« ការកាន់ខ្ជាប់ដរាបដល់ចុងបំផុត » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )
មគ្គទេសក៍សិក្សាដំណឹងល្អ
ការកាន់ខ្ជាប់ដរាបដល់ចុងបំផុត
ការនៅពិតចំពោះការតាំងចិត្ដរបស់យើងចំពោះព្រះ មិនថាមានអ្វីកើតឡើង
សូមស្រមៃថាអ្នកនឹងរត់ប្រណាំងក្នុងការប្រកួតដ៏ធំមួយ ។ ពេលអ្នកចាប់ផ្តើម អ្នកពោរពេញដោយថាមពល និងត្រៀមខ្លួនជាស្រេចដើម្បីទទួលយកភារកិច្ចដែលនៅខាងមុខ ។ ប៉ុន្តែការរត់ប្រណាំងគឺយូរ និងលំបាក ។ ទាំងនឿយហត់—និងអស់កម្លាំង ។ ប៉ុន្តែអ្នកឆ្ពោះទៅមុខក្នុងការប្រកួតប្រជែងនេះ ដោយដាក់ជើងម្ខាងនៅខាងមុខម្ខាងទៀតរហូតដល់អ្នកឆ្លងកាត់ទីផ្ដាច់ព្រ័តដោយជោគជ័យ អ្នកមានមោទនភាពដែលអ្នកបានកាន់ខ្ជាប់យ៉ាងល្អរហូតដល់ចុងបំផុត ។
នៅពេលដែលយើងទទួលយកដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ យើងចាប់ផ្តើមការធ្វើដំណើរពេញមួយជីវិត ។ ថ្ងៃខ្លះយើងអាចមានអារម្មណ៍ពោរពេញដោយសេចក្ដីសង្ឃឹម និងការតាំងចិត្ដ—ហើយថ្ងៃខ្លះទៀត ផ្លូវមើលទៅដូចជាវែងអន្លាយ ហើយលំបាក ។ ប៉ុន្តែយើងមិនចុះចាញ់ទេ ។ ផ្ទុយទៅវិញ យើងពឹងផ្អែកលើការសន្យារបស់ព្រះអម្ចាស់ថា ទ្រង់នឹងមិនចាកចេញពីយើង ឬបោះបង់ចោលយើងឡើយ ( សូមមើល ហេព្រើរ ១៣:៥ ) ហើយយើងជ្រើសរើសជារៀងរាល់ថ្ងៃដើម្បី « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ » ( នីហ្វៃទី២ ៣១:២០ ) ។
តើអ្វីទៅជាការកាន់ខ្ជាប់ដរាបដល់ចុងបំផុត ?
ការកាន់ខ្ជាប់ដរាបដល់ចុងបំផុតមានន័យថាការបន្ដនៅពិតចំពោះការតាំងចិត្ដរបស់យើងចំពោះព្រះ និងព្រះបញ្ញត្ដិរបស់ទ្រង់នៅពេញមួយជីវិតរបស់យើង ។ ការណ៍នេះរួមបញ្ចូលទាំងការធ្វើសេចក្ដីសញ្ញាជាមួយនឹងទ្រង់ ការប្រែចិត្ដជារៀងរាល់ថ្ងៃ និងការពឹងផ្អែកលើព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទដើម្បីជួយយើងយកឈ្នះលើឧបសគ្គ ការល្បួង និងការប្រឆាំង ។ អស់អ្នកដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុតនឹងទទួលបានអំណោយទាននៃជីវិតដ៏អស់កល្បជានិច្ច ហើយត្រឡប់ទៅរស់នៅជាមួយព្រះវិញ ។ ( សូមមើល ម៉ាថាយ ១០:២២ ) ។
មគ្គទេសក៍សិក្សាដំណឹងល្អដែលជាប់ទាក់ទង ៖ សិទ្ធិជ្រើសរើស សេចក្ដីសញ្ញា និងពិធីបរិសុទ្ធ ជីវិតរមែងស្លាប់
ផ្នែកទី ១
ព្រះសន្យាថាយើងនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ប្រសិនបើយើងកាន់ខ្ជាប់ដរាបដល់ចុងបំផុត
