២០១៧
ការរៀន​ស្តាប់ ៖ សាខា​ដែល​មាន​ពូជ​សាសន៍​ចម្រុះ​ដំបូង​គេ​នៅ​អាហ្វ្រិក​ខាង​ត្បូង
July 2017


ការរៀន​ស្តាប់ ៖ សាខា​ដែល​មាន​ពូជ​សាសន៍​ចម្រុះ​ដំបូង​គេ​នៅ​អាហ្វ្រិក​ខាង​ត្បូង

ហ្វ្រង់ លេកខ្វាទី អាយុ ៥៦ ឆ្នាំ​បាន​យំ នៅពេល​គាត់​អង្គុយ​នៅទល់មុខ អូលៀវ តាំ ដែល​ជា​ប្រធាន​ស្តេក​របស់​គាត់ ។ ប្រធាន តាំ ទើបតែ​បាន​សួរ​យោបល់​គាត់​អំពី​ការបង្កើត​សាខា​មួយ​របស់​សាសនាចក្រ​នៅក្នុង​ស្រុក​កំណើត​របស់ ហ្វ្រង់ នៅ​ទីក្រុង សូវ៉េតូ អាហ្វ្រិក​ខាង​ត្បូង ។

ប្រធាន​តាំ បាន​សួរ​ថា « ហេតុអ្វី​បាន​ជា​លោក​យំ ? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ឲ្យ​លោក​អាក់អន់​ស្រពន់​ចិត្ត​ឬ ? »

ហ្វ្រង់ បាន​តប​ថា « មិនមែន​ទេ ។ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​នៅ​អាហ្វ្រិក​ខាង​ត្បូង ដែល​ជនជាតិ​ស្បែក-ស បាន​សួរ​យោបល់​ពី​ខ្ញុំ​មុន​នឹង​ធ្វើ​ការសម្រេច​ចិត្ត » ។

ការរស់នៅ​ក្រោម​ច្បាប់​នៃ​ការបំបែក​ពូជសាសន៍

រូបភាព
South Africa in 1981

ខាងលើ ៖ ឆ្នេរ​សមុទ្រ​ដែល​ត្រូវបាន​កំណត់​ថា​ជា​តំបន់​សម្រាប់​តែ​ពួក​ស្បែក​-ស​ប៉ុណ្ណោះ ក្រោម​ច្បាប់​ដ៏​តឹងរឹង​នៃ​ការបំបែក​ពូជសាសន៍​នៅអាហ្វ្រិកខាង​ត្បូង ។

ខាងក្រោម​ខាង​ឆ្វេង ៖ រូបថត​មក​ពី Keystone/Getty Images

វា​គឺ​នៅក្នុង​ឆ្នាំ ១៩៨១ ។ ជា​គ្រា​ដែល​ប្រជាជន​ស្បែក​ខ្មៅ និង​ស្បែក-ស នៅ​អាហ្វ្រិកខាង​ត្បូង​ត្រូវបាន​បំបែក​ចេញ ឲ្យ​រស់នៅ​ក្រោម​ប្រព័ន្ធ​ច្បាប់​ដែល​យើង​ស្គាល់​ថា​ជា​ច្បាប់​បំបែក​ពូជសាសន៍ ។ ការបំបែក​ពូជសាសន៍​ស្រប​ច្បាប់​នេះ រួមទាំង​ការរារាំង​ជា​កំហិត​របស់​សាសនាចក្រ​ក្នុង​ការតែងតាំង​បព្វជិតភាព​ដល់​បុរស​អាហ្វ្រិក​ស្បែកខ្មៅ នោះ​មាន​ន័យ​ថា សាសនាចក្រ​ពុំ​អាច​រីកសុះសាយ​នៅក្នុង​ចំណោម​ប្រជាជន​អាហ្វ្រិក​ស្បែក​ខ្មៅ​ភាគ​ខាងត្បូង​ឡើយ ។ ស្ថានភាព​នោះ​បាន​ផ្លាស់ប្តូរ​នៅក្នុង​ឆ្នាំ ១៩៧៨ ពេល​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ទទួល​វិវរណៈ​ដែល បាន​លើកកម្ពស់​ដល់​ការដាក់​កំហិត​នៃ​បព្វជិតភាព​នោះ ប៉ុន្តែ​ឧបសគ្គ​នៃ​ការ​បំបែក​ពូជសាសន៍ និង​វប្បធម៌​ប្រកាន់​ពូជសាសន៍​នោះ​នៅ​បន្ត​មាន ។

