ព្រះគម្ពីរមរមន ៖ តើជីវិតរបស់អ្នកទៅជាយ៉ាងណា បើគ្មានគម្ពីរនេះ ?
តាមរបៀបនៃអព្ភូតហេតុដ៏អស្ចារ្យបំផុត ព្រះគម្ពីរ មរមនបង្រៀនយើងអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អទ្រង់ ។
នៅឆ្នាំ ១៩៨៦ ខ្ញុំត្រូវបានអញ្ជើញឲ្យផ្ដល់ការបង្រៀនពិសេសមួយនៅឯសាកលវិទ្យាល័យមួយនៅ អាក់រ៉ា ប្រទេសហ្គាណា ។ នៅទីនោះខ្ញុំបានជួបនឹងឥស្សរជនជាច្រើនរូប រួមទាំងស្ដេចមួយអង្គក្នុងកុលសម្ព័ន្ធអាហ្វ្រិកផងដែរ ។ ពេលយើងបានជួបគ្នាពីមុនការបង្រៀននោះ ស្ដេចអង្គនោះបានមានបន្ទូលមកខ្ញុំតាមរយៈអ្នកបកប្រែរបស់ទ្រង់ ។ ខ្ញុំបានតបទៅអ្នកបកប្រែនោះ រួចហើយគាត់ក៏បានបកប្រែឲ្យស្ដេចអង្គនោះ ។
បន្ទាប់ពីការបង្រៀនរបស់ខ្ញុំ ស្ដេចអង្គនោះបានដើរសំដៅមករកខ្ញុំ ប៉ុន្តែពេលនេះគឺគ្មានអ្នកបកប្រែទេ ។ ខ្ញុំភ្ញាក់ផ្អើល ពេលឮទ្រង់មានបន្ទូលជាភាសាអង់គ្លេសបានយ៉ាងល្អ—ខ្ញុំបានលាន់មាត់ថា ដូចជាភាសាអង់គ្លេសពីកំណើត !
ស្ដេចអង្គនោះទំនងជាមានភាពច្របូកច្របល់ ។ ទ្រង់បានសួរថា « តើលោកជានរណា ? »
ខ្ញុំបានតបថា « ខ្ញុំជាសាវកដែលបានតែងតាំងមួយរូបរបស់ព្រះយេស៊ូវគ្រីស្ទ » ។
ទ្រង់បានសួរទៀតថា « តើលោកបង្រៀនខ្ញុំអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ? »
ខ្ញុំបានតបដោយទូលសួរថា « តើខ្ញុំទូលសួរទ្រង់បានទេ ថាទ្រង់បានដឹងអ្វីខ្លះអំពីព្រះគ្រីស្ទ ? »
ចម្លើយរបស់ទ្រង់បានបើកបង្ហាញថា ទ្រង់គឺជាអ្នកសិក្សាព្រះគម្ពីរប៊ីបយ៉ាងឧស្សាហ៍ ហើយជាមនុស្សដែលស្រឡាញ់ព្រះអម្ចាស់ ។
រួចខ្ញុំបានទូលសួរថាតើទ្រង់បានដឹងអំពីការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទដល់ប្រជាជនអាមេរិកកាលពីបុរាណដែរឬទេ ។
ដូចដែលខ្ញុំបានគិតទុក គឺទ្រង់ពុំដឹងនោះទេ ។
ខ្ញុំបានពន្យល់ថា បន្ទាប់ពីការឆ្កាង និងការមានព្រះជន្មឡើងវិញរបស់ព្រះគ្រីស្ទ ទ្រង់បានយាងទៅជួបប្រជាជនអាមេរិកកាលពីបុរាណ បានបង្រៀនដំណឹងល្អរបស់ទ្រង់ ។ ទ្រង់បានរៀបចំសាសនាចក្រទ្រង់ឡើង ហើយបានសុំពួកសិស្សរបស់ទ្រង់ឲ្យរក្សាកំណត់ត្រាមួយអំពីការងារបម្រើរបស់ទ្រង់ដល់ពួកគេ ។
