២០១៧
រឹងប៉ឹងពេញ​មួយ​សប្តាហ៍
July 2017


រឹងប៉ឹង ពេញ​មួយ​សប្តាហ៍

យុវវ័យទាំងនេះ​ចែកចាយ​អំពី​របៀប​ដែល​ព្រះអម្ចាស់​ប្រទានពរ​ដល់​ពួកគេ នៅពេល​ពួកគេ​ទទួលទាន​សាក្រាម៉ង់ ហើយ​ចងចាំ​សេចក្តីសញ្ញា​របស់​ខ្លួន​ពេញ​មួយ​សប្តាហ៍ ។

រូបភាព
young woman taking the sacrament

វា​ជា​យប់​ថ្ងៃ​អាទិត្យ ។ នោះ​មាន​ន័យ​ថា​ថ្ងៃ​ស្អែក​គឺ​ជា​ថ្ងៃ​ចន្ទ — ត្រូវ​ត្រឡប់ទៅ​ធ្វើកិច្ចការ​សាលា ធ្វើការងារ ហាត់សម​បាល់​ឱប រៀន​លេង​ព្យាណូ និង​កិច្ចការ​ផ្សេងៗ​ទៀត ។ មាន​កិច្ចការ​ជាក់លាក់​ជាច្រើន​ដែល​ត្រូវ​ធ្វើក្នុង​សប្តាហ៍​នេះ ! ប៉ុន្តែ​អ្នក​អាច​ធ្វើ​កិច្ចការ​ទាំង​នោះ​បាន ។ អ្នក​អាច​សម្រេច​កិច្ចការ​ជាច្រើន​ដែល​អ្នក​គ្រោង​ចង់​ធ្វើ​សប្តាហ៍​នេះ ។

តើ​អ្នក​ចង់​ដឹង​ថា​ធ្វើ​បែបណា​ដែរ​ឬ​ទេ ?

អ្នក​មាន​ភាពរឹងមាំ​ខាង​វិញ្ញាណ​ជួយ​ដល់​អ្នក ។ ជារៀងរាល់​ថ្ងៃ​អាទិត្យ អ្នក​អាច​ទទួល​ទានសាក្រាម៉ង់ ហើយ​រំឭក​សេចក្តី​​សញ្ញា​ដែល​អ្នក​បាន​ចុះ ។ នៅពេល​អ្នក​ធ្វើ​បែបនោះ អ្នក​ត្រូវបាន​សន្យា​ថា ប្រសិនបើ​អ្នក​លើក​ដាក់​មក​លើ​ខ្លួន​អ្នក​នូវ​ព្រះនាម​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ចងចាំ​ទ្រង់ ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ នោះ​អ្នក​នឹង​មានព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅជាមួយ​អ្នក ជាដរាប ( សូមមើល គ. និង ស. ២០:៧៧, ៧៩ ) ។ នោះ​មាន​ន័យ​ថា អ្នក​អាច​ទទួល​អារម្មណ៍​ថា​ត្រូវបាន​ពង្រឹង​ខាង​វិញ្ញាណ ទោះបី​អ្នក​ជួប​នឹង​រឿង​អ្វី​ក៏​ដោយក្នុង​សប្តាហ៍​នេះ ។

យើង​បាន​សូម​ឲ្យ​យុវវ័យ​មួយ​ចំនួន​ចែកចាយ​អំពី​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​ពិធីសាក្រាម៉ង់ និង​របៀប​ដែល​ពិធីនេះ​បាន​ពង្រឹង​ដល់​ពួកគេ នៅពេល​ពួកគេ​ចងចាំ​សេចក្តីសញ្ញា​របស់​ខ្លួន​ពេញ​មួយ​សប្តាហ៍​នោះ ។ សូម​អាន​អំពី​រឿង​មួយ​ចំនួន​របស់​ពួកគេ ។ ប្រហែល​ជា​អ្នក​ធ្លាប់​ជួប​នឹង​រឿង​ស្រដៀង​គ្នា​នេះ​ផងដែរ !

