២០១៧
ដំណើរ​ត្រួសត្រាយ​របស់​អ្នក—ដំណើរ​ពិត​ប្រាកដ ពុំមែន​ប្រឌិត​ឡើយ
July 2017


ដំណើរ​ត្រួសត្រាយ​របស់​អ្នក —ដំណើរ​ពិត​ប្រាកដ ពុំមែន​ប្រឌិត​ឡើយ

ដើម្បី​ធ្វើ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺ​ត្រូវតែ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ ។

រូបភាព
teens wearing paper doll pioneer clothes

រចនារូបភាព​ដោយ ប្រូក ស្មាត

រូបថត​សកម្មភាព​ការធ្វើ​ដំណើរ​​​ទទួល​បាន​សិទ្ធិ​អនុញ្ញាត្ត​ពី អើរ៉ុន វ៉េស

កាល​ពី​ខ្ញុំ​នៅ​ក្មេង ជួន​កាល​ខ្ញុំ​បាន​ធ្វើ​លេង​ថា​ខ្ញុំ​ជា​តារា​កីឡាករ ។ ខ្ញុំ​ធ្វើ​ពុត​ថា​អាច​ហោះហើរ​បាន ។ ខ្ញុំ​ធ្វើ​លេង​ថា​ខ្ញុំ​ជា​យក្ស ។ ខ្ញុំ​រីករាយ​នឹង​ជីវិត​របស់​ខ្ញុំ​ទោះបី​ខ្ញុំ​ទាប ពុំ​អាច​ហោះហើរ​បាន ហើយ​មាន​សមត្ថភាព​លេង​កីឡា​បាន​តែ​បន្តិចបន្តួច​ក្តី ។ ប៉ុន្តែ​ការធ្វើ​លេង​ទាំងនេះ​ពិតជាសប្បាយ​ណាស់ ។ ខ្ញុំ​រីករាយ​នឹង​បទពិសោធន៍​ផ្សេងៗ ទោះបីវា​គ្រាន់តែ​ជា​ការស្រមើលស្រមៃ​របស់​ខ្ញុំ​ក្តី ។ ខ្ញុំ​គិត​ថា នោះ​ហើយ​ជា​មូលហេតុ​ដែល​មនុស្ស​ជាច្រើន​ចូលចិត្ត​ពុត​ធ្វើ​លេង ។

និយាយ​អំពី​ការពុតធ្វើ​លេង​នេះ យើង​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ចូលចិត្ត​ចូលរួម​ក្នុង​សកម្មភាព​ដើរ​ត្រួសត្រាយ​ណាស់ ។ យើង​ពាក់​សម្លៀកបំពាក់ពួក​អ្នកត្រួសត្រាយ ( ប្រហែល ) យើង​អូស​រទេះ​របស់​ពួក​អ្នកត្រួសត្រាយ ( ប្រហែល ) យើង​បរិភោគ​អាហារ​របស់​អ្នក​ពួកអ្នកត្រួសត្រាយ ( ប្រហែល​ជា​មិនដូច​ទាំងស្រុង​ទេ ) ។ យើង​បាន​ខិតខំ​យ៉ាង​ខ្លាំង ដើម្បី​ធ្វើ​ពុត​ជា​ពួកអ្នកត្រួសត្រាយ ។ រឿង​ដែល​អស្ចារ្យ​នោះ​គឺថា យើង​ពុំ​ចាំបាច់​ធ្វើ​ពុត​ឡើយ ។ យើង​គឺ​ជាពួក​អ្នកត្រួសត្រាយ​រួចទៅ​ហើយ ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា « ដើម្បី​ធ្វើ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺ​ត្រូវ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ ដ្បិត​និយមន័យ​នៃ​ពាក្យ​ថា​អ្នក​ត្រួសត្រាយ​គឺ​ជា ‹ មនុស្ស​ដែល​ដើរ​ទៅ​មុន ដើម្បី​រៀបចំ ឬ បើក​ផ្លូវ​សម្រាប់​មនុស្ស​ដទៃ​ទៀត​ឲ្យ​ដើរ​តាម › » ។ ប្រធាន ម៉នសុន បាន​បង្រៀន​ពួកយើង​តាមរយៈ​ប្រសាសន៍ និង​ទង្វើ​របស់​លោក អំពី​របៀប​ធ្វើ​ជា​អ្នកត្រួសត្រាយ​ដ៏​ពិត ៖

