ព្រះគម្ពីរ
មរមន 8


ជំពូក​ទី ៨

ពួក​សាសន៍​លេមិន​ស្វែងរក​បំផ្លាញ​ពួក​សាសន៍​នីហ្វៃ — ព្រះ​គម្ពីរ​មរមន​នឹង​ចេញ​មក​តាម​ព្រះ​ចេស្ដា​នៃ​ព្រះ — សេចក្ដី​វេទនា​ទាំង​ឡាយ​ធ្លាក់​មក​លើ​អស់អ្នក​ណា​ដែល​បញ្ចេញ​កំហឹង និង​គំរាម​ទាស់​នឹង​កិច្ចការ​នៃ​ព្រះ​អម្ចាស់ — បញ្ជី​នីហ្វៃ​នឹង​ចេញ​មក​នៅ​ក្នុង​ថ្ងៃ​មួយ​ដ៏​ប្រកប​ដោយ សេចក្ដី​ទុច្ចរិត សេចក្ដី​អន់ថយ និង​សេចក្ដី​ក្បត់​សាសនា។ ប្រមាណ​ជា​ឆ្នាំ ៤០០–៤២១ គ.ស.។

មើល​ចុះ ខ្ញុំ​មរ៉ូណៃ បង្ហើយ​បញ្ជី​របស់​ឪពុក​ខ្ញុំ គឺ​មរមន។ មើល​ចុះ ខ្ញុំ​មាន​តែ​ការ​បន្តិចបន្តួច​ប៉ុណ្ណោះ​សម្រាប់​សរសេរ គឺជា​ការណ៍​ទាំង​ឡាយ ដែល​ឪពុក​ខ្ញុំ​បាន​បញ្ជា​ដល់​ខ្ញុំ។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ចម្បាំង​ដ៏​ធំ និង​ខ្លាំង​ក្លា​នៅ​គូម៉ូរ៉ា មើល​ចុះ ពួក​សាសន៍​នីហ្វៃ​ដែល​បាន​ភៀស​ខ្លួន​ទៅ​ឯ​ទិស​ខាង​ត្បូង នោះ​ត្រូវ​ពួក​សាសន៍​លេមិន​រក​ចាប់ រហូត​ដល់​ពួក​គេ​ទាំង​អស់​គ្នា​ត្រូវ​បាន​បំផ្លាញ​ចោល។

ហើយ​ឪពុក​ខ្ញុំ​ក៏​ត្រូវ​ពួក​គេ​សម្លាប់​ដែរ ហើយ​នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ឯង ដែល​សរសេរ​នូវ​រឿង​ដ៏​សោកសៅ​អំពី​ការ​បំផ្លិចបំផ្លាញ​ដល់​ប្រជាជន​ខ្ញុំ។ ប៉ុន្តែ​មើល​ចុះ ពួក​គេ​បាន​ចាក​ចេញ​ទៅ​ហើយ ហើយ​ខ្ញុំ​បំពេញ​បញ្ជា​របស់​ឪពុក​ខ្ញុំ។ ហើយ​តើ​ពួក​គេ​នឹង​សម្លាប់​ខ្ញុំ ឬ​អត់ នោះ​ខ្ញុំ​ពុំ​ដឹង​ទេ។

ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​នឹង​សរសេរ ហើយ​លាក់​បញ្ជី​ទាំង​នេះ​ទុក​ក្នុង​ដី ហើយ​ខ្ញុំ​នឹង​ទៅ​ឯណា​ទៀត នោះ​ពុំ​ជា​ការ​សំខាន់​ទេ។

