បណ្ណាល័យ
អំណោយទាន​ខាង​ព្រះវិញ្ញាណ


« អំណោយទាន​ខាង​ព្រះវិញ្ញាណ » ប្រធានបទ និង សំណួរ ( ឆ្នាំ​២០២៣ )

យុវជន​កំពុង​និយាយ​គ្នា​នៅក្នុង​កន្លែង​ទទួល​ភ្ញៀវ

មគ្គទេសក៍​សិក្សា​ដំណឹងល្អ

អំណោយទាន​ខាង​ព្រះវិញ្ញាណ

ពរជ័យ​ខាងវិញ្ញាណ​ដែល​ទទួល​បាន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ

ស្រមៃថា​អ្នក​ទើបតែ​ទទួល​បាន​អំណោយ​ដែល​បាន​រៀបចំ​ដោយ​យកចិត្ដ​ទុកដាក់​មួយ ។ អ្នក​ដែល​ជ្រើសរើស​អំណោយ​នេះ ​បាន​យក​ចិត្ត​ទុកដាក់​បន្ថែម ដើម្បី​ផ្តល់ឲ្យ​អ្នក​នូវអ្វីមួយ​ដែល​នឹង​ផ្តល់​ពរជ័យ​មិន​ត្រឹមតែ​ដល់​ជីវិត​របស់អ្នក​ប៉ុណ្ណោះទេ ថែម​ទាំង​ជីវិត​របស់​មនុស្ស​ជុំវិញ​អ្នក​ផងដែរ។ នៅពេល​ដែល​អ្នក​បើក​អំណោយ ហើយ​មើលឃើញ​អ្វី​ដែល​នៅ​ខាងក្នុង នោះ​អ្នក​ដឹងថា​វាមាន​តម្លៃ​ជាងអ្វី​ដែល​អ្នក​ធ្លាប់​អាច​ស្រមៃដល់ ។

ដូចគ្នា​នេះដែរ ព្រះវរបិតាសួគ៌​បាន​ត្រៀម​ព្រះកាយ​រួច​ជាស្រេច និង​មាន​ព្រះ​ឆន្ទៈ​ក្នុង​ការប្រទានឲ្យ​យើង​នូវ​អំណោយ​ដ៏មានតម្លៃ​ដើម្បី​ប្រទានពរ​ដល់យើង ។ អំណោយទាន​ទាំងនេះ​ត្រូវបាន​គេហៅថា​អំណោយទាន​ខាង​ព្រះវិញ្ញាណ ។ មាន​អំណោយទាន​ខាងវិញ្ញាណ​ជាច្រើន​ប្រភេទ ហើយ​អំណោយទាននីមួយៗ​អាច​ពង្រឹង និង​ជួយ​យើង​បាន ។ ប៉ុន្តែ​វា​អាស្រ័យ​លើ​យើង​ក្នុង​ការស្វែងរក ទទួល ហើយ​ប្រើ​អំណោយទាន​ទាំងនោះ​ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះវរបិតាសួគ៌ ។

តើ​អ្វី​ទៅជា​អំណោយទាន​ខាង​ព្រះវិញ្ញាណ ?

អំណោយទាន​ខាង​ព្រះវិញ្ញាណ​គឺជា​ពរជ័យ​ខាងវិញ្ញាណ ឬ​សមត្ថភាព​ដែល​ប្រទានឲ្យ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​សមាជិក​ស្មោះត្រង់​នៃ​សាសនាចក្រ ។ អំណោយទាន​ខាង​ព្រះវិញ្ញាណ​ត្រូវបាន​ផ្តល់ឲ្យ​សម្រាប់ « ស្អាង​ចិត្ត​ពួក​ជំនុំ​ឡើង » ( កូរិនថូស​ ទី១ ១៤:១២ ) និង « សម្រាប់​ផល​ប្រយោជន៍​ដល់​កូនចៅ​នៃ​ព្រះ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៦:២៦ ) ។ បទគម្ពីរ​និយាយ​អំពី​អំណោយទាន​ខាងវិញ្ញាណ​ផ្សេងៗគ្នា​ជាច្រើន​ដែល​យើង​អាច​ទទួល​បាន ( សូមមើល កូរិនថូស ទី១ ១២:១–១១ សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៦:១១–២៥ ) ។ ព្រះវរបិតាសួគ៌ នឹង​ប្រទាន​អំណោយទាន​ទាំងនេះ​ដល់យើង ពេល​ដែល​យើង​ស្វែងរក​អំណោយទាន​ទាំងនេះ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៦:៨–៩ ) ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ អំណោយទាន​ខាង​វិញ្ញាណ

