២០១៨
ចូរ​យើង​ចែកចាយ​ការ​ចេះ​ដឹង​របស់​យើង​អំពី​ព្រះ​អង្គ​សង្គ្រោះ
April 2018


ចូរ​យើង ចែកចាយ ការចេះ​ដឹង​របស់​យើង​អំពី​ព្រះអង្គសង្គ្រោះ

សម្រង់​ចេញ​ពី​សុន្ទរកថា​ដែល​ធ្វើ​ឡើង​សម្រាប់​សន្និសីទ​ស្ត្រី​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ « ការ​ចេះ​ដឹង​អំពី​ព្រះ​អង្គ​សង្គ្រោះ » ដែល​បាន​ថ្លែង​នៅ​ថ្ងៃ​ទី ៥ ខែ ឧសភា ឆ្នាំ ២០១៧ ។

សារលិខិត​របស់​យើង​គឺ​ជា​សារលិខិត​នៃ​ភាពសុខសាន្ត ហើយ​អ្នក​គឺ​ជា​សារទូត​ដែល​ផ្សាយ​សារលិខិត​នោះ ។ អ្នក​អាច​ធ្វើការ​នេះ​តាមរយៈ​បណ្តាញ​បច្ចេកវិទ្យា​ថ្មី និង​គួរឲ្យ​រំភើប ។

រូបភាព
tablet with christs image

រូបថត​មក​ពី Getty Images រូបភាព​ព្រះគ្រីស្ទ ដោយ ហិនរីឆ ហូហ្វមិន

យើង​គឺ​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​ស្ថាបនា​ឡើង​វិញ​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ។ តាម​របៀប​ដូច​គ្នា​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​ពួកសិស្ស​ទ្រង់​កាល​ពីបុរាណ នោះ​យើងមាន​ការទទួលខុសត្រូវ​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ​ឲ្យ « ទៅ​ពេញ​សព្វ​ក្នុង​លោកិយ​ទាំងមូល ហើយ​ផ្សាយ​ដំណឹង​ល្អ​ទូទៅ​ដល់​គ្រប់​មនុស្ស​ទាំងអស់​ចុះ » ( ម៉ាកុស ១៦:១៥ ) ។

ព្យាការី នីហ្វៃ កាល​ពី​បុរាណ​បាន​សង្ខេប​ពី​បេសកកម្ម និង​សារលិខិត និង​វត្ថុ​បំណង​ចំពោះ​ការធ្វើ​បែប​នោះ « ហើយ​យើង​និយាយ​អំពី​ព្រះគ្រីស្ទ យើង​អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ យើង​ផ្សាយ​អំពី​ព្រះគ្រីស្ទ យើង​ព្យាករ​អំពី​ព្រះគ្រីស្ទ ហើយ​យើង​សរសេរ​ស្រប​តាម​ពាក្យ​ព្យាករ​ទាំងឡាយ​របស់​យើង ដើម្បី​ឲ្យ​កូនចៅ​យើង​អាច​ដឹង​ថា តើ​ត្រូវ​ស្វែង​រក​ប្រភព​ណា​មួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប​របស់​ពួកគេ » ( នីហ្វៃទី ២ ២៥:២៦ ) ។

នៅ​ក្នុង​គម្ពីរ​ម៉ូសាយ យើង​អាន​អំពី​របៀប​ដែល​ព្យាការី​ព្រះគម្ពីរ​មរមន​បុរាណ​គឺ​ស្តេចបេនយ៉ាមីន បាន​ប្រមូល​ប្រជាជន​ទ្រង់​ទូទាំង​ដែនដី​ទៅ​ឯ​ទីតាំង​ព្រះវិហារ​បរិសុទ្ធ ដែល​ត្រូវ​សាងសង់​ប៉ម​មួយ​ឡើយ ហើយ​បង្រៀន​ពួកគេ ។ នៅពេល​ទ្រង់​បង្រៀន​ពួកគេ នោះ​ទ្រង់​ក៏​ព្យាករ​ដល់​ពួកគេ​អំពី​ជំនាន់​របស់​យើង ៖ « ហើយ​ថែម​ទៀត យើង​សូម​ប្រាប់​អ្នក​ថា ថ្ងៃ​នោះ​នឹង​មក​ដល់ កាលណា​ការ​ចេះ​ដឹង​អំពី​ព្រះ​អង្គ​សង្គ្រោះ​នឹង​បាន​ផ្សាយ​ទូ​ទៅ​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន » ( ម៉ូសាយ ៣:២០ ) ។

« ការ​ចេះ​ដឹង​អំពី​ព្រះ​អង្គ​សង្គ្រោះ »

អំណោយ​ទាន​ដ៏​វិសេស​បំផុត​ដែល​ត្រូវ​ផ្តល់​តម្លៃ​នៅក្នុង​ក្រុម​គ្រួសារ​យើង និង​ផ្តល់​ដល់​អ្នក​ដទៃ​នោះ​គឺ « ការ​ចេះ​ដឹង​អំពី​ព្រះ​អង្គ​សង្គ្រោះ » ឬ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

ជាមួយ​នឹង​ការចាប់ផ្តើម​នៃ​គ្រា​កាន់​កាប់​ត្រួត​ត្រា​នៃ​ពេលពេញ​កំណត់​បាន​កើត​មាននូវ​ការបំភ្លឺ​លើ​មនុស្ស​ទាំងអស់ និង​សន្ទុះ​ជឿនលឿន​នៃ​បច្ចេកវិទ្យា ។ វា​បាន​នាំ​មក​នូវ​យុគសម័យ​ឧស្សាហកម្ម និង​ឧបករណ៍​ទំនាក់ទំនង ដែល​ធ្វើ​ឲ្យ​ការព្យាករ​របស់​ស្តេច​បេនយ៉ាមីន​បាន​បំពេញ ។

ក្នុង​នាម​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​បាន​ហៅ​ឲ្យ​ធ្វើជា​សាក្សី​ពិសេស « អំពី​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ​នៅ​ពេញ​សព្វ​ក្នុង​ពិភពលោក » ( គ. និង ស. ១០៧:២៣ ) ជាមួយ​នឹង​ការចាត់តាំង​ពិសេស​ទាំង​ក្នុង​កិច្ចការ​សាធារណៈ និង​គណៈកម្មការ​សេវា​ទំនាក់ទំនង ខ្ញុំ​អាច​ផ្តោត​លើ​ការបំពេញ​ការព្យាករ​នេះ — ថា « ការ​ចេះ​ដឹង​អំពី​ព្រះ​អង្គ​សង្គ្រោះ » បាន​សាយភាព​ទូទាំង​ពិភពលោក — ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយ​គេ​បំផុត​ដែល​មាន​សម្រាប់​យើង ។

