« ការតមអាហារ » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )
មគ្គទេសក៍សិក្សាដំណឹងល្អ
ការតមអាហារ
ការខិតកាន់តែជិតព្រះ និងការជួយអ្នកដែលខ្វះខាត
ការមិនទទួលបានសារធាតុចិញ្ចឹមស្ដាប់ទៅហាក់ដូចជាការបង្អត់អាហារ ហើយការណ៍នោះអាចជាការពិត ។ ប៉ុន្ដែពេលយើងមិនបរិភោគអាហារ និងភេសជ្ជៈដោយសារតែការគោរពប្រតិបត្ដិតាមច្បាប់នៃការតមអាហារ នោះយើងមិនគ្រាន់តែបង្អត់អាហារនោះទេ គឺយើងកំពុងតែរក្សាបទបញ្ញត្ដិមួយក្នុងចំណោមបទបញ្ញត្ដិផ្សេងទៀតរបស់ព្រះ ដែលជួយយើងខិតកាន់តែជិតទ្រង់ខាងវិញ្ញាណ ។
តាមរយៈការតមអាហារ និងការអធិស្ឋាន យើងលះបង់ចោលរបស់មួយចំនួនដែលយើងពឹងផ្អែកលើខាងរូបកាយ ហើយជ្រើសរើសដើម្បីពឹងផ្អែកលើព្រះជំនួសវិញ ។ យើងថ្វាយបង្គំទ្រង់ និងស្វែងរកពរជ័យនៃការលួងលោម ការណែនាំ និងកម្លាំងរបស់ទ្រង់ ។ យើងក៏តមអាហារ និងអធិស្ឋានសម្រាប់មនុស្សដទៃផងដែរ នៅពេលដែលពួកគេឈឺ ឬត្រូវការពរជ័យជាក់លាក់ណាមួយ ។ ពេលយើងទទួលយកការអញ្ជើញរបស់ព្រះអម្ចាស់ឲ្យតមអាហារ យើងកាន់តែមានចិត្ដអាណិតអាសូរ កាន់តែមានសេចក្ដីស្រឡាញ់ កាន់តែបន្ទាបខ្លួន និងកាន់តែមានឆន្ទៈដើម្បីបម្រើ—និងកាន់តែដូចព្រះយេស៊ូវគ្រីស្ទ ។
តើការតមអាហារគឺជាអ្វី ?
ជាធម្មតាការតមអាហាររួមមាន « ការអធិស្ឋាន មិនទទួលទានអាហារ និងទឹកសម្រាប់រយៈពេល ២៤ ម៉ោង ( ប្រសិនបើមានសុខភាពល្អ ) និងផ្តល់ដង្វាយតមអាហារដោយសប្បុរស » ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានអញ្ជើញឲ្យតមអាហារយ៉ាងហោចណាស់ម្តងក្នុងមួយខែ ហើយស្ម័គ្រចិត្តរួមចំណែកចំនួនប្រាក់ដែលពួកគេនឹងចំណាយលើអាហារក្នុងអំឡុងពេលតមអាហាររបស់ពួកគេ ដើម្បីជួយអ្នកដទៃដែលខ្វះខាត ។ ការតមអាហារអាចធ្វើឡើងជាបុគ្គល និងជាក្រុមបាន ។ ការតមអាហារគឺលើសពី « ការគ្រាន់តែបង្អត់អាហារ »—វាជារបៀបមួយដើម្បី « លើកស្ទួយដួងចិត្ដរបស់យើង គំនិតរបស់យើង និងសំឡេងរបស់យើងនៅក្នុងការទំនាក់ទំនងជាមួយនឹងព្រះវរបិតាសួគ៌របស់យើង » និងស្វែងរកឆន្ទៈរបស់ទ្រង់ និងពរជ័យរបស់ទ្រង់ ។
ទិដ្ឋភាពទូទៅនៃប្រធានបទ ៖ ការតមអាហារ
មគ្គទេសក៍សិក្សាដំណឹងល្អដែលជាប់ទាក់ទង ៖ ការអធិស្ឋាន វិវរណៈ ការថែទាំដល់អ្នកដែលខ្វះខាត
ផ្នែកទី ១