« យើង​ដើរ​តាម​ដាន​នៃ​អ្នក​ត្រួសត្រាយ​ដ៏​អស្ចារ្យ​បំផុត — គឺ​ព្រះអង្គសង្គ្រោះ​ — ដែល​ទ្រង់​បាន​យាង​មុន​គេ ដោយ​បង្ហាញ​ដល់​យើង​នូវ​មាគ៌ា​ដើម្បី​ដើរ​តាម ។

ទ្រង់​បាន​អញ្ជើញ​ថា ‹ ចូរ​មក​តាម​ខ្ញុំ › » ។

ចូរ​មក តាម ខ្ញុំ ។ ព្រះបន្ទូល​ដ៏​សាមញ្ញ​នេះ​អាច​ជួយ​យើង​ឲ្យ​ក្លាយ​ជា​អ្នកត្រួសត្រាយ​ពិត​ប្រាកដ ។

ចូរ​មើល​ព្រះបន្ទូល​ទាំងនេះ​ក្នុង​ទស្សនវិស័យ​មួយ​អំពី​ពួកអ្នកត្រួសត្រាយ​មួយ​ចំនួន​នា​សម័យ​ទំនើប ដែល​ថ្មីៗ​នេះ​ពួកគេ​បាន​ចូលរួម​ក្នុង​សកម្មភាព​ដើរ​អ្នកត្រួសត្រាយ​របស់​ស្តេក ។

« ចូរ​មក​តាម​ខ្ញុំ »

រូបភាព
Taylor A.

ពាក្យ​ថា ចូរ​មក គឺ​ជា​ការអញ្ជើញ​មួយ ។ ពាក្យ​នេះ​ផ្តល់​យោបល់​ឲ្យ​ប្តូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ។ ថេលើរ អេ ស្គាល់​យ៉ាង​ច្បាស់​អំពី​អត្ថន័យ​នៃ​ពាក្យ​នេះ ។

ថេលើរ សប្បាយចិត្ត មាន​អំណរ ហើយ​ពោរពេញ​ដោយ​ព្រះវិញ្ញាណ ប៉ុន្តែ​គាត់​នឹង​ប្រាប់​អ្នក​យ៉ាង​លឿន​ថា ពាក្យ​ទាំង​នោះ​ពុំ​បាន​ធ្វើ​ឲ្យ​គាត់​យល់​ឡើយ​កាល​ពីពីរ​ឆ្នាំ​កន្លង​ទៅ ។ ឥឡូវ​នេះ​គាត់​បាន​ប្តូរ​ទៅ​កន្លែង​មួយ​ផ្សេងទៀត​ទាំង​ខាង​វិញ្ញាណ និង​ខាង​រូបកាយ ។ គាត់​គឺ​ជា​អ្នកត្រួសត្រាយ ។

គាត់​និយាយ​ថា « ខ្ញុំ​ធ្លាប់​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ក្នុង​ជីវិត​ខ្ញុំ ដោយសារ​ខ្ញុំ​គឺ​ជា​អ្នក​ប្រែចិត្ត​ជឿ​ថ្មី ។ ហើយ​ដំណើរ​របស់​ខ្ញុំ​គឺ​ជា​ដំណើរ​មួយ​ដ៏​អស្ចារ្យ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​វា​គឺ​ដំណើរ​ក្នុង​ជីវិត​ថ្មី​មួយ​ទាំងស្រុង ។ ហើយ​នៅពេល​យើង​ចាប់​យក​ជំហាន​នោះ នៅក្នុង​ដំណើរ​របស់​យើង នោះ​អព្ភូតហេតុ​នឹង​កើត​ឡើង » ។