ប្រជានជន​ស្បែក​ខ្មៅ​នៅ​អាហ្វ្រិក​ខាង​ត្បូង​ភាគច្រើន​បំផុត រស់នៅ​ក្នុង​ទីប្រជុំជន​តូចៗ ដែល​ជា​ទូទៅ​មាន​ទីតាំង​នៅ​ព្រំប្រទល់​នៃ​ទីក្រុង​ធំៗ​របស់ពួកស្បែក-ស​ដូច​ជាទីក្រុង​យ៉ូហាណែស្បើក ។ ទីក្រុង សូវ៉េតូ មាន​ឈ្មោះ​ពេញ​ថា សោ វ៉េស្ទើរ ថោនស៊ីប គឺ​ជា​ទីក្រុង​ដ៏​ធំ​បំផុត ។ ពួក​ស្បែក-ស​កម្រ​ទៅ​ទីប្រជុំជន​ទាំងនោះ​ណាស់ ហើយ​គេ​ចាត់ទុក​ពួកស្បែក​ខ្មៅ​ដែល​ទៅ​ទីក្រុង​ទាំង​នោះ មិនស្មើ​នឹង​ពួកស្បែក-ស​ឡើយ ។

ហ្វ្រង់ និង​គ្រួសារ​គាត់​គឺ​ជា​អ្នក​ដែល​មក​ពី​ក្រុម​តូច​មួយ​នៅ​ទីក្រុង សូវ៉េតូ បាន​ទទួល​យក​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​ដោយ​រីករាយ នៅ​អំឡុង​ទស្សវត្សរ៍​ឆ្នាំ ១៩៧០ ។ ដំបូង​ឡើយ ពួកគេ​ចូលរួម​នៅក្នុង​វួដ យ៉ូហាណែស្បើក ។ យ៉ូណាស កូន​ប្រុស​របស់ ហ្វ្រង់ បាន​ចាំ​ពី​ការក្រោក​នៅ​ម៉ោង ៤ ព្រឹក​ថ្ងៃ​អាទិត្យ ដើម្បី​ឲ្យ​គ្រួសារ​ពួកគេ​អាច​ទៅទាន់​រថភ្លើង​ពេល​ព្រឹក ដែល​ចេញ​ដំណើរ​ទៅ​ទីក្រុង យ៉ូហាណែស្បើក បន្ទាប់​មក​ដើរ​យ៉ាង​យូរ​ទៅ​កាន់​សាលាជំនុំ ពីមុន​ការប្រជុំ​ចាប់ផ្តើម​នៅ​ម៉ោង ៩ ព្រឹក ។ ក្រុមគ្រួសារ​នេះ​តែងតែ​ក្រោក​ពី​ព្រលឹម​ជានិច្ច — ទោះបីជា​ពេលខ្លះ ក្មេងៗ​មាន​ការលំបាក​ក្នុង​ការទ្រាំ​កុំ​ឲ្យ​ងងុយ​គេង​នៅក្នុង​ថ្នាក់​បឋម​សិក្សា​ក្តី !