ព្រះបានបង្កើតច្បាប់នៃការតមអាហារ និងការថ្វាយដង្វាយតមអាហារដើម្បីប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់
រាស្ដ្ររបស់ព្រះបានរស់នៅតាមច្បាប់នៃការតមអាហារកាលពីបុរាណ ( សូមមើល និក្ខមនំ ៣៤:២៨; នាងអេសធើរ ៤:១៦; ម៉ាថាយ ៦:១៦–១៨; អាលម៉ា ៤៥:១ ) ។ ព្រះអម្ចាស់ក៏បានណែនាំច្បាប់នេះឡើងវិញនៅក្នុងសម័យរបស់យើងផងដែរ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៧៦ ) ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយតមអាហារដោយការអត់អាហារ និងទឹករយៈពេល ២៤ ម៉ោង ប្រសិនបើពួកគេមានសុខភាពល្អ ។ អស់អ្នកដែលមិនអាចតមអាហារ និងភេសជ្ជៈបានក្នុងរយៈពេល ២៤ ម៉ោងអាចសម្រេចចិត្តថាត្រូវតមពីអ្វីដែលវាសមរម្យដើម្បីជួយពួកគេចងចាំព្រះយេស៊ូវគ្រីស្ទ ។
សមាជិកសាសនាចក្រតែងតែតមអាហារជាមួយគ្នា ជាទូទៅនៅថ្ងៃឈប់សម្រាកដើមខែនៃខែនីមួយៗ ។ ពួកគេក៏ស្ម័គ្រចិត្តបរិច្ចាគថវិកា ដែលហៅថាដង្វាយតមអាហារ យ៉ាងហោចណាស់ស្មើនឹងតម្លៃនៃអាហារដែលពួកគេមិនបរិភោគក្នុងអំឡុងការតមអាហាររបស់ពួកគេ ។ ការបរិច្ចាគរបស់ពួកគេជួយផ្តល់អាហារ លំនៅដ្ឋាន សម្លៀកបំពាក់ និងសម្ភារៈចាំបាច់ផ្សេងទៀតសម្រាប់អ្នកដែលខ្វះខាត ។ ការតមអាហារក៏នាំមកនូវពរជ័យខាងវិញ្ញាណផងដែរ ។ ប្រធាន ដាល្លិន អេក អូក បានបង្រៀន « ការតមអាហាររបស់យើងដើម្បីជួយអ្នកស្រេកឃ្លាន គឺជាទង្វើសប្បុរសមួយ ហើយនៅពេលធ្វើឡើងដោយចេតនាបរិសុទ្ធ គឺជាអាហារខាងវិញ្ញាណ » ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ចាប់តាំងពីបុរាណកាលមក ច្បាប់នៃការតមអាហារបានប្រទានពរដល់បុត្រាបុត្រីរបស់ព្រះ ។ សូមអាន អេសាយ ៥៨:៦–១១ ដើម្បីស្វែងយល់អំពីពរជ័យមួយចំនួនទាំងនេះ ។ បន្ទាប់មកសូមអាន ម៉ាថាយ ២៥:៣៥–៤០ ។ តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះ អំពីសារៈសំខាន់នៃការតមអាហារ និងការថែទាំដល់អ្នកដែលខ្វះខាត ? ប្រហែលជាអ្នកអាចពិចារណាខគម្ពីរទាំងនេះប្រកបដោយការអធិស្ឋាននៅពេលក្រោយ កាលអ្នកតមអាហារ ឬធ្វើការថ្វាយដង្វាយតមអាហារ ។ តើការផ្តោតលើព្រះយេស៊ូវគ្រីស្ទធ្វើឲ្យបទពិសោធន៍របស់អ្នកជាមួយនឹងច្បាប់នៃការតមអាហារកាន់តែមានអត្ថន័យយ៉ាងដូចម្ដេច ?
