ព្រះគម្ពីរ
នីហ្វៃ ទី ២ 31


ជំពូក​ទី ៣១

នីហ្វៃ​ប្រាប់​ពី​ហេតុ​អ្វី​បាន​ជា​ព្រះ​គ្រីស្ទ​ទទួល​បុណ្យ​ជ្រមុជ​ទឹក — មនុស្ស​លោក​ត្រូវ​ដើរ​តាម​ព្រះ​គ្រីស្ទ, ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក, ត្រូវ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​ត្រូវ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​ដើម្បី​ឲ្យ​បាន​សង្គ្រោះ — ការ​ប្រែចិត្ត និង​បុណ្យ​ជ្រមុជ​ទឹក គឺជា​ទ្វារ​ទៅ​ឯ​ផ្លូវ​តូច ហើយ​ចង្អៀត — ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច មាន​ដល់​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ បន្ទាប់ពី​បុណ្យ​ជ្រមុជ​ទឹក។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ នីហ្វៃ បញ្ចប់​នូវ​ការ​ព្យាករណ៍​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា។ ហើយ​ខ្ញុំ​មិន​អាច​សរសេរ គឺ​គ្រាន់តែ​សរសេរ​ពី​រឿង​បន្តិច​បន្តួច​ប៉ុណ្ណោះ ដែល​ខ្ញុំ​ដឹង​ថា​ច្បាស់​ជា​នឹង​កើតឡើង ខ្ញុំ​ក៏​មិន​អាច​សរសេរ គឺ​គ្រាន់តែ​សរសេរ​ពី​រឿង​បន្តិច​បន្តួច​នូវ​ពាក្យ​ពេចន៍​របស់​យ៉ាកុប ជា​ប្អូន​ខ្ញុំ។

ហេតុ​ដូច្នោះ​ហើយ ការណ៍​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​សរសេរ​មក​នេះ ក៏​ល្មម​គ្រប់គ្រាន់​ចំពោះ​ខ្ញុំ​ហើយ លើក​លែង​តែ​ពាក្យ​ខ្លះ​ដែល​ខ្ញុំ​ត្រូវ​តែ​និយាយ អំពី​គោល​លទ្ធិ​នៃ​ព្រះ​គ្រីស្ទ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​នឹង​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់​លាស់ ស្រប​តាម​សេចក្ដី ច្បាស់លាស់​នៃ​ការ​ព្យាករណ៍​របស់​ខ្ញុំ។

ត្បិត​ព្រលឹង​ខ្ញុំ​ត្រេកអរ​ចំពោះ​ការ​ច្បាស់​លាស់ ត្បិត​ដោយ​របៀប​នេះ​ហើយ ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​ធ្វើ​កិច្ចការ​នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស។ ត្បិត​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​ប្រទាន​ពន្លឺ​ដល់​យោបល់ ត្បិត​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​មនុស្ស ស្រប​តាម​ភាសា​របស់​គេ​ចំពោះ​យោបល់​របស់​គេ។

ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចងចាំ​ថា ខ្ញុំ​បាន​និយាយ​ទៅ​អ្នក​រាល់​គ្នា អំពី​ព្យាការី​នោះ ដែល​ទ្រង់​បាន​បង្ហាញ​ដល់​ខ្ញុំ ដែល​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ថ្វាយ​កូន​ចៀម​នៃ​ព្រះ ដែល​នឹង​យក​អំពើ​បាប​ទាំង​ឡាយ នៃ​មនុស្ស​លោក​ចេញ។

ហើយ​ឥឡូវ​នេះ បើ​កូន​ចៀម​នៃ​ព្រះ ដែល​ជា​អង្គ​បរិសុទ្ធ ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ទឹក ដើម្បី​បំពេញ​សេចក្ដី​សុចរិត​គ្រប់​យ៉ាង ឱ​បើ​ដូច្នោះ តើ​ពួក​យើង​ដែល​ជា​ជន​មិន​បរិសុទ្ធ ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ច្រើនជាង​នេះ​យ៉ាង​ណា​ទៅ មែន​ហើយ គឺ​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ទឹក!

ហើយ​ឥឡូវ​នេះ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​ចង់​សួរ​អ្នក​រាល់​គ្នា​ថា តើ​មក​អំពី​ហេតុ​អ្វី​បាន​ជា​កូន​ចៀម​នៃ​ព្រះ​បំពេញ​សេចក្ដី​សុចរិត​គ្រប់​យ៉ាង ដោយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ទឹក?

