បណ្ណាល័យ
សេចក្ដីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច


« សេចក្ដីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )

អ័ប្រាហាំ​កំពុង​លុតជង្គង់​អធិស្ឋាន

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

សេចក្ដីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច

សេចក្ដីសញ្ញា​ថ្មី និង​អស់កល្ប​អស់កាល​ជានិច្ច​របស់​យើង​ជាមួយនឹង​ព្រះ

តើ​មាន​មនុស្ស​ជាទី​ស្រឡាញ់​ធ្លាប់​សន្យា​ថានឹង​ធ្វើអ្វី​មួយ​សម្រាប់​អ្នក ដែល​ពិតជា​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក​ដែរ​ឬ​ទេ ? តើ​អ្នក​មាន​អារម្មណ៍​បែបណា​ដែរ នៅពេល​ពួកគេ​គោរព​តាម​ការសន្យា​នោះ ?

ព្រះវរបិតាសួគ៌​ក៏ធ្វើ​ការសន្យា​ដ៏​អស្ចារ្យ​ចំពោះ​យើង​ផង​ដែរ ។ ការណ៍​នេះ​កើតមាន​ឡើង​នៅពេល​យើង​ធ្វើ​ការសន្យា​ពិសិដ្ឋ ឬ​សេចក្ដីសញ្ញា ជាមួយនឹង​ទ្រង់​កាល​យើង​ទទួល​ពិធីបរិសុទ្ធ​ដ៏​ប្រោសលោះ និង​ការតម្កើងឡើង​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។ ចាប់តាំង​ពីមុន​ពេល​ដែល​ពិភពលោក​ត្រូវបាន​បង្កើត ព្រះ​បាន​សន្យា​ថា​យើង​អាច​ត្រឡប់​ទៅវិញ ហើយ​រស់នៅ​ជាមួយនឹង​ទ្រង់ ប្រសិនបើ​យើង​នឹង​ធ្វើតាម​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​នេះ​ត្រូវបាន​ធ្វើឡើង​មុនគេ​បង្អស់​ជាមួយនឹង​លោក​អ័ដាម ហើយ​បន្ទាប់មក​បាន​បន្ដ​មាន​ឡើង​វិញ​នៅ​សម័យ​កាន់កាប់​ត្រួតត្រា​ក្រោយៗ​ទៀត ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ពី​របៀប​ដែល​យើង​ទទួល​បាន​ពរជ័យ​នៅពេល​យើង​ជ្រើសរើស​ចូល​ទៅក្នុង​ទំនាក់ទំនង​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ ៖ « នៅពេល​យើង​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ នោះ​យើង​ពុំ​នៅ​លើ​ដី​អព្យាក្រឹត​ទៀត​ឡើយ ។ ព្រះ​នឹង​មិន​បោះបង់​ចោល​ទំនាក់​ទំនង​របស់​ទ្រង់​ជា​មួយ​អស់​អ្នក​ដែល​បាន​បង្កើត​ចំណង​មិត្តភាព​បែប​នោះ​ជា​មួយ​ទ្រង់​ឡើយ ។ តាមពិត អស់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ អាច​ទទួល​បាន​សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្តាករុណា​ដ៏​ពិសេស​មួយ ។ … ដោយសារតែ​សេចក្តី​សញ្ញា​របស់​យើង​ជាមួយ​ព្រះ នោះ​ទ្រង់​ពុំ​ដែល​នឿយហត់​ក្នុង​កិច្ចខិតខំ​របស់​ទ្រង់​ដើម្បី​ជួយ​យើង​ឡើយ យើង​ក៏​នឹង​មិន​ធ្វើ​ឲ្យ​សេចក្តី​អត់ធ្មត់​ដ៏​មេត្តា​របស់​ទ្រង់​ជាមួយ​យើង​សាបរលាប​ដែរ » ។

តើ​សេចក្តីសញ្ញា​ដ៏​អសកល្ប​អស់កាល​ជានិច្ច​ជា​អ្វី ?

