២០១៧
កាបូប​លុយ​វេទមន្ដ
July 2017


កាបូប​លុយ​វេទមន្ដ

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ ណេវ៉ាដា ស.រ.អា. ។

« ជ្រើសរើស​ផ្លូវ​ត្រូវ ហើយ​ចូរ​រីករាយ ។ ខ្ញុំ​ត្រូវ​ជ្រើស​ផ្លូវត្រូវ​ជានិច្ច » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨២ ) ។

រូបភាព
The Magic Wallet

មែនឌី បាន​និយាយ​ថា « ខ្ញុំ​ចាប់​ឯង​បាន​ហើយ ! » នាង​បាន​ប៉ះ​ប្អូនប្រុស​របស់​នាង ហើយនាង​បាន​ហែល​ទឹក​ចេញ​ទៅ ។ គ្រួសារ​របស់​មែនឌី​បាន​ស្នាក់នៅ​ក្នុង​សណ្ឋាគារ រហូត​ដល់​ពេល​ពួកគេ​ប្តូរ​ទី​លំនៅ​ទៅ​ផ្ទះ​ថ្មី​របស់​ខ្លួន ។ វា​រីករាយ​ណាស់​ក្នុងការ​ញ៉ាំ​អាហារ​រ៉ាវីអូលី​កម្តៅ​ក្តៅឧណ្ណៗ​នៅក្នុង​ម៉ាស៊ីន​កម្តៅ​អាហារ​សម្រាប់​អាហារ​ថ្ងៃត្រង់ ។ ហើយ​ពួកគេ​ហែល​ទឹក​លេង​នៅក្នុង​សណ្ឋាគារ​នោះ​ស្ទើរតែ​រាល់​ថ្ងៃ ។

ប៉ុន្តែ​មាន​អ្វី​មួយ​ដែល​ពុំសូវ​ជា​ល្អ​នៅក្នុង​ការរស់នៅ​សណ្ឋាគារ​នោះ ។ ការិយាល័យ​របស់​អ្នកគ្រប់គ្រង​សណ្ឋាគារ​នោះ​នៅ​ជាន់​ក្រោម​បន្ទប់​របស់​ពួកគេ ហើយ​អ្នកគ្រប់គ្រង​នោះ​គិត​ថា មែនឌី និង​បងប្អូន​ប្រុស​ស្រី​របស់​នាង​ឡូឡា​ណាស់ ។ គាត់​បាន​សួរ​ប៉ា​របស់​ពួកគេ​ថា « តើ​ខ្ញុំ​អាច​ជួល​បន្ទប់​ឲ្យ​អ្នក​បាន​យ៉ាង​ដូចម្តេច​ទៅ នៅពេលវា​ឮសូរ​សំឡេង​ដូច​ដំរី​ចុះ​ប្រេង​នៅ​ហឹង​នឹង​ត្រចៀក​បែប​នេះ ? » ។

បន្ទាប់​ពី​បរិភោគ​អាហារ​ពេល​ថ្ងៃ​ហើយ ប្អូនប្រុស​របស់​មែនឌី អើរ៉ុន​បាន​លោត​ចេញ​ពី​គ្រែ ហើយ​ទន្ទ្រាំ​លើ​កម្រាល​ឥដ្ឋ​ឮ​សូរ គ្រាំៗ ។​ មែនឌី​បាន​គ្រវី​ក្បាល ហើយ​មើលទៅ​ម៉ាក់ ។

ម៉ាក់​បាន​និយាយ​ថា « សូម​កុំ​លោត សូម​ដើរ​ថ្នមៗ » ។

ប៉ុន្តែ​វា​យឺត​ពេល​ទៅ​ហើយ ។ ទូរសព្ទ​បាន​រោទិ៍​ឡើង ។

មែនឌី​បាន​គិតថា « អូ៎ នោះ » ។

ម៉ាក់​បាន​ទទួល​ទូរសព្ទ ។ មែនឌី​អាច​ស្តាប់​ឮ​ម្តាយ​របស់​នាង​និយាយ​សូម​ទោស​អ្នកគ្រប់គ្រង​នោះ ។

ម្តាយ​នាង​បាន​ញាក់​ស្មា​ដោយ​បាក់​ទឹកចិត្ត ពេលគាត់​ដាក់​ទូរសព្ទ​ចុះ​វិញ ។ គាត់​បាន​និយាយ​ថា « អេដវើដ និង​មែនឌី ម៉ាក់​ត្រូវ​ឲ្យ​អើរ៉ុន និង​អ៊ីមីលី​គេង ។ តើ​កូន​អាច​យក គ្រីស្ទីន និង ដានីយ៉ែល​ទៅដើរ​លេង​បាន​ទេ ? »

នៅពេល​ពួកគេ​បាន​ចាប់ផ្តើម​ដើរ​កាត់​កន្លែង​ចត​ឡាន​សណ្ឋាគារ​នោះ មែនឌី បាន​ឃើញ​អ្វី​មួយ​តូច មាន​ពណ៌ត្នោត​នៅ​លើ​ដី ។

វា​គឺ​ជា​កាបូប​លុយ ។ ហើយ​មាន​លុយ​នៅក្នុង​កាបូប​នោះ !