តើ​អ្នក​រាល់​គ្នា​ពុំ​ជ្រាប​ទេ​ឬ​អី​ថា ទ្រង់​បរិសុទ្ធ? តែ​ទោះ​បី​ទ្រង់​បរិសុទ្ធ​ក្ដី ក៏​គង់តែ​ទ្រង់​បង្ហាញ​ដល់​កូន​ចៅ​មនុស្ស​ថា ស្រប​តាម​សាច់​ឈាម ទ្រង់​បន្ទាប​ខ្លួន​ចំពោះ​ព្រះ​វរបិតា ហើយ​ធ្វើ​បន្ទាល់​ដល់​ព្រះ​វរបិតា​ថា ទ្រង់​នឹង​គោរព​ព្រះ​អង្គ ដោយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ព្រះ​អង្គ។

ហេតុ​ដូច្នោះ​ហើយ បន្ទាប់ពី​ទ្រង់​បាន​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ទឹក​ហើយ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ទ្រង់​ក្នុង​សណ្ឋាន​ជា​សត្វ​ព្រាបស។

ហើយ​ម្យ៉ាង​ទៀត ការណ៍​នេះ​បាន​បង្ហាញ​ដល់​កូន​ចៅ​មនុស្ស​នូវ​ភាព​តូច​នៃ​ផ្លូវ​នោះ និង​ភាព​ចង្អៀត​នៃ​ទ្វារ ដែល​គេ​ត្រូវ​ចូល​តាម នោះ​ទ្រង់​បាន​ធ្វើ​ជា​គំរូ​ទុក​ឲ្យ​ពួក​គេ។

១០ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កូន​ចៅ​មនុស្ស​ថា ៖ ចូរ​អ្នក​រាល់​គ្នា​មក​តាម​យើង។ ហេតុ​ដូច្នោះ​ហើយ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ តើ​ពួក​យើង​អាច​ដើរ​តាម​ព្រះ​យេស៊ូវ​បាន​ទេ លើក​លែង​តែ​ពួក​យើង​យល់​ព្រម​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​វរបិតា​នោះ?

១១ហើយ​ព្រះ​វរបិតា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ ចូរ​អ្នក​ប្រែចិត្ត ចូរ​អ្នក​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជបុត្រា​ដ៏​ជាទី​ស្រឡាញ់​របស់​យើង​ចុះ។

១២ហើយ​សំឡេង​របស់​ព្រះ​រាជ​បុត្រា ក៏​បាន​បន្លឺ​មក​កាន់​ខ្ញុំ​ថាំ ៖ អ្នក​ណា​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​របស់​យើង នោះ​ព្រះ​វរបិតា​ទ្រង់​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដល់​អ្នក​នោះ ដូច​ជា​បាន​ប្រទាន​ដល់​យើង​ដែរ ហេតុ​ដូច្នោះ​ហើយ ចូរ​មក​តាម​យើង ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​យើង​ធ្វើ​ចុះ។

១៣ហេតុ​ដូច្នោះ​ហើយ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​ដឹង​ថា បើ​អ្នក​រាល់​គ្នា​នឹង​ដើរ​តាម​ព្រះ​រាជ​បុត្រា​ដោយ​ពេញចិត្ត​ប្រាថ្នា គឺ​ពុំ​មាន​ការ​លាក់ពុត ឬ​ការ​បោក​បញ្ឆោត​នៅ​ចំពោះ​ព្រះ​ឡើយ ប៉ុន្តែ​ដោយ​ស្មោះ​អស់​ពី​ចិត្ត គឺ​ប្រែចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន ធ្វើ​បន្ទាល់​ចំពោះ​ព្រះ​វរបិតា​ថា អ្នក​រាល់​គ្នា​យល់​ព្រម​ទទួល​យក​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ​មក​លើ​ខ្លួន ដោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក — មែន​ហើយ ដោយ​ដើរ​តាម​ព្រះ​អម្ចាស់​របស់​អ្នក និង​ព្រះ​អង្គ​សង្គ្រោះ​របស់​អ្នក​ចុះ​ទៅ​ក្នុង​ទឹក ស្រប​តាម​ព្រះ​បន្ទូល​របស់​ទ្រង់ មើល​ចុះ ពេល​នោះ អ្នក​នឹង​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ មែន​ហើយ បន្ទាប់​មក ក៏​មាន​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​និយាយ​ដោយ​ភាសា​នៃ​ពួក​ទេវតា ហើយ​ស្រែក​សរសើរ​តម្កើង​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល។

១៤ប៉ុន្តែ​មើល​ចុះ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ សំឡេង​នៃ​ព្រះ​រាជ​បុត្រា​បន្លឺ​មក​ខ្ញុំ​ដូច្នេះ​ថា ៖ បន្ទាប់ពី​អ្នក​រាល់​គ្នា​បាន​ប្រែចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក ហើយ​បាន​ធ្វើ​បន្ទាល់​ដល់​ព្រះ​វរបិតា​ថា អ្នក​នឹង​ព្រម​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ដោយ​ទទួល បុណ្យ​ជ្រមុជ​ដោយ​ទឹក ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​អាច​និយាយ​ដោយ​ភាសា​ថ្មី មែន​ហើយ គឺ​ភាសា​នៃ​ពួក​ទេវតា ហើយ​បន្ទាប់ពី​ការណ៍​នេះ បើ​សិន​ជា​មិន​ទទួល​ស្គាល់​យើង​ទៀត នោះ​ប្រសើរ​ជាង​បើ​អ្នក​មិនដែល​បាន​ស្គាល់​យើង​សោះ។

