២០១៨
ការរៀនសូត្រ​តាម​របៀប​របស់​ព្រះអម្ចាស់
ខែ តុលា ២០១៨


ការរៀនសូត្រ​តាម របៀប​របស់​ព្រះអម្ចាស់

ដក​ស្រង់​ចេញ​ពី​សុន្ទរកថា​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​សម្រាប់​ប្រធាន​បេសកកម្ម​ថ្មី​នៅ​ថ្ងៃ​ទី ២៥ ខែ មិថុនា ឆ្នាំ ២០១៤ ។

ការយាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ធ្វើ​ជា​គ្រូ​បង្រៀន គឺជា​គោលបំណង​ចម្បង​មួយ​នៅក្នុង​លំនាំ​ទាំងអស់​របស់​ព្រះអម្ចាស់​សម្រាប់​ការរៀនសូត្រ ។

រូបភាព
two girls talking

ការពន្លឿន​នៃ​កិច្ចការ​របស់​ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​បន្ត​រៀនសូត្រ ផ្លាស់ប្តូរ និង​ឆ្ពោះទៅមុខ​ដោយ​សេចក្តីជំនឿ​លើ​ព្រះអង្គសង្គ្រោះ ។

គំរូ​អំពី​គ្រប់​ទាំង​អស់

នៅក្នុង​វិវរណៈ​មួយ​ដែល​បាន​ប្រទាន​ឲ្យ​ព្យាការី​យ៉ូសែប ស្ម៊ីធ នៅខែ មិថុនា ឆ្នាំ ១៨៣១ នោះ​ព្រះអម្ចាស់​បាន​ប្រកាស​ដូច្នេះ ៖ « យើង​នឹង​ប្រទាន​គំរូ​ដល់​អ្នក​អំពី​គ្រប់​ទាំង​អស់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​អាច​ត្រូវ​គេ​បញ្ឆោត​បាន ដ្បិត​សាតាំង​កំពុង​នៅ​ពាស​ពេញ​លើ​ដែនដី ហើយ​វា​ចេញ​ទៅ ដោយ​បញ្ឆោត​សាសន៍​នានា » ( គ. និង ស. ៥២:១៤ ) ។

គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​នូវគំរូ « មួយ » មិនមែន​គំរូ « មួយ » សម្រាប់ គ្រប់​ទាំង​អស់​នោះ​ទេ ។ ខ្ញុំ​ពុំ​ជឿ​ថា ព្រះអម្ចាស់​កំពុង​ប្រាប់​នូវ​ពាក្យ​ « គំរូ​អំពី​គ្រប់​ទាំង​អស់ » ថាទ្រង់​មាន​តែ​គំរូ​មួយ​ដើម្បី​ប្រើប្រាស់​នៅក្នុង​គ្រប់​ស្ថានភាព​នោះ​ទេ ។ ផ្ទុយ​ទៅវិញ របៀប​របស់​ព្រះអម្ចាស់​រួមមាន​គំរូ​ជា​ច្រើន​ដែល​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​សម្រេច​បាន​នូវ​វត្ថុ​បំណង​ខាង​វិញ្ញាណ​ផ្សេងៗ​គ្នា ។

គោលបំណង​ចម្បង​បំផុត​របស់​យើង​ក្នុងបទពិសោធន៍​នៃ​ការរៀនសូត្រ និង​ការបង្រៀន គួរតែ​ត្រូវបានកំណត់ និង​ប្រើ​គំរូ​នេះ ឬ​គំរូ​នានា​ដែល​បំពេញ​តម្រូវ​ការ​របស់​យើង​បាន​ល្អ​បំផុត ហើយ​សម្រេច​បាននូវ​លទ្ធផល​រៀនសូត្រ​ដែល​ប៉ង​ប្រាថ្នា ។

ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​គ្រូបង្រៀន

ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​សមាជិក​ទី​បី​នៃ​ក្រុម​ព្រះ និង​ជា​អ្នក​ផ្តល់​វិវរណៈ គ្រូបង្រៀន អង្គជា​ជំនួយ អង្គ​ដែល​ញែក​ចេញ​បរិសុទ្ធ ហើយ​ទ្រង់​នាំឲ្យ​យើង​ចងចាំ​នូវ​អ្វីៗ​ទាំងអស់ ( សូមមើល យ៉ូហាន ១៤:១៦–១៧, ២៦; នីហ្វៃ​ទី ៣ ២៧:២០ ) ។ អែលឌើរ ជេម អ៊ី ថាលម៉េហ្គ ( ឆ្នាំ ១៨៦២–១៩៣៣ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បានពន្យល់​ថា « តំណែង​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ការងារបម្រើ​របស់​ទ្រង់​ក្នុង​ចំណោម​មនុស្ស​ត្រូវបាន​ពិពណ៌នា​នៅក្នុង​ព្រះគម្ពីរ ។ ទ្រង់​គឺជា​គ្រូបង្រៀន​ដែល​ព្រះវរបិតា​បាន​បញ្ជូន​មក ហើយចំពោះអស់​អ្នក​ដែល​មាន​សិទ្ធិ​ដើម្បី​ទទួល​ការបង្រៀន​របស់​ទ្រង់ នោះ​ទ្រង់​នឹង​បើក​សម្តែង​នូវ​គ្រប់អ្វីៗ​ទាំងអស់​ដែល​ចាំបាច់​សម្រាប់​ការលើកតម្កើង​ព្រលឹង » ។ ការយាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ធ្វើ​ជា គ្រូ​បង្រៀន​នោះ គឺជា​គោលបំណង​ចម្បង​មួយ​នៅក្នុង​លំនាំ​ទាំងអស់​របស់​ព្រះអម្ចាស់​សម្រាប់​ការរៀនសូត្រ និង​ការបង្រៀន ។

រូបភាព
young woman reading Preach My Gospel

អ្នក​រៀនសូត្រ​ដែល​អនុវត្តសិទ្ធិជ្រើសរើស​ខាងសីលធម៌ ហើយ​អនុវត្ត​ស្រប​តាម​គោលការណ៍​ត្រឹមត្រូវ បើក​ដួងចិត្ត​ពួកគេចំពោះ​ព្រះវិញ្ញាណបរិសុទ្ធ — ហើយ​អញ្ជើញ​ការបង្រៀន​របស់​ទ្រង់ អំណាច​នៃ​ការថ្លែង​ទីបន្ទាល់ និង​សាក្សី​បញ្ជាក់​របស់​ទ្រង់ ។ … ការរៀនសូត្រ​ជាមួយ និង​ដោយ​សេចក្ដី​ជំនឿ​តម្រូវ​ឲ្យ​មាន​កិច្ចខិត​ខំ​ខាង​វិញ្ញាណ ខាង​សតិអារម្មណ៍ និង ខាង​រូបកាយ ហើយ​ពុំ​មែន​គ្រាន់​តែ​ជា​ការទទួល​ដោយ​ភាព​អកម្ម​នោះ​ទេ ។ នៅ​ក្នុង​សេចក្តី​ស្មោះត្រង់ និង​ភាពខ្ជាប់ខ្ជួន​នៃ​សកម្មភាព​ដែល​បាន​បំផុស​គំនិត​យើង​ឲ្យ​មាន​សេចក្ដី​ជំនឿ នោះ​យើង​បង្ហាញ​ចំពោះ​ព្រះវរបិតា​សួគ៌ និង​ព្រះរាជ​បុត្រា​របស់​ទ្រង់​ព្រះយេស៊ូវ​គ្រីស្ទ នូវ​ការស្ម័គ្រ​ចិត្ត​របស់​យើង​ដើម្បី​រៀន និង​ទទួល​យក​ការបង្ហាត់​បង្រៀន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​ពិចារណា​អំពីរបៀប​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជួយ​សាសនាគន់ការី​រៀន​ដោយ​សេចក្តីជំនឿ ។ ការធ្វើ និង​ការរក្សា​ការតាំងចិត្ត​ខាង​វិញ្ញាណ ដូចជា​ការសិក្សា និង​ការអធិស្ឋាន​អំពី​ព្រះគម្ពីរ​មរមន ការរក្សា​បទបញ្ញត្តិ និង​ការចូលរួម​ការប្រជុំ​សាសនាចក្រ​តម្រូវ​ឲ្យ​សាសនាគន់ការី​អនុវត្ត​សេចក្តីជំនឿ ហើយ​ធ្វើ​សកម្មភាព ។ គោលការណ៍​នេះ​ក៏​អនុវត្ត​ចំពោះ​សមាជិក​ទាំងអស់ រួមទាំង​ឪពុកម្តាយ គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ​ផងដែរ ។

