« ព្យាការី » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អ
ព្យាការី
សាក្សីដែលត្រូវបានហៅដ៏ទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ
នៅក្នុងសម័យបុរាណ ព្រះបានហៅបុរសសាមញ្ញ ស្មោះត្រង់ ជាព្យាការី និងអនុញ្ញាតឲ្យពួកលោកតំណាងឲ្យទ្រង់ ។ ទ្រង់បានបំផុសគំនិតអ្នកបម្រើទាំងនោះ បានមានបន្ទូលទៅកាន់ពួកលោក និងបានផ្តល់ឲ្យពួកលោកនូវអំណាចរបស់ទ្រង់ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ។ សារលិខិតដ៏សំខាន់មួយនៃការស្ដារឡើវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺថាយើងមានព្យាការីនៅរស់នៅលើផែនដីសព្វថ្ងៃនេះ ។
ដោយសារពួកព្យាការីរបស់ព្រះត្រូវបានផ្ដល់អំណាចដើម្បីបង្រៀនបុត្រាបុត្រីរបស់ព្រះ និងដឹកនាំកិច្ចការរបស់ទ្រង់ វាសំខាន់ដើម្បីយើងធ្វើតាមពាក្សសម្ដីរបស់ពួកលោក ។ ការរៀនអំពីតួនាទីរបស់ព្យាការីអាចបង្កើនទំនុកចិត្តរបស់អ្នកនៅក្នុងការហៅដ៏ទេវភាពរបស់ពួកលោកក្នុងនាមជាអ្នកបម្រើរបស់ព្រះអម្ចាស់ និងជំរុញបំណងប្រាថ្នារបស់អ្នកឲ្យកាន់តែខ្លាំង ដើម្បីជឿទុកចិត្ដលើការទូន្មាន និងការដឹកនាំរបស់ពួកលោក ។ ចំពោះអស់អ្នកដែលធ្វើតាមព្យាការីដែលនៅរស់ ព្រះទ្រង់សន្យានូវសុវត្ថិភាព ការការពារ និងសូម្បីតែសេចក្ដីសង្គ្រោះ និងជីវិតដ៏អស់កល្បជានិច្ចដល់ពួកគេ ។
តើព្យាការីគឺជានរណា ?
ព្យាការីគឺជាបុគ្គលម្នាក់ដែលត្រូវបានហៅដោយព្រះ ដើម្បីមានប្រសាសន៍ជំនួសទ្រង់ ( សូមមើលយេរេមា ១:៤-៥; អេម៉ុស ៣:៧; យ៉ូហាន ១៥:១៦; គោលលទ្ធិ និងសេចក្ដីសញ្ញា. ១:៣៧-៣៨ ) ។ ពួកព្យាការីទាំងឡាយថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងបង្រៀនដំណឹងល្អរបស់ទ្រង់ ។ ពួកលោកបង្ហាញឲ្យស្គាល់នូវព្រះហឫទ័យ និង បុគ្គលិកលក្ខណៈពិតរបស់ព្រះ ។ ពួកលោកថ្កោលទោសចំពោះអំពើបាប ព្រមានពី លទ្ធផលរបស់វា ហើយជួយយើងឲ្យចៀសវាងពីការបោកបញ្ឆោត ( សូមមើលអេសេគាល ៣:១៦-១៧,អេភេសូរ ៤:១១-១៤ ) ។ ជួនកាល ពួកលោកព្យាករអំពីព្រឹត្តិការណ៍នានានៃពេលអនាគត ។ ពួកព្យាការីអាចទទួលខុសត្រូវលើការណ៍ទាំងនេះ ដោយសារពួកលោកទទួលបាននូវសិទ្ធិអំណាច កូនសោទាំងឡាយ និងវិវរណៈមកពីព្រះ ។
ទិដ្ឋភាពទូទៅនៃប្រធានបទ ៖ ពួកព្យាការី
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អដែលជាប់ទាក់ទង ៖; វិវរណៈ; យ៉ូសែប ស្ម៊ីធ; កូនសោទាំងឡាយនៃបព្វជិតភាព; សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ
ផ្នែកទី ១
ព្រះយេស៊ូវគ្រីស្ទហៅព្យាការី និងពួកសាវកនៅក្នុងជំនាន់របស់យើង