មគ្គទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ, សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ, សេចក្តីសង្ឃឹម, សេចក្តី​សប្បុរស

ផ្នែកទី ១

ព្រះវរបិតាសួគ៌​ផ្តល់​អំណោយទាន​ខាង​វិញ្ញាណ​ដល់​អ្នកស្មោះត្រង់

ស្ត្រី​អង្គុយ​នៅឯ​វេទិកា

ព្រះ​ប្រទានឲ្យ​យើង​នូវ​អំណោយទាន​ខាង​វិញ្ញាណ ឬ​ពរជ័យ​ខាង​វិញ្ញាណ នៅពេល​ដែល​យើង​ស្រឡាញ់​ទ្រង់ និង​ខិតខំ​រក្សា​ព្រះ​បញ្ញត្តិ​របស់ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៦:៩ ) ។ តាមរយៈ​អំណោយទាន​ទាំងនេះ យើង​អាច​ទទួល​បាន​ពរជ័យ​នៅក្នុង​ជីវិត​របស់​យើង និង​អាច​ផ្តល់​ពរ​ដល់​ជីវិត​របស់​អ្នកដទៃ​បាន​ផងដែរ ។ អំណោយទាន​ខាង​វិញ្ញាណ​នាំមក​នូវ​អំណាច​បន្ថែម​នៅក្នុង​ពិភពលោក​មួយ ដែល​អំពើ​អាក្រក់​កំពុង​កើនឡើង​ជាបន្តបន្ទាប់ ហើយ​តាមរយៈ​ពរជ័យ​ទាំងនេះ​យើង​អាច​រកឃើញ​សុវត្ថិភាព និង​ភាពសុខសាន្ត​ខាង​វិញ្ញាណ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សាវក​ប៉ុល​បាន​បង្រៀនថា ដូចជា​គ្រប់​ផ្នែក​ទាំងអស់​នៃ​រាងកាយ​ដែល​បម្រើ​គោលបំណង​ដ៏សំខាន់​មួយ អំណោយទាន​ខាង​វិញ្ញាណ​នីមួយៗ​គឺមាន​សារៈសំខាន់​ចំពោះ « រាងកាយ​នៃ​ព្រះគ្រីស្ទ » ឬ​រាងកាយ​នៃ​សាសនាចក្រ​ដែរ ( កូរិនថូស ទី១ ១២:២៧ ) ។ សូម​ពិចារណា​អាន កូរិនថូស ទី១ ១២:១២–៣០ ហើយ​បន្ទាប់មក​ជញ្ជឹងគិត​អំពីរបៀប​ដែល​អំណោយទាន​ខាង​វិញ្ញាណ​របស់យើង​អាច​ធ្វើការ​រួមគ្នា​សម្រាប់​ពរជ័យ​ទាំងឡាយ ។ តើ​អ្នក​បាន​ឃើញ​អំណោយទាន​ខាង​វិញ្ញាណ​របស់​អ្នកដទៃ​ធ្វើការ​ជាមួយគ្នា ដូចជា​ផ្នែក​នៃ​រាងកាយ​ដែល​ធ្វើការ​ជាមួយគ្នា​ដោយ​របៀបណា ? តើ​អ្នក​ត្រូវបាន​ប្រទានពរ​ដោយសារ​តែ​អំណោយទាន​ខាង​វិញ្ញាណ​របស់​អ្នកដទៃ​ដោយ​របៀបណា ? អ្នក​ក៏អាច​ពិចារណា​ផងដែរ​អំពី​អំណោយទាន​ខាង​វិញ្ញាណ​របស់​អ្នក និង​អំពី​របៀប​ដែល​អំណោយទាន​ទាំងនោះ​អាច​ជួយ​ស្ថាបនា​នរគរ​របស់​ព្រះ ។ សូម​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​ដែល​អ្នក​ទទួល​បាន ។

