បណ្ណាល័យ
សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ


« សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ » ប្រធានបទ និង សំណួរ ( ឆ្នាំ​២០២៣ )

សមាជិក​សាសនាចក្រ​ស្វាគមន៍​គ្នា

មគ្គទេសក៍​សិក្សា​ដំណឹងល្អ

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ

សាសនាចក្រ​ដែល​បាន​ស្តារ​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅលើ​ផែនដី​នាសព្វថ្ងៃនេះ

សូម​គិត​អំពី​ពរជ័យ​ពិសេស​មួយ​ដែល​អ្នក​បាន​ទទួល ឬ​អាច​ទទួល​បាន​ក្នុងនាមជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ តើ​ជីវិត​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា​បើសិនជា​គ្មាន​ពរជ័យ​នោះ ? ឥឡូវ​សូម​គិត​អំពី​របៀប​ផ្សេងទៀត​ដែល​អ្នក និង​មនុស្ស​ជាទី​ស្រឡាញ់​របស់អ្នក​បាន ឬ​អាច​បាន​ទទួល​ពរ​ដោយ​ការក្លាយជា​សមាជិក​នៃ​សាសនាចក្រ ។

ក្នុង​នាមជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ នោះ​យើង​បាន​ទទួល​ពរជ័យ​តាម​របៀប​ជាច្រើន ។ ប៉ុន្តែ​យើង​ក៏អាច​ផ្តល់​ពរ​ដល់​អ្នកដទៃ​តាម​របៀប​ជា​ច្រើន​ផងដែរ ។ យើង​អាច​ពង្រឹង និង​ជួយគ្នា​ទៅវិញ​ទៅមក​បាន ។ យើង​បង្រៀន​គ្នា​ទៅវិញ​ទៅមក​អំពី​ដំណឹង​ល្អ ហើយ​ព្យាយាម​ធ្វើ​ជា​គំរូ​ល្អ​ដល់​គ្នា​ទៅវិញ​ទៅមក ។ យើង​អាច​ទួញសោក​ជាមួយគ្នា ។ យើង​អាច​សម្រាល​បន្ទុក​គ្នា​ទៅវិញ​ទៅមក​ដោយ​ការ​ជួយ​លួងលោម​គ្នា និង​ស្ម័គ្រចិត្ដ​ស្ដាប់​នូវ​កង្វល់​របស់​គ្នា​ទៅវិញ​ទៅមក ។

ប៉ុន្តែ​ការក្លាយ​ជា​ផ្នែក​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ គឺ​លើសពី​ការមាន​ពរជ័យ​ទាំងនេះ​ទៅទៀត ។ យើង​ជឿថា​នេះ​គឺជា​សាសនាចក្រ​ពិត​តែមួយ​របស់​ព្រះ​នៅ​លើ​ផែនដី ដែល​បាន​ស្តារឡើងវិញ​នៅលើ​ផែនដី​សម្រាប់​ការយាង​ត្រឡប់​មកវិញ​របស់​ព្រះអង្គសង្រ្គោះ ។ ក្នុងនាមជា​សមាជិក​នៃ​សាសនាចក្រ យើង​អាច​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ទាំងអស់​ដែល​ចាំបាច់ ដើម្បី​ត្រឡប់​ទៅវិញ និង​រស់នៅ​ម្តងទៀត​ជាមួយនឹង​ព្រះ​នៅថ្ងៃ​ណាមួយ ។ យើង​ទាំងអស់គ្នា​អាច​ជួយគ្នា​ទៅវិញ​ទៅមក ក្នុង​ការធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​របស់​យើង​វិញ ។

តើ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​គឺ​ជា​អ្វី ?