« ទៅ​ដល់​គ្រប់​ទាំង​សាសន៍ ពូជ​មនុស្ស ភាសា និង ប្រជាជន »

ស្របតាម​ប្រវត្តិសាស្ត្រ ការជឿនលឿន​នៅក្នុង​ការបោះពុម្ព និង​ការបង្កើត​វិទ្យុ និង​ទូរទស្សន៍​អាច​ធ្វើ​ឲ្យ​សារលិខិត​នៃ​ការស្តារ​ឡើង​វិញ​ចេញ​ទៅ​ទូទាំង​ពិភពលោក ។ យើង​រក​ឃើញ​គំរូ​ជា​ច្រើន​អំពី​រឿង​នេះ ដែលរឿង​មួយ​ចំនួន​វា​នៅក្នុង​ការចងចាំ​របស់​យើង ។

ក្នុង​អំឡុងពេល ១០ ឆ្នាំ​នៃ​ការនិមិត្ត​ដំបូង និង​មួយ​ខែ​ពី​មុន​សាសនាចក្រ​បាន​រៀបចំ​ឡើង ព្រះគម្ពីរ​មរមន​ចំនួន ៥០០០ ក្បាល​បាន​បោះពុម្ព​ផ្សាយ ។ ចាប់​តាំង​ពី​នោះ​មក​ដល់​ឥឡូវ​នេះ គម្ពីរ​ជាង ១៧៥ លាន​ក្បាល​ត្រូវបាន​បោះពុម្ព ។

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ អ្នក​អាច​ស្តាប់ ឬ​ទស្សនា​ការចាក់ផ្សាយ​នៃ តន្ត្រី​អម​ដោយ​បទអត្ថាធិប្បាយ ដែល​វា​ឈាន​ដល់​ខួប​ទី ៥០០០ នៃ​ការចាក់ផ្សាយ ។ ការ​ចាក់ផ្សាយ​មុន​ដំបូង​បង្អស់​ធ្វើ​ឡើង​ដោយ​ផ្សាយ​ផ្ទាល់​តាម​វិទ្យុ​ក្នុង​ឆ្នាំ ១៩២៩ ។ ការ​ចាក់ផ្សាយ​ដំបូង​បង្អស់​អំពី​សន្និសីទ​ទូទៅ​តាម​ទូរទស្សន៍​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ ១៩៤៩ ។

គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​ក្នុង​ឆ្នាំ ១៩៦៦ ប្រធាន ដេវីឌ អូ មិកឃេ ( ១៨៧៣–១៩៧០ ) បាន​ថ្លែង​អំពី​អ្វីៗ​ដែល​នឹង​កើត​ឡើង ៖ « ការរក​ឃើញ​ពី​អនុភាព​ដែល​កំបាំង​បែប​នោះ ទោះ​វា​ជា​ពរជ័យ ឬ​ជាការបំផ្លាញ​នៃ​មនុស្ស​ជាតិ​ក្តី ដែល​អាច​ធ្វើ​ឲ្យ​ការទទួលខុសត្រូវ​ដ៏​ធំ​សម្បើម​បំផុត​របស់​មនុស្ស​ក្នុង​ការគ្រប់គ្រង​វា​បាន​ផ្ទុកផ្តាក់​ក្នុង​កណ្តាប់​ដៃ​មនុស្ស ។ … យុគសម័យ​នេះ​គឺ​ប្រកប​ទៅ​ដោយ​គ្រោះថ្នាក់​រាប់​មិន​អស់​ព្រមទាំង​អ្វីៗ​ជា​ច្រើន​ទៀត​ដែល​ពុំ​អាច​ថ្លែង​បាន » ។

ក្នុង​ឆ្នាំ ១៩៧៤ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ១៨៩៥–១៩៨៥ ) បាន​ពិពណ៌នា​អំពី​ការនិមិត្ត​របស់​លោក​អំពី​ថ្ងៃ​មួយ​ដែល​នឹង​មកដល់ ៖ « ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ពិភពលោក​ជាមួយ​នឹង … ផ្កាយ​រណប​ជា​ច្រើន ។ វា​មាន​ទីតាំង​នៅ​ខ្ពស់​លើ​មេឃ ដោយ​បញ្ជូន​រលក​សញ្ញា​ការចាក់ផ្សាយ​ទៅ​ស្ទើរតែ​សព្វ​ទិសទី​នៅ​លើផ្ទៃ​ផែនដី​នេះ ។ … ប្រាកដ​ណាស់ ផ្កាយ​រណប​ទាំង​នេះ​គឺ​គ្រាន់​តែ​ជា​ការ​ចាប់ផ្តើម​នៃ​អ្វី​ដែល​មាន​នៅក្នុង​ឃ្លាំង​សម្រាប់​ការចាក់ផ្សាយ​ទូទាំង​ពិភពលោក​នា​ពេល​អនាគត​ប៉ុណ្ណោះ ។ … ខ្ញុំ​ជឿ​ថា ព្រះអម្ចាស់​ពិត​ជា​មាន​ព្រះទ័យ​អន្ទះសា​ក្នុងការ​ប្រទាន​ឲ្យ​យើង​នូវ​ការច្នៃប្រឌិត ដែល​យើង​ជា​មនុស្ស​លោក​នេះ ពុំ​អាច​យល់​ដល់​បាន​ឡើយ » ។

ជាមួយ​នឹង​ការជឿនលឿន​នៃ​បច្ចេកវិទ្យា​ក្នុង​ទំនាក់ទំនង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ឥឡូវ​នេះ​តាមរយៈ​អ៊ិនធើរណែត​ដ៏​ធំ​អស្ចារ្យ យើង​ហាក់ដូចជា​បាន​ឃើញ​វា​នៅក្នុង​ជំនាន់​របស់​យើង​នូវ​ការបំពេញ​ដ៏​ពិត​ប្រាកដ​អំពី​ការព្យាករ​របស់​ស្តេច​បេនយ៉ាមីន ប្រធាន ម៉ាកខេ និង​ប្រធាន ឃឹមបឹល ។

ក៏​មាន​លំនាំ​ដ៏​ស្អាតស្អំ​នៃ​ការជ្រើសយក​បច្ចេកវិទ្យា​ទាំង​នេះ​ដើម្បី​កសាង​នគរ​ព្រះ​នៅលើ​ផែនដីផង​ដែរ ។ ខ្ញុំ​ចង់​ចែកចាយ​ឧទាហរណ៍​នេះ​ជាមួយ​អ្នក ។

