សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ការផ្តល់ជំនិះ និងការចែកចាយដំណឹងល្អ
ការបើកឡានឆ្លងកាត់ទីជនបទនៅក្នុងប្រទេសអង់គ្លេសមានភាពស្ងប់ស្ងាត់ និងសុខសាន្ត ពេលខ្ញុំបើកឡានទៅព្រះវិហារនាព្រឹកថ្ងៃអាទិត្យមួយ ។ នៅតាមផ្លូវខ្ញុំបានឃើញស្ត្រីចំណាស់ម្នាក់នៅលើចិញ្ចើមផ្លូវ ។ ខ្ញុំត្រូវសម្រេចចិត្តភ្លាមៗថាត្រូវឈប់ឡានឬអត់ ហើយចង់ដឹងថាតើគាត់ត្រូវការយាន្តជំនិះដែរឬអត់ ។
ខ្ញុំមានអារម្មណ៍ថាខ្ញុំគួរតែឈប់ឡាន ។ គាត់បានប្រាប់ខ្ញុំថា គាត់ឈ្មោះម៉ារី ហើយគាត់ទើបតែមកដល់ទីនោះ ។ ខ្ញុំបានដឹងថា ប្រសិនបើគាត់មកយឺតជាងនេះបន្តិច ឬបើខ្ញុំមកលឿនជាងនោះបន្តិចនោះ យើងពុំបានជួបគ្នាឡើយ ។ វាចំពេលគ្នាតែម្តង ។
គាត់បានប្រាប់ខ្ញុំពីកន្លែងដែលគាត់ត្រូវទៅ ហើយវានៅជិតសាលាជំនុំ ។ ខ្ញុំបាននិយាយថា ខ្ញុំកំពុងធ្វើដំណើរទៅព្រះវិហារ ហើយបានសួរគាត់ប្រសិនបើគាត់ធ្លាប់ឮពីព្រះវិហារ ។ គាត់បាននិយាយថា គាត់មានសេចក្តីជំនឿលើព្រះអង្គសង្គ្រោះ ប៉ុន្តែគាត់បានដឹងតិចតួចណាស់អំពីពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ នៅតាមផ្លូវខ្ញុំបានចែកចាយដំណឹងល្អជាមួយគាត់ ។
នៅពេលខ្ញុំដាក់ម៉ារីចុះ ខ្ញុំបាននិយាយថា ខ្ញុំអាចដឹកគាត់ម្តងទៀតបាននៅពេលព្រះវិហារចប់ ។ គាត់បានទទួលយកការស្នើសុំនោះ ហើយយើងបានណាត់ជួបគ្នានៅសាលាជំនុំ ។ នៅពេលខ្ញុំដើរចូលទៅព្រះវិហារ ខ្ញុំបានជួបអ្នកផ្សព្វផ្សាយសាសនា ហើយបានសូមព្រះគម្ពីរមរមនមួយក្បាលពីពួកគេ ឲ្យទៅមិត្តភក្តិថ្មីរបស់ខ្ញុំនោះ ។ ក្រោយមក ពេលគាត់មកដល់សាលាប្រជុំ សមាជិកមានភាពរួសរាយរាក់ទាក់ ហើយបានចែកចាយទីបន្ទាល់ពួកគេជាមួយគាត់ ។
នៅពេលជិះឡានត្រឡប់ទៅវិញ ខ្ញុំបានប្រាប់ម៉ារីថា គាត់អាចរៀនបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ តាមរយៈការអានព្រះគម្ពីរមរមន ។ ខ្ញុំក៏បានប្រាប់គាត់អំពីកន្លែងដែលគាត់ អាចអានដំណើររឿងនៃការបង្ហាញព្រះកាយរបស់អង្គសង្គ្រោះដល់ពួកសាសន៍នីហ្វៃ ។ ទោះបីជាបទពិសោធន៍ដែលគាត់មានជាមួយពួកបរិសុទ្ធថ្ងៃចុងក្រោយមានរយៈពេលខ្លីក្តី ខ្ញុំដឹងថាគាត់បានទទួលអារម្មណ៍អំពីអ្វីមួយ ។ ខ្ញុំបានដាក់ម៉ារីចុះនៅកន្លែងដដែលដែលយើងជួបគ្នា ។ ខ្ញុំមិនរំពឹងថាជួបគាត់ម្តងទៀតឡើយ ។
ពេលខ្ញុំកំពុងបើកឡានចេញពីធ្វើការត្រឡប់ទៅផ្ទះវិញនាថ្ងៃបន្ទាប់ ខ្ញុំត្រូវបើកលើផ្លូវវាងមួយដែលខ្ញុំពុំធ្លាប់ធ្វើដំណើរពីមុន ។ ខ្ញុំភ្ញាក់ផ្អើលណាស់ ដោយបានឃើញម៉ារីម្តងទៀត ! ពេលគាត់បានឃើញខ្ញុំ គាត់បានញញឹមដាក់ខ្ញុំ ។ ខ្ញុំរីករាយនឹងដឹកគាត់ម្តងទៀត ។
ខ្ញុំលែងបានជួបម៉ារីតាំងពីពេលនោះមក ប៉ុន្តែពេលខ្ញុំចាំអំពីបទពិសោធន៍នោះ ខ្ញុំមានអំណរគុណចំពោះព្រះអម្ចាស់ដែលបានប្រទានឱកាសដល់ខ្ញុំ ឲ្យចែកចាយដំណឹងល្អ ។ ខ្ញុំដឹងថាព្រះអម្ចាស់ប្រទានពរដល់ពួកយើង ទៅតាមពេលវេលាដ៏ឥតខ្ចោះរបស់ទ្រង់ ។