២០១៨
តើ​ព្រះ​អម្ចាស់​ទ្រង់​មាន​សេចក្ដី​មេត្តាករុណា​យ៉ាង​ណា
ខែ តុលា ២០១៨


តើ​ព្រះ​អម្ចាស់ ទ្រង់​មាន​សេចក្ដី​មេត្តាករុណា​យ៉ាង​ណា

ភាគ​ថ្មី​ជាច្រើន​ស្តីពី​ប្រវត្តិ​សាសនាចក្រ​នឹង​ជួយ​យើង​ឲ្យ​រក្សាសេចក្តីសញ្ញា​របស់យើង តាមរយៈ​ការពង្រីក​ការចងចាំ​របស់​យើង​អំពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​សម្រាប់​ពួកយើង ។

រូបភាព
holding Saints book

នៅ​គ្រា​ដំបូង​ក្នុងរយៈពេល​ជិត​មួយរយ​ឆ្នាំ នោះ​ភាគ​ថ្មី​ជាច្រើន​ស្តីពី​ប្រវត្តិ​សាសនាចក្រ ត្រូវបាន​បោះពុម្ព​ផ្សាយ​ក្រោម​ការដឹកនាំ​របស់​គណៈប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ដែល​មាន​ចំណង​ជើង​ថា ពួកបរិសុទ្ធ ៖ ដំណើរ​រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ថ្ងៃ​ចុង​ក្រោយ ប្រវត្តិ​និទានកថា​នេះ​ប្រាប់​រឿង​ពិត​អំពី​មនុស្ស​សាមញ្ញ​ដែល​បាន​ក្លាយ​ជា​ពួកបរិសុទ្ធ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ូសាយ ៣:១៩ ) ។ ភាគ​ទី​មួយ បទដ្ឋាននៃ​សេចក្តីពិត ១៨១៥–១៨៤៦ ឥឡូវ​នេះ​ត្រូវបាន​បញ្ចប់ ហើយ​បកប្រែ​ជា ១៤ ភាសា​សម្រាប់​ការបោះពុម្ព​ចែក​ផ្សាយ​ដល់​តំបន់​ជា​ច្រើន​នៃ​ពិភពលោក ។

សៀវភៅ ពួកបរិសុទ្ធ គឺជា​ដំណើរ​រឿង​ស្តីពី​របៀប​ដែល​ព្រះ​បាន​ស្តារ​សេចក្តីពិត​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ដោយសារ​តែ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់ ។ វា​បង្ហាញ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ស្តារ​ដំណឹងល្អ​របស់​ទ្រង់ ដើម្បី​ប្រទាន​សេចក្តីសង្ឃឹម និង​ភាពសុខសាន្ត​នៅក្នុង​គ្រា​ដ៏​ស្មុគស្មាញ ការសាកល្បង និង​ការរងទុក្ខ ។ វា​ក៏​បង្ហាញ​អំពី​របៀប​ដែល​សេចក្តីសញ្ញា​ដែល​បាន​ស្តារ​ឡើងវិញ ដឹកនាំ​ទៅ​រក​ភាពតម្កើង​ឡើង​តាមរយៈព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។

អ្នក​អាច​រំពឹង​គិត​ថា ដំណើររឿង​នេះ​ចាប់ផ្តើម​ជាមួយ​នឹង​យ៉ូសែប ស៊្មីធ ប៉ុន្តែ​សៀវភៅ ពួកបរិសុទ្ធ ចាប់ផ្តើម​នៅក្នុង​ឆ្នាំ ១៨១៥ ជាមួយ​នឹង​បន្ទុះ​ភ្នំភ្លើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​បណ្តាល​ឲ្យ​មាន​ការស្លាប់ ជំងឺ និង​ផល​ប៉ះពាល់​ជា​សកល ។ ចំណុច​ចាប់ផ្តើមនេះ​ត្រូវបាន​ជ្រើសរើស​នៅក្នុង​ពន្លឺ​នៃ​អ្វី​ដែល​ព្រះអម្ចាស់បាន​បើក​សម្តែង​អំពី​របៀប​ដែល​ទ្រង់​បាន​ស្តារ​សេចក្តីសញ្ញា​ ដែល​ចងភ្ជាប់ពួកយើង​ទៅ​នឹង​ព្រះអង្គសង្គ្រោះ ហើយ​ធ្វើ​ឲ្យ​យើង​យក​ឈ្នះ​លើ​បញ្ហា​ទាំងអស់​ក្នុង​ជីវិត ។

