ​របស់​មីហ្គែល​ប្រហែល​ជា​អាច​ដាក់ត្រូវ​នឹង​ប្រហោង​នោះ ។ « មែនហើយ ។

ពីមុនប្រហោង​នេះ​នៅ​តូច ដែល​អាច​​​ជួសជុល​វា​ដោយងាយស្រួល ។ ប៉ុន្តែ​ពួកគេ​បាន​រង់ចាំ ហើយ​ឥឡូវ​វា​ពិបាក​នឹង​ជួសជុលខ្លាំង​ណាស់ ។ ទម្លាប់​អាក្រក់ និង​ការជ្រើសរើស​អាក្រក់​គឺ​ដូច​ជា​ប្រហោង​នោះដែរ ។ វា​ល្អ​បំផុត​ដើម្បី​ជួសជុល​វា​ភ្លាមៗ » ។

​អាប៊ូឡូ បាន​ងក់ក្បាល​ម្តង​ទៀត ហើយ​ទឹកមុខ​អាប៊ូឡូ​ដ៏​វាងវៃ​បាន​ត្រឡប់​មក​ជាការ​ញញឹម​វិញ ។ ពួកគេ​បាន​បន្ត​និយាយ​គ្នា​ពេល​អាប៊ូឡូ​កំពុង​ធ្វើការ ។ មីហ្គែល​នៅតែ​បន្ត​គិត​អំពី​ស្ករគ្រាប់​ពណ៌​ក្រហម​នោះ​គ្រប់​ពេល ។

ពេល​អាប៊ូឡូ​បាន​បញ្ចប់​ការងារ មីហ្គែល​បាន​ជួយ​បោសសម្អាត​គាត់ ។ ក្រោយ​មក​អាប៊ូឡូ​បាន​លូក​ដៃ​ទៅ​យក​ក្រឡ​ស្ករ​គ្រាប់​របស់​គាត់ ។

ទីបំផុត មីហ្គែល​ពុំ​អាច​យក​ស្ករគ្រាប់​បាន​ទៀត​ឡើយ ។ គាត់​បាន​និយាយ​ភ្លាម​ថា « ចៅ​បាន​យក​ស្ករគ្រាប់​តាមួយ​រួចហើយ ! »

​អាប៊ូឡូ​បាន​បិទ​ក្រឡ​ស្ករគ្រាប់​វិញ ។ « តើ​ចៅ​ចង់​និយាយ​ថា​ម៉េច ? »

មីហ្គែល​បាន​ប្រាប់​គាត់​អំពី​ការយក​ស្ករ​គ្រាប់​ដោយ​ពុំ​បាន​សូម ។ « ចៅ​សូម​ទោស លោកតា ! ចៅ​សន្យា​ថា ចៅ​នឹង​ពុំ​ធ្វើ​វា​ម្តង​ទៀត​ឡើយ ! »

​អាប៊ូឡូ​បាន​ឱប​មីហ្គែល​យ៉ាង​ណែន ។ មីហ្គែល​មាន​អារម្មណ៍ ធូរ ជាង​មុន​ច្រើន​ណាស់ ។

« អរគុណ​ចៅ​ដែល​ចៅ​មាន​ភាពទៀងត្រង់ ។ វា​សំខាន់​ចំពោះ​តា​ជាង​អ្វីៗ​ទាំងអស់ » ។

នៅពេល​ដើរ​ទៅ​ផ្ទះ​វិញ មីហ្គែល​មាន​អារម្មណ៍​ដូច​ជាស្បែកជើង​ថ្មី​មួយ​គូរបស់​អាប៊ូឡូ​ដែរ ។ រឹងមាំ​ឲ្យ​អស់​ពី​សមត្ថភាព ហើយ​ត្រៀមរួច​ជាស្រេច​ដើម្បី​ជីវិត !