បណ្ណាល័យ
ការមើលថែ​ដល់​អ្នក​ខ្វះខាត


« ការមើលថែ​ដល់​អ្នក​ខ្វះខាត » ប្រធានបទ និង សំណួរ ( ឆ្នាំ​២០២៣ )

យុវនារី​កំពុង​ជួយ​ស្ត្រី​ចំណាស់​ឆ្លង​ថ្នល់

មគ្គទេសក៍​សិក្សា​ដំណឹងល្អ

ការមើលថែ​ដល់​អ្នក​ខ្វះខាត

យើង​អាច​ធ្វើជា​ព្រះហស្ត​របស់​ព្រះ​ដើម្បី​ជួយ​អ្នកដទៃ

តើ​អ្នក​មាន​ធ្លាប់​គិត​អំពី​ការលំបាក និង​ការរងទុក្ខ​ទាំងអស់​របស់​មនុស្ស​នៅជុំវិញ​អ្នក ហើយ​ឆ្ងល់ថា « ខ្ញុំ​គ្រាន់តែ​ជា​មនុស្ស​ម្នាក់​ប៉ុណ្ណោះ តើ​ខ្ញុំ​អាច​ធ្វើអ្វី​ល្អ​បាន​ខ្លះ ? » អ្នក​ប្រហែល​គ្រាន់តែ​ជា​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​នៅតែ​អាច​ចូល​រួមចំណែក​ដ៏ធំ​នៅក្នុង​ការធ្វើ​រឿង​តូចតាច និង​សាមញ្ញ​ដើម្បី​ជួយ​ដល់​អ្នក​ដែល​ខ្វះខាត​បាន​ដែរ ។ ហើយ​អំពើល្អ​ជាច្រើន​ត្រូវបាន​សម្រេច​ជារៀងរាល់ថ្ងៃ នៅពេល​ដែល​មនុស្ស​ជាច្រើន​ជួយ​ពី​កន្លែង និង​របៀប​ដែល​ពួកគេ​អាច​ធ្វើបាន ។

អ្នក​អាច​មើលថែ​អ្នក​ដែល​ខ្វះខាត​នៅជុំវិញ​អ្នក ពេល​ដែល​អ្នក​ចែកចាយ​ពេលវេលា និង​ទេពកោសល្យ​របស់អ្នក និង « ចែករំលែក​នូវ​ទ្រព្យ​របស់​ខ្លួន ដល់​អ្នក​ទាល់​ក្រ … ស្រប​តាម​អ្វី​ដែល [ អ្នកមាន ] ដូចជា ឲ្យ​អាហារ​ដល់​អ្នក​អត់ឃ្លាន ឲ្យ​សំលៀកបំពាក់​ដល់​អ្នក​អាក្រាត [ និង ] ទៅ​មើល​អ្នក​ឈឺ ហើយ​ជួយ​គាំទ្រ​ដល់​គេ ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ស្រប​ទៅ​តាម​សេចក្ដី​ត្រូវការ​របស់​គេ » ( ម៉ូសាយ ៤:២៦ ) ។

តើ​ការមើលថែ​ដល់​អ្នក​ខ្វះខាត​ជាអ្វី ?

ការមើលថែ​ដល់​អ្នក​ខ្វះខាត​មាន​ន័យថា ការជួយ​អ្នកដទៃ​ខាង​សាច់ឈាម ខាង​វិញ្ញាណ និង​ខាង​អារម្មណ៍ ។ វា​រួមបញ្ចូល​ទាំង « ការបម្រើ និង​ការផ្តល់​ការងារ​បម្រើ​ដល់​បុគ្គល​ម្នាក់ៗ ក្រុមគ្រួសារ និង​សហគមន៍ ការចែកចាយ​ធនធាន​ទាំងឡាយ … ជាមួយ​អ្នក​ដែល​ខ្វះខាត [ និង ] ការជួយ​អ្នកដទៃ​ឲ្យ​ធ្វើ​ជាមនុស្ស​ដែល​មាន​ភាពខ្លួន​ទីពឹង​ខ្លួន » ។ ការមើលថែ​ចំពោះ​តម្រូវការ​ខាង​សាច់ឈាម​អាច​មាន​ន័យថា​បំពេញ​តម្រូវការ​ភ្លាមៗ ប៉ុន្តែ​វាក៏​អាច​មាន​ន័យថា ជួយ​មនុស្ស​ឲ្យ​កាន់តែ​មាន​ភាពខ្លួន​ទីពឹងខ្លួន ដើម្បី​ពួកគេ​អាច​បំពេញ​តម្រូវការ​របស់ពួកគេ​នាពេល​អនាគត ។ ការមើលថែ​ខាង​អារម្មណ៍ និង​ខាង​វិញ្ញាណ​រួមមាន​ការស្តាប់ ការយល់ចិត្ត និង​ការជួយ​អ្នកដទៃ​ឲ្យ​ទទួល​ស្គាល់ថា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់​ពួកគេ ។ ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ យើង​បាន​សន្យាថា​នឹង​បម្រើ និង​ជួយ​មើលថែ​មនុស្ស​នៅជុំវិញ​យើង ។

