២០១៧
ដំណឹង​តែ​មួយ​គត់​ដែល​បាន​សង្គ្រោះ​ខ្ញុំ
July 2017


ដំណឹងតែ​មួយ​គត់​ដែល​បាន សង្គ្រោះ​ខ្ញុំ

ជាអ្នក​និពន្ធ​រស់​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ។

មិត្តភាព​ដែល​ពុំ​បាន​រំពឹង​ទុក​មួយ បាន​ជួយ​ខ្ញុំ​ឲ្យ​ផ្លាស់ប្តូរ​ជីវិត​ខ្ញុំ​ពី​ភាពអន្ធការ​មក​ឯ​ពន្លឺ ។

រូបភាព
men playing golf

រចនា​រូបភាព​ដោយ ផាត គីនសែឡា

កីឡា​វាយ​កូនហ្គោល​គឺ​ជា​កីឡា​ពេញនិយម​នៅ​ក្នុង​ប្រទេស​ជប៉ុន ដូច្នេះ​ខ្ញុំ​បាន​ចាប់ផ្តើម​លេង​វា​តាំង​ពី​ខ្ញុំ​អាយុ ១៤ ឆ្នាំ ដែល​ជា​របៀប​មួយ​ដើម្បី​ចំណាយ​ពេល​ជាមួយ​ឪពុក​របស់​ខ្ញុំ ។ វា​សប្បាយ​ណាស់តាំង​ពី​ចាប់ផ្តើម​ដំបូង ហើយ​ទីបំផុត​ខ្ញុំ​បាន​ចាប់ផ្តើម​អនុវត្ត​ដោយ​ខ្លួន​ឯងផ្ទាល់ ហើយ​លេង​នៅ​ក្នុង​ក្រុម​កីឡា​វាយ​កូនហ្គោល​នៅ​វិទ្យាល័យ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ក្លាយ​ជា​មិត្ត​ជាមួយ​កីឡាករ​រួម​ក្រុម និង​គ្រូបង្វឹក​របស់​ខ្ញុំ ដែល​ពួកគេ​បាន​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ចាប់​យក​ក្តីសុបិន​របស់​ខ្ញុំ​ក្នុងការ​ក្លាយ​ជា​កីឡាករ​វាយ​កូនហ្គោល​អាជីព ។

ខ្ញុំ​បាន​ខិតខំ​យ៉ាង​ខ្លាំង ដែលពុំគ្រាន់តែ​ខំ​ក្នុង​ការលេង​កីឡា​របស់​ខ្ញុំ​នោះ​ទេ ថែមទាំងខំនៅ​ក្នុង​ការសិក្សា​របស់​ខ្ញុំ​ផងដែរ ខ្ញុំ​បាន​បញ្ចប់​ការសិក្សា​ជា​សិស្ស​​ឆ្នើម​ក្នុងវិទ្យាល័យ ។

ពេល​ដំបូង​ដែល​ខ្ញុំ​ចូលរៀន​មហា​វិទ្យាល័យ ខ្ញុំ​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​គ្រូបង្វឹក​កីឡា​វាយ​កូនហ្គោល និង​កីឡាករ​រួម​ក្រុម​របស់​ខ្ញុំ ។ ពួកគេ​លេង​បាន​ល្អ​ជាង​ខ្ញុំ ដូច្នេះ​ខ្ញុំ​ខិតខំ​គ្រប់បែប​យ៉ាង​ដើម្បី​លេង​ឲ្យ​បាន​ពូកែ​ដូច​ពួកគេ ។ សមាជិក​ក្រុម​មួយ​ចំនួន​បាន​រិះគន់​ជាពិសេស​អំពី​ឈ្មោះ ស្ស៊ូហូ ដែល​ជា​ឈ្មោះ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ជីដូន​ខាង​ម្តាយ​ខ្ញុំ​ជនជាតិ​កូរ៉េ បាន​ដាក់​ឈ្មោះ​នេះ​ឲ្យ​ខ្ញុំ ហើយ​ជា​ភាសា​កូរ៉េ វា​មាន​ន័យ​ថា « ភ្នំ​ដ៏​ស្រស់​ស្អាត » ។ ចាប់តាំង​ពីពេលនោះ​មក ខ្ញុំ​មាន​អារម្មណ៍​ថា ឥរិយាបថ​របស់​ពួកគេ​មក​លើរូប​ខ្ញុំ​បាន​ផ្លាស់ប្តូរ ដែល​វាជះឥទ្ធិពល​មក​ពី​សម្ពាធ​​ដ៏​យូរ​អង្វែង​​រវាង​ប្រជាជន​ជប៉ុន និង​កូរ៉េ ។

