ព្រះគម្ពីរ
អាលម៉ា 31


ជំពូក​ទី ៣១

អាលម៉ា​ដឹកនាំ​ក្រុម​បេសកកម្ម​មួយ​ទៅ​កែប្រែ​ពួក​សូរាំ ដែល​ក្បត់​សាសនា​មក​វិញ — ពួក​សាសន៍​សូរាំ​មិន​ទទួល​ស្គាល់​ព្រះ​គ្រីស្ទ, ជឿ​តាម​ការ​ជ្រើសរើស​ដែល​ខុស, ហើយ​ថ្វាយ​បង្គំ​ដោយ​ការ​អធិស្ឋាន​ដែល​តែង​ទុកជាមុន — សាសនទូត​ទាំង​ឡាយ​ពោរពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ — សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​គេ ត្រូវ​បាន​លេប​ទៅ​ដោយ​សេចក្ដី​អំណរ​នៅ​ក្នុង​ព្រះ​គ្រីស្ទ។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​កូរីហូរ​បាន​បាត់​ទៅ នោះ​អាលម៉ា​បាន​ទទួល​ដំណឹង​ថា ពួក​សាសន៍​សូរាំ​កំពុងតែ​បង្ខូច​ផ្លូវ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ហើយ​សូរាំ​ដែល​ជា​អ្នក​ដឹកនាំ​របស់​គេ កំពុងតែ​ដឹកនាំ​ចិត្ត​ប្រជាជន​ឲ្យ​ក្រាបថ្វាយ​បង្គំ​ដល់​រូប​ព្រះ​ដែល​គ​ទាំង​ឡាយ ចិត្ត​លោក​ក៏​ចាប់​ផ្ដើម​ចុក​ចាប់​ទៀត ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ប្រជាជន​នេះ។

ព្រោះ​នេះ​គឺជា​ហេតុ​ដែល​នាំ​ឲ្យ​អាលម៉ា​មាន​ការ​សោកសៅ​យ៉ាង​ធំ ដោយ​ដឹង​ពី​អំពើ​ទុច្ចរិត​នៅ​ក្នុង​ចំណោម​ប្រជាជន​នេះ ហេតុ​ដូច្នេះ​ហើយ ចិត្ត​លោក​ក្រៀមក្រំ​ជា​អតិបរមា ដោយ​ព្រោះ​ការ​បែក​គ្នា​នៃ​ពួក​សាសន៍​សូរាំ​ពី​ពួក​សាសន៍​នីហ្វៃ។

ឥឡូវ​នេះ ពួក​សាសន៍​សូរាំ​បាន​ប្រជុំ​គ្នា​មក​នៅ​ដែនដី​មួយ ដែល​គេ​ហៅ​ថា អាន់ទីអូនុម គឺ​នៅ​ខាង​កើត​ដែនដី​សារ៉ាហិមឡា គឺ​នៅ​ជិត​តាម​មាត់សមុទ្រ គឺ​នៅ​ខាង​ត្បូង​ដែនដី​យើសុន ដែល​នៅ​តាម​ទី​រហោស្ថាន​ខាង​ត្បូង​ដែរ គឺ​ជាទី​រហោស្ថាន​ដែល​មាន​ពោរ​ពេញ​ទៅ​ដោយ​ពួក​លេមិន។

ឥឡូវ​នេះ ពួក​នីហ្វៃ​ភិតភ័យ​ជា​ខ្លាំង ខ្លាចក្រែង​ពួក​សូរាំ​ធ្វើ​ការ​ទាក់​ទង​ជាមួយ​នឹង​ពួក​លេមិន ហើយ​ការណ៍​នោះ​គឺជា​ហេតុ​ដែល​នឹង​នាំ​ឲ្យ​មាន​ការ​ខូចខាត​យ៉ាង​ធំ​ដល់​ពួក​នីហ្វៃ។