ការធ្វើ​ជា​អ្នក​ត្រួសត្រាយ​នៃ​ការបង្រួបង្រួម​ភាពចម្រុះ​ពូជសាសន៍ ក៏​អាច​ជា​ឧបសគ្គ​ខាង​ផ្លូវ​ចិត្ត​មួយ​ផងដែរ ។ យ៉ូសាយ ម៉ូហាពី បាន​ចាំ​ពី​ការស្តាប់​ឮ​ដោយ​ចៃដន្យ​ពី​ក្មេង​ប្រុស​ជនជាតិ​ស្បែក-ស​អាយុ​ប្រាំ​មួយ​ឆ្នាំ​ម្នាក់ ដែល​គាត់​បាន​ជួប​នៅ​ព្រះវិហារ​ដោយ​បាន​និយាយ​ពាក្យ​សម្តី​មិនល្អ​ដល់​ពួក​ស្បែក​ខ្មៅ ។ យ៉ូសាយ បាន​ថ្លែង​ថា « និយាយ​តាម​ត្រង់ ខ្ញុំ​ខឹង​ដល់​កតែ​ម្តង » ។ ប៉ុន្តែ​ក្រោយ​មក គាត់​បាន​ឮ​ម្តាយ​របស់​ក្មេង​ប្រុស​នោះ​ប្រាប់​កូនប្រុស​គាត់​ថា « ព្រះវិហារ​គឺ​សម្រាប់​មនុស្ស​គ្រប់​គ្នា » ។ ដោយ​ឮ​ពាក្យ​សម្តី​លួងលោម​នោះ យ៉ូសាយ​បាន​ស្ងប់​អារម្មណ៍​វិញ ។

តើ​បង្កើត​សាខា​មួយ​នៅ សូវ៉េតូ ឬ ?

រូបភាព
Julia Mavimbela participating in the groundbreaking of a new building

ប្រធាន​សមាគម​សង្គ្រោះ​ជនជាតិ​ស្បែក​ខ្មៅ​ដំបូង​គេ​នៅ​អាហ្វ្រិក​ខាងត្បូង ជូលី ម៉ាវីមបេឡា ចូលរួម​នៅក្នុង​ពិធីសម្ភោធ​ការសាងសង់​អគារ​សាខា​សូវ៉េតូថ្មី នៅក្នុង​ឆ្នាំ ១៩៩១ ។ ( សូម​អាន​រឿង​របស់​គាត់​នៅ​អត្ថបទ​បន្ទាប់ ) ។

រូបថត​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី បណ្ណាល័យ​ប្រវត្តិ​សាសនាចក្រ

ប្រធាន តាំ បាន​ដឹង​អំពី​ឧបសគ្គ​ខាង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ដែល​សមាជិក​ស្បែក​ខ្មៅ​បាន​ជួប​ប្រទះ ។ គាត់​បាន​ពិចារណា​អំពី​ការចាប់ផ្តើម​សាខា​មួយ​នៅ​ក្នុង​ទីក្រុង សូវ៉េតូ ដើម្បី​សម្រួល​ដល់​ការធ្វើ​ដំណើរ​របស់​ពួកគេ ប៉ុន្តែ​ពុំ​ចង់​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​មិន​ត្រូវបាន​ស្វាគមន៍​ឲ្យ​ទៅ​វួដ​នៅ យ៉ូហាណែស្បើក ឡើយ ។ គាត់​សម្រេច​ចិត្ត​សម្ភាស​សមាជិក​នៅ​ទីក្រុង សូវ៉េតូ ដូច​ជា ហ្វ្រង់ ដើម្បី​ស្ទង់​មើល​ពី​អារម្មណ៍​របស់​ពួកគេ​ពីមុន​ធ្វើ​ការសម្រេច​ចិត្ត ។ ពួកគេ​បាន​ផ្តល់​ចម្លើយ​យ៉ាង​ច្បាស់លាស់​ដល់​គាត់​ថា ៖ « យើង​ចង់​បង្កើត​សាសនាចក្រ​នៅទីក្រុង សូវ៉េតូ » ។

ប្រធាន តាំ បាន​រក​មើល​អ្នក​ដឹកនាំ​ដែល​មាន​បទពិសោធន៍ ជា​អ្នក​ដែល​អាច​ជួយ​ផ្តល់​ដំបូន្មាន​ដល់​អ្នក​ប្រែចិត្ត​ជឿ​ថ្មីៗ ។ គាត់​បាន​សម្ភាស​សមាជិក​នៅក្នុង​ទីក្រុង យ៉ូហាណែស្បើក ជាង ២០០ នាក់ ហើយ​ទីបំផុត​សមាជិក ៤០ នាក់​ត្រូវបាន​ហៅ​ឲ្យ​ចូលរួម​នៅក្នុង​សាខា​ថ្មី​នោះយូរ​ល្មម ដើម្បី​ជួយ​បង្រៀន​ក្រុម​អ្នកត្រួសត្រាយ​នៃ​អ្នក​ដឹកនាំ​ក្នុង​មូលដ្ឋាន​នោះ ។