ពួកគេ​បាន​ចាប់ផ្តើម​ហៅ​ខ្ញុំ​ថា « អាក្មេង​កូរ៉េ » ហើយ​ពួកគេ​បាន​និយាយ​ថា​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​ដ៏​ល្អ​របស់​សាកល​វិទ្យាល័យ​អាប់ឱន ។ ពួកគេ​បាន​ឲ្យ​ខ្ញុំ​សម្អាត​បង្គន់​ដោយ​មិន​ឲ្យ​ខ្ញុំ​ហាត់​សម​វាយ​កូនហ្គោល​ជាមួយ​ពួកគេ​ឡើយ ។

ខ្ញុំ​កាន់តែ​មាន​អារម្មណ៍​តានតឹង​​ដើម្បី​នៅក្នុង​ក្រុម​នោះ ។ ការនៅ​ឆ្ងាយ​ពី​ផ្ទះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​នៅ​ឯកោ ។ ខ្ញុំ​បាន​ព្យាយាម​បន្តចាប់​យក​ក្តីសុបិន​ខ្ញុំ ហើយ​បាន​ធ្វើ​ឲ្យ​គ្រូបង្វឹក និង​ក្រុម​របស់​ខ្ញុំ​ពេញ​ចិត្ត​ខ្ញុំ​ឡើង​វិញ ប៉ុន្តែ​ពីរ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ពុំ​អាច​អត់ធ្មត់​នឹង​ការប្រព្រឹត្តិ​ដ៏​ឃោរឃៅ​របស់​ពួកគេ​តទៅ​ទៀត​ឡើយ ដូច្នេះ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

នេះ​ជា​គ្រា​​ដ៏​អាប់អួរមួយ​សម្រាប់​ខ្ញុំ ។ ភាពតានតឹង​ផ្លូវ​ចិត្ត​នោះ​បាន​ជះ​ឥទ្ធិពល​លើ​សតិអារម្មណ៍ និង​រូបកាយ​របស់​ខ្ញុំ ។ ការបំបាក់​តម្លៃ​​ខ្លួន​ឯង​អស់​រយៈពេល​ពីរ​ឆ្នាំ ។ ក្តីសុបិន​របស់​ខ្ញុំ​ក្នុងការ​ក្លាយ​ជា​កីឡាករ​វាយ​កូនហ្គោល​អាជីព​នោះ​បានបញ្ចប់ហើយ ។ ខ្ញុំ​ពុំ​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​នោះឡើយ ។ ហើយ​ខ្ញុំ​មាន​កំហឹង ។ ខ្ញុំ​ខឹង​នឹង​មនុស្ស​គ្រប់គ្នា ៖ គ្រូបង្វឹក កីឡាកររួម​ក្រុម និង​ឪពុកម្តាយ​ខ្ញុំ ។ ខ្ញុំ​បាន​ខឹង​យ៉ាង​ខ្លាំង គំនិត​នានា​ក្នុង​ខ្លួន​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យខ្លាច​នឹង​ខ្លួន​ឯង ។ ខ្ញុំ​គ្មាន​មិត្តភក្តិ​ឡើយ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ពុំ​អាច​ទុកចិត្ត ឬ​ទាក់ទង​ជាមួយ​មនុស្ស​ផ្សេង​ឡើយ ។ អស់​រយៈពេល​ប្រាំ​មួយ​ខែ ខ្ញុំ​គ្រាន់តែ​​ចេញ​ពី​ផ្ទះ​ដើម្បី​ហាត់​ប្រាណ​នៅក្លឹប​ហាត់​ប្រាណ​ប៉ុណ្ណោះ ។