សេចក្តីសញ្ញា​ដ៏​អសកល្ប​អស់កាល​ជានិច្ច​ដែល​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា ជា​សេចក្ដីសញ្ញា​អ័ប្រាហាំ​គឺជា​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​រួមបញ្ចូល​ទាំង​ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ទាំងឡាយ​ដែល​យើង​ត្រូវការ​ដើម្បី​ទទួល​បាន​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើងឡើង ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៦:២ ) ។ « វា ‹ ថ្មី › នៅ​ពេល​ណា​ដែល​ព្រះអម្ចាស់​បន្ត ឬ​ស្ដារ​វា​ឡើង​វិញ ហើយ​វា ‹ អស់កល្ប​អស់កាល​ជានិច្ច › ដោយសារ​វា​មិន​ផ្លាស់ប្តូរ » ។ សេចក្តីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​ត្រូវបាន​បង្កើត​ឡើង​នៅលើ​ផែនដី​ជាមួយ​លោក​អ័ដាម ហើយ​ថ្មីៗនេះ​ត្រូវបាន​ព្រះ​បន្ត​ឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ដែល​ជា​ផ្នែក​មួយ​នៃ​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៅ​ថ្ងៃចុងក្រោយ​នេះ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:១៧–២៣ ) ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ សេចក្ដីសញ្ញា​អ័ប្រាហាំ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ, សេចក្ដីសញ្ញា និង​ពិធី​បរិសុទ្ធ, ព្រះវិហារ​បរិសុទ្ធ, អាពាហ៍ពិពាហ៍, ពរ​របស់​លោក​អយ្យកោ, ការប្រមូលផ្តុំ​វង្ស​អ៊ីស្រាអែល

ផ្នែកទី ១

ការរក្សា​សេចក្ដី​សញ្ញា​ថ្មី និង​អស់កល្ប​អស់កាល​ជានិច្ច​រៀបចំ​យើង​សម្រាប់់​ជីវិត​អស់កល្ប​ជានិច្ច

យុវវ័យ​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

ព្រះអម្ចាស់​បាន​ស្តារឡើងវិញ​នូវ​សេចក្ដីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច ដែលជា​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ « ដើម្បី​ធ្វើជា​ពន្លឺ​ដល់​មនុស្ស​លោក » និង « ដើម្បី​រៀបចំ​ផ្លូវ » សម្រាប់​ការយាង​មក​របស់​ទ្រង់ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:៩ ) ។ ដើម្បី​ទទួល​សេចក្ដី​សញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច យើង​ដាក់​ព្រះ​ជា​ទីមួយ ហើយ​ចុះ និង​រក្សា​សេចក្ដីសញ្ញា​នៃ​ដំណឹងល្អ​ជាមួយនឹង​ទ្រង់ ។ ប្រធាន ណិលសុន បានបង្រៀនថា សេចក្តី​សញ្ញា​របស់​យើង ចាប់ផ្តើម​ជាមួយនឹង​សេចក្តី​សញ្ញា​ដែល​យើង​ធ្វើ​នៅឯ​ពិធីបុណ្យ​ជ្រមុជទឹក « ដែល​នឹង​ដឹកនាំ​យើង​ឲ្យ​ទៅ​កាន់តែ​ជិត [ ព្រះ ] » ហើយ​ថា​សេចក្ដីសញ្ញា​ទាំងនេះ​អាច​ភ្ជាប់​យើង​ទៅនឹង​ទ្រង់​ដោយ « ចងភ្ជាប់​ដល់​អស់កល្ប​អស់កាល​ជានិច្ច » ។