មើល​ចុះ ឪពុក​ខ្ញុំ​បាន​ធ្វើ​បញ្ជី​នេះ ហើយ​លោក​បាន​កត់​នូវ​គោលបំណង​ទុក​ក្នុង​នោះ។ ហើយ​មើល​ចុះ ខ្ញុំ​ចង់​សរសេរ​ការណ៍​នេះ​ដែរ បើ​សិន​ជា​ខ្ញុំ​មាន​កន្លែង​នៅ​ក្នុង​ផ្ទាំង​ទាំង​ឡាយ ប៉ុន្តែ​ខ្ញុំ​គ្មាន​ទេ ហើយ​ខ្ញុំ​គ្មាន​ជាតិ​លោហធាតុ​ទេ ត្បិត​មាន​តែ​ខ្ញុំ​ម្នាក់​ឯង។ ឪពុក​ខ្ញុំ​ត្រូវ​គេ​សម្លាប់​បង់​នៅ​ក្នុង​ចម្បាំង ព្រម​ទាំង​សាច់ញាតិ​របស់​ខ្ញុំ​ទាំង​អស់ ហើយ​ខ្ញុំ​គ្មាន​មិត្តភក្តិ ឬ​ទីណា​សម្រាប់​ទៅ​ឡើយ ហើយ​ព្រះ​ទ្រង់​ទ្រាំ​ឲ្យ​ខ្ញុំ​រស់​ដល់​កាលណា​នោះ​ខ្ញុំ​ក៏​ពុំ​ដឹង​ដែរ។

មើល​ចុះ បួន​រយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ចាប់​តាំង​ពី​ការ​យាង​មក​នៃ​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ។

ហើយ​មើល​ចុះ ពួក​សាសន៍​លេមិន​បាន​ដេញ​តាម​ប្រជាជន​របស់​ខ្ញុំ គឺ​សាសន៍​នីហ្វៃ ពី​ទី​ក្រុង​មួយ​ទៅ​ទី​ក្រុង​មួយ ហើយ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ គឺ​រហូត​ដល់​ពួក​គេ​គ្មាន​សល់​មួយ​សោះ ហើយ​ការ​រលំ​របស់​គេ​នោះ​គឺ​មហិមា​ណាស់ មែន​ហើយ មហិមា និង​អស្ចារ្យ​មែន​ការ​បំផ្លិចបំផ្លាញ​ប្រជាជន​ខ្ញុំ គឺ​សាសន៍​នីហ្វៃ។

ហើយ​មើល​ចុះ នេះ​គឺជា​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់ ដែល​បាន​ធ្វើ​ការ​នេះ។ ហើយ​ក៏​មើល​ចុះ ពួក​សាសន៍​លេមិន បាន​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នៅ​លើ​ផ្ទៃ​ដែនដី​នេះ​ទាំង​មូល មាន​ការ​កាប់​សម្លាប់ ការ​ខ្ចាយ​ឈាម​ដ៏​ឥត​ឈប់​ឈរ ហើយ​គ្មាន​នរណា​ដឹង​ថា កាលណា​សង្គ្រាម​នឹង​ចប់​ឡើយ។

ហើយ​ឥឡូវ​នេះ មើល​ចុះ ខ្ញុំ​ឈប់​និយាយ​ពី​ពួក​គេ​ទៀត ត្បិត​គ្មាន​អ្នក​ណា​នៅ​លើ​ផ្ទៃ​ដែនដី​នេះ ក្រៅ​ពី​ពួក​សាសន៍​លេមិន និង​ពួក​ចោរ​ឡើយ។

១០ហើយ​គ្មាន​នរណា​ម្នាក់​ស្គាល់​ព្រះ​ដ៏​ពិតប្រាកដ ក្រៅ​ពី​ពួក​សិស្ស​នៃ​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ ដែល​បាន​នៅ​លើ​ដែនដី​នេះ រហូត​ដល់​អំពើ​ទុច្ចរិត​របស់​ប្រជាជន​មាន​ភាព​ធ្ងន់ធ្ងរ ដែល​ព្រះ​អម្ចាស់​ទ្រង់​ពុំ​ទ្រាំ​ឲ្យ​ពួក​គេនៅ​ជាមួយ​នឹង​ប្រជាជន​ទៀត ហើយ​ទោះ​ជា​ពួក​គេ​នៅ​លើ​ផ្ទៃ​ដែនដី ឬ​អត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ។

១១ប៉ុន្តែ​មើល​ចុះ ឪពុក​ខ្ញុំ និង​ខ្ញុំ​បាន​ឃើញ​ពួក​គេ ហើយ​ពួក​គេ​បាន​ធ្វើ​ការងារ​បម្រើ​ដល់​យើង។