១៥ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​ពី​ព្រះ​វរបិតា ដោយ​មាន​ព្រះ​បន្ទូល​ថា ៖ មែន​ហើយ ពាក្យ​ទាំង​ឡាយ​នៃ​បុត្រា​ស្ងួនភ្ងា​របស់​យើង គឺ​ពិត ហើយ​ស្មោះត្រង់។ អ្នក​ណា​ដែល​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​នឹង​ត្រូវ​បាន​សង្គ្រោះ។

១៦ហើយ​ឥឡូវ​នេះ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ដោយ​ពាក្យ​នេះ ខ្ញុំ​ដឹង​ថា អ្នក​នោះ​នឹង​ពុំ​អាច​បាន​សង្គ្រោះ​ឡើយ លើកលែងតែ​អ្នក​ណា​ដែល​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ដោយ​ធ្វើ​តាម​គំរូ​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ​នោះ។

១៧ហេតុ​ដូច្នោះ​ហើយ ចូរ​ធ្វើ​នូវ​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​បាន​ឃើញ​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ​នៃ​អ្នក​នឹង​ធ្វើ​ចុះ ត្បិត​ដោយ​ហេតុ​នេះ​ហើយ ទើប​ការណ៍​ទាំង​នោះ​ត្រូវ​បាន​បង្ហាញ​ដល់​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង​អំពី​ទ្វារ​ណា​ដែល​អ្នក​រាល់​គ្នា ត្រូវ​ចូល។ ត្បិត​ទ្វារ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចូល​នោះ គឺជា​ការ​ប្រែចិត្ត និង​បុណ្យ​ជ្រមុជ​ដោយ​ទឹក ហើយ​បន្ទាប់​មក គឺ​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​អ្នក​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

១៨ហើយ​នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នៅ​លើ​ផ្លូវតូច ហើយ​ចង្អៀត​នោះ ដែល​នាំ​ទៅ​ឯ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច មែន​ហើយ អ្នក​រាល់​គ្នា​បាន​ចូល​តាម​ទ្វារ អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ធ្វើ​បន្ទាល់​អំពី​ព្រះ​វរបិតា និង​អំពី​ព្រះ​រាជ​បុត្រា ចំពោះ​ការ​បំពេញ​នូវ​សេចក្ដី​សន្យា​ដែល​ទ្រង់​បាន​ធ្វើ​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ចូល​តាម​ផ្លូវ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​ទទួល។

១៩ហើយ​ឥឡូវ​នេះ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ បន្ទាប់ពី​អ្នក​បាន​ចូល​តាម​ផ្លូវ​តូច ហើយ​ចង្អៀត​នេះ​ហើយ ខ្ញុំ​សូម​សួរ​ថា តើ​បាន​សម្រេច​សព្វគ្រប់​ហើយ​ឬ​នៅ? មើល​ចុះ ខ្ញុំ​សូម​និយាយ​ទៅ​អ្នក​ថា ៖ ទេ ត្បិត​អ្នក​រាល់​គ្នា​មិន​បាន​មក​ដល់​នេះ​ទេ លើក​លែង​តែ​ដោយ​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ ដោយ​មាន​សេចក្ដី​ជំនឿ​ដ៏​រឹងប៉ឹង​ដល់​ព្រះ​អង្គ ដោយ​ពឹងផ្អែក​ទាំង​ស្រុង ទៅ​លើ​បុណ្យ​គុណ​របស់​ទ្រង់ ដែល​មាន​ឥទ្ធិ​ឫទ្ធិ​ដើម្បី​សង្គ្រោះ។

២០ហេតុ​ដូច្នោះ​ហើយ អ្នក​រាល់​គ្នា​ត្រូវ​តែ​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះ​គ្រីស្ទ ដោយ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប។ ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​ខិតខំ​ជឿន​ទៅ​មុខ ដោយ​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ នោះ​ព្រះ​វរបិតា ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

២១ហើយ​ឥឡូវ​នេះ មើល​ចុះ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ នេះ​គឺជា​ផ្លូវ ហើយ​គ្មាន​ផ្លូវ​ឯណា​ទៀត​ទេ ឬ​ក៏​ឈ្មោះ​ណា​ទៀត​នៅ​ក្រោម​មេឃ​នេះ ដែល​មនុស្ស​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ​ឡើយ។ ហើយ​ឥឡូវ​នេះ មើល​ចុះ នេះ​គឺជា​គោល​លទ្ធិ​នៃ​ព្រះ​គ្រីស្ទ ហើយ​គឺជា​គោល​លទ្ធិ​តែមួយ ហើយ​ពិត​នៃ​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា ហើយ​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺជា​ព្រះ​តែមួយ ដែល​គ្មាន​ចុង​បំផុត។ អាម៉ែន៕