បណ្ណាល័យ
ការប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ


« ការប្រែចិត្ដជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )

ស្ត្រី​​ម្នាក់​ឈរ​នៅក្បែរ​ទឹក

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ការប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ

ការផ្លាស់ប្តូរ​ដួងចិត្ដ​ដែល​មកពី​ការធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ

តើ​អ្នក​ធ្លាប់ឃើញ​សត្វ​ដង្កូវ​មេអំបៅ​នៅ​ខាងក្រៅ​ឬ​ទេ ? សូម​ចំណាយ​ពេល​មួយ​នាទី​ដើម្បី​គិត ថា​តើ​វា​ជា​អព្ភូតហេតុ​យ៉ាងណា​ទៅ ដែល​តាមរយៈ​អំណាច​នៃ​រូបវិបត្ដិន៍ សត្វ​ដង្កូវ​មេអំបៅ​ធម្មតា​មួយ​អាច​ក្លាយទៅ​ជា​មេអំបៅ​ដ៏​ស្រស់ស្អាត​មួយបាន ។ មួយ​ជំហាន​ម្ដងៗ សត្វ​ដង្កូវ​មេអំបៅ​ធំធាត់ និង​ផ្លាស់ប្ដូរ ប្រែក្លាយ​ទៅជា​អ្វី​មួយ​ដែល​ថ្មី​ស្រឡាង ។

ការប្រែចិត្តជឿ​ផ្ដល់​នូវ​ការផ្លាស់ប្រែ​ដ៏​ស្រស់ស្អាត​បែបនេះ​ដល់​យើង​ផងដែរ ។ នៅពេល​យើង​បង្វែរ​ដួងចិត្ដ​របស់​យើង​ទៅរក​ព្រះយេស៊ូវគ្រីស្ទ ចុះសេចក្ដី​សញ្ញា​ដើម្បី​រក្សា​បទបញ្ញត្ដិ​របស់​ទ្រង់ និង​ខិតខំ​ដើម្បី​ធ្វើតាម​ព្រះឆន្ទៈ​ទ្រង់ នោះ​ជីវិត​របស់​យើង​គឺ​បាន​ផ្លាស់ប្ដូរ ។ បន្តិច​ម្តងៗ យើង​ក្លាយជា « បាន​កើត​ជាថ្មី » ( កូរិនថូស​ទី២ ៥:១៧ ) កាន់តែ​ដូចជា​ព្រះ និង​បានរៀបចំ​កាន់តែ​ប្រសើរឡើង​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។

តើ​ការប្រែចិត្ដ​ជឿ​គឺជា​អ្វី ?

ការប្រែចិត្ដជឿ​គឺ​ជាដំណើរការ​ដែល​ព្រះយេស៊ូវគ្រីស្ទ​ជួយ​យើង​ផ្លាស់ប្ដូរ​ជំនឿ ដួងចិត្ដ និង​ជីវិត​របស់​យើង ដើម្បី​ឲ្យយើង​ក្លាយ​ដូចជា​ទ្រង់ និង​ព្រះវរបិតា​សួគ៌​របស់​យើង ។ ការណ៍​នេះ​ពាក់ព័ន្ធ​នឹង​ការអនុវត្ដ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ដ ពិធីបុណ្យជ្រមុជទឹក ការរក្សា​បទបញ្ញត្ដិ ការទទួល​ការញែក​ជាបរិសុទ្ធ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការកាន់ខ្ជាប់​ដរាប​ដល់់​ចុងបំផុត ។ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ការធ្វើ​តាម​ការដឹកនាំ​នៃ​ព្រះវិញ្ញាណ យើង​អាច​ផ្លាស់ប្ដូរ និង​យក​ឈ្នះ​ឥទ្ធិពល​អវិជ្ជមាន​នៃ​ពិភពលោក ។ ការផ្លាស់ប្ដូរ​នេះ​នាំយកនូវ​ភាពសុខសាន្ដ និង​សុភមង្គល​នៅក្នុង​ជីវិត​នេះ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅឯ​បរមលោក ដល់​យើង ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ការប្រែចិត្តជឿ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់ទាក់ទង ៖ សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ដ កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត

ផ្នែកទី ១

ការប្រែចិត្តជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ចំណាយ​ពេលវេលា ការខិតខំ និង​ការអត់ធ្មត់​ដ៏​យូរ

ព្រះគ្រីស្ទ​កំពុង​ស្វាគមន៍​ប្រជាជន

ព្រះ​យេស៊ូវ​គ្រីស្ទ​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​មក​រក​ទ្រង់ ។ នៅពេល​យើង​ធ្វើតាម​ព្រះអង្គសង្គ្រោះ យើង​ផ្លាស់ប្តូរ និង​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។ ចំពោះ​មនុស្ស​ជាច្រើន ការប្រែចិត្ដជឿ​គឺជា​ដំណើរការ​បន្តិច​ម្តងៗ មិនមែន​ជា​លទ្ធផល​នៃ​ព្រឹត្តិការណ៍​ដ៏​មានឥទ្ធិពល ឬ​គួរឲ្យ​ភ្ញាក់ផ្អើល​តែម្ដង​នោះឡើយ ។ វា​ត្រូវការ​នូវ​ភាពខ្ជាប់ខ្ជួន និង​កិច្ចខិតខំ​ជា​បន្ដបន្ទាប់ ។

ដើម្បី​ឲ្យ​ការប្រែចិត្ដជឿ​កើតមាន​ឡើង នោះ​យើង​ត្រូវ​ធ្វើ​សកម្មភាព​លើ​សេចក្តីជំនឿ និង​ចំណេះដឹង​ដែល​យើង​ទទួល​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅពេល​យើង​បាន​ប្រែចិត្ដជឿ « តាមរយៈ​អំណាច​នៃ​ព្រះវិញ្ញាណ … ដួងចិត្ដ [ របស់​យើង ] បាន​ផ្លាស់ប្ដូរ » ។ បំណងប្រាថ្នា​របស់​យើង​ស្រប​ទៅនឹង​ព្រះរាជ​បំណង​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀនថា ៖ « ការប្រែចិត្ដជឿ​ពិត​នាំឲ្យ​មាន​ការផ្លាស់ប្ដូរ​នៅក្នុង​ការជឿ ក្នុងដួងចិត្ដ និង​ក្នុងជីវិត​មនុស្ស​ម្នាក់ ឲ្យ​ទទួលយក និង​គោរពតាម​ព្រះហឬទ័យ​របស់ព្រះ ។… វា​ជា​លទ្ធផល​នៃ​វិវរណៈ​​មកពី​ព្រះ រួម​ជាមួយនឹង​ការប្រែចិត្ដ ការប្រតិបត្ដិ និងការឧស្សាហ៍​ព្យាយាម​ផ្ទាល់ខ្លួន » ។

ប៉ុន្ដែ​ការបាន​ប្រែចិត្ដជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​មិនមាន​ន័យថា​យើង​ល្អ​ឥតខ្ចោះ​នោះទេ ។ នៅលើ​ផ្លូវ​ឆ្ពោះ​ទៅរក​ការប្រែចិត្ដជឿ យើង​នៅ​តែ​ធ្វើ​កំហុសឆ្គង ។ ទោះជា​យ៉ាងណា​ក៏ដោយ តាមរយៈ​សេចក្តីជំនឿ​ជាបន្ត​បន្ទាប់​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការប្រែចិត្ដ​ជា​ប្រចាំថ្ងៃ នោះ​ការទទួល​បាន​ព្រះចេស្តានៃ​ព្រះយេស៊ូវគ្រីស្ទ​អាច​លូតលាស់ ហើយ​យើង​អាច​បង្កើន​ការប្រែចិត្ដជឿ​របស់​យើង​ចំពោះ​ទ្រង់​ក្នុងនាម​ជា​សិស្ស​របស់​ទ្រង់ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​អាន​វគ្គ​បទគម្ពីរ​ចំនួន​ពីរ អំពី​សាវក​ពេត្រុស ៖ ម៉ាថាយ ១៦:១៣–១៧ និង លូកា ២២:៣១–៣២ ។ ហេតុអ្វី​បានជា​ការប្រែចិត្ដជឿ​ដ៏​ពេញលេញ​លើ​ព្រះគ្រីស្ទ គឺ​ជា​ជំហាន​សំខាន់​បន្ទាប់ពី​ការទទួល​បាន​ទីបន្ទាល់​អំពី​ទ្រង់ ? តើ​តាមរយៈ​ការប្រែចិត្ដជឿ​ដ៏​ពិត​លើ​ព្រះគ្រីស្ទ យើង​ត្រូវបាន​ប្រទានពរ​ដោយ​របៀបណា ?