ថេលើរ ពុំ​គ្រាន់តែ​យល់​ដឹង​អំពី​ការអញ្ជើញ​ឲ្យ​មក​ប៉ុណ្ណោះ​ទេ — គាត់​​ថែមទាំង​ដឹង​អំពី​ប្រភព​នៃ​ការអញ្ជើញ​នោះ​ផងដែរ ។ គាត់​បាន​សង្កេត​ឃើញ​ថា « នៅក្នុង​ពិភពលោក​យើង​នេះ យើង​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​អំពី​អ្វី​ដែល​នាំ​យើង​មក​កាន់​ផែនដី​នេះ​ឡើយ មែន​ទេ ? យើង​ផ្តោត​ចិត្ត​ទុក​ដាក់​នៅក្នុង​មុខរបរ​របស់​យើង និង​បច្ចេកវិទ្យា ហើយ​សារលិខិត​មួយ​ដែល​ហាក់ដូច​ជា​សំខាន់​ចំពោះ​ខ្ញុំ​នោះ​គឺ ការដាក់​ព្រះគ្រីស្ទ​ជា​អាទិភាព​ទីមួយ ។ យើង​គប្បី​ធ្វើ​តាម​គំរូ​របស់​ពួក​អ្នកត្រួសត្រាយ​ដែល​ពួកគេ​បាន​ធ្វើ​គឺ — [ ពួកគេ ] បាន​ផ្តោត​សំខាន់​លើ​ព្រះគ្រីស្ទ » ។

រូបភាព
Ethan G.

តាម គឺ​ជា​ការអញ្ជើញ​មួយ​ផ្សេង​ទៀត ។ នៅក្នុង​សកម្មភាពដើរត្រួសត្រាយ អ៊ីធិន ជី បាន​ទទួល​ការយល់​ដឹង​កាន់តែ​ច្បាស់​អំពី​ពាក្យ​នេះ ។ គាត់​បាន​ថ្លែង​ថា « ជួនកាល​ខ្ញុំ​គ្មាន​អារម្មណ៍​ល្អ​ឡើយ​នៅ​ក្នុង​សកម្មភាព​ដើរ​ត្រួសត្រាយ ឬ​ខ្ញុំ​មាន​អារម្មណ៍​ហាក់​ដូចជា​បាក់ទឹកចិត្ត » ។ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​ដឹង​ថា អ្នកត្រួសត្រាយ​ក៏​មាន​អារម្មណ៍​បែប​នោះ​ផងដែរ » ។

អ៊ី​ធិន ធ្លាប់​ឆ្ងល់​ពី​មូលហេតុ​ដែល​ពួក​អ្នកត្រួសត្រាយ​ពីជំនាន់​ដើម មាន​ឆន្ទៈ​ធ្វើ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ។ គាត់​និយាយ​ថា « ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​អាច​នឹង​ចុះចាញ់ ។ ប៉ុន្តែ​ពេល​ខ្ញុំ​គិត​អំពី​រឿង​នោះ ខ្ញុំ​ហាក់ដូច​ជា​ដឹង​ថា ដោយសារ​ពួកគេ​ស្រឡាញ់​ព្រះអង្គសង្គ្រោះ ហើយ​ពួកគេ​មាន​សេចក្តីសង្ឃឹម​ថា ពួកគេ​អាច​ប្រែកាន់តែ​ប្រសើរ​ឡើង​តាមរយៈ​ទ្រង់ ។ ខ្ញុំ​ក៏​ចង់​សាកល្បង​ធ្វើ​បែបនោះ​ដែរ » ។