អំឡុងពេល​ដ៏​អាប់អួរ​ក្នុង​ជីវិត​ខ្ញុំ​នេះ ខ្ញុំ​បាន​រាប់អាន ចាស្ទីន គ្រីស្ទី ជា​អ្នក​ដែល​ខ្ញុំ​ជួប​នៅ​ក្លឹប​ហាត់​ប្រាណ ។ គ្រា​ដំបូង​ដែល​ខ្ញុំបាន​ជួប​គាត់ ខ្ញុំ​បាន​គិត​ថា​គាត់​គឺ​ជា​និស្សិត​បរទេស​ដែល​ចុះកម្មសិក្សា ។ ខ្ញុំ​ស្ទាក់ស្ទើរ​មិន​ហ៊ាន​និយាយ​ជាមួយ​គាត់​ឡើយ រហូត​ដល់​ខ្ញុំ​បាន​ឃើញ​គាត់​និយាយ​ជាមួយ​គេ​នៅ​ក្លឹប​ហាត់ប្រាណ​នោះ ហើយ​ដោយ​ក្តីភ្ញាក់ផ្អើល​គឺ​ថា​គាត់​ចេះ​និយាយ​ភាសា​ជប៉ុន ។ ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ថា​ពុំ​អាច​ទុកចិត្ត​មនុស្ស​ផ្សេង​ឡើយ ប៉ុន្តែ​គាត់​បាន​ផ្តល់​យោបល់​ថា យើង​ហ្វឹកហ្វាត់​ជាមួយ​គ្នា ។ មាន​អ្វី​មួយ​ដែល​ចម្លែក​អំពី​គាត់ ដែល​ខ្ញុំ​ពុំ​យល់​នៅ​គ្រា​នោះ​ឡើយ ។ ខ្ញុំ​មាន​អារម្មណ៍​ស្ងប់​ចិត្ត នៅពេល​ខ្ញុំ​នៅ​ជិត​គាត់ ។ ខ្ញុំ​បាន​ចាប់ផ្តើម​ទន្ទឹង​ចាំ​ដល់​ម៉ោង​ហ្វឹកហ្វាត់​ជាមួយ​គ្នា ។ ខ្ញុំ​បាន​រកឃើញ​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​អាច​ទុកចិត្តធ្វើ​ជា​មិត្តភក្តិ​ម្នាក់ ។

បន្ទាប់​ពី​ការហ្វឹកហ្វាត់​ជាមួយ​គ្នា​អស់​ពេល​ជាច្រើន​ខែ​មក ចាស្ទីន បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​ទទួល​ទាន​អាហារ​ពេលល្ងាច​ជាក្រុម ដែល​គាត់​តែងតែ​ទៅ​ជា​ប្រចាំ ។ ខ្ញុំ​មាន​ការស្ទាក់ស្ទើរ​នឹង​ទៅ ប៉ុន្តែ​បន្ទាប់​ពី​ការអញ្ជើញ​បួន​ប្រាំ​ដង​មក ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​ទទួល​ទាន​អាហារ​ពេលល្ងាច​ជាមួយ​យុវមជ្ឈិមវ័យ​នៅលីវ នៅ​ផ្ទះ​របស់ រីឆាដ និងខរីណា ក្លាក ។ ពួកគេ​បាន​ទទួល​ស្វាគមន៍​ខ្ញុំ​ដោយ​ក្តី​កក់ក្តៅ​ពេល​ខ្ញុំ​ចូល​ទៅក្នុង​ផ្ទះ​របស់​ពួកគេ បងប្រុស ក្លាក ស្វាគមន៍​ជា​ភាសា​ជប៉ុន ហើយ​បងស្រី ក្លាក ស្វាគមន៍​ជា​ភាសា​អង់គ្លេស ។ ខ្ញុំ​ពុំ​យល់​អ្វី​ដែល​បងស្រី ក្លាក និយាយ​ឡើយ ប៉ុន្តែ​ខ្ញុំ​ព្យាយាម​ឆ្លើយ​ទៅ​កាន់​គាត់ ។ ទោះបី​ជា​មនុស្ស​មួយ​ចំនួន​នៅ​ទីនោះ​ពុំ​និយាយ​ភាសា​ជប៉ុន​ក្តី ពួកគេ​គឺ​ជា​ក្រុម​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់ និង​រីករាយ ដែល​មាន​ភាពកក់ក្តៅ និង​រួសរាយ​រាក់ទាក់ ។ ពួកយើង​​សើច​រហូត ។

ខ្ញុំ​បាន​ចាប់ផ្តើម​ចូលរួម​សកម្មភាព​នានា​របស់​យុវមជ្ឈិមវ័យ​នៅលីវ​ផ្សេង​ទៀត ហើយ​មាន​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដែល​ពុំ​ធ្លាប់​មាន​ពីមុន​មក​ក្នុង​ជីវិត​ខ្ញុំ​ឡើយ ។ ខ្ញុំ​ឆ្ងល់​ថា តើ​មាន​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទាំង​នេះ​មាន​ចិត្ត​ល្អ ហើយ​រួសរាយ​បែប​នេះ ។