មគ្គទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ សេចក្ដី​សប្បុរស, ការតមអាហារ

ស្ត្រី​កំពុង​វេចខ្ចប់​ប្រអប់

ផ្នែកទី ១

ព្រះ​បញ្ជា​ឲ្យ​យើង​ស្រឡាញ់ និង​បម្រើ​អ្នកដទៃ

ព្រះ​ស្រឡាញ់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ហើយ​ទ្រង់​សព្វព្រះទ័យ​ចង់​ប្រទានពរ​ដល់​ពួកគេ ។ ជាញឹកញាប់ របៀប​ដែល​ព្រះ​ប្រទានពរ​ដល់​បុត្រាបុត្រី​របស់ទ្រង់ គឺ​តាមរយៈ​ការបម្រើ​ដែល​យើង​ផ្តល់​ដល់​អ្នកដទៃ ។ តាមពិត ព្រះបញ្ញត្តិ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ចំណោម​ព្រះបញ្ញត្តិ​ទាំងពីរ​របស់​ព្រះ គឺ​ត្រូវ​ស្រឡាញ់​អ្នក​ជិតខាង​ឲ្យ​ដូច​ខ្លួនឯង ( សូមមើល ម៉ាកុស ១២:២៨–៣៤ ) ។ របៀប​មួយ​ក្នុង​ចំណោម​របៀប​ទាំងឡាយ​ដែល​យើង​ធ្វើតាម​ព្រះបញ្ញត្តិ​នេះ​គឺ​ការ « បម្រើគ្នា​ទៅវិញ​ទៅមក … [ និង ]​ជួយ​ដល់​អស់​អ្នក​ណា ដែល​ត្រូវការ … ជំនួយ » ( ម៉ូសាយ ៤:១៥–១៦ ) ។

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ យើង​ចុះ​សេចក្តីសញ្ញា​ធ្វើ​ការលះបង់ និង​ឧទ្ទិសថ្វាយ​អ្វីៗ​ទាំងអស់​ដែល​យើង​មាន​ទៅដល់​ទ្រង់ ។ របៀប​មួយ​ដែល​យើង​ធ្វើ​បែបនោះ​គឺ​តាមរយៈ​ការផ្តល់​ពេលវេលា និង​ការខិតខំ​ប្រឹងប្រែង​របស់យើង​ដើម្បី​ជួយ​មនុស្ស​នៅជុំវិញ​យើង ។ នៅពេល​យើង​ធ្វើ​ដូច្នោះ នោះ​យើង​អាច​បង្កើត​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយនឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ហើយ​ក្លាយ​កាន់តែ​ដូចជា​ទ្រង់ទាំងទ្វេ ។