១២ហើយ​អស់​អ្នក​ណា​ដែល​ទទួល​បញ្ជី​នេះ ហើយ​ដែល​នឹង​មិន​ថ្កោលទោស​ដោយ​មក​ពី​ភាព​ពុំ​ពេញ​លេញ​នៅ​ក្នុង​នោះ​ទេ អ្នក​នោះ​ហើយ​ដែល​នឹង​ដឹង​នូវ​រឿង​ដ៏​មហិមា​លើសលែង​ទៅ​ទៀត។ មើល​ចុះ ខ្ញុំ​ជា​មរ៉ូណៃ ហើយ​បើ​មាន​លទ្ធ​ភាព នោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​នូវ​ការណ៍​ទាំង​អស់។

១៣មើល​ចុះ ខ្ញុំ​សូម​បញ្ចប់​នូវ​ការ​និយាយ​អំពី​ប្រជាជន​នេះ​សិន​ចុះ។ ខ្ញុំ​ជា​កូន​ប្រុស​របស់​មរមន ឯ​ឪពុក​ខ្ញុំ គឺជា​ពូជ​ពង្ស​នៃ​នីហ្វៃ។

១៤ហើយ​គឺ​ខ្ញុំ​នេះ​ហើយ​ដែល​បាន​លាក់​បញ្ជី​នេះ​ថ្វាយ​ដល់​ព្រះ​អម្ចាស់ ផ្ទាំង​ទាំង​នេះ​ពុំ​មាន​តម្លៃ​អ្វី​ទេ ដោយ​មក​ពី​ព្រះ​បញ្ញត្តិ​នៃ​ព្រះ​អម្ចាស់ ត្បិត​ទ្រង់​មាន​ព្រះ​បន្ទូល​យ៉ាង​ប្រាកដ​ថា គ្មាន​អ្នក​ណាមួយ​អាច​យក​ផ្ទាំង​ទាំង​នេះ​ដើម្បី​ស្វែងរក​កម្រៃ​ឡើយ ប៉ុន្តែ​បញ្ជី​នៅ​លើ​នោះ មាន​តម្លៃ​មហិមា ហើយ​អស់​អ្នក​ណា​ដែល​នាំ​បញ្ជី​នោះ​មក​ឯ​ពន្លឺ អ្នក​នោះ​ហើយ​ដែល​ព្រះ​អម្ចាស់​ទ្រង់​នឹង​ប្រទាន​ពរ​ឲ្យ។

១៥ត្បិត​គ្មាន​អ្នក​ណា​មាន​អំណាច​នឹង​នាំ​បញ្ជី​នេះ​មក​ឯ​ពន្លឺ​ឡើយ លើក​លែងតែ​បាន​ប្រទាន​ដល់​អ្នក​នោះ​ដោយ​ព្រះ ត្បិត​ព្រះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ចង់​ឲ្យ​ការណ៍​នោះ​បាន​ធ្វើ​ឡើង​ដោយ​ភ្នែក​ស្មោះស្ម័គ្រ​ទាំង​ស្រុង​ចំពោះ​សិរី​ល្អ​របស់​ព្រះ​អង្គ ឬ​ចំពោះ​សុខុមាល​ភាព​ដល់​ប្រជាជន​ដែល​នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះ​អម្ចាស់​ពី​ចាស់​បុរាណ ដែល​ត្រូវ​ខ្ចាត់​ព្រាត់​ដ៏​យូរអង្វែង។

១៦មាន​ពរ​ហើយ​អ្នក​ណា​ដែល​នាំ​ការណ៍​នេះ​មក​ឯ​ពន្លឺ ត្បិត​នឹង​ត្រូវ​បាន​នាំ​ពី​សេចក្ដី​ងងឹត​មក​ឯ​ពន្លឺ ស្រប​តាម​ព្រះ​បន្ទូល​នៃ​ព្រះ មែន​ហើយ គឺ​នឹង​ត្រូវ​បាន​នាំ​ចេញ​មក​ពី​ក្នុង​ដី ហើយ​នឹង​ចែងចាំង​ចេញ​ពី​សេចក្ដី​ងងឹត ហើយ​បាន​ដឹង​ដល់​ប្រជាជន ហើយ​ការណ៍​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ។

