« សេចក្ដីសង្ឃឹម » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អ
សេចក្តីសង្ឃឹម
មានទំនុកចិត្តថាការសន្យាដ៏អស់កល្បជានិច្ចនឹងត្រូវបានបំពេញតាមរយៈព្រះយេស៊ូវគ្រីស្ទ
ជារឿយៗជីវិតមាននូវកាលៈទេសៈដែលមិនបានរំពឹងទុក និងពិបាក ដែលបណ្ដាលឲ្យយើងមានអារម្មណ៍បាក់ទឹកចិត្ដ លើសលប់ និងចុះចាញ់ ។ ក្នុងអំឡុងពេលបែបនេះ ព្រះវរបិតាសួគ៌មិនទុកឲ្យយើងរងគ្រោះ និងនៅតែឯងឡើយ ។ ទ្រង់ប្រទាននូវធនធានខាងវិញ្ញាណជាច្រើន—រួមទាំងអំណោយទាននៃសេចក្តីសង្ឃឹម—ដែលជួយយើងស្វែងរកកម្លាំង ភាពក្លាហាន និងការរំពឹងទុកនូវអំណរដែលនឹងមកដល់នាពេលអនាគត ( សូមមើល មរ៉ូណៃ ៩:២៥ ) ។
ចំពោះអស់អ្នកដែលរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ សេចក្តីសង្ឃឹមនាំមកនូវការធានាថាព្រះទ្រង់ជា្របដឹងពីយើង ហើយនឹងបំពេញពរជ័យដែលបានសន្យារបស់ទ្រង់ស្របទៅតាមព្រះឆន្ទៈ និងពេលវេលារបស់ទ្រង់ ។ អំណោយទាននៃសេចក្ដីសង្ឃឹមមកពីព្រះជួយយើងឲ្យមើលឃើញបទពិសោធន៍នៃជីវិតរមែងស្លាប់តាមរយៈទស្សនៈដ៏អស់កល្បជានិច្ច ជាពិសេសនៅក្នុងគ្រាដែលសេចក្តីជំនឿរបស់យើងត្រូវបានសាកល្បង ( សូមមើល យេរេមា ១៧:៧ ) ។ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះនៃសេចក្តីសង្ឃឹម, ហើយទ្រង់ប្រទានឲ្យយើងគ្រប់គ្នាបាននូវសេចក្ដីសង្ឃឹមជាបរិបូរ ( សូមមើល រ៉ូម ១៥:១៣ ) ។ សេចក្តីសង្ឃឹមមកពីការមានសេចក្ដីជំនឿលើសេចក្តីស្រឡាញ់របស់ព្រះអង្គសង្រ្គោះរបស់យើង និងនៅលើព្រះចេស្តារបស់ទ្រង់ដើម្បីរំដោះ និងជួយសង្គ្រោះអស់អ្នកដែលមករកទ្រង់ ។
តើសេចក្ដីសង្ឃឹមគឺជាអ្វី ?
សេចក្តីសង្ឃឹម គឺជាអំណោយទានដ៏ទេវភាពមួយដែលកើតមានឡើង នៅពេលដែលមនុស្សម្នាក់អនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ( សូមមើល មរ៉ូណៃ ៧:៤០–៤១ ) ។ វានាំមកនូវអារម្មណ៍នៃការជឿទុកចិត្តថាការសន្យាដ៏អស់កល្បជានិច្ចនឹងត្រូវបានបំពេញតាមរយៈទ្រង់ ។ ទ្រង់គឺជាប្រភពនៃសេចក្តីសង្ឃឹម និងកម្លាំងសម្រាប់បុត្រាបុត្រីរបស់ព្រះទាំងអស់ ( សូមមើល យ៉ូអែល ៣:១៦ ) ។ សេចក្តីសង្ឃឹមផ្តល់ដល់យើងនូវទំនុកចិត្តដើម្បីឆ្ពោះទៅមុខក្នុងគ្រាលំបាកនៃជីវិតរមែងស្លាប់ ។ វាគឺជាការរំពឹងទុកដ៏រីករាយចំពោះការរស់ឡើងវិញ និងពរជ័យនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងដែលបានសន្យា ។ សេចក្តីសង្ឃឹមនាំមនុស្សម្នាក់ឲ្យផ្តោតលើតម្រូវការរបស់មនុស្សដទៃ និងបម្រើពួកគេដោយសេចក្ដីសប្បុរស ។
