២០១៧
នៅ​ខាង​ព្រះអម្ចាស់ ៖ មេរៀន​មក​ពី​កងទ័ព​ជំរំស៊ីយ៉ូន
July 2017


នៅ​ខាង​ព្រះអម្ចាស់ ៖ មេរៀន​មក​ពី​កងទ័ព​ជំរំស៊ីយ៉ូន

ដកស្រង់​ចេញ​ពី​សុន្ទរកថា​ក្នុង​ការប្រជុំធម្មនិដ្ឋាននៃ​សប្តាហ៍​ស្តីពី​ការអប់រំ ដែល​មាន​ចំណង​ជើង​ថា « Who’s on the Lord’s Side ? Now Is the Time to Show » ( « តើ​នរណា​នៅខាង​ព្រះអម្ចាស់ ? ឥឡូវនេះ​គឺ​ពេល​ដែល​ត្រូវ​បង្ហាញ​ហើយ » ) បាន​ថ្លែង​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់-អៃដាហូ នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១០ ។

បេសកកម្ម​កងទ័ព​ជំរំ​ស៊ីយ៉ូន​ដែល​បាន​ដឹកនាំ​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ក្នុង​ឆ្នាំ ១៨៣៤ គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​មួយ​អំពី ការជ្រើសរើស​ដើម្បី​នៅ​ខាង​ព្រះអម្ចាស់ ។ ការរំឭក​ឡើង​វិញ​អំពី​ប្រវត្តិ​នៃ​កងទ័ព​ជំរំ​ស៊ីយ៉ូន អាច​ជួយ​យើង​ឲ្យ​រៀន​អំពី​មេរៀន​ដ៏មាន​តម្លៃ និង​ដែល​ពុំ​ប្រែប្រួល មក​ពី​ប្រព្រឹត្តិការណ៍​សំខាន់ៗ​នៅ​ក្នុង​ប្រវត្តិសាសនាចក្រ ដែល​អនុវត្ត​ចំពោះ​ជីវិត និង​កាលៈទេសៈ​របស់​យើង​សព្វថ្ងៃនេះ ។

តើ​កងទ័ព​ជំរំស៊ីយ៉ូន​គឺ​ជា​អ្វី ?

ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​មួយ​នៅក្នុង​ឆ្នាំ ១៨៣១ ឲ្យ​ជ្រើសរើស​យក​ទីក្រុង អ៊ីនឌីពែនឌែនស៍ ឃុំ​ចាកសុន រដ្ឋ​មិសសួរី ជា​ទីតាំង​នៃ​ស៊ីយ៉ូន ជា​ទីតាំង​កណ្តាល​នៃ​ការប្រមូល​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ និង​ជា​ទីតាំង​សម្រាប់​ទីក្រុង​យេរូសាឡិម​ថ្មី ដែល​អាច​រក​ឃើញ​នៅក្នុងទាំង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន ( សូមមើល គ. និង ស. ៥៧:១–៣ សូមមើល​ផងដែរ វិវរណៈ ២១:១–២; អេធើរ ១៣:៤–៦ ) ។ នៅ​រដូវ​ក្តៅ​ឆ្នាំ ១៨៣៣ អ្នក​តាំង​ទីលំនៅ​នៃ​ពួកមរមន​មាន​ប្រមាណ​ជា​មួយ​ភាគ​បី​នៃ​ប្រជាជន​នៅក្នុង​ឃុំ ចាកសុន ។ ការកើន​ឡើង​យ៉ាង​លឿន​នៃ​ពួក​អ្នកតាំង​ទីលំនៅ ឥទ្ធិពល​នៃ​នយោបាយ​ដ៏​មាន​សក្តានុពល ព្រមទាំង​ជំនឿ​លើ​សាសនា និង​នយោបាយ​ផ្សេងៗ​គ្នា របស់​ពួក​អ្នក​ចំណូល​ថ្មី​ទាំង​នេះ បាន​បណ្តាល​ឲ្យ​មាន​ការខ្វល់ខ្វាយ​ដល់​អ្នក​តាំងទីលំនៅ​ផ្សេង​ទៀត​នៅក្នុង​តំបន់​នោះ ដែល​ក្រោយ​មក​ពួកគេ​បាន​ទាមទារ​ឲ្យ​សមាជិក​សាសនាចក្រ​ចាកចេញ​ពី​ផ្ទះសំបែង និង​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ។ នៅពេល​ការទាមទារ​នេះ​ពុំ​ត្រូវបាន​អនុវត្ត នោះ​ពួក​ប្រជាជន​រដ្ឋ​មិសសួរី បាន​វាយ​ប្រហារ​ទីលំនៅ​ទាំង​នោះ ក្នុងខែ​វិច្ឆិកា ឆ្នាំ ១៨៣៣ ហើយ​បាន​បង្ខំ​ឲ្យ​ពួកបរិសុទ្ធ​ចាកចេញ ។

រូបភាព
exiled Saints

ការធ្វើ​ដំណើរទៅ​មុខ​ទាំងលំបាក ដោយ ហ្គែន ហប់គីនសុន ។

ការបង្កើត​កងទ័ព​ជំរំស៊ីយ៉ូន ត្រូវបាន​បញ្ជា​ដោយ​វិវរណៈនៅក្នុង​ខែ​កុម្ភៈ​ឆ្នាំ ១៨៣៤ ( សូមមើល គ. និង ស. ១០៣ ) ។ គោលបំណង​ចម្បង​នៃ​កងទ័ព​របស់​ព្រះអម្ចាស់​នេះ​គឺ ដើម្បី​ការពារ​ពួកមរមន​នៅក្នុង​ឃុំ ចាកសុន​ពី​ការ​វាយ​ប្រហារ​បន្ថែម — បន្ទាប់​ពី​កងទ័ព​ពួក​មិសសួរី បាន​បំពេញ​កាតព្វកិច្ច​ខ្លួន ក្នុង​ការអមដំណើរ​ពួក​អ្នក​តាំង​ទីលំនៅ​ទាំង​នោះ​ដោយ​សុវត្ថិភាព​ឲ្យ​ត្រឡប់​ទៅ​ផ្ទះសំបែង និង​ទឹកដី​របស់​ពួកគេ​វិញ ។ ក្រុម​នោះ​ក៏​បាន​នាំ​យក​ប្រាក់ គ្រឿងសម្ភារ​ផ្គត់ផ្គត់​នានា ព្រមទាំង​ការគាំទ្រ​ផ្នែក​សីលធម៌​ដល់​ពួកបរិសុទ្ធ​ដែល​ក្រខ្សត់ ។ ដូច្នេះ​ហើយ អំឡុង ខែ ឧសភា និង មិថុនា ឆ្នាំ ១៨៣៤ មនុស្ស​មួយ​ក្រុម​ដែល​មាន​ពួកបរិសុទ្ធ​ស្ម័គ្រ​ចិត្ត​ជាង ២០០ នាក់​ដែល​ដឹកនាំ​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ បាន​ធ្វើ​ដំណើរ​ចម្ងាយ​ប្រហែល​ជា ១៤៥០ គីឡូម៉ែត្រ​ពី​ទីក្រុង ខឺត​ឡង់ រដ្ឋ​អូហៃអូ ទៅ​ឃុំ ក្លេ រដ្ឋ​មិសសួរី ។ ហៃរុម ស៊្មីធ និង ឡាយមិន វ៉ាយ ក៏​បាន​កែន​ទ័ព​នៃ​ពួក​អ្នកស្ម័គ្រ​ចិត្ត​មួយ​ក្រុម​តូច​មក​ពី​ដែនដី មីឈីហ្កេន ហើយ​បាន​ជួប​ជាមួយ​ក្រុម​កងទ័ព​របស់​ព្យាការី​នៅក្នុង​រដ្ឋ​មិសសួរី ។ អ្នក​ចូលរួម​នៅក្នុង​កងទ័ព​ជំរំស៊ីយ៉ូន​នោះ​រួមមាន ព្រិកហាំ យ៉ង់, ហ៊ីប៊ើរ ស៊ី ឃិមបឹល, វិលហ្វូឌ វូឌដ្រុព្វ, ប៉ាលី ភី ប្រាត្ត, អួរសុន ហៃឌ និង មនុស្ស​ល្បីៗ​ជាច្រើន​នាក់​ទៀត​ក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។

គោលបំណង​របស់​ខ្ញុំ​ពុំ​មែន​ពិពណ៌នា​អំពី​ព័ត៌មាន​លម្អិត​នៃ ការធ្វើ​ដំណើរ​ដ៏​លំបាក​នេះ ឬ​ដំណាល​ប្រាប់​អំពី​ប្រព្រឹត្តិការណ៍​ខាង​វិញ្ញាណ​សំខាន់ៗ​ទាំងអស់ ដែល​បាន​កើត​ឡើង​នោះ​ឡើយ ។ ខ្ញុំ​គ្រាន់តែសង្ខេប​អំពី​ប្រព្រឹត្តិការណ៍​សំខាន់ៗ​ពីរបី​អំពី​បេសកកម្ម​នៃ​កងទ័ព​ជំរំស៊ីយ៉ូន​នេះ ៖

  • អភិបាល​រដ្ឋ​មិសសួរី លោក ដានីយ៉ែល ដាក់គ្លីន ពុំ​បាន​ផ្តល់​ជំនួយ​កងទ័ព​ដ៏​ចាំបាច់​ដូចបាន​សន្យា ដល់​ពួក​អ្នកតាំងទីលំនៅ​មរមន ដើម្បី​តាំង​ឡើង​វិញ​នូវ​ដែនដី​របស់​ពួកគេ​ឡើយ ។

  • ការចរចារ​ដែល​បាន​ធ្វើ​ឡើង​រវាង​ថ្នាក់​ដឹកនាំ​សាសនាចក្រ ពួកមន្ត្រី​រដ្ឋ​មិសសួរី និង​ប្រជាពលរដ្ឋ​នៃ​ឃុំ​ចាកសុន ដើម្បី​ចៀសវាង​ទំនាស់​ប្រើប្រាស់​អាវុធ និង​ការដោះស្រាយ​ជម្លោះ​ដីធ្លី ពុំ​បាន​ធ្វើ​ទៅ​តាម​កិច្ច​ព្រមព្រៀង​គ្នា​នោះ​ឡើយ ។