  • នៅពេល​ដែល​យើង​ចូលរួម​ក្នុង​ពិធីសាក្រាម៉ង់ យើង​បាន​សន្យាថា​យើង​អាចបាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់នៅ​ជាមួយ​យើង​ជានិច្ច—ហើយ​ការណ៍​នេះ​គឺ​តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​យើង​ទទួលបាន​អំណោយទាន​ខាង​វិញ្ញាណ ។ សូម​ពិចារណា​អាន​ការអធិស្ឋាន​ពិធីសាក្រាម៉ង់ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៧៧, ៧៩ ) ហើយ​ពិចារណា​ពីរបៀប​ដែល​ការធ្វើ និង​ការរក្សា​សេចក្តី​សញ្ញា​របស់អ្នក​អាច​ជួយអ្នក​ឲ្យ​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទទួលបាន​អំណោយទាន​ខាង​វិញ្ញាណ ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • តើ​ទីបន្ទាល់​របស់អ្នក​ធ្លាប់​ត្រូវបាន​ពង្រឹង​ដោយ​អ្នកដទៃ​ដែរឬទេ ? ប្រហែល​អ្នក​អាច​នឹក​ចាំ​ពី​ការចងចាំ​ជាក់លាក់​មួយ​អំពី​ពេល​ដែល​សេចក្តី​ជំនឿ​របស់​នរណា​ម្នាក់​បាន​ធ្វើ​ឲ្យ​ទីបន្ទាល់​របស់​អ្នក​កាន់តែ​រឹងមាំ​ឡើង ។ ឬ​ប្រហែលជា​អ្នក​មាន​អារម្មណ៍ថា​ទទួល​ប្រយោជន៍​ពី​ទីបន្ទាល់​របស់​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ជារៀងរាល់ថ្ងៃ ។ នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៦:១៣–១៤ យើង​រៀនថា ការជឿ​លើ​ទីបន្ទាល់​របស់​នរណាម្នាក់​អំពី​ព្រះយេស៊ូវគ្រីស្ទ​គឺជា​អំណោយទាន​ខាង​វិញ្ញាណ ។ អ្នក​អាច មើល​វីដេអូ​នេះ​ របស់​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ រៀបរាប់​ពីរបៀប​ដែល​លោក​ទទួល​បាន​អំណោយទាន​នោះ កាលជា​យុវជន​តាមរយៈ​គំរូ សេចក្តី​ស្រឡាញ់ និង​ការបម្រើ​របស់​មិត្តភក្តិ​របស់​លោក ។ បន្ទាប់មក​ចែកចាយ​ជាមួយគ្នា​ទៅវិញ​ទៅមក​នូវ​បទពិសោធន៍​ស្រដៀងគ្នា​ដែល​អ្នក​មាន ជាមួយនឹង​អំណោយទាន​ខាង​វិញ្ញាណ​នេះ ។ តើ​ជីវិត​របស់អ្នក​ទទួល​បាន​ពរ​ដោយ​សារគំរូ​​នៃអ្នកទាំងឡាយ​​ដែល​ស្មោះត្រង់​នៅ​ជុំវិញ​អ្នក​ដោយ​របៀបណា ?