ការចងចាំ​ព្រះអង្គសង្គ្រោះ​ជានិច្ច​ជួយ​ខ្ញុំ​ឲ្យ​មាន​ភាពក្លាហាន​នៅក្នុង​ការប្រឈម​មុខ​នឹង​ការសាកល្បង​លំបាកៗ ។ កាល​រៀន​នៅ​វិទ្យាល័យ​បាន​ពាក់​កណ្ដាល​ឆ្នាំ គ្រួសារ​ខ្ញុំ​បាន​ប្តូរ​ទីលំនៅ​ទៅ​សហរដ្ឋ​វិញ ប៉ុន្តែ​ខ្ញុំ​បន្ត​នៅ​ប្រទេស​អូស្ត្រាលី​តែ​ម្នាក់​ឯង ដើម្បី​រៀន​បញ្ចប់​ថ្នាក់​នោះ​សិន ។ បន្ទាប់​ពី​ខ្ញុំ​ទៅលេង​ពួកគេ​អំឡុង​ពេល​វិស្សមកាល ខ្ញុំ​បាន​ជិះ​យន្ត​ហោះ​ត្រឡប់​មក​ប្រទេស​អូស្ត្រាលី​វិញ ហើយ​ខ្ញុំ​មាន​អារម្មណ៍ថា​​ឯកោ​ខ្លាំង​ណាស់ ។ ប៉ុន្តែ​ភ្លាម​នោះ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពុំ​នៅ​ឯកោ​ឡើយ ខ្ញុំ​ពុំ​ធ្លាប់​នៅ​ឯកោ ឬ​នឹង​នៅ​ឯកោ​ឡើយ ដោយសារ​ព្រះវិញ្ញាណ​របស់​ព្រះអង្គសង្គ្រោះ​នឹង​គង់​នៅ​ជាមួយ​ខ្ញុំ​ជា​ដរាប នៅពេល​ខ្ញុំ​ព្យាយាម​ធ្វើ​តាម​ទ្រង់ ។ នោះ​គឺ​ជា​ការលួងលោម​ដ៏​អស្ចារ្យ​បំផុត ដែល​ខ្ញុំ​បាន​ទទួល​នា​គ្រា​នោះ ។

ស្សារ៉ុន អេស អាយុ ១៩ ឆ្នាំ ទីក្រុង​ស៊ីឌនី ប្រទេស​អូស្ត្រាលី

ពេល​ខ្ញុំ​ស្តាប់ឮ​ការអធិស្ឋាន​សាក្រាម៉ង់ ខ្ញុំ​រំឭក​ខ្លួន​ខ្ញុំ​ថា ប្រសិនបើ​ខ្ញុំ​ធ្វើ​នូវ​ចំណែក​​របស់​ខ្ញុំក្នុង​​សេចក្តីសញ្ញា​បុណ្យ​ជ្រមុជទឹក នោះ​ខ្ញុំ​អាច​ឲ្យ​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​ខ្ញុំ ។ ពេលវេលា​ពេញ​មួយ​សប្តាហ៍​នោះ​ ​កាន់តែ​ងាយស្រួល​ នៅពេល​ខ្ញុំ​រក្សា​ឲ្យ​ព្រះវិញ្ញាណ​គង់​នៅ​ក្បែរ ។ ឧទាហរណ៍ សិស្ស​ជាច្រើន​នៅ​សាលា​រៀន​ខ្ញុំ​និយាយ​ពាក្យ​អសុរស ហើយ​និយាយ​តាម​របៀប​មួយ​ដែល​ពុំ​សមរម្យ ។ ការចងចាំ​អំពី​សេចក្តីសញ្ញា​របស់​ខ្ញុំ ជួយ​ខ្ញុំ​កុំ​ឲ្យ​ខ្វល់​នឹង​អ្វី​ដែល​ខ្ញុំ​ស្តាប់​ឮ ហើយ​វា​ថែមទាំង​មាន​ឥទ្ធិពល​ទៅលើ​យុវវ័យ​ទាំង​នោះ​ឲ្យ​ឈប់​និយាយ​​អសុរស​បែបនោះ​ទៀត ។

ជេកុប ប៊ី អាយុ ១៤ ឆ្នាំ រដ្ឋ ខូឡូរ៉ាដូ ស.រ.អា.