ខ្ញុំបានបន្តថា « យើងហៅកំណត់ត្រានោះថាជាព្រះគម្ពីរមរមន » ។ វាគឺជាសក្ខីបទមួយទៀត អំពីព្រះយេស៊ូវគ្រីស្ទ ។ វាគឺជាដៃគូបទគម្ពីរមួយទៅនឹងព្រះគម្ពីរប៊ីប » ។
លុះដល់ត្រង់នេះ ស្ដេចអង្គនោះមានចំណាប់អារម្មណ៍ យ៉ាងខ្លាំង ។ ខ្ញុំបានងាកទៅប្រធានបេសកកម្មដែលនៅជាមួយនឹងខ្ញុំ ហើយសួរថា តើគាត់មានព្រះគម្ពីរមរមនមួយក្បាលជាប់ខ្លួនដែរឬទេ ។ ខ្ញុំបានដកយកព្រះគម្ពីរមួយក្បាលចេញពីការបូបរបស់គាត់ ។
ខ្ញុំបានបើកទៅ នីហ្វៃទី ៣ ជំពូក ១១ ហើយស្ដេចអង្គនោះ និងខ្ញុំបានអានរួមគ្នានូវការបង្រៀនរបស់ព្រះអង្គសង្គ្រោះដល់ពួកសាសន៍នីហ្វៃ ។ រួចខ្ញុំថ្វាយព្រះគម្ពីរមរមននោះជូនទ្រង់ ។ ការឆ្លើយតបរបស់ទ្រង់បានដក់ក្នុងគំនិត និងដួងចិត្តខ្ញុំជារៀងរហូត ៖ « លោកអាចជូនពេជ្រ ឬត្បូងទទឹមដល់ខ្ញុំបាន ប៉ុន្តែគ្មានអ្វីដែលមានតម្លៃចំពោះខ្ញុំច្រើនជាងចំណេះដឹងបន្ថែមនេះអំពីព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទឡើយ » ។
បន្ទាប់ពីដកពិសោធន៍អានុភាពនៃបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុងនីហ្វៃទី ៣ មក ស្ដេចអង្គនោះបានប្រកាសថា « បើខ្ញុំត្រូវបានប្រែចិត្តជឿចូលក្នុងសាសនាចក្រ ខ្ញុំនឹងនាំកុលសម្ព័ន្ធទាំងមូលមកជាមួយខ្ញុំ » ។
ខ្ញុំបានតបថា « ព្រះករុណាថ្លៃវិសេស វាពុំដំណើរការបែបនោះឡើយ » ។ ការប្រែចិត្តជឿគឺជារឿងរបស់បុគ្គលម្នាក់ៗ ។ ព្រះអង្គសង្គ្រោះបានធ្វើការងារបម្រើដល់ពួកសាសន៍នីហ្វៃម្ដងម្នាក់ៗ ។ បុគ្គលម្នាក់ៗទទួលសាក្សី និងទីបន្ទាល់មួយអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ » ។
បងប្អូនប្រុសស្រីរបស់ខ្ញុំអើយ តើព្រះគម្ពីរមរមនមានតម្លៃប៉ុណ្ណាចំពោះបងប្អូន ? បើគេឲ្យពេជ្រ ឬត្បូងទទឹមដល់បងប្អូន ឬ ព្រះគម្ពីរមរមនដល់បងប្អូន តើបងប្អូននឹងរើសយកមួយណា ? និយាយដោយស្មោះ តើមួយណា មាន តម្លៃច្រើនជាងចំពោះបងប្អូន ?