ដោយសារ​សមាជិក​ស្បែក​ខ្មៅ បាន​ចូលទៅ​ទីក្រុង និង​វប្បធម៌​មួយ​ផ្សេង​ទៀត ដើម្បី​ចូលរួម​នៅ​វួដ យ៉ូហាណែស្បើក នោះ​សមាជិក​ស្បែក-ស បាន​សម្របសម្រួល​ខ្លួន​ឲ្យ​ត្រូវ​នឹង​បរិយាកាស និង​វប្បធម៌​ថ្មី​នៅពេល​ពួកគេ​បម្រើ​នៅទីក្រុង សូវ៉េតូ ។ រឿង​គ្រប់​យ៉ាង​មិន​ដំណើរ​ការ​ដោយ​រលូន​នោះ​ឡើយ ។ ម៉ូរីន វ៉ាន ស្សីល សមាជិក​ស្បែក-ស​ម្នាក់ ដែល​ត្រូវ​បាន​ហៅ​បម្រើ​ជា​ប្រធាន​ថ្នាក់​អង្គការបឋម​សិក្សា ពុំ​បាន​គិត​អ្វី​អំពី​រឿង​នោះ​ឡើយ នៅពេល​ពួកគេ​បាន​ជ្រើសរើស​យក​ចម្រៀង​គោរព​ទង់ជាតិ​របស់​ប្រជាជន​អាហ្វ្រិក​ខាង​ត្បូង​នា​គ្រា​នោះ​ដើម្បី​ច្រៀង​បើក​នៅក្នុង​ការប្រជុំ​ថ្នាក់​សមាគម​សង្គ្រោះ​នា​ថ្ងៃ​អាទិត្យ​មួយ ។ ប៉ុន្តែ​ក្រោយ​មក គាត់​បាន​ដឹង​ថា ពួកអាហ្វ្រិក​ស្បែក​ខ្មៅ​ភាគ​ខាងត្បូង​នោះ​គិត​ថា​ចម្រៀង​គោរព​ទង់ជាតិ​នោះ គឺ​ជា​និមិត្តសញ្ញា​នៃ​ការបំបែក​ពូជសាសន៍ ហើយ​គាត់​បានដឹង​ថា បងប្អូនស្រី​ស្បែក​ខ្មៅ​ទាំង​នោះ​បាន​អន់​ចិត្ត ចំពោះ​ការរើសយក​បទចម្រៀង​នោះ ។

សមាជិក​ទាំង​ស្បែក​ខ្មៅ ទាំង​ស្បែក-ស អាច​ងាយ​នឹង​បាក់ទឹកចិត្ត ដោយ​សារ​ការយល់​ខុស​បែប​នោះ ប៉ុន្តែ​ពួកគេ​បាន​រើស​យក​ការយល់ខុស​ទាំងនោះ​ធ្វើ​ជា​ឱកាស​មួយ​សម្រាប់​ការពិភាក្សា និង​កែលម្អ​វា​ឲ្យ​បាន​ល្អ​ប្រសើរ​ទៅ​វិញ ។ ម៉ូរីន បាន​និយាយ​ថា « យើង​បាន​ចែកចាយ​នូវ​រឿង​គ្រប់​យ៉ាង​ទាំងអស់ ។ សម្រាប់​ពួក​ស្បែក​ខ្មៅ ចែកចាយ​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​ពួកគេ​អាក់អន់​ចិត្ត ហើយ​សម្រាប់​ពួក​ស្បែក-ស​វិញ ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ​ថា​ជាការ​អាក់អន់​ចិត្ត ។ របៀប​ដែល​ពួកគេ​ធ្វើ​កិច្ចការ និង​របៀប​ដែល​យើង​ធ្វើ​កិច្ចការ​ជាក់លាក់​នានា ។ ដូច្នេះ​នេះ​វា​គឺ​ជា​ពេលវេលា​ដ៏​អស្ចារ្យ​ដើម្បី​រៀន​ជាមួយ​គ្នា » ។