នាង​បាន​និយាយ​ពេល​លើក​កាបូប​នោះ​ឡើង​ថា « នេះនែ៎ អេដវើដ ! » ។

អេដវើដ បាន​និយាយ​ថា « យើង​ត្រូវ​យក​កាបូប​នេះ​ទៅ​ការិយាល័យ​អ្នកគ្រប់គ្រង​ភ្លាម » ។

មែនឌី​មាន​អារម្មណ៍​បុកពោះ ។ ហេតុអ្វី​បាន​ជា​ពួកគេ​ត្រូវ​យក​កាបូប​នោះ​ទៅ​ឥឡូវ​នេះ ? តើ​ម៉ាក់ ឬ​ប៉ា​របស់​ពួកគេ​មិន​អាច​យក​ទៅ​ឲ្យ​គាត់​នៅពេល​ក្រោយ​បាន​ទេ​ឬ ?

ប៉ុន្តែ មែនឌី​បាន​ដឹង​ភ្លាម​អំពី​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​តែធ្វើ ។

ក្មេងៗ​បាន​បើក​ទ្វារ​ការិយាល័យ ហើយ​បាន​ដើរ​ចូល​ទៅក្នុង​បន្ទប់​ដោយ​ភ័យ​ខ្លាច ។ អ្នកគ្រប់គ្រង​នោះ​បាន​ធ្វើ​មុខ​ក្រញ៉ូវ ។ មែនឌី​បាន​និយាយ​ថា « ចា៎ស ពួកខ្ញុំ​បាន​ឃើញ​កាបូប​លុយ​នេះ​នៅ​កន្លែង​ចតឡាន » ។ ដៃ​របស់​នាង​ញ័រ​នៅពេល​នាង​ដាក់​កាបូប​លុយ​នោះ​នៅលើ​តុ​បញ្ជា ។

បុរស​ម្នាក់​ដែល​កំពុង​ឈរ​នៅ​តុបញ្ជា​នោះ​បាន​សម្លឹង​មើល​មក ។ គាត់​បាន​ថ្លែង​ថា « នោះ​ជា​កាបូប​របស់​ខ្ញុំ » ។ គាត់​បាន​ប្រញាប់​មើល​ក្នុង​កាបូប​នោះ ។ « អ្វី​គ្រប់​យ៉ាង​គឺ​នៅក្នុង​នេះ​ទាំងអស់ ។ អរគុណ​ក្មួយ ! »

មែនឌី​បាន​ក្រឡេក​មើល​ទៅ​អ្នក​គ្រប់គ្រង​នោះ ។ មុខ​ក្រញ៉ូវ​របស់​គាត់​បាន​រសាយ​បាត់​ទៅ ហើយ​ទឹកមុខ​របស់​គាត់​មើលទៅ​គួរឲ្យ​រីករាយ ។

ពេល​ពួកគេ​បាន​ចេញ​ពី​ការិយាល័យ​នោះ ដានីយ៉ែល​បាន​សួរ​ថា « តើ​នោះ​ពុំ​មែនជាកាបូបលុយវេទមន្តទេឬ ? »

អេដវើដ​បាន​សួរ « ហេតុអ្វី​បង​គិតថា​វា​ជា​កាបូបលុយ​វេទមន្ត ? »

អេដវើដ​បាន​គ្រវី​ក្បាល ហើយ​និយាយ​ថា​

« ដោយ​សារ​កាបូប​លុយ​នោះ​ធ្វើ​ឲ្យ​មនុស្ស​ដែល​មួរម៉ៅ​សប្បាយ​ចិត្ត ! តើ​វា​ពុំ​មែនជា​កាបូប​លុយវេទមន្ត​ទេឬ ។ គាត់​សប្បាយ​ចិត្ត​ដោយសារ​យើង​បាន​ធ្វើ​រឿង​ត្រឹមត្រូវ » ។

មែនឌី​បាន​មាន​អារម្មណ៍​យ៉ាង​ពិសេស​ក្នុង​ចិត្ត​នាង ។ នាង​ពុំ​ធ្លាប់​ដឹង​សោះ​ថា ការជ្រើសរើស​ធ្វើ​ទង្វើ​ត្រឹមត្រូវ​ធ្វើ​ឲ្យ​មនុស្ស​រីករាយ​ជាខ្លាំង ។

ប៉ុន្មាន​ថ្ងៃ​ក្រោយមក មែនឌី និង​ប៉ា​របស់​នាង​បាន​ទៅ​បង់​ថ្លៃ​បន្ទប់​ក្នុង​សប្តាហ៍​នោះ ។ អ្នកគ្រប់គ្រង​បាន​ញញឹម​ដាក់​មែនឌី ។ គាត់​បាន​ទូរសព្ទ​ទៅ​តែ​ម្តង​គត់ ចាប់តាំង​ពីពេល​ដែលពួកគេ​ឃើញ​កាបូប​លុយ​នោះ​មក ហើយ​គាត់​គ្រាន់តែ​ទូរសព្ទ​ទៅ​អរគុណ​ចំពោះភាព​ទៀងត្រង់​របស់​ពួកគេ ។ មែនឌី មាន​អារម្មណ៍​ថា នាង​បាន​រាប់អាន​មិត្តភក្តិ​ថ្មី ។

មែនឌី​បាន​គិត​ថា « ការជ្រើសរើស​ត្រូវ​គឺ​ជា​រឿង​អស្ចារ្យ​ណាស់ » ។ នាង​បាន​លើដៃ​គ្រវី​លា ហើយ​អ្នកគ្រប់គ្រង​នោះ​បាន​លើកដៃ​គ្រវី​លា​ដាក់​នាង​វិញ ។ « ហើយ​គាត់​ពិត​ជា​មិន​មួរម៉ៅ​ទៀត​ឡើយ តាំងពី​ពេល​នោះ​មក » ។