« សេចក្ដីពិត » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )
មគ្គទេសក៍សិក្សាដំណឹងល្អ
សេចក្ដីពិត
ចំណេះដឹងដែលនាំយើងត្រឡប់ទៅរកព្រះវិញ
ពិភពលោករបស់យើងគឺពោរពេញទៅដោយទស្សនៈ និងមតិផ្សេងៗគ្នា ។ ពេលខ្លះវាជាការលំបាកក្នុងការដឹងថានរណា ឬអ្វីដែលត្រូវជឿ ។ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ខណៈនៅបម្រើក្នុងគណៈប្រធានទីមួយ បានមានប្រសាសន៍ ៖ « មិនដែលមានទេនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលយើងមានលទ្ធភាពទទួលបានព័ត៌មានដ៏ច្រើនកាន់តែងាយស្រួល—ព្រោះព័ត៌មានខ្លះពិត ខ្លះទៀតមិនពិត ហើយភាគច្រើននោះពិតខ្លះៗ ។ ហេតុដូច្នេះហើយ គ្មានប្រវត្តិសាស្ត្រនៃពិភពលោកណាសំខាន់ជាងការរៀនឲ្យបានត្រឹមត្រូវអំពីរបៀបដឹងរវាងសេចក្តីពិត និងការណ៍ក្លែងក្លាយឡើយ » ។ តាមរយៈការស្វែងរកប្រភពដែលអាចទុកចិត្តបាន និងការពឹងផ្អែកលើការណែនាំរបស់ព្រះវិញ្ញាណ យើងអាចដឹងថាអ្វីពិត និងអ្វីដែលមិនពិត ។
តើសេចក្តីពិតគឺជាអ្វី ?
ព្រះគម្ពីរពិពណ៌នាសេចក្ដីពិតថា « ការចេះដឹងអំពីការណ៍ទាំងឡាយដែលមាននៅពេលនេះ និងការណ៍ទាំងឡាយដែលមានមកហើយ ហើយនឹងការណ៍ទាំងឡាយដែលនឹងមាននៅខាងមុខ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:២៤ ) ។ សេចក្តីពិតត្រូវបានប្រៀបធៀបនៅក្នុងបទគម្ពីរទៅនឹងពន្លឺ និងវិវរណៈមកពីស្ឋានសួគ៌ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:៤៥; ៨៨:៦៦–៦៧ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្ដីពិត » បណ្ណាល័យដំណឹងល្អ ) ។ ប្រភពនៃសេចក្តីពិតដ៏អស់កល្បជានិច្ចគឺជាព្រះផ្ទាល់ ។ សេចក្ដីពិតដ៏ទេវភាពត្រូវបានបើកសម្តែងនៅក្នុងសម័យរបស់យើងតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ និងព្យាការីថ្ងៃចុងក្រោយដទៃទៀត ។ សេចក្ដីពិតដែលមាននៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទគឺចាំបាច់ដើម្បីរៀបចំយើងសម្រាប់សេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ( សូមមើល នីហ្វៃទី២ ៣១:១៩–២១; គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៣:១០–១២ ) ។
មគ្គទេសក៍សិក្សាដំណឹងល្អដែលជាប់ទាក់ទង ៖ ការប្រែចិត្ដជឿ ការរៀនសូត្រ និងការបង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
ផ្នែកទី ១
ព្រះគឺជាប្រភពនៃសេចក្ដីពិតដ៏អស់កល្បជានិច្ច
ព្រះជាព្រះបិតា « គឺពេញដោយព្រះគុណ និងសេចក្ដីពិត »( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៦:១២ ) ។ ព្រះយេស៊ូវគ្រីស្ទបានមានព្រះបន្ទូល ៖ « ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត » ( យ៉ូហាន ១៤:៦ ) ។ ទ្រង់ប្រកាសសេចក្ដីពិត—ជាញឹកញាប់តាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ និងតាមរយៈព្យាការី—ហើយមិនអាចកុហកបានឡើយ ( សូមមើល យ៉ាកុប ៤:១៣; អេធើរ ៣:១២; គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៧–៣៨ ) ។
ដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទរួមបញ្ចូលទាំងភាពពេញលេញនៃសេចក្តីពិតដ៏ទេវភាព ដែលត្រូវបានបង្ហាញនៅក្នុងសម័យរបស់យើង ។ សេចក្តីពិតដ៏ទេវភាពគឺមិនផ្លាស់ប្តូរ និងអស់កល្បជានិច្ច ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៩; ៨៨:៦៦ ) ។
ព្រះអញ្ជើញយើងឲ្យរៀនពីសេចក្ដីពិតដ៏ទេវភាពអំពីព្រះយេស៊ូវគ្រីស្ទ ការបង្រៀនរបស់ទ្រង់ និងពលិកម្មដ៏ធួនរបស់ទ្រង់ ។ ទាំងនេះគឺជាសេចក្ដីពិតដ៏សំខាន់បំផុតមួយចំនួនដែលត្រូវបានបើកសម្តែង ( សូមមើល នីហ្វៃទី២ ២:៦–៧; ៣១:១៥, ២១; នីហ្វៃទី៣ ២១:៦ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
មិនមែនសេចក្ដីពិតទាំងអស់សុទ្ធតែមានសារៈសំខាន់ដូចគ្នានោះទេ ។ ព្យាការី យ៉ូសែប ស៊្មីធ បានកំណត់សេចក្ដីពិតដ៏សំខាន់នៅក្នុងដំណឹងល្អថា ៖ « គោលការណ៍ដ៏សំខាន់នៃសាសនារបស់យើង គឺទីបន្ទាល់នៃពួកសាវក និងពួកព្យាការី អំពីព្រះយេស៊ូវគ្រីស្ទ ថាទ្រង់បានសុគត បានបញ្ចុះក្នុងផ្នូរ ហើយបានមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី បានយាងទៅកាន់ស្ថានសួគ៌ ហើយរឿងផ្សេងទៀតដែលទាក់ទងនឹងសាសនារបស់យើងគឺជារឿងបន្ទាប់បន្សំទៅនឹងសេចក្តីពិតនេះ » ។ អ្នកអាចគូរដើមឈើមួយដើម ហើយសរសេរ « ព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ » នៅលើដើមនោះ ។ បន្ទាប់មកនៅលើមែកធាងទាំងឡាយ ឬ « អ្វីដែលតោងជាប់នឹងដើមឈើ » អ្នកអាចសរសេរសេចក្ដីពិតផ្សេងទៀតដែលអ្នកដឹងថាដុះចេញពីសេចក្ដីពិតដ៏សំខាន់នេះ ។ តើនឹងមានអ្វីកើតឡើង ប្រសិនបើសេចក្ដីពិតផ្សេងទៀតទាំងនេះត្រូវបានបំបែកចេញពីសេចក្ដីពិតដ៏សំខាន់នេះ ? ហេតុអ្វីបានជាទីបន្ទាល់របស់ពួកព្យាការី និងពួកសាវកអំពីព្រះយេស៊ូវ និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់មានសារៈសំខាន់ចំពោះសេចក្ដីជំនឿរបស់យើងលើសេចក្ដីពិតផ្សេងៗទៀត ? សូមពិចារណាអំពីរបៀបដែលអ្នកអាចពង្រឹងសេចក្ដីជំនឿរបស់អ្នកលើព្រះអង្គសង្គ្រោះ និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ហើយពិចារណាអំពីរបៀបដែលវាអាចចិញ្ចឹមបីបាច់សេចក្ដីជំនឿរបស់អ្នកលើសេចក្ដីពិតផ្សេងទៀតនៃដំណឹងល្អ ។
-