អំឡុង​ពេល​នោះ ចាស្ទីន​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​គិតចង់​ធ្វើអ្វី​បន្ត​ទៀត​នៅ​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​ភ្ញាក់ផ្អើល​ណាស់​ដោយ​ឃើញ​ថា គោលដៅ​របស់​ខ្ញុំ​បាន​ចាប់ផ្តើម​ផ្លាស់ប្តូរ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ចង់​រៀន​ឲ្យ​ចេះ​និយាយ​ភាសា​អង់គ្លេស ហើយ​ខ្ញុំ​ចង់​ធ្វើ​ជាមិត្ត​នឹង​មនុស្ស​គ្រប់គ្នា ​ដូច​ជា​គាត់​បាន​ធ្វើ ។ គាត់​បាន​ប្រាប់​ខ្ញុំ​អំពី​ថ្នាក់រៀន​ភាសា​អង់គ្លេស​នៅ​ព្រះវិហារ​ដែល​រៀន​ពុំ​គិត​ថ្លៃ ។ ខ្ញុំ​បាន​ទៅ​រៀន​ភាសា​អង់គ្លេស ហើយ​បាន​ជួប​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ទោះបីជា​ខ្ញុំ​ពុំ​ធ្លាប់​គិត​អំពី​ព្រះ​ក្តី ក៏​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គួរតែ​ស្តាប់​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ពួកគេ​បាន​បង្រៀន​ខ្ញុំ​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹង​ល្អ ហើយ​បាន​ទូរសព្ទ​មក​រក​ខ្ញុំ​ស្ទើរតែ​រាល់​ថ្ងៃ ។ ពួកគេ​បាន​ក្លាយ​ជា​មិត្ត​ល្អ​របស់​ខ្ញុំ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​យ៉ាង​ខ្លាំង ដោយសារ​ខ្ញុំ​ពុំ​ទាន់​មាន​មិត្តភក្តិ​ច្រើន​នៅ​ឡើយ ។

ខ្ញុំ​បាន​ចាប់ផ្តើម​ជួប​សមាជិក​ជា​ច្រើន​នៃ​សាសនាចក្រ ដែល​បាន​ទៅ​បង្រៀន​ខ្ញុំ​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា ហើយ​ពួកគេ​ក្លាយ​ជា​មិត្តល្អ​របស់​ខ្ញុំ ។ ពួកគេ​បាន​បង្រៀន​ខ្ញុំ​អំពី​ដំណឹង​ល្អ ហើយ​បាន​ធ្វើជា​គំរូ​ដល់​ខ្ញុំ ។ ចាស្ទីន​បាន​និយាយ​ជាមួយ​ខ្ញុំ​អំពី​ព្រះគម្ពីរ​រមន ហើយ​បាន​ប្រាប់​ខ្ញុំ​អំពី​រឿង​នានា ដែល​មាន​នៅក្នុង​នោះ ដូច្នេះ​គាត់ធ្វើ​ឲ្យ​ខ្ញុំ​ចង់​អាន​គម្ពីរ​នោះដោយ​ខ្លួន​ឯង ។ មិត្ត​ម្នាក់​ឈ្មោះ ស្ស៊ីនហ្គូ ជា​អ្នក​ដែល​ពូកែ​ពន្យល់​យ៉ាង​ល្អិតល្អន់ បាន​ពិភាក្សា​គោលលទ្ធិ​នានា​ជាមួយ​ខ្ញុំ តាម​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ងាយយល់ ។ គាត់​តែងតែ​ថ្លែងទីបន្ទាល់​របស់​គាត់ នៅ​ពេល​យើង​ពិភាក្សា​គ្នា​ចប់ ។

ខ្ញុំ​បាន​រកឃើញ​អ្វី​ដែល​ខ្ញុំ​បាន​ជឿ និង​កន្លែង​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា ជាកន្លែង​របស់​ខ្ញុំ ។ បន្ទាប់​ពី​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក និងពិធី​បញ្ជាក់​មក ខ្ញុំ​បាន​ចាប់ផ្តើម​គិត​អំពី​ការបម្រើ​បេសកកម្ម ប៉ុន្តែ​ខ្ញុំ​បារម្ភ​អំពី​ការលះបង់​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​នោះ ។ ខ្ញុំ​បាន​និយាយ​ជាមួយ​មនុស្ស​ជាច្រើន អំពី​ការបម្រើ​បេសកកម្ម ជាពិសេស​ជាមួយ​មិត្តភក្តិ​របស់​ខ្ញុំ ដែល​ជា​អ្នក​ត្រឡប់​មក​ពី​បេសកកម្ម​ ។ ខ្ញុំ​បាន​គិត​ច្រើន​អំពី​រឿង​នោះ ហើយ​ខ្ញុំ​បាន​ដឹង​ថា ដំណឹង​ល្អ​គឺ​ជា​ដំណឹង​តែ​មួយ​គត់​ដែល​អាច​សង្គ្រោះ​ខ្ញុំ​បាន ។