ការបម្រើ​មិនមែន​តែងតែ​ងាយស្រួល​ជានិច្ច​ឡើយ ។ ប៉ុន្តែ​យើង​អាច​នាំ​មក​នូវ​ការលួងលោម និង​សុភមង្គល​ដល់​អ្នក​ដទៃ ពេល​យើង​ស្រឡាញ់ និង​បម្រើ​ពួកគេ ។ ហើយ​ដោយ​ការបម្រើ​អ្នកដទៃ​យើង​អាច​ដក​ពិសោធន៍​នូវ​សេចក្តី​អំណរ​ដ៏​ពិត និង​គោលបំណង​ក្នុង​ការធ្វើ​អ្វីមួយ​ដែល​មាន​តម្លៃ​ពិតប្រាកដ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ប្រសិនបើ​អ្នក​ចង់​ជួយ​អ្នក​ដែល​ខ្វះខាត ប៉ុន្តែ​អ្នក​មិន​ប្រាកដថា ត្រូវធ្វើ​ដោយ​របៀបណា នោះ​សារលិខិត​របស់​អែលឌើរ ដេវីឌ អេ បែដណា « តាម​គន្លង​នៃ​ករណីយកិច្ច​របស់​ពួកគេ » អាច​ជួយ​បាន ។ អែលឌើរ បែដណា បាន​បង្រៀន ថា « បងប្អូន​ប្រុសស្រី​ដែល​ចេះ​សង្កេត … ស្វែងរក ហើយ​អង្គុយ​ក្បែរ​មនុស្ស​ឯកោ នៅ​ម្នាក់ឯង​ក្នុងការ​ប្រជុំ​នៅ​ព្រះវិហារ និង​នៅកន្លែង​ផ្សេងៗ​ជាច្រើន​ទៀត ។ ពួកគេ ខិតខំ​ឥតឈប់​ដើម្បី ‹ កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវ​ការកម្សាន្ដ​ទុក្ខ » [ ម៉ូសាយ ១៨:៩ ] ដោយ​មិន​រំពឹង​ចង់បាន​ការទទួល​ស្គាល់ ឬ​ការសរសើរ​អ្វីឡើយ » ។ អ្នក​អាច​ពិនិត្យ​មើល​សារលិខិត​របស់​លោក​ឡើងវិញ ហើយ​រកមើល​របៀប​តូចៗ និង​សាមញ្ញៗ​ដើម្បី​បម្រើ​នរណាម្នាក់​ដែល​ខ្វះខាត ។ សរសេរ​គំនិត​របស់អ្នក និង​ធ្វើ​សកម្មភាព​លើ​ចំណាប់អារម្មណ៍​ដែល​អ្នក​ទទួល​បាន ។

  • ព្យាការី យ៉ូសែប ស៊្មីធ បាន​ទូន្មានថា ៖ « មនុស្ស​ម្នាក់​ដែល​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ គឺ​មិន​ចង់​បាន​ពរជ័យ​សម្រាប់​តែ​គ្រួសារ​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចង់​ឲ្យ​ពរជ័យ​នោះ​មាន​ពេញ​ពិភពលោក​ទាំងមូល ហើយ​មាន​ចិត្ត​អន្ទះសា​ចង់​ផ្តល់​ពរ​ដល់​មនុស្ស​ជាតិ​ទាំងមូល » ។ ហេតុអ្វី​បាន​ជាអ្នក​គិតថា​មនុស្ស​ម្នាក់ ដែល​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​នឹង​ចង់​ផ្តល់​ពរ​ដល់​មនុស្ស​ជាតិ​ទាំងអស់ ? តើ​អ្នក​អាច​ចែកចាយ​សេចក្តី​ស្រឡាញ់​របស់ព្រះ​ជាមួយ​អ្នកដទៃ​បាន​ដោយ​របៀបណា ? តើ​ទង្វើ​នៃ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សប្បុរស​របស់អ្នក អាច​ជួយ​ផ្លាស់ប្តូរ​អ្នក​បាន​ដោយ​របៀបណា​ដែរ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​អាន លូកា ១០:២៥–៣៧ ជាមួយគ្នា ។ អ្នក​ក៏​អាច​មើល​វីដេអូ « Parable of the Good Samaritan » ( នាទីទី ៤:៥៥ ) ផងដែរ ។ ប្រសិនបើ​អ្នក​កំពុង​រៀន​ជាមួយ​កុមារ ពួកគេ​អាច​នឹង​រីករាយ​ក្នុង​ការសម្តែង​រឿង​ប្រៀបប្រដូច​នេះ ។ បន្ទាប់មក​អ្នក​អាច​និយាយ​អំពីរបៀប​ដែល​សាសន៍​សាម៉ារី​បាន​គោរពតាម​ព្រះបញ្ញត្តិ​ឲ្យ​ស្រឡាញ់​អ្នកជិតខាង​របស់គាត់ ។ អ្នក​ក៏​អាច​ពិភាក្សា​អំពី​ទង្វើ​របស់​សង្ឃ និង​ពួកសាសន៍​លេវី​ផងដែរ ។ តើ​ហេតុផល​អ្វីខ្លះ​ដែល​ពេលខ្លះ​យើង​មិន​បម្រើ​អ្នក​ដែល​ខ្វះខាត ? តើ​អ្នក​អាច​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំង​នោះ​បាន​យ៉ាង​ដូចម្ដេច ? អ្នក​អាច​ចែកចាយ​បទពិសោធន៍​ខ្លះៗ​ដល់​គ្នា​ទៅវិញ​ទៅមក​នៅ​ពេល​ដែល​អ្នក​បម្រើ​នរណា​ម្នាក់​ដែល​ខ្វះខាត—ឬ​នៅពេល​នរណា​ម្នាក់​បម្រើ​អ្នក—និង​ពី​អារម្មណ៍​របស់​អ្នក​នៅពេល​ដែល​ទទួល​បាន​ការបម្រើ ។ អ្នក​ម្នាក់ៗ​អាច​កំណត់​គោលដៅ​ដើម្បី​បម្រើ​នរណាម្នាក់​ជារៀងរាល់ថ្ងៃ​សម្រាប់​មួយ​សប្តាហ៍ ហើយ​បន្ទាប់មក​រាយការណ៍​អំពី​បទពិសោធន៍​របស់អ្នក ។

