២០១៧
មើរីឡូ វីសិនធេ លីធេ រីបៀរ៉ូ ៖ ហ្គយយ៉ាណា ប្រទេស​ប្រេស៊ីល
July 2017


ការបង្ហាញ​អំពី​សេចក្តីជំនឿ

មើរីឡូ វីសិនធេ លីធេ រីបៀរ៉ូ

ហ្គយយ៉ាណា ប្រទេស​ប្រេស៊ីល

នៅពេល មើរីឡូ បាន​ទទួល​បុណ្យ​ជ្រមុជទឹក​នៅ​អាយុ ១៦ ឆ្នាំ គ្រួសារ​ទាំង​មូល​របស់​គាត់​បាន​ប្រឆាំង​នឹង​រឿង​នោះ ។ ពេល​គាត់​ទទួល​ការហៅបម្រើ​បេសកកម្ម ឪពុក​ម្ដាយ​របស់​គាត់​បាន​បោះ​សម្លៀកបំពាក់​ទៅ​ព្រះវិហារ​របស់​គាត់​ចោល ហើយ​បញ្ឈប់​គាត់​មិន​ឲ្យ​បម្រើ​បេសកកម្ម ។ ទីបំផុត​គាត់​បាន​ជួយ​នាំ​គ្រួសារ​គាត់​មក​ព្រះវិហារ ប៉ុន្តែ​គាត់​នៅ​តែ​មាន​អារម្មណ៍​ថា​ពុំ​សក្តិសម ដែល​ពុំ​បាន​បម្រើ​បេសកកម្ម ។

ខូឌី ប៊ែល ជាង​ថត​រូប

ខ្ញុំ​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​សាសនាចក្រ កាល​ខ្ញុំ​អាយុ ១៤ ឆ្នាំ ។ មិត្តភក្ដិ​របស់​ខ្ញុំ​គឺ​ជា​សមាជិក ហើយ​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ជួប​អ្នកផ្សព្វផ្សាយ​សាសនា ។ ដំបូង​ខ្ញុំ​មិន​បាន​ទទួល​យក​សារលិខិត​របស់​ពួកគេ​ឡើយ ដោយសារ​គ្រួសារ​របស់​ខ្ញុំ​មាន​សាសនា​ផ្សេង​ទៅ​ហើយ ។

ពីរឆ្នាំ​ក្រោយ​មក ខ្ញុំ​ត្រូវបាន​គេ​សួរ ​ប្រសិនបើ​ខ្ញុំ​ចង់​លេង​បាល់​ឱប​នៅ​ព្រះវិហារ ។ ខ្ញុំ​ចូលចិត្ត​លេង​បាល់​ឱប​ណាស់ ហើយ​ខ្ញុំ​ចង់​ទៅ​លេង ។ ខ្ញុំ​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រៀន​ថ្នាក់​សិក្ខាសាលា​ផងដែរ ។ ខ្ញុំ​បាន​ប្រែ​ជា​ចាប់​អារម្មណ៍​នឹង​សាសនាចក្រ ។

ខ្ញុំ​បាន​និយាយ​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា ហើយ​ពួកគេ​បាន​បង្រៀន​ខ្ញុំ​អំពី​ការនិមិត្ត​ដំបូង ។ ការណ៍​នេះ​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់ខ្ញុំ ។ ខ្ញុំ​រំជួល​ចិត្ត​ខ្លាំង​ណាស់​នៅពេល​ពួកគេ​និយាយ​អំពី​រឿង​នោះ ។ ខ្ញុំ​បាន​យំ​នៅ​ចំពោះ​មុខ​ពួកគេ ។ ខ្ញុំ​​ក្តុកក្តួល​ក្នុង​ចិត្ត ហើយ​មាន​អារម្មណ៍​ដ៏​អស្ចារ្យ ។ ខ្ញុំ​បាន​ទទួល​យក​ការអញ្ជើញ​របស់​ពួកគេ​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បន្ទាប់​ពី​មេរៀន​ទី​មួយ​ចប់ ។

ឪពុក​ម្ដាយ​របស់​ខ្ញុំ​ប្រឆាំង​នឹង​សាសនាចក្រ ហើយ​ពួកគាត់​ពុំ​ចូលរួម​ក្នុង​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ​ឡើយ ។ វា​មាន​ការលំបាក​ណាស់​សម្រាប់​ខ្ញុំ ។ បងប្រុស​របស់​ខ្ញុំ ចៅឃ្វីម​ គឺ​ជា​សមាជិក​តែ​ម្នាក់​គត់​ក្នុង​គ្រួសារ​របស់​ខ្ញុំ ដែល​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​ជ្រមុជទឹក​ជាមួយ​ខ្ញុំ​នា​ថ្ងៃ​នោះ ។

