ប្រិយមិត្ត
ថ្ងៃពិសេស​របស់​ជរចា
ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធីបញ្ជាក់


« ថ្ងៃពិសេស​របស់​ជរចា » ​ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ៨–៩ ។

ថ្ងៃពិសេស​របស់​ជរចា

ជរចា បាន​និយាយ​ថា « ខ្ញុំ​នឹង​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ក្នុង​ពេល​ឆាប់​ៗ​នេះ » ។ « គឺ​ដូច​ព្រះយេស៊ូវ​ដែរ ! »

រឿង​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស អូស្រ្តាលី ។

រូបភាព
alt text

ជរចា បាន​រត់​ទៅ​បន្ទប់​របស់​នាង​ជាមួយ​ម៉ាធីលដា រត់​ពី​ក្រោយ​នាង ។ វា​តែង​តែ​ជា​ថ្ងៃ​ដ៏​សប្បាយ​រីករាយ​ពេល​មិត្ត​របស់​នាង​មក​លេង ។

« តើ​យើង​អាច​លេង​ជាមួយ​មនុស្ស​យន្ត​របស់​ឯង​បាន​ទេ ? » ម៉ាធីលដា បាន​សួរ

ជរចា ឆ្លើយថា​ « ចាស បាន ! » ។ នាង​ចូល​ចិត្ត​លេង​មនុស្ស​យន្ត​ណាស់ ។

ខណៈ​ពេល​ដែល​ជរចា ទៅ​យក​មនុស្ស​យន្ត ម៉ាធីលដា បាន​ក្រឡេក​មើល​រូប​ភាព​នៅ​លើ​ជញ្ជាំង​របស់ ជរចា ។ នាង​បាន​ចង្អុល​ទៅ​រូប​កណ្តាល ។

នាង​បាន​សួរថា « តើនោះ​ជារូបអ្វី ? »

ជរចា បាន​ឆ្លើយថា « នោះ​គឺ​ជា​រូប​ព្រះ​យេស៊ូវ​គ្រីស្ទ​កំពុង​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក » ។ « ហើយ​ខ្ញុំ​នឹង​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ដូច​ទ្រង់​ដែរ ! »

« ហេតុ​អ្វី​បាន​ជា​ឯង​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ? » ម៉ាធីលដា បាន​សួរ

ជរចា បាន​និយាយ​ថា « ពីព្រោះ​ខ្ញុំចង់​ធ្វើ​តាម​ព្រះ​យេស៊ូវ » ។ « នោះ​គឺជាអ្វី​ដែល​ខ្ញុំ​សន្យា​ថា​នឹង​ធ្វើ ពេល​ដែល​ខ្ញុំ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ! »

បន្ទាប់មក ជរចា មាន​គំនិត​មួយ ។ « តើ​ឯង​ចង់​មក​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ​ដែរ​ឬ​ទេ ? »

ម៉ាធីលដា បាន​និយាយ​ថា « ខ្ញុំ​នឹង​សុំ​ម្តាយ​របស់​ខ្ញុំ​សិន​បើ​ខ្ញុំ​អាច​ទៅបាន​ឬ​អត់ » ។

ថ្ងៃ​បុណ្យ​ជ្រមុជ​ទឹក​របស់​ជរចា កាន់​តែ​ខិត​ចូល​មក​ដល់ ។ នាង​បាន​អាន​សៀវភៅ​ដំណើរ​រឿង​នៃ​ព្រះគម្ពីរ​របស់​នាង ហើយ​បាន​ទៅ​អង្គការ​បឋម​សិក្សា​ជា​រៀង​រាល់​សប្តាហ៍ ។ បន្ទាប់​ពី​នាង​បាន​ពោលពាក្យ​អធិស្ឋាន​មុន​ពេល​ចូល​គេង នាង​បាន​មើល​រូប​ភាព​របស់​ព្រះ​យេស៊ូវ ។ នាង​ចូលចិត្ត​ស្រមៃ​ថា​តើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នឹង​មាន​លក្ខណៈ​បែបណា ។