គេហទំព័រ LDS.org និង Mormon.org

ក្នុង​ឆ្នាំ ១៩៩៦ សាសនាចក្រ​បាន​ចាប់ផ្តើម​ប្រើប្រាស់​គេហទំព័រ​ជា​ផ្លូវការ​ធ្វើ​ជា​យាន្ត​ក្នុងការ​បញ្ជូន​សារលិខិត និង​ការទំនាក់ទំនង ។ ចាប់​តាំង​ពី​ពេល​នោះ​មក គេហទំព័រ​ដែល​ឧបត្ថម្ភ​ដោយ​សាសនាចក្រ​ប្រមាណ​ជា ២៦០ ត្រូវ​បាន​ចេញ​ផ្សាយ រួមទាំង​គេហទំព័រ​ជា​ភាសា​ក្នុង​មូលដ្ឋាន​របស់​ពួកគេ​ដែល​មាន​នៅ​ស្ទើរ​តែ​គ្រប់​ប្រទេស​ដែល​សមាជិក​សាសនាចក្រ​រស់នៅ ។

ខ្ញុំ​សូម​ចែកចាយ​ឧទាហរណ៍​អំពី​គេហទំព័រ​ដែល​ស្គាល់​នេះ ។ ទីមួយ​គឺ​គេហទំព័រ LDS.org បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៦ ដែល​សព្វថ្ងៃ​នេះមាន​អ្នក​ចូល​ទស្សនា​ថ្មីៗ​ជាង ២៤ លាន​នាក់​ក្នុង​មួយ​ឆ្នាំ និង​ជា​មធ្យម​មាន​អ្នក​ទស្សនា​ជាង ១ លាន​នាក់​រៀងរាល់​សប្តាហ៍ ។ សមាជិក​ជាច្រើន​ស្វែងរក​កម្មវិធី​សិក្សា​សម្រាប់​ការបង្រៀន និង​សុន្ទរកថា​សន្និសីទ​ទូទៅ​ពីអតីតកាល​នៅ​គេហទំព័រ​នេះ ។ ទីពីរ​គឺ​គេហទំព័រ Mormon.org ជា​គេហទំព័រ​មួយ​ដែល​រៀបចំ​ឡើង​ដើម្បីផ្សព្វផ្សាយ​អំពី​ដំណឹង​ល្អ​ដល់​អ្នកជិតខាង និង​មិត្តភក្តិ​របស់​យើង​ដែល​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ ។ គេហទំព័រ​នេះ​មាន​អ្នក​ចូល​ទស្សនា​ផ្សេងៗ​ជាង ១៦ លាន​នាក់​ក្នុង​មួយ​ឆ្នាំ ។

កម្មវិធី​សម្រាប់​ទូរសព្ទ​ចល័ត

រូបភាព
phone with mobile apps

រូបភាព​មក​ពី Getty Images

ប្រាកដណាស់ បច្ចេកវិទ្យា​វិវឌ្ឍ​យ៉ាង​លឿន ដែល​តម្រូវ​ឲ្យ​មាន​ការខិតខំ​ខ្ពស់ និង​ធនធាន​នានា​ដើម្បី​បន្ត​ផ្គត់ផ្គង់ ។ ជាមួយ​នឹង​ការបង្កើត​ទូរសព្ទ​ស្មាត​ហ្វូន​យើង​មាន​អំណាច និង​សិទ្ធិ​ប្រើប្រាស់​ទិន្នន័យ​ដ៏​ច្រើន​លើសលុប​នៅក្នុង​ឧបករណ៍​ដែល​កាន់​ក្នុង​ដៃ ។ ភាគច្រើន​ទិន្នន័យ​ទាំង​នេះ​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​ទម្រង់​ជា​កម្មវិធី​ក្នុង​ទូរសព្ទ​ចល័ត ឬហៅ​ថា​ « apps » ។ App ដែល​ឧបត្ថម្ភ​ដោយ​សាសនាចក្រ​មុន​ដំបូង​គេ​បង្អស់​ត្រូវបាន​ចេញ​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០០៧ ។

ឧទាហរណ៍ពី​អត្ថ​ប្រយោជន៍​ជា​ច្រើន​របស់​យើង​ក្នុងការ​ប្រើប្រាស់​កម្មវិធី​សម្រាប់​ទូរសព្ទ​ចល័ត​គឺ​ដើម្បី​ផ្សាយ « ការយល់ដឹង​របស់​យើង​អំពី​ព្រះអង្គសង្គ្រោះ » ។ ខ្ញុំ​នឹង​ពុំ​ពិពណ៌នា​អំពី​មាតិកា​នៃ apps ជាច្រើន​ដែល​មាន​នៅ​នឹង​ចុង​ម្រាម​ដៃ​របស់​អ្នក​នោះ​ទេ ប៉ុន្តែ​នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន​អំពី apps ដែល​អ្នក​ទំនង​ជា​ស្គាល់ ៖

  • Gospel Library ( បណ្ណាល័យដំណឹងល្អ )

  • Mormon Channel ( ប៉ុស្ដិ៍​មរមន )

  • LDS Tools ( ឧបករណ៍ អិល.ឌី.អេស )

  • LDS Music ( តន្ត្រី អិល.ឌី.អេស )

  • Family Tree ( មែក​ធាង​គ្រួសារ )

កម្មវិធី​ទាំង​នេះ​កំពុង​ត្រូវបាន​ប្រើប្រាស់​រាប់​លាន​ដង​ក្នុង​មួយ​សប្តាហ៍​ពី​អ្នក​ប្រើប្រាប់​រាប់លាន​នាក់ ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

តាម​និយមន័យ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺ​ជា បច្ចេកវិទ្យា​ដែល​គ្រប់គ្រង​ដោយ​កុំព្យូទ័រ ដែល​អនុញ្ញាត​ឲ្យ​បុគ្គល​ម្នាក់ៗ និង​អង្គការ​នានា​ទស្សនា បង្កើត និង​ចែកចាយ​ព័ត៌មាន គំនិត និង​ការ​បង្ហាញ​អារម្មណ៍​គ្រប់​រូបភាព​តាមរយៈ​សហគមន៍ និង​បណ្តាញ​ជាក់ស្តែង ។

ដោយ​ចាប់ផ្តើម​ប្រហែល​ជា​ក្នុង​ឆ្នាំ ២០១០ សាសនាចក្រ​បាន​ចាប់ផ្តើម​ជ្រើសយក​ការអនុវត្តប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​សម្រេច​នូវ​ការ​ផ្សព្វផ្សាយ « ការចេះដឹង​អំពី​ព្រះអង្គសង្គ្រោះ » ។ នេះ​គឺ​ជា​ការទំនាក់ទំនង​គ្រប់​រូបភាព​ដែល​លឿន និង​មាន​ភាព​បត់បែន​ល្អ ។ វា​ស្ទើរតែ​ពុំ​អាច​ប្រៀបធៀប​នឹង​ល្បឿន​នៃ​ការផ្លាស់ប្តូរបាន ។