បន្ទាប់​ពី​បុណ្យ​ជ្រមុជ​ទឹក​មក ខ្ញុំ​បាន​ហែល​ឆ្លង​កាត់​ការលំបាក​ជាច្រើន ។ ខ្ញុំ​បាន​ជឿ​ទៅ​លើ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើងវិញ ប៉ុន្តែ​គ្រួសារ​របស់​ខ្ញុំ​ពុំ​ទាន់​យល់​ពី​រឿង​នោះ​ឡើយ ។ ខ្ញុំ​បាន​ព្យាយាម​ពន្យល់​រឿង​នោះ​ដល់​ពួកគាត់ ប៉ុន្តែ​ឪពុក​ម្តាយ​របស់​ខ្ញុំ​ពុំ​យល់​ឡើយ ។ ខ្ញុំ​បាន​បន្ត​ទៅ​ព្រះវិហារ​ទោះបី​ជា​ឪពុក​ម្តាយ​របស់​ខ្ញុំ​បាន​គិត​ថា ខ្ញុំ​ភ្លេច​គ្រួសារ​ក្តី ។ សេចក្តីពិត​នោះ​គឺ​ថា ខ្ញុំ​ចង់​ឲ្យ​ពួកគាត់​ទៅ​ព្រះវិហារ​ជាមួយ​ខ្ញុំ​ផងដែរ ។

ពេល​ការ​បម្រើ​បេសកកម្ម​របស់​ខ្ញុំ​មក​ដល់ ខ្ញុំ​មាន​អារម្មណ៍​ថា​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ។ ខ្ញុំ​បាន​ចូលរៀន​ថ្នាក់​សិក្ខាសាលា​រយៈពេល​ពីរ​ឆ្នាំ ខ្ញុំ​បាន​រៀន​ថ្នាក់​រៀបចំ​ខ្លួន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា ហើយ​ខ្ញុំ​បាន​រៀននៅ​ថ្នាក់​វិទ្យាស្ថាន ។ ខ្ញុំ​មាន​អារម្មណ៍​រឹងមាំ​ខាង​វិញ្ញាណ ប៉ុន្តែ​ឪពុក​ម្តាយ​របស់​ខ្ញុំ​បាន​ចាប់ផ្តើម​បង្កើន​ការបៀតបៀន​របស់​ពួកគាត់​កាន់តែ​ខ្លាំង​ឡើង ។ គ្រួសារ​របស់​ខ្ញុំ​ទាំងមូល​ព្យាយាម​នាំ​ខ្ញុំ​ចេញ​ពី​ព្រះវិហារ​នេះ ។

ខ្ញុំ​បាន​បញ្ជូន​ទម្រង់បែបបទ​បម្រើ​បេសកកម្ម​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទទួល​ការហៅបម្រើ​ក្នុង​បេសកកម្ម រ៉េស៊ីហ្វ ប្រេស៊ីល ។ ខ្ញុំ​បាន​ប្រាប់​ឪពុក​ម្តាយ​របស់​ខ្ញុំ​ថា ខ្ញុំ​នឹង​ទៅ​ទីក្រុង រ៉េស៊ីហ្វ ដើម្បី​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា​តំណាង​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ ។ ឪពុក​របស់​ខ្ញុំ​បាន​ឈ្លោះជាមួយ​ខ្ញុំ ហើយ​ម្តាយ​របស់​ខ្ញុំ​ដល់​ថ្នាក់​បោះ​សម្លៀក​បំពាក់​ទៅ​ព្រះវិហារ​របស់​ខ្ញុំ ហើយ​បោះ​សៀវភៅ​របស់​ខ្ញុំ​ចោល​អស់ទៀតផង ។ ពួកគាត់​ខឹង​ខ្លាំង​ណាស់ ។

ខ្ញុំ​ពុំ​បាន​ទៅ​បម្រើ​បេសកកម្ម​ឡើយ ។ នេះ​គឺជា​គ្រា​ដ៏​លំបាក​បំផុត​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​ចង់​បម្រើ​បេសកកម្ម ប៉ុន្តែ​ខ្ញុំ​បាន​ជួប​នឹង​ការជំទាស់​យ៉ាង​ខ្លាំងក្លា ។ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ឡើយ ប៉ុន្តែ​ខ្ញុំ​បាន​បាក់​ទឹកចិត្ត ហើយ​ខូច​ចិត្ត ហើយ​ខ្ញុំ​នៅតែ​រងការឈឺចាប់​នឹង​ការបៀតបៀន​នៅក្នុង​ផ្ទះ ។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​បោះបង់ ហើយ​ឈប់​ទៅ​ព្រះវិហារ​ទៀត ។