សេចក្ដីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​ដែល​យើង​ចុះចូល​ជាមួយ​នឹង​ព្រះ គឺ​ជាការ​ចងភ្ជាប់​ជា​និរន្ដរ៍​នៅពេល​យើង​រក្សា​សេចក្ដីសញ្ញា​នេះ ។ ប្រសិនបើ​យើង​នៅតែ​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​នេះ​ពេញមួយ​ជីវិត​របស់​យើង នោះ​យើង​អាច​បាន​លើក​តម្កើង​ឡើង និង​ត្រឡប់​ទៅ​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះវរបិតាសួគ៌​ជាមួយ​ក្រុមគ្រួសារ​របស់​យើង ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​សិក្សា គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៣:៥៧–៦២ អំពី​ការ​ដែល​ព្រះអម្ចាស់​ស្តារឡើងវិញ​នូវ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ តើ វា​ត្រូវបាន​នាំចេញ​មក « យ៉ាងច្បាស់ និង​ក្បោះក្បាយ » អាច​មាន​ន័យ​យ៉ាង​ណា ? សូម​ពិចារណា​ពី​របៀប​ដែល សេចក្ដីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច ដែលជា​ឃ្លា​ដ៏​សាមញ្ញ ប៉ុន្ដែ​ស្រស់ស្អាត​នេះ រៀបចំ​យើង​ដើម្បី​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច ។ តើ​ការយល់ដឹង​អំពី​សក្តានុពល​នេះ លើកទឹកចិត្ត​អ្នក​ឲ្យ​ជួយ​ព្រះអម្ចាស់​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើងឡើង​របស់​ទ្រង់​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ២២:១–៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ទ្រង់​បាន​បន្ត​សេចក្ដីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់​ជាមួយ​ពួកបរិសុទ្ធ​ជំនាន់មុន ។ សូម​អាន​ក្បាល​កណ្ឌ និង​ខគម្ពីរ​ទាំងនេះ​ជាមួយគ្នា ហើយ​ពិភាក្សា​អំពី​អ្វី​ដែល​អ្នក​រៀន​អំពី​សារៈសំខាន់​នៃ​សេចក្ដីសញ្ញា « ថ្មី » ។ តើ « កិច្ចការ​ទាំងឡាយ​ដែល​ស្លាប់ »​មាន​ន័យ​ដូចម្តេច ? សូម​និយាយ​អំពី​អ្វី​ដែល​អ្នក​រៀន​ចេញពី ខទី ៣ អំពី​សារៈសំខាន់​នៃ​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ និង​សេចក្តីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច ។

  • ដោយសារតែ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ យើង​អាច​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច បើសិន​ជា​យើង​រក្សា​សេចក្ដីសញ្ញា​របស់​យើង​ជាមួយនឹង​ទ្រង់ ។ ប្រធាន ណិលសុន បាន​បង្រៀន ៖ « អស់​អ្នក​ដែល​ចុះ​សេចក្ដីសញ្ញា​ពិសិដ្ឋ ហើយ​រក្សា​វា​ត្រូវ​បាន​សន្យា​នូវ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​ភាពតម្កើងឡើង « គឺជា​អំណោយទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៤:៧ ) ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អង្គ​ដែល​ធានា​នូវ​សេចក្តីសញ្ញា​ទាំងនោះ ( សូមមើល ហេព្រើរ ៧:២២; ៨:៦ ) ។ អ្នក​រក្សា​សេចក្ដី​សញ្ញា​ដែល​ស្រឡាញ់​ព្រះ ហើយ​ទុក​ឲ្យ​ទ្រង់​ឈ្នះ​លើ​អ្វីៗ​ផ្សេង​ទៀត​នៅក្នុង​ជីវិត​របស់​ពួកគេ ធ្វើ​ឲ្យ​ទ្រង់​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុង​ជីវិត​របស់​ពួកគេ » ។ សូម​និយាយ​អំពី​របៀប​ដែល​អ្នក​អាច​ទុក​ឲ្យ​ព្រះ « ឈ្នះ​លើ​អ្វីៗ​ផ្សេង​ទៀត » នៅក្នុង​ជីវិត​របស់​អ្នក ។ តើ​ការណ៍​នោះ​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​យ៉ាង​ដូចម្តេច ហើយ​ហេតុអ្វី​បានជា​ការទទួល​ភាពតម្កើងឡើង​មាន​តម្លៃ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែកទី ២