១៧ហើយ​បើ​សិន​ជា​មាន​កំហុស​អ្វី​សោត កំហុស​ទាំង​នោះ​គឺជា​របស់​ផង​មនុស្ស ប៉ុន្តែ​មើល​ចុះ យើង​ពុំ​ស្គាល់​នូវ​កំហុស​ឡើយ ប៉ុន្តែ​ព្រះ​ទ្រង់​ជ្រាប​នូវ​គ្រប់​ការណ៍​ទាំង​អស់ ហេតុ​ដូច្នេះ​ហើយ អ្នក​ណា​ដែល​ថ្កោលទោស ចូរ​ឲ្យ​អ្នក​នោះ​ប្រយ័ត្ន​ចុះ ក្រែង​គេ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក។

១៨ហើយ​អ្នក​ណា​ដែល​និយាយ​ថា ៖ ចូរ​បង្ហាញ​ដល់​ខ្ញុំ បើ​ពុំ​នោះ​សោត​ទេ អ្នក​នឹង​ត្រូវ​វាយ — ចូរ​ឲ្យ​អ្នក​នោះ​ប្រយ័ត្ន​ចុះ ក្រែង​បាន​បញ្ជា​នូវ​អ្វី​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ហាម។

១៩ត្បិត​មើល​ចុះ អ្នក​ណា​ដែល​ថ្កោលទោស​ដោយ​ទ្វេធ្វេស អ្នក​នោះ​ហើយ​ដែល​នឹង​បាន​ទទួល​ការ​ថ្កោលទោស​ដោយ​ទ្វេធ្វេស​វិញ ត្បិត​ស្រប​តាម​ឈ្នួល​របស់​គេ នោះ​នឹង​បាន​ស្រប​ទៅ​តាម​កិច្ចការ​របស់​ខ្លួន​ដែរ ហេតុ​ដូច្នោះ​ហើយ អ្នក​ណា​ដែល​វាយ​គេ នោះ​នឹង​ត្រូវ​ព្រះ​អម្ចាស់​ទ្រង់​វាយ​វិញ។

២០ចូរ​មើល​អ្វី​ដែល​បទគម្ពីរ​ចែង​ថា — មនុស្ស​មិន​ត្រូវ​វាយ ហើយ​ក៏​មិន​ត្រូវ​ថ្កោលទោស​ដែរ ត្បិត​ការ​ថ្កោលទោស​គឺជា​របស់​ផង​យើង ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ហើយ​ការ​សងសឹក​ក៏​ជា​របស់​ផង​យើង​ដែរ ហើយ​យើង​នឹង​សង​វិញ។

២១ហើយ​អ្នក​ណា​ដែល​បញ្ចេញ​កំហឹង និង​គំរាម​ទាស់​នឹង​កិច្ចការ​នៃ​ព្រះ​អម្ចាស់ ហើយ​ទាស់​នឹង​រាស្ត្រ​ដែល​នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះ​អម្ចាស់ គឺជា​វង្ស​អ៊ីស្រាអែល ហើយ​នឹង​និយាយ​ថា ៖ យើង​នឹង​បំផ្លាញ​កិច្ចការ​នៃ​ព្រះ​អម្ចាស់​ចោល ហើយ​ព្រះ​អម្ចាស់​ទ្រង់​នឹង​ពុំ​នឹក​ចាំ​ដល់​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​វង្ស​អ៊ីស្រាអែល​ឡើយ — អ្នក​នោះ​ហើយ​ដែល​ក្រែង​នឹង​ត្រូវ​កាប់​រំលំ ហើយ​បោះ​ចោល​ទៅ​ក្នុង​ភ្លើង។