ហើយ​ឥឡូវ​នេះ ដោយ​ការ​ផ្សាយ​ព្រះ​បន្ទូល​មាន​បណ្ដា​ការ​ដ៏​ធំ​ក្នុង​ការ​ដឹកនាំ​ប្រជាជន ឲ្យ​ធ្វើ​នូវ​អ្វីៗ​ដែល​ត្រឹម​ត្រូវ — មែន​ហើយ វា​មាន​ប្រសិទ្ធ​ភាព​ទៅ​លើ​គំនិត​មនុស្ស​ច្រើន​ជាង​ផ្លែ​ដាវ ឬ​អ្វី​ផ្សេងៗ​ទៀត​ដែល​កើត​ឡើង​ដល់​គេ — ហេតុ​ដូច្នេះ​ហើយ អាលម៉ា​បាន​គិត​ថា ជា​ការ​ចាំ​បាច់ ដែល​គេ​ត្រូវ​ពិសោធ​គុណធម៌​នៃ​ព្រះ​បន្ទូល​នៃ​ព្រះ។

ហេតុ​ដូច្នេះ​ហើយ លោក​បាន​នាំ​អាំម៉ូន និង​អើរ៉ុន និង​អោមណើរ រីឯ​ហិមណៃ​វិញ លោក​បាន​ទុក​ឲ្យ​នៅ​ក្នុង​សាសនាចក្រ​នៅ​សារ៉ាហិមឡា ប៉ុន្តែ​ឯ​អ្នក​បី​នាក់​មុន​នោះ លោក​បាន​នាំ​ទៅ​ជាមួយ​នឹង​លោក ព្រម​ទាំង​អាមូលេក និង​ស៊ី​អែសរ៉ុម ដែល​នៅ​ឯ​មេលេក ហើយ​លោក​ក៏​បាន​នាំ​កូន​ប្រុស​របស់​លោក​ពីរ​នាក់​ទៅ​ផង​ដែរ។

ឥឡូវ​នេះ កូន​ប្រុស​ច្បង​លោក​មិន​យក​ទៅ​ជាមួយ​គេ​ទេ ហើយ​គាត់​មាន​ឈ្មោះ​ថា ហេលេមិន រីឯ​ឈ្មោះ​នៃ​អ្នក​ទាំង​ពីរ​ដែល​លោក​បាន​យក​ទៅ​ជាមួយ គឺ​ស៊ិបឡុន និង​កូរីអានតុន ហើយ​នេះ​គឺជា​ឈ្មោះ​នៃ​អ្នក​ដែល​ទៅ​ជាមួយ​នឹង​លោក​ទៅ​ក្នុង​ចំណោម ពួក​សូរាំ ដើម្បី​ទៅ​ផ្សាយ​ព្រះ​បន្ទូល​ដល់​គេ។

ឥឡូវ​នេះ ពួក​សូរាំ គឺជា​អ្នក​ដែល​បែក​ចេញ​ពី​ពួក​សាសន៍​នីហ្វៃ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ធ្លាប់​បាន​ទទួល​ព្រះ​បន្ទូល​នៃ​ព្រះ ដែល​បាន​ផ្សាយ​ដល់​គេ​ពីមុន​ដែរ។

ប៉ុន្តែ ពួក​គេ​បាន​ធ្លាក់​ទៅ​ក្នុង​កំហុស​យ៉ាង​ធំ ព្រោះ​គេ​ពុំ​ប្រតិបត្តិ​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ និង​ក្រឹត្យ​ក្រម​ទាំង​ឡាយ​របស់​ទ្រង់ ស្រប​តាម​ក្រឹត្យវិន័យ​លោក​ម៉ូសេ​ទេ។

១០ហើយ​ពួក​គេ​ក៏​មិន​គោរព​តាម​ការ​ប្រព្រឹត្ត​ទាំង​ឡាយ​នៃ​សាសនាចក្រ ដើម្បី​បន្ត​ការ​អធិស្ឋាន និង​ការ​ទូល​អង្វរ​ដល់​ព្រះ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​កុំ​ឲ្យ​គេ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ការ​ល្បួង​នោះ​ឡើយ។