-
នៅក្នុងសាសនាចក្រ ការតមអាហារ និងការប្រជុំថ្លែងទីបន្ទាល់គឺធ្វើឡើងជារៀងរាល់ខែ ។ សូមអាន អាលម៉ា ៥:៤៥–៤៨ ដើម្បីស្វែងយល់អំពីរបៀបដែលការតមអាហារអាចពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។ ប្រហែលជាអ្នកអាចពិនិត្យឡើងវិញនូវខគម្ពីរទាំងនេះមុនពេលអ្នកចូលរួមការតមអាហារ និងការប្រជុំថ្លែងទីបន្ទាល់លើកក្រោយ ។ តើការថ្លែងទីបន្ទាល់របស់អ្នកអំពីអ្វីដែលអ្នកដឹង ជឿ និងមានអារម្មណ៍អំពីព្រះយេស៊ូវគ្រីស្ទ នាំមកនូវគោលបំណងបន្ថែមទៀតដល់ការតមអាហាររបស់អ្នកដោយរបៀបណា ? តើវាអាចជួយអ្នកដទៃទៀតដែលកំពុងតែតមអាហារបានយ៉ាងដូចម្តេច ? អ្នកក៏អាចកត់ត្រានូវការបំផុសគំនិតខាងវិញ្ញាណដែលអ្នកទទួលបាន ពេលអ្នកស្ដាប់ទីបន្ទាល់របស់អ្នកដទៃ ហើយបន្ទាប់មកធ្វើតាមការបំផុសគំនិតទាំងនោះ ។
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ការតមអាហារគឺជាអភ័យឯកសិទ្ធិដ៏ពិសិដ្ឋដែលនាំមកនូវអព្ភូតហេតុ ។ សូមមើលវីដេអូ « Fast Offerings: Are We Not All Beggars » ( នាទី ២:៣១ ) ហើយបន្ទាប់មកនិយាយអំពីរបៀបដែលច្បាប់នៃការតមអាហារជួយយើងថែទាំ និងស្រឡាញ់អ្នកដទៃដូចព្រះយេស៊ូវនឹងធ្វើ ។ អ្នកក៏អាចអាន ឬច្រៀងទំនុកតម្កើង « ព្រោះខ្ញុំត្រូវបានផ្ដល់ពរច្រើន » ជាមួយគ្នាផងដែរ ។ និយាយអំពីរបៀបដែលព្រះអម្ចាស់បានមានព្រះទ័យសប្បុរសចំពោះអ្នកពេលអ្នករស់នៅតាមច្បាប់នៃការតមអាហារ ។ សូមធ្វើបញ្ជី ឬគូររូបភាពនៃអព្ភូតហេតុដែលអ្នកបានដកពិសោធន៍ និងពិភាក្សាអំពីរបៀបដែលអព្ភូតហេតុទាំងនោះប្រទានពរដល់ជីវិតរបស់អ្នក ។
-
ប្រធាន ហែនរី ប៊ី អាវរិង បានបង្រៀន ៖ « ដង្វាយតមអាហាររបស់អ្នកនឹងមានអានុភាពលើសពីការផ្ដល់ជាអាហារ និងសំលៀកបំពាក់ដល់រូបកាយទៅទៀត ។ វានឹងជួយព្យាបាល និងផ្លាស់ប្ដូរដួងចិត្ត » ។ សូមមើលសារលិខិតរបស់ប្រធាន អាវរិង ឡើងវិញជាមួយគ្នា « តើពុំមែនជាការតមអត់យ៉ាងនេះវិញ ដែលយើងពេញចិត្ដទេឬអី ? » ។ បន្ទាប់មកអ្នកអាចចែកចាយពីរបៀបដែលការផ្តល់ ឬការទទួលដង្វាយតមអាហារបានព្យាបាល និងផ្លាស់ប្តូរដួងចិត្ដរបស់អ្នក ។ តើបទពិសោធន៍ទាំងនេះបានបង្កើនសេចក្តីស្រឡាញ់របស់អ្នកចំពោះបុត្រាបុត្រីរបស់ព្រះយ៉ាងដូចម្តេច ? តើបទពិសោធន៍ទាំងនោះបានជួយអ្នកឲ្យមានអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះអ្នកយ៉ាងដូចម្តេច ?
ស្វែងយល់បន្ថែមទៀត
-
ឌីន អិម ដេវីស « The Law of the Fast: A Personal Responsibility to Care for the Poor and Needy » Liahona ខែវិច្ឆិកា ឆ្នាំ២០១៤ ទំព័រ ៥៣–៥៥
-
ខាល ប៊ី ប្រាត « The Blessings of a Proper Fast » Liahona ខែវិច្ឆិកា ឆ្នាំ២០០៤ ទំព័រ ៤៧–៤៩
-
Church History Topics « Fasting » នៅលើបណ្ណាល័យដំណឹងល្អ