ការបង្រៀន ការដាស់តឿន និង​ការពន្យល់ — គឺ​សំខាន់ — តែ​ពុំ​អាច​ផ្លាស់ប្តូរ​សាសនាគន់ការី កុមារ សិស្ស ឬ​សមាជិក​នូវ​សាក្សីនៃសេចក្ដីពិត​ដ៏ពេញ​លេញ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​ឡើយ ។ លើកលែង​តែ​នៅពេល​សេចក្តីជំនឿ​របស់​ពួកគេចាប់ផ្តើម​សកម្មភាព ហើយ​បើក​ផ្លូវ​ទៅដល់​ដួងចិត្ត ដែល​អាច​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​នាំ​មក​នូវ​សាក្សី​បញ្ជាក់​នោះ ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ឪពុក​ម្ដាយ គ្រូ​បង្រៀន និង​ថ្នាក់ដឹកនាំ​ត្រូវតែ​រៀន​ជា​ប្រាកដ ដើម្បី​បង្រៀន​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប៉ុន្តែ​ភាព​សំខាន់​ស្មើ​គ្នា​នោះ​គឺ​ការទទួលខុសត្រូវ​ដែល​ពួកគេ​មាន​ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​រៀន​ដោយ​ខ្លួន​ពួកគេ​តាមរយៈ​សេចក្តីជំនឿ ។

ការរៀនសូត្រ​ដែល​ខ្ញុំ​កំពុង​ពិពណ៌នា​នេះ វា​មាន​កម្រិត​ហួស​ពី​ការយល់​ដឹង ហើយ​រក្សា​ទុក និង​ចងចាំ​អំពី​ព័ត៌មាន ។ ប្រភេទ​ការរៀនសូត្រ​ដែល​ខ្ញុំ​កំពុង​និយាយ​នេះ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ឡើង​ចំពោះ​ព្រះ ( សូមមើល អាលម៉ា ៥:៧ ) សម្រាត​ភាព​ខាង​សាច់ឈាម​ចេញ ( សូមមើល ម៉ូសាយ ៣:១៩ ) ផ្លាស់ប្តូរ​ដួងចិត្ត​របស់​យើង ( សូមមើល ម៉ូសាយ ៥:២ ) ហើយ​បាន​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ និង​ពុំ​បោះបង់​ចោល​សាសនា​ឡើយ​ ( សូមមើល អាលម៉ា ២៣:៦ ) ។ ការរៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ តម្រូវ​ឲ្យមាន​ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម ( សូមមើល គ. និង ស. ៦៤:៣៤ ) ហើយ​ជា​លទ្ធផល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​នាំ​ព្រះចេស្ដា​នៃ​ព្រះបន្ទូល​ព្រះ​មក​កាន់​ដួង​ចិត្ត​ផង និង​ចូល​ដល់​ក្នុង​ដួងចិត្ត​ផង ។ ការ​រៀនសូត្រ​ដោយ​សេចក្ដីជំនឿ ពុំអាច​ត្រូវ​បាន​ផ្ទេរ​ពី​គ្រូបង្រៀន​ទៅ​សិស្ស​ម្នាក់ ពី​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ទៅ​សាសនាគន់ការី​ម្នាក់ តាមរយៈ​ការ​បង្រៀន ការ​បង្ហាញ ឬ​តាមសកម្មភាព​ក្នុង​ថ្នាក់រៀន​ទេ តែ​សិស្ស​ម្នាក់​ត្រូវ​តែ​អនុវត្ត​សេចក្ដីជំនឿ និងធ្វើ​សកម្មភាព ដើម្បី​ទទួលបាន​ចំណេះ​ដឹង​សម្រាប់​ខ្លួនគាត់ ។