អំណោយទានដ៏អស្ចារ្យបំផុតរបស់ព្រះចំពោះយើងគឺជាអំណោយទាននៃជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៤:៧ ) ។ អំណោយទាននេះត្រូវបានប្រគល់ដល់អ្នកដែលទទួលយកដំណឹងល្អ ហើយនៅតែបន្ដតាំងចិត្ដចំពោះដំណឹងល្អ ( សូមមើល នីហ្វៃទី៣ ១៥:៩ ) ។ ការកាន់ខ្ជាប់ដរាបដល់ចុងបំផុតគឺលើសពីការយកឈ្នះឧបសគ្គ ឬការប្រឈម ។ វាគឺជាកិច្ចខិតខំប្រឹងប្រែងជាប្រចាំ « នៃការមករកព្រះគ្រីស្ទ និងការបានល្អឥតខ្ចោះនៅក្នុងទ្រង់ » នៅពេញមួយជីវិត ។ អែលឌើរ ខេវីន ដបុលយូ ភៀរសិន បានបញ្ជាក់ថា « ការកាន់ខ្ជាប់ដរាបដល់ចុងបំផុតគឺជាការសាកល្បងដ៏ធំនៃភាពជាសិស្ស » ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ព្រះយេស៊ូវគ្រីស្ទបានដកពិសោធន៍នូវការសាកល្បងដ៏ធំបំផុតនៃការកាន់ខ្ជាប់ដរាបដល់ចុងបំផុត នៅពេលដែលទ្រង់បានរងទុក្ខសម្រាប់អំពើបាបរបស់យើងក្នុងអំឡុងពេលការធ្វើដង្វាយធួនរបស់ទ្រង់ ។ សូមអាន លូកា ២២:៤២ និង នីហ្វៃទី៣ ១១:១១ ។ តើអ្នករៀនអ្វីខ្លះមកពីគំរូរបស់ព្រះគ្រីស្ទ ដែលអាចជួយអ្នកឲ្យកាន់ខ្ជាប់ដរាបដល់ចុងបំផុត ? តើអ្នកអាចពឹងផ្អែកលើដង្វាយធួនរបស់ទ្រង់ដោយរបៀបណា ពេលអ្នកខិតខំកាន់ខ្ជាប់ដរាបដល់ចុងបំផុត ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ? សូមកត់ត្រាចំណាប់អារម្មណ៍ទាំងឡាយដែលអ្នកបានទទួល ហើយធ្វើសកម្មភាពតាមចំណាប់អារម្មណ៍ទាំងនោះ ។
-
ការកាន់ខ្ជាប់ដរាបដល់ចុងបំផុតស្ដាប់ទៅហាក់ដូចជាពេលវេលាដ៏សែនយូរ—យូរណាស់ រហូតដល់មានអារម្មណ៍ថាវាហាក់ដូចជាមិនអាចទៅរួច ។ ប៉ុន្ដែនៅពេលអ្នកចងចាំថាការកាន់ខ្ជាប់ដរាបដល់ចុងបំផុតគឺកើតឡើងមួយជំហានម្តងៗ វានឹងមើលទៅមិនពិបាកទៀតទេ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បង្រៀន ៖ « ស្វែងរកការណែនាំមកពីស្ថានសួគ៌មួយថ្ងៃម្ដងៗ ។ ការរស់នៅដោយបារម្ភអំពីអនាគតគឺជារឿងលំបាក ប៉ុន្ដែការរស់នៅដោយគិតពីពេលបច្ចុប្បន្នគឺជារឿងងាយស្រួល ។ យើងម្នាក់ៗអាចនៅពិតសម្រាប់តែមួយថ្ងៃ—ហើយបន្ទាប់មកសម្រាប់មួយថ្ងៃទៀត ហើយបន្ទាប់មកមួយថ្ងៃទៀតបន្ទាប់ពីនោះ—រហូតដល់យើងបានរស់នៅពេញមួយជីវិតដោយត្រូវបានដឹកនាំដោយព្រះវិញ្ញាណ នៅជិតនឹងព្រះអម្ចាស់ពេញមួយជីវិត ជាជីវិតមួយដែលពោរពេញដោយសេចក្តីល្អ និងសុចរិតភាព » ។ តើជម្រើសប្រចាំថ្ងៃអ្វីខ្លះ ដែលអ្នកអាចធ្វើបានដើម្បីនៅពិតចំពោះដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ? តើជម្រើសទាំងនោះអាចជួយអ្នកឲ្យកាន់ខ្ជាប់ដរាបដល់ចុងបំផុតដោយរបៀបណា ? ប្រហែលជាអ្នកអាចជ្រើសរើសគុណលក្ខណៈដូចព្រះគ្រីស្ទមួយដែលអ្នកចង់កែលម្អ ហើយបន្ទាប់មកអញ្ជើញព្រះអម្ចាស់ប្រកបដោយការអធិស្ឋានដើម្បីជួយអ្នកទទួលបានគុណលក្ខណៈនោះ នៅពេលដែលអ្នកខិតខំធ្វើតាមទ្រង់ជារៀងរាល់ថ្ងៃ ។
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