ស្វែង​យល់​បន្ថែម​ទៀត

  • រ៉ូម ១២:៤–៨; មរ៉ូណៃ ១០:២៤–២៥

  • ដាល្លិន អេក អូក « Spiritual Gifts » Ensign ខែ​កញ្ញា ឆ្នាំ​១៩៨៦ ទំព័រ ៦៨–៧២

  • « Gifts of the Spirit » Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ​២០១១ ) ទំព័រ ១១៥-១២៣

ផ្នែកទី ២

ស្វែងយល់​ពី​អំណោយទាន​ដែល​ព្រះបាន​ប្រទានឲ្យ​អ្នក

កុមារ​នៅ​ជាមួយ​គ្រូបង្រៀន

ព្រះ​បាន​ប្រទាន​អំណោយទាន​ខាង​វិញ្ញាណ​ដល់​យើង​ម្នាក់ៗ ហើយ​សុំ​ឲ្យ​យើង​ខិតខំ « ចងចាំ​ជានិច្ច ហើយ​ទុក​ក្នុង​គំនិត [ របស់​យើង ] ជានិច្ច​នូវ​អំណោយទាន​ទាំងនោះ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៦:១០ ) ។ តើ​យើង​កំណត់សម្គាល់​អំណោយទាន​ខាង​វិញ្ញាណ​របស់យើង ដើម្បី​យើង​អាច​ចងចាំ​ពី​អំណោយទាន​ទាំងនោះ​បាន​ដោយ​របៀបណា ? យើង​អាច​ចាប់ផ្ដើម​ដោយ​ការស្វែង​រក​បទ​គម្ពីរ ដែល​ផ្ដល់​ឧទាហរណ៍​ជា​ច្រើន​អំពី​អំណោយ​ទាន​ខាង​វិញ្ញាណ ។ ទាំងនេះ​រួមបញ្ចូល​ទាំង​សេចក្តី​ជំនឿ អំណោយទាន​ខាង​ភាសា ខាង​ការសម្ដែង​អព្ភូតហេតុ​ដ៏​អស្ចារ្យ និង​ខាង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ( សូមមើល កូរិនថូស ទី១ ១២:៨–១០; មរ៉ូណៃ ១០:៩–១៦; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៦:១៣–២៥ ) ។

យើង​អាច​ស្គាល់​អំណោយ​ទាន​ខាង​វិញ្ញាណ​របស់​យើង​បាន​នៅពេល​យើង « យោង​ទៅ​លើ​ពរ​របស់​លោក​អយ្យកោ​របស់​យើង សួរ​អ្នក​ដែល​ស្គាល់​យើង​ច្បាស់ និង​ការស្វែងរក​ផ្ទាល់​ខ្លួន​នូវ​អ្វី​ដែល​យើង​ពូកែ​តាំងពី​កំណើត និង​​អ្វី​ដែល​យើង​រីករាយនឹង​ធ្វើ ។ សំខាន់​បំផុត​នោះ យើង​អាច​ទូល​សួរ​ព្រះ​បាន ( សូមមើល យ៉ាកុប ១:៥; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:៩; គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១២:១០ ) ។ ពេល​ដែល​យើង​រកឃើញ​អំណោយទាន​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ឲ្យ​យើង នោះ​យើង​អាចមក​ស្គាល់​ទ្រង់ និង​ខ្លួនយើង​កាន់តែ​ប្រសើរឡើង ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ការរកឃើញ​អំណោយទាន​ខាង​វិញ្ញាណ​ត្រូវការ​សេចក្តី​ជំនឿ និង​ការអត់ធ្មត់ ប៉ុន្តែ​ព្រះអម្ចាស់​អាច​ដឹកនាំ​យើង​នៅក្នុង​ដំណើរការ​នេះ​បាន ។ ប្រហែល​អ្នក​អាច​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១២:១០ ហើយ​ជញ្ជឹងគិត​អំពីរបៀប​ដែល​ព្រះ​អាច​ជួយ​អ្នក​រកឃើញ​អំណោយទាន​ខាង​វិញ្ញាណ​របស់អ្នក ។ បន្ទាប់មក​ទូលសួរ​ព្រះ​នៅក្នុង​ការអធិស្ឋាន​របស់អ្នក ដើម្បី​ជួយ​អ្នក​រៀន​អំពី​អំណោយទាន​ខាង​វិញ្ញាណ​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក ។ អ្នក​ក៏អាច​សុំឲ្យសមាជិក​គ្រួសារ មិត្តភក្តិ និង​អ្នកណែនាំ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់​អំណោយទាន​ខាង​វិញ្ញាណ​ដែល​បាន​ប្រទាន​ដល់​អ្នក​ផងដែរ ។ ពេល​ដែល​អ្នក​រកឃើញ​អំណោយទាន​ខាង​វិញ្ញាណ​របស់អ្នក សូម​កត់ត្រា​អំណោយទាន​ខាង​វិញ្ញាណ​ទាំងនោះ ដើម្បី​អ្នក​អាច​ចងចាំ​អំណោយ​ទាន​ទាំងនោះ និង​ស្វែងយល់​បន្ថែម​អំពី​អំណោយទាន​ខាង​វិញ្ញាណ​ទាំងនោះ ។