គំរូ​សម្រាប់​ការរៀនសូត្រ និង​ការបង្រៀន

១. រៀប​ចំ​ខ្លួន​រៀន ប្រសិនបើ​អ្នក​ចូលរួម​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ហើយ​ស្តាប់​គ្រូបង្រៀន​របស់​អ្នក​បង្ហាញ​ប្រធានបទ​មួយ​ នោះគឺជា​ការល្អ​ណាស់ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​បាន​ធ្វើការ ហើយ​រៀបចំ ប្រសិនបើ​អ្នក​កំពុង​គិត​អំពី​អ្វី​ដែល​គ្រូបង្រៀន​របស់​អ្នក​បាន​អញ្ជើញ​អ្នក​ឲ្យ​អាន ពិចារណា និង​អធិស្ឋាន​ពីមុនមក​រៀន នោះ​អាច​មាន​ការចាក់ស្រោច​ព្រះវិញ្ញាណ​ដ៏​មាន​អនុភាព ហើយ​ព្រះវិញ្ញាណបរិសុទ្ធ​ក្លាយ​ជា​គ្រូបង្រៀន​របស់​អ្នក ។ ការរៀបចំ​អញ្ជើញ​ឲ្យ​មាន​វិវរណៈ ។

២. រួម​ចំណែក​ដើម្បី​ឲ្យ​ស្អាង​ឡើង ខ្ញុំចង់​ឲ្យ​អ្នក​យកចិត្ត​ទុកដាក់​នឹង​ខគម្ពីរ​នេះ ។ « តាំង​គ្រូបង្រៀន​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ចូរ​កុំឲ្យ​ទាំងអស់​គ្នា​និយាយ​ព្រម​គ្នា​ឡើយ ប៉ុន្តែ​ចូរ​និយាយ​ម្នាក់​ម្ដង ហើយ​ចូរ​ឲ្យ​ទាំងអស់​គ្នា​ស្ដាប់​ពាក្យ​សម្ដី​របស់​អ្នក​នោះ ប្រយោជន៍​កាលណា​ទាំង​អស់​គ្នា​និយាយ នោះ​ទើប​ឲ្យ​ទាំង​អស់​បាន​ស្អាងឡើង​ទាំងអស់គ្នា ហើយ​ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់រូប​អាច​បាន​សិទ្ធិ​ស្មើគ្នា » ( គ. និង ស. ៨៨:១២២ ) ។

រូបភាព
young man teaching

នេះ​គឺជា​គំរូ​ដ៏​មាន​អនុភាព​មួយ​របស់​ព្រះអម្ចាស់​សម្រាប់​ការរៀនសូត្រ និង​ការបង្រៀន ។ ខ្ញុំ​សូម​ផ្តល់​យោបល់​នូវ​វិធី​មួយ​នៃ​ការមើល​ខគម្ពីរ​នេះ « តាំង​គ្រូបង្រៀន​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា » ។ តើ​នរណា​ជា​គ្រូបង្រៀន ? ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​វា​អាច​ទេ ប្រសិនបើ​អ្នក​ចង់​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្លាយ​ជា​គ្រូបង្រៀន​របស់​អ្នក នោះ « ចូរ​កុំឲ្យ​ទាំងអស់​គ្នា [ និយាយ ] ព្រម​គ្នា​ឡើយ ប៉ុន្តែ​ចូរ​និយាយ​ម្នាក់​ម្ដង ហើយ​ចូរ​ឲ្យ​ទាំងអស់​គ្នា​ស្ដាប់​ពាក្យ​សម្ដី​របស់​អ្នក​នោះ ប្រយោជន៍​កាលណា​ទាំង​អស់​គ្នា​និយាយ នោះ​ទើប​ឲ្យ​ទាំង​អស់​បាន​ស្អាងឡើង​ទាំងអស់គ្នា ? » បុគ្គល​ម្នាក់​ដែល​អាច​បង្កើត​ការស្អាង​ឡើង​នោះ​មាន​តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ។