ពីមុន​អ៊ីធិន​ចូលរួម​សកម្មភាព​ការធ្វើ​ដំណើរ​នេះ គាត់​បាន​អាន​រឿង​អំពី​ពួកអ្នក​ត្រួសត្រាយ​កាល​ពី​ជំនាន់​ដើម មាន​អារម្មណ៍​ថា​មាន​ទំនាក់​ទំនង​ជាមួយ​ពួកគេ ហើយ​ត្រូវបាន​បំផុស​គំនិត​ដោយសារ​សេចក្តីជំនឿ​របស់​ពួកគេ​ក្នុងការធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ។ ហើយ​ឥឡូវ​នេះ​តើ​អ៊ីធិន​កំពុង​ធ្វើ​អ្វី ? គាត់កំពុង​រៀបចំ​ខ្លួន​ទទួល​ការហៅ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។ ដោយ​គោរព​តាម​ការទូន្មាន​របស់​ប្រធាន ម៉នសុន គាត់​កំពុង​ត្រៀម​ខ្លួន​បង្ហាញ​អ្នកដទៃ​អំពី​មាគ៌ា​ដែល​ត្រូវ​ដើរ​តាម ។

រូបភាព
Harmony C.

តើ​យើង​គួរតែ​មក​ពីណា ? តើ​នរណា​ដែល​យើង​គួរតែ​ដើរ​តាម ? ព្រះអង្គសង្គ្រោះ​ប្រាប់​យើង​ថា ៖ « ចូរ​មក​តាម ខ្ញុំ »លូកា ១៨:២២ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។ នៅពេល ហាម៉ូនី បាន​ចេញ​ពី​ផ្ទះ​ដើម្បី​ចូលរួម​ការធ្វើ​ដំណើរ​នោះ នាងបាន​ឃើញ​ជំនួយ​របស់​ព្រះអម្ចាស់​នៅក្នុង​បទពិសោធន៍​របស់​នាង ។ នាង​បាន​ដឹង​ថា នាង​កំពុង​ដើរ​តាម​ទ្រង់ ។

ផ្លូវ​ធ្វើ​ដំណើរ​របស់ ហាម៉ូនី​ទៅ​កាន់​សកម្មភាព​ធ្វើ​ដំណើរ​របស់​ស្តេក ខុស​ពី​ផ្លូវ​ធ្វើ​ដំណើរ​របស់​អ្នកដទៃ​ទៀត ។ ក្នុង​វ័យ ១៥ ឆ្នាំ​នាង​បាន​ដឹង​ថា ខ្លួន​មាន​ជំងឺមហា​រីកស្បែក​ក្នុង​សណ្ឋាន​ដ៏​កម្រ​កើត​មាន​មួយ ។ នាង​ពុំ​អាច​ចូលរួម​ក្នុង​សកម្មភាព​ធ្វើ​ដំណើរ​របស់​ស្តេក​នាង​បាន​ឡើយ ។ នាង​បាន​និយាយ​ថា « ខ្ញុំ​ពិត​ជា​ស្តាយ​ខ្លាំង​ណាស់ » ។

បួន​ឆ្នាំ​ក្រោយ​មក​នៅពេល ស្តេក​របស់​នាង​បាន​ប្រកាស​អំពី​សកម្មភាព​ធ្វើ​ដំណើរ​មួយ​ទៀត នោះ​ហាម៉ូនី បាន​ជា​សះស្បើយ​ពី​ជំងឺ​មហារីក​នោះ ។ ប៉ុន្តែ​កាល​នាង​អាយុ ១៩ ឆ្នាំ នាង​បាន​គិត​ថា​នាង​ពុំអាច​ចូលរួម​សកម្មភាព​នោះ​បាន​ឡើយ ។ ក្រោយ​មក​នាង​ទទួល​ការហៅ​ឲ្យ​ចូលរួម​ដោយ​ធ្វើ​ជា​អ្នកដឹកនាំ​សកម្មភាព​នោះ ។ នាង​បាន​និយាយ​ថា « វា​គឺ​ជា​ទីបន្ទាល់​មួយ​សម្រាប់​ខ្ញុំ​ថា ព្រះអម្ចាស់​ជ្រាប​ដឹង​ថា​ពួកយើង​ជា​នរណា ហើយ​ទ្រង់​ជ្រាបដឹង​អំពី​បំណងប្រាថ្នា​នៃ​ដួងចិត្ត​របស់​យើង ហើយ​ប្រសិនបើ​បំណង​នោះ​សុចរិត​ហើយ​ល្អ នោះ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​យើង » ។