  • សូម​អាន ម៉ូសាយ ២:១៧ ហើយ​និយាយ​អំពីរបៀប​ដែល​អ្នក​កំពុង​បម្រើ​ព្រះ​នៅពេល​អ្នក​បម្រើ​អ្នកដទៃ ។ បន្ទាប់មក​អ្នក​អាច​មើល​វីដេអូ « Day of Service » ( នាទីទី ៥:០៨ ) ។ តើ​មនុស្ស​នៅក្នុង​វីដេអូ​នេះ​បានទទួល​ពរ​ដោយ​របៀបណា នៅពេល​ដែល​ពួកគេ​បាន​ធ្វើ​ការបម្រើ ? តើ​សហគមន៍​ទទួល​បាន​ពរ​ដោយ​របៀបណា ? ពិចារណា​ពីរបៀប​ដែល​អ្នក​អាច​ចូលរួម​ជាក្រុម​នៅក្នុង​ថ្ងៃ​នៃ​ការបម្រើ ។ អ្នក​អាច​រុករក​នៅលើ​គេហទំព័រ JustServe.org សម្រាប់​គំនិត​នានា ។

ស្វែង​យល់​បន្ថែម​ទៀត

បុរស​កំពុង​ជួយ​ស្ត្រី​កាន់​គ្រឿងទេស

ផ្នែកទី ២

យើង​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅពេល​ដែល​យើង​មើលថែ​ដល់់​អ្នក​ដែល​ខ្វះខាត

ព្រះយេស៊ូវគ្រីស្ទ​គឺជា​គំរូ​ដ៏អស្ចារ្យ​របស់​យើង​អំពី​ការបម្រើ និង​ការជួយ​ដល់​អ្នកដទៃ ទ្រង់​ពិតជា « បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ » ( កិច្ចការ ១០:៣៨ ) ។ ក្នុងនាមជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ យើង​ត្រូវបាន​អញ្ជើញឲ្យ​ជួយ​មើលថែ​មនុស្ស​ដែល​នៅជុំវិញ​យើង ( សូមមើល ម៉ូសាយ ១៨:៨–១០ ) ។