  • ទីបំផុត ព្រះអម្ចាស់​បាន​ដឹកនាំ យ៉ូសែប ស៊្មីធ ឲ្យ​បំបែក​ពួក​កងទ័ព​ជំរំ​ស៊ីយ៉ូន និង​បង្ហាញ​អំពី​មូលហេតុ​ដែល​កងទ័ព​របស់​ព្រះអម្ចាស់​ពុំ​បាន​សម្រេច​នូវ​គោលបំណង​ដែល​ខ្លួន​មាន ( សូមមើល គ. និង ស. ១០៥:៦–១៣, ១៩ ) ។

  • ព្រះអម្ចាស់​បាន​ដឹកនាំ​ពួកបរិសុទ្ធ​ឲ្យ​បង្កើត​នូវ​សេចក្តីសប្បុរស​នៅក្នុង​តំបន់​នោះ ដើម្បី​រៀបចំ​សម្រាប់​គ្រា​ដែល​ស្ថានភាព​នៃ​ក្រុង​ស៊ីយ៉ូន​នឹង​ទទួល​បាន​សិទ្ធិ​មក​វិញ​តាម​ផ្លូវ​ច្បាប់ ជាង​តាម​ការប្រើ​កងទ័ព ( សូមមើល គ. និង ស. ១០៥:២៣–២៦, ៣៨–៤១ ) ។

កងទ័ព​​ស៊ីយ៉ូន​បាន​បំបែក​គ្នា​ជា​ក្រុម​តូចៗ​នៅ​ចុង​ខែ​មិថុនា​ឆ្នាំ ១៨៣៤ ហើយ​ទីបំផុត​សំបុត្រ​រំសាយ​កងទ័ព​បាន​ចេញ​ទៅ​នៅ​ពីរបី​ថ្ងៃ​ដំបូង​នៃ ខែ កក្កដា ឆ្នាំ ១៨៣៤ នោះ ។ ពួក​អ្នកស្ម័គ្រ​ចិត្ត​ភាគច្រើន​បាន​ត្រឡប់​ទៅ​រដ្ឋ​អូហៃអូ វិញ ។

តើ​មេរៀន​អ្វីខ្លះ ដែល​យើង​អាច​រៀន​ពី​កងទ័ព​ជំរំស៊ីយ៉ូន ?

រូបភាព
etching of zions camp

ដោយសារតែ​ការខកខាន​ពុំបាន​ស្ថាបនា​ពួកបរិសុទ្ធ​នៅលើ​ទឹកដី​របស់​ពួកគេ​វិញ នៅក្នុង​ឃុំ​ចាកសុន នោះ​មនុស្ស​មួយ​ចំនួន​បាន​ចាត់ទុក​កងព័ទ​ជំរំស៊ីយ៉ូន​ថា ជា​ការខំប្រឹង​មួយ​ដែល​បរាជ័យ និង​គ្មាន​ប្រយោជន៍ ។ បងប្រុស​ម្នាក់​នៅ​ទីក្រុង ខឺត​ឡង់ — ជា​មនុស្ស​ម្នាក់​ដែល​ខ្វះ​សេចក្តីជំនឿ​ក្នុង​ការស្ម័គ្រ​ចិត្ត​ទៅ​ជាមួយ​ពួក​ក្រុម​កងទ័ព​នោះ — បាន​ជួប ព្រិកហាំ យ៉ង់ ពេល​លោក​ត្រឡប់​មក​ពី​រដ្ឋ​មិសសួរី​វិញ ហើយ​បានសួរ​លោក​ថា « ‹ តើ​អ្នក​បាន​ទទួល​អ្វី​ពី​ដំណើរ​ដ៏​ឥត​ប្រយោជន៍​ទៅកាន់​រដ្ឋ មិសសួរី ជាមួយ យ៉ូសែប ស៊្មីធ នេះ ? › ព្រិកហាំ យ៉ង់ បាន​តប​វិញ​ភ្លាម​ថា ‹ អ្វីៗ​ទាំងអស់​ដែល​យើង​បានសម្រេចនោះ ខ្ញុំ​នឹង​មិន​ប្ដូរ​បទពិសោធន៍ ដែល​ខ្ញុំ​បាន​ទទួល​នៅ​ក្នុង​បេសកកម្ម​នោះ​ជាមួយ​នឹង​ទ្រព្យសម្បត្តិ​នៃ​ឃុំ ហ្គូហ្គា​ឡើយ › » ដែល​កាល​នោះ​ទីក្រុង ខឺត​ឡង់ មាន​ទីតាំង​នៅ​ឃុំ​នោះ ។

ខ្ញុំ​អញ្ជើញ​អ្នក​គិត​ឲ្យ​បាន​ល្អិតល្អន់​អំពី​ចម្លើយ​របស់ ព្រិកហាំ យ៉ង់ ៖ « អ្វីៗ​ទាំងអស់​ដែល​យើង​បាន​សម្រេច» ។ តើ​មាន​គន្លឹះ​រៀនសូត្រ​សំខាន់​អ្វីខ្លះ ដែល​យើង​អាច​រៀន​ចេញ​ពី​ការទទួល​ខុសត្រូវ​នេះ ដែល​ពុំ​បាន​បំពេញ​តាម​គោលបំណង​ដែល​បាន​ចែង ប៉ុន្តែ​បាន​ផ្តល់​ដល់​ពួកបរិសុទ្ធ​កាល​ពី​ជំនាន់​មុន​ទាំងនោះ ហើយ​អាច​ផ្តល់​ពរជ័យ​ដល់​ជីវិត​យើង ?

ខ្ញុំ​ជឿ​ថា យ៉ាងហោច​ណាស់​មាន​មេរៀន​ដែល​គួរ​ឲ្យ​យល់ដឹង​ពីរ ដែលមាន​នៅក្នុង​ចម្លើយ​របស់​បងប្រុស ព្រិកហាំ ចំពោះ​សំណួរ​ចំអកឡកឡឺយ​នោះ ៖ ( ១ ) មេរៀន​នៃ​ការសាកល្បង ការរែងរកមើល និង​ការរៀបចំ និង ( ២ ) មេរៀន​នៃ​ការគោរព​ប្រតិបត្តិ ការរៀនសូត្រ និង​ការធ្វើ​តាម​ពួកបងប្អូន​ប្រុស ។ ខ្ញុំ​សូម​គូសបញ្ជាក់​ថា​មេរៀន​ទាំងនេះ​មាន​សារៈសំខាន់​ចំពោះ​ពួកយើង​ដើម្បី​រៀន ហើយ​អនុវត្ត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ដូចវា​សំខាន់​ចំពោះ​អ្នកស្ម័គ្រចិត្ត​នៃ​កងទ័ព​ជំរំស៊ីយ៉ូន​កាល​ពី​ជាង ១៨០ ឆ្នាំ​មុន​ដែរ ។

មេរៀន​នៃ​ការសាកល្បង ការរែងរកមើល និង​ការរៀបចំ

ពួកបរិសុទ្ធ​ដ៏អង់អាច​ក្លាហាន ដែល​បាន​ធ្វើ​ដំណើរ​ក្នុង​កងទ័ព​របស់​ព្រះអម្ចាស់​ត្រូវបាន​សាកល្បង ។ ដូច​ព្រះអម្ចាស់​បាន​ប្រកាស​ថា « យើង​បាន​ឮ​បទ​អធិស្ឋាន​ទាំង​ឡាយ​របស់​ពួក​គេ​ហើយ ហើយ​ព្រម​ទទួល​ដង្វាយ​របស់​ពួក​គេ ហើយ​គឺជា​ការ​ចាំ​បាច់​ដល់​យើង ដែល​ពួក​គេ​ត្រូវ​បាន​នាំ​មក​ដល់​ទី​នេះ សម្រាប់​ការ​សាកល្បងសេចក្ដី​ជំនឿ​នៃ​ពួក​គេ » ( គ. និង ស. ១០៥:១៩ ) ។

និយាយ​ឲ្យ​ត្រង់​ទៅ ការអញ្ជើញ​ទាំង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​នៃ​ពួក​កងទ័ព​ជំរំស៊ីយ៉ូន បាន​បង្កើត​ឲ្យ​មាន​ការរែង​ស្រូវសាលី ចេញ​ពី​ស្រងែ ( សូមមើល ម៉ាថាយ ១៣:២៥, ២៩–៣០; គ. និង ស. ១០១:៦៥ ) ជា​ការញែក​ចៀម​ចេញ​ពី​ពពែ ( សូមមើល ម៉ាថាយ ២៥:៣២–៣៣ ) ជាការញែកចេញ​រវាង​អ្នក​មាន​ភាពរឹង​មាំ​ខាង​វិញ្ញាណ​ពី​អ្នក​ដែល​ខ្សោយ​ខាង​វិញ្ញាណ ។ ដូច្នេះ​បុរស និង​ស្ត្រី​ម្នាក់ៗ​ដែល​បាន​ចូល​បម្រើ​នៅក្នុង​កងទ័ព​របស់​ព្រះ​អម្ចាស់ បាន​ប្រឈមមុខ ហើយ​ឆ្លើយ​សំណួរ​ដ៏​ម៉ឹងម៉ាត់​ដែល​ថា « តើ​នរណា​នៅ​ខាង​ព្រះអម្ចាស់ ? »

នៅពេល វិលហ្វូឌ វូឌដ្រុព្វ កំពុង​រៀបចំ​កិច្ចការ​ជំនួញ​របស់​លោក ហើយ​រៀបចំ​ខ្លួន​ចូលរួម​កងទ័ព​ជំរំ​ស៊ីយ៉ូន មិត្តភក្តិ និង​អ្នកជិត​ខាង​របស់​លោក​បាន​ព្រមាន​លោក កុំ​ឲ្យ​ធ្វើ​ដំណើរ​ដ៏​គ្រោះថ្នាក់​នោះ​ឡើយ ។ ពួកគេ​បាន​ផ្តល់​យោបល់​ថា « កុំ​ទៅ​ឡើយ ប្រសិនបើ​អ្នក​ទៅ​នោះ​អ្នក​នឹង​ស្លាប់​បាត់​បង់​ជីវិត​ហើយ » ។ លោក​បាន​តប​វិញ​ថា « ប្រសិនបើ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹង​ត្រូវ​គេ​បាញ់​ទម្លុះ​បេះដូង នៅ​ជំហាន​ដំបូង​ដែល​ខ្ញុំ​ឈាន​ជើង​ដើរ​នៅលើ​រដ្ឋ​មិសសួរី​ក្តី ក៏​ខ្ញុំ​នឹង​ទៅ​ដែរ » ។ វិលហ្វូឌ វូឌដ្រុព្វ បាន​ដឹង​ថា​មិន​ត្រូវ​ភ័យ​ខ្លាច​នឹង​លទ្ធផល​អាក្រក់​ដែល​កើត​មាន​ឡើយ ដរាប​ណា​គាត់​នៅ​ស្មោះត្រង់ ហើយ​គោរព​ប្រតិបត្តិ​នោះ ។ គាត់​ពិតជា​នៅ​ខាង​ព្រះ​អម្ចាស់​ហើយ !

