« ការរៀនសូត្រ និងការបង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )
មគ្គទេសក៍សិក្សាដំណឹងល្អ
ការរៀនសូត្រ និងការបង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
ការមកជិតព្រះគ្រីស្ទតាមរយៈគោលលទ្ធិរបស់ទ្រង់
ការរៀនសូត្រគឺមានអំណាច ។ ចំណេះដឹងបើកដួងចិត្តរបស់យើងចំពោះគំនិតថ្មីៗ និងធ្វើឲ្យមានបទពិសោធន៍ដ៏អស្ចារ្យជាច្រើន ។ ប៉ុន្តែការរៀនសូត្រសេចក្តីពិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទគឺមានសារៈសំខាន់ជាងនេះទៅទៀត ។ ការរៀនសូត្រ និងការរីកចម្រើនគឺជាហេតុផលសំខាន់បំផុតមួយចំនួនដែលយើងបានមកផែនដីនេះ ។ ការរៀនសូត្រគឺជាអ្វីដែលអនុញ្ញាតឲ្យយើងក្លាយជាបុគ្គលដែលយើងមានបំណងក្លាយជា និងឈានដល់សក្តានុពលរបស់យើងក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ និងអ្នកស្នងមរតកនៃនគររបស់ទ្រង់ ។ គោលបំណងចម្បងមួយនៃការមកផែនដីនេះគឺ ដើម្បីរៀនពីអ្វីដែលយើងមិនទាន់ចេះដឹង ។
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ យើងក៏មានឱកាសជាច្រើនដើម្បីបង្រៀនដំណឹងល្អរបស់ទ្រង់ និងចែកចាយភាពសុខសាន្ដ និងសេចក្តីអំណររបស់ទ្រង់ជាមួយអ្នកដទៃ ។ ព្រះអម្ចាស់បានបង្រៀនពួកបរិសុទ្ធពីជំនាន់ដើម « ចូរតាំងគ្រូបង្រៀនម្នាក់នៅក្នុងចំណោមអ្នករាល់គ្នា ហើយចូរកុំឲ្យទាំងអស់គ្នានិយាយព្រមគ្នាឡើយ ប៉ុន្តែចូរនិយាយម្នាក់ម្ដង ហើយចូរឲ្យទាំងអស់គ្នាស្ដាប់ពាក្យសម្ដីរបស់គាត់ [ របស់នាង ] ប្រយោជន៍កាលណាទាំងអស់គ្នានិយាយ នោះទើបឲ្យទាំងអស់បានស្អាងឡើងទាំងអស់គ្នា ហើយប្រយោជន៍ឲ្យ[ មនុស្សគ្រប់រូប ] អាចបានសិទ្ធិស្មើគ្នា » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:១២២ ) ។ យើងទាំងអស់គ្នាត្រូវបានប្រទានពរនៅពេលដែលយើងស្តាប់ និងអនុវត្តសេចក្ដីជំនឿលើសារលិខិតនៃដំណឹងល្អ ដូចដែលវាត្រូវបានបង្រៀនដោយថ្នាក់ដឹកនាំសាសនាចក្រ គ្រូបង្រៀន ឪពុកម្តាយ កូនៗ និងមនុស្សដទៃទៀត ។ យើងទាំងអស់គ្នាអាចរៀន និងបង្រៀនដំណឹងល្អនៅព្រះវិហារ នៅគេហដ្ឋាន និងគ្រប់ទីកន្លែងដែលយើងនៅ ។
ហេតុអ្វីបានជាវាសំខាន់ក្នុងការរៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងបង្រៀនដំណឹងល្អនោះទៅដល់មនុស្សដទៃ ?