ទិដ្ឋភាពទូទៅនៃប្រធានបទ ៖ សេចក្ដីសង្ឃឹម
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អដែលជាប់ទាក់ទង ៖ សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ, ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ, សេចក្ដីសប្បុរស, អំណោយទាននៃព្រះវិញ្ញាណ, ការរស់ឡើងវិញ
ផ្នែកទី ១
ព្រះយេស៊ូវគ្រីស្ទផ្តល់សេចក្តីសង្ឃឹមនៅពេលយើងស្វះស្វែងដើម្បីធ្វើតាមទ្រង់
ការលំបាកជាច្រើនដែលយើងប្រឈមមុខក្នុងជីវិតនេះគឺជាលទ្ធផលនៃការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:៤០ ) ។ ជំងឺ ការរងទុក្ខ អំពើបាប និងការស្លាប់គឺជាផ្នែកមួយនៃបទពិសោធន៍ជីវិតរមែងស្លាប់ ។ ប្រសិនបើមិនមានដង្វាយធួន និងការរស់ឡើងវិញតាមរយៈព្រះយេស៊ូវគ្រីស្ទទេ នោះយើងនឹងមិនរកឃើញការព្យាបាល ការអភ័យទោស អំណរ ឬជីវិតអស់កល្បជានិច្ចឡើយ ( សូមមើល នីហ្វៃទី២ ៩:៧–៩ ) ។ យើងនឹងរងទុក្ខសោក និងអស់សង្ឃឹមជារៀងដរាបតទៅ ( សូមមើល ម៉ូសាយ ១៦:៣–៤ ) ។
ប៉ុន្តែព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដី ហើយបានរងទុក្ខអកុសលគ្រប់បែបយ៉ាងនៅក្នុងជីវិតរបស់យើង ( សូមមើល អាលម៉ា ៧:១១ ) ។ ទ្រង់បានយកឈ្នះលើទុក្ខទោសនៃអំពើបាបសម្រាប់អស់អ្នកដែលអនុវត្តសេចក្តីជំនឿលើទ្រង់ ហើយប្រែចិត្ដពីអំពើបាបរបស់ពួកគេ ( សូមមើល ម៉ូសេ ៥:៩ ) ។ ទ្រង់បានបំបែកចំណងនៃសេចក្ដីស្លាប់ ហើយបានរស់ឡើងវិញ ដោយបើកផ្លូវឲ្យយើងរស់នៅម្ដងទៀត ( សូមមើល នីហ្វៃទី២ ២:៦–៨ ) ។ ទ្រង់សន្យានូវសេចក្តីសង្ឃឹមនៃជីវិតដ៏អស់កល្បជានិច្ចដល់មនុស្សគ្រប់គ្នាដែលនឹងដើរតាមទ្រង់ ( សូមមើល អេធើរ ១២:៣២ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ការជឿលើព្រះនាំមកនូវសេចក្តីសង្ឃឹម និងទំនុកចិត្តអំពីការពិតនៃការរស់ឡើងវិញ និងជីវិតអស់កល្បជានិច្ច ។ សូមអាន អេធើរ ១២:៤ ។ តើ សេចក្តីសង្ឃឹម ដែលកើតមានឡើងតាមរយៈសេចក្ដីជំនឿរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទក្លាយជាយុថ្កាដល់ព្រលឹងរបស់អ្នកនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកដោយរបៀបណា ?