ព្រះ​បាន​ស្តារឡើងវិញ​នូវ​ការសន្យា​នៃ​សេចក្ដីសញ្ញា​អ័ប្រាហាំ​នៅ​ជំនាន់​របស់​យើង

ព្រះវិហារ​បរិសុទ្ធ ហេលេណា ម៉ុនតាណា

សេចក្ដី​សញ្ញា​អ័ប្រាហាំ​គឺជា​ឈ្មោះ​មួយ​ទៀត​សម្រាប់​សេចក្ដីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច ។ វា​ត្រូវបាន​បង្កើត​ឡើង​ពីមុន​គ្រឹះ​នៃ​ពិភពលោក​ទៅ​ទៀត ហើយ​សំដៅ​ទៅលើ​សេចក្ដីសញ្ញា​ដែល​ព្រះ​ធ្វើ​ជាមួយនឹង​បុត្រាបុត្រី​របស់​ទ្រង់ ។ ឈ្មោះ​របស់​វា​ចេញ​មកពី​សេចក្ដីសញ្ញា​ដែល​ព្រះយេហូវ៉ា​បានធ្វើ​ជាមួយនឹង​អ័ប្រាហាំ ( សូមមើល លោកុប្បត្តិ ១៧:១–៨; អ័ប្រាហាំ ២:៦–១១ ) ។ នៅក្នុង​សេចក្តីសញ្ញា​នោះ ព្រះ​បាន​សន្យា​ថា​នឹង​ផ្តល់ពរ​ជ័យ​ដ៏អស្ចារ្យ​ដល់​អ័ប្រាហាំ​សម្រាប់​ការរស់នៅ​ដោយ​សុចរិត ។ ពរជ័យ​ទាំងនោះ​រួមមាន​ការចម្រើនឡើង​នៃ​ពូជពង្ស សិទ្ធិ​នៃ​ការកាន់​បព្វជិតភាព និង​គ្រង​ដែនដី​ទុកជា​មរតក​រហូត​ដល់​អស់កល្ប​ជានិច្ច ( សូមមើល លោកុប្បត្តិ ១៣:១៤–១៧; អ័ប្រាហាំ ២:៨–១១ ) ។

សេចក្ដី​សញ្ញា​អ័ប្រាហាំ​ត្រូវបាន​ផ្ទេរ​ជាបន្ដបន្ទាប់​ទៅកាន់​កូនប្រុស​របស់​អ័ប្រាហាំ គឺ​អ៊ីសាក់ ( សូមមើល លោកុប្បត្តិ ២៦:១–៤ ) ហើយ​បន្ទាប់មក​ផ្ទេរ​មកដល់​កូនប្រុស​របស់​អ៊ីសាក់ គឺ​យ៉ាកុប ( សូមមើល លោកុប្បត្តិ ២៨:១, ១៣–១៤ ) ។ ព្រះអម្ចាស់​បានប្តូរ​ឈ្មោះ​របស់​យ៉ាកុប​ទៅជា​អ៊ីស្រាអែល ( សូមមើល លោកុប្បត្តិ ៣២:២៨ ) ជា​សញ្ញា​នៃ​សេចក្ដីសញ្ញា​ជាបន្តបន្ទាប់​របស់​ទ្រង់​ជាមួយនឹង​យ៉ាកុប និង​ពូជពង្ស​របស់​លោក ។ ព្រះ​បាន​ស្តារឡើងវិញ​នូវ​ការសន្យា​នៃ​សេចក្ដីសញ្ញា​អ័ប្រាហាំ​នៅក្នុង​ជំនាន់​របស់​យើង ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៨:១៧–២០; ៨៦:៨–១១; ១៣២:២៩–៣៣ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • តើ​វា​មាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក​ដើម្បី​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សេចក្ដីសញ្ញា​អ័ប្រាហាំ ? សូម​ពិចារណា​សេចក្ដី​ពិត​ទាំងនេះ ៖ អ្នក​បាន​ចុះ​សេចក្ដី​សញ្ញា​មួយ​ជាមួយ​នឹង​ព្រះ នៅពេល​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ។ អ្នក​រំឭក​សេចក្ដីសញ្ញា​នោះ និង​ចុះ​សេចក្ដី​សញ្ញា​ថ្មី​រៀងរាល់ពេល​ដែល​អ្នក​ទទួលទាន​សាក្រាម៉ង់ ។ តើ​អ្នក​អាច​ដាក់​ព្រះវិហារ​បរិសុទ្ធ​ជា​ចំណុច​កណ្ដាល​នៅក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀបណា ដើម្បី​អ្នក​អាច​ចូលរួម​កាន់តែ​ខ្លាំង​នៅក្នុង​ភាពពោរពេញ​នៃ​ដំណឹងល្អ ?