« យើង​ជា​ព្រះអម្ចាស់​ដោយ​ជ្រាប​នូវ​គ្រោះ​ដែល​នឹង​មាន​មក​លើ បណ្តា​ជន​ទាំងឡាយ​នៅ លើ​ផែនដី​នោះ​បាន​ហៅ យ៉ូសែប ស៊្មីធ ជុញ្ញ័រ​ជា​អ្នក​បម្រើ​របស់​យើង ហើយ​បាន​និយាយ​មក​កាន់​លោក​ពីលើ​ស្ថាន​សួគ៌ ហើយ​បាន​ប្រទាន​ព្រះបញ្ញត្តិ​ទាំងឡា​យ​ដល់​លោក …

ដើម្បី​ឲ្យ​សេចក្តីសញ្ញា​ដ៏​អស់កល្ប​អស់​កាល​ជានិច្ច​របស់​យើង​អាច​បាន​តាំង​ឡើង » ( គ. និង ស. ១:១៧, ២២ ) ។

ចេញ​មក​ពី​ការបើក​ឆាក​នៃ​ច្បាប់​ចេញ​ផ្សាយ​នេះ​រហូត​ដល់​ការបោះពុម្ព​ចែក​ផ្សាយ​របស់​វា​ទូទាំង​ពិភពលោក នោះ​សៀវភៅ ពួកបរិសុទ្ធ ផ្តល់​សញ្ញា​បង្ហាញ​ដល់​បុត្រាបុត្រី​របស់​ព្រះ​គ្រប់​ទីកន្លែងថា វា​ជា​ដំណើររឿង​នៃ​សេចក្តីសញ្ញា​របស់​ពួកគេ​ជាមួយ​ព្រះ ដែល​ត្រាស់​ដឹង​អំពី​សេចក្តីលំបាក​របស់​ពួកគេ ។ តាមរយៈ​ព្យាការី​របស់​ទ្រង់ ព្រះ​បាន​រំឭក​សេចក្តីសញ្ញា​ថា កុំ​ឲ្យ​កម្ចាត់​អំពើ​អាក្រក់ ទុក្ខព្រួយ ការរង​ទុក្ខ និង​បែកចេញ​ពី​គ្នានៅ​ពេល​មរណៈ​ឡើយ ប៉ុន្តែ​សន្យា​ប្រទាន​ការព្យាបាល​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ញែកចេញ​ជា​បរិសុទ្ធ និងផ្តល់​ដល់​ជីវិត​របស់​យើងនូវ​អត្ថន័យ​ដ៏​មហស្ចារ្យ និង​អះអាង​ដល់​យើង​ថា ទំនាក់ទំនង​ដែល​យើង​រីករាយ​នៅលើ​ផែនដី​នេះ​អាច​បន្ត​មាន​រហូត​ដល់​អស់​កល្ប​ជានិច្ច « រួបរួម​ដោយ​សិរី​ល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( សូមមើល គ. និង ស. ១៣០:២ ) ។

ជំពូក​ទាំង​ប្រាំ​បី​ដំបូង​នៃ បទដ្ឋាន​នៃ​សេចក្តីពិត ត្រូវបាន​បោះពុម្ព​ផ្សាយ​នៅក្នុង​ច្បាប់​ចេញ​ផ្សាយ​នៃ​ទស្សនាវដ្តី​នេះ​ពេញ​មួយ​ឆ្នាំ ។ ច្បាប់​ចេញ​ផ្សាយ​ខែ​នេះ រួម​មាន​នូវ​សេរី​នៃ​ជំពូក​មក​ពី​សៀវភៅ ពួកបរិសុទ្ធ ប៉ុន្តែ​ដំណើរ​រឿង​បន្ត​មាននៅគេហទំព័រ saints.lds.org នៅក្នុង​កម្មវិធី Gospel Library និង​នៅក្នុង​ការបោះពុម្ព ( បញ្ជា​ទិញ​តាមរយៈ​គេហទំព័រ store.lds.org ) ។ ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​បន្ត​អាន​វា​នៅក្នុង​បណ្តាញ​ទាំង​នេះ ។