ក្នុងនាមជា​អ្នក​ដើរតាម​ព្រះគ្រីស្ទ យើង​ខិតខំ​មើល​ទៅ​អ្នកដទៃ​ដូច​ដែល​ព្រះអង្គសង្គ្រោះ​ទតមើល​ទៅ​ពួកគេ—ថា​មាន​តម្លៃ​ដ៏៏​អស្ចារ្យ និង​សក្តានុពល​ដ៏ទេវភាព ។ យើង​ជួយ​ពួកគេ​ជាមួយ​នឹង​តម្រូវការ​ខាង​សាច់ឈាម​, ខាង​វិញ្ញាណ និង​ខាង​សតិអារម្មណ៍ ។ ព្រះអង្គសង្គ្រោះ​បាន​ប្រទានឲ្យ​អាហារ​ដល់​អ្នក​ដែល​ស្រេកឃ្លាន និង​លួងលោម​ដល់​អ្នក​ដែល​កំពុង​ឈឺចាប់ ( សូមមើល ឧទាហរណ៍ ម៉ាថាយ ១៤:១៤–២១; លូកា ៧:១១–១៥ ) ។ យើង​អាច​ធ្វើ​យ៉ាង​ដូច្នោះ​បាន​ផងដែរ ។ ឧទាហរណ៍ ការណ៍​នោះ​អាច​មាន​ន័យថា ការនាំយក​អាហារ​ទៅឲ្យ​អ្នកជិតខាង​ដែល​ខ្វះខាត អង្គុយ និង​ស្តាប់​មិត្តភក្តិ​ដែល​បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ឬ​ជួយ​មើលថែ​នរណាម្នាក់​ដែល​មាន​ជំងឺ ។ យើង​បម្រើ​ដល់​អ្នកដទៃ ដោយ​គ្មាន​ការរំពឹងទុក​ថា​​នឹងទទួល​បាន​អ្វីមួយ​ត្រឡប់​មកវិញ​នោះទេ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • នៅក្នុង​សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ​២០១០ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​បង្រៀន​ថា « នៅពេល​ដែល​យើង​ធ្វើត្រាប់​តាម​គំរូ​ដ៏ល្អឥតខ្ចោះ​របស់ [ ព្រះយេស៊ូវគ្រីស្ទ ] ដៃ​របស់​យើង​អាច​ក្លាយជា​ព្រះហស្ត​របស់​ទ្រង់ ភ្នែក​របស់យើង ជា​ព្រះនេត្រ​របស់ទ្រង់ ដួងចិត្ដ​របស់យើង ជា​ដួងចិត្ដ​របស់ទ្រង់ » ។ តើ​វាមាន​ន័យ​យ៉ាងណា​ថា​ដៃ ភ្នែក និង​ដួងចិត្ដ​របស់អ្នក​នឹង​ទៅជា​ព្រះហស្ត ព្រះនេត្រ និង​ដួងចិត្ដ​របស់​ព្រះអង្គ​សង្គ្រោះ ? តើ​ការគិត​បែប​នេះ​ជះ​ឥទិ្ធពល​លើ​របៀប​ដែល​អ្នកបម្រើ​អ្នកដទៃ​យ៉ាងដូចម្តេច ? សូម​អាន យ៉ូហាន ទី១ ៣:១៧–១៩ ហើយ​ពិចារណា​ពីអ្វី​ដែល​បទគម្ពីរ​នេះ​បង្រៀន​អំពី​ការមើលថែ​អ្នក​ដែល​ខ្វះខាត ។ តើ​ខគម្ពីរ​ទាំងនេះ​បំផុសគំនិត​អ្នក​ឲ្យ​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅពេល​អ្នកបម្រើ​មនុស្ស​នៅជុំវិញ​អ្នក​ដោយ​របៀបណា ? អ្នក​អាច​គិតពី​នរណាម្នាក់​ដែល​ត្រូវការ​ជំនួយ ឬ​ការលើកទឹកចិត្ត ហើយ​ធ្វើទង្វើ​​នៃ​ការបម្រើ​សម្រាប់​បុគ្គល​នោះ​ដោយ​មិនឲ្យ​នរណា​ដឹង ។ ឬ​អ្នក​អាច​បម្រើ​នរណាម្នាក់​ដោយ​ការស្តាប់​ទុក្ខកង្វល់​របស់គាត់ ឬ​ដោយ​ការធ្វើជា​មិត្ត​ដ៏ពិត ។ បន្ទាប់មក​អ្នក​អាច​កត់ត្រា​គំនិត​របស់អ្នក​អំពី​បទពិសោធន៍​នោះ ។