  • សូម​គិត​អំពី​ការអញ្ជើញ និង​ព្រះចេស្តា​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី​ជួយ​យើង​ផ្លាស់ប្តូរ និង​ក្លាយ​ដូចជា​ទ្រង់ ។ អែលឌើរ អេដឌ័្វរដូ​ ហ្គាវ៉ារិត បានបង្រៀន ៖ « ​ព្រះអម្ចាស់​អញ្ជើញ​យើង​ដោយ​ប្រើ​ពាក្យ​កិរិយាសព្ទ​ខុសៗ​គ្នា ៖ ‹ ចូរ​មក​ឯ​ខ្ញុំ › ‹ ចូរ​មកតាម​ខ្ញុំ › ‹ ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ › ។ ក្នុង​ករណី​នីមួយៗ វា​មិនមែន​ជា​ការអញ្ជើញ​អកម្ម​នោះទេ វា​គឺជា​ការអញ្ជើញ​ឲ្យ​ប្រព្រឹត្ត ។ វា​ត្រូវបាន​ធ្វើឡើង​ទៅកាន់​មនុស្ស​ទាំងអស់ » ។ សូម​គិត​អំពី​របៀប​ដែល​ព្រះជន្ម និង​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​អញ្ជើញ​អ្នក​ឲ្យ​ផ្លាស់ប្ដូរ ។ អ្នក​អាច​អាន លូកា ២២:៣៩–៤៤; យ៉ូហាន ៦:៥១; ហេព្រើរ ៥:៩; ១០:១–១០; នីហ្វៃទី២ ២:៣–១០; ៩:៥–២៤; និង មាត្រា​នៃ​សេចក្តីជំនឿ ១:៣ សម្រាប់​ការយល់ដឹង ។ សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅថ្ងៃ​នេះ ឬ​សប្តាហ៍​នេះ ដើម្បី​បង្ហាញ​ព្រះអង្គសង្គ្រោះ​ថា​អ្នក​ទទួលយក​ការអញ្ជើញ និង​ជំនួយ​របស់​ទ្រង់ ដើម្បី​ផ្លាស់ប្តូរ​ជីវិត​របស់​អ្នក ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • អ្នក​អាច​មើល​វីដេអូ ឬ​មើល​រូបភាព​សត្វ​ដែល​ឆ្លងកាត់​រូបវិបត្ដិន៍ ដូចជា​កូនក្អុក​ប្រែក្លាយជា​កង្កែប ឬ​ដង្កូវ​មេអំបៅ​ប្រែក្លាយ​ជា​មេអំបៅ ។ ប្រសិន​បើ​មាន អ្នក​អាច​មើល​វីដេអូ « អែលឌើរ នែល អិល អាន់ឌើរសិន ចែកចាយ​មេរៀន​ដែល​បានរៀន​មកពី​មេអំបៅ » ជា​ពេល​ដែល​លោក​ចែកចាយ​ពី​វីដេអូ បង្ហាញ​ពី​ការវិវត្ដ​នៃ​ដង្កូវ​មេអំបៅ​ដែល​វា​ខ្លួន​ឯង​នៅក្នុង​សូត្រ ហើយ​ជាចុងក្រោយ​បំប្លែង​ខ្លួន​ជា​មេអំបៅ​ដ៏​ស្រស់ស្អាត ។ សូម​និយាយ​អំពី​ការផ្លាស់ប្តូរ​ដ៏​អស្ចារ្យ​ដែល​សត្វ​ទាំងនេះ​ឆ្លងកាត់ ។ បន្ទាប់មក​អ្នក​អាច​អាន​អ្វី​ដែល​សាវក​ប៉ុល​បានបង្រៀន​អំពី​ការក្លាយ​ជា « កើត​ជា​ថ្មី » នៅក្នុង​ព្រះគ្រីស្ទ ( កូរិនថូស ​ទី​២ ៥:១៧ ) ។ តើ​ការប្រែចិត្ដជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដូចជា​ការកើត​ជាថ្មី​យ៉ាង​ដូចម្ដេច ? ប្រធាន ដាល្លិន អេក អូក បានបង្រៀន​ថា « បុគ្គល​ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅមុខ​ទៅរក​ការប្រែចិត្ដជឿ​ដែល​ចាំបាច់ គឺ​នឹង​ចាប់ផ្ដើម​មើលឃើញ​កិច្ចការ​ទាំងឡាយ​ដូច​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ទតឃើញ​ដែរ ។ ពួកគេ​កំពុង​ស្ដាប់ឮ​ព្រះសូរសៀង​របស់​ទ្រង់ ជាជាង​ស្ដាប់ឮ​សំឡេង​នៃ​ពិភពលោក ហើយ​ពួកគេ​កំពុង​ធ្វើ​កិច្ចការ​តាមរបៀប​របស់​ទ្រង់ ជំនួស​ឲ្យ​តាមរបៀប​នៃ​ពិភពលោក » ។ តើ​អ្នក​បាន​រីកចម្រើន និង​ផ្លាស់ប្ដូរ​ដោយ​របៀបណា នៅពេល​អ្នក​ធ្វើ​សកម្មភាព​ផ្អែកលើ​ការប្រែចិត្ដជឿ​របស់​អ្នក​លើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ? សូម​ពិចារណា​កត់ត្រា​គំនិត​របស់​អ្នក ក៏ដូចជា​ការដឹងគុណ​របស់​អ្នក​ចំពោះ​ការប្រែក្លាយ​នៃ​ជីវិត​របស់​អ្នក ។