ចាប់តាំងពីជំនាន់លោកអ័ដាមមក ព្រះបានបញ្ជូនពួកព្យាការីមកក្នុងចំណោមបុត្រាបុត្រីរបស់ទ្រង់ ។ ក្នុងអំឡុងពេលនៃការងារបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទបានរៀបចំសាសនាចក្ររបស់ទ្រង់នៅលើមូលដ្ឋានគ្រឹះនៃពួកសាវក និងព្យាការី ( សូមមើល អេភេសូរ ២:១៩–២០ ) ។ ព្រះបានធ្វើតាមលំនាំដូចគ្នានេះនៅក្នុងថ្ងៃចុងក្រោយនៅពេលដែលទ្រង់បានហៅព្យាការី យ៉ូសែប ស្ម៊ីធ ឲ្យស្តារសាសនាចក្ររបស់ទ្រង់ឡើងវិញ និងបានបង្កើតគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
ប្រធានរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅជំនាន់នេះគឺជាព្យាការីរបស់ព្រះ សម្រាប់មនុស្សគ្រប់រូបនៅលើផែនដីនាពេលសព្វថ្ងៃនេះ ។ យើងគាំទ្រប្រធាននៃសាសនាចក្រថាជា ព្យាការី អ្នកមើលឆុត និង ជាអ្នកទទួលវិវរណៈ និងជាបុរសតែម្នាក់គត់នៅលើផែនដីនេះ ដែលទទួលវិវរណៈដើម្បីអនុវត្ដកូនសោទាំងឡាយនៃបព្វជិតភាព ។ យើងក៏គាំទ្រដល់ទីប្រឹក្សាទាំងឡាយនៅក្នុងគណៈប្រធានទីមួយ និងសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ជាព្យាការី អ្នកមើលឆុត និង ជាអ្នកទទួលវិវរណៈផងដែរ ។
ទាក់ទិនទៅនឹងសារៈសំខាន់នៃពួកសាវក និងព្យាការី ព្យាការី យ៉ូសែប ស្ម៊ីធ បានសង្កេតឃើញថា « គោលការណ៍ដ៏សំខាន់នៃសាសនាចក្ររបស់យើងគឺជាទីបន្ទាល់នៃពួកសាវក និងពួកព្យាការីអំពីព្រះយេស៊ូវគ្រីស្ទថា ទ្រង់បានសុគត ត្រូវបានគេបញ្ចុះ ហើយបានរស់ឡើងវិញនៅថ្ងៃទីបី ហើយបានយាងឡើងទៅស្ថានសួគ៌ ហើយរឿងផ្សេងទៀតដែលទាក់ទងនឹងសាសនារបស់យើងគឺជារឿងបន្ទាប់បន្សំប៉ុណ្ណោះ » ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ព្យាការី យ៉ូសែប ស៊្មីធ ត្រូវបានហៅដោយព្រះដើម្បីផ្សព្វផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ និងជួយបុត្រាបុត្រីរបស់ព្រះឲ្យទទួលពិធីបរិសុទ្ធនៃបព្វជិតភាព ដែលចំាបាច់សម្រាប់សេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ។ អ្នកស្នងតំណែងរបស់ទ្រង់ រួមទាំងប្រធានសាសនាចក្រសព្វថ្ងៃនេះ បានទទួលសិទ្ធិអំណាច និងទំនួលខុសត្រូវដូចគ្នានោះ ដើម្បីបន្តធ្វើជាតំណាងរបស់ព្រះអម្ចាស់ ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:៩១–៩២ ។ តើវគ្គបទគម្ពីរនេះបង្ហាញអ្វីខ្លះដល់អ្នកអំពីតួនាទីដ៏សំខាន់របស់ព្យាការីរបស់ព្រះអម្ចាស់នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
សមាជិកទាំងឡាយនៃសាសនាចក្រដែលខិតខំធ្វើតាមអ្នកបម្រើដែលបានជ្រើសតាំងរបស់ព្រះអម្ចាស់គឺត្រូវបានប្រទានពរ ។ សូមអញ្ជើញសមាជិកនៃក្រុមរបស់អ្នកឲ្យប្រៀបធៀបសេចក្ដីពិតដែលបានបង្រៀននៅក្នុង ហេលេមិន ១៣:២៤–២៨ និងនៅក្នុង នីហ្វៃទី៣ ១២:១–២ ។ ហេតុអ្វីបានជាបុគ្គលមួយចំនួនគោរពព្យាការីនៅអតីតកាល ប៉ុន្តែបដិសេធព្យាការីដែលនៅរស់ ? ដោយសារយើងមានព្យាការី និងពួកសាវកដែលនៅរស់លើផែនដីសព្វថ្ងៃនេះ តើអ្នកបានស្គាល់ពរជ័យអ្វីខ្លះ ?
