២០១៨
តើ​ខ្ញុំអាច​ធ្វើ​ឲ្យ​ការសិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ​មាន​ភាព​រស់រវើក​ឡើងវិញ​ដោយ​របៀប​ណា ?
April 2018


តើ​ខ្ញុំអាច​ធ្វើ​ឲ្យ​ការសិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ​មាន​ភាព​រស់រវើក​ឡើងវិញ​ដោយ​របៀប​ណា ?

សារ៉ា គីណា រដ្ឋ យូថាហ៍ ស.រ.អា

រូបភាព
woman sitting at a desk

រចនា​រូបភាព​ដោយ ប្រេដលី ខ្លាក

ខ្ញុំ​បាន​មក​ផ្ទះ​បន្ទាប់​ពី​ចប់​បេសកកម្ម​បាន​តែ​បី​ខែ​ប៉ុណ្ណោះ ពេល​ខ្ញុំ​បាន​ជួប​ការលំបាកក្នុង​ការអាន​ព្រះគម្ពីរ ។

ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​រៀងរាល់​ថ្ងៃ​ក្នុង​បេសកកម្ម​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​សន្យា​ថានឹងបន្ត​អាន​ពេល​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ប៉ុន្តែ​យូរៗទៅ មាន​កិច្ចការ​ជា​ច្រើន​ដែល​កើត​មាន​ឡើង ។ ខ្ញុំ​ក៏​មាន​កិច្ចការ​មក​ពី​សាលា​ជា​ច្រើន រវល់​ធ្វើការ ឬ​មាន​ការនឿយ​ហត់​ផងដែរ ។ ដោយ​មាន​ការដោះសារ​ចំពោះ​រឿង​នីមួយៗ​នោះ ការ​អាន​ព្រះគម្ពីរ​របស់​ខ្ញុំ​បាន​ចុះ​ទន់​ខ្សោយ រហូត​ដល់​ខ្ញុំ​ស្ទើរ​មិន​បាន​អាន​គម្ពីរ​ទាល់តែ​សោះ ។

ខ្ញុំ​បាន​បើក​ព្រះ​គម្ពីរ​មរមន​នា​យប់​មួយ ហើយ​ដាក់​ផែនការ​អាន​តែ​មួយ​ខគម្ពីរ​ប៉ុណ្ណោះ ។ ខគម្ពីរ​ដែល​ខ្ញុំ​អាន​រំឭក​ខ្ញុំ​ថា ព្រះគម្ពីរ​មាន « នូវ​ព្រះបន្ទូលដ៏ផ្អែមល្ហែមនៃព្រះ មែនហើយ ជា​ព្រះ​បន្ទូលដែលធ្វើឲ្យជាស្បើយព្រលឹង ដែល​មាន​របួស​ឈឺចាប់ » ( យ៉ាកុប ២:៨ ) ។

ខ្ញុំ​បាន​ពិចារណា​អំពី​ខគម្ពីរ​នោះ ហើយ​បាន​ដឹង​ពី​ឥទ្ធិពល​អវិជ្ជមាន​ដែល​ការ​ព្រងើយ​កន្តើយ​នឹង​ការសិក្សា​ព្រះគម្ពីរ​បាន​មាន​លើរូប​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​កាន់តែតានតឹង​ចិត្ត​នៅ​សាលា​រៀន ​កាន់តែព្រងើយ​កន្តើយ​នៅ​ព្រះវិហារ ហើយ​កាន់តែ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ ។ ព្រលឹង​ខ្ញុំ​ត្រូវការ​ព្រះបន្ទូល​របស់​ព្រះ​ដែល​អាច​ព្យាបាល​ខ្ញុំ​បាន ដែល​មាន​នៅក្នុង​ព្រះគម្ពីរ ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​ចាំបាច់​ត្រូវ​រៀបចំ​អាទិភាព​របស់​ខ្ញុំ​ជា​ថ្មីឡើង​វិញ ។