  • អ្នក​អាច​អាន ឬ​ច្រៀង​ទំនុកតម្កើង​អំពី​ការជួយ​អ្នក​ដែល​ខ្វះខាត ដូចជា « ខ្ញុំនឹងដើរ​តាម​ព្រះអង្គ » ឬ « ព្រោះ​ខ្ញុំ​ត្រូវ​បាន​ផ្ដល់​ពរ​ច្រើន » ។ ពេល​ដែល​អ្នក​គិត​អំពី​ពាក្យ​នៃ​បទចម្រៀង​នេះ សូម​ពិចារណា​ពីរបៀប​ដែល​អ្នក​កំពុង​ធ្វើតាម​ព្រះអង្គសង្គ្រោះ​នៅពេល​អ្នក​បម្រើ​អ្នកដទៃ ។ តើ​អ្នក​បាន​ទទួល​ពរ​អ្វីខ្លះ ដែល​អ្នក​អាច​ចែកចាយ​ដើម្បី​លើកស្ទួយ​ដល់​មនុស្ស​ដែល​នៅជុំវិញ​អ្នក​តាម​របៀប​ដែល​ទ្រង់​បាន​ធ្វើ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • អែលឌើរ ហ្គើរីត ដបុលយូ ហ្គង បាន​បង្រៀន ៖ « យើង​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​យើង​ធ្វើការ ‹ … ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ › ដូច​ជាយើង​នឹង​ធ្វើ​ដាក់​ទ្រង់​ដែរ [ សូមមើល ម៉ាថាយ ២៥:៣៥–៤០ ] នៅពេល​យើង​ស្រឡាញ់​អ្នកជិតខាង​ដូចជា​ខ្លួន​យើង [ សូមមើល ម៉ាកុស ១២:៣១ ] នៅពេល​យើង ‹ ស្រឡាញ់​គ្នា ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា › [ យ៉ូហាន ១៣:៣៤ ] និង​នៅ​ពេល ‹ អ្នក​ណា​ក្នុង​ពួក​អ្នករាល់គ្នា ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នកបម្រើ​ដល់​អ្នករាល់​គ្នា​វិញ › [ ម៉ាថាយ ២០:២៦ ] » ។

    « ក្នុង​នាម​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ យើង​ខិតខំ​ព្យាយាម​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ ដូច​ដែល​ទ្រង់​ធ្វើ​ដោយសារ​មាន​ជីវិត​ជាច្រើន​កំពុង​រង់ចាំ​ការផ្លាស់ប្ដូរ » ។

    អ្នក​អាច​និយាយ​អំពី​របៀប​មួយចំនួន​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បម្រើ​អ្នកដទៃ ( សូមមើល ម៉ាថាយ ១៤:១៣–២១; ម៉ាកុស ២:១–១២; លូកា ១៧:១១–១៩; យ៉ូហាន ៩:១–៧; ១១:១–៤៤ ) ។ អ្នក​ក៏​អាច​រកមើល​រូបភាព​មួយចំនួន​នៃ​កំណត់ត្រា​ទាំងនេះ​នៅក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ ឬ​បណ្តុំ វីដេអូ និង រូបភាព » នៅលើ​បណ្ណាល័យ​ដំណឺងល្អ ។ ចែកចាយ​ជាមួយគ្នា​ទៅវិញ​ទៅមក​នូវអ្វី​ដែល​ធ្វើ​ឲ្យអ្នក​ចាប់អារម្មណ៍​អំពីរបៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​យកចិត្តទុកដាក់​ចំពោះ​អ្នក​ដែល​ខ្វះខាត ។ បន្ទាប់មក​អ្នក​អាច​ជ្រើសរើស​ដំណើររឿង​មួយ​អំពី​របៀប​នៃការបម្រើ​របស់​ព្រះអង្គសង្គ្រោះ​ដែល​អ្នក​ចង់​ធ្វើតាម ។ ពិចារណា​ពី​របៀប​ដែល​សកម្មភាព​របស់អ្នក​ពិត​ជា​អាច​ផ្តល់​ពរ​ « ជីវិត​កំពុង​រង់ចាំ​ការផ្លាស់ប្តូរ » ។

ស្វែង​យល់​បន្ថែម​ទៀត

ក្រុមជំនុំ​សាសនាចក្រ

ផ្នែក​ទី ៣

យើង​មើលថែ​អ្នកដទៃ​ពេល​ដែល​យើង​បម្រើ​នៅក្នុង​ការហៅ​ក្នុង​សាសនាចក្រ

ក្នុង​អំឡុង​ជីវិត​រមែងស្លាប់​របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទានឲ្យ​សិស្ស​របស់​ទ្រង់​នូវ​ទំនួលខុសត្រូវ​សំខាន់​ទាំងឡាយ ដើម្បី​ជួយ​សម្រេច​កិច្ចការ​របស់​ព្រះវរបិតា​របស់ទ្រង់ ( សូមមើល ឧទាហរណ៍ លូកា ១០:១–៩ ) ។ ព្រះអម្ចាស់​ក៏អញ្ជើញ​យើង​ឲ្យ​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ និង​ភាពតម្កើងឡើង​របស់​ព្រះ​នៅ​សព្វថ្ងៃនេះ​ដែរ ។ ឱកាស​បម្រើ​ទាំងនេះ​ត្រូវបាន​គេ​ស្គាល់​ថាជា​ការហៅ ។