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ត្រូវបាន​ស្តារ​ឡើងវិញ​ដោយ​ព្រះ​នៅក្នុង​សម័យ​របស់យើង​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺជា « អង្គការ​មួយ​របស់​ពួក​អ្នកជឿ ដែល​បាន​ទទួល​យក​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដាក់​លើខ្លួន ដោយសារ​បុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់ » ។ សាសនាចក្រ​នេះ​មាន​នូវ​សិទ្ធិអំណាច ការបង្រៀន ក្រិត្យវិន័យ ពិធីបរិសុទ្ធ និង​ព្រះនាម​របស់​ទ្រង់ ហើយ​ត្រូវបាន​គ្រប់គ្រង​ដោយ​ទ្រង់​តាមរយៈ​អ្នក​តំណាង​ដែល​ទ្រង់​បាន​តែងតាំង ។

ឈ្មោះ​សម្រាប់​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​នាពេល​បច្ចុប្បន្ន​នេះ ត្រូវបាន​ផ្តល់ឲ្យ​ដោយ​វិវរណៈ​មកពី​ទ្រង់ គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១៥:៤ ) ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ការស្តារ​ឡើងវិញ​នៃ​សាសនាចក្រ

មគ្គទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ, ការប្រមូល​ផ្តុំ​អ៊ីស្រាអែល, សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ

ផ្នែកទី ១

ព្រះយេស៊ូវគ្រីស្ទ​បាន​ស្តារ​សាសនាចក្រ​របស់​ទ្រង់​ឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៉ីធ ។

ការរៀបចំ​សាសនាចក្រ​នៅ​ផ្ទះ​របស់ វិតមើរ

បន្ទាប់ពី​ការសុគត​របស់​ព្រះយេស៊ូវគ្រីស្ទ និង​សាវក​ពីជំនាន់​ដើម នោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​ឈប់​មាន​នៅលើ​ផែនដី ( សូមមើល ប្រធានបទ និង សំណួរ « ការក្បត់​សាសនា » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ សម្រាប់​ព័ត៌មាន​បន្ថែម ) ។

ក្នុង​ខែ​មេសា ឆ្នាំ​១៨៣០ ព្រះអម្ចាស់​បាន​បង្កើត​សាសនាចក្រ​ពិត​របស់ទ្រង់​ឡើងវិញ​នៅលើ​ផែនដី​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១:១៧–៣០; ២០:១–២ ) ។ ទ្រង់​បាន​ហៅ​ពួកសាវក និង​ព្យាការី​ឲ្យ​បន្ត​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៧:១២–១៣ ) ។ ពួកលោក​កាន់​នូវ​កូនសោ​បព្វជិតភាព​នៃ​សិទ្ធិអំណាច​ដើម្បី​ផ្សាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចាត់ចែង​សេចក្តីសញ្ញា និង​ពិធីបរិសុទ្ធ​របស់​ព្រះ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • អ្នក​អាច​មើល​វីដេអូ « Living Apostles Testify of Jesus Christ » ដើម្បី​ស្តាប់​ទីបន្ទាល់​ដ៏មាន​អនុភាព​អំពី​ព្រះអង្គសង្គ្រោះ និង​បេសកកម្ម​របស់ទ្រង់ ដោយ​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ។ តើ​ទីបន្ទាល់​របស់​ពួក​សាវក និង​ព្យាការី និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត​ជួយ​អ្នក​ឲ្យ​ដឹង​ថា នេះ​ជា​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះ​ដោយ​របៀបណា ? ហេតុអ្វី​បានជា​វាមាន​សារៈសំខាន់ ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ដឹកនាំ​ដោយ​ពួកសាវក និង​ព្យាការី​សព្វថ្ងៃនេះ ? តើ​អ្នក​បាន​ធ្វើ ឬ​តើ​អ្នក​អាច​ធ្វើអ្វី​បាន​ខ្លះ​ដើម្បី​ដឹង​ដោយ​ខ្លួនឯង​ថា ថ្នាក់ដឺកនាំ​សាសនាចក្រ​របស់យើង​ត្រូវបាន​ហៅ​ដោយ​ព្រះ ហើយ​នេះ​គឺជា​សាសនាចក្រ​ដែលបាន​ស្តារ​ឡើងវិញ​របស់ទ្រង់​នៅលើ​ផែនដី​សព្វថ្ងៃនេះ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ប្រធាន ដាល្លិន អេច អូក បាន​បង្រៀន ៖ « តើ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ គឺជា​សាសនាចក្រ​ពិត​តែ​មួយ មាន​ន័យ​យ៉ាងដូចម្តេច ? លក្ខណៈ​ពិសេស​ចំនួន​បី—( ១ ) ភាពពោរពេញ​នៃគោលលទ្ធិ ( ២ ) អំណាច​បព្វជិតភាព និង ( ៣ ) ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ—ពន្យល់​អំពី មូលហេតុ​ដែល​ព្រះ​បាន​ប្រកាស និង​មូលហេតុ​ដែល​យើង​គឺ​ជា​អ្នក​បម្រើ​របស់​ទ្រង់​អះអាង​ថា នេះ​គឺ​ជា​សាសនាចក្រ​តែ​មួយ​ដែល​ពិត ហើយ​សកម្ម​នៅលើ​ផ្ទៃផែនដី​ទាំងមូល » ។ ពិភាក្សា​អំពី​លក្ខណៈ​ពិសេស​ទាំងបី​នេះ និង​ហេតុអ្វី​បានជា​លក្ខណៈ​ទាំងនេះ​ជាផ្នែក​សំខាន់​នៃ​សាសនាចក្រ​ពិត​របស់ព្រះ ។ សូម​ចែកចាយ​បទពិសោធន៍​ទាំងឡាយ​ដែល​បាន​ជួយ​អ្នក​ឲ្យ​ដឹង​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ គឺ​ជា​សាសនាចក្រ​ដែល​ពិត ហើយ​សកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ។ និយាយ​អំពីរបៀប​ដែល​ចំណេះដឹង​នោះ​បាន​ប្រទានពរ​ដល់​ជីវិត​របស់អ្នក ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែកទី ២

