២០១៨
វង្វេង ហើយ​បាន​ជួប​វិញ
April 2018


វង្វេង ហើយ​បាន​ជួប​វិញ

រូបភាព
lost and found

ខ្ញុំ​ដឹង​ថា​ព្រះវរបិតាសួគ៌​ឆ្លើយ​តប​ការអធិស្ឋាន ។ កាល​គ្រួសារ​ខ្ញុំ​រស់នៅ​ប្រទេសអាល្លឺម៉ង់ យើង​បាន​ធ្វើ Volksmarch នៅក្នុង​ភូមិ​របស់​យើង ។ Volksmarch គឺ​ជា​ការណ៍​ដែល​មិត្តភក្តិ និង​អ្នកជិតខាង​យើង​រីករាយ​ជាមួយ​គ្នា​ដោយ​ការដើរកម្សាន្តកាត់​ធម្មជាតិ​ជាមួយ​គ្នា ។ ឪពុក​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​អាច​ដើរ​ទៅពី​មុខ​ក្រុម​ជាមួយ​នឹង​មិត្ត​ម្នាក់​របស់​ខ្ញុំ ហើយ​យើង​បាន​ចាប់ផ្តើម​ដើរ​នៅ​តាមផ្លូវលំ​មួយ​ដ៏ឆ្ងាយ ។

បន្ទាប់​ពី​ពីរ​បី​នាទី​ក្រោ​យមក ខ្ញុំ​ពុំ​ឃើញ​សមាជិក​ណាម្នាក់​ក្នុង​គ្រួសារ​ខ្ញុំ​ឡើយ ។ ខ្ញុំ​បាន​ប្រាប់​មិត្តភក្តិ​របស់​ខ្ញុំ​ថា ខ្ញុំ​នឹង​នៅ​លើ​ផ្លូវ​នេះ ហើយ​រង់ចាំ​ពួកគេ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ខ្ញុំ​ពុំ​អាច​ឃើញ​មិត្តខ្ញុំ ឬ​គ្រួសារ​នាង​ឡើយ ហើយ​ឪពុក​ម្តាយ​ខ្ញុំ​នៅតែ​ពុំ​ទាន់​មក​ដល់នៅឡើយដែរ ។ ខ្ញុំ​នៅ​តែ​ឯងក្នុង​ព្រៃ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ភ័យខ្លាច ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​អធិស្ឋាន​​ថា សូម​ឲ្យ​មាន​នរណា​ម្នាក់​អាច​រក​ខ្ញុំ​ឃើញ ។

នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ព្រៃ​នោះ ឪពុក​របស់​ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណប​រិសុទ្ធ​ប្រាប់​គាត់​ថា « ចូរ​ស្វែងរក​កូនប្រុស​របស់​អ្នក » ។ គាត់​មាន​អារម្មណ៍​ថា ខ្ញុំ​ពិតជា​ត្រូវការ​គាត់​ខ្លាំង​ណាស់ ដូច្នេះ​គាត់​បាន​បត់ស្តាំ ហើយ​ប្រាប់​ម្តាយ​ខ្ញុំ​ថា គាត់​នឹង​ទៅរក​ខ្ញុំ ។ ពីរបីនា​ទី​ក្រោយ​មក ឪពុក​ខ្ញុំ​បាន​រត់​ឡើង​តាម​ផ្លូវ​នា​កន្លែង​ដែល​ខ្ញុំ​បាន​កំពុង​រង់ចាំ ហើយ​បាន​ជួប​ខ្ញុំ ។ ខ្ញុំរីករាយ​ណាស់​ដែល​បាន​ឃើញ​ឪពុក​ខ្ញុំ​វិញ ! ពេល​គាត់​បាន​ប្រាប់​ខ្ញុំ​អំពី​ការមានអារម្មណ៍ដ៏​ខ្លាំង​មួយ​ថា ខ្ញុំ​ត្រូវការ​ជំនួយ នោះ​ខ្ញុំ​ដឹង​ថា ព្រះវរបិតា​សួគ៌​បាន​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ខ្ញុំ ។

ខ្ញុំ​រីក​រាយណាស់​ដែល​ដឹង​ថា ទោះខ្ញុំ​នៅទី​ណា​ក្តី ខ្ញុំ​អាច​និយាយ​ជាមួយ​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ។ ទ្រង់​នឹង​ជួយ​ខ្ញុំ​ឲ្យ​រក​ឃើញ​ផ្លូវ​របស់​ខ្ញុំ ។