ប្រាកដ​ណាស់​នេះ​ជា « ពេលដែល​ត្រូវ​បង្ហាញ » ពី​បុរស និង​ស្ត្រី​ស្មោះត្រង់​នា​រដូវ​ក្តៅ​ក្នុង​ឆ្នាំ ១៨៣៤ ទាំងនោះ ។ ប៉ុន្តែ​ការសម្រេច​ចិត្ត​ដើម្បី​ធ្វើ​​ដំណើរ​ជាមួយ​ព្យាការី យ៉ូសែប ទៅ​រដ្ឋ​មិសសួរី ពុំមែន​ជាការឆ្លើយតប​ចាំបាច់​តែម្តង ឬ​រួមគ្នា​ទាំងអស់ ឬ​ចម្លើយ​តប​ភ្លាមៗ​ទៅ​នឹង​សំណួរ​ថា « តើ​នរណា​នៅខាង​ព្រះអម្ចាស់ ? » ឡើយ ។ ពេលដែល​ត្រូវ​បង្ហាញ​ដោយ​ពួកបរិសុទ្ធ​ទាំង​នោះ​បាន​កើត​ឡើង​ជារឿយៗ ហើយ​ដដែលៗ តាមរយៈ​ការហត់​នឿយ​ខាង​ផ្លូវ​ចិត្ត និង​រូបកាយ តាមរយៈ​ពងបែក​នៅលើ​ជើង​របស់​ពួកគេ តាមរយៈ​ការខ្វះ​ខាត​អាហារ និង​ទឹក​មិន​ស្អាត តាមរយៈ​ការខកចិត្ត​ជាច្រើន តាមរយៈ​ការបែកបាក់​គ្នា និង​ការបះបោរ​នៅក្នុង​ក្រុម និង​តាមរយៈ​ការគំរាមកំ​ហែង​ពី​សំណាក់​ពួក​មារសត្រូវខាង​ក្រៅ​ដ៏​កាចសាហាវ ។

ពេល​ដែល​ត្រូវ​បង្ហាញ​កើត​មាន​ឡើង​នៅក្នុង​បទពិសោធន៍ និង​ការលំបាក​នានា​ដែល​មាន​រៀងរាល់​ម៉ោង រាល់​ថ្ងៃ និង​រាល់​សប្តាហ៍ ។ វា​គឺ​ជា​ការរួមផ្តុំ​គ្នា​ដ៏​ធំ​សម្បើម​នៃ​ជម្រើស និង​ទង្វើ​ជាច្រើន​ដែល​ហាក់ដូច​ជាតូចតាច នៅក្នុង​ជីវិត​នៃ​ពួកបរិសុទ្ធ​ដ៏​មានភក្តីភាព​ទាំងនោះ ដែល​បាន​ផ្តល់ចម្លើយ​យ៉ាង​ពិតប្រាកដ​ចំពោះ​សំណួរ​ថា « តើ​នរណា​នៅ​ខាង​ព្រះអម្ចាស់ ? »

តើ​ការសាកល្បង និង​ការរែងរកមើល ដែល​បានកើត​ឡើង​នៅក្នុង​ជីវិត​នៃ​អស់​អ្នក ដែល​ចូលរួម​នឹង​កងទ័ព​ជំរំស៊ីយ៉ូន​នេះ​ជួយ​ក្នុង​ការរៀបចំ​ខ្លួន​ដោយ​របៀប​ណា ? គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ មាន​បងប្អូនប្រុស​ចំនួន​ប្រាំបី​រូប​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ក្នុង​ឆ្នាំ ១៨៣៥ ព្រមទាំង​ពួក​ចិត​សិប​នាក់​ទាំងអស់​ក៏​ត្រូវ​បាន​ហៅ​នា​ពេល​ដដែរ​នោះ សុទ្ធតែ​ជា​ពួក​ទាហាន​ជើង​ចាស់​មក​ពី​កងទ័ព​ជំរំ​ស៊ីយ៉ូន​នោះ ។ នៅក្នុង​ការប្រជុំ​មួយ​បន្ទាប់​ពី​ការហៅ​ពួកចិតសិប​នាក់​មក ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រកាស​ថា ៖

« បងប្អូន​ប្រុស​អើយ មាន​បងប្អូន​មួយ​ចំនួន​ខឹង​នឹង​រូប​ខ្ញុំ ដោយសារ​បងប្អូន​ពុំ​បាន​ធ្វើ​ចម្បាំង​នៅ​ក្នុង​រដ្ឋ​មិសសួរី ប៉ុន្តែ​ខ្ញុំ​សូម​ប្រាប់​បងប្អូន​ថា ព្រះ​ពុំ​ចង់​ឲ្យ​បងប្អូន​ធ្វើ​ចម្បាំង​ឡើយ ។ ទ្រង់​ពុំ​អាច​ស្ថាបនា​នគរ​ទ្រង់​ឡើង ដោយ​មានតែ​បុរស​ដប់​ពីរ​នាក់ បើក​ទ្វារ​នៃ​ដំណឹងល្អ​ឲ្យ​ជាតិ​សាសន៍​ទាំងអស់​នៅ​លើ​ផែនដី និង​ពួក​ចិតសិប​នាក់​ទៀត ដែល​ស្ថិត​ក្រោម​ការដឹកនាំ​របស់​ពួកគេ​ដើម្បី​បន្ត​កិច្ចការ​បាន​ឡើយ លើកលែង​តែ​ទ្រង់​ចម្រាញ់​ពួកគេ​ចេញ​មក​ពី ក្រុម​បុរស​ដែល​បាន​ថ្វាយ​ជីវិត​ខ្លួន និង ដែល​បាន​លះបង់​យ៉ាង​ធំធេង​ដូច​ដែល​អ័ប្រាហាំ​បាន​ធ្វើ​ប៉ុណ្ណោះ ។

ឥឡូវ​នេះ​ព្រះអម្ចាស់​បាន​មាន​ពួកដប់ពីរ​នាក់ និង​ពួក​ចិតសិប​នាក់​របស់​ទ្រង់​ហើយ ហើយ​នឹង​មាន​កូរ៉ុម​នៃ​ពួកចិតសិបនាក់​ផ្សេង​ទៀត​នឹង​ត្រូវបាន​ហៅ » ។

ប្រាកដ​ណាស់ និយាយ​រួម​កងទ័ព​ជំរំស៊ីយ៉ូន​គឺ​ជា​ភ្លើង​របស់​ជាង​សំរង សម្រាប់​អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ទាំងអស់ ហើយ​ជាពិសេស​សម្រាប់​អនាគត​ថ្នាក់​ដឹកនាំ​ជាច្រើន​នាក់​របស់​សាសនាចក្រ ។

បទពិសោធន៍​ដែល​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ​​ទទួល​បាន​នៅក្នុង​កងទ័ព​របស់​ព្រះអម្ចាស់ ក៏​ជា​ការរៀបចំ​សម្រាប់​ការធ្វើ​អន្តោប្រវេសន៍ដ៏​ធំ​នាពេល​ខាង​មុខ​របស់​សមាជិក​សាសនាចក្រ​ផងដែរ ។ អ្នក​ចូលរួម​ជាង ២០ នាក់​នៅក្នុង​កងទ័ព​ជំរំស៊ីយ៉ូន​នោះ​បាន​ក្លាយ​ជា​មេបញ្ជាការ និង​អនុសេនីយ៍​ត្រី​នៅក្នុង​ការធ្វើដំណើរ​ដ៏​ធំៗ​ចំនួនពីរ​ — លើក​ទីមួយ​គឺ​បួន​ឆ្នាំ​ក្រោយមក​ទាក់ទង​នឹង​ការផ្លាស់ទី​លំនៅ​របស់​ប្រជាជន​ពី ៨០០០ នាក់ ទៅ ១០០០០ នាក់​ពី​រដ្ឋ​មិសសួរី ទៅ​រដ្ឋ​អិលលីណោយ និង​លើក​ទីពីរ ១២ ឆ្នាំ​ក្រោយមក គឺ​ការប្តូរ​ទីលំនៅដ៏​ធំ​ទៅ​ទិស​ខាង​លិច​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ប្រមាណ​ជា ១៥០០០ នាក់​ពី​រដ្ឋ​អិលលីណោយ ទៅ​ជ្រលងភ្នំ សលត៍ លេក និង​ជ្រលងភ្នំ​រ៉កគី ។ អំឡុងពេល​ការរៀបចំ​បំពាក់បំប៉ន កងទ័ព​ជំរំស៊ីយ៉ូន​មាន​តម្លៃ​ខ្លាំង​បំផុត​សម្រាប់​សាសនាចក្រ ។ ឆ្នាំ ១៨៣៤ គឺ​ជាពេល​ដែល​ត្រូវ​បង្ហាញ — ហើយ​ដើម្បី​រៀបចំ​សម្រាប់​ឆ្នាំ ១៨៣៨ និង ឆ្នាំ ១៨៤៦ ។