១១មែន​ហើយ សរុប​សេចក្ដី​មក ពួក​គេ​បាន​បង្ខូច​ផ្លូវ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​ជា​ច្រើន​លើក​ច្រើន​គ្រា​ណាស់ ហេតុ​ដូច្នេះ​ហើយ ដោយ​ហេតុ​នេះ អាលម៉ា និង​បង​ប្អូន​លោក បាន​ចូល​ទៅ​ក្នុង​ដែនដី​នោះ ដើម្បី​ទៅ​ផ្សាយ​ព្រះ​បន្ទូល​ដល់​ពួក​គេ។

១២ឥឡូវ​នេះ កាលដែល​ពួក​គេ​បាន​មក​ដល់​ដែនដី​នោះ​ហើយ មើល​ចុះ គេ​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង ដោយ​បាន​ឃើញ​ថា ពួក​សាសន៍​សូរាំ បាន​សង់​សាលា​ជំនុំ​ទាំង​ឡាយ ហើយ​ពួក​គេ​បាន​ជួបជុំ​គ្នា​នៅ​ថ្ងៃ​មួយ​ក្នុង​មួយ​សប្ដាហ៍ គឺជា​ថ្ងៃ​ដែល​គេ​បាន​ហៅ​ថា ថ្ងៃ​នៃ​ព្រះ​អម្ចាស់ ហើយ​ពួក​គេ​បាន​ថ្វាយ​បង្គំ​តាម​របៀប​ម្យ៉ាង ដែល​អាលម៉ា និង​បង​ប្អូន​លោក​មិនដែល​បាន​ឃើញ​ពីមុន​សោះ

១៣ព្រោះ​ពួក​គេ​មាន​កន្លែង​មួយ​ដែល​សង់​ឡើង នៅ​កណ្ដាល​សាលាជំនុំ​របស់​គេ ជា​កន្លែង​មួយ​សម្រាប់​ឈរ​ដែល​នៅ​ខ្ពស់​ជាង​ក្បាល ហើយ​លើ​នោះ មាន​កន្លែង​សម្រាប់​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ។

១៤ហេតុ​ដូច្នេះ​ហើយ អ្នក​ណា​ចង់​ថ្វាយ​បង្គំ នោះ​ត្រូវ​ទៅ​ឈរ​នៅ​លើ​នោះ ហើយ​លើកដៃ​តម្រង់​ទៅ​ស្ថានសួគ៌ ហើយ​ស្រែ​ក​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា ៖

១៥បរិសុទ្ធ ឱ​ព្រះ​ដ៏​បរិសុទ្ធ​អើយ យើង​ខ្ញុំ​ជឿ​ថា ព្រះ​អង្គ​គឺជា​ព្រះ ហើយ​យើង​ខ្ញុំ​ជឿ​ថា ព្រះ​អង្គ​បរិសុទ្ធ ហើយ​ថា​ព្រះ​អង្គជា​ព្រះ​វិញ្ញាណ​ពីមុន ហើយ​ថា ព្រះ​អង្គជា​ព្រះ​វិញ្ញាណ​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​ថា​ព្រះ​អង្គជា​ព្រះ​វិញ្ញាណ​រហូត​ត​ទៅ។

១៦ឱ​ព្រះ​ដ៏​បរិសុទ្ធ​អើយ យើង​ខ្ញុំ​ជឿ​ថា ព្រះ​អង្គ​បាន​បំបែក​យើង​ចេញ​ពី​បង​ប្អូន​យើង ហើយ​យើង​ខ្ញុំ​មិន​ជឿ​តាម​សណ្ដាប់​នៃ​បង​ប្អូន​យើង​ខ្ញុំ​ដែល​បាន​ឲ្យ​បន្ត​មក​ដល់​គេ ដោយ​សារ​ការ​រវើរវាយ​នៃ​ពួក​អយ្យកោ​របស់​គេ​ទេ ប៉ុន្តែ​យើង​ខ្ញុំ​ជឿ​ថា ព្រះ​អង្គ​បាន​រើស​តាំង​យើង​ខ្ញុំ​ទុកជា​កូន​ចៅ​ដ៏​បរិសុទ្ធ​របស់​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ដឹង​ដែរ​ថា នឹង​ពុំ​មាន​ព្រះ​គ្រីស្ទ​ទេ។