ហាម៉ូនី បាន​ផ្តល់ការទូន្មាន​ដើម្បី​ជួយ​ពួកយើង​នៅពេល​យើង​ជួប​នឹង​ការសាកល្បង ៖ « ចំពោះ​អស់​អ្នក​ដែល​កំពុង​ជួប​ការលំបាក ខ្ញុំ​សូម​និយាយ​ថា ចូរ​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ចុះ ។ ទ្រង់​គង់​នៅទីនោះ​ដើម្បី​ជួយ​អ្នក ។ ទ្រង់​ស្រឡាញ់​យើង ហើយ​ទ្រង់​នឹង​ពុំ​ឲ្យ​យើង​បរាជ័យ​ឡើង ។ យើង​ត្រូវ​ឈោង​ដៃ​យើង​ទៅ​រក​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​យើង​នៅក្នុង​ដំណើរ​ត្រួសត្រាយ​របស់​យើង » ។

អ្នក​អាច​ក្លាយ​ជា​អ្នកត្រួសត្រាយ

រូបភាព
young man pulling handcart

ប្រសិនបើ​អ្នក​ពុំធ្លាប់​ចូលរួម​សកម្មភាព​ដើរ​ត្រួសត្រាយ​ទេ អ្នក​នៅតែ​អាច​ធ្វើ​ជា​អ្នកត្រួសត្រាយ ។ អ្នក​ពុំ​ចាំបាច់​ត្រូវ​ពាក់មួក ឬ​អូស​រទេះ​រុញ​ឡើយ ។ អ្នក​គ្រាន់តែ​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ដូច​ពួក​អ្នកត្រួសត្រាយ​កាល​ពី​ជំនាន់​ដើម​បាន​ធ្វើ ។ ដូច​ប្រធាន​ម៉នសុន បាន​មាន​ប្រសាសន៍​ថា ការធ្វើ​បែប​នោះ អ្នក​នឹង​ក្លាយ​ជា « មនុស្ស​ដែល​ដើរ​ទៅ​មុន​ដើម្បីរៀបចំ ឬ​បើក​ផ្លូវ​សម្រាប់​មនុស្ស​ដទៃ​ទៀត​ឲ្យ​ដើរ​តាម » ។

ប្រសិនបើ​អ្នក​មាន​ឱកាស​ចូលរួម​សកម្មភាព​ដើរ​ត្រួសត្រាយ​ សូម​រីករាយ​នឹង​សកម្មភាព​នោះ​ចុះ ! ហើយ​នៅពេល​សកម្មភាព​នោះ​ចប់ ហើយ​អ្នក​ទុក​រទេះ​របស់​អ្នក​នៅ​មួយ​កន្លែង ចូរ​កុំ​ភ្លេច​ទីបន្ទាល់​អំពី​ការត្រួសត្រាយ​របស់​អ្នក​ដែល​មាន​ក្នុង​សកម្មភាព​នោះ​ឡើយ ។ សូម​នាំ​យក​ទីបន្ទាល់​នោះ​មក​ជាមួយ​អ្នក ។

អ្នក​គឺ​ជា​អ្នកត្រួសត្រាយ​ដ៏​ពិតប្រាកដ អ្នកត្រួសត្រាយ​នា​សម័យ​ទំនើប​នេះ ។ ជាមួយ​នឹង​អ្នក​ត្រួសត្រាយ​ដ៏​អស្ចារ្យ​បំផុត​គឺ — ព្រះអង្គសង្គ្រោះ — ជា​មគ្គុទ្ទេសក៍​របស់​អ្នក នោះ​អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ជា​ប្រាកដ !

កំណត់ចំណាំ

  1. ថូម៉ាស អេស ម៉នសុន « True to the Faith of Our Forefathers » Liahona, ខែ កក្កដា ឆ្នាំ ២០១៦ ទំព័រ ៤ ការដកស្រង់ The Compact Edition of the Oxford English Dictionary ( ឆ្នាំ ១៩៧១ ) « pioneer » ។

  2. ថូម៉ាស អេស ម៉នសុន « True to the Faith of Our Forefathers » ទំព័រ ៤–៥ ។