តើនៅចាំដែរឬទេ នៅសម័យប្រជុំព្រឹកថ្ងៃអាទិត្យនៃសន្និសីទទូទៅខែមេសា ឆ្នាំ ២០១៧ ប្រធានថូម៉ាស អេស ម៉នសុន បានអង្វរដល់យើងម្នាក់ៗឲ្យ« សិក្សា ហើយពិចារណាព្រះគម្ពីរមរមនជារៀងរាល់ថ្ងៃប្រកបដោយការអធិស្ឋាន » ។ មានមនុស្សជាច្រើនបានឆ្លើយតបនឹងការអង្វររបស់ព្យាការីយើង ។
ខ្ញុំសូមប្រាប់ថា ទាំងខ្ញុំ និងរីលី អាយុប្រាំបីឆ្នាំពុំបានដឹងថា មានគេថតរូបយើងឡើយ ។ សូមកត់សម្គាល់ថា រីលី កំពុងអានព្រះគម្ពីរមរមនរបស់គាត់ដោយមានជំនួយពីវត្ថុស៊កសៀវភៅ « ខ្ញុំជាកូនរបស់ព្រះ » ។
មានរឿងអស្ចារ្យមួយកើតឡើងពេលកូនម្នាក់របស់ព្រះស្វែងយល់ចង់ដឹងបន្ថែមទៀតអំពីទ្រង់ និងព្រះរាជបុត្រាស្ងួនភ្ញាទ្រង់ ។ គ្មានកន្លែងណាផ្សេងទៀតដែលសេចក្ដីពិតទាំងនោះបានបង្រៀនយ៉ាងច្បាស់ ហើយពេញដោយអនុភាពជាងនៅក្នុងព្រះគម្ពីរមរមនឡើយ ។
ចាប់តាំងពីការសំណូមពររបស់ប្រធានម៉នសុនកាលពីប្រាំមួយខែមុន ខ្ញុំបានខិតខំធ្វើតាមការទូន្មានរបស់លោក ។ ក្នុងចំណោមរឿងផ្សេងទៀត ខ្ញុំបានធ្វើបញ្ជីថាតើព្រះគម្ពីរមរមន គឺជា អ្វី អ្វីដែលវា អះអាង បដិសេធ បំពេញ បញ្ជាក់ បើកសម្ដែង ។ ដោយពិនិត្យមើលព្រះគម្ពីរមរមនតាមរបៀបនេះ វាបានក្លាយជាការអនុវត្តមួយដែលធ្វើឲ្យយល់ច្បាស់ ហើយបំផុសគំនិត ! ខ្ញុំសូមឲ្យបងប្អូនម្នាក់ៗធ្វើតាមរបៀបនេះ ។
នៅក្នុងប្រាំមួយខែនេះ ខ្ញុំក៏បានអញ្ជើញក្រុមផ្សេងៗគ្នា—រួមមានបងប្អូនប្រុសរបស់ខ្ញុំនៅក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ ពួកអ្នកផ្សព្វផ្សាយសាសនានៅប្រទេសឈីលី និងពួកប្រធានបេសកកម្ម និងភរិយាពួកគាត់ដែលបានជួបជុំគ្នានៅប្រទេសអាហ្សង់ទីន—ឲ្យពិចារណាអំពីសំណួរទាក់ទងគ្នាចំនួនបីដែលខ្ញុំសូមជំរុញឲ្យបងប្អូនគិតនៅថ្ងៃនេះ ៖
ទីមួយ តើជីវិតរបស់អ្នកទៅជាយ៉ាងណា បើគ្មាន ព្រះគម្ពីរមរមន ? ទីពីរ តើបងប្អូននឹង ពុំស្គាល់អ្វីខ្លះ ? ហើយទីបី តើបងប្អូននឹង ពុំមានអ្វីខ្លះ ?