លក្ខណៈ​មួយ​នៃ​ការសង្កេត​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺ​ថា ដរាប​ណា​បុគ្គល​ណា​ម្នាក់​ស្គាល់ ឬ​មានភាពងាយស្រួល​ជាមួយ​កម្មវិធីអ្វី​មួយថ្មី អ្វី​មួយ​ដែលធំ​ជាង ឬ​ដែល​ដឹង​ថា​មាន​ប្រយោជន៍​ជាង ឬ​ប្រសើរ​ជាង​ដរាប​នោះ​បុគ្គល​នោះ​នឹង​កាន់តែ​ប្រើប្រាស់​វា ។

ខ្ញុំ​នឹង​ពិពណ៌​នា​សង្ខេប​អំពី​កម្មវិធី​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចំនួន​ប្រាំ​ដែល​សាសនាចក្រ​កំពុង​ប្រើប្រាស់​ជា​បណ្តាញ​ទំនាក់ទំនង ៖

១. Facebook មាន​អ្នក​ប្រើប្រាស់​ជាង ២០០ ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ។ នៅលើ Facebook អ្នក​ប្រើប្រាស់​បង្កើត​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន​ពួកគេ​អំពី​មិត្តភក្តិ​នៅ​តាម​អ៊ិនធើរណែត ។

២. Instagram គឺ​ជា​គេហទំព័រ​សង្គម​ដែល​ផ្តោត​លើ​រូបភាព និង​វីដេអូ ។

៣. Pinterest គឺ​ដូចជា​ក្តារខៀន​ផ្សាយ​ព័ត៌មាន​ចាំបាច់​មួយ ។ នៅលើ​ Pinterest រូបភាព​ដែល​ហៅ​ថា « pins » ត្រូវ​បាន​បិទភ្ជាប់​លើ​ក្តារ​នោះ ។ វា​អាច​ជា​ឃ្លា​ដ៏​បំផុស​គំនិត ឬ​រូបថត​តាម​ចិត្ត​ប្រាថ្នា ។

៤. Twitter គឺ​ជា​បណ្តាញ​សង្គម​មួយ​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ផ្ញើ និង​អាន​សារលិខិត​ខ្លីៗ​ដែល​មាន​តែ ២៨០ តួអក្សរ​ដែល​ហៅ​ថា « tweets » ។

៥. Snapchat លក្ខណៈពិសេស​នៃ​រូបថត និង​វីដេអូ​ខ្លីៗ​ដែល​មើល​លែង​ឃើញ​ភ្លាម ឬ​ក្នុងអំឡុងពេល ២៤ ម៉ោង ។

ស្របតាម​ស្ថាប័ន យើង​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាំង​នេះ​ក្នុង​របៀប​មួយ​ដ៏​មាន​អនុភាព ។

Facebook

អ្នក​អាច​នឹក​ឃើញ​សារលិខិត​សន្និសីទ​ដ៏​បំផុស​គំនិត​មួយ​ស្តីពី​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដែល​អែល​ឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែង​កាល​ពី​ពីរបី​ឆ្នាំ​កន្លង​ទៅ ។ ចេញ​ពី​សុន្ទរកថា​របស់​លោក វគ្គ​មួយ​នៃ​វីដេអូ​ដែល​បាន​ផលិត​មាន​គេ​ចូលទស្សនា​ជាង​ពីរលានដង​នៅលើ​តែ Facebook ជាមួយ​នឹង​ការ​ចូលចិត្ត ការចែកចាយ និង​ការវាចា​ដែល​វិជ្ជមាន​រាប់​ពាន់ ។

Instagram

រូបភាព
grandson in the cockpit

នៅក្នុង​ខែ សីហា ឆ្នាំ ២០១៦ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បាន​បង្ហោះ​វីដេអូ​មួយ​នៅលើ Instagram ដោយ​បង្រៀន​គោលការណ៍​ដំណឹង​ល្អ​ដល់ អ៊ែរិក ចៅប្រុស​របស់​លោក — អ្នក​គិត​ទៅមើល — គឺ​កន្លែង​អាកាសយាន្តនិក​របស់​យន្តហោះ​មួយ ! មាន​មនុស្ស​រាប់ពាន់​នាក់​រីករាយ​នឹង​ការបង្ហោះ​នៅលើ Instagram របស់​ប្រធាន អុជដូហ្វ ហើយ​មាន​ការវាចា​វិជ្ជមាន​ជា​ច្រើន​ទៅលើ​វា ។

សាសនាចក្រក៏បានចេញផ្សាយគណនី Instagram របស់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧ នូវវីដេអូមួយរបស់អែលឌើរ ដាល្លិន អេក អូក និងអែលឌើរ អិម រ័សុល បាឡឺដ ឆ្លើយសំណួររបស់យុវមជ្ឈិមវ័យស្រីម្នាក់អំពីការបម្រើបេសកកម្មរបស់បងប្អូនស្រី ។ ការបង្ហោះវីដេអូនេះមានគេចូលមើលជាង ១១២០០០ ដង ។

Pinterest

នៅលើ Pinterest បុគ្គល​ម្នាក់​អាច​រក​ឃើញ​រូបភាព pin រាប់រយ​មក​ពី​គេហទំព័រ LDS.org និង​កាន់តែ​ច្រើន​ទៀត​ពី​សមាជិក​ម្នាក់ៗ​ដែល​បំផុសគំនិត​អ្នកដទៃ ។ ឧទាហរណ៍ មនុស្ស​ជាច្រើន​ចែកចាយ​ប្រសាសន៍​របស់​ពួក​ព្យាការី — ទាំង​អតីតកាល និង​បច្ចុប្បន្នកាល ។ រូបភាព Pin មួយ​នៃ​ការបង្រៀន​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន ដែល​បង្រៀន​ថា « មាន​អ្វីៗ​ជាច្រើន​នៅ​ក្នុង​ជីវិត​នេះ ដែលពឹង​ផ្អែក​ទៅ​លើ​ឥរិយាបថ​របស់​យើង » ។

Twitter

នៅលើ Twitter អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​នៅ​ព្រឹក​បុណ្យ​អ៊ីស្ទើរ​ឆ្នាំមុន មាន​គេ​ចូល​ទស្សនា ២១០០០០ ដង ។ អែលឌើរ បែដណា បាន​បង្ហាញ​ថា សារលិខិត​ខ្លី សាមញ្ញ « ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ » ( ម៉ាថាយ ២៨:៦ ) អាច​មាន​ឥទ្ធិពល​ខ្លាំង​ក្លា និង​យូរ​អង្វែង ។

Snapchat

ទីបំផុត រូបភាព និង​ពាក្យ​ពេចន៍​នានា​ដែល​បាន​ចែកចាយ​ដោយ​សារលិខិត​មួយ​របស់​គណៈប្រធាន​ទី​មួយ​បាន​លេច​ឡើង​ថ្មីៗ​នៅលើ Snapchat 