ព្រះសព្វព្រះទ័យឲ្យបុត្រាបុត្រីរបស់ទ្រង់ទាំងអស់រៀនពីសេចក្ដីពិតដ៏ទេវភាព ។ នៅក្នុងសេចក្ដីប្រកាសនៃការស្ដារឡើងវិញ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន « ពួកយើងជាសាវក [ របស់ព្រះគ្រីស្ទ ] សូមអញ្ជើញមនុស្សទាំងអស់ឲ្យបានដឹង—ដូចជាយើងបានដឹង—ថាស្ថានសួគ៌បានបើក ។ យើងអះអាងថា ព្រះកំពុងបង្ហាញព្រះឆន្ទៈរបស់ទ្រង់ចំពោះបុត្រាបុត្រីជាទីស្រឡាញ់របស់ទ្រង់ ។ យើងថ្លែងទីបន្ទាល់ថា អស់អ្នកដែលសិក្សាសារលិខិតអំពីការស្ដារឡើងវិញប្រកបដោយការអធិស្ឋាន ហើយធ្វើសកម្មភាពដោយជំនឿ នឹងត្រូវប្រទានពរឲ្យទទួលបានសាក្សីផ្ទាល់ខ្លួនអំពីទេវភាព និងគោលបំណងរបស់វាដើម្បីរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទរបស់យើង ដូចដែលបានសន្យា » ។ អ្នកអាចស្រាវជ្រាវ សេចក្ដីប្រកាសនៃការស្ដារឡើងវិញ ដើម្បីស្វែងរកសេចក្ដីពិតដែលលេចធ្លោចំពោះអ្នក ។ បន្ទាប់មកសូមពិចារណាថាហេតុអ្វីបានជាសេចក្ដីពិតនីមួយៗមានសារៈសំខាន់ដើម្បីដឹង និងរបៀបដែលវាអាចជះឥទ្ធិពលដល់ជម្រើសដែលអ្នកធ្វើ ។
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
សូមអានសេចក្ដីថ្លែងការណ៍នេះដោយប្រធាន រ័សុល អិម ណិលសុន ជាមួយគ្នា ៖
« ផ្ទុយនឹងមន្ទិលរបស់មនុស្សមួយចំនួន នោះរឿងខុស និងត្រូវ គឺ មានពិតមែន ។ សេចក្តីពិតដ៏ឥតខ្ចោះ—សេចក្តីពិតដ៏អស់កល្បជានិច្ច គឺ មានពិតប្រាកដមែន ។ គ្រោះកាចមួយនៅសម័យរបស់យើងគឺមានមនុស្សតិចណាស់ដែលដឹងកន្លែងដែលត្រូវងាកទៅរកសេចក្តីពិត [ សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១២៣:១២ ] ។ …
« គោលលទ្ធិរបស់ព្រះគ្រីស្ទដ៏បរិសុទ្ធគឺមានអានុភាពណាស់ ។ វាផ្លាស់ប្តូរជីវិតមនុស្សគ្រប់គ្នាដែលយល់ពីគោលលទ្ធិនេះ ហើយស្វែងរកដើម្បីអនុវត្តតាមគោលលទ្ធិនេះនៅក្នុងជីវិតរបស់ពួកគេ » ។
អ្នកអាចធ្វើការរួមគ្នាដើម្បីបង្កើតបញ្ជីនៃសេចក្តីពិតដែលមិនផ្លាស់ប្ដូរ ឬអស់កល្បជានិច្ច ( ដូចជា « ព្រះគឺជាព្រះវរបិតាសួគ៌របស់យើង » ) និងសេចក្តីពិតដែលជាការណ៍បណ្តោះអាសន្ន ( ដូចជា « អាវដែលខ្ញុំកំពុងពាក់មានពណ៌ក្រហម » ឬ « មេឃកំពុងភ្លៀងនៅខាងក្រៅ » ) ។ ហេតុអ្វីបានជាវាសំខាន់ក្នុងការទទួលស្គាល់ភាពខុសគ្នារវាងសេចក្ដីពិតដ៏អស់កល្បជានិច្ច និងសេចក្តីពិតបណ្តោះអាសន្ន ? អ្នកក៏អាចនិយាយអំពីពេលដែលអ្នក « បែរទៅរកសេចក្ដីពិត »—ជាពិសេសសម្រាប់សេចក្ដីពិតដ៏អស់កល្បជានិច្ច ។
ស្វែងយល់បន្ថែមទៀត
-
រ័សុល អិម ណិលសុន « តើការពិតជាអ្វី? » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ២៩–៣០
-
« God’s Words Never Cease » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ
-
« ការពិតនោះជាអ្វី ? » ទំនុកតម្កើង លេខ ១៧០
ផ្នែកទី ២
ព្រះសព្វព្រះទ័យឲ្យយើងរៀន និងចែកចាយសេចក្ដីពិតដ៏ទេវភាព