ស្វែងយល់បន្ថែមទៀត
-
អេសេគាល ២:៧; លូកា ១:៧០; ៦:១២–១៣; នីហ្វៃទី១ ២២:២; នីហ្វៃទី៣ ២០:២៤; គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:២៣
-
រ័សុល អិម ណិលសុន « Sustaining the Prophets » Liahona ខែវិច្ឆិកា ឆ្នាំ២០១៤ ទំព័រ ៧៤–៧៦
ផ្នែកទី ២
យើងធ្វើតាមព្រះយេស៊ូវគ្រីស្ទនៅពេលយើងស្ដាប់តាមព្យាការីរបស់ទ្រង់
ព្រះយេស៊ូវគ្រីស្ទបានសង្កត់ធ្ងន់ពីសារៈសំខាន់ដើម្បីទទួលព្យាការី និងពួកសាវកដែលនៅរស់របស់ទ្រង់ ។ យើងទទួលពួកលោកនៅពេលយើងស្ដាប់ និងធ្វើតាមការទូន្មានរបស់ពួកលោក ។ « អ្នកណាដែលទទួលពួកអ្នកបម្រើរបស់យើង ឈ្មោះថាទទួលយើងដែរ ហើយអ្នកណាដែលទទួលយើងឈ្មោះថាទទួលព្រះវរបិតាយើងដែរ ហើយអ្នកណាដែលទទួលព្រះវរបិតាយើង ឈ្មោះថាទទួលនរគររបស់ព្រះវរបិតាយើងដែរ ហេតុដូច្នោះហើយ គ្រប់អ្វីទាំងអស់ ដែលព្រះវរបិតាយើងមាន នោះនឹងត្រូវបានប្រទានដល់អ្នកនោះដែរ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:៣៦–៣៨ ) ។
ព្រះបញ្ជាយើងឲ្យពិចារណាពាក្យសម្ដីទាំងឡាយរបស់ពួកអ្នកបម្រើរបស់ទ្រង់ដោយចាត់ទុកពាក្យសម្ដីទាំងនោះដូចជាព្រះបន្ទូលរបស់ទ្រង់ដែរ ។ ទ្រង់បានប្រកាសថា « ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដី គឺដូចតែគ្នា » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣៨ ) ។ ដោយសារព្រះបានបញ្ជូនព្យាការីរបស់ទ្រង់ដើម្បីបង្រៀន និងណែនាំបុត្រាបុត្រីរបស់ទ្រង់ ហើយរៀបចំពួកគេសម្រាប់ជីវិតអស់កល្បជានិច្ច និងភាពតម្កើឡើង នោះយើងនឹងត្រូវបានការពារ និងប្រទានពរនៅពេលយើងធ្វើតាមព្រះយេស៊ូវគ្រីស្ទ និងពួកអ្នកបម្រើដែលបានជ្រើសតាំងរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤:៤៥–៤៦ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ ថា ៖ « វាជាក់ច្បាស់ ដោយសារ [ ថ្នាក់ដឹកនាំនៃសាសនាចក្ររបស់ព្រះអម្ចាស់ ]ពិតជាខ្វល់ខ្វាយយ៉ាងខ្លាំងអំពីបុត្រាបុត្រីទាំងអស់របស់ព្រះ ទើបយើងប្រកាសពីសេចក្ដីពិតរបស់ទ្រង់ ។ យើងអាចមិននិយាយប្រាប់មនុស្សទាំងឡាយនូវអ្វី ដែលពួកគេចង់ស្ដាប់ជានិច្ចនោះទេ ។ ព្យាការីកម្រនឹងល្បីល្បាញណាស់ ។ ប៉ុន្ដែ យើងនឹងបង្រៀនសេចក្ដីពិត ជានិច្ច ! » តើនៅពេលណាដែលឆន្ទៈរបស់អ្នកក្នុងការជឿទុកចិត្តលើព្យាការីរបស់ព្រះអម្ចាស់បានជួយអ្នកឲ្យស្គាល់ភាពពិតនៃដំណឹងល្អនៃសារលិខិតរបស់ទ្រង់ ?