វា​មាន​ការលំបាក​សម្រាប់​ខ្ញុំ​ដែល​ជា​យុវជន​ម្នាក់ ហើយ​មិន​បម្រើ​បេសកកម្ម ។ ខ្ញុំ​មាន​អារម្មណ៍​ថា​អន់​ជាង​មិត្តភក្តិ​របស់​ខ្ញុំ ដែល​បាន​ទៅបម្រើ​បេសកកម្ម ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ឯកោ​នៅ​ព្រះវិហារ ។ មនុស្ស​មួយ​ចំនួន​គិត​ថា ខ្ញុំ​ពុំ​អាច​ទៅ​បម្រើ​បាន​ទេ ដោយសារ​ខ្ញុំ​គ្មានភាពសក្តិសម ។ ប៉ុន្តែ​ខ្ញុំ​បាន​ប្រឹង​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​បន្ត​រឹងមាំ​នៅ​ក្នុង​សេចក្តី​ជំនឿ ។

អំឡុង​គ្រា​នោះ​ខ្ញុំ​បាន​ជួប ខេលី ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​ភរិយា​របស់​ខ្ញុំ ។ ពេល​ខ្ញុំ​បាន​ជួប​នាង ខ្ញុំលែង​បាក់​ទឹកចិត្ត ហើយ​ខ្ញុំ​អាច​មើល​ឃើញ​ថា​ខ្លួន​ខ្ញុំ​គឺ​ជា​កូន​របស់​ព្រះ ។ ខេលី មិន​មែន​ជា​សមាជិក​នៃ​សាសនាចក្រ​ទេ ​កាល​ដែល​យើង​ចាប់ផ្តើម​ដើរលេង​ជាគូ​នោះ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ​យើង​បាន​រៀបអាពាហ៍ពិពាហ៍ ហើយមួយ​ខែ​ក្រោយ​មក​ខ្ញុំ​បាន​ជ្រមុជទឹក​ឲ្យ​គាត់ ។ មួយ​ឆ្នាំ​ក្រោយ​មក ​យើង​បាន​ផ្សារ​ភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ វា​គឺ​ជាគ្រា​ដ៏​ពិសេស និង​ពិសិដ្ឋ​ណាស់​សម្រាប់​ខ្ញុំ ។

បន្ទាប់​ពី រ៉ាហ្វែល កូន​ដំបូង​របស់​យើង​បាន​កើត​មក យើង​បាន​នាំ​គាត់​ទៅ​ព្រះវិហារ​ដើម្បី​ទទួល​ការប្រសិទ្ធពរ ។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ចូលរួម​ក្នុង​ពិធី​ប្រសិទ្ធពរ​នោះ ។ វា​ជា​លើក​ដំបូងហើយ​ដែល​ពួកគាត់​បាន​ទៅ​ព្រះវិហារ ។ ពួកគាត់​បាន​ចាប់ផ្តើម​ស្ដាប់​នូវ​ការបង្រៀន​របស់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​ផ្ទះ​របស់​ពួកគាត់ ។ ទីបំផុត​ខ្ញុំ​មាន​ឯកសិទ្ធិ​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​ឪពុកម្តាយ​ខ្ញុំ និង​ប្អូនប្រុស​របស់​ខ្ញុំ ។

វា​គួរ​ឲ្យ​អស់​សំណើច​ណាស់ ព្រោះ​ឪពុក​របស់​ខ្ញុំ​ហ្មត់ចត់​នឹង​រឿង​នេះខ្លាំង​ណាស់ ។ គាត់​បាន​និយាយ​ថា « កូនប្រុស តើ​ពេល​ណា​ទើប​កូន​ជ្រមុជ​ទឹក​ប៉ា​ទៅ ? » នៅ​ពេល​គាត់​បាន​ជ្រមុជ​ទឹក​ហើយ ខ្ញុំ​បាន​លើក​គាត់​ឡើង​ពី​ទឹក​មក​វិញ ហើយ​គាត់​បាន​ឱប​ខ្ញុំ ។ វា​គឺ​ជា​គ្រា​ដ៏​មហស្ចារ្យ​បំផុត​នៅក្នុង​ជីវិត​របស់​ខ្ញុំ !