ក្នុងនាម​ជា​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ យើង​ក៏​នឹង​ទទួល​ការសាកល្បង ការរែង​រកមើល និង​ការរៀបចំ ដូច​ជា​សមាជិក​នៃ​កងទ័ព​ជំរំ​ស៊ីយ៉ូន​ដែរ ។ ព្រះគម្ពីរ និង​ការបង្រៀន​របស់​ពួកបងប្អូន​ប្រុស​ពោរពេញ​ដោយ​ការសន្យា​ថា សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ការចុះ ការគោរព និង​ការចងចាំ​អំពី​សេចក្តីសញ្ញា​ពិសិដ្ឋ​របស់​យើង និង​ការគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​របស់​ព្រះ នឹង​ពង្រឹង​យើង​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ប្រឈមមុខ ដើម្បី​យក​ឈ្នះ និង​ដើម្បី​រៀន​ពី​ការសាកល្បង និង​ការល្បងល​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។

ពួក​អ្នកដឹកនាំ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ពី​ជំនាន់​មុនៗ បាន​រកឃើញ​នូវ​ការសាកល្បងរួម ឬ​ការសាកល្បង​ទូទៅ​មួយ​ចំនួន ដែល​យើង​អាច​រំពឹង​ទុក​ជាមុន​ថា​នឹង​ជួប​ប្រទះ​នៅក្នុង​ជីវិត និង​ជំនាន់​របស់​យើង ។ ក្នុងនាម​ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ក្នុង​ឆ្នាំ ១៩៧៧ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ១៨៩៩–១៩៩៤ ) បាន​មាន​ប្រសាសន៍​ពី​សំឡេង​នៃ​ការ​ព្រមាន នៅក្នុង​ការប្រជុំ​អ្នក​តំណាង​ភូមិភាគ ។ ឥឡូវ​នេះ​ខ្ញុំ​សូម​ដកស្រង់​សារលិខិត​ទាំងស្រុង​របស់​ប្រធាន ប៊ែនសឹន ហើយ​អញ្ជើញ​អ្នក​ឲ្យ​ផ្តោត​ចិត្ត​ទុកដាក់​លើ​ការទូន្មាន​របស់​លោក​នា​កាល​គ្រា​នោះ ៖

« ជំនាន់​នីមួយៗ​មាន​ការសាកល្បង និង​ឱកាស​រៀងៗខ្លួន​ដើម្បី​ក្រោកឈរ​ឡើង ហើយ​បង្ហាញ​សមត្ថភាព​របស់​ខ្លួន ។ តើ​អ្នក​ចង់​ដឹង​អំពី​ការសាកល្បង​ដ៏​លំបាក​បំផុត​មួយ​របស់​ពួកយើង​ដែរ​ឬទេ ? ដោយស្តាប់​ឮ​ការព្រមាន​របស់ ព្រិកហាំ យ៉ង់ ‹ ការភ័យខ្លាច​ដ៏​ធំ​បំផុត​ដែល​ខ្ញុំ​មាន​អំពី​ប្រជាជន​នេះ​គឺថា ពួកគេ​នឹង​ក្លាយ​ជា​អ្នក​មាន​នៅក្នុង​ប្រទេស​នេះ ភ្លេច​ព្រះ និង​រាស្ត្រ​របស់​ទ្រង់ ប្រែជា​ខ្ជិល​ច្រអូស ហើយ​ដក​ខ្លួន​ឯង​ចេញ​ពី​សាសនាចក្រ​ចូល​ទៅ​ស្ថាននរក ។ ប្រជាជន​នេះ​អាច​ស៊ូ​នឹង​ការវាយ​ប្រហារ ការលួច​ឆក់ប្លន់ ភាពក្រីក្រ និង​ការបៀតបៀន​គ្រប់​រូបភាព​បាន ហើយ​បន្ត​នៅ​ស្មោះត្រង់ ។ ប៉ុន្តែ​អ្វី​ដែល​ជា​សេចក្តីភ័យខ្លាច​ដ៏​ធំ​បំផុត​របស់​ខ្ញុំ​នោះ​គឺ​ថា ពួកគេ​នឹង​ពុំ​អាច​ស៊ូ​ទ្រាំ​នឹង​ការមានភោគទ្រព្យ​សំបូរ​ហូរហៀរ​ឡើយ › » ។

ប្រធាន ប៊ែនសឹន ថ្លែង​បន្ត​ទៀត​ថា ៖ « ការសាកល្បង​របស់​យើង​ហាក់ដូច​ជាលំបាក​ខ្លាំង​បំផុត​លើស​ពី​ការសាកល្បង​ទាំងអស់ ដ្បិត​អារក្ស​មាន​កលល្បិច​យ៉ាង​ប៉ិនប្រសប់ ហើយ​វា​ឆ្លាត​ជាង​យើង ។ ការសាកល្បង​ទាំងនោះ​ហាក់​ដូចជា​​មិនសូវ​កាចសាហាវ ហើយ​វាពិបាកមើល​ឃើញ ។ ខណៈ​ដែល​គ្រប់​ការសាកល្បង​នៃ​សេចក្តីសុចរិត តំណាងឲ្យ​ការលំបាកមួយ នោះការសាកល្បង​បែប​នេះ​ហាក់​ដូចជា​ពុំ​មែន​ជា​ការសាកល្បង​ឡើយ គ្មាន​ការលំបាក​ណា អាច​ក្លាយ​ជា​ការបំភាន់​ខ្លាំងបំផុត​លើស​ពី​ការសាកល្បង​ទាំងអស់​ឡើយ ។

« តើ​អ្នក​ដឹង​ទេ​ថា​ភាពសុខសាន្ត និង​ភាពចម្រុងចម្រើន​អាច​ផ្តល់​អ្វីខ្លះ​ដល់​មនុស្ស — វា​អាច​ធ្វើ​ឲ្យ​ពួកគេ​ភ្លេច​ខ្លួន ។ ព្រះគម្ពីរ​មរមន​បាន​ព្រមាន​យើង​អំពី របៀប​ដែល​សាតាំង​នឹង​នាំ​យើង​ឲ្យ​ធ្លាក់​ចុះ​ទៅ​ស្ថាននរក​ដោយ​ប្រុងប្រយ័ត្ន​នៅជំនាន់​ចុងក្រោយ​នេះ ។ ព្រះអម្ចាស់​បាន​ដាក់​អ្នក​មាន​សក្តានុពល​ដែល​រឹងប៉ឹង​ខាង​វិញ្ញាណ​មួយចំនួន​លើ​ផែនដី ជា​អស់​អ្នកដែល​ទ្រង់​បាន​រក្សា​ទុក​អស់​រយៈពេល​ប្រាំមួយ​ពាន់​ឆ្នាំ ដើម្បី​ជួយ​បង្កើត​ផល​ដោយ​ជោគជ័យ​ដល់​នគរ​ព្រះ ហើយ​អារក្ស​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ពួកគេ​ភ្លេច​ខ្លួន ។ មារសត្រូវ​ដឹង​ថា វា​ប្រហែល​ជា​មិន​សូវ​ទទួល​ជោគជ័យ​ក្នុងការនាំ​ពួកគេឲ្យប្រព្រឹត្ត​អំពើ​បាប​ធំៗ និង​ដ៏​សែន​អាក្រក់​នៃ​ការប្រព្រឹត្ត​កំហុស​នោះ​ឡើយ ។ ដូច្នេះ​វា​ធ្វើ​ឲ្យ​ពួកគេ​ភ្លេច​ខ្លួន ដូចជា​ហ្គូលីវើរ ដោយ​វា​ដាក់​អន្ទាក់​ពួកគេ​ឲ្យ​ជាប់ទៅនឹង​អំពើ​បាប​តូចៗទាំង​នោះ​នៃ​ការមិនប្រតិបត្តិតាម​វិញ ហើយ​តើ​អ្នកដឹកនាំ​ដែល​ភ្លេចខ្លួន គ្មានប្រសិទ្ធភាព មាន​ចិត្ត​ស្ទាក់ស្ទើរ​នោះ​មាន​អ្វី​ល្អ​ទៅ ?

រូបភាព
women sitting in front of computer

« យើង​មាន​អ្នក​មាន​សក្តានុពល​ដែល​រឹងប៉ឹង​ខាង​វិញ្ញាណ​ជាច្រើន ដែល​គួរតែ​លើកស្ទួយ​គ្រួសារ នគរ និង​ប្រទេស​របស់ខ្លួន​ឲ្យ​បាន​កាន់តែ​រឹងមាំ​ឡើង ។ យើង​មាន​មនុស្ស​ជាច្រើន​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​ជា​មនុស្ស​ល្អ ប៉ុន្តែ​ពួកគេ​ចាំបាច់​ត្រូវតែ​ជា​មនុស្ស​ប៉ិនប្រសប់​ចំពោះ​រឿង​មួយ​ចំនួន​ដូចជា — អយ្យកោ​រឹងមាំ អ្នក​ផ្សព្វផ្សាយ​សាសនា​មាន​ចិត្ត​ក្លាហាន អ្នក​ធ្វើការ​ដ៏​អង់អាច​ក្នុង​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ អ្នក​ស្នេហា​ជាតិ​ចេះលះបង់ សមាជិក​កូរ៉ុម​ដែល​មាន​ភក្តីភាព ។ សរុប​ទៅ យើង​ត្រូវតែ​គេច​ខ្លួន និង​ដាស់ខ្លួន​យើង​ចេញ​ពី​ការលង់លក់​ខាង​វិញ្ញាណ » ។

ចូរ​ពិចារណា​អំពី​ភោគទ្រព្យ​ដ៏​សំបូរ​ហូរហៀរ ភាពចម្រុងចម្រើន និងភាព​ងាយស្រួល​នោះ ដែល​វា​អាច​ក្លាយ​ជា​ការសាកល្បង​នៅក្នុង​ជំនាន់​របស់​យើង ដែល​មាន​ទំហំ​ស្មើ ឬ​ខ្លាំង​ជាង​ការបៀតបៀន និង​ការលំបាក​ខាង​រូបកាយ ដែល​ពួកបរិសុទ្ធ​ស្ម័គ្រចិត្ត​ធ្វើ​ដំណើរ​ជាមួយ​​កងទ័ព​ជំរំស៊ីយ៉ូន​ទាំងនោះ​បាន​ស៊ូទ្រាំ ។ ដូច​ព្យាការី​មរមន​បាន​ពិពណ៌នា​នៅក្នុង​ការសង្ខេប​ដ៏​អស្ចារ្យ​របស់​លោក​អំពីវដ្ត​នៃ​ភាពឆ្មើងឆ្មៃ ដែល​មាន​នៅក្នុង ហេលេមិន ១២ ៖