នៅ​សាលា​រៀន​មាន​ក្មេង​ស្រី​​ពិការម្នាក់ ។ សិស្ស​ជាច្រើន​បាន​យក​ការណ៍​នោះ​ជា​ការដោះសារ​បន្ថែម​ដើម្បី​សើច​ចំអក​ដាក់​នាង ។ មាន​តែ​មិត្ត​ខ្ញុំ និង ខ្ញុំ​ប៉ុណ្ណោះ​ដែល​ព្យាយាម​ជួយ​នាង ។ ថ្ងៃ​ខ្លះ វា​ហាក់បីដូច​ជា​សិស្ស​នៅក្នុង​ថ្នាក់​ទាំង​មូល​បាន​រួម​គ្នា​ទាស់​នឹង​នាង ។ វា​លំបាក​ណាស់​ក្នុង​ការដឹង​អំពី​របៀប​ដែល​ត្រូវ​ប្រតិកម្ម​ចំពោះ​រឿង​នោះ ។ ខ្ញុំ​គ្រាន់​តែ​ចង់​ដើរ​ចេញ ប៉ុន្ដែ​ខ្ញុំ​បាន​ជ្រើស​ដើម្បី​ចងចាំ​ថា នាង​គឺជា​បុត្រ​របស់​ព្រះ ហើយ​ខ្ញុំ​គិត​អំពី​របៀប​ដែល​ព្រះយេស៊ូវ​នឹង​ប្រព្រឹត្ត​ដល់​នាង ។ ខ្ញុំ​ទទួល​អារម្មណ៍ពី​ឥទ្ធិពល​ដ៏​ស្ងប់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​ចាំ​ថា ខ្ញុំ​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​បាន ។ ការធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ​បាន​ជួយ​ខ្ញុំ​យ៉ាង​ច្រើន ហើយ​ខ្ញុំ​បាន​ដឹង​ថា អ្វីៗ​គ្រប់យ៉ាង​នឹង​គ្មាន​បញ្ហា​អ្វី​ឡើយ ។

នៅក្នុង​សេចក្តីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​បាន​សន្យា​ថា មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ​ខ្ញុំ ប្រសិនបើ​ខ្ញុំ​ធ្វើ​ដូច​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​អារម្មណ៍​ដែល​លួងលោម និង​ភាពរឹងមាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

អាឡិចស៊ី អិល អាយុ ១៣ ឆ្នាំ រដ្ឋ ខាន់សាស ស.រ.អា.

ការដឹងថា​ខ្ញុំ​បាន​ចុះសេចក្តីសញ្ញាដើម្បី​លើក​ដាក់​មក​លើ​ខ្លួន​ខ្ញុំ​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ វាផ្តល់​នូវ​ការយល់​ដឹង​ដល់​ខ្ញុំ​អំពី​កាតព្វកិច្ច​ដើម្បី​ធ្វើ​តាម​ទ្រង់ ប៉ុន្តែ​វា​ពុំ​ងាយស្រួល​រហូត​នោះ​ឡើយ ។ នា​គ្រា​មួយ​នៅក្នុង​សកម្មភាព​ក្រុម ខ្ញុំ​បាន​ឃើញ​ក្មេង​ម្នាក់​ដែល​គ្មាន​នរណា​និយាយ​ជាមួយ​ឡើយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គួរតែ​ទៅ​និយាយ​រក​គាត់ ។ ដំបូង ខ្ញុំ​ពុំ​ចង់​ធ្វើ​​ឡើយ ។ ខ្ញុំ​ពុំ​សូវ​ពូកែ​ក្នុង​ការរួសរាយ​រាប់អាន​មិត្តភក្តិ​ឡើយ ។ ប៉ុន្តែ​ដោយ​ការចងចាំ​អំពី​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ នោះ​ខ្ញុំ​បាន​រកឃើញ​ភាពរឹងប៉ឹង​ដើម្បី​រាប់អាន​មិត្តភក្តិថ្មី ។ នៅពេល​ខ្ញុំ​និយាយ​រក​គាត់ ខ្ញុំ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បំផុស​គំនិត​ខ្ញុំ ឲ្យ​សួរសំណួរ​គាត់ ហើយ​មាន​ភាពរីករាយ ។

អ៊ីវ៉ាន អេ អាយុ ១៦ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា.