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងដឹង និងជឿលើសេចក្ដីពិតដ៏ទេវភាពនៃដំណឹងល្អ ។ ការយល់ដឹងរបស់យើងអំពីសេចក្ដីពិតដ៏អស់កល្បជានិច្ចបានមកពីព្រះតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធនាំយើងទៅរកសេចក្ដីពិត ( សូមមើល កូរិនថូសទី១ ២:៩–១០ ១៤; មរ៉ូណៃ ១០:៤–៥; គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:៤៤–៤៧ ) ។ នៅពេលដែលយើងជ្រើសរើសធ្វើសកម្មភាពដោយផ្អែកលើសេចក្ដីពិតដែលយើងទទួលបាន យើងអាចទទួលបានសេចក្ដីពិតបន្ថែមពីព្រះ ( សូមមើល នីហ្វៃទី២ ២៨:៣០; គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:២៦–២៨ ) ។
ព្រះក៏សព្វព្រះទ័យឲ្យអស់អ្នកដែលមានសេចក្ដីពិតចែកចាយវាជាមួយអ្នកដទៃផងដែរ ( សូមមើល អេណុស ១:២៦; គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:៤៧; ៧៥:៣–៥ ) ។ ឧទាហរណ៍ ឪពុកម្តាយត្រូវបានបង្គាប់ឲ្យចិញ្ចឹមបីបាច់កូនៗរបស់ពួកគេនៅក្នុងពន្លឺ និងសេចក្ដីពិត ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:៤០ ៤២ ) ។ ហើយយើងក៏អាចចែកចាយដំណឹងល្អជាមួយមនុស្សជាច្រើនដែលត្រូវបានលាក់ពីសេចក្ដីពិត ពីព្រោះពួកគេមិនដឹងជាទៅរកសេចក្ដីពិតនៅឯណាទេ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៣:១២ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
អែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ បានបង្រៀន ៖
« ព្រះបើកសម្តែងសេចក្តីពិតខាងគោលលទ្ធិតាមរយៈព្យាការី ហើយព្រះវិញ្ញាណបរិសុទ្ធបញ្ជាក់សេចក្តីពិតទាំងនោះដល់យើង និងជួយយើងអនុវត្តតាម ។ យើងត្រូវតែស្វែងរក និងរៀបចំខ្លួនដើម្បីទទួលបានចំណាប់អារម្មណ៍ខាងវិញ្ញាណទាំងនេះ នៅពេលវាកើតមានឡើង ។ ភាគច្រើនយើងទទួលបានសាក្សីមកពីព្រះវិញ្ញាណ នៅពេលយើងបន្ទាបខ្លួន អធិស្ឋានដោយស្មោះ និងសិក្សាព្រះបន្ទូលរបស់ព្រះ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ ។
« នៅពេលព្រះវិញ្ញាណបរិសុទ្ធបញ្ជាក់សេចក្ដីពិតជាក់លាក់មួយដល់យើង នោះយើងយល់ដឹងស៊ីជម្រៅ នៅពេលយើងដាក់គោលការណ៍នោះមកអនុវត្ត ។ នៅពេលយើងរស់នៅតាមគោលការណ៍នោះយ៉ាងខ្ជាប់ខ្ជួនយើងទទួលបានចំណេះដឹងអំពីសេចក្ដីពិតជាក់ជាមិនខាន » ។
សូមពិចារណាសរសេរសេចក្ដីពិតមួយចំនួនដែលព្រះបានបើកសម្តែងដល់អ្នកតាមរយៈពួកព្យាការី ។ តើនៅពេលណាដែលអ្នកបានមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងបញ្ជាក់សេចក្ដីពិតទាំងនេះដល់អ្នក ? តើអ្នកអាចរៀបចំខ្លួនដោយចេតនាបន្ថែមទៀតដើម្បីទទួលបានចំណាប់អារម្មណ៍ខាងវិញ្ញាណអំពីសេចក្ដីពិតនៃគោលលទ្ធិដោយរបៀបណា ? តើអ្នកអាចយកចំណេះដឹងរបស់អ្នកអំពីសេចក្ដីពិតទាំងនេះទៅអនុវត្ដដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