« ម៉្លោះហើយ យើង​អាច​ឃើញ​ថា ចិត្ត​នៃ​កូន​ចៅ​មនុស្ស​ខុសឆ្គង ហើយ​គ្មាន​ភាព​នឹង​ន​យ៉ាង​ណា មែន​ហើយ យើង​អាច​ឃើញ​ថា ព្រះ​អម្ចាស់​នៅ​ក្នុង​សេចក្ដី​ល្អ​មហិមា​ដ៏​និរន្តរ៍​របស់​ទ្រង់ ប្រទាន​ពរ ហើយ​ធ្វើ​ឲ្យ​ចម្រើន​ឡើង​ដល់​អស់​អ្នក​ណា ដែល​ដាក់​ទី​ទុក​ចិត្ត​របស់​គេ​ទៅ​លើ​ទ្រង់ ។

« មែន​ហើយ ហើយ​យើង​អាច​ឃើញ​ថា នៅ​ពេល​ដែល​ទ្រង់​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​បាន​ចម្រើន​ឡើង មែន​ហើយ គឺ​ក្នុង​ការ​បង្កើន​ស្រែ​ចម្ការ​របស់​គេ ហ្វូង​ចៀម​របស់​គេ និង​ហ្វូង​សត្វ​របស់​គេ ហើយ​មាស និង​ប្រាក់ និង​វត្ថុ​មាន​តម្លៃ​សព្វ​សារពើ និង​វត្ថុ​សិល្បៈ លើក​លែង​ជីវិត​ឲ្យ​គេ ហើយ​ដោះ​លែង​ពួក​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​គេ បន្ទន់​ចិត្ត​នៃ​ពួក​ខ្មាំងសត្រូវ​របស់​គេ​ដើម្បី​កុំ​ឲ្យ​ពួក​វា​ធ្វើ​សង្គ្រាម​នឹង​ពួក​គេ មែន​ហើយ ហើយ​សរុប​សេចក្ដី​មក ធ្វើ​នូវ​គ្រប់​ការណ៍​ទាំង​អស់ ដើម្បី​សុខុមាលភាព និង​សុភមង្គល​របស់​រាស្ត្រ​ទ្រង់ មែន​ហើយ នៅ​ពេល​នោះ​ហើយ​ដែល​ពួក​គេ​ធ្វើ​ចិត្ត​រឹងរូស ហើយ​បំភ្លេច​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ ហើយ​ជាន់​ឈ្លី​នៅ​ក្រោម​ជើង​របស់​គេ​នូវ​ព្រះ​ដ៏​បរិសុទ្ធ — មែន​ហើយ ហើយ​នេះ​គឺ​មក​ពី​ការ​ងាយស្រួល និង​ការ​ចម្រើន​ឡើង​ដ៏​ធំ​ហួស​ប្រមាណ​របស់​គេ » ( ហេលេមិន ១២:១–២ ) ។

ជាពិសេស​ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​កត់សម្គាល់​អំពី​ឃ្លា​ចុង​ក្រោយ​នៅក្នុង​ខគម្ពីរ​ចុងក្រោយ​នោះ ៖ « ហើយ​នេះ​គឺ​មក​ពី​ការ​ងាយស្រួល និង​ការ​ចម្រើន​ឡើង​ដ៏​ធំ​ហួស​ប្រមាណ​របស់​គេ » ។

ប្រធាន ហារ៉ូល ប៊ី លី ( ១៨៩៩–១៩៧៣ ) ក៏​បាន​បង្រៀន​ដូចនេះ​ផងដែរ អំពី​ការសាកល្បង​ជា​រួម​នៃ​ភាពងាយស្រួល ដែល​យើង​ជួបប្រទះ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ថា ៖ « យើង​ត្រូវបាន​សាកល្បង យើង​ត្រូវ​បាន​ល្បងល យើង​កំពុង​ហែល​ឆ្លង​កាត់​ការសាកល្បង​ដ៏​លំបាក​បំផុត​មួយ​ចំនួន​នា​សព្វថ្ងៃ​នេះ ហើយ​យើង​ប្រហែល​ជា​ពុំ​ដឹង​អំពី​ទំហំ​ដ៏​ធ្ងន់ធ្ងរ​នៃ​ការសាកល្បង​ទាំងនោះ ដែល​យើង​កំពុង​ឆ្លង​កាត់​ឡើយ ។ នៅជំនាន់​នោះ មាន​អំពើ​ឃាតកម្ម មាន​ការបៀតបៀន​ពី​មនុស្ស​អាក្រក់ មាន​ការបណ្តេញ​ចេញ​ពី​ទីលំនៅ ។ ពួកគេ​ត្រូវបាន​បណ្តេញចេញ​ឲ្យ​ចូល​ទៅក្នុង​វាល​រហោស្ថាន ពួកគេ​មាន​ការស្រេក​ឃ្លាន ហើយ​ពួកគេ​អាក្រាត​គ្មាន​សម្លៀកបំពាក់ ហើយ​ពួកគេ​រងារ ។ ពួកគេ​បាន​មក​ដល់​ទីនេះ​ដែលជា​ដែនដី​ដ៏​សំណព្វ​ចិត្ត ។ ពួកយើង​គឺ​ជា​អ្នក​ទទួល​មរតក​នៃ​អ្វី​ដែល​ពួកគេ​បាន​ផ្តល់​ដល់​យើង ។ ប៉ុន្ដែ​តើ​យើង​កំពុង​ធ្វើ​អ្វី​ខ្លះ​ជាមួយ​នឹង​មរតក​ទាំងនោះ ? សព្វ​ថ្ងៃ​នេះ​យើង​រីករាយ​នឹង​ជីវិត​បែប​ទំនើប ជា​ជីវិត​ដែល​យើង​ពុំ​ធ្លាប់​បាន​ឃើញ​ពីមុន នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក ។ វា​ទំនង​ថា នេះ​ប្រហែល​ជា​ការសាកល្បង​ដ៏ខ្លាំង​បំផុត​នៃ​ការសាកល្បង​នានា ដែល​យើង​ធ្លាប់​មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​សាសនាចក្រ​នេះ » ។ 

ការបង្រៀន​ទាំង​នេះ​មក​ពីពួក​ព្យាការី​សម័យ​ទំនើប និង​បុរាណ​អំពី​ការល្បងល និង​ការសាកល្បង​នា​ថ្ងៃ​ចុងក្រោយ​នេះគឺ​មាន​ភាពស្រគត់ស្រគំ និង​សំខាន់​ណាស់ ។ ប៉ុន្តែ​ការបង្រៀន​ទាំង​នោះ​ពុំ​គួរ​បំបាក់ទឹកចិត្ត​យើង​ឡើយ ហើយ​យើង​ពុំគួរ​ភ័យ​ខ្លាច​ផងដែរ ។ ដ្បិត​អស់​អ្នក​មាន​ភ្នែក​ដែល​មើល​ឃើញ ហើយ​មាន​ត្រចៀក​ដែល​ស្ដាប់​ឮ នោះ​ការព្រមាន​ខាង​វិញ្ញាណ​ដឹកនាំ​ទៅរក​ការប្រុងប្រយ័ត្ន​កាន់តែ​ខ្លាំង​ឡើង ។ បងប្អូន និង​រូប​ខ្ញុំរស់នៅក្នុង « ថ្ងៃ​នៃ​ការ​ព្រមាន » ( គ. និង ស. ៦៣:៥៨ ) ។ ដូចសាវក​ប៉ុល​បាន​ទូន្មាន ហើយ​ដោយសារ​យើង​ធ្លាប់ និង​ត្រូវបាន​ព្រមាន នោះ​យើង​ត្រូវ « ចាំ​យាម ​… ​នូវ​គ្រប់​ទាំង​សេចក្តី​ខ្ជាប់​ខ្ជួន » ( អេភេសូរ ៦:១៨ ) ។ នៅពេល​យើង​ប្រុងប្រយ័ត្ន ហើយ​រៀបចំ​ខ្លួន ប្រាកដ​ណាស់​យើងពុំ​ត្រូវ​ភ័យ​ខ្លាច​ឡើយ ( សូមមើល គ. និង ស. ៣៨:៣០ ) ។

តើ​នរណា​នៅ​ខាង​ព្រះ​អម្ចាស់​ ? ឥឡូវនេះ​គឺ​ជា​ពេល​ដែល​ត្រូវបង្ហាញ​ថា យើង​មាន​ចិត្ត​គំនិត ដែល​ទទួល​យក ហើយ​នឹង​ឆ្លើយតប​ទៅនឹង​ការព្រមាន​ដ៏​បំផុស​គំនិត​ទាំង​នេះ ។ ឥឡូវនេះ​គឺ​ជា​ពេល​ដែល​ត្រូវបង្ហាញ​ថា យើង​កំពុង​ប្រុងប្រយ័ត្ន ហើយ​រៀបចំ​ខ្លួន​​ទប់ទល់​នឹង​ការសាកល្បង​នៃ​ភាពចម្រុងចម្រើន និង​ភាពឆ្មើងឆ្មៃ​ ភោគទ្រព្យ​សំបូរ​ហូរហៀរ និង​ភាពងាយស្រួល និង​ភាពរឹងរូស​នៃ​ចិត្ត និង​ការបំភ្លេច​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​នា​ជំនាន់​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ឥឡូវនេះ​គឺ​ជា​ពេល​ដែល​ត្រូវ​បង្ហាញ​ថា យើង​នឹង​បន្ត​ស្មោះត្រង់គ្រប់​ពេល​វេលា ទោះ​នៅ​ក្នុង​កិច្ចការ​ណា​ក៏​ដោយ ដែល​យើង​ទទួល​មកពី​ព្រះវរបិតាសួគ៌​របស់​យើង និង​បុត្រា​ដ៏​ជា​ទីស្រឡាញ់​របស់​ទ្រង់ — ហើយ​ថា​យើង​នឹង​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​ដើរ​ដោយ​ស្មោះត្រង់​នៅ​ចំពោះ​ទ្រង់ ( សូមមើល អាលម៉ា ៥៣:២០–២១ ) ។