២២ព្រោះ​គោលបំណង​ទាំង​ឡាយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៃ​ព្រះ​អម្ចាស់ នឹង​ដើរ​ទៅ​មុខ រហូត​ដល់​ពាក្យ​សន្យា​ទាំង​អស់​របស់​ទ្រង់​បាន​បំពេញ។

២៣ចូរ​ពិចារណា​មើល​ពាក្យ​ព្យាករណ៍​របស់​លោក​អេសាយ​ចុះ។ មើល​ចុះ ខ្ញុំ​ពុំ​អាច​កត់​នូវ​ពាក្យ​ទាំង​នោះ​បាន​ទេ។ មែន​ហើយ មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ពួក​បរិសុទ្ធ​ទាំង​នោះ ដែល​បាន​ចាក​ចេញ​ទៅ​មុន​ខ្ញុំ​ហើយ ដែល​ជា​ម្ចាស់​ដែនដី​នេះ គេ​នឹង​ស្រែក​ឡើង មែន​ហើយ គេ​នឹង​អំពាវនាវ​ដល់​ព្រះ​អម្ចាស់​ចេញ​ពី​ធូលី​ដី​មក ហើយ​ប្រាកដ​ដូច​ជា​ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ នោះ​ទ្រង់​នឹង​នឹក​ចាំ​ដល់​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​ពួក​គេ។

២៤ហើយ​ទ្រង់​ជ្រាប​នូវ​ពាក្យ​អធិស្ឋាន​ទាំង​ឡាយ​របស់​ពួក​គេ ថា​ពួក​គេ​បាន​អធិស្ឋាន​ឲ្យ​ពួក​បង​ប្អូន​របស់​គេ។ ហើយ​ទ្រង់​ជ្រាប​នូវ​សេចក្ដី​ជំនឿ​របស់​ពួក​គេ ត្បិត​ដោយ​នូវ​ព្រះ​នាម​ទ្រង់ នោះ​ពួក​គេ​អាច​រើ​ភ្នំ ហើយ​ដោយ​នូវ​ព្រះ​នាម​ទ្រង់ នោះ​ពួក​គេ​អាច​ធ្វើ​ឲ្យ​ផែនដី​កក្រើក ហើយ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​បន្ទូល​របស់​ទ្រង់ នោះ​ពួក​គេ​អាច​ធ្វើ​ឲ្យ​គុក​ទាំង​ឡាយ​រលំ​ទៅ​លើ​ដី មែន​ហើយ សូម្បីតែ​ឡ​ភ្លើង ក៏​ពុំ​អាច​បៀតបៀន​ពួក​គេ​បាន​ដែរ សូម្បីតែ​សត្វ​សាហាវ ឬ​ពស់​អាសិរពិស​ក៏​ដូច្នោះ​ដែរ គឺ​មក​ពី​ព្រះ​ចេស្ដា​នៃ​ព្រះ​បន្ទូល​របស់​ទ្រង់។

២៥ហើយ​មើល​ចុះ ពាក្យ​អធិស្ឋាន​ទាំង​ឡាយ​របស់​ពួក​គេ​ក៏​មាន​ដល់​អ្នក​នោះ ដែល​ព្រះ​អម្ចាស់​ទ្រង់​ចាត់​ឲ្យ​នាំ​ការណ៍​ទាំង​នេះ​ចេញ​មក។

២៦ហើយ​ពុំ​បាច់​នរណា​និយាយ​ថា ការណ៍​ទាំង​នេះ​នឹង​ពុំ​កើត​ឡើង​ឡើយ ព្រោះ​ការណ៍​ទាំង​នេះ ប្រាកដជា​នឹង​កើត​ឡើង​មែន ត្បិត​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ត្បិត​ការណ៍​ទាំង​នោះ​នឹង​ចេញ​មក​ពី​ដី​ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់ ហើយ​គ្មាន​នរណា​អាច​រារាំង​បាន​ឡើយ ហើយ​ការណ៍​នោះ​នឹង​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​ណាមួយ ដែល​គេ​និយាយ​ថា គ្មាន​អព្ភូតហេតុ​ទៀត​ទេ ហើយ​នឹង​កើត​ឡើង​បី​ដូច​ជា​មនុស្ស​និយាយ​ចេញ​ពី​ស្លាប់​មក។