-
នៅក្នុងព្រះគម្ពីរមរមន ប្រជាជនអាន់តៃ នីហ្វៃ លីហៃ បានជួបប្រទះការផ្លាស់ប្តូរដ៏មានឥទ្ធិពលនៅពេលដែលពួកគេបានឮសារលិខិតនៃដំណឹងល្អ ហើយបានប្រែចតិ្ដជឿ ។ សូមអាន អាលម៉ា ២៧:២៨ ។ តើអំណោយទាននៃសេចក្តីសង្ឃឹម និងការយល់ដឹងរបស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទជះឥទ្ធិពលលើទស្សនៈរបស់ពួកគេអំពីជីវិតនេះ និងជីវិតបន្ទាប់ពីជីវិតនេះយ៉ាងដូចម្តេច ? តើគោលការណ៍នេះអាចអនុវត្ដក្នុងជីវិតរបស់អ្នកដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
មរណៈភាពរបស់សមាជិកគ្រួសារ ឬមិត្តភក្តិនាំមកនូវទុក្ខសោក ។ ដោយសារតែព្រះយេស៊ូវគ្រីស្ទបានទទួលរងការឈឺចាប់ និងទុក្ខលំបាករបស់មនុស្សទាំងអស់ យើងអាចអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ក្នុងព្រះនាមរបស់ទ្រង់ និងស្វែងរកជំនួយដ៏លួងលោមរបស់ទ្រង់បាន ។ ពរជ័យនៃសេចក្តីសង្ឃឹមត្រូវបានសន្យាដល់អស់អ្នកទាំងឡាយដែលនឹងជឿលើផែនការរបស់ព្រះសម្រាប់ការរស់ឡើងវិញ និងជីវិតដ៏អស់កល្បជានិច្ចរបស់យើង ។ ដើម្បីយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃសេចក្តីសង្ឃឹមក្នុងគ្រានៃមរណភាពរបស់នរណាម្នាក់ សូមអញ្ជើញសមាជិកក្រុមឲ្យជ្រើសរើស ហើយអានបទគម្ពីរមួយក្នុងចំណោមបទគម្ពីរខាងក្រោម ៖ ពេត្រុស ទី១ ១:៣–៥; យ៉ាកុប ៤:១១; អាលម៉ា ១៣:២៧–២៩; អេធើរ ១២:៣២ ។ អ្នកក៏អាចទស្សនា «°Finding Hope through the Resurrection of Christ » ( នាទី ៤:៤១°)°។ តើអំណោយទាននៃសេចក្តីសង្ឃឹមនាំមកនូវការលួងលោមដល់អ្នកដែលបានបាត់បង់មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ដោយរបៀបណា ? តើអ្នកនឹងពិពណ៌នាអំពីសេចក្តីសង្ឃឹមដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យមានដល់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នកដើម្បីរស់ឡើងវិញ និងរស់នៅជារៀងរហូតដោយរបៀបណា ?
ស្វែងយល់បន្ថែមទៀត
-
សុភាសិត ១០:២៨; បរិទេវ ៣:២៥–២៦; កូរិនថូស ទី១ ១៥:១៩; មរ៉ូណៃ ៩:២៥–២៦
-
« The Power of Hope » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ
-
ជែហ្វ្រី អ័រ ហូឡិន និង ផាទ្រីសៀ ធី ហូឡិន « អនាគតពេញដោយក្ដីសង្ឃឹម » ( ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ) នៅលើបណ្ណាល័យដំណឹងល្អ ។
ផ្នែកទី ២
សេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទនឹងនាំមកនូវសេចក្តីសង្ឃឹម
ជាញឹកញាប់ព្រះគម្ពីរប្រាប់អំពីសេចក្តីសង្ឃឹមរួមជាមួយនឹងគុណលក្ខណៈនៃសេចក្តីជំនឿ និងសេចក្ដីសប្បុរស ( សូមមើល មរ៉ូណៃ ៧:៤០–៤៤ ) ។ កិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីបង្កើន សេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ និងដើម្បីធ្វើសកម្មភាពដោយ សេចក្ដីសប្បុរស ចំពោះអ្នកដទៃគឺតភ្ជាប់ដោយផ្ទាល់ទៅនឹងសមត្ថភាពរបស់យើងដើម្បីមាន សេចក្ដីសង្ឃឹម ( សូមមើល មរ៉ូណៃ ១០:២០–២១ ) ។ ក្នុងការមានប្រសាសន៍អំពីសារៈសំខាន់នៃសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្ដីសប្បុរស ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ថា ៖ « គុណលក្ខណៈទាំងបីនេះវេញចូលគ្នាប្រៀបដូចជាខ្សែនៅក្នុងខ្សែពួរដូច្នោះដែរ ហើយមិនតែងតែត្រូវបានបែងចែកពីគ្នាច្បាស់នោះទេ ។ រួមគ្នាគុណលក្ខណៈទាំងនេះក្លាយជាខ្សែចំណងរបស់យើងទៅកាន់នគរសេឡេស្ទាល » ។