១៧ប៉ុន្តែ ព្រះ​អង្គ​នៅ​តែ​ដដែល ទោះ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ និង​រហូត​ត​ទៅ ហើយ​ព្រះ​អង្គ​បាន​រើស​តាំង​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​សង្គ្រោះ នៅ​ពេល​អ្នក​ឯ​ទៀត​នៅ​ជុំវិញ​យើង​ខ្ញុំ ត្រូវ​បាន​រើស​តាំង​ឡើង ដើម្បី​បោះ​ចោល​ទៅ​ក្នុង​ស្ថាន​នរក ឱ​ព្រះ​អង្គ​អើយ ដោយ​សារ​បរិសុទ្ធ​ភាព​នេះ យើង​ខ្ញុំ​សូម​អរ​ព្រះ​គុណ​ដល់​ព្រះ​អង្គ ហើយ​យើង​ខ្ញុំ​ក៏​សូម​អរ​ព្រះ​គុណ​ដល់​ព្រះ​អង្គ ដែល​បាន​រើស​តាំង​យើង​ខ្ញុំ ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​ត្រូវ​បាន​ដឹកនាំ​ឲ្យ​វង្វេង​ទៅ​តាម​សណ្ដាប់​ដ៏​ឆ្កួត​លីលា​របស់​បង​ប្អូន​យើង​ខ្ញុំ ដែល​ចង​គេ​ចុះ​ទៅ​នឹង​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ ដែល​ដឹក​នាំ​ចិត្ត​គេ​ឲ្យ​ខ្ចាត់​ព្រាត់​ចេញ​ឆ្ងាយ​ពី​ព្រះ​អង្គ ដែល​ជា​ព្រះ​របស់​យើង​ខ្ញុំ។

១៨ហើយ​មួយ​ទៀត យើង​ខ្ញុំ​សូម​អរ​ព្រះ​គុណ​ដល់​ព្រះ​អង្គ ឱ​ព្រះ​អង្គ​អើយ ដែល​យើង​ខ្ញុំ​ជា​ប្រជារាស្ត្រ​ដ៏​ជម្រើស និង​បរិសុទ្ធ​មួយ។ អាម៉ែន។

១៩ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​អាលម៉ា និង​បង​ប្អូន​លោក និង​កូន​ប្រុស​លោក បាន​ឮ​ពាក្យ​អធិស្ឋាន​ទាំង​នេះ​ហើយ នោះ​ពួក​គេ​មាន​សេចក្ដី​អស្ចារ្យ​ដ៏​ហួស​កម្រិត។

២០ត្បិត​មើល​ចុះ មនុស្ស​គ្រប់​រូប​បាន​ឡើង​ទៅ​សូត្រ​នូវ​ពាក្យ​អធិស្ឋាន​ដូចៗ​គ្នា។

២១ឥឡូវ​នេះ ពួក​គេ​បាន​ហៅ​ទី​នោះ​ថា រ៉ាមីអុមតុម ដែល​បកប្រែ​មក​ថា កន្លែង​ឈរ​ដ៏​បរិសុទ្ធ។

២២ឥឡូវ​នេះ នៅ​កន្លែង​ឈរ​នោះ​ពួក​គេ​បាន​អធិស្ឋាន គឺ​មនុស្ស​គ្រប់​រូប​នូវ​ពាក្យ​ដដែលៗ​ទៅ​ដល់​ព្រះ ដោយ​អរ​ព្រះ​គុណ​ដល់​ព្រះ​របស់​គេ ដែល​ទ្រង់​បាន​រើស​ពួក​គេ ហើយ​ដែល​ទ្រង់​មិន​បាន​នាំ​ពួក​គេ​ឲ្យ​ដើរ​វង្វេង​តាម​សណ្ដាប់​របស់​បង​ប្អូន​គេ ហើយ​ដែល​ចិត្ត​គេ​មិន​បាន​នាំ​ឲ្យ​ជឿ​ដល់​ការណ៍​ទាំង​ឡាយ ដែល​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ ដែល​ពួក​គេ​ពុំ​ដឹង​អ្វី​ទាល់​តែ​សោះ។