សាសនាចក្រ​ផ្តល់ឲ្យ​យើង​នូវ​ឱកាស​ដើម្បី​ជួយ​ក្នុង​កិច្ចការ​របស់​ព្រះ

សមាជិក​នៃសាសនាចក្រ​កំពុង​និយាយគ្នា​លេង

សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង​របស់​ព្រះ ដោយ​ការស្វះស្វែង​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ថែទាំ​អ្នក​ដែល​ខ្វះខាត អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​ដំណឹងល្អ និង​បង្រួបបង្រួម​គ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។

សាសនាចក្រ​ផ្តល់ឲ្យ​យើង​នូវ​វិធីមួយ​ដើម្បី​ថ្វាយបង្គំ​រួមគ្នា និង​រៀនពី​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ វា​ក៏​ជួយ​យើង​បម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក ចែកចាយ​ព្រះបន្ទូល​របស់​ទ្រង់ និង​មើល​ថែ​អ្នកទាំងឡាយ​ណា​ដែល​ខ្វះខាត ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​អាន និង​ពិចារណា យ៉ូហាន ១៥:១៦ ។ តើ​វាមាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក​ដែលថា​ព្រះ​បាន​ជ្រើសរើស​អ្នក ដើម្បី​ជួយ​សម្រេច​កិច្ចការ​របស់ទ្រង់​នៅក្នុង​សាសនាចក្រ​របស់ទ្រង់ ? តើ​អ្នក​មាន​ចំណាប់អារម្មណ៍​យ៉ាងដូចម្តេច​ដើម្បី​ជួយ​ទ្រង់​ក្នុង​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ និង​ភាពតម្កើងឡើង​របស់ទ្រង់ ? តើ​អ្នក​ត្រូវបាន​ប្រទានពរ​យ៉ាងដូចម្តេច​នៅពេល​ដែល​អ្នក​ធ្វើតាម​ចំណាប់អារម្មណ៍​ទាំងនេះ ? សូម​កត់ត្រា​គំនិត​របស់អ្នក​នៅក្នុង​កំណត់ហេតុ​របស់អ្នក ហើយ​ពិចារណា​ប្រសិន​បើ​មាន​អ្វីមួយ​ដែល​អ្នក​ចង់​ធ្វើ​ទាក់ទងនឹង​កិច្ចការ​របស់ព្រះ​ដែល​អ្នក​មិនទាន់​ធ្វើ​នៅឡើយ ។ បន្ទាប់មក​បង្កើត​គោលដៅ​ដើម្បី​ធ្វើវា ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • អែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ បាន​រំឭក​យើងថា កិច្ចការ​របស់ព្រះ « ពុំ​មែន​ទុកសម្រាប់តែ​មនុស្ស​មួយក្រុម​តូច​ដែលមាន​សិទ្ធិ​នោះទេប៉ុន្តែ [ គឺ ] សម្រាប់​ពួកយើង​ទាំងអស់គ្នា—ដោយ​មិន​គិត​អំពី​ភេទ អាយុ ពូជសាសន៍ សញ្ជាតិ កម្រិត​ប្រាក់​ចំណូល ស្ថានភាព​សង្គម ឬ​ការហៅ​ក្នុង​សាសនាចក្រ​ឡើយ ។ ពួកយើង​ម្នាក់ៗ​មាន​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការធ្វើ​កិច្ចការ​របស់ព្រះ​ឆ្ពោះទៅមុខ ( សូមមើល ម៉ូសេ ១:៣៩ ) » ។ លោក​បាន​បន្ត​ថា ៖ « ពួកយើង​មួយ​ចំនួន​ឆ្ងល់​ថា តើ​ព្រះវរបិតាសួគ៌​អាច​ប្រើ យើង ដើម្បីធ្វើការ​រួមចំណែក​ដ៏​សំខាន់​ដែរ​ឬទេ ។ ប៉ុន្តែ​សុំចងចាំ​ថា ទ្រង់​ប្រើប្រាស់​មនុស្ស​សាមញ្ញ​ដើម្បី​សម្រេច​កិច្ចការ​ដ៏​អស្ចារ្យ​ជានិច្ច ( សូមមើល កូរិនថូស ទី១ ១:២៧–២៨; គ &ស ៣៥:១៣; ១២៤:១ ) » ។ អ្នក​អាច​និយាយ​អំពី​ដំណើររឿង​អស្ចារ្យ​មួយ​ចំនួន​ដែល​អ្នក​បាន​ឃើញ​សមាជិក​សាសនាចក្រ​សាមញ្ញ​ធ្វើ ដើម្បី​ជួយ​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើងឡើង​របស់​ព្រះ ។ ប្រហែល​ជា​អ្នក​អាច​កំណត់​គោលដៅ​ដើម្បី​ធ្វើ​អ្វី​មួយ​ជាមួយ​គ្នា​ក្នុង​សប្តាហ៍​នេះ ដើម្បី​បន្ត​កិច្ចការ​របស់​ព្រះ ។ បន្ទាប់មក​អ្នក​អាច​និយាយ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​មកពី​បទពិសោធន៍ ឬ​របៀប​ដែលអ្នក​មាន​អារម្មណ៍​នៅពេល​ដែល​អ្នក​ធ្វើ​ការបម្រើ ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យមក ហើយ​មាន​ចំណែក​ក្នុង​សាសនាចក្រ​របស់​ទ្រង់

ក្រុម​យុវនារី​ជួបជុំគ្នា

នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​មាន​កន្លែង​សម្រាប់​មនុស្ស​ទាំងអស់គ្នា ។ សាសនាចក្រ​ទទួល​ពរជ័យ​ពេល​ដែល​យើង​ចែកចាយ​ទស្សនៈ និង​បទពិសោធន៍​ផ្សេងៗគ្នា​របស់យើង និង​រៀន​ពីគ្នា​ទៅវិញ​ទៅមក ។ ព្យាការី​នីហ្វៃ​បាន​បង្រៀនថា ព្រះគ្រីស្ទ​អញ្ជើញ​ពួកគេ​ទាំងអស់គ្នា « ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួល​ទាន​នូវ​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់ ហើយ​ទ្រង់​ពុំ​បដិសេធ​អ្នក​ណា​ម្នាក់ ដែល​មក​រក​ទ្រង់​ឡើយ » ( នីហ្វៃ​ទី២ ២៦:៣៣ ) ។ ព្រះយេស៊ូវគ្រីស្ទ​ចង់​ឲ្យ​មនុស្ស​គ្រប់រូប​មាន​ឱកាស​មករក​ទ្រង់ និង​ត្រូវបាន​សង្គ្រោះ​ដោយ​ការចូលរួម​ជាមួយ​សាសនាចក្រ​របស់ទ្រង់ ហើយ​ធ្វើ និង​រក្សា​សេចក្តីសញ្ញា​ដែល​នាំ​ទៅរក​ជីវិត​ដ៏អស់កល្ប​ជានិច្ច ។