ហានិភ័យ​ដែល​ទាក់ទង

ឥឡូវ​នេះ ដោយ​មាន​ការសរសើរ​អំពី​គុណធម៌​នៃ​បច្ចេកវិទ្យា​ថ្មីៗ​ទាំង​នេះ និង​បង្ហាញ​ពី​ការប្រើប្រាស់​ត្រឹមត្រូវ​របស់​វា ខ្ញុំ​គិត​ថា វា​ក៏​មាន​ប្រយោជន៍​ផងដែរ ដើម្បី​ពិភាក្សា​អំពី​ហានិភ័យ​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​វា ។

យើង​ទាំងអស់​គ្នា​គួរតែ​ដឹង​អំពី​ពេលវេលា​ដែល​អាច​ប្រើ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​នៅក្នុង​ការប្រើប្រាស់​កម្មវីធី​សម្រាប់​ទូរសព្ទ​ចល័ត ។ ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក៏​នាំ​មក​នូវ​ហានិភ័យ​នៃ​ការកាត់​បន្ថយ​ទំនាក់ទំនង​ជួប​មុខ​គ្នា​ផ្ទាល់ ដែល​អាច​មាន​ភាពស្មុគស្មាញ​លើ​ការអភិវឌ្ឍ​នៃ​ជំនាញ​សង្គម​របស់​ពួកយុវវ័យ​ជាច្រើន ។

ហានិភ័យ​គ្រោះថ្នាក់​ដែល​ទាក់ទង​នឹង​មាតិកា​ពុំ​សមរម្យ​មិន​ត្រូវ​ធ្វើ​ដោយ​ធ្វេស​ប្រហែស​ឡើយ ។ មាន​ការកើន​ឡើង​នូវ​ការរាតដ្បាត​នៃ​ការញៀនការណ៍​អាសគ្រាម​នៅក្នុង​សង្គម ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន និង​ធ្វើ​ឲ្យ​រង​គ្រោះ​ដល់​សមាជិក​សាសនាចក្រ និង​គ្រួសារ ។

ទីបំផុត ខ្ញុំ​សូម​ផ្តល់​ហានិភ័យ​ចូល​គ្នា​ពីរ​បន្ថែម​ទៀត ដែល​ជះ​ឥទ្ធិពល​លើ​បុគ្គល​ម្នាក់ៗ​ដោយ​ផ្ទាល់ រួម​ទាំង​យុវនារី និង​ម្តាយ និង​ភរិយា​ដែល​កើត​នា​អំឡុង​ពេល​នៃ​សហសវត្សរ៍ ។ ខ្ញុំ​ដាក់​ឈ្មោះ​ហានិភ័យ​ពីរ​នោះ​ថា « ភាពពិត​ដែល​កែច្នៃ » និង « ការប្រៀបធៀប​ដែល​ធ្វើ​ឲ្យ​ទន់ខ្សោយ » ។ ខ្ញុំ​គិត​ថា របៀប​ពិពណ៌នា​អំពី​ហានិភ័យ​ទាំង​ពីរ​នេះ​គឺ​ជា​ការផ្តល់​ឧទាហរណ៍​មួយ​ចំនួន ។

ជាទូទៅ រូបភាព​ដែល​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​មាន​ទំនោរ​បង្ហាញ​អំពី​ជីវិត​នៅក្នុង​របៀប​មួយ​ដ៏​ល្អ​ឥតខ្ចោះ ហើយ​ជា​រឿយៗ​វា​ពុំ​មែន​ជា​រឿង​ពិត​នោះ​ទេ ។ ជារឿយៗ​បណ្តាញ​សង្គម​ពោរពេញ​ដោយ​រូបភាព​ស្អាតៗ​នៃ​ការតុបតែង​ផ្ទះ កន្លែង​ដើរ​កម្សាន្ត​យ៉ាង​ល្អ​រុងរឿង និង​ការរៀបចំ​ម្ហូប​យ៉ាង​ធំសម្បើម ។ ប្រាកដ​ណាស់ គ្រោះថ្នាក់​នោះ​គឺ​ថា មនុស្ស​ជាច្រើន​បាន​បាក់​ទឹកចិត្ត​ថា ពួកគេ​ហាក់​ដូចជា​ពុំ​បាន​ល្អ​ដូច​ទៅ​នឹង​ភាពពិត​ដែល​បាន​កែច្នៃ​នោះ​ឡើយ ។

ដោយ​បាន​ជំរុញ​ចិត្ត​ពី​រូប « នំ​ផេនខេក » ជា​នំ​ខួបកំណើត​ដែល​បាន​បង្ហោះ​នា​ពេល​ថ្មីៗ​នេះ​ក្នុង Pinterest នោះ​ក្មួយ​ស្រី​របស់​ខ្ញុំ​ក៏​បាន​បង្ហោះ​រូប​ថត​ដូចគ្នា​នោះ​របស់​នាង​ផងដែរ ។ ជា​ជាង​ការអនុញ្ញាត​ឲ្យ​រឿង​នេះ​បង្កើត​ជា​សម្ពាធ​ដែល​ជ្រុល​ហួស​ហេតុ នោះនាងបាន​សម្រេច​ចិត្ត​ដើម្បី​ជំរុញ​ចិត្ត​មនុស្ស​ដទៃ​ដោយ​បង្ហោះ « រូបភាព​ដែល​បរាជ័យ​នៅលើ Pinterest » របស់​នាង ( សូមមើលរូបថតនំផេនខេក )។

រូបភាព
pancake fail

សង្ឃឹម​ថា​យើង​អាច​រៀន​កាន់តែ​សប្បាយ ហើយ​មាន​ការបាក់​ទឹកចិត្ត​កាន់តែ​តិច ពេល​ដែល​ឃើញ​រូបភាព​ដែល​បង្ហាញ​តែ​ពី​ភាពពិត​ដែល​បាន​កែច្នៃ ហើយ​ជាញឹកញាប់​ណាស់​វា​នាំ​ទៅរក​ការប្រៀបធៀប​ដែល​ធ្វើ​ឲ្យ​ទន់ខ្សោយ​នោះ ។

ការបង្ហាញ​នេះ​ពុំ​គ្រាន់តែ​ជា​ទីសម្គាល់​នៃ​ជំនាន់​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​វា​ដូច​គ្នា​ទៅ​នឹង​ពាក្យ​មក​ពី​ប៉ុល​កាល​នៅក្នុង​ជំនាន់​ដើម​ផងដែរ ៖ « ពួក​អ្នក​នោះ​ដែល​គេ​វាស់ … ហើយ​ផ្ទឹម​ខ្លួន​នឹង​ខ្លួន​គេ នោះ​គ្មាន​ប្រាជ្ញា​ទេ » ( កូរិនថូស​ទី ២ ១០:១២ ) ។