២៣ឥឡូវ​នេះ បន្ទាប់​ពី​ប្រជាជន​ទាំង​អស់​គ្នា​បាន​ថ្លែង​អំណរគុណ​តាម​របៀប​នេះ​ហើយ នោះ​ពួក​គេ​ក៏​ត្រឡប់​ទៅ​ផ្ទះ​គេ​វិញ ដោយ​មិន​និយាយ​អំពី​ព្រះ​របស់​គេ​ទៀត​ឡើយ រហូត​ដល់​ពួក​គេ​បាន​ជួបជុំ​គ្នា​ទៀត​នៅ​កន្លែង​ឈរ​ដ៏​បរិសុទ្ធ​នោះ ដើម្បី​ថ្លែង​អំណរគុណ​តាម​របៀប​នោះ។

២៤ឥឡូវ​នេះ កាល​អាលម៉ា​បាន​ឃើញ​ការណ៍​នេះ នោះ​ចិត្ត​លោក​ព្រួយបារម្ភ ព្រោះ​លោក​បាន​ឃើញ​ថា ពួក​គេ​ជា​ប្រជាជន​មួយ​ដ៏​ទុច្ចរិត និង​ខូច មែន​ហើយ លោក​បាន​ឃើញ​ថា ចិត្ត​ពួក​គេ​ត្រូវ​បាន​ភ្ជាប់​ទៅ​លើ​មាស និង​ទៅ​លើ​ប្រាក់ និង​ទៅ​លើ​របស់​របរ​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង។

២៥មែន​ហើយ ហើយ​លោក​បាន​ឃើញ​ថា ចិត្ត​ពួក​គេ​ត្រូវ​បាន​លើក​ឡើង​ដល់​ការ​អួតអាង​យ៉ាង​ធំ​នៅ​ក្នុង​សេចក្ដី​ឆ្មើងឆ្មៃ​របស់​គេ។

២៦ហើយ​លោក​បាន​បន្លឺ​សំឡេង​ទៅ​លើ​មេឃ ហើយ​ស្រែក​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ តើ​ដល់​ពេល​ណា​ទៅ ដែល​ទ្រង់​ទុក​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ទាំង​ឡាយ​រស់នៅ​ស្ថាន​ក្រោម​នេះ​ក្នុង​សាច់ឈាម ដើម្បី​មើល​អំពើ​ទុច្ចរិត​ដ៏​អាក្រក់​បែប​នេះ​នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស?

២៧មើល​ចុះ ឱ​ព្រះ​អង្គ​អើយ ពួក​គេ​អំពាវនាវ​ដល់​ព្រះ​អង្គ តែ​ចិត្ត​របស់​គេ​ត្រូវ​បាន​លេប​ទៅ​ក្នុង​សេចក្ដី​ឆ្មើងឆ្មៃ​របស់​គេ។ មើល​ចុះ ឱ​ព្រះ​អង្គ​អើយ ពួក​គេ​អំពាវនាវ​ដល់​ព្រះ​អង្គ​តែ​បបូរមាត់ កាល​គេ​កំពុងតែ​អួត​ខ្លួន​ដល់​កម្រិត​ខ្ពស់​ទៅ​លើ​វត្ថុ​ទាំង​ឡាយ​ដែល​ឥត​ប្រយោជន៍ នៃ​លោកិយ។

