ប្រសិនបើខ្ញុំឈប់មើលការណ៍អាសគ្រាមដោយខ្លួនឯងហើយ តើខ្ញុំនៅតែត្រូវនិយាយរឿងនោះប្រាប់ប៊ីស្សពរបស់ខ្ញុំទៀតឬ ?
ប្រសិនបើអ្នកធ្លាប់មើលការណ៍អាសគ្រាម អ្នកត្រូវបានលើកទឹកចិត្តឲ្យ « ស្វែងរកជំនួយដែលអ្នកត្រូវការ ។ ឪពុកម្តាយ និងប៊ីស្សពរបស់អ្នកអាចជួយអ្នកឆ្លងកាត់ជំហានដ៏ចាំបាច់ ដើម្បីប្រែចិត្ត និងនាំអ្នកចេញពីទម្លាប់ដ៏បំផ្លិចបំផ្លាញនេះ » ( ដើម្បីកម្លាំងនៃយុវជន [ ឆ្នាំ ២០១១ ] ទំព័រ ១២ ) ។
ប្រសិនបើអ្នកឈប់មើលការណ៍អាសគ្រាមដោយខ្លួនអ្នកហើយ សំណួរគឺពុំមែនថាតើអ្នកនៅតែ ឬមិននៅតែ « តម្រូវឲ្យ » និយាយជាមួយប៊ីស្សពរបស់អ្នកអំពីរឿងនោះទេ ។ សំណួរដែលត្រូវសួរនោះគឺថា « ហេតុអ្វីខ្ញុំ មិន និយាយអំពីរឿងនេះជាមួយប៊ីស្សពរបស់ខ្ញុំ ? » វាពិតជាគ្មានគុណវិបត្តិចំពោះរឿងនោះឡើយ ។ គាត់នឹងយល់ ហើយលើកទឹកចិត្ត ហើយគាត់នឹងពេញចិត្តចំពោះការខិតខំដែលអ្នកបានធ្វើ ដើម្បីបោះបង់អំពើបាបកាលពីអតីតកាលរបស់អ្នក ។ ប៊ីស្សពអាចជួយអ្នកដោះស្រាយនូវចម្ងល់នានា ដែលអ្នកធ្លាប់មានពីមុនៗទាក់ទងនឹងភាពសក្តិសមរបស់អ្នក ហើយខ្វល់ខ្វាយយ៉ាងខ្លាំងអំពីការប្រែចិត្តរបស់អ្នក ។ ហើយគាត់អាចជួយអ្នកឲ្យពង្រឹងសេចក្តីជំនឿ ព្រមទាំងទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ និងពលិកម្មធួនរបស់ទ្រង់ ។ សម្រាប់ហេតុផលស្រដៀងគ្នានេះ អ្នកក៏គួរតែគិតអំពីការពិភាក្សាជាមួយឪពុកម្តាយរបស់អ្នកផងដែរ ។