២៧ហើយ​នឹង​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​ណាមួយ ដែល​ឈាម​របស់​ពួក​បរិសុទ្ធ​នឹង​អំពាវនាវ​ដល់​ព្រះ​អម្ចាស់ ពី​ព្រោះ​មក​ពី​បក្សព័ន្ធ​សម្ងាត់ និង​កិច្ចការ​ទាំង​ឡាយ​នៃ​សេចក្ដី​ងងឹត។

២៨មែន​ហើយ គឺ​នឹង​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​ណាមួយ កាល​ព្រះ​ចេស្ដា​នៃ​ព្រះ​នឹង​ត្រូវ​គេ​បដិសេធ ហើយ​សាសនាចក្រ​ទាំង​ឡាយ​ក្លាយ​ទៅ​ជា​ខូច ហើយ​លើក​ខ្លួន​ឡើង​ក្នុង​ការ​ឆ្មើងឆ្មៃ​នៃ​ចិត្ត​របស់​គេ មែន​ហើយ គឺ​នៅ​ក្នុង​ថ្ងៃ​ណាមួយ កាល​ពួក​អ្នក​ដឹកនាំ​សាសនាចក្រ​ទាំង​ឡាយ និង​ពួក​គ្រូបង្រៀន​នឹង​លើក​ខ្លួន​ឡើង​នៅ​ក្នុង​ការ​ឆ្មើងឆ្មៃ​នៃ​ចិត្ត​របស់​ខ្លួន គឺ​រហូត​ដល់​មាន​ការ​ឈ្នានីស​គ្នា រវាង​អ្នក​ដែល​នៅ​ក្នុង​សាសនាចក្រ​ជាមួយ​គ្នា។

២៩មែន​ហើយ គឺ​នឹង​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​ណាមួយ កាល​គេ​ឮ​អំពី​ភ្លើង​ឆេះ និង​ព្យុះសង្ឃរា និង​ចំហាយ​ផ្សែង​នៅ​ឯ​ប្រទេស​ក្រៅ​ទាំង​ឡាយ

៣០ហើយ​ក៏​នឹង​ឮ​អំពី​សង្គ្រាម ពាក្យ​ចចាមអារ៉ាម​អំពី​សង្គ្រាម និង​ផែនដី​រញ្ជួយ​នៅ​កន្លែង​ផ្សេងៗ។

៣១មែន​ហើយ គឺ​នឹង​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​ណាមួយ កាល​មាន​ការ​ស្អុយ​ក​ខ្វក់​ជា​ខ្លាំង​នៅ​លើ​ផ្ទៃ​ផែនដី ហើយ​នឹង​មាន​ការ​កាប់​សម្លាប់ និង​ការ​ប្លន់ និង​ការ​ភូត​កុហក និង​ការ​បោក​បញ្ឆោត និង​អំពើ​សហាយស្មន់ និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​គ្រប់​បែប​យ៉ាង នៅ​ពេល​នោះ​នឹង​មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា ធ្វើ​យ៉ាង​នេះ ឬ​ធ្វើ​យ៉ាង​នោះ ហើយ​គឺ​គ្មាន​ជា​ការ​អ្វី​ទេ ត្បិត​ព្រះ​អម្ចាស់​ទ្រង់​នឹង​ជួយ​គាំទ្រ​ដល់​ការណ៍​នោះ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។ ប៉ុន្តែ​វេទនា​ដល់​អ្នក​ទាំង​នោះ ត្បិត​គេ​កំពុងតែ​ស្ថិត​នៅ​ក្នុង​ប្រមាត់​ល្វីង​ជូរចត់ និង​នៅ​ក្នុង​ចំណង​នៃ​អំពើ​ទុច្ចរិត។

៣២មែន​ហើយ គឺ​នឹង​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​ណាមួយ កាល​មាន​សាសនាចក្រ​ជា​ច្រើន បាន​ត្រូវ​តាំង​ឡើង​ដែល​នឹង​និយាយ​ថា ៖ ចូរ​មក​ខាង​ខ្ញុំ ហើយ​ដោយ​ទឹក​ប្រាក់​របស់​អ្នក នោះ​អ្នក​នឹង​ត្រូវ​បាន​អភ័យទោស​ដល់​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក។