-
ព្រះគម្ពីរព្រមានអំពីព្យាការីក្លែងក្លាយដែលនឹងមានឡើងនៅថ្ងៃចុងក្រោយនេះ ហើយនឹងព្យាយាមបោកបញ្ឆោតបុត្រាបុត្រីរបស់ព្រះ ( សូមមើល ម៉ាថាយ ២៤:២៤ ) ។ ព្រះអម្ចាស់បានពន្យល់ថា ទ្រង់នឹងលើកឡើងព្យាការីរបស់ទ្រង់ជានិច្ចតាមរយៈគំរូដែលបានបង្កើតឡើងដែលត្រូវបានស្គាល់នៅក្នុងសាសនាចក្រ ។ សូមអាន យ៉ូហាន ១០:១–២ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៣:៧ ។ តើវាមានន័យយ៉ាងដូចម្តេចដែលថាអ្នកបម្រើរបស់ព្រះអម្ចាស់នឹងមកតាមទ្វារ ? តើការដឹងថាវិវរណៈមកពីព្រះតែងតែមកតាមរយៈខ្សែបព្វជិតភាពដែលបានស្គាល់ ជួយអ្នកឲ្យចៀសផុតពីការបោកបញ្ឆោតដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយ ប្រធាន រ័សុល អិម ណិលសុន ជាមួយសមាជិកនៃក្រុមរបស់អ្នក ៖ « ការគាំទ្ររបស់យើង គឺជាការតាំងចិត្តផ្ទាល់ខ្លួនថា យើងនឹងខំធ្វើឲ្យអស់ពីសមត្ថភាពដើម្បីលើកតម្កើងអាទិភាពជាព្យាការីរបស់ពួកលោក ។ ការគាំទ្ររបស់យើង គឺជាសញ្ញាដូចជាការសន្យាមួយ ដែលយើងទទួលស្គាល់ការហៅរបស់ពួកលោកជាព្យាការី ដើម្បីមានសុពលភាព និងភ្ជាប់នឹងពួកយើង » ។ សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២២ ។ តើយើងអាចលើកអាទិភាពគណៈប្រធានទីមួយតាមរយៈ « ទំនុកចិត្ត សេចក្តីជំនឿ និងការអធិស្ឋាន » របស់យើងតាមវិធីណា [ ខ្លះ ] ?
ស្វែងយល់បន្ថែមទៀត
-
ម៉ាថាយ ១០:៤០; នីហ្វៃទី៣ ២៨:៣៤; គោលលទ្ធិ និងសេចក្ដីសញ្ញា ១:១៤; ១១២:២០ ៣០–៣២
-
« Chapter 11: Follow the Living Prophet » Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ២០១៤ ) ទំព័រ ១៤៧–១៥៤
ផ្នែកទី ៣
តួនាទីរបស់គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់
សមាជិកនៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់កាន់កូនសោទាំងឡាយនៃបព្វជិតភាពដែលចាំបាច់ ដើម្បីរៀបចំ និងដឹកនាំកិច្ចការរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( សូមមើល ម៉ាថាយ ១៦:១៦–១៩; គោលលទ្ធិ និងសេចក្ដីសញ្ញា ៨១:១–២ ) ។ ព្រះអម្ចាស់សន្យាថាអំណាចរបស់ទ្រង់នឹងអមជាមួយការសម្រេចចិត្តដែលធ្វើឡើងដោយសំឡេងរួមគ្នារបស់គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ក្បួនខ្នាតទូទៅ ចែង ៖ « សមាជិកទាំងអស់នៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់គឺជាព្យាការី អ្នកមើលឆុត និងជាអ្នកទទួលវិវរណៈ ។ ពួកលោកបង្កើតក្រុមប្រឹក្សានៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ជាមួយគ្នា ។ នៅក្រោមការដឹកនាំរបស់ព្រះអម្ចាស់ និងតាមរយៈសំឡេងជាឯកច្ឆន្ទ នោះក្រុមប្រឹក្សានេះមានសិទ្ធិអំណាច ដើម្បីប្រកាស និងបកស្រាយគោលលទ្ធិ និងបង្កើតគោលនយោបាយសម្រាប់សាសនាចក្រ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣៨; ១០៧:២៧–៣១ ) » ។