ក្រុមទាំងនេះបានឆ្លើយនូវចម្លើយដ៏សាទរចេញពីដួងចិត្តពួកគេ ។ នេះគ្រាន់តែជាមតិយោបល់មួយចំនួនរបស់ពួកគេ ៖
« បើគ្មានព្រះគម្ពីរមរមន ខ្ញុំនឹងមានការភាន់ច្រឡំអំពីការបង្រៀន និងគំនិតមិនស្របគ្នាអំពីរឿងជាច្រើន ។ ខ្ញុំនឹងដូចពីមុន កាលខ្ញុំពុំទាន់ស្គាល់សាសនាចក្រ ជាពេលដែលខ្ញុំកំពុងស្វែងរកចំណេះដឹង ជំនឿ និងក្ដីសង្ឃឹម ។
មានម្នាក់ទៀតថ្លែងថា « ខ្ញុំនឹងពុំដឹងអំពីតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់ខ្ញុំឡើយ » ។
ម្នាក់ទៀតថ្លែងថា « ខ្ញុំនឹងពុំយល់ច្បាស់អំពីគោលបំណងរបស់ខ្ញុំនៅលើផែនដីឡើយ ! »
ម្នាក់ផ្សេងទៀតបានពោលថា « ខ្ញុំនឹងពុំដឹងថា មានការរីកចម្រើនបន្តបន្ទាប់ពីជីវិតនេះឡើយ ។ ដោយសារព្រះគម្ពីរមរមន ខ្ញុំដឹងថា ពិតជាមានជីវិតបន្ទាប់ពីសេចក្ដីស្លាប់ ។ នោះគឺជាគោលដៅធំបំផុតដែលយើងកំពុងខិតខំធ្វើ » ។
មតិយោបល់ចុងក្រោយនេះបានធ្វើឲ្យខ្ញុំគិតអំពីជីវិតខ្ញុំច្រើនឆ្នាំកន្លងទៅ កាលនៅជាគ្រូពេទ្យផ្នែកវះកាត់វ័យក្មេងម្នាក់ ។ ម្ដងម្កាល ការទទួលខុសត្រូវដ៏សង្រេកមួយដែលគ្រូពេទ្យវះកាត់ម្នាក់មាន គឺការប្រាប់ដល់គ្រួសារពេលមនុស្សជាទីស្រឡាញ់ម្នាក់បានចែកឋានទៅ ។ ក្នុងមន្ទីរពេទ្យមួយដែលខ្ញុំបានធ្វើការ មានបន្ទប់ពិសេសមួយត្រូវបានសង់ឡើងដោយមានជញ្ជាំងក្រាស់ ជាកន្លែងដែលសមាជិកគ្រួសារអាចទទួលដំណឹងបែបនេះ ។ នៅទីនោះ មានមនុស្សខ្លះបានបង្ហាញការឈឺចាប់របស់ពួកគេដោយបោកក្បាលទៅនឹងជញ្ជាំងទាំងនោះ ។ ខ្ញុំចង់បង្រៀនទៅអ្នកទាំងនោះថា សេចក្ដីស្លាប់គឺជាផ្នែកចាំបាច់មួយនៃជីវិតរមែងស្លាប់របស់យើង ទោះជាវាមានការពិបាកសម្រាប់អ្នកដែលនៅរស់ក្ដី ។ សេចក្ដីស្លាប់អនុញ្ញាតឲ្យយើងរីកចម្រើនទៅកាន់ជីវិតថ្មី ។
អ្នកឆ្លើយនឹងសំណួរខ្ញុំម្នាក់ទៀតបានពោលថា « ជីវិតខ្ញុំគ្មានន័យឡើយ រហូតខ្ញុំបានអានព្រះគម្ពីរមរមន ។ ទោះជាខ្ញុំបានអធិស្ឋាន ហើយបានទៅព្រះវិហារខ្ញុំពេញមួយជីវិតខ្ញុំក្ដី ក៏ព្រះគម្ពីរមរមនបានជួយខ្ញុំឲ្យប្រាស្រ័យទាក់ទងនឹងព្រះវរបិតាសួគ៌ជាលើកទីមួយដែរ » ។
មានម្នាក់ទៀតបានថ្លែងថា ៖ « បើគ្មានព្រះគម្ពីរមរមនទេ ខ្ញុំនឹងពុំយល់ឡើយថា ព្រះអង្គសង្គ្រោះពុំគ្រាន់តែបានរងទុក្ខសម្រាប់អំពើបាបយើងតែម្យ៉ាងទេ ប៉ុន្តែទ្រង់ក៏អាចព្យាបាលការឈឺចាប់ និងទុក្ខសោកខ្ញុំបានដែរ » ។