សូមអាន នីហ្វៃទី២ ២៨:២៦–៣០ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:១១–១៣ ។ ពិភាក្សាអំពីអ្វីដែលខគម្ពីរទាំងនេះបង្រៀនអំពីការរៀនសូត្រ និងការទទួលបានសេចក្ដីពិតដ៏ទេវភាព ។ ប្រហែលជាអ្នកអាចនិយាយអំពីឧទាហរណ៍ផ្សេងទៀតនៃកិច្ចការដែលកើតឡើង ឬរីកចម្រើន « មួយបន្ទាត់ម្ដងៗ » ឬ « ឯណេះបន្ដិច ឯណោះបន្ដិច » ។ តើឧទាហរណ៍ទាំងនេះបង្ហាញអ្វីខ្លះអំពីការពង្រីកចំណេះដឹងរបស់យើងអំពីសេចក្ដីពិត ? បន្ទាប់មកសូមអានការទូន្មាននេះមកពីប្រធាន ណិលសុន ៖ « ខ្ញុំ អង្វរករ ដល់បងប្អូន—ឲ្យទទួលខុសត្រូវលើទីបន្ទាល់ផ្ទាល់ខ្លួនរបស់បងប្អូន អំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ សូមខិតខំដើម្បីមានទីបន្ទាល់នោះ ។ សូមចិញ្ចឹមបីបាច់វាដើម្បីឲ្យវាលូតលាស់ ។ សូមពង្រឹងវាដោយសេចក្ដីពិត ។ សូមកុំបំពុលទីបន្ទាល់ដោយទស្សនវិជ្ជាខុសឆ្គងរបស់បុរស និងស្រ្តីដែលមិនជឿឡើយ ។ ពេលបងប្អូនបន្តពង្រឹងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទជាអាទិភាពដ៏ខ្ពស់បំផុតរបស់បងប្អូន នោះសូមចាំមើលអព្ភូតហេតុដែលនឹងកើតមាននៅក្នុងជីវិតរបស់បងប្អូន » ។ ចែកចាយជាមួយគ្នាទៅវិញទៅមកអំពីរបៀបដែលទីបន្ទាល់របស់អ្នកបានរីកចម្រើន « ព្រះគុណថែមលើព្រះគុណ » និង « មួយបន្ទាត់ម្ដងៗ » ។ តើអ្នកមានអារម្មណ៍ថា វាមានន័យយ៉ាងដូចម្តេចក្នុងការ « ទទួលខុសត្រូវចំពោះទីបន្ទាល់របស់អ្នកផ្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ » ? អ្នកអាចដាំអ្វីមួយ និងចិញ្ចឹមបីបាច់វាជាមួយគ្នា ហើយមើលវាលូតលាស់ ។ បន្ទាប់មកអ្នកអាចនិយាយអំពីភាពស្រដៀងគ្នារវាងការថែទាំរុក្ខជាតិ និងការចិញ្ចឹមបីបាច់ទីបន្ទាល់របស់យើងនិង « ផលផ្លែ » ដែលយើងអាចប្រមូលផលមកពីការចិញ្ចឹមបីបាច់ទាំងនេះ ។
ស្វែងយល់បន្ថែមទៀត
-
អាឡិចសាន់ឌឺ ដាស់គុ « បង្គោល និង កាំរស្មី » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ១៤–១៦
-
អាឡែន អ័រ វ៉កគឺ «The Gospel Light of Truth and Love » Liahona ខែឧសភា ឆ្នាំ២០២១ ទំព័រ ១២០–១២២
-
« សេចក្តីពិតនឹងធ្វើឲ្យអ្នកមានសេរីភាព » នៅក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ២០២២ ) ទំព័រ ៣០–៣៣
ផ្នែកទី ៣
ស្វែងរកសេចក្ដីពិតតាមរយៈការសិក្សា និងដោយសេចក្តីជំនឿអាចនាំយើងទៅរកសុវត្ថិភាពខាងវិញ្ញាណ