យើង​អាច​ជួយ​ប្រមូលផ្តុំ​រាស្ដ្រ​របស់ទ្រង់​ឲ្យទៅរក​ទ្រង់​បាន ។ ពេល​ដែល​យើង​ធ្វើ​ការអញ្ជើញ​សាមញ្ញ និង​ចេញពី​ដួងចិត្ដ នោះ​យើង​អាច​ជួយ​អ្នកដទៃ​ឲ្យ​បែរ​ដួងចិត្ត​របស់ពួកគេ​ទៅរក​ព្រះគ្រីស្ទ និង​មាន​បំណង​ប្រាថ្នា​ចង់​ចូលរួម​ក្នុង​ហ្វូងចៀម​របស់​ទ្រង់ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • អែលឌើរ ហ្គើរីត ដបុលយូ ហ្គង​បាន​សង្កេត​ឃើញ​ថា ៖ [ ព្រះអម្ចាស់ ] អង្វរ​យើង​ឲ្យ​ធ្វើ [ សាសនាចក្រ ] របស់ទ្រង់​ជា​កន្លែង​នៃ​ព្រះគុណ និង​ទូលំទូលាយ ជា​កន្លែង​ដែល​មនុស្ស​គ្រប់គ្នា​អាច​ជួបជុំ​គ្នា ហើយ​មាន​កន្លែង​សម្រាប់​មនុស្ស​ទាំងអស់ ។ ក្នុង​នាម​ជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​ស្មើភាព​គ្នា ពុំមាន​ក្រុម​ណា​ពុំសូវ​សំខាន់​ឡើយ ។ មនុស្ស​ទាំងអស់​គ្នា​ត្រូវបាន​ស្វាគមន៍​ឲ្យ​ចូលរួម​ការប្រជុំ​សាក្រាម៉ង់ ការប្រជុំ​ថ្ងៃ​អាទិត្យ​ផ្សេងៗ​ក៏​ដូចជា​ព្រឹត្តិការណ៍​ខាង​សង្គម​ផងដែរ ។ យើង​ថ្វាយ​បង្គំ​ព្រះអង្គ​សង្រ្គោះ​ដោយ​គារវភាព ដោយ​គិតគូរ និង​យកចិត្ត​ទុកដាក់​ចំពោះ​គ្នា ។ យើង​មើល និង​ទទួល​ស្គាល់​មនុស្ស​ម្នាក់ៗ ។ យើង​ញញឹម អង្គុយ​ជិត​អ្នក​ដែល​អង្គុយ​តែឯង រៀនស្គាល់​ឈ្មោះ ដោយ​រួមទាំង​អ្នក​ប្រែចិត្ត​ជឿថ្មី បងប្អូន​ប្រុសស្រី​ដែល​វិលត្រឡប់​មក​សកម្ម​វិញ យុវនារី និង​យុវជន ព្រមទាំង​កុមារ​ម្នាក់ៗ​ផងដែរ ។ សូមស្រមៃ​ថា​យើង​ជា​ពួកគាត់​វិញ យើង​ស្វាគមន៍​មិត្តភក្តិ អ្នក​មក​លេង អ្នកផ្លាស់មក​ថ្មី បុគ្គល​រវល់​ដែល​មាន​អ្វីៗ​ជាច្រើន​ត្រូវ​ដោះស្រាយ » ។ តើ​មាន​វិធី​អ្វីខ្លះ​ដែល​អ្នក​អាច​ឈោងទៅ និង​ជួយ​អ្នកដទៃ​ឲ្យ​ដឹងថា​ពួកគេ​ត្រូវបាន​ស្វាគមន៍​នៅក្នុង​ការប្រជុំ​របស់យើង និង​មាន​ចំណែក​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ? តើ​អ្នក​អាច​ឈោងទៅជួយ​អ្នកណា ? ពិចារណា​បង្កើត​គោលដៅ​ធ្វើអ្វី​មួយ​ដើម្បី​បង្ហាញ​អ្នកដទៃថា​អ្នក​យកចិត្ត​ទុកដាក់​ចំពោះ​ពួកគេ ហើយថា​ពួកគេ​មាន​ចំណែក​នៅក្នុង​វួដ ឬ​សាខា​របស់អ្នក ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ព្រះយេស៊ូវគ្រីស្ទ​សព្វព្រះទ័យ​ឲ្យ​មនុស្ស​ទាំងអស់​មករក​ទ្រង់ និង​សាសនាចក្រ​របស់ទ្រង់ ហើយ​យើង​អាច​ជួយ​បាន​តាមរយៈ​ការធ្វើ​ការអញ្ជើញ​ដ៏​សាមញ្ញ ដោយ​ស្មោះត្រង់​ដល់​អ្នក​ដែល​នៅជុំវិញ​យើង ។ អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បាន​ចែកចាយ​ថា ៖ « មាន​ការអញ្ជើញ​រាប់​រយ ដែល​យើង​អាច​អញ្ជើញ​ទៅ​អ្នក​ដទៃ​ទៀត​បាន ។ យើង​អាច​អញ្ជើញ​មនុស្ស​ផ្សេង​ទៀត​ឲ្យ ‹ មក ហើយ​មើល › ពិធី​សាក្រាម៉ង់ សកម្មភាព​វួដ វីដេអូ​តាម​អនឡាញ ដែល​ពន្យល់​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ‹ មក ហើយ​មើល › អាច​ជា​ការអញ្ជើញ​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ឬ​មកមើល​ព្រះវិហារ​បរិសុទ្ធ អំឡុង​ពេល​ពិធី​សម្ពោធ ពីមុន​ពិធី​ឧទ្ទិសឆ្លង ។ ជួនកាល ការអញ្ជើញ​នោះ​ជា​អ្វី​មួយ​ដែល​យើង​អញ្ជើញ​នៅ​ខាង​ក្នុង—ជា​ការអញ្ជើញ​ដល់​ខ្លួន​យើង ដែល​ផ្ដល់​ការយល់ដឹង និង​ទស្សនវិស័យ​ដល់​ខ្លួន​យើង អំពី​ឱកាស​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ដើម្បី​ធ្វើ​សកម្មភាព​តាម ។ នៅក្នុង​ជំនាន់​ឌីជីថល​របស់​យើង ជាញឹកញាប់​សមាជិក​ចែកចាយ​សារលិខិត​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ មាន​សារ​ដែល​លើកស្ទួយ បើ​មិន​រាប់​ពាន់​ទេ ក៏​រាប់រយ​ដែរ ដែល​បងប្អូន​អាច​ឃើញ​ថា​ស័ក្ដិសម​ដើម្បី​ចែកចាយ » ។ សូម​ពិភាក្សា​អំពី​ការអញ្ជើញ​មួយចំនួន​ដែល​អ្នក​អាចធ្វើ​បាន​នៅ​ក្នុង​សប្តាហ៍​នេះ ហើយ​បន្ទាប់មក មករួមគ្នា និង​រាយការណ៍​ត្រឡប់​មកវិញ​អំពី​បទពិសោធន៍​របស់អ្នក ។