យើងសិក្សា និងបង្រៀនដំណឹងល្អ ដើម្បីពង្រឹងសេចក្តីជំនឿរបស់យើងលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងសេចក្តីជំនឿរបស់មនុស្សជុំវិញយើង ។ ដំណឹងល្អក៏ជួយឲ្យយើងកាន់តែប្រែក្លាយដូចជាទ្រង់ទាំងទ្វេ ហើយនៅទីបំផុតនាំយើងត្រឡប់ទៅកាន់គេហដ្ឋានសួគ៌ារបស់យើងដើម្បីរស់នៅជាមួយទ្រង់ទាំងទ្វេផងដែរ ។ នៅពេលដែលយើងបង្រៀនដំណឹងល្អ យើងធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាគ្រូដ៏អស្ចារ្យបំផុត ។ ពេលយើងរៀន និងរស់នៅតាមដំណឹងល្អ ហើយបន្ទាប់មកបង្រៀនវាដល់មនុស្សដទៃ យើងទាំងអស់គ្នាអាចបន្ដនៅលើផ្លូវនេះត្រឡប់ទៅកាន់ព្រះវិញ ។
ទិដ្ឋភាពទូទៅនៃប្រធានបទ ៖ ការបង្រៀនដំណឹងល្អ
មគ្គទេសក៍សិក្សាដំណឹងល្អដែលជាប់ទាក់ទង ៖ ការប្រែចិត្ដជឿលើព្រះយេស៊ូវគ្រីស្ទ ព្យាការី បទគម្ពីរ សេចក្ដីពិត
ផ្នែកទី ១
យើងស្វែងរកការរៀនសូត្រដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង
តាមរយៈដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ យើងអាចរីកចម្រើនខាងវិញ្ញាណ ។ យើងរៀនពីការបង្រៀននៃដំណឹងល្អរបស់ទ្រង់ នៅពេលដែលយើងអានបទគម្ពីរដោយសារការសិក្សា និងដោយសារសេចក្តីជំនឿ និងនៅពេលដែលយើងធ្វើតាម « សំឡេងរបស់អ្នកបម្រើ [ របស់ទ្រង់ ] » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៨; សូមមើលផងដែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:១១៨ ) ។ សេចក្ដីពិតនៃដំណឹងល្អអាចត្រូវបានបញ្ជាក់ដល់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ពេលយើងសិក្សា និងធ្វើតាមអ្វីដែលយើងរៀន ជួយយើងរីកចម្រើន និងក្លាយកាន់តែដូចជាព្រះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:២៣ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖ « មិនថាបងប្អូនមានសំណួរ ឬបញ្ហាអ្វីនោះទេ ចម្លើយត្រូវបានរកឃើញនៅក្នុងព្រះជន្ម និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទជានិច្ច ។ ចូររៀនបន្ថែមទៀតអំពីដង្វាយធួន សេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា គោលលទ្ធិរបស់ទ្រង់ និងដំណឹងល្អនៃការព្យាបាលដែលបានស្តារឡើងវិញ និងការរីកចម្រើន ។ ចូរងាកទៅរកទ្រង់ ! ចូរដើរតាមទ្រង់ ! » ។ តើសំណួរ និងបញ្ហារបស់អ្នកត្រូវបានឆ្លើយតបយ៉ាងដូចម្តេច ខណៈដែលអ្នកបានសិក្សាពីព្រះជន្ម និងការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ? តើសេចក្ដីជំនឿរបស់អ្នកបានជួយអ្នករៀនពីចម្លើយទាំងឡាយដែលអ្នកត្រូវការក្នុងអំឡុងពេលនោះយ៉ាងដូចម្តេច ? សូមពិចារណាពីអ្វីដែលអ្នកអាចរៀនអំពីព្រះអង្គសង្គ្រោះនៅសប្តាហ៍នេះតាមរយៈការសិក្សា និងសេចក្តីជំនឿដែលអាចជួយអ្នកជាមួយនឹងសំណួរ ឬកង្វល់ដែលអ្នកប្រឈមមុខនៅថ្ងៃនេះ ។ អ្នកអាចសរសេរផែនការមួយ ហើយបន្ទាប់មករៀបចំការរំឭកដើម្បីអនុវត្តតាម ។
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
សូមអាន និងពិចារណាអំពីដំបូន្មានរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:១១៨ ។ តើអ្វីជាភាពខុសគ្នារវាងការរៀនសូត្រដោយសារការសិក្សា និងការរៀនសូត្រដោយសារសេចក្ដីជំនឿ ? តើគោលការណ៍ទាំងពីរនេះ ដំណើរការជាមួយគ្នាយ៉ាងដូចម្តេច ? តើយើងខិតខំសិក្សាដំណឹងល្អខុសពីការសិក្សានៅសាលា ឬការរៀនសូត្រអំពីអ្វីមួយតាមអ៊ីនធឺណិតដែរឬទេ ? ហេតុអ្វី ? ហើយតើព្រះអម្ចាស់មានន័យយ៉ាងដូចម្ដេចអំពី « សៀវភៅដ៏ល្អៗបំផុត » ? អ្នកម្នាក់ៗអាចសិក្សាផ្នែកមួយមកពី « សេចក្ដីពិតនឹងធ្វើឲ្យអ្នកមានសេរីភាព » នៅក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ហើយបន្ទាប់មកនិយាយអំពីអ្វីដែលអ្នករៀនទាក់ទងទៅនឹងពរជ័យនៃការទទួលបានចំណេះដឹង ។ សូមពិចារណាកំណត់គោលដៅដែលទាក់ទងនឹងអ្វីដែលអ្នករៀន ។
ស្វែងយល់បន្ថែមទៀត
-
ដេវីឌ អេ បែដណា « Learning in the Lord’s Way » Liahona ខែតុលា ឆ្នាំ២០១៨ ទំព័រ ៥០–៥៣
-
អូលីសេស សូរ៉េស « ស្ងើចសរសើរដល់ព្រះគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ១១៥–១១៧
-
« អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ព្យាយាម » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ( ឆ្នាំ២០២២ ) ទំព័រ ២៤–២៧
ផ្នែកទី ២
យើងធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទនៅពេលដែលយើងបង្រៀនដំណឹងល្អរបស់ទ្រង់
យើងទាំងអស់គ្នាត្រូវការ « [ ការ ] ចិញ្ចឹមបីបាច់ដោយព្រះបន្ទូលដ៏ល្អនៃព្រះ » ( មរ៉ូណៃ ៦:៤ ) ដើម្បីជួយយើងឈានដល់សក្តានុពលដ៏អស់កល្បជានិច្ចរបស់យើង ។ ការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទអាចជួយយើងទាំងអស់គ្នារីកចម្រើនខាងវិញ្ញាណតាមផ្លូវនៃសេចក្ដីសញ្ញា ។ ពេលដែលយើងបង្រៀនដោយសេចក្តីស្រឡាញ់ដែលដឹកនាំដោយព្រះវិញ្ញាណ នោះមនុស្សទាំងអស់អាចទទួលអារម្មណ៍នៃសេចក្ដីពិតនៃសារលិខិតដែលយើងចែកចាយ ហើយអាចមានបំណងប្រាថ្នាដើម្បីផ្លាស់ប្តូរ និងធ្វើតាមព្រះយេស៊ូវគ្រីស្ទ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:១២–១៤ ) ។
យើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះអំពីការបង្រៀនអ្នកដទៃ ( សូមមើល យ៉ូហាន ៧:១៤–១៨ ) នៅពេលដែលយើងស្រឡាញ់អស់អ្នកដែលយើងបង្រៀន បង្រៀនដោយព្រះវិញ្ញាណ បង្រៀនគោលលទ្ធិពិតរបស់ព្រះគ្រីស្ទ និងអញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ ។ ការអញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍រួមមានការលើកទឹកចិត្តអ្នករៀនឲ្យធ្វើសកម្មភាព ។ « តាំងពីការចាប់ផ្តើមដំបូងនៃការងារបម្រើរបស់ទ្រង់ម៉្លេះ ព្រះអង្គសង្គ្រោះបានអញ្ជើញពួកអ្នកដើរតាមរបស់ទ្រង់ឲ្យដកពិសោធន៍សេចក្តីពិត អានុភាព និងសេចក្តីស្រឡាញ់ដែលទ្រង់បានប្រទានឲ្យ ។ ទ្រង់បានធ្វើបែបនេះ ដោយសារនេះជាអ្វីដែលការរៀនសូត្របានបង្រៀន ។ វាមិនមែនគ្រាន់តែជាការស្តាប់ ឬការអានប៉ុណ្ណោះទេ វាក៏ជាការផ្លាស់ប្តូរ ការប្រែចិត្ត និងការរីកចម្រើនផងដែរ » ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
សេចក្តីផ្តើមនៃសៀវភៅ ចូរមកតាមខ្ញុំ ជួយយើងឲ្យយល់ពីមូលហេតុដែលការបង្រៀនគឺជាការទទួលខុសត្រូវដ៏ពិសិដ្ឋ ។ ផ្នែកនេះនិយាយថា ៖ « គោលបំណងនៃការរៀនសូត្រ និងការបង្រៀនដំណឹងល្អទាំងអស់ គឺដើម្បីធ្វើឲ្យការប្រែចិត្តជឿរបស់យើងមានកាន់តែខ្លាំងឡើង ហើយជួយយើងឲ្យកាន់តែប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ » ។ អ្នកអាចជ្រើសរើសផ្នែកមួយដើម្បីសិក្សានៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ដើម្បីជួយអ្នកបង្រៀនកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ តើអ្នកអាចបង្រៀនដំណឹងល្អឲ្យបានប្រសើរជាងមុនដោយរបៀបណា ដើម្បីឲ្យការបង្រៀននោះដឹកនាំអ្នក និងអ្នកដទៃឲ្យប្រែក្លាយកាន់តែដូចជាទ្រង់ ? តើកិច្ចការតូចតាចអ្វីខ្លះ ដែលអ្នកអាចធ្វើឲ្យបានប្រសើរ ដើម្បីបង្រៀនដំណឹងល្អនៅគេហដ្ឋាន នៅព្រះវិហារ ឬនៅកន្លែងផ្សេងទៀត ? តើអ្នកអាចខិតខំរៀនដំណឹងល្អឲ្យកាន់តែឧស្សាហ៍ ដើម្បីអ្នកអាចបង្រៀនអ្នកដទៃបានកាន់តែល្អដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