នៅពេល​សាខា​នៅ​ទីក្រុង សូវ៉េតូ បាន​រីកចម្រើន ហើយ​មាន​សមាជិក​កាន់តែ​ច្រើន​ឡើង នោះ​មាន​សាខា​ផ្សេងៗ​បាន​ចាប់ផ្តើម​នៅក្នុង​ទីប្រជុំជន​ផ្សេង​ទៀត ដោយ​ប្រើគំរូ​ដូចគ្នា​នោះ ។ ឃុម​ប៉ូឡានី ម៉ាតឡែតស៊ី គឺ​ជា​យុវជន​ម្នាក់​រស់នៅ​ទីប្រជុំជន ខ្វាម៉ាស្ស៊ូ ក្បែរ​ទីក្រុង ឌូបាន ។ នៅពេល​គាត់​ចូលរួម​សាសនាចក្រ​នៅក្នុង​ឆ្នាំ ១៩៨០ គាត់​បាន​នាំ​យក​គំនិត​ទូទៅ​របស់​ពួកស្បែក-ស​មក​កាន់​បុរស​ស្បែក​ខ្មៅ​ស្ទើរតែ​គ្រប់រូប​នៅអាហ្វ្រិក​ខាង​ត្បូង​នា​គ្រា​នោះ ។ ប៉ុន្តែ​បទពិសោធន៍​នៃ​ការថ្វាយ​បង្គំ​របស់​គាត់​នៅក្នុង​សាខា​ដែល​មាន​ពូជ​សាសន៍​ចម្រុះ​នោះ បាន​ផ្លាស់ប្តូរ​ទស្សនវិស័យ​របស់​គាត់ ។

ជ័រ​កាវ​ដែល​បិទភ្ជាប់​មនុស្ស​ឲ្យ​រួម​គ្នា

នៅក្នុង​ឆ្នាំ ១៩៨២ ឃុម​ប៉ូឡានី និង​យុវជន​មួយ​ចំនួន​ទៀត​នៅក្នុង​សាខា​របស់​គាត់ ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​សន្និសីទ​យុវមជ្ឈិមវ័យ​នៅលីវ ។ ប្រធាន​សាខា​របស់​គាត់ គឺ​ជា​ជនជាតិ​ស្បែក-ស ឈ្មោះ ចន មែនហ្វត ចង់​ឲ្យ​ពួកយុវជន​ស្លៀក​ពាក់​ស្អាតបាត ប៉ុន្តែ​អ្នក​ដែល​មាន​សម្លៀក​បំពាក់​ស្អាត​មាន​តិចតួច​ណាស់ ។ គាត់​បាន​យក​សម្លៀកបំពាក់​ពី​ទូ​របស់​គាត់ ហើយ​ចែក​ខោអាវ​ធំ​ទាំង​នោះ​ឲ្យ​ពួក​យុវជន ហើយ​ពួកគេ​បាន​ពាក់​វា​ទៅ​សន្និសីទ ។ នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់​នោះ​ប្រធាន មែនហ្វត បាន​ពាក់​ខោអាវធំ​ដែល​គាត់​បាន​ឲ្យ ឃុម​ប៉ូឡានី ខ្ចី ។ ឃុម​ប៉ូឡានី បាន​ថ្លែង​ថា « ខ្ញុំ​ពុំ​ជឿ​សោះ​ថា មាន​មនុស្ស​ស្បែក-ស បាន​ពាក់​សម្លៀកបំពាក់​ដែល​ខ្ញុំ​បាន​ពាក់​ហើយ​សោះ​ប៉ុន្តែ​គាត់បាន​ពាក់​វា ។ គាត់​បាន​ចាប់ផ្តើម​ជួយ​ខ្ញុំ​ឲ្យ​យល់​ឃើញ​ថា មនុស្ស​ស្បែក-ស គឺ​ខុស​ប្លែក​ជាង​កាល​ពីមុន​ដែល​ខ្ញុំ​ធ្លាប់​ជួប » ។