២៨មើល​ចុះ ឱ​ព្រះ​របស់​ទូលបង្គំ​អើយ ប្រដាប់​ស្លៀកពាក់​ដ៏​មាន​តម្លៃ​របស់​គេ និង​កង​របស់​គេ និង​ខ្សែ​ដៃ​របស់​គេ និង​គ្រឿងអលង្ការ​របស់​គេ​ដែល​ធ្វើ​ពី​មាស និង​វត្ថុ​មាន​តម្លៃ​ទាំង​អស់​របស់​គេ ដែល​តុបតែង​ខ្លួន​គេ ហើយ​មើល​ចុះ ចិត្ត​គេ​ត្រូវ​បាន​ភ្ជាប់​ទៅ​លើ​វត្ថុ​ទាំង​នោះ តែ​គេ​បែរ​ទៅ​ជា​អំពាវនាវ​ដល់​ព្រះ​អង្គ ហើយ​ទូល​ថា — យើង​ខ្ញុំ​សូម​អរ​ព្រះ​គុណ​ដល់​ព្រះ​អង្គ ឱ​ព្រះ​អង្គ​អើយ ព្រោះ​យើង​ខ្ញុំ​ជា​រាស្ត្រ​ដ៏​ជម្រើស​ដល់​ទ្រង់ នៅ​ពេល​អ្នក​ផ្សេង​ទៀត​ត្រូវ​វិនាស។

២៩ព្រះ​ពរ ហើយ​ពួក​គេ​ទូល​ថា ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​ថា នឹង​ពុំ​មាន​ព្រះ​គ្រីស្ទ​ទេ។

៣០ឱ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​អើយ តើ​ព្រះ​អង្គ​ស៊ូទ្រាំ​ដល់​ណា​ទៅ ឲ្យ​អំពើ​ទុច្ចរិត និង​អំពើ​មិន​ស្មោះត្រង់​បែប​នេះ​មាន​នៅ​ក្នុង​ចំណោម​រាស្ត្រ​នេះ? ឱ​ព្រះ​អម្ចាស់​អើយ សូម​ព្រះ​អង្គ​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ​ផង ដើម្បី​ទូលបង្គំ​អាច​ស៊ូទ្រាំ​ដោយ​សេចក្ដី​ទន់ខ្សោយ​របស់​ទូលបង្គំ។ ព្រោះ​ទូលបង្គំ​ទន់ខ្សោយ ហើយ​អំពើ​ទុច្ចរិត​បែប​នេះ ដែល​នៅ​ក្នុង​ចំណោម​ប្រជាជន​នេះ ធ្វើ​ឲ្យ​ឈឺ​ចាប់​ក្នុង​ព្រលឹង​ទូលបង្គំ។

៣១ឱ​ព្រះ​អម្ចាស់​អើយ ចិត្ត​ទូលបង្គំ​សោកសៅ​ជា​ខ្លាំង សូម​ព្រះ​អង្គ​ធ្វើ​ឲ្យ​ព្រលឹង​ទូលបង្គំ​បាន​ក្សាន្ត​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ផង​ចុះ។ ឱ​ព្រះ​អម្ចាស់​អើយ សូម​ព្រះ​អង្គ​ប្រទាន​ដល់​ទូលបង្គំ ឲ្យ​ទូលបង្គំ​មាន​កម្លាំង ដើម្បី​ទូលបង្គំ​អាច​ស៊ូទ្រាំ​ដោយ​ការ​អត់​ធន់​នូវ​សេចក្ដី​ទុក្ខ​វេទនា​ទាំង​នេះ ដែល​នឹង​ធ្លាក់​មក​លើ​ទូលបង្គំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​នៃ​ប្រជាជន​នេះ។

៣២ឱ​ព្រះ​អម្ចាស់​អើយ សូម​ព្រះ​អង្គ​ធ្វើ​ឲ្យ​ព្រលឹង​ទូលបង្គំ​បាន​ក្សាន្ត​ផង ហើយ​សូម​ប្រទាន​ដល់​ទូលបង្គំ​នូវ​ការ​ជោគជ័យ ព្រម​ទាំង​អ្នក​ធ្វើ​ការ​ជាមួយ​នឹង​ទូលបង្គំ​ទាំង​នេះ​ផង​ចុះ — ព្រះ​ពរ គឺ​អាំម៉ូន និង​អើរ៉ុន និង​អោមណើរ ព្រម​ទាំង​អាមូលេក និង​ស៊ី​អែសរ៉ុម និង​កូន​ប្រុស ទូលបង្គំ​ទាំង​ពីរ​នាក់​នេះ​ផង​ចុះ — ព្រះ​ពរ ឱ​ព្រះ​អម្ចាស់​អើយ សូម​ព្រះ​អង្គ​ធ្វើ​ឲ្យ​អស់​អ្នក​ទាំង​នេះ​បាន​ក្សេមក្សាន្ត។ ព្រះ​ពរ សូម​ព្រះ​អង្គ​ធ្វើ​ឲ្យ​ព្រលឹង​គេ​បាន​ក្សេមក្សាន្ត​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ផង​ចុះ។