លំនាំ និង​ផែនការ​របស់​ព្រះ

សៀវភៅ ពួកបរិសុទ្ធ បន្ត​លំនាំ​របស់​ព្រះ​ដែល​ពួកព្យាការី​ប្រើប្រាស់​ពេលអតីតកាល​ដែល​ជា​ផ្នែក​នៃ​ការងារ​បម្រើ​របស់​ពួកលោក ​ដើម្បី​ជួយ​យើង​រៀន​អំពី​របៀប​ដែល​យើង​ជា​នរណា និង​ឃើញ​គោលបំណង​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង ។ នៅក្នុង​ព្រះគម្ពីរ ពួកព្យាការី​ជាច្រើន​ចាប់ផ្តើម​ការបង្រៀន​របស់​ពួកលោក តាមរយៈ​ការដំណាល​រឿង​នានា​អំពី​សេចក្តីមេត្តា​ករុណា​របស់​ព្រះ​ចំពោះ​ជីដូនជីតា​របស់​ពួកគេ ។ មរ៉ូណៃ​បាន​ដាស់តឿន​អ្នក​អាន​ព្រះគម្ពីរ​មរមន​ឲ្យ « នឹក​ឃើញ​ថា តើ​ព្រះ​អម្ចាស់​ទ្រង់​មាន​សេចក្ដី​មេត្តាករុណា​យ៉ាង​ណា » ពេញ​មួយ​ប្រវត្តិសាស្ត្រ « ហើយ​សូម​រំពឹងគិត​នៅ​ក្នុង​ចិត្ត​អ្នក​ចុះ »​ ( មរ៉ូណៃ ១០:៣ ) ។ ការសញ្ជឹង​គិត​អំពី​សេចក្តីល្អ​របស់​ព្រះ​រៀបចំ​យើង​ឲ្យ​ទទួល​ទីបន្ទាល់​អំពី​ព្រះវិញ្ញាណ ដែល​បង្រៀន​យើង « អំពី​រឿង​ទាំង​ឡាយ តាម​ដែល​មាន​នៅ​ពេល​នេះ ហើយ​អំពី​រឿង​ទាំង​ឡាយ តាម​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ » ( យ៉ាកុប ៤:១៣ សូមមើល​ផងដែរ មរ៉ូណៃ ១០:៤–៥ ) ។