  • សូម​អាន អ័ប្រាហាំ ១:២​ហើយ​ពិចារណា​ពី​អ្វី​ដែល​អ្នក​រៀន​អំពី​ចរិតលក្ខណៈ​របស់​អ័ប្រាហាំ ។ តើ​វា​អាច​មាន​ន័យ​យ៉ាងណា​ដើម្បី​ក្លាយជា « អ្នក​ដើរតាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង » នៅក្នុង​ជំនាន់​របស់​យើង ? ហេតុអ្វី​បានជា​អ្នក​គិតថា​អ័ប្រាហាំ « ស្វែងរក​ពរជ័យ​ខាង​ពួកអយ្យកោ » ? តើ​អ្នក​បាន​ទទួល​ពរជ័យ​តាមរយៈ​សេចក្ដីសញ្ញា​អ័ប្រាហាំ​ដោយ​របៀបណា ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​ពរជ័យ​នៃ​សេចក្ដី​សញ្ញា​នេះ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​សិក្សា​គំរូ​ដ៏​ស្មោះត្រង់​នៃ​ការរស់នៅ​តាម​ដំណឹងល្អ​មកពី​អ័ប្រាហាំ និង​សារ៉ា និង​គ្រួសារ​ដ៏​សុចរិត​របស់​ពួកគេ ( ឧទាហរណ៍ អ្នក​អាច​អាន​វគ្គបទគម្ពីរ​មួយ​ចំនួន​ខាងក្រោម​នេះ​ជាមួយគ្នា ៖ លោកុប្បត្តិ ១៧:១–១៩; ១៨:១–១៩; ២២:១–១៨; ២៤; ៣២:១–២៨; ៣៣; ៤៦:១–៧; អេសាយ ៥១:១–៣; កាឡាទី ៣:២៧–២៩; នីហ្វៃ​ទី២ ៨:១–៣ ) ។ បន្ទាប់មក​សូម​អាន យ៉ូហាន ៨:៣៩ ។ រៀងៗខ្លួន​អ្នក​អាច​គូរ ឬ​ផាត់ព៌ណ​រូបភាព ឬ​សរសេរ​កំណាព្យ​ដោយ​បង្ហាញ​ការថ្លែងអំណរគុណ​របស់​អ្នក​ចំពោះ​ពរជ័យ​ដែល​បានមាន​ដល់​អ្នក ឬ​ដែល អាច មាន​មកពី​ការរក្សា​សេចក្ដីសញ្ញា​នៃ​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​ដូចដែល​អ័ប្រាហាំ និង​សារ៉ា​បាន​ធ្វើ ។ បន្ទាប់មក​អ្នក​អាច​ចែកចាយ​រូបភាព ឬ​កំណាព្យ​របស់​អ្នក​ជាមួយគ្នា ។

ស្វែង​យល់​បន្ថែម​ទៀត

  • ចោទិយកថា ៧:៦–៩; នីហ្វៃ​ទី២ ២៩:១៤; អ័ប្រាហាំ ២:៦–១២

  • រ័សុល អិម ណិលសុន « Covenants » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១១ ទំព័រ ៨៦–៨៩

  • « The Abrahamic Covenants » លីអាហូណា ខែកុម្ភៈ ឆ្នាំ២០២២ ទំព័រ ៤៧

  • « Abraham ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ

ផ្នែក​ទី ៣

អស់អ្នក​ទាំងឡាយ​ដែល​បានធ្វើ​បុណ្យ​ជ្រមុជ​ទឹក​បាន​ក្លាយ​ជា​កូនចៅ​នៃ​សេចក្តីសញ្ញា

សមាជិក​ច្រៀង​ទំនុកតម្កើង

អស់អ្នក​ទាំងឡាយ​ដែល​បាន​ធ្វើ​បុណ្យជ្រមុជទឹក​ចូល​ទៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ក្លាយ​ជា​កូនចៅ​របស់​អ័ប្រាហាំ ឬ « កូនចៅ​នៃ​សេចក្ដីសញ្ញា » ( សូមមើល នីហ្វៃ​ទី៣ ២០:២៥–២៦ ) ។ សមាជិក​សាសនាចក្រ​ទាំងនេះ​អាច​គ្រង​មរតក​នៃ​ការសន្យា​ដូចគ្នា​នឹង​ការសន្យា​ដែល​បាន​ធ្វើឡើង​ចំពោះ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ( អ៊ីស្រាអែល )​ផងដែរ នៅពេល​ពួកគេ​ស្វែងរក​ដើម្បី​ធ្វើ និង​រក្សា​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣២:២៩–៣២ ) ។