៣៣សូម​ព្រះ​អង្គ​ប្រទាន​ឲ្យ​ពួក​គេ​មាន​កម្លាំង ដើម្បី​ពួក​គេ​អាច​ស៊ូទ្រាំ​នឹង​សេចក្ដី​ទុក្ខ​វេទនា ដែល​នឹង​កើត​ឡើង​ដល់​គេ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​នៃ​ប្រជាជន​នេះ។

៣៤ឱ​ព្រះ​អម្ចាស់​អើយ សូម​ព្រះ​អង្គ​ប្រទាន​ដល់​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​មាន​ជ័យ​ជម្នះ ក្នុង​ការ​ដឹកនាំ​ពួក​គេ​មក​រក​ព្រះ​អង្គ​នៅ​ក្នុង​ព្រះ​គ្រីស្ទ​វិញ​ចុះ។

៣៥មើល​ចុះ ឱ​ព្រះ​អម្ចាស់​អើយ ព្រលឹង​របស់​គេ​មាន​តម្លៃ ហើយ​ពួក​គេ​ជា​ច្រើន គឺជា​បង​ប្អូន​យើង​ខ្ញុំ ហេតុ​ដូច្នេះ​ហើយ ឱ​ព្រះ​អម្ចាស់​អើយ សូម​ប្រទាន​ដល់​យើង​ខ្ញុំ​នូវ​អានុភាព និង​ប្រាជ្ញា ដើម្បី​យើង​ខ្ញុំ​អាច​នាំ​បង​ប្អូន​យើង​ទាំង​នេះ​មក​រក​ព្រះ​អង្គ​វិញ។

៣៦ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាលដែល​អាលម៉ា​បាន​ទូល​ពាក្យ​ទាំង​នេះ​ហើយ នោះ​លោក​បាន​ទះដៃ​ទៅ​លើ​អ្នក​ទាំង​ឡាយ​ដែល​នៅ​ជាមួយ​នឹង​លោក។ ហើយ​មើល​ចុះ នៅ​ពេល​លោក​ទះដៃ​ទៅ​លើ​ពួក​គេ នោះ​ពួក​គេ​បាន​ពោរពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

៣៧ហើយ​បន្ទាប់​ពី​នោះ​មក ពួក​គេ​បាន​បំបែក​គ្នា​រៀងៗ​ខ្លួន​ដោយ​ពុំ​គិត​ថា តើ​គេ​នឹង​មាន​អ្វី​បរិភោគ ឬ​មាន​អ្វី​ផឹក ឬ​មាន​អ្វី​មក​ស្លៀកពាក់​ឡើយ។

៣៨ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​ផ្គត់ផ្គង់​ឲ្យ​ពួក​គេ ដើម្បី​មិន​ឲ្យ​គេ​ឃ្លាន ហើយ​មិន​ឲ្យ​គេ​ស្រេក​ឡើយ មែន​ហើយ ទ្រង់​បាន​ប្រទាន​កម្លាំង​ដល់​គេ ដើម្បី​កុំ​ឲ្យ​គេ​រង​ទុក្ខ​នូវ​សេចក្ដី​ទុក្ខ​វេទនា ដោយ​ប្រការ​ណាមួយ​ឡើយ លើកលែងតែ​ការណ៍​នោះ​ត្រូវ​បាន​លេប​ទៅ​ក្នុង​សេចក្ដី​អំណរ នៃ​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ។ ឥឡូវ​នេះ ការណ៍​នេះ​គឺ​ស្រប​តាម​ការ​អធិស្ឋាន​របស់​អាលម៉ា ហើយ​នេះ​គឺ​ពី​ព្រោះ​លោក​បាន​អធិស្ឋាន​ដោយ​នូវ​សេចក្ដី​ជំនឿ៕