ការហៅ គឺជា​ការទទួលខុសត្រូវ​មកពី​ព្រះអម្ចាស់​ទៅកាន់​បុត្រាបុត្រី​របស់ទ្រង់ ដែល​ផ្តល់ឲ្យ​ពួកគេ​នូវ​ឱកាស​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ​របស់ទ្រង់ និង​ខិត​កាន់តែ​ជិត​ទ្រង់ និង​សមាជិក​ផ្សេងទៀត ។ ការហៅ​ទាំងនេះ​ត្រូវបាន​ផ្តល់ឲ្យ​តាមរយៈ​ថ្នាក់ដឹកនាំ​សាសនាចក្រ ដែល​ស្វែងរក​ការបំផុសគំនិត​មកពី​ព្រះអម្ចាស់​មុនពេល​ផ្តល់​ការអញ្ជើញ​ឲ្យ​បម្រើ ។ រាល់​ការហៅ និង​ការចាត់តាំង​របស់​សាសនាចក្រ​គឺមាន​សារៈសំខាន់​ក្នុង​ការជួយ​សម្រេច​កិច្ចការ​របស់​ព្រះ និង​ការរៀបចំ​សម្រាប់​ការយាងមក​ជាលើកទីពីរ​របស់​ព្រះអង្គសង្រ្គោះ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​គិត​អំពី​ការហៅ ឬ​ទំនួលខុសត្រូវ​ដែល​អ្នក​ធ្លាប់​មាន​នៅក្នុង​សាសនាចក្រ​ពេល​អ្នក​អាន យ៉ូហាន ១៥:១៦ ។ បន្ទាប់មក​អាន​គំនិត​នេះ​ដោយ​ប្រធាន ហែនរី ប៊ី អាវរិង ថា ៖ « ព្រះអម្ចាស់​ស្គាល់​បងប្អូន ។ ទ្រង់​ស្គាល់​អ្នក​ដែល​ទ្រង់​ចង់​ឲ្យ​បម្រើ​នៅ​ក្នុង​គ្រប់​តួនាទី​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​បាន​រើស​បងប្អូន » ។ សូម​គិត​អំពី « ផលផ្លែ » ដែល​អ្នក​បាន​ឃើញ​ពី​ការបម្រើ​នៅក្នុង​ការហៅ ឬ​កិច្ចការ​របស់អ្នក ។ ហេតុអ្វី​បានជា​ព្រះអម្ចាស់​អាច​ជ្រើសរើស​អ្នក​សម្រាប់​ការហៅ​បច្ចុប្បន្ន​របស់អ្នក ? តើ​អ្នក​អាច​ធ្វើអ្វី​បាន​នៅក្នុង​ការហៅ​របស់អ្នក ដើម្បី​ឲ្យ​ការបម្រើ​របស់អ្នក​អាច​មាន​ឥទ្ធិពល​យូរអង្វែង​លើ​អ្នកដទៃ​ហើយ « ផល​របស់​អ្នក​រាល់គ្នា​នៅជាប់​ផង ? »