ខ្ញុំ​បាន​ងាកទៅរក​មិត្តភក្តិ គ្រួសារ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ ដើម្បី​សូម​យោបល់​ក្នុងការ​ធ្វើ​ឲ្យ​ការសិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ​មាន​ភាព​រស់រវើក​ឡើង​វិញ ។ ខ្ញុំ​បាន​រកឃើញ​វិធី​បីយ៉ាង​ដែល​មាន​ប្រយោជន៍ ។

ទីមួយ ខ្ញុំ​បានដឹង​ថា ការសិក្សា​ព្រះគម្ពីរ​នៅពេល​យប់​គឺ​គ្មាន​ប្រសិទ្ធភាព​ចំពោះ​ខ្ញុំ​ឡើយ ។ ការសិក្សា​នៅពេល​ព្រឹក​ធ្វើ​ឲ្យ​ខ្ញុំ​ពិចារណារ​ពេញ​មួយ​ថ្ងៃ​នូវ​គោលលទ្ធិ និង​គោលការណ៍​ដែល​ខ្ញុំ​បាន​អាន​នា​ព្រឹក​នោះ ។

ទីពីរ យើង​ត្រូវបាន​បង្រៀន​ឲ្យ​អានព្រះគម្ពីរ​ជាមួយ​គ្រួសារ​យើង ប៉ុន្តែ​តាំង​ពី​ខ្ញុំ​ចូលរៀន​មហាវិទ្យាល័យ និង​ចេញ​ឆ្ងាយ​ពី​គ្រួសារ​មក ខ្ញុំ​បាន​ចាប់ផ្តើម​អាន​ព្រះគម្ពីរ​ជាមួយ​មិត្ត​រួម​បន្ទប់ និង​មិត្តភក្តិ​របស់​ខ្ញុំ ។ ការធ្វើ​បែប​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​បន្ត​មាន​ការទទួល​ខុសត្រូវ ហើយ​វា​បាន​បំផុសឲ្យ​មាន​នូវ​ការពិភាក្សា​អំពី​ដំណឹង​ល្អ​ដ៏​អស្ចារ្យ ។

ទីបី ខ្ញុំ​បាន​ចាប់ផ្តើម​កត់ទុក​ការបំផុសគំនិត និង​គំនិត​នានា​ដែល​ខ្ញុំ​បាន​ទទួល​អំឡុងពេល​សិក្សា​ព្រះគម្ពីរ ។ ការធ្វើ​បែប​នេះ​បានជួយ​ខ្ញុំ​ឲ្យ​ផ្តោត​ទៅលើ​អ្វី​ដែល​ខ្ញុំ​កំពុង​អាន និង​បាន​ជួយ​ខ្ញុំ​ឲ្យស្គាល់​សំឡេង​នៃ​ព្រះវិញ្ញាណ​បាន​កាន់តែ​ប្រសើរ ។

នៅពេល​ការសិក្សា​ព្រះគម្ពីរ​ក្លាយ​ជា​អាទិភាព​មួយ​ក្នុង​ជីវិត​ខ្ញុំ​ម្តង​ទៀត នោះ​ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​មាន​ពេល​វេលា និង​ថាមពល​កាន់តែ​ច្រើន​ដើម្បី​បំពេញ​កិច្ចការ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ចាំបាច់​ត្រូវ​បំពេញ ។ ការណ៍​កាន់តែ​សំខាន់​នោះគឺ ខ្ញុំ​បាន​ទទួល​អារម្មណ៍​កាន់តែ​ខិត​ជិត​ព្រះ​ម្តង​ទៀត​ពេល​ខ្ញុំ​បាន​អាន និងពិចារណា​បទគម្ពីរ ។ ឥឡូវ​នេះ ពេល​ខ្ញុំចំណាយ​ពេល​អាន​ព្រះគម្ពីរ នោះ​ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ត និង​រកឃើញនូវ​ការព្យាបាល​ដល់​ព្រលឹង​របស់​ខ្ញុំ ។