មេរៀន​នៃ​ការគោរព​ប្រតិបត្តិ ការរៀនសូត្រ និង​ការធ្វើ​តាម​ពួកបងប្អូន​ប្រុស

ពួកបរិសុទ្ធ​ដ៏​មាន​ចិត្ត​អង់អាច​ក្លាហាន​នៅក្នុង​កងទ័ព​របស់​ព្រះ​អម្ចាស់​បាន​ទទួល​ពរ ក្នុង​ការគោរព​ប្រតិបត្តិ ការរៀនសូត្រ និង​ការធ្វើ​តាម​ពួកបងប្អូន​ប្រុស ។ ហើយ​ពួកយើង​សព្វថ្ងៃ​នេះ​អាច​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ធំធេង​មក​ពី​គំរូ និង​ភាពស្មោះត្រង់​របស់​សមាជិក​នៃ​កងទ័ព​ជំរំ​ស៊ីយ៉ូន​ដ៏​មាន​ភក្តីភាព​ទាំងនោះ ។

ក្នុងការ​ឆ្លើយតប​ទៅនឹង​ការទូន្មាន​របស់ ប៉ាលី ភី ប្រាត្ត នោះ វិលហ្វូឌ វូឌដ្រុព្វ បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង ខឺតឡង់ រដ្ឋ​អូហៃអូ នៅក្នុង​ខែ​មេសា ឆ្នាំ ១៨៣៤ ទៅចូលរួម​នឹង​កងទ័ព​ជំរំស៊ីយ៉ូន ។ ដំណើរ​រឿង​របស់​បងប្រុស វូឌដ្រុព្វ អំពី​ការការប្រជុំ​ជាមួយ​ព្យាការី យ៉ូសែប ស៊្មីធ គឺ​មាន​ប្រយោជន៍​សម្រាប់​ពួកយើង​ទាំងអស់​គ្នា ៖

« នេះ​គឺ​ជា​លើក​ដំបូង​ក្នុង​ជីវិត​ខ្ញុំ ដែល​ខ្ញុំ​បាន​ជួប និង​បាន​សម្ភាស​ជាមួយ​ព្យាការី យ៉ូសែប ស៊្មីធ ជា​ទី​ស្រឡាញ់​របស់​យើង គាត់​ជា​បុរស​ដែល​ព្រះ​បាន​ជ្រើសរើស ឲ្យ​នាំយក​នូវ​វិវរណៈ​របស់​ទ្រង់​មក​កាន់​ជំនាន់​ថ្ងៃ​ចុងក្រោយ​នេះ ។ ការណែនាំខ្លួន​ខ្ញុំ​លើក​ដំបូង​ឲ្យលោក​ស្គាល់ ពុំមែន​ជា​អ្វី​មួយ​គាប់ចិត្ត​មនុស្ស​ដែល​កាន់​សាសនា​ធ្លាប់​បាន​សន្មត់​ទុក​ជាមុន​ទាក់ទង​នឹង​អត្តចរិត​របស់​ព្យាការី និង​រូបរាង​របស់​លោក​ឡើយ ។ វា​អាច​ធ្វើ​ឲ្យ​សេចក្តីជំនឿ​របស់​មនុស្ស​មួយ​ចំនួន​រង្គោះរង្គើរ ។ ខ្ញុំ​បាន​ជួប​លោក និង​បងប្រុស​របស់​លោក ហៃរុម នៅ​ខាង​ក្រៅ​ផ្ទះ​កំពុង​កាន់​កាំភ្លើង​ពីរ​ដើម​បាញ់​ទៅលើ​ផ្ទាំងស៊ីប ។ ពេល​ពួកលោក​ឈប់​បាញ់​កាំភ្លើង ខ្ញុំ​បាន​ណែនាំ​ខ្លួន​ឲ្យ​បងប្រុស យ៉ូសែប ស្គាល់ ហើយ​លោក​បាន​ចាប់​ដៃ​ខ្ញុំ​ដោយ​ដួងចិត្ត​រីករាយ​បំផុត ។ លោកបាន​អញ្ជើញ​ខ្ញុំ​ឲ្យចាត់​ទុក​ផ្ទះ​របស់​លោកដូចជា​ផ្ទះ​របស់​ខ្ញុំ អំឡុង​ពេល​ខ្ញុំ​ស្នាក់​នៅ​ទីក្រុង​ខឺត​ឡង់ ។ ខ្ញុំ​បាន​ទទួល​យក​ការអញ្ជើញ​នេះ​ដោយ​រីករាយ​បំផុត ហើយ​ខ្ញុំ​ត្រូវបាន​ស្អាង​ឡើង និង​មាន​សេចក្តី​មនោរម្យ​ឥតឧបមា​អំឡុង​ពេល​ខ្ញុំ​ស្នាក់​នៅ​ជាមួយ​លោក » ។

ខ្ញុំ​យល់​ឃើញ​ថា វា​ជា​ប្រយោជន៍​ដ៏​ធំ​មួយ ដែល​បងប្រុស វូឌដ្រុព្វ បាន​ស្នាក់នៅ​មួយ​រយៈពេល​នៅក្នុង​ផ្ទះ​របស់​ព្យាការី ហើយ​មាន​ឱកាស​អស្ចារ្យ​បំផុត ដើម្បី​សង្កេតមើល​លោក​នៅក្នុង​ការរស់នៅ​ប្រចាំ​ថ្ងៃ ហើយ​បាន​ទទួល​ពរ​ឲ្យ​មាន​ភ្នែក​ដែល​មើល​ឃើញ​ហួស​ពី « គំនិត​ដែល​មនុស្ស​​កាន់​សាសនា​ធ្លាប់​បាន​សន្មត់​ទុក​ជាមុន ទាក់ទង​នឹង​អត្តចរិត​របស់​ព្យាការី និង​រូបរាង​របស់​លោក » ។ គំនិត​ខុសឆ្គង​ទាំងនោះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នៅក្នុង​ពិភពលោក​បច្ចុប្បន្ន​នេះ ទាំង​នៅក្នុង និង​ក្រៅ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ដែល​ស្តារ​ឡើង​វិញ​នេះ មាន​ទស្សនយល់​ខុស ។

ជា​លទ្ធផល​នៃ​ការហៅ​បម្រើ​របស់​ខ្ញុំ​ក្នុង​ឆ្នាំ ២០០៤ ដើម្បី​បម្រើ​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នោះខ្ញុំ​មាន​ទស្សនវិស័យ​ផ្ទាល់​ខ្លួន​មួយ​យ៉ាង​ជាក់​ច្បាស់ អំពី​អត្ថន័យ​នៃ​ការគោរពប្រតិបត្តិ ការរៀនសូត្រ និង​ការធ្វើ​តាម​ពួកបងប្អូន​ប្រុស ។ ឥឡូវ​នេះ​ខ្ញុំ​មើល​ឃើញ​ជា​ប្រចាំ​នូវ​ចរិតលក្ខណៈ ចំណង់​ចំណូល​ចិត្ត​ផ្សេងៗគ្នា និង​ចរិតដ៏​ថ្លៃថ្នូរ​របស់​ពួក​លោក​ម្នាក់ៗ ដែល​ជា​អ្នក​ដឹកនាំ​ក្នុង​សាសនាចក្រ​នេះ ។ មនុស្ស​មួយ​ចំនួន​បាន​រាប់ថា​ការខ្វះខាត និង​ភាព​មិនល្អ​ឥតខ្ចោះ​របស់​បងប្អូនប្រុស​ទាំងនេះ គឺជា​បញ្ហា ហើយ​ធ្វើ​ឲ្យ​សេចក្ដីជំនឿ​ថយចុះ ។ សម្រាប់​ខ្ញុំ ភាពទន់ខ្សោយ​ទាំងនោះ​គឺជា​ការ​លើកកម្ពស់​សេចក្ដីជំនឿ​ទៅ​វិញ ។ គំរូ​បើក​បង្ហាញ​របស់​ព្រះអម្ចាស់​អំពី​ការគ្រប់គ្រង​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ផ្ដល់​ការគាំទ្រ និង​កាត់​បន្ថយ​ឥទ្ធិពល​នៃ​ភាពទន់ខ្សោយ​របស់​មនុស្ស ។ វា​ពិតជា​អព្ភូតហេតុ​សម្រាប់​ខ្ញុំ ក្នុងការមើលឃើញ​ថា​ ព្រះអម្ចាស់​សម្រេច​បាន​នូវ​ព្រះហឫទ័យទ្រង់ តាមរយៈ​អ្នកបម្រើ​ទ្រង់​ទោះបី​ជា​ថ្នាក់ដឹកនាំដែល​ទ្រង់​បាន​ជ្រើសរើសនោះ​មាន​កំហុស​ឆ្គង និង​ភាពទន់ខ្សោយ​ក្តី ។ ពួកបុរស​ទាំងនេះ​ពុំ​ធ្លាប់ប្រកាស​អះអាង​ថា ពួកលោក​ល្អ​ឥតខ្ចោះ ហើយ​ពួកលោកក៏​មិន​ល្អ​ឥតខ្ចោះ​ផងដែរ ប៉ុន្តែ​ព្រះ​បាន​ហៅ​ពួកលោក​ជា​ប្រាកដ ។