ពូជពង្ស​របស់​អ័ប្រាហាំ​មាន​ទំនួលខុសត្រូវ​ក្នុង​ការបម្រើ​ដល់​បុត្រាបុត្រី​របស់​ព្រះ​ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​អាច​រីករាយ​ជាមួយ​ពរជ័យ​នៃ​សេចក្ដី​សង្គ្រោះ និង​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ( សូមមើល អ័ប្រាហាំ ២:៩–១១ ) ។ នៅពេល​ណា​ដែល​យើង​ជួយ​ប្រមូលផ្តុំ​វង្ស​អ៊ីស្រាអែល​នៅ​ផ្នែកណា​មួយ​នៃ​វាំងនន យើង​ជួយ​បុគ្គល​ម្នាក់ៗ​ទទួល​បាន​ពរជ័យ​នៃ​សេចក្ដីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច និង​ជួយ​បំពេញ​ការសន្យា​ដែល​ព្រះ​បាន​ធ្វើ​ជាមួយនឹង​អ័ប្រាហាំ ( សូមមើល នីហ្វៃ​ទី១ ២២:៨–១២; នីហ្វៃ​ទី៣ ២០:២៩–៣១ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • នៅក្នុង ម៉ូសាយ ៥:១–៨ យើង​រៀន​ពីរបៀប​ដែល​ប្រជាជន​របស់​ស្តេច​បេនយ៉ាមីន​បាន​ទទួល​យក​ការបង្រៀន​របស់​ទ្រង់​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ តើ​ពួកគេ​មាន​ឆន្ទៈ​ដើម្បី​ធ្វើ​អ្វីខ្លះ​នៅពេល​នោះ ? តើ​ការក្លាយ​ជា​ម្នាក់​ក្នុង​ចំណោម « កូនចៅ​នៃ​ព្រះគ្រីស្ទ » មាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក ? តើ​ព្រះគ្រីស្ទ « បាន​បង្កើត​អ្នក​ខាង​វិញ្ញាណ » អាច​មាន​ន័យ​យ៉ាងណា? តើ​ដួងចិត្ដ​របស់​អ្នក​បាន « ផ្លាស់ប្ដូរ តាមរយៈ​សេចក្ដី​ជំនឿ​នៅលើ​ព្រះនាម​ទ្រង់ » ដោយ​របៀបណា ?

  • ប្រធាន អេមីលី ប៊ែល ហ្វ្រីមែន បាន​មាន​ប្រសាសន៍​អំពី​សារៈសំខាន់​នៃ​ការដើរ​ក្នុង​ទំនាក់ទំនង​សេចក្ដីសញ្ញា​ជាមួយនឹង​ព្រះគ្រីស្ទ និង​បាន​សង្ខេប​ការសន្យា​ដែល​ព្រះ​បាន​ធ្វើ​ជាមួយនឹង​យ៉ាកុប ៖ « បិតា​គង់​នៅ​ជាមួយ​បុត្រ ។ យើង​នឹង​ថែរក្សា​ឯង ។ យើង​នឹង​នាំ​ឯង​មក​ក្នុង​ស្រុក​នេះ​វិញ ។ យើង​នឹង​មិន​បង់​ចោល​ពួកអ្នក​ឡើយ ។ យើង​នឹង​សម្រេច​សេចក្តី​ដែល​យើង​បាន​សន្យា​ឯង » ។ បន្ទាប់មក​គាត់​បាន​ពន្យល់ថា ៖ « យ៉ាកុប​អាច​ជ្រើសយក​ជម្រើស​មួយ ។ លោក​អាច​ជ្រើសរើស​រស់នៅ​ក្នុង​ជីវិត​ដោយ​គ្រាន់តែ​ស្គាល់​ព្រះ​នៃ​ឪពុក​របស់​លោក​សាមញ្ញៗ ឬ​លោក​អាច​ជ្រើសរើស​រស់នៅ​ក្នុង​ជីវិត​មាន​ទំនាក់ទំនង​សេចក្ដីសញ្ញា​ដ៏មោះមុត​ជាមួយ​ទ្រង់ » ។ សូម​ពិចារណា​ថា​តើ​វា​មាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក​ក្នុង​ការរស់នៅ​ក្នុង​ជីវិត​ដែល​ប្ដេជ្ញា​នៅក្នុង​ទំនាក់ទំនង​សេចក្ដីសញ្ញា​ជាមួយនឹង​ព្រះគ្រីស្ទ ។ តើ​អ្នក​នឹង​មាន​ឆន្ទៈ​ក្នុង​ការ​ចាប់ផ្តើម​ធ្វើ ឬ​ឈប់​ធ្វើអ្វី​ខ្លះ​ដើម្បី​អ្នក​អាច​ពង្រឹង​ទំនាក់ទំនង​សេចក្ដីសញ្ញា​របស់​អ្នក​ជាមួយនឹង​ទ្រង់ ?