ហើយមានម្នាក់ទៀតបានពោលថា « ខ្ញុំនឹងពុំដឹងថា យើងមានពួកព្យាការីដឹកនាំយើងឡើយ » ។
ការសិក្សាស៊ីជម្រៅអំពីសេចក្ដីពិតនៅក្នុងព្រះគម្ពីរមរមនឲ្យបានទៀងទាត់អាចជាបទពិសោធន៍ផ្លាស់ប្ដូរជីវិតមួយ ។ ចៅស្រីយើងម្នាក់ដែលជាអ្នកផ្សព្វផ្សាយសាសនាឈ្មោះស៊ិស្ទើរ អូលីវៀ ណិលសុន បានសន្យានឹងអ្នករៀនម្នាក់ថា បើគាត់អានព្រះគម្ពីរមរមនរាល់ថ្ងៃ ពិន្ទុប្រឡងរបស់គាត់សម្រាប់ការប្រឡងនៅឯសាកលវិទ្យាល័យនឹងប្រសើរឡើង ។ គាត់បានធ្វើការណ៍នេះ ហើយពិន្ទុបានកើនឡើងមែន ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះគម្ពីរមរមនពិតជាបន្ទូលរបស់ព្រះ ។ វាមាននូវចម្លើយសម្រាប់សំណួរពិបាកៗបំផុតក្នុងជីវិត ។ វាបង្រៀននូវគោលលទ្ធិនៃព្រះគ្រីស្ទ ។ វាពង្រីក ហើយបញ្ជាក់អំពីសេចក្ដីពិត « ដ៏ច្បាស់ និងពិសេសៗ »ជាច្រើនដែលបានបាត់បង់អស់ជាច្រើនសតវត្សរ៍ និងតាមរយៈការបកប្រែដ៏ច្រើននៃព្រះគម្ពីរប៊ីប ។
ព្រះគម្ពីរមរមនផ្ដល់នូវការយល់ដឹងពេញលេញ ហើយមានអំណាចបំផុតអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទដែលអាចរកឃើញគ្រប់ទីកន្លែង ។ វាបង្រៀនអំពីអត្ថន័យពិតនៃការកើតជាថ្មី ។ យើងរៀននៅក្នុងព្រះគម្ពីរមរមនអំពីការប្រមូលផ្ដុំនៃសាសន៍អ៊ីស្រាអែលដែលខ្ចាត់ព្រាត់ ។ យើងដឹងនូវហេតុផលដែលយើងនៅលើផែនដីនេះ ។ សេចក្ដីពិតទាំងនេះ និងសេចក្ដីពិតផ្សេងទៀតត្រូវបានបង្រៀនដោយមានការបញ្ចុះបញ្ចូលយ៉ាងមានអនុភាព នៅក្នុងព្រះគម្ពីរមរមនជាងគម្ពីរផ្សេងទៀត ។ អំណាចពេញលេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទមាននៅក្នុងព្រះគម្ពីរមរមន ។ ពិតណាស់ ។
ព្រះគម្ពីរមរមនបញ្ជាក់ពីការបង្រៀនរបស់លោកចៅហ្វាយ ហើយបង្ហាញពីយុទ្ធសាស្ត្ររបស់មារសត្រូវ ។ ព្រះគម្ពីរបង្រៀនគោលលទ្ធិពិតដើម្បីបំបាត់ទំនៀមទម្លាប់ខុសឆ្គងខាងសាសនា—ដូចជាការអនុវត្តខុសឆ្គងនៃការធ្វើបុណ្យជ្រមុជទឹកឲ្យទារក ។ ព្រះគម្ពីរ មរមនផ្ដល់ឲ្យគោលបំណងក្នុងជីវិតដោយជម្រុញយើងឲ្យសញ្ជឹងគិតអំពីសក្ដានុពលនៃជីវិតអស់កល្ប និង« សុភមង្គលដ៏មិនចេះចប់មិនចេះហើយ » ។ ព្រះគម្ពីរ មរមនបំផ្លាញជំនឿខុសឆ្គងដែលថា សុភមង្គលអាចរកបាននៅក្នុងសេចក្ដីទុច្ចរិត ហើយថា សេចក្ដីល្អផ្ទាល់ខ្លួនគឺជាអ្វីដែលតម្រូវឲ្យមានដើម្បីត្រឡប់ទៅវត្តមានរបស់ព្រះវិញ ។ វាបញ្ឈប់ជារៀងរហូតនូវគំនិតខុសឆ្គងដែលថា វិវរណៈបានបញ្ចប់ជាមួយនឹងព្រះគម្ពីរប៊ីប ហើយថា ស្ថានសួគ៌ត្រូវបានបិទហើយនៅសព្វថ្ងៃនេះ ។
នៅពេលខ្ញុំគិតអំពីព្រះគម្ពីរមរមន ខ្ញុំគិតអំពីពាក្យថា អំណាច ។ សេចក្ដីពិតនៃព្រះគម្ពីរមរមនមាននូវ អំណាច ដើម្បីព្យាបាល លួងលោម ស្ដារឡើងវិញ ជួយ ពង្រឹង លើកទឹកចិត្ត ហើយធ្វើឲ្យព្រលឹងយើងរីករាយ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមសន្យាថា ពេលបងប្អូនសិក្សាព្រះគម្ពីរមរមន រាល់ថ្ងៃ ប្រកបដោយការអធិស្ឋាន នោះបងប្អូននឹងធ្វើការសម្រេចចិត្តដែលប្រសើរ—រៀងរាល់ថ្ងៃ ។ ខ្ញុំសូមសន្យាថា ពេលបងប្អូនសញ្ជឹងគិតនូវអ្វីដែលបងប្អូនសិក្សា នោះបង្អួចស្ថានសួគ៌នឹងបើកឡើង ហើយបងប្អូននឹងទទួលចម្លើយចំពោះសំណួរផ្ទាល់ខ្លួន និងការដឹកនាំសម្រាប់ជីវិតបងប្អូនផ្ទាល់ ។ ខ្ញុំសូមសន្យាថា ពេលបងប្អូនសិក្សាព្រះគម្ពីរមរមនរាល់ថ្ងៃ បងប្អូនអាចត្រូវបានការពារឲ្យផុតពីអំពើអាក្រក់នៃថ្ងៃនោះ ជំងឺដ៏ធំនៃរូបអាសគ្រាម និងការញៀនផ្សេងទៀតដែលធ្វើឲ្យគំនិតស្ពឹក ។
នៅពេលដែលខ្ញុំស្ដាប់ឮមនុស្សម្នាក់ រួមទាំងខ្លួនខ្ញុំដែរពោលថា « ខ្ញុំដឹងថា ព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត » ខ្ញុំចង់បន្លឺឡើងថា « វាល្អណាស់ ប៉ុន្តែនៅពុំទាន់គ្រប់គ្រាន់ទេ ! » យើងត្រូវចាំបាច់មានអារម្មណ៍ស៊ីជម្រៅនៅក្នុង« ជម្រៅចិត្ត » យើង ថា ព្រះគម្ពីរ មរមនគឺពិតជាបន្ទូលរបស់ព្រះ ។ យើងត្រូវតែមានអារម្មណ៍យ៉ាងស៊ីជម្រៅថា យើងនឹងពុំចង់រស់នៅដោយគ្មានព្រះគម្ពីរនេះសម្បីតែមួយថ្ងៃឡើយ ។ ខ្ញុំសូមសង្ខេបប្រសាសន៍របស់ប្រធានព្រិកហាំ យ៉ង់ ថា « ខ្ញុំប្រាថ្នាថាខ្ញុំមានសំឡេងនៃផ្គរលាន់ទាំងប្រាំពីរដើម្បីដាស់មនុស្សឡើង »ស្ដាប់សេចក្ដីពិត និងអំណាចនៃព្រះគម្ពីរមរមន ។
យើងចាំបាច់ត្រូវធ្វើដូចជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងម្នាក់នេះដែលកំពុងបម្រើនៅទ្វីបអឺរ៉ុបដែលទទួលអារម្មណ៍យ៉ាងខ្លាំងអំពីសេចក្ដីពិតនៃ ព្រះគម្ពីរមរមនថា ដោយមានកំណត់ត្រាពិសិដ្ឋនេះ គាត់ពិតជាបានរត់ទៅរកបុរសម្នាក់នៅក្នុងសួនមួយដែលគាត់ និងដៃគូគាត់ទើបរកឃើញ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា យ៉ូសែប ស្ម៊ីធធ្លាប់ និងជាព្យាការីនៃគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ ។ គឺរូបលោកនេះហើយដែលបានបកប្រែព្រះគម្ពីរបរិសុទ្ធនេះតាមរយៈអំណោយទាន