នៅពេល​លោក​ដើរ​ចូរ​ទៅក្នុង​រដ្ឋ​មិសសួរី​ជាមួយ​កងទ័ព​ព្រះអម្ចាស់​ក្នុង​នាម​ជា​សង្ឃ នោះ វិលហ្វូឌ វូឌដ្រុព្វ បាន​ប្រកាស​នៅពេល​ក្រោយ​មក​ទៀត អំឡុង​ពេល​បម្រើ​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ថា ៖ « យើង​បាន​ទទួល​បទពិសោធន៍​មួយ ដែល​យើង​ពុំ​អាច​ទទួល​វា​បាន​តាម​របៀប​ណា​ផ្សេង​ទៀត​ឡើយ ។ យើង​មាន​ឯកសិទ្ធិ​ក្នុងការ … ធ្វើ​ដំណើរ​អស់​រាប់ពាន់​គីឡូ​ជាមួយ [ ព្យាការី ] ហើយ​មើលឃើញ​កិច្ចការ​នៃ​ព្រះវិញ្ញាណ​របស់​ព្រះ​នៅគង់​ជាមួយ​នឹង​លោក ព្រមទាំង​វិវរណៈ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​មក​ដល់​លោក និង​ការបំពេញ​នូវ​វិវរណៈ​ទាំងនោះ ។ … ប្រសិនបើ​ខ្ញុំ​ពុំ​បាន​មក​ជាមួយ​នឹង​កងទ័ព​ជំរំស៊ីយ៉ូន​ទេ​នោះ ខ្ញុំ​ពុំ​អាចមាន​វត្តមាន​នៅទីនេះ​នា​ថ្ងៃ​នេះ​ឡើយ » ។១០

នៅ​ថ្ងៃ​អាទិត្យ​ចុងក្រោយ​ក្នុង​ខែ​មេសា ឆ្នាំ ១៨៣៤ យ៉ូសែប ស៊្មីធ បាន​អញ្ជើញ​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​របស់​សាសនាចក្រ ឲ្យ​ដឹកនាំ​ប្រមូល​ពួកកង​ទ័ព​ជំរំស៊ីយ៉ូន​ចូល​ទៅក្នុង​សាលា​រៀន​មួយ ។ បន្ទាប់​ពី​ពួកបងប្អូន​ប្រុស​បាន​បញ្ចប់​សារលិខិត​របស់​ពួកលោក​ហើយ ព្យាការី​បាន​ក្រោក​ឈរ​ឡើង ហើយ​បង្ហាញ​ថា​លោក​ត្រូវបាន​ស្អាង​ឡើង​ដោយ​ការណែនាំ​មួយ ។ បន្ទាប់មក​លោក​បាន​ព្យាករ​ថា ៖

« ខ្ញុំ​ចង់​និយាយ​ទៅកាន់​បងប្អូន​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់​ថា បងប្អូន​ពុំ​ដឹង​អ្វី​ផ្សេង​ទៀត​អំពី​ជោគវាសនា​នៃ​សាសនាចក្រ និង​នគរ​នេះ​ច្រើន​ជាង​ទារក​ដែល​នៅលើ​ភ្លៅ​ម្ដាយ​ឡើយ ។ បងប្អូន​ពុំ​អាច​យល់​វា​បាន​ទេ ។ … នៅ​យប់​នេះ បងប្អូន​ឃើញ​មាន​អ្នកកាន់​បព្វជិតភាព​តែ​បន្ដិច​ទេ ប៉ុន្តែ​សាសនាចក្រ​នេះ​នឹង​មាន​ពាសពេញ​នៅ​អាមេរិក​ខាងជើង និង​ខាង​ត្បូង — វា​នឹង​មាន​ពេញ​ផែនដី​ទាំងមូល » ។១១

បុរស​ទាំង​នោះ​ដូច​ជា ព្រិកហាំ យ៉ង់, ហ៊ីប៊ើរ ស៊ី ឃិមបឹល ,អួរសុន ប្រាត្ត និង វិលហ្វូឌ វូឌដ្រុព្វ បាន​ស្តាប់​តាម ហើយ​បាន​រៀន​ច្រើន​ពី​ព្យាការី​នា​យប់​នោះ — ហើយ​ជាច្រើន​ឆ្នាំ​ក្រោយ​មក ពួកគេ​បាន​ជួយ​បំពេញ​នូវ​ការព្យាករ​ដែល​បាន​ប្រកាស​នោះ ។ ឱ​ វា​ជា​ឱកាស​ដ៏​រុងរឿង​អ្វី​ម៉្លេះ ដែល​បុរស​ទាំង​នេះ​មាន​ក្នុង​ការគោរព​ប្រតិបត្តិ ការរៀនសូត្រ និង​ការធ្វើ​តាម​ព្យាការី ។

រូបភាព
President Nelson with young man

វា​ជា​រឿង​សំខាន់​សម្រាប់​ពួកយើង​ទាំងអស់​គ្នា​ដើម្បី​ចងចាំ​ថា យើងអាច​រៀន​ពី​ការបង្រៀន​របស់​ពួកបងប្អូន​ប្រុស និង​រៀន​ពី​គំរូ​នៃ​ជីវិត​របស់​ពួក​លោក ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ពិពណ៌នា​អំពី​ទស្សនវិស័យ​ដ៏​វិសេស​វិសាល​អំពី​ការរីកចម្រើន​របស់​សាសនាចក្រ​នា​ពេល​អនាគត ឥឡូវ​នេះ​សូម​ពិចារណា​អំពី​ឥទ្ធិពល​នៃ​គំរូ​ផ្ទាល់​ខ្លួន​របស់​លោក នៅក្នុង​ការធ្វើ​កិច្ចការ​ប្រចាំ​ថ្ងៃ និង​សាមញ្ញៗ ប៉ុន្តែ​ជា​កិច្ចការ​ចាំបាច់ ។ ចច អេ ស្ម៊ីធ បាន​ពិពណ៌នា​នៅក្នុង​ទិនានុប្បវត្តិ​របស់​លោក អំពី​ប្រតិកម្ម​របស់​ព្យាការី​ទៅ​នឹង​ឧបសគ្គ​ប្រចាំ​ថ្ងៃ ក្នុងការ​ធ្វើ​ធ្វើដំណើរ​ទៅ​កាន់រដ្ឋ​មិសសួរី ។

« ព្យាការី យ៉ូសែប ស្ម៊ីធ មាន​ការនឿយ​ហត់​ដូច​ជា​បុរស​ដទៃទៀត​ក្នុង​អំឡុងពេល​នៃការធ្វើ​ដំណើរ​នោះ ។ ក្រៅ​ពី​ការ​មើលថែ​ក្នុងការផ្គត់ផ្គង់ និង​ការគ្រប់គ្រង​កងទ័ព​នោះ​ភាគ​ច្រើន​លោក​បាន​ដើរ ហើយ​មាន​ដំបៅពង​បែក ហូរ​ឈាម និង​ការឈឺ​ចាប់​នៅ​ជើង ។ … ប៉ុន្តែ​អំឡុងពេល​នៃការធ្វើ​ដំណើរ​នោះ​ទាំង​មូល លោក​ពុំ​រអ៊ូរទាំ ឬ​ត្អូញត្អែរ​ទាល់តែ​សោះ ខណៈ​ដែល​មនុស្ស​ស្ទើរតែ​ទាំងអស់​ក្នុង​កងទ័ព​នោះ បាន​ត្អូញត្អែរ​ដាក់​គាត់​អំពី​ការឈឺ​មេជើង ពងបែក​នៅ​ជើង ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ស្បៀងអាហារ​មាន​តិចតួច អាហារ​គ្មាន​ឱ​ជា​រស នំពោត​មិន​ល្អ ប៊ើរ​ដែល​កខ្វក់ ទឹកឃ្មុំ​ខាប់ សាច់​ប៊ែកខន់ និង​ឈីស​មាន​ដង្កូវ ជាដើម សូម្បី​តែ​សត្វ​ឆ្កែ​ក៏​រអ៊ូរទាំ​ដាក់ យ៉ូសែប ដែរ ។ ប្រសិនបើ​ពួកគេ​ត្រូវធ្វើ​ដំណើរ​ដោយ​មាន​ទឹក​មិន​ស្អាត នោះ​វា​បណ្តាល​ឲ្យ​មាន​ការបះបោរ ប៉ុន្តែ​យើង​គឺ​ជា​កងទ័ព​ជំរំស៊ីយ៉ូន ហើយ​ពួកយើង​ជា​ច្រើន​នាក់​គ្មាន​ការអធិស្ឋាន គ្មាន​ការគិត​ពិចារណា មិន​យកចិត្ត​ទុកដាក់ ពុំ​ស្តាប់​តាម ឆ្កួតលីលា ឬ​កាចសាហាវ ហើយ​ពួកយើង​ពុំ​បាន​ដឹង​ពី​វា​ឡើយ ។ យ៉ូសែប ត្រូវតែ​ស៊ូទ្រាំ​ជាមួយ​ពួកយើង ហើយ​បង្រៀន​ពួកយើង ដូចជា​កូនក្មេង » ។១២

យ៉ូសែប​គឺ​ជាគំរូ​ដ៏​រឹងមាំ​មួយ​អំពី​គោលការណ៍​ដែល​បាន​បង្រៀន​ដោយ អាលម៉ា ថា ៖ « ដ្បិត​អ្នក​ផ្សាយ​សាសនា​មិន​ប្រសើរ​ជាង​អ្នក​ស្ដាប់​ទេ ឯ​គ្រូបង្រៀន​ក៏​មិន​ប្រសើរ​ជាង​អ្នក​រៀន​ដែរ … ហើយ​ពួក​គេ​បាន​ធ្វើ​ការ​ទាំង​អស់​គ្នា បុគ្គល​គ្រប់​រូប​តាម​កម្លាំង​រៀងៗ​ខ្លួន » ( អាលម៉ា ១:២៦ ) ។