សកម្មភាព​សម្រាប់​ការរៀន​ជាមួយគ្នា

  • សូម​អាន ហេលេមិន ៥:១២ និង​ប្រសាសន៍​ទាំងនេះ​មកពី​បងប្រុស ជេន អ៊ី នូមែន ៖​« យើង​បង្រៀន​កូនៗ​យើង​ឲ្យ​ចង​ខ្លួន​ពួកគេ​ទៅ​នឹង [ ព្រះគ្រីស្ទ ] តាមរយៈ​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​នានា នៅពេល​ព្យុះ និង​ទឹកជំនន់​នៃ​ការប្រឆាំង​មកដល់ ដែល​វា​ប្រាកដជា​នឹង​មក​ដល់ នោះ​វា​នឹង​មាន​ឥទ្ធិពល​តែ​បន្តិច​បន្តួច​លើ​ពួកគេ « ពីព្រោះ​មក​ពី​សិលា​ដែល [ ពួកគេ ] បាន​សង់​នៅ​លើ​នោះ » ។ តើ​អ្វីខ្លះ​ទៅ​ដែលជា « ព្យុះ និង​ទឹកជំនន់​នៃ​ការប្រឆាំង » ដែល​អាច​រារាំង​ផ្លូវ​របស់​យើង ? សូម​ពិភាក្សា​អំពី​របៀប​ដែល​សេចក្ដីសញ្ញា​របស់​អ្នក​អាច​ជួយ​ការពារ​អ្នក និង​គ្រួសារ​របស់​អ្នក​ពី « ព្យុះ​ដ៏​ខ្លាំងកា្ល »​នៃ​មារសត្រូវ ។

  • សូម​អាន​សេចក្ដី​ថ្លែងការណ៍​នេះ​មកពី អែលឌើរ នែល អិល អាន់ឌើរសិន ៖ « យើង​គឺ​ជា ‹ កូនចៅ​នៃ​សេចក្ដី​សញ្ញា › យើង​រស់នៅ​ក្នុង​ជំនាន់​ដ៏រុងរឿង​មុនពេល​ការយាង​មក​វិញ​របស់​ព្រះអម្ចាស់ ដែល​វា​លាត​សន្ធឹង​ទៅ​ទូទាំង​ផែនដី នៅគ្រប់​ជាតិ​សាសន៍ និង​វប្បធម៌ នៅ​គ្រប់​ទ្វីប​ទាំងអស់ ហើយ​មាន​ចំនួន​រាប់​រយ​លាន កាល​យើង​រង់ចាំ​ការយាង​មកវិញ​ដ៏​រុងរឿង​របស់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្រ្គោះ​នៃ​យើង ។ ដោយ​ការបញ្ចាំង​ពន្លឺ​ដល់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង យើង​មាន​សតិសម្បជញ្ញៈ​ដើម្បី​រៀបចំ​សម្រួច​បំណង​ប្រាថ្នា គំនិត ជម្រើស និង​សកម្មភាព​របស់​យើង ។ ដោយ​ខិតខំ​ស្គាល់ និង​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​អស់ពី​ចិត្ត​របស់​យើង នោះ​យើង​ផ្ដាច់​ខ្លួន​យើង​ចេញពី​ពិភពលោក​នេះ​តាមរយៈ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ ដោយ​ការធ្វើ​ខុស​ប្លែកពី​គេ មិន​ទូទៅ​ដូច​គេ និង​ពិសេស នៅពេល​យើង​គោរព​តាម​ទ្រង់ និង​ការបង្រៀន​របស់​ទ្រង់ ដោយ​មិន​ឲ្យ​ខ្លួនយើង​ឯកោ​ពី​អ្នកដទៃ​ដែល​ជឿ​ខុសពី​យើង​នោះ​ទេ » ។ សូម​ពិភាក្សា​អំពី​របៀប​ដែល​យើង​អាច « [ ខិតខំ ] ដោយ​អស់ពីចិត្ត​ដើម្បី​ស្គាល់ និង​ស្រឡាញ់​ព្រះអង្គសង្រ្គោះ » និង​រក្សា​សេចក្ដីសញ្ញា​របស់​យើង​ជាមួយនឹង​ព្រះ ។

ស្វែង​យល់​បន្ថែម​ទៀត