ខ្ញុំ​ដឹង​ថា ព្រះបាន​ប្រទាន​អ្វីៗ​គ្រប់​យ៉ាង​ដល់​ខ្ញុំ ៖ ក្តីសុបិន ក្តីសង្ឃឹម មិត្តភក្ដិ ហើយ​ជាពិសេស​គឺ​សេចក្តីស្រឡាញ់ ។ ដំណឹង​ល្អ​បាន​ជួយ​ខ្ញុំ​ចេញ​ពី​ភាព​អន្ធការ​ទៅ​រក​ពន្លឺ ។

របៀប​ដែល​ខ្ញុំ​ចែកចាយ​ដំណឹង​ល្អ​ជាមួយស្ស៊ូហូ

ដោយ ចាស្ទីន គ្រីស្ទី

រូបភាព
men at the gym

នៅពេល​ខ្ញុំ​បាន​ជួប​ស្ស៊ូហូ​នៅ​ក្លឹប​ហាត់​ប្រាណ គាត់​បាន​និយាយ​ថា គាត់​ចង់​រៀន​ភាសា​អង់គ្លេស ហើយ​នឹង​ទៅ​កម្មវិធី​កីឡាវាយ​កូនហ្គោល​នៅ​ក្រៅ​ប្រទេស ។ ខ្ញុំ​បាន​ប្រាប់​គាត់​អំពី​ថ្នាក់​ភាសា​អង់គ្លេស​នៅ​ព្រះវិហារ ប៉ុន្តែ​វា​ចំណាយ​ពេល​ជា​ច្រើន​សប្តាហ៍​ពីមុន​យើង​អាច​ចូល​រៀន​ថ្នាក់​នោះ​បាន ។ ក្នុង​ពេល​ដំណាល​គ្នា​នោះ នៅពេល​យើង​ហាត់​ប្រាណ​ជាមួយ​គ្នា នោះ​យើង​បាន​ពិភាក្សា​គ្នា​យ៉ាង​ច្រើន អំពី​ប្រធាន​បទ​នានា​នៃ​ដំណឹង​ល្អ អំពី​ព្រះគម្ពីរ​មរមន និង​អំពី​ភាពទូទៅ​នៃ​ជីវិត ។

មិត្តភាព និង​គំរូ​ល្អៗ​របស់​សមាជិក​គ្រួសារ ដែល​គាត់​បាន​ជួប បាន​ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍ ហើយ​បាន​ជួយ​គាត់​រៀន​ដំណឹង​ល្អ ។ ព្រះវិញ្ញាណ​បាន​ដឹកនាំ​ឲ្យ​មាន​ការប្រែចិត្តជឿ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​ចែកចាយ​សារលិខិត ហើយ​គាំទ្រ​មនុស្ស នៅពេល​ពួកគេ​ជ្រើសរើស​ដោយ​ខ្លួន​ពួកគេ ។

ខ្ញុំ​ធ្លាប់​មាន​ភាព​តានតឹង​ក្នុង​ចិត្ត ​នៅពេល​គិត​អំពី​ការចែកចាយ​ដំណឹង​ល្អ ។ ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​ថា ប្រសិនបើ​យើង​គ្រាន់តែ​បើក​មាត់​នៅ​ចំពេល​ដែល​ត្រឹមត្រូវ នោះ​យើង​នឹង​មាន​ឱកាស​ផ្សព្វផ្សាយ​សាសនា​បាន ។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​អញ្ជើញ​មនុស្ស​ឲ្យមក​សកម្មភាព ឬ ការប្រជុំ​នៅ​ព្រះវិហារ ។ ប្រសិនបើ​យើង​បើក​ដួងចិត្ត​របស់​យើង នោះ​នឹង​មាន​ឱកាស​ជាច្រើន​ដើម្បី​ចែកចាយ​ដំណឹង​ល្អ ។