ផ្នែកទី ២
ការតមអាហារ និងការអធិស្ឋានជួយរៀបចំយើងសម្រាប់ពរជ័យរបស់ព្រះ
ពួកបរិសុទ្ធថ្ងៃចុងក្រោយតមអាហារសម្រាប់ហេតុផលជាច្រើន ។ ការតមអាហារគឺជារបៀបមួយដើម្បីជួយអ្នកដទៃ ថ្វាយបង្គំព្រះ និងបង្ហាញការដឹងគុណចំពោះទ្រង់ ( សូមមើល អាលម៉ា ៤៥:១ ) ។ យើងក៏អាចតមអាហារដើម្បីស្វែងរកវិវរណៈផ្ទាល់ខ្លួនមកពីព្រះ ឬសូមទ្រង់ឲ្យប្រទានពរដល់អ្នកឈឺ និងអ្នករងទុក្ខ ( សូមមើល ទំនុកដំកើង ៣៥:១៣; អាលម៉ា ៥:៤៦ ) ។ តាមរយៈការតមអាហារ យើងអាចទទួលបានកម្លាំងដើម្បីទប់ទល់នឹងការល្បួង និងទទួលបានការលួងលោមក្នុងអំឡុងពេលសាកល្បង ( សូមមើល ម៉ាថាយ ៤:២–៤; អាលម៉ា ៣០:១–២ ) ។ លើសពីនេះទៀត ការតមអាហារជួយយើងឲ្យកាន់តែបន្ទាបខ្លួន ដោយវារំឭកយើងអំពីការពឹងផ្អែករបស់យើងទាំងស្រុងទៅលើព្រះ ( សូមមើល ទំនុកដំកើង ៣៥:១៣ ) ។
ការតមអាហារ និងការអធិស្ឋានត្រូវធ្វើរួមគ្នា ។ ការតមអាហារអាចបន្ថែមធាតុនៃភាពស្មោះសរ និងការតាំងចិត្ដចំពោះការអធិស្ឋានរបស់យើង ហើយការអធិស្ឋានលើកកម្ពស់ការតមអាហាររបស់យើងឲ្យលើសពីការគ្រាន់តែអត់អាហារ ឲ្យក្លាយទៅជាការមានការទំនាក់ទំនងដ៏ពិតជាមួយនឹងព្រះ ។ រួមគ្នា ការតមអាហារ និងការអធិស្ឋានមានឥទ្ធិពលដ៏ខ្លាំងកា្លលើការបន្ទាបខ្លួន និងសេចក្តីជំនឿរបស់យើងលើព្រះគ្រីស្ទ ( សូមមើល ហេលេមិន ៣:៣៥ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ពេលខ្លះការតមអាហារអាចជាការលំបាក ប៉ុន្ដែវាក៏នាំមកនូវពរជ័យខាងវិញ្ញាណដ៏ច្រើនផងដែរ ។ សូមអាន ម៉ាថាយ ៤:១–៤ រួមទាំងការបកប្រែរបស់ យ៉ូសែប ស្ម៊ីធ នៅ ខទី ១ និង ២ សម្រាប់ឧទាហរណ៍នៅពេលដែលព្រះយេស៊ូវគ្រីស្ទបានតមអាហារ ។ ហេតុអ្វីបានជាវាសំខាន់សម្រាប់ព្រះយេស៊ូវដើម្បីនៅជាមួយនឹងព្រះនៅពេលនេះ ? ចូរពិចារណាពីរបៀបដែលការតមអាហារ និងការអធិស្ឋានអាចជួយអ្នកឲ្យខិតកាន់តែជិតព្រះ ។ តើអ្នកអាចធ្វើឲ្យការអធិស្ឋានក្លាយជាផ្នែកមួយនៃចេតនាកាន់តែខ្លាំង នៃការតមអាហាររបស់អ្នកដោយរបៀបណា ? សូមធ្វើសកម្មភាពតាមការបំផុសគំនិតដែលអ្នកទទួលបាន ។
-
ការតមអាហារ និងការអធិស្ឋានអាចជួយអ្នកក្លាយជាឧបករណ៍ក្នុងព្រះហស្ដរបស់ព្រះ ។ សូមអាន អាលម៉ា ១៧:១–៣, ៩ ។ តើពរជ័យខាងវិញ្ញាណអ្វីខ្លះ បានកើតមានដល់កូនប្រុសរបស់ម៉ូសាយចេញពីការតមអាហារ និងការអធិស្ឋានដែលបានជួយពួកគេធ្វើកិច្ចការរបស់ព្រះអម្ចាស់ ? តើអ្នកអាចរៀនអ្វីខ្លះ ចេញពីគំរូរបស់ពួកគេនៅពេលដែលអ្នកបម្រើដល់បុត្រាបុត្រីរបស់ព្រះ បំពេញការហៅរបស់អ្នក និងចែកចាយដំណឹងល្អ ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