អំឡុង​ពេល​ពិធីសាក្រាម៉ង់ ខ្ញុំ​ធ្លាប់​គិត​អំពីកិច្ចការ​នានា​ដូច​ជា​កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នៅក្នុង​សប្តាហ៍​បន្ទាប់ កិច្ចការនៅ​សាលា ឬ​គិ​ត​អំពី​មិត្តភក្តិ​របស់​ខ្ញុំ ។ ប៉ុន្តែ​ក្រោយ​មក​តាមរយៈ​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ និង​សារលិខិត​មក​ពី​ព្យាការី​របស់​យើង ខ្ញុំ​បាន​ចាប់ផ្តើម​យល់​អំពី​អត្ថន័យ​នៃ​ពិធីសាក្រាម៉ង់ ។ ឥឡូវ​នេះ​ខ្ញុំ​គិត​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ថា​ទ្រង់​បាន​ថ្វាយ​ព្រះជន្ម​ទ្រង់​សម្រាប់​ពួកយើង បាន​បង់​ថ្លៃសម្រាប់​អំពើ​បាប​របស់​យើង ហើយ​បាន​រងទុក្ខ​ចំពោះ​រឿង​គ្រប់​យ៉ាង ។ ការណ៍​នេះ​ផ្តល់​ការជំរុញ​ទឹកចិត្ត​ខ្ញុំ​រៀងរាល់​ថ្ងៃ​ឲ្យ​ខ្ញុំ​និយាយ​ថា ខ្ញុំ​អាច​ព្យាយាម​ប្រែក្លាយ​ដូច​ជាទ្រង់ ហើយ​បង្ហាញ​សេចក្តីស្រឡាញ់​ដូចដែល​ទ្រង់​បាន​បង្ហាញ​ដល់​អ្នកដទៃ ។ ខ្ញុំ​អាច​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​អ្នកដទៃ ។ ខ្ញុំ​អាច​ធ្វើកិច្ចការ​នានា​ដើម្បី​ឲ្យ​បាន​កាន់តែ​សក្តិសម​ដើម្បី​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ទទួល​ទាន​សាក្រាម៉ង់ ។

អាឡេសសាន់ត្រា ប៊ី អាយុ ១៧ ឆ្នាំ ទីក្រុង​សាន់ទីអាហ្គោ ប្រទេស​ឈីលី

ពិធីសាក្រាម៉ង់​គឺ​ជា​ការលើក​ស្ទួយ​ខាង​វិញ្ញាណ​សម្រាប់​មួយ​សប្តាហ៍​ទាំង​មូល ។ ពិធី​នេះ​រំឭក​ខ្ញុំ​អំពី​សេចក្តីសញ្ញា​ដែល​ខ្ញុំ​បាន​ចុះ​ជាមួយ​ព្រះវរបិតាសួគ៌​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌ ហើយ​ពិធី​នេះ​ដឹកនាំ​ខ្ញុំ​ពេញ​មួយ​សប្តាហ៍​ទាំង​មូល ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​ការពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​ពួកយើង ហើយ​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ​សម្រាប់​សប្តាហ៍​ក្រោយ​ទៀត ។

មាន​គ្រា​មួយ​ខ្ញុំ​មាន​ការតានតឹង​ក្នុង​ចិត្ត និង​មានការលំបាក​ជាខ្លាំង ប៉ុន្តែ​នៅពេល​ខ្ញុំ​ទទួល​ទាន​សាក្រាម៉ង់ ហើយ​អាន​ទំនុកតម្កើង​សាក្រាម៉ង់ នោះ​ខ្ញុំ​ពោរពេញ​ដោយ​ព្រះវិញ្ញាណ ។ ខ្ញុំ​បាន​ភ្លេច​ពី​ភាពតានតឹងផ្លូវ​ចិត្ត​របស់​ខ្ញុំ ហើយ​ផ្តោត​លើ​ព្រះអង្គសង្គ្រោះ​វិញ ។

ប្រែដ ប៊ី អាយុ ១៧ ឆ្នាំ រដ្ឋ​ខូឡូរ៉ាដូ ស.រ.អា.