និងអំណាចរបស់ព្រះ ។ នេះគឺជាព្រះគម្ពីរ មួយ ដែលនឹងជួយរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺពិតជាព្រះរាជបុត្រាដ៏មានព្រះជន្មរស់នៃព្រះដ៏មានព្រះជន្មរស់នៃយើង ។ ទ្រង់គឺជាព្រះអង្គសង្គ្រោះ ព្រះប្រោសលោះ អង្គគំរូ និងជាអង្គគាំទ្ររបស់យើងជាមួយនឹងព្រះវរបិតា ។ ទ្រង់គឺជាព្រះមែស៊ីដែលបានសន្យា ជាព្រះមែស៊ីក្នុងជីវិតរមែងស្លាប់ ហើយនឹងជាព្រះមែស៊ីនៃ សហសវត្សរ៍ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដោយអស់ពីចិត្តរបស់ខ្ញុំថា តាមរបៀបនៃអព្ភូតហេតុដ៏អស្ចារ្យបំផុត ព្រះគម្ពីរ មរមនបង្រៀនយើងអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អទ្រង់ ។
ខ្ញុំដឹងថា ប្រធាន ថូម៉ាស អេស ម៉នសុន គឺជាព្យាការីរបស់ព្រះនៅលើផែនដីសព្វថ្ងៃ ។ ខ្ញុំស្រឡាញ់ ហើយគាំទ្រលោកអស់ពីដួងចិត្តខ្ញុំ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដូច្នោះក្នុងព្រះនាមនៃ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
បញ្ជីនៃព្រះគម្ពីរមរមនរបស់ប្រធាន ណិលសុន
ព្រះគម្ពីរ មរមនគឺជា ៖
-
សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។ អ្នកនិពន្ធសំខាន់ៗក្នុងព្រះគម្ពីរនេះរួមមាន—នីហ្វៃ យ៉ាកុប មរ៉ូណៃ—និងអ្នកបកប្រែព្រះគម្ពីរនេះគឺយ៉ូសែប ស្ម៊ីធ ពួកលោកទាំងអស់គ្នា គឺជាសាក្សីរបស់ព្រះអម្ចាស់ ។
-
កំណត់ត្រាមួយនៃការងារបម្រើរបស់ទ្រង់ដល់ប្រជាជនដែលបានរស់នៅក្នុងទ្វីបអាមេរិកកាលពីបុរាណ ។
-
ពិតដូចជាបានកំណត់ន័យដោយព្រះអម្ចាស់ផ្ទាល់ ។
ព្រះគម្ពីរមរមនបញ្ជាក់ ៖
-
អត្តសញ្ញាណផ្ទាល់របស់ព្រះវរបិតាសួគ៌យើង និងព្រះរាជបុត្រាសំណប់របស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។
-
កត្តាចំបាច់នៃការធ្លាក់របស់អ័ដាម និងប្រាជ្ញារបស់អេវ៉ា ដើម្បីឲ្យមនុស្សអាចមានអំណរ ។
ព្រះគម្ពីរមរមន បដិសេធ នូវគំនិតដែលថា ៖
-
វិវរណៈបានបញ្ចប់ជាមួយនឹងព្រះគម្ពីរប៊ីប ។
-
ទារកចាំបាច់ត្រូវទទួលបុណ្យជ្រមុជទឹក ។
-
សុភមង្គលអាចរកបាននៅក្នុងសេចក្ដីទុច្ចរិត ។
-
សេចក្ដីល្អផ្ទាល់ខ្លួនគឺគ្រប់គ្រាន់សម្រាប់ភាពតម្កើងឡើង ( ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាគឺមានភាពចាំបាច់ ) ។
-
ការធ្លាក់របស់អ័ដាមបានផ្ដល់ស្លាកស្នាមឲ្យជាមួយនឹង « អំពើបាបដើម » ។