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • អ្នក​អាច​គូសដាន​ជើង​របស់​អ្នក​ពីរបី​ដង​ដើម្បី​ធ្វើជា​ដានជើង​សាមញ្ញ ហើយ​បន្ទាប់​មក​សរសេរ​នៅ​ក្នុង​ដានជើង​នីមួយៗ​នូវ​របៀប​មួយ​ដែល​យើង​អាច​ចូល​ទៅកាន់តែ​ជិត​ព្រះគ្រីស្ទ ពេល​យើង​បម្រើ​ក្នុង​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ និង​កិច្ច​ចាត់តាំង​របស់​យើង ។ បន្ទាប់មក​អ្នក​អាច​អាន​គំនិត​នេះ​ដោយ​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ជាមួយគ្នា ៖ « ប្រសិនបើ​យើង​មើល​ទៅ​ការហៅ​របស់យើង​ថាជា​ឱកាស​ដើម្បី​បម្រើ​ព្រះ និង​បម្រើ​ដល់​អ្នកដទៃ​ដោយ​សេចក្តី​ជំនឿ និង​ភាពទន់ភ្លន់ រាល់​ទង្វើ​នៃ​ការបម្រើ​នឹង​ក្លាយជា​ជំហាន​មួយ​នៅលើ​ផ្លូវ​នៃ​ភាព​ជាសិស្ស » ។ បន្ទាប់មក​អ្នក​អាច​ចែកចាយ​ជាមួយគ្នា​ទៅវិញ​ទៅមក​នូវអ្វី​ដែល​អ្នក​បាន​សរសេរ ។ ពិចារណា​ពីអ្វី​ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​បម្រើ​ដោយ​សេចក្តី​ជំនឿ និង​ភាពទន់ភ្លន់​បន្ថែម​ទៀត​នៅក្នុង​ការហៅ​របស់អ្នក ។ សូម​កត់ត្រា​ចំណាប់អារម្មណ៍​ដែល​មាន ហើយ​បន្ទាប់មក​ធ្វើ​សកម្មភាព​លើ​ចំណាប់​អារម្មណ៍​ទាំងនោះ ។

ស្វែង​យល់​បន្ថែម​ទៀត

ធនធាន​ផ្សេងទៀត​អំពី​ការមើលថែ​អ្នក​ដែល​ខ្វះខាត

កំណត់​ចំណាំ

  1. ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ, ១.២.២ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  2. ដេវីឌ អេ បែដណា « តាម​គន្លង​នៃ​ករណីយកិច្ច​របស់​ពួកគេ » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ទំព័រ ៧ ។

  3. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ​២០១១ ) ទំព័រ ៤២៦ ។

  4. វិធី​មួយ​ដែល​យើង​អាច​ជួយ​បំពេញ​តម្រូវការ​ខាង​សាច់ឈាម​គឺ​តាមរយៈ​ការបង់ ដង្វាយ​តម​អាហារ ។

  5. សមាជិក​សាសនាចក្រ​ពេញវ័យ និង​យុវវ័យ​ដែល​មាន​អាយុ ១៤ ឆ្នាំ​ឡើងទៅ អាច​ធ្វើការងារបម្រើជា​បងប្អូន​ប្រុស ឬ​បងប្អូនស្រី ដល់​នរណាម្នាក់​ផ្សេងទៀត​បាន ។ តាម​របៀប​នេះ សមាជិក​ម្នាក់ៗ​អាច​ជួយ​មើលថែ និង​រាប់អានគ្នា ប៉ុន្តែ​ក៏​ត្រូវ​ទទួល​បាន​ការមើលថែ និង​ការរាប់អានគ្នា​ចំពោះ ខ្លួនឯង​ផងដែរ ។ សូមមើល ជំពូកទី ២១ នៃ ក្បួនខ្នាត​ទូទៅ សម្រាប់​ព័ត៌មាន​បន្ថែម ។

  6. ឌៀថើរ អេហ្វ អុជដូហ្វ « You Are My Hands » Liahona ខែ​ឧសភា ឆ្នាំ​២០១០ ទំព័រ ៦៨ ។

  7. « ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ » ទំនុក​តម្កើង ល.រ ១៣៥ ។

  8. « ព្រោះ​ខ្ញុំ​ត្រូវ​បាន​ផ្ដល់​ពរ​ច្រើន » ទំនុក​តម្កើង ល.រ. ១៣៤ ។

  9. ហ្គើរីត ដបុលយូ ហ្គង « ការងារ​បម្រើ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៣ ទំព័រ ១៨–១៩ ទំព័រ ១៦ ។

  10. សូមមើល ក្បួនខ្នាត​ទូទៅ, ៣០.០ ។

  11. សូមមើល ក្បួនខ្នាត​ទូទៅ, ១.២ ។

  12. ហែនរី ប៊ី អាវរិង « Rise to Your Call » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០២ ទំព័រ ៧៦ ។

  13. ឌៀថើរ អេហ្វ អុជដុហ្វ « The Greatest among You » Liahona ខែ​ឧសភា ឆ្នាំ​២០១៧ ទំព័រ ៨០ ។