នៅក្នុងសារលិខិតសន្និសីទទូទៅរបស់លោក « សេចក្ដីពិតដ៏អស់កល្ប » អែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ បានបង្រៀន ៖ « គោលបំណងរបស់យើងគឺដើម្បីបង្រៀនសេចក្ដីពិតតាមរបៀបមួយដែលអញ្ជើញឲ្យមានអំណាចនៃការផ្លាស់ប្រែចិត្ដជឿពីព្រះវិញ្ញាណបរិសុទ្ធ » ។ បន្ទាប់មកលោកបានចែកចាយការអញ្ជើញសាមញ្ញចំនួនប្រាំពីរមកពីព្រះអម្ចាស់ និងព្យាការីរបស់ទ្រង់ដែលអាចជួយយើងអញ្ជើញព្រះវិញ្ញាណពេលដែលយើងបង្រៀន ។ អ្នកអាចពិភាក្សាអំពីគោលការណ៍ទាំងប្រាំពីរនេះ និងរបៀបដែលគោលការណ៍ទាំងនេះ អាចជួយយើងបង្រៀនដំណឹងល្អដោយអំណាចនៃព្រះវិញ្ញាណ ។ ប្រហែលជាអ្នកអាចបង្កើតរបៀបសប្បាយរីករាយមួយដើម្បីជួយគ្នាទៅវិញទៅមកឲ្យចងចាំអំពីគោលការណ៍ទាំងប្រាំពីរនេះ ដើម្បីអ្នកអាចអនុវត្ដគោលការណ៍ទាំងនោះ ដូចជាការបង្កើតអក្សរកាត់ ឬឧបករណ៍ដើម្បីជំនួយសា្មរតីសាមញ្ញៗផ្សេងទៀត ។
-
នៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ គណៈប្រធានទីមួយបានអញ្ជើញ ៖ « ឲ្យរៀនបន្ថែមអំពីព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលទ្រង់បង្រៀនដំណឹងល្អ ។ សូមសិក្សាព្រះបន្ទូល សកម្មភាព និងបុគ្គលិកលក្ខណៈរបស់ទ្រង់ប្រកបដោយការអធិស្ឋាន ហើយព្យាយាមធ្វើតាមទ្រង់ឲ្យកាន់តែខ្លាំង » ។ សូមពិភាក្សាអំពីព្រះបន្ទូល សកម្មភាព និងគុណលក្ខណៈមួយចំនួនរបស់ព្រះអង្គសង្គ្រោះ ។ តើចំណុចទាំងអស់នេះជួយអ្នកអញ្ជើញព្រះវិញ្ញាណដោយរបៀបណា នៅពេលដែលអ្នកបង្រៀនដំណឹងល្អ ? ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ក៏ចែកចាយគោលការណ៍ទាំងបួននេះនៃការបង្រៀនដូចជាព្រះគ្រីស្ទផងដែរ ៖ ស្រឡាញ់អស់អ្នកដែលអ្នកបង្រៀន បង្រៀនដោយព្រះវិញ្ញាណ បង្រៀនគោលលទ្ធិ និងអញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ ។ និយាយអំពីរបៀបដែលអ្នកអាចអនុវត្តគោលការណ៍ទាំងនេះ នៅពេលអ្នកបង្រៀនសេចក្ដីពិតនៃដំណឹងល្អនៅគេហដ្ឋាន នៅព្រះវិហារ និងកន្លែងផ្សេងៗទៀត ។ អ្នកក៏អាចបំពេញការវាយតម្លៃខ្លួនឯងនៅលើ ទំព័រ ៣៧ នៃ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ អ្នកអាចពិភាក្សាអំពីការយល់ដឹងដែលអ្នកទទួលបាន ហើយបន្ទាប់មកពិចារណាប្រកបដោយការអធិស្ឋាន ប្រសិនបើមានការផ្លាស់ប្ដូរណាដែលអ្នកចង់ធ្វើ នៅក្នុងរបៀបនៃការរៀបចំខ្លួន និងការបង្រៀនដំណឹងល្អនៃព្រះគ្រីស្ទ ។