  • ពេល​ដែល​យើង​រកឃើញ​អំណោយទាន​ខាង​វិញ្ញាណ​របស់យើង ព្រះអម្ចាស់​អាច​ធ្វើ​កិច្ចការ​តាមរយៈ​យើង​ដើម្បី​ប្រទានពរ​ដល់​អ្នក​ដែល​នៅ​ជុំវិញ​យើង ។ នៅក្នុង​សុន្ទរកថា​របស់​លោក « I Have a Work for Thee » អែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ បាន ចែកចាយ​ដំណើររឿង​មួយ​អំពី​ស្ត្រីម្នាក់​ដែល​ត្រូវបាន​ផ្តល់​អំណោយទាន​ខាង​វិញ្ញាណ​នៃ​ការកត់សម្គាល់​អ្នកដទៃ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ចាប់តាំងពី​ពេល​នោះ​មក គាត់​បាន​រកឃើញ​អំណរ​ជាប្រចាំ ក្នុង​ការយក​ចិត្ត​ទុក​ដាក់​លើ​អស់​អ្នក​ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល ហើយ​ព្រះ​បាន​ធ្វើការ​តាមរយៈ​គាត់​ដើម្បី​ប្រទាន​ពរ​ដល់​មនុស្ស​ជាច្រើន » ។ ពិនិត្យ​មើល​ឡើងវិញ​នូវ​ផ្នែក​ដែល​មាន​ចំណងជើង​ថា « ស្វែង​រក និង​អភិវឌ្ឍ​អំណោយទាន​ខាង​វិញ្ញាណ » នៅក្នុង​សារលិខិត​របស់​អែលឌើរ ភីងគ្រី ។ តើ​អ្នក​មាន​អំណោយទាន​ខាង​វិញ្ញាណ​អ្វីខ្លះ ដែល​អាច​ជួយ​អ្នក​សម្រេច​កិច្ចការ​ដែល​ព្រះ​មាន​សម្រាប់​អ្នក ? តើ​មាន​អំណោយទាន​​ខាង​វិញ្ញាណ​ដែល​អ្នក​អាច​រកឃើញ ហើយអាច​ជួយ​អ្នក​ក្នុង​ការងារបម្រើ​ផ្ទាល់ខ្លួន​របស់​អ្នក​ដែរឬទេ ? សរសេរ​ចំណាប់​អារម្មណ៍​ណាមួយ​ដែល​អ្នក​ទទួល​បាន ហើយ​បន្ទាប់មក​ធ្វើ​សកម្មភាព​លើ​ចំណាប់​អារម្មណ៍​ទាំងនោះ ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • អំណោយទាន​ខាង​វិញ្ញាណ​មួយ​ចំនួន​របស់​យើង​ប្រហែល​ជា​មិន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ដល់​យើង​ដូច​អំណោយ​ទាន​របស់​អ្នក​ដទៃ​នោះទេ ។ ឧទាហរណ៍ បុគ្គល​មួយ​ចំនួន​មាន « អំណោយទាន​ក្នុង​ការមិន​វិនិច្ឆ័យ អំណោយទាន​ក្នុងការស្វែងរក​ព្រះ​សម្រាប់​ការណែនាំ អំណោយទាន​ក្នុង​ការធ្វើ​ជាសិស្ស អំណោយទាន​ក្នុង​ការមើល​ថែទាំ​អ្នកដទៃ អំណោយទាន​ក្នុង​ការអាច​ធ្វើ​ការពិចារណា អំណោយទាន​ក្នុង​ការផ្តល់​ការអធិស្ឋាន [ និង ] អំណោយទាន​នៃ​ការថ្លែង​ទីបន្ទាល់​ដ៏អស្ចារ្យ​មួយ » ។ តើ​អំណោយទាន​ខាង​វិញ្ញាណ​អ្វីខ្លះ​ដែល​អ្នក​ឃើញ​អ្នកដទៃ​នៅក្នុង​ក្រុម​របស់អ្នកមាន ? សរសេរ​អ្វី​ដែល​មាន​នៅក្នុង​គំនិត ហើយ​បន្ទាប់មក​ពិភាក្សា​អំពីរបៀប​ដែល​អំណោយទាន​នីមួយៗ​នេះ​គឺជា​ពរជ័យ​ដល់​មនុស្ស​ទាំងអស់ ។ អ្នក​ក៏​អាច​នឹង​កត់ចំណាំ​អំពី​អំណោយទាន​ខាង​វិញ្ញាណ​ដែល​ក្រុម​របស់​អ្នក​បាន​កត់​សម្គាល់​ក្នុង​ខ្លួន​អ្នក ហើយ​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​អភិវឌ្ឍ​អំណោយទាន​ខាង​វិញ្ញាណ​ទាំងនោះ ។