ថ្ងៃ​អាទិត្យ​មុន​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​នាង ជរចា​បាន​ទទួល​ការសម្ភាស​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​នាង ។ នាង និង​ឪពុក​ម្ដាយ​របស់​នាង​បាន​និយាយ​ជាមួយ​ប៊ីស្សព​នៅ​ក្នុង​ការិយាល័យ​របស់​គាត់ ។ គាត់​បាន​សួរ​សំណួរ​មួយ​ចំនួន​ដល់​នាង ដើម្បី​ជួយ​នាង​ឲ្យ​ប្រាកដ​ថា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

រូបភាព
alt text

លោក​បាន​សួរ​ថា « តើ​ក្មួយ​ជឿ​ថា​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដែរ​ឬ​ទេ ? »

នាង​ជឿ ! នាង​ឆ្លើយ « ចាស » ។

ប៊ីស្សព​បាន​ញញឹម​ដាក់​នាង ។ « ពិធី​បុណ្យ​ជ្រមុជទឹក គឺជាជម្រើស​ដ៏សំខាន់ ។ តើ​ក្មួយ​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ ? »

ជរចា បាន​គិត​អំពី​ក្តីស្រឡាញ់​ដ៏ធំធេង​របស់នាង​ចំពោះ​ព្រះ​យេស៊ូវ ហើយ​នាង​ចង់​ធ្វើ​តាម​ទ្រង់ ។ នាង​​ឆ្លើយ​ ​« ចាស ! » ។

នៅទីបំផុត​ថ្ងៃ​ដ៏​ពិសេស​របស់​ជរចា​បាន​មក​ដល់ ។ នៅ​ពេល​ដែល​នាង​ឈាន​ជើង​ចូល​ទៅ​ក្នុង​ទឹក នាង​បាន​ឃើញ​មិត្តភក្តិ និង​គ្រួសារ​របស់​នាង​សម្លឹង​មើល​នាង ។ ម៉ាធីលដា ក៏នៅ​ទីនោះ​ដែរ !

នៅ​ពេល​ដែល​ប៉ា​របស់​នាង​ពោលពាក្យនៃ​ការអធិស្ឋាន​ពិធីបុណ្យ​ជ្រមុជទឹក ពាក្យពេចន៍​ទាំង​នោះ​ធ្វើ​ឲ្យ​ជរចា​មាន​អារម្មណ៍​សុខសាន្ត​និង​សប្បាយ​រីករាយ​ក្នុង​ចិត្ត ។ បន្ទាប់​មក​គាត់​បាន​ជ្រមុជ​នាង​ដោយ​ប្រុង​ប្រយ័ត្ន​ចូល​ទៅ​ក្នុង​ទឹក ហើយលើក​នាង​ឡើង​វិញ ។ ពេល​នាង​ងើប​ពីក្នុង​ទឹក​នាង​មាន​អារម្មណ៍​សប្បាយ​រីករាយ និង​ជ្រះស្អាត ។

ប៉ា​បាន​ឱប​នាង​យ៉ាង​ណែន ។ ម៉ាក់​កំពុង​រង់ចាំ​នាង​នៅ​មាត់​ជណ្តើរ​ខាង​លើទាំង​ញញឹម ជាមួយ​នឹង​កន្សែង ។

ជរចា​មាន​អារម្មណ៍​កក់ក្តៅ​ក្នុង​ចិត្ត ។ វា​ជា​ថ្ងៃ​ដ៏​ពិសេស​មួយ ។ នាង​បាន​ជ្រើស​រើស​ធ្វើ​តាម​ព្រះ​យេស៊ូវ ។ ហើយ​នាង​ចង់​បន្ត​ធ្វើ​តាម​ទ្រង់​ជារៀង​រាល់ថ្ងៃ !

រូបភាព
alt text
រូបភាព
alt text here

រចនា​រូបភាព​ដោយ ស្សេណា ឃីហ្កាន