ដោយនិយាយអំពីគណៈប្រធានទីមួយ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀន ៖ « ប្រធានទាំងឡាយ ឬ គណៈប្រធាន [ ទីមួយ ]គឺគ្រប់គ្រងសាសនាចក្រ ។ ហើយវិវរណៈនៃគំនិត និងព្រះឆន្ទៈនៃព្រះចំពោះសាសនាចក្រ គឺមកតាមរយៈគណៈប្រធាននេះ ។ នេះគឺជាលំដាប់នៃស្ថានសួគ៌ និងអំណាច និងអភ័យឯកសិទ្ធិនៃអំណាចបព្វជិតភាព [ មិលគីស្សាដែក ] » ។
ខណៈដែលព្រះប្រទានវិវរណៈតាមរយៈពួកព្យាការី និងពួកសាវកដើម្បីដឹកនាំបុត្រាបុត្រីរបស់ទ្រង់ទាំងអស់ នោះបុគ្គលម្នាក់ៗអាចទទួលវិវរណៈផ្ទាល់ខ្លួនដើម្បីជួយពួកគេក្នុងតម្រូវការ ការទទួលខុសត្រូវ និងសំណួរជាក់លាក់ទាំងឡាយរបស់ពួកគេ ហើយជួយពង្រឹងដល់ទីបន្ទាល់របស់ពួកគេ ។ ការបំផុសគំនិតផ្ទាល់ខ្លួនដែលបានមកពីព្រះអម្ចាស់ នឹងតែងតែស្របនឹងវិវរណៈដែលព្រះបានប្រទានតាមរយៈពួកព្យាការីរបស់ទ្រង់ជានិច្ច ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
សាវកប៉ុលបានពន្យល់ថា ពូកសាវក និងពួកព្យាការីគឺជាមូលដ្ឋានគ្រឹះនៃសាសនាចក្រ ( សូមមើល អេភេសូរ ២:១៩–២០ ) ។ សូម អាន អេភេសូរ ៤:១១–១៤ តើពួកសាវក និងព្យាការីរបស់ព្រះអម្ចាស់ថែរក្សាយើងពី « គ្រប់អស់ទាំងខ្យល់នៃសេចក្ដី បង្រៀនបោក ហើយផាត់ចុះឡើង ដោយសេចក្ដីឆបោករបស់ផងមនុស្ស ហើយដោយឧបាយកល ? ( ខទី ១៤ ) ។
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ នែល អិល អាន់ឌើរសិន ជាមួយសមាជិកក្រុមរបស់អ្នក ៖
« មនុស្សមួយចំនួនមានមន្ទិលដល់សេចក្ដីជំនឿរបស់ពួកគេ នៅពេលពួកគេឃើញសេចក្ដីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយអ្នកដឹកនាំសាសនាចក្រម្នាក់ជាច្រើនទស្សវត្សរ៍កន្លងទៅដែលមើលទៅហាក់ដូចជា [ ខុស ] គ្នានឹងគោលលទ្ធិរបស់យើង ។ មានគោលការណ៍ដ៏សំខាន់មួយដែលគ្រប់គ្រងគោលលទ្ធិនៃសាសនាចក្រនេះ ។ គោលលទ្ធិនេះត្រូវបានបង្រៀនដោយសមាជិកទាំង ១៥ រូបនៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់ ។ វាមិនបានលាក់ទុកនៅក្នុងកថាខណ្ឌមិនច្បាស់នៃសន្ទរកថាមួយនោះទេ ។ គោលការណ៍ដ៏ពិតត្រូវបានបង្រៀនជាញឹកញាប់ ហើយដោយមនុស្សជាច្រើន ។ គោលលទ្ធិរបស់យើងមិនពិបាករកនោះទេ » ។
សូមអញ្ជើញសមាជិកក្រុមឲ្យពិភាក្សាអំពីរបៀបដែលយើងអាចស្គាល់គោលការណ៍នៃដំណឹងល្អពិត និងគោលលទ្ធិផ្លូវការរបស់សាសនាចក្រ ។
ស្វែងយល់បន្ថែមទៀត
-