សេចក្តីសង្ឃឹមគឺជាពរជ័យមួយដែលយើងអាចទទួលបានតាមរយៈព្រះវិញ្ញាណបរិសុទ្ធ នៅពេលដែលយើងប្រែចិត្ដ និងទទួលបុណ្យជ្រមុជទឹក ( សូមមើល មរ៉ូណៃ ៨:២៥–២៦ ) ។ យើងបានទទួលការសន្យាថា នៅពេលដែលយើងមាន « សេចក្តីជំនឿដ៏រឹងប៉ឹង » លើព្រះយេស៊ូវគ្រីស្ទ ព្រះវរបិតាសួគ៌នឹងជួយយើងឲ្យទទួលបាន « ការភ្លឺថ្លានៃសេចក្តីសង្ឃឹមដ៏ឥតខ្ចោះ » ( នីហ្វៃទី២ ៣១:១៩–២០ ) ។ យើងក៏អាចទទួលបានសេចក្ដីសង្ឃឹមដ៏ច្រើនផងដែរ នៅពេលយើងស្រាវជ្រាវក្នុងព្រះគម្ពីរ ( សូមមើល រ៉ូម ១៥:៤; យ៉ាកុប ៤:៦ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ក្នុងការមានប្រសាសន៍ទៅកាន់មជ្ឈិមវ័យ ស៊ីស្ទើរ ផាទ្រីសៀ ហូឡិន បានបង្រៀន « សេចក្តីជំនឿ គឺជាការទុកចិត្តថាមានព្រះពិតមែន សេចក្តីសង្ឃឹម គឺជាការជឿជាក់ថា ទ្រង់នឹងជួយយើង ហើយ សេចក្ដីសប្បុរស គឺជាសេចក្តីស្រឡាញ់ និងសមត្ថភាពរបស់ទ្រង់ធ្វើការតាមរយៈយើងដើម្បីផ្តល់ពរដល់អ្នកដទៃ » ។ តើការរៀនអំពីសេចក្ដីជំនឿ និងសេចក្ដីសប្បុរសជួយយើងឲ្យយល់កាន់តែច្បាស់អំពីសេចក្តីសង្ឃឹមដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ជាមួយសមាជិកក្នុងក្រុម សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ៖
« មារសត្រូវប្រើប្រាស់ការអស់សង្ឃឹមដើម្បីចងភ្ជាប់ដួងចិត្ដ និងគំនិតនៅក្នុងទីងងឹតដ៏សន្ធប់ ។ ការអស់សង្ឃឹមដកយកនូវគ្រប់ការណ៍ទាំងអស់ដែលជាភាពរស់រវើក និងអំណរនៃអត្ថន័យជីវិតចេញពីយើង ហើយបន្សល់ឲ្យយើងនូវភាពទទេរស្អាត ។…
« ផ្ទុយទៅវិញ សេចក្ដីសង្ឃឹមគឺប្រៀបដូចជារស្មីនៃពន្លឺព្រះអាទិត្យដែលចែងចាំងខ្ពស់ហួសពីជើងមេឃនៃកាលៈទេសៈបច្ចប្បន្នរបស់យើង ។ វាចាក់ទម្លុះភាពងងឹតដោយពន្លឺភ្លឺត្រចះត្រចង់ ។ វាលើកទឹកចិត្ដ និងបំផុសគំនិតយើងឲ្យដាក់ទីទុកចិត្ដរបស់យើងលើការមើលថែដ៏ពេញដោយក្ដីស្រឡាញ់នៃព្រះវរបិតាសួគ៌ដ៏អស់កល្បជានិច្ចរបស់យើង ជាអង្គដែលបានរៀបចំផ្លូវសម្រាប់អស់អ្នកដែលស្វះស្វែងរកសេចក្ដីពិតដ៏អស់កល្បនៅក្នុងពិភពលោកដ៏មិនទៀងទាត់ ស្រពេចស្រពិល និងដ៏គួរឲ្យភ័យខ្លាចនេះ ។
តើមានវិធីអ្វីខ្លះដែលការទទួលបានគុណលក្ខណៈនៃសេចក្តីសង្ឃឹមអាចជួយយើងមើលធ្លុះចេញពីភាពងងឹតនៃពិភពលោកនេះ ?
ស្វែងយល់បន្ថែមទៀត
-
រ័សុល អិម ណិលសុន « A More Excellent Hope » Ensign ខែកុម្ភៈ ឆ្នាំ១៩៩៧ ទំព័រ ៦០–៦៤
-
ឌៀថើរ អេហ្វ អុជដូហ្វ « The Infinite Power of Hope » Liahona ខែវិច្ឆិកា ឆ្នាំ២០០៨ ទំព័រ ២១–២៤
ធនធានផ្សេងទៀតអំពីសេចក្ដីសង្ឃឹម
-
ធនធានសម្រាប់កុមារ