រូបភាព
dad holding children

ការដឹង​ថា ព្រះមាតាបិតាសួគ៌​របស់​យើង​បាន​ដាក់​ផែនការ​សម្រាប់​សុភមង្គល និង​ភាពតម្កើង​ឡើង​ដ៏​សំខាន់​បំផុត​របស់​យើង ផ្តល់​ឲ្យ​យើង​នូវ​ទស្សនវិស័យ​ ផ្តល់​អត្តសញ្ញាណ​ដល់​យើង​ក្នុង​នាម​ជា​បុត្រាបុត្រី​ជាទីស្រឡាញ់​នៃ​ព្រះ​មាតាបិតាសួគ៌ ហើយ​បង្កើន​ទំនុកចិត្ត​របស់​យើង​លើ​ព្រះអម្ចាស់ ទោះបី​ជា​នៅ​គ្រា​នៃ​ទុក្ខ​វេទនា​ក្តី ។ ការចងចាំ​អំពី​សេចក្តីល្អ​នៃ​ព្រះអម្ចាស់​ក៏​អាច​ជួយ​ការពារ​យើង​ប្រឆាំង​ភាពឆ្មើងឆ្មៃ និង​គ្រោះថ្នាក់​នៃ​ភាពចម្រុងចម្រើន ។ មរមន​បាន​សរសេរ​អំពី​គ្រា​មួយ នៅពេល​ពួកសាសន៍​នីហ្វៃ « ចាប់​ផ្ដើម​ដុះដាល មាន​ទ្រព្យ​ច្រើន​ជា​អតិបរមា » ។ ប៉ុន្តែ​ពុំ​ដូចជា​គ្រា​ផ្សេងទៀត​នៅក្នុង​ព្រះគម្ពីរ​មរមន​ឡើយ នៅពេល​ប្រជាជន​បាន​អនុញ្ញាត​ឲ្យ​ភាពឆ្មើងឆ្មៃ និង​ទ្រព្យ​សម្បត្តិ​នាំ​ឲ្យ​ពួកគេ​ធ្លាក់​ចុះ នោះ​ពួកគេ​បាន​ដើរ​តាម​ផ្លូវ​មួយ​ផ្សេង​ទៀត​នា​លើក​នេះ ៖ « ប៉ុន្តែ​ទោះ​ជា​គេ​មាន​ទ្រព្យ​ដ៏​ស្តុក​ស្ដម្ភ ឬ​មាន​កម្លាំង ឬ​មាន​ការ​ចម្រើន​ក្ដី គង់តែ​ពួក​គេ​ពុំ​លើក​ខ្លួន​ឡើង​ក្នុង​ការ​ឆ្មើងឆ្មៃ​នៃ​ភ្នែក​របស់​គេ​ទេ ហើយ​ពួក​គេ​ក៏​មិន​កម្រ​នឹក​ឃើញ​ដល់​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ​ដែរ ប៉ុន្តែ​ពួក​គេ​បាន​បន្ទាប​ខ្លួន​ជា​ខ្លាំង​នៅ​ចំពោះ​ទ្រង់ » ។ ពួកគេ​បាន​រក្សា​សេចក្តីសញ្ញា​របស់​ខ្លួន ហើយ​បន្ត​នៅ​សុចរិត ដោយសារ « ពួក​គេ​បាន​នឹក​ឃើញ​ដល់​កិច្ចការ​ដ៏​អស្ចារ្យ​ទាំង​ឡាយ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ​ដើម្បី​ពួក​គេ​ » ( សូមមើល អាលម៉ា ៦២:៤៨–៥០ ) ។

សៀវភៅ ពួកបរិសុទ្ធ បង្រៀន​មេរៀន​ដូច​គ្នា​នេះ និង​អ្វីៗ​ជាច្រើន​ទៀត ។ សៀវភៅ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ឃើញ​ជំនួយ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​អ្នក នៅពេល​អ្នក​ដក​បទពិសោធន៍​ដោយ​ប្រយោល​អំពី​ការសាកល្បង​នៃ​សេចក្តីជំនឿ ការឈឺចាប់ និង​អំណរ វិវរណៈ និង​ដំណោះស្រាយ​នៃ​មនុស្ស​ដែល​មិនល្អ​ឥតខ្ចោះ​ដែល​ស្រឡាញ់​ព្រះអម្ចាស់ និង​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ទ្រង់ ។

នៅពេល​អ្នក​អាន អ្នក​នឹង​រកឃើញ​ការយល់ដឹង និង​អត្ថន័យ​ថ្មីៗ ទោះបី​នៅក្នុង​រឿង​ដែល​អ្នក​ធ្លាប់​ឮ​ពីមុន​ក្តី ។ គ្មាន​ឆុតឆាក​ណា​នៅក្នុង​ប្រវត្តិ​សាស្ត្រ​សាសនាចក្រ​ដែល​គេស្គាល់​ប្រសើរ​ជាង​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស៊្មីធ ឡើយ ប៉ុន្តែ​សៀវភៅ ពួកបរិសុទ្ធ ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​យ៉ូសែប​ពុះពារ​ដោះស្រាយ​នូវ​អ្វី​ដែលលោក​មាន​នៅក្នុង​ចិត្ត​លោក​ជាមួយ​អ្វី​ដែល​លោក​បាន​គិត​នៅក្នុង​គំនិត​លោក ។