ចាប់តាំង​ពីការហៅ​បម្រើ​របស់​ខ្ញុំ​ជា​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ខ្ញុំ​បាន​ព្យាយាម​គោរព​ប្រតិបត្តិ​តាម ហើយ​រៀន​ដើម្បី​ក្លាយ​ដូចជា​ពួកបងប្អូនប្រុស​មួយ​ចំនួន​របស់​ខ្ញុំ ដែល​បាន​ប្រឈមមុខ​នឹង​ឥទ្ធិពល​នៃ​ភាពចាស់ជរា ឬ​តម្រូវការ​ឥតឈប់ឈរ​នៃ​ភាពខ្វះខាតខាង​រូបកាយ និង​ការឈឺចាប់​ជាប់​ជានិច្ច ។ អ្នក​ពុំ​អាច ហើយ​អ្នក​នឹង​ពុំ​ស្គាល់ពី​ការរងទុក្ខ​ផ្ទាល់ខ្លួន និង​ស្ងាត់ស្ងៀម​របស់​បុរស​មួយ​ចំនួន​នោះបាន​ហែល​ឆ្លង​កាត់​ឡើយ នៅពេល​ពួកគេ​បម្រើសាធារណជនដោយ​អស់​ពីចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​របស់​ពួកគេ ។ ដោយ​បាន​បម្រើ និង​មើល​ឃើញ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ១៩២០–២០០៧ ) អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ១៩១៧–២០០៨ ) ប្រធាន ប៊យដ៍ ឃេ ផាកកឺ ( ១៩២៤–២០១៥ ) អែលឌើរ អិល ថម ភែរី ( ១៩២២–២០១៥ ) អែលឌើរ រីឆាដ ជី ស្កត ( ១៩២៨–២០១៥ ) និងសមាជិក​ក្រុម​ផ្សេង​ទៀត​នៃ​ពួកសាវក ផ្តល់​អំណាច​ដល់​ខ្ញុំ​ឲ្យ​ប្រកាស​យ៉ាង​ច្បាស់ និង​អង់អាច​ថា ពួក​បងប្អូន​ប្រុស​ដែល​ខ្ញុំ​បម្រើ​ជាមួយគឺ​ជា​កងទ័ព​ — ជា​កងទ័ពខាង​វិញ្ញាណ​ដែល​មាន​ត្រកូល​ខ្ពស់ និង​អស្ចារ្យ​ — នៅក្នុងពាក្យ​សម្តី​ដ៏​ទុកចិត្ត និង​កោត​សរសើរ​ខ្លាំង​បំផុត ! ការអត់ធ្មត់ ការតស៊ូ និង​ភាពក្លាហាន​របស់​ពួកលោក​ធ្វើ​ឲ្យ​ពួកលោក « ឈាន​ទៅមុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ » ( នីហ្វៃទី ២ ៣១:២០ ) ដែល​វា​សម​នឹង​ឲ្យ​យើង​យក​ធ្វើ​ជា​គំរូ ។

ប្រធាន លី បាន​ព្រមាន​អំពី​ការសាកល្បង​ទូទៅ​មួយ​បន្ថែម​ទៀត ដែល​កំពុង​កើន​ឡើង​កាន់តែ​ខ្លាំង​ទូទាំង​សកលលោក​នៅក្នុង​ជំនាន់​នេះ ៖ « ឥឡូវ​នេះ​យើង​កំពុង​ឆ្លងកាត់​នូវ​ការសាកល្បង​មួយ​ទៀត — ជា​រយៈពេល​មួយ​ដែល​យើង​អាច​ហៅ​បាន​ថា​ជាការបំភាន់ ។ នេះ​គឺ​ជា​គ្រា​ដែល​មាន​មនុស្ស​ឆ្លាត​ជាច្រើន ដែល​គ្មាន​ឆន្ទៈ​ស្តាប់​ព្យាការី​ដ៏​រាបសា​របស់​ព្រះអម្ចាស់ ។ … វា​ពិតជា​ការសាកល្បង​មួយ​ដែល​កាន់តែ​ខ្លាំង​ឡើង » ។១៣

ការសាកល្បង​នៃ​ការបំភាន់​នេះ​គឺជា​ដៃគូ​នឹង​ការសាកល្បង​នៃ​ភាពចម្រុងចម្រើន និង​ភាពងាយស្រួល ។ ឱ វា​សំខាន់​អ្វីម៉្លេះ​ដល់​ពួកយើង​ម្នាក់ៗ ដើម្បី​គោរពប្រតិបត្តិ រៀនសូត្រ និង​ធ្វើ​តាម​ពួកបងប្អូន​ប្រុស ។

រូបភាព
members of the First Presidency

« តើ​នរណា​នៅ​ខាង​ព្រះ​អម្ចាស់​ ? » ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​ត្រូវបង្ហាញ តាមរយៈ​ការស្តាប់ និង​ស្តាប់​ដោយ​យក​ចិត្តទុក​ដាក់ លើ​ដំបូន្មាន​របស់​ពួកសាវក និង​ព្យាការី​ដែល​កំពុង​រស់នៅ ដែល​ព្រះបាន​ហៅ​នៅក្នុង​ជំនាន់​ចុងក្រោយ​នេះ ដើម្បី​មើល​ថែ និង​ដឹកនាំ​កិច្ចការ​របស់​ទ្រង់​នៅលើ​ផែនដី​នេះ ។ ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​ត្រូវបង្ហាញ ថា​យើង​ជឿ​ថា « ពាក្យ​របស់​ព្រះ​នឹង​មិន​កន្លង​បាត់​ទៅ​ឡើយ ប៉ុន្តែ​ពាក្យ​ទាំង​អស់​នឹង​បាន​សម្រេច ទោះ​ជា​ដោយ​សំឡេង [ របស់​ទ្រង់ ] ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួក​អ្នក​បម្រើ [ របស់​ទ្រង់ ] ក្ដី គឺ​ដូច​តែ​គ្នា » ( គ. និង ស. ១:៣៨ ) ។ ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​ត្រូវបង្ហាញ​ហើយ ។ គឺ​ពេល​នេះ​ហើយ !

កងទ័ពជំរំ​ស៊ីយ៉ូន​ផ្ទាល់​ខ្លួន​របស់​យើង

នៅ​គ្រា​មួយ​ក្នុង​ជីវិត​យើង​ម្នាក់ៗ យើង​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យធ្វើ​ដំណើរ នៅក្នុង​កងទ័ពជំរំ​ស៊ីយ៉ូន​ផ្ទាល់​ខ្លួន​របស់​យើង ។ ពេលវេលា​នៃ​ការអញ្ជើញ​នោះ​នឹង​មាន​លក្ខណៈ​ខុសៗ​ពី​គ្នា ហើយ​ឧបសគ្គ​នានា​ដែល​យើង​អាច​ជួបប្រទះ​នៅលើ​ដំណើរ​នោះ​ក៏​ផ្សេងៗ​ពី​គ្នា​ដែរ ។ ប៉ុន្តែ​ការឆ្លើយតប​ជា​បន្តបន្ទាប់ និង​ជាប់លាប់​របស់​យើង​ចំពោះ​ការហៅ​ដ៏​ប្រាកដ​ប្រជា​នេះ ទីបំផុត​នឹង​ផ្តល់​ចម្លើយ​ចំពោះ​សំណួរ​ដែល​ថា « តើ​នរណា​នៅ​ខាង​ព្រះអម្ចាស់ ? »

ពេលវេលា​ដែល​ត្រូវ​បង្ហាញ​គឺនៅ​ពេល​នេះ ថ្ងៃ​នេះ ថ្ងៃស្អែក និង​ជា​រៀង​រហូត​តទៅ ។ សូម​ឲ្យ​យើង​ចងចាំ​ពី​មេរៀន​នានា​ដែល​ទាក់ទង​នឹង​ការសាកល្បង ការរែងរកមើល និង​ការរៀបចំ​ខ្លួន ព្រមទាំង​ការគោរព​ប្រតិបត្តិ ការរៀន​សូត្រ និង​ការធ្វើ​តាម​ពួកបងប្អូន​ប្រុស ។

កំណត់​ចំណាំ

  1. ព្រិកហាំ យ៉ង់ នៅក្នុង B. H. Roberts A Comprehensive History of the Church ១:៣៧០–៧១ ។ 

  2. « Who’s on the Lord’s Side? » ទំនុកតម្កើង លេខ ២៦០ ។

  3. The Discourses of Wilford Woodruff ed. G. Homer Durham ( ឆ្នាំ ១៩៤៦ ) ទំព័រ ៣០៦ ។

  4. « Who’s on the Lord’s Side? » ទំនុកតម្កើង លេខ ២៦០ ។

  5. យ៉ូសែប ស៊្មីធ នៅក្នុង Joseph Young Sr. History of the Organization of the Seventies ( ឆ្នាំ ១៨៧៨ ) ទំព័រ ១៤ សូមមើល​ផងដែរ History of the Church ២:១៨២ ។

  6. សូមមើល Alexander L. Baugh « From High Hopes to Despair: The Missouri Period 1831–39 » Ensign, ខែ កក្កដា ឆ្នាំ ២០០១ ទំព័រ ៤៤ ។

  7. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Our Obligation and Challenge » សិក្ខាសាលា​អ្នក​តំណាង​ភូមិភាគ ថ្ងៃ​ទី ៣០ ខែ​ កញ្ញា ឆ្នាំ ១៩៧៧ ទំព័រ ២–៣ ឯកសារ​ពុំ​បាន​បោះពុម្ព ។

  8. ហារ៉ូល ប៊ី លី « Christmas address to Church employees » ថ្ងៃ​ទី ១៣ ខែ ធ្នូ ឆ្នាំ ១៩៧៣ ទំព័រ ៤–៥ ឯកសារ​ពុំ​បាន​បោះពុម្ព ។

  9. វិលហ្វូឌ វូឌដ្រុព្វ នៅក្នុង Matthias F. Cowley Wilford Woodruff: History of His Life and Labors ( ឆ្នាំ ១៩០៩ ) ទំព័រ ៣៩ ។

  10. វិលហ្វូឌ វូឌដ្រុព្វ នៅក្នុង The Discourses of Wilford Woodruff ទំព័រ ៣០៥ ។

  11. យ៉ូសែប ស៊្មីធ នៅក្នុង Teachings of Presidents of the Church: Wilford Woodruff ( ឆ្នាំ ២០០៤ ) ទំព័រ ២៥–២៦ សូមមើល​ផងដែរ យ៉ូសែប ស៊្មីធ ដែល​បាន​ដកស្រង់​ដោយ វិលហ្វូឌ វូឌដ្រុព្វ នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៨៩៨ ទំព័រ ៥៧ ។

  12. ចច អេ ស្ម៊ីធ « My Journal » Instructor ខែ ឧសភា ឆ្នាំ ១៩៤៦ ទំព័រ ២១៧ ។

  13. ហារ៉ូល ប៊ី លី « Sweet Are the Uses of Adversity » Instructor ខែ មិថុនា ឆ្នាំ ១៩៦៥ ទំព័រ ២១៧ ។