ថ្មីៗ​នេះ​អែលឌើរ ជេ ដេវណ៍ ខួនីស្ស ក្នុង​ពួកចិត​សិប​នាក់​បាន​ផ្តល់​ការទូន្មាន​ក្នុង​គ្រា​នេះ​ផង​ដែរ​ថា ៖ « យើង​ធ្វើ​បាប​ខ្លួន​ឯង​ដោយភាព​ពុំ​ចាំបាច់​តាមរយៈ​ការប្រកួតប្រជែង និង​ការប្រៀបធៀប ។ យើង​វិនិច្ឆ័យ​ខ្លួន​យើង​យ៉ាង​ខុស​ឆ្គង​តាមរយៈ អ្វីៗ ដែល​យើង​មាន និង​គ្មាន ព្រមទាំងតាមរយៈ យោបល់របស់មនុស្សដទៃ ។ តែ​បើ​យើង​ចង់​ប្រៀបធៀប​នោះ ចូរ​ឲ្យ​យើង​ប្រៀបធៀប​ថា តើ​នៅក្នុង​អតីតកាល និង បច្ចុប្បន្នកាល យើង​មាន​សភាព​ខុស​គ្នា​ដូចម្ដេច​ខ្លះ — ហើយ​ថា តើ​យើង​ចង់​ក្លាយ​ជា​មនុស្ស​បែប​ណា​នា​ពេល​អនាគត » ។

ខ្ញុំ​សូម​ចែកចាយ​ការណ៍​សម្ងាត់​មួយ​របស់​គ្រួសារ​យើង ដែល​មាន​នៅក្នុងរូបថតគ្រួសារនេះ ( សូមមើលទំព័របន្ទាប់ ) ដែល​បាន​ថត​ជា​ច្រើន​ឆ្នាំ​មក​ហើយ​មុននឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កើត​មាន ។ ប្រសិន​បើ​វា​បាន​ថត​នា​ពេល​បច្ចុប្បន្ន​នេះ វា​ទំនង​ជា​ត្រូវបាន​បង្ហោះដោយ​បង្ហាញ​ពី​គ្រួសារ​ដែល​មាន​ក្មេង​ប្រុស​បួន​នាក់​ដ៏​គួរ​ឲ្យ​ស្រឡាញ់ ដែល​ចូល​ចិត្ត​ថត​រូប​រួម​គ្នា​ជា​គ្រួសារ ។ តើ​អ្នក​ចង់​ដឹង​រឿង​ពិត​ដែរឬទេ ?

រូបភាព
Stevenson family photo

ខ្ញុំ​នៅតែ​ចាំ​ពីភរិយារបស់ខ្ញុំបាន​ទូរសព្ទ​មក ។ « ហ្គែរី តើ​បង​នៅ​ឯ​ណា ? ពួកយើង​នៅ​ឯ​កន្លែង​ថតរូប​ខាង​ក្រៅ​របស់​ជាងថត​រូប ។ យើង​ទាំងអស់​គ្នា​ត្រៀម​ខ្លួន​នឹង​ថត​រូប​ហើយ ។ វា​ពុំ​ងាយ​ស្រួលទេ​ក្នុងការ​ឲ្យ​កូនប្រុស​ទាំងអស់​ស្លៀកពាក់ សហការ ហើយ​ត្រៀម​ខ្លួន​ឲ្យ​រួច​រាល់នោះ ។ តើ​បង​ជិត​មក​ដល់​ទី​នេះ​ហើយ​ឬ​នៅ ?

មែនហើយ ខ្ញុំ​បាន​ភ្លេច ហើយ​ពុំ​ទាន់​ចេញ​ពី​ការិយាល័យ​នៅ​ឡើយ ! ខ្ញុំ​បាន​មក​យឺត​កន្លះ​ម៉ោង ហើយ​អ្វីៗ​ពុំ​ដំណើរ​ការ​ស្រួល​ឡើយ​ដោយ​ព្រោះ​តែ​អវត្តមាន​របស់​ខ្ញុំ វា​ជាការ​ធុញទ្រាន់​ដ៏​វឹកវរ​មួយ ។

តើ​មាន​រឿង​អ្វី​កើត​ឡើង ? មែនហើយ កូន​ប្រុស​ច្បង​របស់​ខ្ញុំបាន​រត់​លេងកាត់​ទីធ្លា​នោះ ហើយ​បាន​ឃើញ​ដើម​ប៉ោម បាន​បេះ​ផ្លែ​ប៉ោម​មួយ​ចំនួន ហើយ​ចាប់ផ្តើម​គប់​វា​ទៅ​លើ​ប្អូនៗ​របស់​គាត់ ។ គាត់​បាន​គប់​ផ្លែ​ប៉ោម​ចំ​ខ្នង​កូនប្រុស​ទី​បី ហើយ​ធ្វើ​ឲ្យ​គាត់​ដួល ហើយ​គាត់​បាន​ចាប់ផ្តើម​យំ ។

ក្នុង​ពេល​ដំណាល​គ្នា​នោះ ខណៈ​ដែល​មាន​រឿង​នោះ​កើត​ឡើង កូនប្រុស​ទី​ពីរ​របស់​ខ្ញុំ បាន​អង្គុយ ហើយ​ខោ​របស់​គាត់​បាន​ខើច​ជើង​បន្តិច ។ កូន​ផ្សេង​ទៀត​បាន​ឃើញ​ស្រោមជើង​គាត់​ជា​ស្រោម​ជើង​ពណ៌​ស​របស់​ពួកកីឡាករ ដែល​ពុំ​មែន​ជា​ស្រោម​ជើង​ពាក់​មក​ព្រះវិហារដែលម្តាយរបស់គាត់បានរៀបចំឲ្យគាត់ពាក់ឡើយ ។ នាង​បាន​សួរ​គាត់​ថា « ហេតុអ្វី​កូន​មិន​ពាក់​ស្រោម​ជើង​មក​ព្រះវិហារ​របស់​កូន ? »

គាត់​បាន​និយាយ​ថា « កូន​អត់​ចូលចិត្ត​វា » ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​រមាស់ ។

ហើយ​អំឡុងពេល​នាងកំពុងនិយាយ​ជាមួយ​គាត់ កូន​អាយុ​ពីរ​ឆ្នាំ​របស់​យើងបាន​រត់​ពេញ​ទីធ្លា​ជាន់​លើ​អ្វី​មួយ ហើយ​បាន​ដួល​ឈាម​ច្រមុះ ។ ឥឡូវ​នេះ​មាន​ឈាម​បាន​ហូរ​ស្រក់​លើ​អាវ​-ស​របស់​គាត់ ហើយ​វា​បាន​ប្រឡាក់ ។ នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ឃើញ​ពេល​ខ្ញុំ​បាន​ទៅ​ដល់ ។ របៀប​មួយ​ដើម្បី​ស្រោចស្រង់​រូបភាព​នោះ​គឺ ប្តូរ​អាវ​ប្រឡាក់នោះ​ពី​ក្រៅ​ទៅ​ក្នុង ហើយ​ពាក់​វា​បែរ​មក​ខាង​ខ្នង​វិញ ដោយ​លាក់​ឈាម​ប្រឡាក់​ពី​ម៉ាស៊ីន​ថត ។