ការចូលរួម​ដើម្បី​ស្អាង​ឡើង​អញ្ជើញ​ឲ្យ​មាន​វិវរណៈ ។ បច្ចុប្បន្ននេះនៅក្នុងសាសនាចក្រ ពួកយើងកំពុងតែរៀន និងអនុវត្តការកាន់តែឆាប់ដឹង ភាពហ្មត់ចត់​ខាង​វិញ្ញាណ និង​គំរូ​នៃ​តម្រូវការ​ក្នុង​ការរៀនសូត្រ និង​ការបង្រៀន ។ តើ​យើង​នឹង​ធ្វើ​ជានិច្ច​នូវ​អ្វី​ដែល​តែងតែ​ធ្វើ ហើយ​ទទួល​លទ្ធផល​ដដែលៗ​ដែល​យើង​ធ្លាប់​ទទួល​ដែរ​ឬទេ ឬ​តើ​យើង​នឹង​ប្រែចិត្ត ហើយ​រៀន និង​ផ្លាស់ប្តូរ ហើយ​បង្រៀន​តាម​របៀប​របស់​ព្រះអម្ចាស់​កាន់តែ​ច្រើន​ឡើង​ដែរ​ឬ​ទេ ?

៣. អញ្ជើញ​ឲ្យ​អនុវត្ត គ្រាន់តែ​សំណួរ​សាមញ្ញ​មួយអាច​ជួយ​ឲ្យ​សម្រេច​បាន​គោលដៅ​នេះ ។ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​ជាមួយ​នឹង​អ្វី​ដែល​អ្នក​បាន​រៀន​នេះ ? ការអនុវត្ត​តាម​វិវរណៈ​អញ្ជើញ​វិវរណៈ​កាន់តែ​ច្រើន​ឡើង ។

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ពួកយើង​រក្សា​ល្បឿន​ជាមួយ​ការពន្លឿន​របស់​ព្រះអម្ចាស់ ថា​យើង​នឹង​ពុំ​គ្រាន់តែ​ធ្វើ​នូវ​អ្វី​ដែល​សាមញ្ញ​ៗ​ដូចដែល​យើង​ធ្លាប់​បាន​ធ្វើ​វា​ឡើយ ។

ខ្ញុំ​សូម​ប្រកាស​ជា​សាក្សី​អំពី​ភាពពិតប្រាកដ​នៃព្រះជន្ម​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សីថា ទ្រង់​មាន​ព្រះជន្ម​រស់ ។ ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើ​ង​វិញ ។ ទ្រង់​គង់​នៅ​ជា​ប្រមុខ​នៃ​សាសនាចក្រ​នេះ ហើយ​ទ្រង់​ដឹកនាំ​កិច្ចការ​សាសនាចក្រ​នេះ ។ ទ្រង់​កំពុង​អង្វរករ​យើង​ម្នាក់ៗ​ឲ្យ​រក្សា​ល្បឿន​ជាមួយ​នឹង​ការពន្លឿន​កិច្ចការរបស់​ទ្រង់ ហើយ​ធ្វើ​តាម​គំរូ​ដែល​ទ្រង់​បាន​គូសដាន​មក​សម្រាប់​ការរីកចម្រើន និង​ការរៀនសូត្រ​របស់​យើង ។

កំណត់​ចំណាំ

  1. ជេម អ៊ី ថាលមេច Articles of Faith 12th បាន​បោះពុម្ព ( ឆ្នាំ ១៩២៤ ) ទំព័រ ១៦២ ។