  • សុំ​នរណា​ម្នាក់​នៅក្នុង​ក្រុម​ឲ្យ​គូរ​រូបភាព​សាមញ្ញ​នៃ​រាងកាយ​មួយ និង​និយាយ​អំពីរបៀប​ដែល​ផ្នែក​ផ្សេងៗគ្នា​ទាំងអស់ ( ដូចជា ដៃ ជើង ភ្នែក និង​ត្រចៀក ) គឺមាន​សារៈសំខាន់ ។ បន្ទាប់មក​អាន កូរិនថូស ទី១ ១២:១២–១៨ ជាមួយគ្នា ហើយ​ពិភាក្សា​អំពីអ្វី​ដែល​អ្នក​បាន​រៀន ។ តើ​យើង​អាច​អនុវត្ត​ខគម្ពីរ​ទាំងនេះ​ចំពោះ​សមាជិកភាព​របស់យើង​នៅក្នុង​សាសនាចក្រ​ដោយ​របៀបណា ? ប្រធាន ប៊យដ៍ ខេ ផាកកឺ បាន​បង្រៀនថា ៖ « យើង​ត្រូវការ​អ្នកប្រែចិត្រជឿ​ថ្មីៗ និង​អ្នក​ទាំងឡាយ​នៅក្នុង​ចំណោម​កូនចៅ​នៃ​ពួកអ្នក​ត្រួសត្រាយ​ផ្លូវ​របស់​យើង ។ យើង​ចាំបាច់​ត្រូវឈោង​ទៅ​ជួយ​អ្នក​ទាំងឡាយ​ណា​ដែល​វង្វេង ហើយ​ជួយ​ពួកគេ​ឲ្យ​ត្រឡប់​មក​ហ្វូង​វិញ ។ យើង​ត្រូវការ​ប្រាជ្ញា និង​ការយល់ដឹង និង​កម្លាំង​ខាងវិញ្ញាណ​របស់​មនុស្ស​គ្រប់​រូប ។ សមាជិក​ម្នាក់ៗ​នៃ​សាសនាចក្រ​នេះ ជា​ធាតុ​ដ៏​សំខាន់​មួយ​នៃ​តួអង្គ​សាសនាចក្រ » ។ អ្នក​អាច​សរសេរ​អ្វីមួយ​ដែល​អ្នក​អាច​ធ្វើបាន​នៅក្នុង​សប្តាហ៍​នេះ ដើម្បី​ជួយ​នរណាម្នាក់​នៅក្នុង​វួដ ឬ​សាខា​របស់អ្នក​ឲ្យ​ដឹងថា​ពួកគេ​មាន​សារៈសំខាន់​ប៉ុនណា ។ បន្ទាប់មក​អ្នក​អាច​រាយការណ៍​ត្រឡប់​មកវិញ​អំពី​អ្វីដែល​អ្នក​បានធ្វើ ។