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ជួប​អែលឌើរ ចៃរ៉ូ ម៉ាស្សាហ្គាឌី ក្នុង​ពួកចិតសិបនាក់ នៅពេល​លោក​បាន​មក​រៀបចំ​ស្តេក​របស់​យើង​ឡើង​វិញ ។ លោក​បាន​សួរ​ខ្ញុំ​អំពី​ការបម្រើ​បេសកកម្ម​របស់​ខ្ញុំ ។

អែលឌើរ ម៉ាស្សាហ្គាឌី បាន​មានប្រសាសន៍​ថា « ប្អូនប្រុស មើរីឡូ ខ្ញុំ​ដឹង​ថា​ប្អូនប្រុស​បាន​ជ្រមុជទឹក​កាល​ប្អូន​អាយុ ១៦ ឆ្នាំ ប៉ុន្តែ​ប្អូន​ពុំ​បាន​បម្រើ​បេសកកម្ម​ទេ » ។

ខ្ញុំ​បាន​និយាយ​ទាំង​ទឹកភ្នែក​ថា « ខ្ញុំ​ពុំ​បាន​បម្រើ​បេសកកម្ម​ទេ ។

ប៉ុន្តែ​ខ្ញុំ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ដូច្នេះ​ព្រះអម្ចាស់​នឹង​អភ័យទោស​ឲ្យ​ខ្ញុំ ។ ខ្ញុំ​បាន​បម្រើ​ជា​ប្រធាន​សាខា​រយៈពេល​ប្រាំពីរ​ខែ ហើយ​ខ្ញុំ​ព្យាយាម​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​ខ្ញុំ​ខិតខំ​យ៉ាង​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ ។ ខ្ញុំ​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ជួយ​មនុស្ស​ដទៃ ។ ខ្ញុំ​ចង់​ឲ្យ​ព្រះអម្ចាស់​អភ័យទោស​ដល់​ខ្ញុំ ។ ខ្ញុំ​ពុំ​ចង់​មាន​ភាពសៅហ្មង​នេះ​នៅ​ថ្ងៃ​ចុងក្រោយ​នោះ​ទេ ។

លោក​បាន​មាន​ប្រសាសន៍​ថា « ប្អូនប្រុស មើរីឡូ ចូរ​កុំ​គិត​អំពីរឿង​កន្លង​ទៅធ្វើ​អ្វី ចូរ​បន្ត​ឆ្ពោះ​ទៅមុខ ។ អស់​អ្នក​ដែល​ក្រឡេក​មើល​ក្រោយ​នឹង​ដើរ​ថយ​ក្រោយ ហើយ​អស់​អ្នក​ដែល​សម្លឹង​ទៅមុខ​ នោះ​នឹង​រីកចម្រើន​ឡើង ។ ប្អូនប្រុស​មាន​ភាព​ស្អាត​ស្អំ​ហើយ » ។

ខ្ញុំ​រីករាយ​ដោយ​បាន​ឮ​រឿង​នោះ ហើយ​ខ្ញុំ​ពុំ​អាច​ទប់​ទឹក​ភ្នែក​នៃ​អំណរ​បាន​ឡើយ ។ ពេល​នោះហើយ​ដែល​ខ្ញុំ​អាច​ទទួល​អារម្មណ៍​នៃ​ភាពសុខសាន្ត​របស់​ព្រះអម្ចាស់ បន្ទាប់ពី​ពុំ​បាន​ទទួល​វា​អស់​ជា​ច្រើន​ឆ្នាំ​មកហើយ ។

អារម្មណ៍​នោះ​គឺ​ដូចជា​ការ​ដកចេញ​នូវ​សម្ពាយ​ដ៏​ធ្ងន់​ពី​ខ្នង​របស់​ខ្ញុំ ។

លោក​បាន​ប្រាប់​ខ្ញុំ​និង​ភរិយា​ឲ្យ​ទៅ​ជួប​លោក​​ ហើយ​បាន​ហៅ​ខ្ញុំ​បម្រើ​ជា​ប្រធាន​ស្តេក ។

ក្រោយ​មក​អែលឌើរ ម៉ាស្សាហ្គាឌី បាន​មាន​ប្រសាសន៍​ថា « បទពិសោធន៍​របស់​ប្អូន​នឹង​ធ្វើ​ឲ្យ​ប្អូន​ក្លាយ​ជាប្រធាន​ស្តេក ។ ប្អូន​នឹង​អាច​ជួយ​យុវវ័យ​ដែល​មាន​ការលំបាក ឬ​អស់​អ្នក​ដែល​ពុំ​មាន​ការគាំទ្រ​ពី​ឪពុកម្តាយ​របស់​ខ្លួន ។ ប្អូន​គ្មាន​ឱកាស​បម្រើ​បេសកកម្ម ប៉ុន្តែ​នេះ​គឺ​ជា​បេសកកម្ម​របស់​ប្អូន​ហើយ ។ ប្អូន​នឹង​ជួយ​បញ្ជូន​យុវវ័យ​ឲ្យ​ទៅ​បម្រើ​បេសកកម្ម » ។