៣៣ឱ​អ្នក​រាល់​គ្នា ដែល​ជា​ពួក​ទុច្ចរិត និង​ខូច ហើយ​រឹងទទឹង​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា បង្កើត​សាសនាចក្រ​ទាំង​ឡាយ​ឡើង​ដើម្បី​រក​កម្រៃ​ផ្ទាល់​ខ្លួន? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា ផ្លាស់​ប្រែ​ព្រះ​បន្ទូល​ដ៏​ពិសិដ្ឋ​នៃ​ព្រះ ដើម្បី​អ្នក​អាច​នាំ​មក​នូវ​សេចក្ដី​ជាប់​ទោស​មក​លើ ព្រលឹង​របស់​អ្នក​ដូច្នេះ? មើល​ចុះ ចូរ​អ្នក​សង្កេត​មើល​វិវរណៈ​នៃ​ព្រះ ត្បិត​មើល​ចុះ នឹង​ដល់​ថ្ងៃ​មួយ កាល​ការណ៍​អស់​ទាំង​នេះ​នឹង​ត្រូវ​បាន​បំពេញ។

៣៤មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​បាន​បង្ហាញ​ដល់​ខ្ញុំ​នូវ​ការណ៍​ដ៏​ធំ ហើយ​អស្ចារ្យ​ទាំង​ឡាយ អំពី​អ្វី​ដែល​ត្រូវ​មក​ដល់​នៅ​ពេល​យ៉ាង​ខ្លីៗ នៅ​ក្នុង​ថ្ងៃ​ដែល​ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ក្នុង​ចំណោម​ពួក​អ្នក។

៣៥មើល​ចុះ ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ហាក់​បី​ដូច​ជា​អ្នក​រាល់​គ្នា​នៅ​ទី​នេះ ប៉ុន្តែ​អ្នក​រាល់​គ្នា​ពុំ​នៅ​ទី​នេះ​ទេ ប៉ុន្តែ​មើល​ចុះ ព្រះ​យេស៊ូវ​គ្រីស្ទ ទ្រង់​បង្ហាញ​អ្នក​រាល់​គ្នា​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ធ្វើ។

៣៦ហើយ​ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​ដើរ​នៅ​ក្នុង​សេចក្ដី​ឆ្មើងឆ្មៃ​នៃ​ចិត្ត​របស់​ខ្លួន ហើយ​គ្មាន​អ្នក​ណា​ម្នាក់​សោះ លើក​លែងតែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​ពុំ​ឡើង​ចាង​នៅ​ក្នុង​សេចក្ដី​ឆ្មើងឆ្មៃ​នៃ​ចិត្ត​របស់​ខ្លួន រហូត​ដល់​ការ​ពាក់​នូវ​ប្រដាប់​ស្លៀកពាក់​ដ៏​វិចិត្រ ហើយ​ដល់​មាន​ការ​ឈ្នានីស និង​ប្រកួតប្រជែង និង​កលល្បិច និង​ការ​បៀតបៀន និង​អំពើ​ទុច្ចរិត​គ្រប់​បែប​យ៉ាង ឯ​សាសនាចក្រ​ទាំង​ឡាយ​របស់​អ្នក​រាល់​គ្នា​វិញ មែន​ហើយ គឺ​គ្រប់​ទាំង​អស់​បាន​ក្លាយ​ទៅ​ជា​ស្អុយ​ក​ខ្វក់ ពី​ព្រោះ​មក​ពី​សេចក្ដី​ឆ្មើងឆ្មៃ​នៃ​ចិត្ត​របស់​អ្នក។