  • មាន​ដំណើររឿង​នៃ​ការប្រែចិត្ដជឿ​ដ៏​មានឥទ្ធិពល​ជាច្រើន​នៅក្នុង​ព្រះគម្ពីរ ។ អ្នក​អាច​ជ្រើសរើស​ដំណើររឿង​ទាំងនេះ​មួយ ឬ​ច្រើន ដើម្បី​សិក្សា ឬ​មើល ហើយ​អ្នក​ក៏​អាច​សម្ដែង​ដំណើររឿង​ទាំងនេះ បាន​ផងដែរ ។ គំរូ​ទាំងឡាយ​រួមមាន​ដំណើរ​រឿង​របស់​នាងរស់ ( សូមមើល នាងរស់ ១ ) អេណុស ( សូមមើល អេណុស ១ ឬ​មើល « Enos Prays Mightily ) » អាលម៉ា​ជា​កូន ( សូមមើល ម៉ូសាយ ២៧ ឬ​មើល « Alma the Younger Is Converted unto the Lord ) » និង​ស្តេចឡាម៉ូណៃ ( សូមមើល អាលម៉ា ១៧–១៩ ឬ​មើល « Ammon Serves and Teaches King Lamoni » ) ។ សូម​ពិភាក្សា​អំពី​អ្វី​ដែល​អ្នក​រៀន​ចេញមក​ពី​គំរូ​របស់​បុគ្គល​នៅក្នុង​ដំណើររឿង ។ ទោះជា​ការប្រែចិត្ដជឿ​ជាធម្មតា​គឺជា​ដំណើរការ​បន្តិចម្តងៗ ដែល​មិនដូច​អ្វី​ដែល​កើតឡើង​ចំពោះ​បុគ្គល​ទាំងនេះ​ក្ដី ក៏យើង​អាច​រៀន​ចេញពី​បទពិសោធន៍​របស់​ពួកគេ​បាន​ផងដែរ ។ តើ​បទពិសោធន៍​របស់​ពួកគេ​ពង្រឹង​បំណងប្រាថ្នា​របស់​អ្នក​ផ្ទាល់ ដើម្បី​ធ្វើតាម​ការអញ្ជើញ​របស់​ព្រះគ្រីស្ទ​ដើម្បី​ផ្លាស់ប្តូរ​ដោយ​របៀបណា ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែកទី ២