ព្រះអម្ចាស់អញ្ជើញយើងឲ្យ « ស្វែងរកការរៀនសូត្រ គឺដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៨ ) ។ នោះមានន័យថា ក្នុងចំណោមរបស់ផ្សេងទៀត នៅពេលដែលយើងមានសំណួរអំពីប្រវត្តិសាស្រ្ត គោលលទ្ធិ និងការអនុវត្តនានារបស់សាសនាចក្រ យើងសិក្សាប្រភពដែលអាចទុកចិត្តបាន និងអនុវត្តសេចក្តីជំនឿ និងការជឿទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ នៅពេលយើងស្វែងរកចម្លើយ ។ មារសត្រូវស្វែងរកដើម្បីបង្វែរដួងចិត្ដយើងចេញពីសេចក្ដីពិតដ៏អស់កល្បជានិច្ច ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៨:១០; ៩៣:៣៩ ) ។ ការឱបក្រសោបសេចក្ដីពិតដ៏ទេវភាពអាចជួយយើងបដិសេធអំពើអាក្រក់ និងជៀសវាងអំពើបាប កំហុស និងការបោកបញ្ឆោត ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៥០:២៣–២៥; ៩៣:៣៧ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
កាលពីនៅជាយុវជនម្នាក់ យ៉ូសែប ស្ម៊ីធ មានអារម្មណ៍ច្របូកច្របល់ នៅពេលលោកស្វែងរកចម្លើយចំពោះសំណួរខាងវិញ្ញាណរបស់លោក ។ សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិសាស្រ្ត ១:៥–៦, ១០–១៣ ដើម្បីស្វែងយល់ពីរបៀបដែលព្រះអម្ចាស់បានជួយលោក ។ តើការស្វែងរកសេចក្ដីពិតនាំលោកទៅរកសុវត្ថិភាពខាងវិញ្ញាណយ៉ាងដូចម្តេច ? តើអ្នករៀនអ្វីខ្លះចេញពីបទពិសោធន៍របស់ យ៉ូសែប ស្ម៊ីធ ដែលអាចជួយអ្នកក្នុងការស្វែងរកសេចក្ដីពិតរបស់អ្នក ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ដើម្បីចាប់ផ្ដើមការពិភាក្សាអំពីសុវត្ថិភាពខាងវិញ្ញាណដែលអាចបានមកពីការមានទីបន្ទាល់រឹងមាំអំពីសេចក្ដីពិត អ្នកអាចនិយាយអំពីកិច្ចការដែលអ្នកធ្វើដើម្បីជួយអ្នកចៀសវាងពីឧបទ្ទវហេតុ ជំងឺ ឬគ្រោះធម្មជាតិនានា ។ តើយើងនឹងនិយាយអ្វីខ្លះទៅកាន់អ្នកទាំងឡាយដែលគិតថាការការពារទាំងនេះគឺមិនចាំបាច់ ឬមិនសមនឹងការខិតខំប្រឹងប្រែងនោះទេ ? បន្ទាប់មកអ្នកអាចអានប្រសាសន៍ទាំងនេះរបស់ប្រធាន ថូម៉ាស អេស មនសុន ជាមួយគ្នា ៖ « យើងរស់នៅក្នុងគ្រាដែលវឹកវរ និងសេចក្ដីទុច្ចរិតដ៏មហិមា ។ តើមានអ្វីនឹងការពារយើងពីអំពើបាប និងសេចក្ដីអាក្រក់ដែលរាលដាលយ៉ាងខ្លាំងក្នុងពិភពលោកសព្វថ្ងៃនេះ ? ខ្ញុំជឿថា ការមានទីបន្ទាល់រឹងមាំអំពីព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ និងអំពីដំណឹងល្អរបស់ទ្រង់ នឹងជួយឃុំគ្រងយើងឲ្យទទួលបានសុវត្ថិភាព ។… វាជាការចាំបាច់សម្រាប់បងប្អូនដើម្បីមានទីបន្ទាល់ផ្ទាល់ខ្លួននៅក្នុងគ្រាលំបាកទាំងនេះ ពីព្រោះទីបន្ទាល់របស់អ្នកដទៃនឹងដឹកនាំបងប្អូនទៅមិនបានឆ្ងាយទេ » ។ សូមចែកចាយជាមួយគ្នាពីរបៀបដែលទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីសេចក្ដីពិតដ៏អស់កល្បជានិច្ចបានការពារអ្នកខាងវិញ្ញាណ ។
ស្វែងយល់បន្ថែមទៀត
-
លូរែន អ៊ី ខូប៊្រីតហ្គ« Stand on the Rock of Revelation » Ensign ខែតុលា ឆ្នាំ២០២០ ទំព័រ ២៤–២៩
-
ប្រធានបទ និង សំណួរ « Consult Reliable Sources » នៅក្នុងបណ្ណាល័យដំណឹងល្អ