៣៧ត្បិត​មើល​ចុះ អ្នក​រាល់​គ្នា​ស្រឡាញ់​ប្រាក់​កាស និង​ទ្រព្យសម្បត្តិ​របស់​ខ្លួន និង​ប្រដាប់​ស្លៀកពាក់​ដ៏​វិចិត្រ​របស់​ខ្លួន ហើយ​ចូល​ចិត្ត​តុបតែង​សាសនាចក្រ​ទាំង​ឡាយ​របស់​អ្នក​រាល់​គ្នា ជាជាង​ស្រឡាញ់​អ្នក​ក្រីក្រ និង​អ្នក​កម្សត់​ទុគ៌ត អ្នក​ឈឺ និង​អ្នក​ដែល​រង​ទុក្ខ​វេទនា។

៣៨ឱ​មនុស្ស​ស្អុយ​កខ្វក់ មនុស្ស​លាក់​ពុត និង​ពួក​គ្រូ ដែល​បាន​លក់​ខ្លួន​ឲ្យ​អំពើ​អបាយមុខ​អើយ ហេតុ​អ្វី​ក៏​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​សាសនាចក្រ​ដ៏​បរិសុទ្ធ​នៃ​ព្រះ​ក​ខ្វក់​ដូច្នេះ? ហេតុ​អ្វី​ក៏​អ្នក​រាល់​គ្នា​ខ្មាសអៀន​នឹង​លើក​ដាក់​លើ​ខ្លួន​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ? ហេតុ​អ្វី​ក៏​អ្នក​រាល់​គ្នា​ពុំ​គិត​ដល់​តម្លៃ​ដ៏​ធំ​នៃ​សុភមង្គល​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ជាង​សេចក្ដី​វេទនា ដែល​ពុំ​អាច​សះ​ស្បើយ — ពី​ព្រោះ​មក​ពី​ការ​សរសើរ​ខាង​ឯ​លោកិយ​ឬ?

៣៩ហេតុ​អ្វី​ក៏​អ្នក​រាល់​គ្នា​តុបតែង​ខ្លួន ដោយ​អ្វី​ដែល​គ្មាន​ជីវិត តែ​ទុក​ឲ្យ​ពួក​អ្នក​អត់ឃ្លាន និង​អ្នក​កម្សត់​ទុគ៌ត និង​អ្នក​អាក្រាត និង​អ្នក​ឈឺ និង​អ្នក​ដែល​រង​ទុក្ខ​វេទនា​ដើរ​ទៅ​ហួស​ដោយ​ពុំ​យក​ចិត្ត​ទុកដាក់​ដល់​ពួក​គេ​ដូច្នេះ?

៤០មែន​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា បង្កើត​អំពើ​គួរ​ខ្ពើម​ឆ្អើម​ដ៏​សម្ងាត់​ទាំង​ឡាយ ដើម្បី​រក​កម្រៃ ហើយ​ទុក​ឲ្យ​ស្រ្តី​មេម៉ាយ​ទាំង​ឡាយ​ទួញ​សោក​នៅ​ខាង​មុខ​ព្រះ​អម្ចាស់ ហើយ​ទុក​ឲ្យ​ពួក​ក្មេង​កំព្រា​ទួញ​សោក​នៅ​ខាង​មុខ​ព្រះ​អម្ចាស់ ហើយ​ទុក​ឲ្យ​ឈាម​របស់​ឪពុក​ពួក​គេ និង​ប្ដី​របស់​ពួក​គេ​អំពាវនាវ​ដល់​ព្រះ​អម្ចាស់​ចេញ​ពី​ដី​មក សូម​ឲ្យ​មាន​ការ​សងសឹក​ដល់​ក្បាល​អ្នក​រាល់​គ្នា?

៤១មើល​ចុះ ដាវ​នៃ​ការ​សង​សឹក ព្យួរ​នៅ​ខាង​លើ​ពួក​អ្នក​រាល់​គ្នា ហើយ​ពេល​វេលា​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ ថា​ទ្រង់​នឹង​សង​សឹក​ឈាម​នៃ​ពួក​បរិសុទ្ធ​មក​លើ​អ្នក​រាល់​គ្នា ត្បិត​ទ្រង់​ពុំ​អាច​ទ្រាំ​នឹង​ការ​អំពាវនាវ​របស់​ពួក​គេ​ត​ទៅ​ទៀត​ទេ៕