ស្វែងយល់បន្ថែមទៀត
-
យ៉ូហាន ១៤:១៦–១៧, ២៦; អាលម៉ា ៣៧:៣៣–៣៧; គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:២១–២២; ៤២:១២–១៧; ៨៨:១២២
-
ជែហ្វ្រី អ័រ ហូឡិន « A Teacher Come from God » Ensign ខែឧសភា ឆ្នាំ១៩៩៨ ទំព័រ ២៥–២៧
-
ឌៀថើរ អេហ្វ អុជដូហ្វ « បញ្ជីត្រួតពិនិត្យរបស់គ្រូបង្រៀន » ( សុន្ទរកថាដែលបានផ្ដល់នៅក្នុងការចាក់ផ្សាយ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ) បណ្ណាល័យដំណឹងល្អ
-
នែល អិល អាន់ឌើរសិន « ព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិដ៏បរិសុទ្ធ » ( ការចាក់ផ្សាយសម្រាប់ការបង្រៀនយុវវ័យ និងយុវមជ្ឈិមវ័យ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ) បណ្ណាល័យដំណឹងល្អ
-
« Invite Diligent Learning » ( វីដេអូ ) បណ្ណាល័យដំណឹងល្អ
ផ្នែកទី ៣
ការរៀនសូត្រ និងការបង្រៀនដំណឹងល្អដ៏មានប្រសិទ្ធភាពបំផុតនៅពេលដែលផ្តោតសំខាន់នៅក្នុងគេហដ្ឋាន
ដើម្បីក្លាយជាអ្នកប្រែចិត្ដជឿទៅលើព្រះយេស៊ូវគ្រីស្ទ យើងត្រូវតែរៀនដំណឹងល្អដោយខ្លួនឯងសិន ។ លើសពីនេះទៀត ឪពុកម្តាយមានទំនួលខុសត្រូវក្នុងការបង្រៀនដំណឹងល្អដល់កូនៗរបស់ពួកគេ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៨:២៥–២៨ ) ។ នៅពេលដែលអាចធ្វើទៅបាន គេហដ្ឋានគឺជាទីកន្លែងដ៏ល្អបំផុតដើម្បីរៀនសេចក្ដីពិតនៃដំណឹងល្អ ។ មនុស្សគ្រប់គ្នាគឺទទួលបានពរជ័យ ពេលថ្នាក់ដឹកនាំ និងគ្រូបង្រៀនក្នុងសាសនាចក្រលើកទឹកចិត្ត ហើយគាំទ្រដល់ការរៀនសូត្រ និងការបង្រៀនដំណឹងល្អនៅក្នុងគេហដ្ឋាន ។ នៅពេលដែលយើងសិក្សាដំណឹងល្អនៅឯគេហដ្ឋានប្រកបដោយការអធិស្ឋាន យើងអាចចំណាយពេលច្រើនថែមទៀត និងមានបទពិសោធន៍កាន់តែទូលំទូលាយក្នុងការរៀនដំណឹងល្អ ។ បន្ទាប់មកយើងក៏អាចចែកចាយចំណេះដឹងដែលយើងទទួលបាននៅព្រះវិហារដើម្បីប្រទានពរ និងបង្រៀនអ្នកដទៃផងដែរ ។
បងប្រុស ដេវិន ជី ឌើរ៉ាន់ បានផ្ដល់នូវការទូន្មានដ៏ឈ្លាសវៃនេះថា ៖ « សម្រាប់បងប្អូនទាំងអស់ណាដែលកំពុងព្យាយាមខិតខំអស់ពីសមត្ថភាពដើម្បីបង្រៀននៅក្នុងគេហដ្ឋាន សូមឲ្យបងប្អូនរកបានភាពសុខសាន្ដ និងអំណរនៅក្នុងការខិតខំរបស់បងប្អូន ។ ហើយបើបងប្អូនមានអារម្មណ៍ថា បងប្អូនមានកន្លែងត្រូវកែលម្អ ឬចាំបាច់ត្រូវរៀបចំឲ្យប្រសើរជាង សូមឆ្លើយតបដោយរាបសាតាមព្រះវិញ្ញាណបំផុសដល់បងប្អូន ហើយតាំងចិត្តធ្វើតាម » ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