សម្រាប់​ខ្ញុំ ការលើក​ដាក់​មក​លើ​ខ្លួន​ខ្ញុំ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ មាន​ន័យ​ថា​ចងចាំ​ថា ព្រះវិញ្ញាណ​របស់​ទ្រង់​អាច​គង់​នៅជាមួយ​ពួកយើង​ជានិច្ច ហើយ​ថា​យើង​ត្រូវតែ​ជ្រើសរើស​ធ្វើ​អ្វី​ដែល​ត្រូវ ។ មាន​គ្រា​មួយ​នៅក្នុង​ពិធីជប់លៀង​ថ្ងៃខួបកំណើត មិត្តភក្តិ​របស់​ខ្ញុំ​បាន​ផឹក​គ្រឿង​ស្រវឹង ហើយ​ពួកគេ​បាន​ឲ្យ​ខ្ញុំ​ផឹក​គ្រឿង​ស្រវឹង​នោះផងដែរ ។ ខ្ញុំ​បាន​បដិសេធ​ពុំ​ផឹក​វា​ឡើយ ។ ក្រោយ​មក​មាន​មិត្តភក្តិ​ម្នាក់​របស់​ខ្ញុំ​ដែល​ជា​សមាជិក​នៅ​សាសនាចក្រ បាន​មក​ហើយ​ប្រាប់​ពួកគេ​ថា យើង​ពុំ​ផឹក​គ្រឿង​ស្រវឹង​ឡើយ ដោយសារ​វា​ជា​ច្បាប់​ហាម​ឃាត់​ក្នុង​សាសនា​របស់​យើង ។ ការចងចាំ​ព្រះអង្គសង្គ្រោះ​ជានិច្ច​នាំ​ឲ្យ​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជិត​ខ្ញុំ​ជានិច្ច ហើយ​រារាំង​រឿង​អាក្រក់​ឲ្យ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ ។

ម៉ៃហ្គែល ស៊ី អាយុ ១៦ ឆ្នាំ ទីក្រុងប៉ារ៉ាណា ប្រទេស​ប្រេស៊ីល ។

ការទទួលទាន​សាក្រាម៉ង់​ផ្តល់​អារម្មណ៍ និង​គំនិត​សុខសាន្ត​ដល់​ខ្ញុំ ដែល​នាំ​ឲ្យ​ខ្ញុំ​អាច​ទប់ទល់​នឹង​រឿងរ៉ាវ​ដែល​កើត​ឡើង​ក្នុង​ជីវិត​ខ្ញុំ ។ កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន ខ្ញុំ​មាន​គ្រា​ដ៏​លំបាក​ក្នុង​ជីវិត​ខ្ញុំ ។ មិត្តភក្ដិ​ស្និទ្ធស្នាល​របស់​ខ្ញុំ​ម្នាក់​បាន​ប្តូរទីលំនៅ​ទៅ​រស់នៅ​ឆ្ងាយ ខ្ញុំ​មាន​ការលំបាក​នឹង​ជំងឺបាក់ទឹកចិត្ត ហើយ​ខ្ញុំមាន​គំនិត​ពុំ​ប្រាកដប្រជា​អំពី​រូបកាយ​នេះ​ឡើយ ។ ថ្ងៃ​អាទិត្យ​មួយ ខ្ញុំ​កំពុង​ទទួល​ទានសាក្រាម៉ង់ ស្រាប់​តែ​អារម្មណ៍​នៃ​ភាពសុខសាន្ត​ដ៏​ខ្លាំង​បាន​កើត​មាន​ក្នុង​ចិត្ត​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ពិតជា​រីករាយ​ណាស់ ។

អូលីវៀ ធី អាយុ ១៤ ឆ្នាំ រដ្ឋ​វើរជីញ៉ា ស.រ.អា.