ជា​លទ្ធផល​ពេល កូនប្រុសច្បងរបស់យើងកំពុង​រត់លេង ហើយ​គប់​ផ្លែ​ប៉ោម គាត់​បាន​ដួល​ហើយ​មាន​ស្នាម​ស្មៅ​យ៉ាង​ធំ​មួយ​ប្រឡាក់​ជាប់​នៅ​ជង្គង់​ខោ​របស់​គាត់ ។ ដូច្នេះ​នៅក្នុង​រូបថតនេះ ដៃ​របស់​គាត់​បាន​ដាក់​ពី​លើ​ស្នាម​ប្រឡាក់​នោះ​ដោយ​មាន​ចេតនា​បិទ​បាំង​វា ។

សម្រាប់​កូន​ទីបី​របស់​យើង​វិញ មែនហើយ យើង​បាន​រង់ចាំ​អស់​រយៈពេល ២០ នាទី ដើម្បី​ឲ្យ​ភ្នែក​គាត់​បាត់​ក្រហមសិន ដោយសារ​តែ​គាត់​យំ ។

មែនហើយ ឥឡូវនេះ ស្នាមឈាមប្រឡាក់នោះគឺនៅលើខ្នងអាវរបស់កូនប្រុសច្បងយើង ។

ហើយឥឡូវនេះកូនប្រុសទីពីររបស់យើងវិញ​យក​ដៃ​គាត់​គ្រប​ដាក់​លើ​ស្រោម​ជើង​ពណ៌ស​ដែល​ជា​ស្រោម​ជើង​កីឡាករ​នោះ​ក្នុង​ចេតនា​បិទបាំង​វា ដើម្បី​ឲ្យ​អ្វីៗ​គ្រប់​យ៉ាង​ស៊ី​គ្នា ។

សម្រាប់​ខ្ញុំ​វិញ មែនហើយ កំពុង​មាន​បញ្ហា​ដោយសារ​តែ​មក​ដល់​យឺត​ដែល​វា​ជា​កត្តា​ជំរុញ​ឲ្យ​មាន​អ្វីៗ​ទាំងអស់​នេះ​កើត​ឡើង ។

ដូច្នេះ​ពេល​អ្នក​ឃើញ​រូបថត​ស្រស់ស្អាត​នេះ​របស់​គ្រួសារ​យើង ហើយ​និយាយ​ថា « ហេតុអ្វី​យើង​ពុំ​អាច​ជួបជុំ​គ្នា ហើយ​ថតរូប​គ្រួសារ​ដ៏​ឥតខ្ចោះ​ដូច​ពួកគេ ? » ឥឡូវ​នេះ អ្នក​ទាំងអស់​គ្នា​បាន​ដឹង​រឿង​នោះ​ច្បាស់​ហើយ !

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា

រូបភាព
pointing at tablet

រូបភាព​មក​ពី Getty Images

ដូច​អ្នក​ឃើញ​ហើយ​ថា យើង​ត្រូវ​ដឹង​អំពី​គ្រោះថ្នាក់ និង​ហានិភ័យ រួមទាំង ភាព​ពិត​ដែល​បាន​កែច្នៃ និង​ការប្រៀបធៀប​ដែល​ធ្វើ​ឲ្យ​ទន់​ខ្សោយ ។ តាមធម្មតា លោកិយ​នេះ​ពុំ​ស្រស់ស្អាត​ជានិច្ច​ដូច​ដែល​វា​បង្ហាញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ឡើយ ។ ហេតុដូច្នេះ​ហើយ មាន​អ្វីៗ​ល្អ​ជា​ច្រើនដែល​បាន ហើយ​នឹង​កើត​មាន​ឡើង​តាមរយៈ​ប្រភេទ​ទំនាក់ទំនង​ទាំង​នេះ ។

នាយកដ្ឋានអ្នកផ្សព្វផ្សាយសាសនាបានផ្តល់សេចក្តីណែនាំថ្មីមួយចំនួនក្នុងឆ្នាំ ២០១៧ ស្តីពីរបៀបអនុវត្តប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអាចប្រើប្រាស់នៅក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ ធនធាន​ចល័ត​ជា​ច្រើន​ដែល​មាន​សម្រាប់​យើង​អាច​ត្រូវបាន​ប្រើ​ក្នុង​របៀប​ដ៏​មាន​អនុភាព ងាយស្រួល សាមញ្ញ និង​មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត ។

មាន​ការអនុវត្ត​ជា​ច្រើន​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា​នៅក្នុង​របៀប​មួយ​សមស្រប និង​បំផុស​គំនិត ។ យើង​គួរតែ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បង្រៀន​អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​សុចរិត​ទៅ​ដល់​ជំនាន់​ដែល​កំពុង​ពេញ​វ័យ ហើយ​ព្រមាន និង​ការពារ​ពី​ការប្រើប្រាស់​ឥត​សុចរិត និង​គ្រោះថ្នាក់​ដែល​ទាក់ទង​ផងដែរ ។ ការណ៍​នេះ​គួរតែ​ជួយ​បញ្ជាក់​យើង​ថា សារៈប្រយោជន៍​នៃ​បច្ចេកវិទ្យា​នឹង​មានទម្ងន់ប្រសើរ​ជាង​ហានិភ័យ​ដែល​ទាក់ទង​នោះ ។

« ឱ សារទូត​គួរ​ឲ្យ​ស្រឡាញ់​អើយ »

អំឡុង​ពេល​នេះ ខ្ញុំ​កំពុង​ពិចារណា និង​អធិស្ឋាន​យ៉ាង​ខ្លាំងអំពី​សារលិខិតនេះ ខ្ញុំ​បាន​ក្រោក​ពី​ព្រលឹម​នា​ព្រឹក​មួយ​ជាមួយ​នឹង​ចម្រៀង និង​ទំនុកបទ​ដ៏​សាមញ្ញ​របស់​វា​ក្នុង​ចិត្ត​ខ្ញុំ « ឱ សារទូត​គួរ​ឲ្យ​ស្រឡាញ់​អើយ​ ដែល​ផ្សាយ​ដល់​យើង​នូវ​ដំណឹង​ល្អ​នៃ​ភាពសុខសាន្ត » ។