សូមគិតអំពីអព្ភូតហេតុនៃគ្រាប់ពូជតូចមួយដែលប្រែទៅជាដើមឈើធំមួយ នៅពេលអ្នកអាន និងពិចារណា អាលម៉ា ៣២:២៨–៣១ ។ បន្ទាប់មកអានដំបូន្មាននេះមកពីបងប្រុស ជេន អ៊ី នូមែន ៖ « កូនៗគ្រងមរតកជាច្រើនពីឪពុកម្តាយរបស់ពួកគេ ប៉ុន្តែទីបន្ទាល់មិនអាចចែកជាមរតកឲ្យបានទេ ។ យើងមិនអាចចែកទីបន្ទាល់ឲ្យកូនៗយើងបានទេ គឺដូចជាយើងមិនអាចបង្ខំឲ្យគ្រាប់ពូជមួយដុះឡើងបានដែរ ។ ប៉ុន្តែយើងអាចផ្តល់នូវបរិយាកាសលូតលាស់ល្អ ដីល្អ គ្មានបន្លាដែលនឹង ‹ ខ្ចប់ព្រះបន្ទូលជិត › ។ យើងអាចព្យាយាមបង្កើតនូវលក្ខខណ្ឌល្អបំផុតដើម្បីឲ្យកូនៗរបស់យើង—និងមនុស្សដែលយើងស្រឡាញ់—អាចរកឃើញកន្លែងឲ្យគ្រាប់ពូជនោះ ‹ [ ឮ ] ព្រះបន្ទូល ហើយ [ យល់ ] › [ សូមមើល ម៉ាថាយ ១៣:១៨–២៣ ] ហើយដឹងដោយខ្លួនគេថា ‹ គ្រាប់ពូជនោះល្អ › [ អាលម៉ា ៣២:៣០ ] » ។ តើអ្វីខ្លះដែលនឹងជួយគេហដ្ឋានរបស់អ្នកឲ្យមានបរិយាកាសដែលជួយដល់ការចិញ្ចឹមបីបាច់ដល់អ្នក និងគ្រួសាររបស់អ្នកបន្ថែមទៀត នៅក្នុងការរៀនសូត្រសេចក្ដីពិតដ៏អស់កល្បជានិច្ច ? តើអ្នកអាចជួយគ្នាទៅវិញទៅមកឲ្យរៀនអំពីសេចក្ដីល្អនៃដំណឹងល្អដោយរបៀបណា ? តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីចិញ្ចឹម និងពង្រឹងទីបន្ទាល់អំពីព្រះគ្រីស្ទដល់គ្នាទៅវិញទៅមកបាន ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀន ៖ « ប្រសិនបើបងប្អូនទាំងអស់គ្នា ឬខ្ញុំដឹងអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្តារឡើងវិញរបស់ទ្រង់ គឺជាអ្វីដែលមនុស្សដទៃបង្រៀន ឬប្រាប់ពួកយើង នោះគ្រឹះនៃទីបន្ទាល់របស់យើងអំពីទ្រង់ និងកិច្ចការដ៏រុងរឿងនៅថ្ងៃចុងក្រោយរបស់ទ្រង់គឺត្រូវបានសង់នៅលើដីខ្សាច់ហើយ [ សូមមើល ម៉ាថាយ ៧:២៤–២៧ ] ។ យើងពុំអាចពឹងផ្អែកទាំងស្រុង ឬខ្ចីពន្លឺ និងចំណេះដឹងនៃដំណឹងល្អពីមនុស្សដទៃបានទេ—សូម្បីតែពីមនុស្សដែលយើងស្រឡាញ់ និងទុកចិត្តក៏ដោយ » ។ សូមគិតអំពីប្រសាសន៍របស់អែលឌើរ បែដណា ពេលអ្នកអាន ហេលេមិន ៥:១២ ជាមួយគ្នា ។ អ្នកអាចពិចារណា និងនិយាយអំពីសម្រង់ និងខគម្ពីរនេះ ពេលអ្នកមើលរូបភាពនៃឆ្នេរ ឬឆ្នេរសមុទ្រ ( ឬនៅពេលអ្នកដើរតាមមាត់ស្រះ ស្ទឹង ឬបឹង ) ។ សូមគិតអំពីមូលហេតុដែលមនុស្សមិនសាងសង់ផ្ទះរបស់ពួកគេនៅលើខ្សាច់ ។ តើពួកគេសាងសង់ផ្ទះលើគ្រឹះប្រភេទណា ? តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីស្ថាបនាទីបន្ទាល់របស់អ្នកនៅលើគ្រឹះដ៏រឹងមាំបាន ? តើទម្លាប់នៃការរៀនសូត្រដំណឹងល្អអ្វីខ្លះ ដែលអ្នកអាចចាប់ផ្តើម ឬប្តេជ្ញាចិត្តឡើងវិញដើម្បីធ្វើតាមនៅថ្ងៃនេះ ? អ្នកអាចច្រៀងបទចម្រៀងរួមគ្នាដូចជា « មនុស្សប្រាជ្ញា និងមនុស្សល្ងង់ » ឬ « គ្រឹះដ៏មាំមួន » នៅពេលអ្នកគិតអំពីការស្ថាបនាជីវិតរបស់អ្នកនៅលើគ្រឹះដ៏រឹងមាំនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
និយាយដោយសង្ខេបអំពីមូលហេតុដែលមនុស្សជ្រើសរើសជួសជុលផ្ទះរបស់ពួកគេ ។ អ្នកក៏អាចមើលរូបភាពមួយចំនួននៃការជួសជុលផ្នែកសំខាន់ៗនៃផ្ទះផងដែរ ។ តើអ្វីទៅជាលទ្ធផលនៃការជួសជុលផ្ទះប្រកបដោយប្រសិទ្ធភាព ? ប្រធាន ណិលសុន បានបង្រៀនថាការរៀនសូត្រដំណឹងល្អ « មានសក្ដានុពលដើម្បីបើកសម្ដែងឡើងនូវអំណាចនៃគ្រួសារ នៅពេលគ្រួសារនីមួយៗធ្វើតាមកម្មវិធីនោះប្រកបដោយមនសិកា និងដោយយកចិត្តទុកដាក់ ដើម្បីផ្លាស់ប្រែគេហដ្ឋានរបស់ពួកគេទៅជាទីបរិសុទ្ធនៃសេចក្ដីជំនឿ ។ ខ្ញុំសន្យាថានៅពេលបងប្អូនធ្វើការដោយឧស្សាហ៍ព្យាយាមដើម្បីរៀបចំគេហដ្ឋានរបស់បងប្អូនឲ្យក្លាយទៅជាមជ្ឈមណ្ឌលនៃការរៀនសូត្រដំណឹងល្អ … កូនចៅ របស់បងប្អូន នឹងមានចិត្តរំភើបក្នុងការរៀន និងរស់នៅតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។… ការផ្លាស់ប្ដូរនៅក្នុងគ្រួសាររបស់បងប្អូននឹងមានយ៉ាងខ្លាំង និងរឹងមាំ » ។ និយាយជាមួយគ្រួសាររបស់អ្នក ឬអ្នកដទៃទៀតដែលអ្នករស់នៅជាមួយ អំពីការផ្លាស់ប្តូរដែលអ្នកទាំងអស់គ្នាចង់ឃើញ ។ តើអ្នកអាច « ជួសជុល » គេហដ្ឋានរបស់អ្នកឲ្យក្លាយជាមជ្ឈមណ្ឌលនៃការរៀនសូត្រដំណឹងល្អកាន់តែប្រសើរដោយរបៀបណា ? តើការសិក្សាដំណឹងល្អដែលផ្តោតលើគេហដ្ឋានអាចពង្រឹងអ្នកទាំងអស់គ្នាបានយ៉ាងដូចម្តេច ? តើអ្នកអាចធ្វើអ្វីបានខ្លះ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរដែលអ្នកចង់បាន និងតើអ្នកអាចវាស់វែងការរីកចម្រើនរបស់អ្នកបានដោយរបៀបណា ?
ស្វែងយល់បន្ថែមទៀត
-
ដោយ ដេវិន ជី ឌើរ៉ាន់ « Teaching in the Home—a Joyful and Sacred Responsibility » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៤២–៤៥
-
Home-Centered Gospel Learning ( បណ្ដុំធនធានសិក្សាដំណឹងល្អ ) នៅលើគេហទំព័រ ChurchofJesusChrist.org