ការប្រែចិត្ដជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ការធ្វើតាម​ពេញមួយ​ជីវិត

ការអធិស្ឋាន​ជា​គ្រួសារ

វា​ជា​រឿង​មួយ​ដើម្បី​ប្រែចិត្ដជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ប្ដេជ្ញាចិត្ត​ដើម្បី​ធ្វើ​តាម​ទ្រង់ ។ វា​ជា​រឿង​មួយ​ផ្សេងទៀត​ដើម្បី​រក្សា​ការប្ដេជ្ញា​ចិត្ដ​នោះ​ពេញមួយ​ជីវិត​របស់​អ្នក ។ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​លើកឡើង​ថា « ការធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ពុំមែន​ជា​ការប្រឹងប្រែង​មួយ​សប្ដាហ៍​ម្ដងៗ ឬ មួយថ្ងៃ​ម្ដងៗ​នោះទេ ។ វា​គឺជា​ការខ្នះខ្នែង​ជា​រៀងរហូត » ។

ទោះជាយ៉ាងណា នោះ​ពុំមែន​មានន័យ​ថា យើង​ត្រូវតែ​ពឹងផ្អែក​លើ​កម្លាំងជំរុញ​ចិត្ដ​របស់​យើង​ផ្ទាល់​ដើម្បី​កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត​នោះ​ឡើយ ។ ព្រះ​ប្រទាន​ដល់​យើង​នូវ​ជំនួយ​ដ៏​ទេវភាព​នៅគ្រប់​ការណ៍​ទាំងអស់—ទ្រង់​ដឹកនាំ និង​លួងលោម​យើង​ដោយ​ព្រះវិញ្ញាណ​របស់​ទ្រង់ ទ្រង់​តែង​បង្រៀន​យើង​តាមរយៈ​ពួកព្យាការី​របស់​ទ្រង់ ហើយ​ទ្រង់​បានបញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់​ដើម្បី​សុគត​ជំនួស​យើង ដើម្បី​យើង​អាច​បានពង្រឹង​តាមរយៈ​សេចក្ដីជំនឿលើ​ទ្រង់ នៅពេល​យើង​ជំពប់​ដួល ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ដើម្បី​ប្រែចិត្ដជឿ​យ៉ាងខ្លាំងក្លា​លើ​ដំណឹងល្អ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត តើ​តម្រូវ​ឲ្យមាន​អ្វីខ្លះ​ ? អែលឌើរ ឌែល ជី រិនឡាន់ បានបង្រៀន ៖ « នេះ​មានន័យ​ថា​យើង​រក្សា​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ ការទទួលទាន​សាក្រាម៉ង់​រាល់សប្ដាហ៍ និង​ការមាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃគូ​របស់​យើង​ជានិច្ច ។ យើង​ត្រូវតែ​ជួយ និង​បម្រើ​មនុស្ស​ដទៃ​យ៉ាងសកម្ម ហើយ​ចែកចាយ​ដំណឹងល្អ​ជាមួយនឹង​ពួកគេ ។ យើង​ត្រូវតែ​ល្អឥតខ្ចោះ​ក្នុង​ការគោរព និង​ការស្មោះត្រង់​ក្នុង​គ្រប់កិច្ចការ ។ … យើង​ត្រូវតែ​កំណត់​ការល្បួង​ដែល​ងាយ​នឹង​បង្អាក់​យើង និង​ដាក់​ការល្បួង​ទាំងនោះ​ចេញ—ចេញឲ្យ​ឆ្ងាយ​ពី​យើង » ។ អ្នក​អាច​អាន​សារលិខិត​របស់​អែលឌើរ ឌែល ជី រិនឡាន់ « Preserving the Mighty Change of Heart » ហើយ​គិត​អំពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ដើម្បី​រក្សា​ការប្រែចិត្ដជឿ​យ៉ាងខ្លាំងក្លា​លើ​ព្រះយេស៊ូវគ្រីស្ទ ។ តើ​អ្នក​កំពុង​រក្សា​ទម្លាប់​សាមញ្ញ​ប្រចាំថ្ងៃ និង​ប្រចាំ​សប្តាហ៍​ដែល​នឹង​ជួយ​អ្នក​បន្ត​ក្នុង​សេចក្ដីជំនឿ​ដែរ​ឬទេ ? តើ​អ្នក​កំពុង​ដាក់​ការល្បួង​ឲ្យ​នៅ​ឆ្ងាយ​ពី​អ្នក​ដែរ​ឬ​ទេ ? សូម​ជញ្ជឹងគិត និង​សរសេរ​នូវ​ផ្នែក​នៅក្នុង​ជីវិត​របស់​អ្នក ដែល​អ្នកចង់​ផ្លាស់ប្ដូរ ដើម្បី​ជួយ​អ្នក​ស្ថិត​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ព្រះគម្ពីរ​មរមន​ប្រាប់​ពី​ដំណើររឿង​ដ៏​មាន​អានុភាព​នៃ​ក្រុមមនុស្ស ដែលហៅថា អាន់តៃ នីហ្វៃ លីហៃ ដែល « បាន​ប្រែចិត្ដជឿ​ដល់​ព្រះអម្ចាស់ [ និង ] ពុំដែល​បោះបង់​ចោល​សាសនាចក្រ​ឡើយ ( អាលម៉ា ២៣:៦ ) ។ សូម​សិក្សា អាលម៉ា ២៣–២៥ ហើយ​ធ្វើបញ្ជី​មួយ​ពី​អ្វី​ដែល​អ្នក​បានរៀន​អំពី​ក្រុមនេះ ។ តើ​ព្រះអង្គសង្គ្រោះ​បានជួយ​ពួកគេ​ឲ្យ​ក្លាយជា​មាន​សេចក្តីជំនឿ​ដ៏​ខ្លាំងក្លាយ​ដោយ​របៀប​ណា ? បន្ទាប់មក អ្នក​អាច​សរសេរ​នៅ​លើ​ក្រដាស​មួយ​ចម្រៀក​នូវ​រឿង​មួយ​ដែល​អ្នក​អាច « កប់​… ឲ្យ​ជ្រៅ » ( សូមមើល អាលម៉ា ២៤:១៦–១៧ ) ដែល​នឹង​ជួយ​អ្នក​ឲ្យ​រក្សា​ការប្តេជ្ញាចិត្ត​យ៉ាងខ្លាំងក្លា​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។ ឬ​អ្នក​អាច​កប់​វត្ថុ​ណាមួយ​ដែល​ជា​តំណាង​ឲ្យ​ការប្ដេជ្ញាចិត្ដ​របស់​អ្នក​ដើម្បី​នៅបន្ដ​ស្មោះត្រង់ ។

  • ការប្រែចិត្ដជឿ​ពេញ​មួយជីវិត​លើ​ព្រះយេស៊ូវគ្រីស្ទ​បានមកពី​ការរស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់—ជារៀង​រាល់ថ្ងៃ ។ ស៊ីស្ទើរ បូនី អិល អូស្ការសុន បាន​ចែកចាយ​ទម្លាប់​សំខាន់ៗ​ជាច្រើន​ដែល​បណ្ដុះ​នូវការប្រែចិត្ដជឿ​ដ៏​និរន្ដរ៍ ៖ « ការប្រែចិត្ដជឿ​ពិត​កើតមាន​នៅពេល​អ្នកបន្ដ​ធ្វើ​សកម្មភាព​លើ​គោលលទ្ធិ​នានា​ដែល​អ្នក​ដឹងថា​ពិត ហើយ​រក្សាបទបញ្ញត្ដិ​នោះ​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ ពីមួយ​ខែ​ទៅ​មួយខែ ។ … ការប្រែចិត្តជឿ កើត​មាន​ពេល​យើង​ឧស្សាហ៍​ក្នុងការ​អធិស្ឋាន​របស់​យើង សិក្សា​ព្រះគម្ពីរ​របស់​យើង ចូលរួម​ក្នុង​ព្រះវិហារ ហើយ​មានភាព​ស័ក្ដិសម​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ការប្រែចិត្តជឿ​កើតមាន​នៅពេល​យើង​ធ្វើ​តាម​គោលការណ៍​សុចរិត ដែល​យើង​រៀន​នៅក្នុង​គេហដ្ឋាន និង​នៅក្នុង​ថ្នាក់រៀន » ។