បទគម្ពីរបង្រៀនថាយើងនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចដោយការកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។ ប៉ុន្តែតើការកាន់ខ្ជាប់ដរាបដល់ចុងបំផុតមានលក្ខណៈដូចម្ដេចទៅ ? សូមអាន រ៉ូម ២:៧; នីហ្វៃទី២ ៣១:១៩–២០; និង គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:២៣ ជាមួយគ្នា ហើយបន្ទាប់មកពិភាក្សាអំពីអ្វីដែលអ្នករៀនចេញមកពីខគម្ពីរទាំងនេះអំពីរបៀបកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។ អ្នកក៏អាចច្រៀង ឬអានទំនុកតម្កើង « ពួកបរិសុទ្ធឆ្ពោះទៅមុខ » ( ទំនុកតម្កើង ល.រ ៣៣ ) ជាក្រុម ហើយបន្ទាប់មកនិយាយអំពីទំនុកចម្រៀងណាមួយដែលបំផុសគំនិតអ្នកឲ្យឆ្ពោះទៅមុខ និងទទួលបានអំណោយទាននៃជីវិតអស់កល្បជានិច្ច ។
-
នៅក្នុងសារលិខិតរបស់លោក « Have We Not Reason to Rejoice? » អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានបង្រៀនថា យើងមិនចាំបាច់កាន់ខ្ជាប់ដរាបដល់ចុងបំផុតដោយខ្លួនឯងផ្ទាល់នោះទេ ។ លោកបានមានប្រសាសន៍ ៖ « ការកាន់ខ្ជាប់ដរាបដល់ចុងបំផុតពុំមែនគ្រាន់តែជាបញ្ហាមួយនៃការអត់ធ្មត់ចំពោះកាលៈទេសៈលំបាកនៃជីវិត ឬ ‹ ការតស៊ូ › នោះទេ ។ សាសនារបស់យើងគឺជាសាសនាដ៏សកម្មមួយ ដែលជួយបុត្រាបុត្រីរបស់ព្រះនៅលើផ្លូវតូច ហើយចង្អៀតឲ្យអភិវឌ្ឍសក្ដានុពលពេញលេញរបស់ពួកគេនៅក្នុងជីវិតនេះ ហើយត្រឡប់ទៅរកទ្រង់វិញនៅថ្ងៃណាមួយ » ។ សូមមើលផ្នែកមួយនៃសារលិខិតរបស់អែលឌើរ អុជដូហ្វ ជាមួយគ្នានៅក្នុងវីដេអូ « Endure to the End » ( នាទី ២:០៥ ) ។ បន្ទាប់មកចែកចាយគំនិតដើម្បីជួយគ្នាទៅវិញទៅមកនៅលើផ្លូវដែលនាំទៅរកជីវិតដ៏អស់កល្បជានិច្ច ។ អ្នកក៏អាចចែកចាយជាមួយគ្នាទៅវិញទៅមកនូវបទពិសោធន៍មួយចំនួនផ្សេងទៀត អំពីពេលដែលនរណាម្នាក់បានជួយអ្នកដោយស្មោះត្រង់ក្នុងការស៊ូទ្រាំនឹងការសាកល្បង ។
ស្វែងយល់បន្ថែមទៀត
-
ហេព្រើរ ៦:១២; ១០:២៣; នីហ្វៃទី១ ៨:៣០; ១៥:២៤; គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៣:៤៧; ១០១:៣៥; ១២១:៧–៨, ២៩; មាត្រានៃសេចក្តីជំនឿ ១:១៣
-
ឌែល ជី រិនឡាន់ « Unwavering Commitment to Jesus Christ » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ២២–២៥
-
ស្ទេវីន ជេ ឡាន់ « ភាពជាសិស្សដ៏យូអង្វែង » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៨៩–៩១
-
ហិនរី ប៊ី អាវរិង « The Reward of Enduring Well » Ensign ខែកក្កដា ឆ្នាំ២០១៧ ទំព័រ ៤–៥
-
រ័សុល អិម ណិលសុន «Endure and Be Lifted Up » Ensign ខែឧសភា ឆ្នាំ១៩៩៧ ទំព័រ ៧០–៧២