ព្រះគម្ពីរមរមន បំពេញនូវការព្យាកររបស់ព្រះគម្ពីរប៊ីប ដែលថា ៖
-
« ចៀមឯទៀត » នឹងស្ដាប់ឮព្រះសូរសៀងទ្រង់ ។
-
ព្រះនឹងធ្វើ « កិច្ចការធំ និងអស្ចារ្យ » ដោយមានបន្ទូល « ចេញពីធូលីដី » មក ។
-
« ដំបងរបស់យូដា » និង « ដំបងនៃយ៉ូសែប » នឹងរួបរួមគ្នា ។
-
អ៊ីស្រាអែលដែលខ្ចាត់ព្រាត់នឹងត្រូវបានប្រមូលផ្ដុំ« នៅថ្ងៃចុងក្រោយ » ហើយនិងរបៀបដែលការណ៍នោះនឹងត្រូវបានសម្រេច ។
-
ដែនដីកេរមរតកសម្រាប់ពូជពង្សយ៉ូសែបនៅអឌ្ឍគោលខាងលិខ ។
ព្រះគម្ពីរមរមន បញ្ជាក់ ការយល់ដឹងអំពី ៖
-
ជីវិតរបស់យើងមុនផែនដីនេះ ។
-
សេចក្ដីស្លាប់ ។ វាគឺជាធាតុដ៏សំខាន់មួយក្នុងផែនការសុភមង្គលដ៏អស្ចារ្យរបស់ព្រះ ។
-
ជីវិតក្រោយជីវិតរមែងស្លាប់ដែលចាប់ផ្ដើមនៅក្នុងឋានបរមសុខ ។
-
របៀបដែលការរស់ឡើងវិញនៃរូបកាយ ដោយបានផ្គុំជាមួយនឹងវិញ្ញាណវាវិញ បានក្លាយជាមនុស្សអតមៈមួយ ។
-
របៀបដែលព្រះអម្ចាស់កាត់សេចក្ដីយើងស្របតាមទង្វើ និងក្ដីប្រាថ្នាក្នុងចិត្តរបស់យើង ។
-
របៀបដែលពិធីបរិសុទ្ធទាំងឡាយត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវ ៖ ឧទាហរណ៍ ពិធីបុណ្យជ្រមុជទឹក ពិធី សាក្រាម៉ង់ ការប្រគល់ព្រះវិញ្ញាណបរិសុទ្ធ ។
-
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ការរស់ឡើងវិញ ។
-
តួនាទីដ៏សំខាន់របស់ពួកទេវតា ។
-
លក្ខណៈដ៏នៅអស់កល្បជានិច្ចនៃបព្វជិតភាព ។
-
របៀបដែលឥរិយាបថរបស់មនុស្សបានជិះឥទ្ធិពលដោយអំណាចនៃបន្ទូលច្រើនជាងដោយអំណាចនៃផ្លែដាវ ។
ព្រះគម្ពីរមរមន បើកសម្ដែងព័ត៌មានដែលពុំស្គាល់កាលពីមុន ៖
-
ពិធីបុណ្យជ្រមុជទឹកត្រូវបានធ្វើឡើងពីមុនព្រះយេស៊ូវគ្រីស្ទបានប្រសូត ។
-
ព្រះវិហារបរិសុទ្ធត្រូវបានសង់ឡើង ហើយប្រើប្រាស់ដោយមនុស្សកាលពីបុរាណនៅទ្វីបអាមេរិក ។
-
យ៉ូសែប កូនទី ១១របស់អ៊ីស្រាអែល បានព្យាករទុកជាមុននូវតួនាទីជាព្យាការីរបស់យ៉ូសែប ស្ម៊ីធ ។
-
នីហ្វៃ ( ៦០០--៥៩២ មុនគ.ស. ) បានព្យាករទុកជាមុននូវការរកឃើញ និងការដាក់ទ្វីបអាមេរិកនៅក្រោមអាណានិគម ។
-
ផ្នែកដ៏ច្បាស់ និងពិសេសៗនៃព្រះគម្ពីរប៊ីបបានបាត់បង់ ។
-
ពន្លឺនៃព្រះគ្រីស្ទត្រូវបានផ្ដល់ឲ្យបុគ្គលម្នាក់ៗ ។
-
សារៈសំខាន់នៃសិទ្ធិជ្រើសរើសផ្ទាល់ខ្លួន និងតម្រូវការសម្រាប់ការផ្ទុយនៅគ្រប់រឿងទាំងអស់ ។
-
ការព្រមានអំពី « បក្សព័ន្ធសម្ងាត់ » ។