ស្វែង​យល់​បន្ថែម​ទៀត

  • កូរិនថូស ទី១ ១២:១២–២៧; ម៉ូសេ ១:៣៩

  • ឌី ថត គ្រីស្តូហ្វឺសិន « គោលលទ្ធិ​នៃ​ការ​មានចំណែក » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទំព័រ ៥៣-៥៦

  • ឌី ថត គ្រីស្តូហ្វឺសិន « Why the Church » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ទំព័រ ១០៨–១១១

  • ប្រធានបទ និង​សំណួរ « ភាព​ខុសគ្នា និង​សាមគ្គីភាព​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ

  • « Unity in Diversity » ( កម្រង​វីដេអូ )

កំណត់​ចំណាំ

  1. សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ៖ « សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  2. ដាល្លិន អេក អូក « The Only True and Living Church » New Era ខែ​សីហា ឆ្នាំ​២០១១ ទំព័រ ៣ ។

  3. សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ១.២ បណ្ណាល័យ​ដំណឹងល្អ ។

  4. ចន ស៊ី ភីងគ្រី ជុញ្ញ័រ « I Have a Work for Thee » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ទំព័រ ៣២ ។

  5. ហ្គើរីត ដបុលយូ ហ្គង « បន្ទប់​ក្នុង​ផ្ទះ​សំណាក់ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ ២៥–២៦ ។

  6. ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ស្រឡាញ់ ចែកចាយ អញ្ជើញ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២២ ទំព័រ ៨៦–៨៧ ។

  7. ប៊យដ៍ ខេ ផាកកឺ « The Reason for Our Hope » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ទំព័រ ៨ ។