នៅក្នុងសុន្ទរកថារបស់លោក « ព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ សេចក្ដីជំនឿលើទ្រង់់នឹងរើភ្នំចេញ » ប្រធាន រ័សុល អិម ណិលសុន បានចែកចាយដំណើររឿងរបស់ពួកបរិសុទ្ធនៅសាម័រ ហ្វីជី តាហ៊ីទី និងតុងហ្គា ដែលបានតមអាហារ និងអធិស្ឋានទូលសុំអព្ភូតហេតុ ។ សូមអានដំណើររឿងនេះ ហើយបន្ទាប់មកនិយាយអំពីភ្នំ ឬបញ្ហាប្រឈមនានា នៅក្នុងជីវិតរបស់អ្នកផ្ទាល់ ( សូមមើល ម៉ាថាយ ១៧:១៤–២១ ) ។ តើអ្នករៀនអ្វីខ្លះមកពីប្រសាសន៍របស់ប្រធាន ណិលសុន អំពីរបៀបដែលការតមអាហារ និងការអធិស្ឋានអាចនាំយកអំណាចរបស់ព្រះអម្ចាស់ចូលមកក្នុងជីវិតរបស់អ្នក ? អ្នកអាចពិភាក្សាអំពីគំនិតរបស់អ្នក បន្ទាប់ពីមើលរូបភាពភ្នំ ឬទៅឡើងភ្នំជាមួយគ្នា ។ អ្នកក៏អាចនិយាយអំពីពរជ័យ និងឱកាសដែលអ្នកបានទទួលពេលអ្នកបានតមអាហារ និងអធិស្ឋានដោយសេចក្ដីជំនឿ ។
-
ការតមអាហារជាធម្មតាមានន័យថាមិនបរិភោគ ឬផឹក ប៉ុន្តែយើងក៏អាចចូលរួមក្នុងការតមប្រភេទផ្សេងៗគ្នាផងដែរ ។ នៅក្នុងសម័យប្រជុំរបស់ស្ត្រីនៃសន្និសីទទូទៅខែតុលា ឆ្នាំ២០១៨ ប្រធាន ណិលសុន បានទូន្មាន ៖ « ខ្ញុំសូមអញ្ជើញបងប្អូនឲ្យចូលរួមនៅក្នុងការតមប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម និងពីប្រព័ន្ធផ្សព្វផ្សាយនានាដែលនាំមកនូវគំនិតអវិជ្ជមាន និងមិនបរិសុទ្ធដល់បងប្អូនចំនួនដប់ថ្ងៃ ។ សូមអធិស្ឋានដើម្បីដឹងថា ត្រូវដកឥទ្ធិពលណាមួយអំឡុងពេលតមនោះ ។ ឥទ្ធិពលនៃការតមដប់ថ្ងៃរបស់បងប្អូនប្រហែលជានឹងធ្វើឲ្យបងប្អូនភ្ញាក់ផ្អើល ។ តើបងប្អូនកត់ចំណាំឃើញអ្វីខ្លះ បន្ទាប់ពីឈប់សម្រាកមួយរយៈចេញពីទស្សនៈរបស់លោកិយដែលធ្វើឲ្យវិញ្ញាណរបស់បងប្អូនរងរបួស ? តើមានការផ្លាស់ប្ដូរមួយដែល ឥឡូវនេះ បងប្អូនចង់ចំណាយពេល និងកម្លាំងរបស់បងប្អូនដែរឬទេ ? តើមានអាទិភាពណាមួយរបស់បងប្អូនបានផ្លាស់ប្ដូរដែរឬទេ—សូម្បីតែបន្តិចក្ដី ? ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យកត់ត្រា ហើយធ្វើតាមចំណាប់អារម្មណ៍នីមួយៗ » ។ ជាក្រុម សូមនិយាយអំពីកិច្ចការមួយចំនួនដែលអ្នកអាចតមពីការធ្វើវា ជាកិច្ចការដែលរារាំងអ្នកពីការខិតទៅជិតព្រះ ។ បន្ទាប់មកទទួលយកការអញ្ជើញរបស់ប្រធាន ណិលសុន ។ បន្ទាប់ពីការតមអាហាររបស់អ្នក ចូរពិភាក្សាអំពីរបៀបដែលការអធិស្ឋានបានដឹកនាំបទពិសោធន៍របស់អ្នក និងរបៀបដែលអ្នកត្រូវបានប្រទានពរសម្រាប់ការតមតាមរបៀបនេះ ។
ស្វែងយល់បន្ថែមទៀត
-
នេហេមា ១; កិច្ចការ ១០:៣០–៣៣; ១៣:៣; ម៉ូសាយ ២៧:២២; អាលម៉ា ១៧:៣; នីហ្វៃទី៣ ២៧:១–២; គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:១៣–១៤
-
ជេមស៍ ប៊ី ម៉ាទីណូ « Turn to Him and Answers Will Come » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥, ទំព័រ ៥៨–៦០
-
« The Hope of God’s Light » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