ឥឡូវ​នេះ​អែលឌើរ ម៉ាតឡែតស៊ី ជា​ពួកចិតសិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ប្រចាំ​តំបន់ បាន​ថ្លែង​ថា « យើង​គ្រប់គ្នា​ត្រូវការ​បទពិសោធន៍​ដែល​បាន​ឆ្លងកាត់​ទាំងនេះ​ដើម្បី​នាំ​ឲ្យ​យើង​ផ្លាស់ប្តូរ » ។

រូបភាព
Johannesburg South Africa Temple

ទង់ជាតិ​របស់​អាហ្វ្រិក​ខាងត្បូង​ដែល​ត្រូវបាន​ជ្រើសយក​ទុក​ជា​របស់​ខ្លួន​ក្នុង​ឆ្នាំ ១៩៩៤ ទុក​ជា​និមិត្ត​សញ្ញា​សាមគ្គីភាព​ក្រោយ​ពី​ច្បាប់​ការបំបែក​ពូជសាសន៍​បាន​បញ្ចប់ ។ ពណ៌ខ្មៅ លឿង និង​បៃតង​តំណាង​ឲ្យ​សមាជជាតិ​អាហ្វ្រិក ហើយ​ពណ៌​ក្រហម ស និង​ខៀវ​តំណាង​ឲ្យ សាធារណរដ្ឋ ប៊ូអើរ ។

ច្បាប់​នៃ​ការបំបែក​ពូជសាសន៍​នៅក្នុង​អាហ្វ្រិក​ខាងត្បូង​បាន​បញ្ចប់​ក្នុង​ឆ្នាំ ១៩៩៤ ។ ខណៈ​ដែល​ក្រុមជំនុំ​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​ភាគច្រើន​មាន​នៅក្នុង​តំបន់​ពួក​ស្បែកខ្មៅ ឬ ពួកស្បែក-ស នោះ​មានន័យ​ថា សេរីភាព​កាន់តែ​ធំធេង​បាន​កើន​ឡើង​នៅក្នុង​តំបន់​ដែល​រួម​បញ្ចូល​គ្នា​នោះ ។ ដូចជា​អ្នកត្រួសត្រាយ​នៃ​សាខា​ដំបូងៗ​នៅក្នុង​ទីប្រជុំជន​នោះ​ដែរ សមាជិក​ដែល​មាន​ជីវប្រវត្តិ​ផ្សេងៗ​គ្នា អាច​ថ្វាយ​បង្គំ និង​ធ្វើការ​រួមគ្នា​ដើម្បី​ស្ថាបនា​នគរ​ព្រះ ។

ថាបូ លេបេថោ ប្រធាន​ស្តេក​បច្ចុប្បន្ន​នៅ សូវ៉េតូ ពិពណ៌នា​ថា ដំណឹងល្អ​គឺ​ដូច​ជា​ជ័រកាវ​ដែល​បិទភ្ជាប់​មនុស្ស​ឲ្យ​រួម​គ្នា​នៅក្នុង​គ្រា​នៃ​ការបំបែក​ពូជសាសន៍​នោះ ។ លោក​បាន​ថ្លែង​ថា « យើង​ប្រហែល​ជា​ខ្វែង​គំនិត​គ្នា​លើ​រឿង​ដែល​កើត​មាន​ឡើង​នៅខាង​ក្រៅ​សាសនាចក្រ ដូចជា​រឿង​នយោបាយ និង​រឿង​ផ្សេងៗ​ទៀត ប៉ុន្តែ​យើង​បាន​មូលមតិ​គ្នា​លើ​គោលលទ្ធិ » ។ ការធ្វើការ​ដោយ​ឈរ​លើ​គ្រឹះ​រួម​គ្នា​នោះ មនុស្ស​អាច​រៀន​ពី​ភាពខុសគ្នា​ទៅ​វិញ​ទៅមក នៅពេល​ពួកគេ​ប្រឹក្សា​គ្នា ហើយ​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់​ខាង​វិញ្ញាណ ។ ប្រធាន លេបេថោ ទូន្មាន​ថា « រឿង​ដ៏​សំខាន់​បំផុត​មួយ​អំពី​ភាព​ជា​អ្នកដឹកនាំ​នោះ​គឺ​ស្តាប់​មនុស្ស ។ ស្តាប់​ដើម្បី​ឲ្យ​អ្នក​អាច​យល់ ។ ស្តាប់​ដើម្បី​ឲ្យ​អ្នក​អាច​ដឹង ។ ស្តាប់​ដើម្បី​ឲ្យ​អ្នក​អាច​ទទួល​ការបំផុស​គំនិត » ។