ផ្នែក​ទី ៣

ការស្វែងរក និង​ការប្រើប្រាស់​អំណោយទាន​ខាង​វិញ្ញាណ​ជួយ​យើង​ឲ្យ​​ក្លាយ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ​ច្រើនឡើង ។

ស្ដ្រី​ម្នាក់​កំពុង​សិក្សា​ព្រះគម្ពីរ

ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​ស្វែងរក​អំណោយទាន​ខាង​វិញ្ញាណ​ដ៏ល្អបំផុត ដូចជា​សេចក្តី​ជំនឿ សេចក្តី​សង្ឃឹម និង​សេចក្តី​សប្បុរស ( សូមមើល មរ៉ូណៃ ១០:៣០; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៦:៨ សូមមើល​ផងដែរ អេធើរ ១២:២៨ ) ។ ពេល​ដែល​យើង​ខិតខំ​អនុវត្ត​អំណោយទាន​ខាង​វិញ្ញាណ​ទាំងនេះ នោះ​យើង​ក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។ ការណ៍​នេះ​ធ្វើ​ឲ្យ​យើង​មាន​សមត្ថភាព​កាន់តែ​ច្រើន​ក្នុង​ការបម្រើ​តាម​របៀប​ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ​ដូច្នេះ « ដៃ​របស់​យើង​អាច​ក្លាយ​ទៅ​ជា​ព្រះហស្ត​របស់​ទ្រង់ ភ្នែក​របស់​យើង​ក្លាយជា​ព្រះនេត្រ​របស់​ទ្រង់ ដួងចិត្ដ​របស់​យើង ទៅជា​ព្រះទ័យ​របស់​ទ្រង់ » ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន បាន​បង្រៀន​ថា « ខ្ញុំ​សូម​ជំរុញ​ឲ្យ​អ្នក​ពិនិត្យ​មើល​ជីវិត​របស់​អ្នក ។ កំណត់​ពី​ចំណុច​ដែល​អ្នក​កំពុងស្ថិត​នៅ និង​អ្វី​ដែល​អ្នក​ត្រូវធ្វើ ដើម្បី​ក្លាយជា​ប្រភេទ​មនុស្ស​ដែល​អ្នក​ចង់​ប្រែក្លាយ ។ បង្កើត​គោលដៅ​បំផុសគំនិត ថ្លៃថ្នូរ និង​សុចរិត ដែល​បំភ្លឺ​ការស្រមើលស្រមៃ​របស់អ្នក និង​បង្កើត​ភាពរំភើប​នៅក្នុង​ដួងចិត្ត​របស់អ្នក ។ ហើយ​ផ្ដោត​ចិត្ត​ទុកដាក់​ទៅលើ​វា ។ ធ្វើការ​ដោយ​ខ្ជាប់ខ្ជួន​ដើម្បី​សម្រេច​គោលដៅ​ទាំងនោះ » ។ តើ​អ្នក​អាច​អនុវត្ត​ដំបូន្មាន​នេះ​ដើម្បី​ស្វែងរក និង​អភិវឌ្ឍ​អំណោយទាន​ខាង​វិញ្ញាណ​ដោយ​របៀបណា ? តើ​ដំបូន្មាន​នោះ​អាច​ជួយ​អ្នក​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​បាន​ដោយ​របៀបណា ? ប្រហែល​អ្នក​អាច​សរសេរ​អំណោយទាន​ខាង​វិញ្ញាណ ដែល​អ្នក​សង្ឃឹមថា​នឹង​អភិវឌ្ឍ និង​គំនិត​សម្រាប់​របៀប​ដែល​អ្នក​អាច​ចាប់ផ្តើម​ធ្វើការ​លើ​អំណោយទាន​ទាំងនោះ ។ ពេល​ដែល​អ្នក​ស្វែងរក​ដើម្បី​ទទួល​បាន និង​អនុវត្ត​អំណោយទាន​នោះ សូម​តាមដាន​ពីរបៀប​ដែល​វា​ផ្តល់ពរ​ដល់​អ្នក​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់អ្នក និង​របៀប​ដែល​វា​ផ្តល់ពរ​ដល់​អ្នកដទៃ ។ អ្នក​ក៏អាច​ថ្វាយ​ការអធិស្ឋាន​អំពី​ការដឹងគុណ ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​អំណោយទាន​ខាង​វិញ្ញាណ​ដែល​អ្នក​ត្រូវបាន​ប្រទាន​ឲ្យ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៦:៣២ ) ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ការក្លាយ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ តាមរយៈ​អំណោយទាន​ខាង​វិញ្ញាណ​តម្រូវឲ្យ​មាន​ការអនុវត្ត ។ អែលឌើរ ហ្វ័ន ប៉ាប្លូ វីឡា បាន​មាន​ប្រសាសន៍ថា ៖ « វា​ទំនង​ថា [ ព្រះវរបិតាសួគ៌ ] នឹង​ប្រទាន​ឱកាស​ដល់​យើង​ដើម្បី​អភិវឌ្ឍ​អំណោយទាន [ ខាង​វិញ្ញាណ ] ទាំងឡាយ ជាជាង​គ្រាន់តែ​ប្រគល់​វា​មក​ដល់​យើង​ដោយ​គ្មាន​ការខិតខំ​ខាង​វិញ្ញាណ ឬ​សាច់ឈាម​នោះ ។ បើ​យើង​ប្រកប​ដោយ​ព្រះវិញ្ញាណ​របស់​ទ្រង់ នោះ​យើង​នឹង​រៀន​ស្គាល់​ឱកាស​ទាំងនោះ ហើយ​បន្ទាប់មក​ធ្វើ​តាម​អំណោយទាន​ទាំងនោះ `» ។ សូមមើល​វីដេអូ « Faith and the Goal » ( នាទីទី ៤:៤០ ) ហើយ​និយាយ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង ដែល​ចូល​ទៅក្នុង​ការស្ថាបនា​ទេពកោសល្យ​ផ្នែក​រាងកាយ ។ បន្ទាប់មក​ពិភាក្សា​អំពី​កិច្ចការ​ដែល​ចំាបាច់​ដើម្បី​អភិវឌ្ឍ​អំណោយទាន​ខាង​វិញ្ញាណ ។ តើ​ឱកាស​អ្វីខ្លះ​ដែល​អ្នក​អាច​ទាញយក​ជា​ប្រយោជន៍ ដើម្បី​អនុវត្ត​អំណោយទាន​ខាង​វិញ្ញាណ​របស់អ្នក​បាន ? តើ​ការធ្វើ​ការលើ​អំណោយទាន​ខាង​វិញ្ញាណ​របស់អ្នក​អាច​ជួយ​វា​ឲ្យ​ក្លាយជា​ផ្នែក​មួយ​នៃ​អ្នក​ដោយ​របៀបណា ?