សារលិខិត​របស់​យើង​គឺ​ជា​សារលិខិត​នៃ​ភាពសុខសាន្ត ហើយ​អ្នក​គឺ​ជា​សារទូត​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ដែល​ផ្សាយ​សារលិខិត​នោះ ។ អ្នក​អាច​ធ្វើការ​នេះ​តាមរយៈ​បណ្តាញបច្ចេកវិទ្យា​ថ្មី និង​គួរ​ឲ្យ​រំភើប​នេះ ។ យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ពិសេស​ក្នុង​គ្រា​ពេញ​កំណត់​ជាមួយ​សមត្ថភាពផ្សាយ​ដំណឹង​ល្អ​នៃ​ភាពសុខសាន្ត​ពិតប្រាកដ​នៅ​ចុង​ម្រាម​ដៃ​របស់​យើង ។

យើង​មាន​ពាក្យ​ព្យាករ​ពី​ព្យាការី​បុរាណ ដែល​បាន​ដឹង​យ៉ាង​ច្បាស់​អំពី​ជំនាន់​របស់​យើង ហើយ​ផ្តល់​ការណែនាំ​ដល់​ជំនាន់​យើង​ថា ៖ « ហើយ​ថែម​ទៀត យើង​សូម​ប្រាប់​អ្នក​ថា ថ្ងៃ​នោះ​នឹង​មក​ដល់ កាលណា​ការ​ចេះ​ដឹង​អំពី​ព្រះ​អង្គ​សង្គ្រោះ​នឹង​បាន​ផ្សាយ​ទូ​ទៅ គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន » ( ម៉ូសាយ ៣:២០ ) ។

យើង​ក៏​មាន​ពាក្យ​ពេចន៍ចំពោះ​យើង​តាមរយៈ​វិវរណៈ​សម័យ​ទំនើប​នេះ ដោយ​និយាយ និង​ផ្តល់​ការណែនាំ​សម្រាប់​ជំនាន់ និង​កាលៈទេសៈ​របស់​យើង ។ ខ្ញុំ​សូម​ដកស្រង់​ប្រសាសន៍​របស់​អែលឌើរ បែដណា ៖ « ខ្ញុំ​ជឿ​ថា គ្រា​នោះ​បាន​មក​ដល់​សម្រាប់​ពួកយើង​ក្នុងនាម​ជា​សិស្ស​របស់​ព្រះគ្រីស្ទ ដើម្បី​ប្រើប្រាស់​ឧបករណ៍​បំផុសគំនិត​ទាំង​នេះ​ដោយ​សមរម្យ និង​កាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះជា​ព្រះវរបិតា​អស់​កល្ប​ជានិច្ច ផែនការ​សុភមង្គល​របស់​ទ្រង់​សម្រាប់​កូនចៅ​ទ្រង់ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ដើម្បី​ប្រកាស​ពី​ភាព​ពិត​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ និងដើម្បីសម្រេចនូវកិច្ចការរបស់ព្រះអម្ចាស់ » ។

ខ្ញុំសូមអញ្ជើញបងប្អូនទាំងអស់គ្នាពិចារណាឲ្យបានដិតដល់អំពីតួនាទីរបស់អ្នក​ក្នុងការ​ផ្សាយ​ដំណឹង​ល្អ​នៃ​ភាពសុខសាន្ត​ក្នុងនាម​ជា​សារទូត​ជា​ទីស្រឡាញ់ ។ សូម​ឲ្យ​យើង​ម្នាក់ៗ​ធ្វើ​ផ្នែក​របស់​យើង​ក្នុងការ​ចែកចាយ « ការ​ចេះ​ដឹង​របស់​យើង​អំពី​ព្រះ​អង្គ​សង្គ្រោះ » ជាមួយ​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន​ដែរ ។ របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ធ្វើ​កិច្ចការ​នេះ​គឺ​មួយ​ជំហាន​ម្តង​មួយ​ជំហានម្តង និង​ក្នុង​របៀប​ពិសេស​មួយ​ដែល​ដំណើរ​ការ​ល្អ​បំផុត​សម្រាប់​អ្នក និង​គ្រួសារ​អ្នក ។ សូម​ឲ្យ​យើង​ម្នាក់ៗ​ក្លាហាន​ក្នុងការ​សរសេរ​កំណត់ហេតុ​បណ្តាញ, ធ្វើ​រូបភាព pin, ចូលចិត្ត, ចែកចាយ, បង្ហោះ, ធ្វើមិត្ត, tweet, snap និង ប្រើ​ឧបករណ៍​ចល័ត​របស់​យើង ក្នុង​របៀប​មួយ​ដែល​នឹង​សរសើរ​តម្កើង ផ្តល់កិត្តិយស និង​គោរព​ដល់​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​ដែល​ពោរពេញ​ដោយ​ក្តីស្រឡាញ់ ហើយ​នាំ​យក​ការចេះដឹង​អំពី​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​គ្រួសារ​អ្នក មនុស្ស​ជាទីស្រឡាញ់ និង​មិត្តភក្តិ — រួមទាំង​មិត្ត​របស់​អ្នក​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផងដែរ ។

កំណត់​ចំណាំ

  1. ដេវីឌ អូ. មិកឃេ នៅក្នុង Conference Report ខែ តុលា ឆ្នាំ ១៩៦៦ ទំព័រ ៤ ។

  2. ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « When the World Will Be Converted » Ensign ខែ តុលា ឆ្នាំ ១៩៧៤ ទំព័រ ១១, ១០ ។

  3. សូមមើល ជែហ្វ្រី អ័រ ហូឡិន « Like a Broken Vessel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤០–៤២ ។

  4. សូមមើល ជែហ្វ្រី អ័រ ហូឡិន « Mormon Message: Like a Broken Vessel » ថ្ងៃ​ទី ២០ ខែ មិថុនា ឆ្នាំ ២០១៦ mormonnewsroom.org ។

  5. សូមមើល « President Uchtdorf Relates Flying to Gospel in Post and Video with Grandson » ថ្ងៃ​ទី ៣០ ខែ​ កញ្ញា ២០១៦ LDS.org ។

  6. ថូម៉ាស អេស ម៉នសុន « Living the Abundant Life » Liahona ខែ មករា ឆ្នាំ ២០១២ ទំព័រ ៤ ។

  7. ជេ ដេវណ៍ ខួនីស្ស « Am I Good Enough ? Will I Make It ? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៣៣ ។

  8. « How Lovely Are the Messengers » hymnary.org ។

  9. ដាវីឌ អេ បែដណា « Flood the Earth through Social Media » Liahona ខែ សីហា ឆ្នាំ ២០១៥ ទំព័រ ៥០, សូមមើល​ផងដែរ ដាវីឌ អេ បែដណា « Sweep the Earth as with a Flood » ( វីដេអូ ) LDS.org ។