    ដើម្បី​ជួយ​អ្នក​បន្ដ​នៅលើ​ផ្លូវ​នៃ​ការប្រែចិត្ដជឿ អ្នក​អាច​ធ្វើ​ការល្បង​នេះ​ជា​ក្រុម ៖ ជារៀងរាល់ថ្ងៃ​ក្នុង​រយៈពេល ៣០ ថ្ងៃ ពេល​ជួប​នឹង​ជម្រើស សូមសួរ​ខ្លួនឯង « តើ​នេះ​នឹង​ជា​អ្វី​ដែល​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដែល​ប្រែចិត្ដជឿ​នឹង​ធ្វើ​ដែរ​ឬ​ទេ ? » សូម​ពិចារណា​ឲ្យ​មាន​អ្នក​មើល​ការខុសត្រូវ​លើ​ខ្លួនអ្នក​ដើម្បី​តាមដាន​លើគោលដៅ​នេះ ។ បន្ទាប់ពី​អ្នក​បញ្ចប់​ការសាកល្បង​នេះ​ហើយ អ្នក​អាច​ពិភាក្សា​ពីបទពិសោធន៍​របស់​អ្នក​ជាក្រុម ។ តើ​ព្រះអង្គសង្គ្រោះ​បាន​ជួយ​អ្នក​ផ្លាស់ប្តូរ​ដោយ​របៀបណា នៅពេល​អ្នក​ព្យាយាម​ធ្វើ​ការជ្រើសរើស​ដែល​ស្របតាម​ការបង្រៀន​របស់ទ្រង់ ?

ស្វែង​យល់​បន្ថែម​ទៀត

កំណត់​ចំណាំ

  1. អិម រ័សុល បាឡឺដ « Now Is the Time » Ensign ខែវិច្ឆិកា ឆ្នាំ២០០០ ទំព័រ ៧៥ ។

  2. ដេវីឌ អេ បែដណា « Converted unto the Lord » Liahona ខែវិច្ឆិកា ឆ្នាំ២០១២ ទំព័រ ១០៧ ។

  3. អេដឌ័្វរដូ​ ហ្គាវ៉ារិត « Yes, Lord, I Will Follow Thee » Liahona ខែវិច្ឆិកា ឆ្នាំ២០១៤ ទំព័រ ៣៧ ។

  4. ដាល្លិន អេក អូក « The Challenge to Become » Ensign ខែវិច្ឆិកា ឆ្នាំ២០០០ ទំព័រ ៣៤ ។

  5. ឌៀថើរ អេហ្វ អុជដូហ្វ⁠ « Are You Sleeping through the Restoration? » Liahona ខែឧសភា ឆ្នាំ២០១៤ ⁠ទំព័រ ៦១ ។

  6. សូមមើល ឌែល ជី រិនឡាន់ « Preserving the Heart’s Mighty Change » Liahona ខែវិច្ឆិកា ឆ្នាំ២០០៩ ទំព័រ ៩៩ ។

  7. បូនី អិល អូស្ការសុន « Be Ye Converted » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ ៧៧–៧៨ ។

  8. សូមមើល វែនឌី ដបុលយូ ណិលសុន« One Question That Can Change Your Life » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃ​ទី១៥ ខែឧសភា ឆ្នាំ២០២២ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។