ថូបា ខាល ហាឡា កូនស្រី​របស់ ជូលៀ ម៉ាវីមបេឡា ជា​សមាជិក​នៅ​សាខា សូវ៉េតូ ពីមុន​យល់ស្រប​ថា ការស្តាប់​គ្នា​ជួយ​ទប់ស្កាត់​ជម្លោះ​ដែល​ចៀស​មិនបាន​នោះ កុំ​ឲ្យ​វា​ប្រែ​ទៅ​ជា​ការបែកបាក់​ដ៏​គួរ​ឲ្យ​ឈឺ​ចាប់ ។ គាត់​និយាយ​ថា « ខ្ញុំ​គួរតែ​ស្តាប់​តាម​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ពី​ការលំបាក​អំពី​មនុស្ស​ណា​ម្នាក់ ដែល​ហាក់ដូច​ជា​ធ្វើ​ខុស​ចំពោះ​ខ្ញុំ » ។

អែលឌើរ ម៉ាតឡែតស៊ី ជំរុញ​ពួកបរិសុទ្ធ​អាហ្វ្រិក​ខាងត្បូង​នា​បច្ចុប្បន្ន​នេះ ឲ្យ​ស្វែងរក​ភាពរឹងមាំ​នៅក្នុង​ភាពទីទៃ​ពី​គ្នា​របស់​ពួកគេ ជាពិសេសនៅក្នុង​ការប្រជុំក្រុមប្រឹក្សា ។ គាត់​បាន​ថ្លែង​ថា « ព្រះអម្ចាស់​សព្វ​ព្រះទ័យ ឲ្យ​មនុស្ស​ដែល​មាន​លក្ខណៈ​ផ្សេងៗ​ពី​គ្នា​ទាំងនោះ អង្គុយ​ចុះ​នៅ​ឯ​តុ ហើយ​ពិភាក្សា​គ្នា​អំពី​បញ្ហា​នានា » ។ ការអំពាវនាវ​របស់​គាត់​ចំពោះ​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​ទូទាំង​សាសនាចក្រ គឺ​បន្ត​លើកស្ទួយ​ដល់​ថ្នាក់​ដឹកនាំ​ដែល​មាន​ជីវ​ប្រវត្តិ​ផ្សេងៗ​គ្នា​នោះ គឺ​ដូច​ជា​ពួកជំនាន់​មុន​ដែល​គាំទ្រ​ដល់​គាត់ដែរ ។ នៅពេល​ព្យាយាម​ចាប់ផ្តើម​តំបន់ ឬ​ក្រុម​ថ្មី​នោះ​គាត់​ថ្លែង​ថា « អ្នក​ពុំ​អាច​រក​បាន​មនុស្ស​ដែល​មាន​បទពិសោធន៍​ឡើយ ។ ប៉ុន្តែ​អ្នក​ស្ថាបនា​បទពិសោធន៍​នៅក្នុង​សាសនាចក្រ ។ អ្នក​ស្ថាបនា​បទពិសោធន៍ ដោយ​នាំ​មនុស្ស​ម្នា​មក​រួមគ្នា ហើយ​ឲ្យ​ពួកគេ​ធ្វើ​ការួមគ្នា » ។