ក្នុង​នាម​ជា​ប្រធាន​ស្តេក​គោលបំណង​មួយ​សំខាន់​របស់​ខ្ញុំ គឺ​ជួយ​យុវជន និង​យុវនារី​រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម ។ ព្រះអម្ចាស់​បាន​ប្រទាន​ពាក្យ​សម្តី​ត្រឹមត្រូវ​ចំ​ពេលវេលា​សម្រាប់​ខ្ញុំ ដើម្បី​និយាយ​ជាមួយ​យុវវ័យ​ទាំងនោះ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្រះអម្ចាស់ ដែល​បាន​ប្រទាន​ឱកាស​ដល់ខ្ញុំ ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​ជ្រើសរើស​បម្រើ​បេសកកម្ម ។

រូបភាព
Young family in Brazil read together, parents teach children with drawings, they sing together, mother reading, father holding up chart etc.

មើរីឡូ និង​ខេលី រីបៀរ៉ូ ចំណាយ​ពេល​ដ៏​រីករាយ​ជាមួយ​កូនៗ​របស់​ពួកគេ ។ កូនស្រី​របស់​ពួកគេ​ច្រៀង​ចម្រៀង ខណៈ​ដែល មើរីឡូ និង​កូនប្រុស​របស់​គាត់​លេង​ហ្គីតា​ឲ្យ​នាង​ច្រៀង ។

រូបភាព
A family praying together.

គ្រួសារ រីបៀរ៉ូ ទទួល​អារម្មណ៍​ពី​ភាពរឹងមាំ​ដែល​កើត​ឡើង​មក​ពី​ការអធិស្ឋាន​ជាគ្រួសារ​ជារៀង​រាល់​ថ្ងៃ ។

រូបភាព
Young family in Brazil read together, parents teach children with drawings, they sing together, mother reading, father holding up chart etc.

ខេលី លើក​ទឹកចិត្ត​កូនស្រី​របស់​គាត់ នៅពេល​កូនស្រី​គាត់​ច្រៀង​ចម្រៀង ។

រូបភាព
Young family in Brazil read together, parents teach children with drawings, they sing together, mother reading, father holding up chart etc.

មើរីឡូ និយាយ​ថា « ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្រះអម្ចាស់ ដែល​បាន​ប្រទាន​ឱកាស​ដល់ខ្ញុំ ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​ជ្រើសរើស​បម្រើ​បេសកកម្ម » ។ គាត់​គ្មាន​ឱកាស​បម្រើ​បេសកកម្ម​ឡើយ ប៉ុន្តែ​ក្នុង​នាម​ជា​ប្រធាន​ស្តេក គាត់​ជួយ​យុវជន និង​យុវនារី​ជាច្រើន​រៀបចំ​ខ្លួន​ដើម្បី​បម្រើ ។

រូបភាព
Young family in Brazil read together, parents teach children with drawings, they sing together, mother reading, father holding up chart etc.

មើរីឡូ បង្រៀន​គ្រួសារ​គាត់​អំពី​សុបិន​របស់​លីហៃ អំពី​ដើម​ជីវិត​នៅក្នុង​ព្រះគម្ពីរ​មរមន ។ មើរីឡូ និងខេលី យល់​អំពី​សារៈសំខាន់​នៃ​ការបង្រៀន​ដំណឹងល្អ​ដល់​កូនចៅ​របស់​ពួកគេ ។

រូបភាព
Young family in Brazil read together, parents teach children with drawings, they sing together, mother reading, father holding up chart etc.

ឪពុក​ម្ដាយ​របស់​មើរីឡូ ប្រឆាំង​ដាច់​ខាត​នឹង​សាសនាចក្រ ។ ពួកគាត់​បាន​គិត​ថា គាត់​បាន​បំភ្លេច​គ្រួសារ​ចោល​នៅពេល​គាត់​បាន​ចូល​រួម​សាសនាចក្រ​ ។ គាត់​និយាយ​ថា « សេចក្តីពិត​នោះ​គឺ​ថា ខ្ញុំចង់​ឲ្យ​ពួកគាត់​ទៅ​ព្រះវិហារ​ជាមួយ​ខ្ញុំ » ។ មើរីឡូ មាន​បំណង​ប្រាថ្នា​ឲ្យ​គ្រួសារ​គាត់​បន្ត​នៅ​ជាប់​នឹង​ដំណឹង​ល្អ ។