  • អាច​មាន​ពេលខ្លះ​ដែល​យើង​ចងចាំ​ដើម្បី​ប្រើ​អំណោយទាន​ខាង​វិញ្ញាណ​របស់យើង ហើយ​ពេលខ្លះ​ទៀត​យើង​ភ្លេច ។ ការណ៍​នោះ​អាច​កើតឡើង​បាន - គ្មាន​នរណាម្នាក់​ល្អឥតខ្ចោះ​នោះទេ ។ អ្វី​ដែល​សំខាន់​បំផុត​គឺថា​យើង​យាង​អញ្ជើញ​ព្រះអម្ចាស់​ចូល​ទៅក្នុង​ដំណើរការ​នេះ ។ សូម​ពិចារណា​ច្រៀង​បទចម្រៀង « ឲ្យ​ខ្ញុំ​កាន់​តែ​វិសុទ្ធ » ។ សូម​កត់សម្គាល់​ពីរបៀប​ដែល​ទំនុកបទ​នេះ​អង្វរ​សុំ​ជំនួយ​ក្នុង​ការក្លាយ​កាន់តែ​ដូចជា​ព្រះអង្គសង្គ្រោះ ។ តើ​អ្នក​អាច​ស្វែងរក​ការណែនាំ​មកពី​ព្រះ​ដោយ​របៀប​ណា​ក្នុង​ការប្រើ​អំណោយទាន​ខាង​វិញ្ញាណ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​កាន់តែ​ក្លាយ​ដូចជា​ទ្រង់ ? អ្នក​ក៏អាច​សរសេរ​អំណោយទាន​ខាង​វិញ្ញាណ​ដែល​បាន​រៀបរាប់​នៅក្នុង​ទំនុក​តម្កើង​នេះ ហើយ​ជ្រើសរើស​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​អំណោយទាន​ទាំងនោះ​នៅក្នុង សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ ពិភាក្សា​អំពី​អ្វី​ដែល​អ្នក​រកឃើញ​អំពី​អំណោយទាន និង​គំនិត​ទាំងនេះ​ដែល​អ្នក​មាន​សម្រាប់​ការអភិវឌ្ឍ​អំណោយទាន​ទាំងនោះ ។

ស្វែង​យល់​បន្ថែម​ទៀត

កំណត់​ចំណាំ

  1. ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គទេសក៍​ចំពោះ​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ( ឆ្នាំ​២០១៨ ) ទំព័រ ៩៧ សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៦:៨–៩ ។

  2. សូមមើល នែល អិល អាន់ឌើរសិន « A Classroom of Faith, Hope, and Charity ( ជំនួប​នាពេល​ល្ងាច​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  3. ចន ស៊ី ភីងគ្រី ជុញ្ញ័រ « I Have a Work for Thee » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ទំព័រ ៣៣ ។

  4. សូមមើល ចន ស៊ី ភីងគ្រី ជុញ្ញ័រ « I Have a Work for Thee » ទំព័រ ៣៣–៣៤ ។

  5. សូមមើល ម៉ារិន​ជេ អាស្តុន​« There Are Many Gifts » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៨៧ ទំព័រ ២០ ។

  6. ឌៀថើរ អេហ្វ អុជដូហ្វ « You Are My Hands » Liahona ខែ​ឧសភា ឆ្នាំ​២០១០ ទំព័រ ៦៨ ។

  7. ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ទំព័រ ៤៣ ។

  8. ហ្វ័ន ប៉ាប្លូ វីឡា « Exercising Our Spiritual Muscles » Liahona ខែ​ឧសភា ឆ្នាំ​២០១៩ ទំព័រ ៩៦ ។

  9. ទំនុក​តម្កើង, ល.រ. ៧១ ។