អេម៉ុស ៣:៧;គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤:១២៥–១២៦
-
ដាល្លិន អេក អូក « The Sure Witness of Modern Prophets » Liahona ខែតុលា ឆ្នាំ២០២៣ ទំព័រ ៥–៧
-
ឌី ថត គ្រីស្តូហ្វឺសិន « The Doctrine of Christ » Liahona ខែឧសភា ឆ្នាំ២០១២ ទំព័រ ៨៦–៨៩
ផ្នែកទី ៤
យើងអាចស្វែងរកការបញ្ជាក់ខាងវិញ្ញាណនៃការហៅ និងប្រសាសន៍របស់ព្យាការី
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះអម្ចាស់ភ្ជាប់តួនាទីរបស់ព្យាការីរបស់ទ្រង់ទៅនឹង« អ្នកចាំយាម » ដែលមានទំនួលខុសត្រូវដើម្បីក្រើនរំឭកមនុស្សអំពីគ្រោះថ្នាក់ដែលមកដល់ ( សូមមើល អេសេគាល ៣៣:១–៧ ) ។ ក្នុងអំឡុងពេលនៃការបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ការប្រែចិត្ដ ( សូមមើល ម៉ាថាយ ៤:១៧; ៧:១៣–១៤; លូកា ៥:៣២ ) ។ ព្យាការីមានទំនួលខុសត្រូវក្នុងការប្រកាសសារលិខិតដូចគ្នា—ព្រមានប្រជាជនរបស់ព្រះអំពីផលវិបាកនៃអំពើបាប និងអំពើទុច្ចរិត ដោយការបង្រៀនពីតម្រូវការសម្រាប់ការប្រែចិត្ដ ( សូមមើល កិច្ចការ ១០:៤៣; គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៤–៥ ) ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « អ្នកអាចនឹងមិនយល់ការប្រកាសចេញពីព្យាការី ដែលកំពុងរស់នៅជានិច្ចនោះទេ ។ ប៉ុន្តែពេលអ្នកដឹងថា ព្យាការីគឺជាព្យាការី នោះអ្នកអាចចូលទៅជិតព្រះអម្ចាស់ដោយការបន្ទាបខ្លួន និងសេចក្ដីជំនឿ រួចទូលសូមសាក្សីផ្ទាល់ខ្លួនអំពីអ្វីគ្រប់យ៉ាង ដែលព្យាការីបានប្រកាស » ។
នៅថ្ងៃដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានរៀបចំ ព្រះអម្ចាស់បានបញ្ជាឲ្យរាស្ដ្ររបស់ទ្រង់ទទួលពាក្យសម្ដីនៃព្យាការីរបស់ទ្រង់ « ហាក់ដូចជាបានមកពីព្រះឱស្ឋ [ របស់ទ្រង់ ] ផ្ទាល់ ដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿគ្រប់យ៉ាង » ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២១:៤–៥ ) ។ ការណែនាំដ៏ទេវភាពនេះណែនាំថាវានឹងមិនតែងតែងាយស្រួលក្នុងការទទួលយកពាក្យសម្ដី ឬការបង្រៀនរបស់ព្យាការីនោះទេ ។ យើងអាចមិនទាន់ទទួលការបញ្ជាក់ខាងវិញ្ញាណភ្លាមៗអំពីសារៈសំខាន់នៃពាក្យសម្ដី ឬការបង្រៀនទាំងនោះ ។ នោះហើយជាមូលហេតុដែលព្រះអម្ចាស់រំឭកយើងឲ្យអនុវត្តសេចក្ដីអត់ធន់ និងសេចក្តីជំនឿខណៈពេលដែលយើងរង់ចាំការយល់ដឹងកាន់តែច្បាស់ ។ ព្រះអម្ចាស់បានសន្យាពរជ័យដ៏មហិមាដល់អស់អ្នកដែលនឹងជឿទុកចិត្ដលើព្យាការីរបស់ទ្រង់នៅក្នុងសេចក្ដីអត់ធន់ និងសេចក្តីជំនឿ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២១:៦ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ យើងបានអានអំពីណាម៉ាន់—ជាមេទ័ពនៃកងទ័ពរបស់សេ្ដចស៊ីរី ។ គាត់បានរងទុក្ខដោយសារជំងឺដែលហៅថាជំងឺឃ្លង់ ។ គាត់បានដឹងថាមានព្យាការីម្នាក់នៅក្នុងស្រុកអ៊ីស្រាអែលដែលមានអំណាចដើម្បីព្យាបាល ហើយណាម៉ាន់បានធ្វើដំណើរទៅជួបលោក ( សូមមើល ពង្សាវតារក្សត្រទី ២ ៥:១–៩ ) ។ សូមសិក្សា ពង្សាវតារក្សត្រទី ២ ៥:១០–១៤ ។ ហេតុអ្វីបានជាណាម៉ាន់ខកចិត្តដោយសារការណែនាំដែលបានផ្តល់ដោយព្យាការីរបស់ព្រះអម្ចាស់ ? តើនៅទីបំផុតមានអ្វីកើតឡើងដែលបណ្ដាលឲ្យណាម៉ាន់ធ្វើតាមពាក្យសម្ដីរបស់ព្យាការី ហើយបានជាសះស្បើយ ? តើអ្នកអាចអនុវត្តការណ៍នេះនៅក្នុងជីវិតរបស់អ្នកផ្ទាល់ដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ការជ្រើសរើសធ្វើតាមការណែនាំរបស់ព្យាការីរបស់ព្រះអម្ចាស់នាំមកនូវ សុវត្ថិភាព ។ ជាមួយសមាជិកក្នុងក្រុមរបស់អ្នក សូមអានសេចក្ដី ថ្លែងការណ៍ខាងក្រោមដោយប្រធាន ហែនរី ប៊ី អាវរិង ៖
« ជម្រើសនៃការមិនទទួលយកការទូន្មានរបស់ព្យាការី ប្ដូរជំហរដែលយើងឈរ ។ វាបណ្ដាលឲ្យមានគ្រោះថ្នាក់កាន់តែច្រើន ។ ការបរាជ័យក្នុងការធ្វើតាមដំបូន្មានរបស់ព្យាការីនាំឲ្យអំណាចដើម្បីទទួលបានដំបូន្មានដ៏បំផុសគំនិតត្រូវទន់ខ្សោយនៅពេលខាងមុខ ។ …
« គ្រប់ពេលនៅក្នុងជីវិតរបស់ខ្ញុំ នៅពេលខ្ញុំបានជ្រើសរើសពន្យារពេលធ្វើតាមពាក្យទូន្មានដ៏បំផុសគំនិត ឬសម្រេចចិត្តថា ខ្ញុំជាមនុស្សដែលមិនត្រូវការពាក្យទូន្មានទាំងនេះ នោះខ្ញុំបានដឹងថា ខ្ញុំធ្វើឲ្យខ្លួនឯងស្ថិតនៅក្នុងគ្រោះថ្នាក់ហើយ ។ គ្រប់ពេលដែលខ្ញុំបានស្ដាប់តាមការទូន្មានរបស់ព្យាការី ខ្ញុំទទួលអារម្មណ៍បញ្ជាក់នៅក្នុងការអធិស្ឋាន ហើយធ្វើតាមវា នោះខ្ញុំបានឃើញថា ខ្ញុំបានឆ្ពោះទៅទីសុវត្ថិភាពហើយ ។ នៅលើផ្លូវនោះ ខ្ញុំបានឃើញថាផ្លូវត្រូវបានរៀបចំទុកសម្រាប់ខ្ញុំ ហើយផ្លូវដែលគគ្រោតត្រូវបានធ្វើឲ្យរលោង ។ ព្រះបាននាំខ្ញុំទៅទីសុវត្ថិភាពនៅលើផ្លូវនេះ ជាផ្លូវដែលបានរៀបចំឡើងដោយសេចក្ដីស្រឡាញ់ដ៏ខ្វល់ខ្វាយ ដែលពេលខ្លះបានរៀបចំទុកអស់យ៉ាងយូរមកហើយ » ។
សូម អញ្ជើញសមាជិក ក្រុមចែកចាយរបៀបនានាដែលពួកគេអាចទទួលបានសុវត្ថិភាព និងការការពារកាន់តែខ្លាំង ដោយសារតែពួកគេបានជ្រើសរើសធ្វើតាមការទូន្មានរបស់ព្យាការី ។
ស្វែងយល់បន្ថែមទៀត
-
អេសាយ ៥៥:៨–៩; មរមន ៩:៧–៩; មាត្រានៃសេចក្តីជំនឿ ១:៩
-
អិម រ័សុល បាឡឺដ « God Is at the Helm » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ២៤–២៧
ធនធានផ្សេងទៀតអំពីព្យាការី
-
ធនធានសម្រាប់កុមារ