បំណង​ប្រាថ្នា​ដ៏​ស្មោះត្រង់​របស់​យ៉ូសែប​ដើម្បី​ទទួល​ការអភ័យទោស​ពី​ព្រះអង្គសង្គ្រោះ​ពុំ​បាន​បំពេញ​ឡើយ ដោយសារ​លោក​បាន​សង្កេត​ឃើញ​ថា គ្មាន​ព្រះវិហារ​ណា​មួយ​បង្រៀន « ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ដូច​មាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ឡើយ » ។ នៅក្នុង​ចិត្ត​របស់​លោក យ៉ូសែប​បាន​ពិចារណា​ថា តើ​ព្រះវិហារ​ណា​មួយ​ត្រឹមត្រូវ ឬ​ព្រះវិហារ​ទាំង​នោះ​សុទ្ធ​តែ​ខុស​ទាំង​អស់ ។ ក្នុង​ចិត្ត​របស់​លោក​ លោក​បាន​សង្ឃឹម​យ៉ាង​ខ្លាំង​ថា ពិតជា​មាន​ព្រះវិហារ​ណា​មួយ​ពិត ដើម្បី​គាត់​អាច​រកឃើញ​ភាពសុខសាន្ត​ដែល​គាត់​ស្វែងរក ។ ជាមួយ​នឹង​គំនិត និង​ដួងចិត្ត​ដែល​ត្រូវ​គ្នា នោះ​យ៉ូសែប​បាន​ដឹង​ថា លោក​អាច​ទូល​សួរ​ព្រះ ។ លោក​បាន​ទៅ​ព្រៃ​ដើម្បី​អធិស្ឋាន ។ នៅ​ទីនោះ លោក​បាន​ឃើញ​ព្រះវរបិតា និង​ព្រះរាជបុត្រា ដែល​បាន​អភ័យទោស​ឲ្យ​លោក ហើយ​បាន​ដោះស្រាយ​ទ្វេ​គ្រោះ​របស់​លោក​ក្នុង​របៀប​មួយ​ដែល​លោក​ពុំ​ធ្លាប់​ស្រមៃ​ដល់ ។

យ៉ូសែប ក្រុមគ្រួសារ​របស់​លោក និង​មនុស្ស​ជាច្រើន​ផ្សេង​ទៀត​ដែល​ទទួល​យក​សេចក្តីសញ្ញា​ដែល​ស្តារ​ឡើង​វិញ​របស់​ព្រះអម្ចាស់ ចង់​ទទួល​សេចក្តីស្រឡាញ់​របស់​ព្រះ​សម្រាប់​ពួកគេ រៀន​អំពី​របៀប​ដែល​ពួកគេ​អាច​ខិតកាន់តែ​ជិត​ទ្រង់ និង​ព្យាបាល​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជាទីស្រឡាញ់ ។ សៀវភៅ ពួកបរិសុទ្ធ ប្រាប់​អំពី​រឿង​របស់​ពួកគេ ។

ការទុកចិត្ត​លើព្រះអម្ចាស់​អំឡុង​គ្រា​សាកល្បង

ភាគ​ទី ១ នៃ​សៀវភៅ ពួកបរិសុទ្ធ រួមមាន​រឿង​ដ៏​រំជួល​ចិត្ត​អំពី អាម៉ានដា បាណេស ស្ម៊ីធ និង​គ្រួសារ​របស់គាត់ ដែល​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ហើយ​បាន​ធ្វើ​តាម​ព្រះទ័យ​របស់​ទ្រង់ ។​ ស្វាមី​របស់​អាម៉ានដា និង​កូន​ប្រុស​ម្នាក់​របស់​គាត់​ត្រូវបាន​គេ​សម្លាប់​យ៉ាង​ឃោរឃៅ​ជាមួយ​នឹង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ១៥ នាក់​ដទៃ​ទៀត ដែល​បាន​បោះជំរំ​នៅ​ក្នុង​ការតាំងទីលំនៅ​តូច​មួយ​នៅ ស្សូល គ្រិគ ក្នុង​រដ្ឋ​មិសសួរី ។ ព្រះអម្ចាស់​គាំទ្រ​អាម៉ានដា​តាមរយៈបទពិសោធន៍​ដ៏​អាក្រក់​នោះ បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​គាត់ បាន​ប្រទាន​ភាពក្លាហាន និង​ធ្វើ​ឲ្យ​គាត់​អាច​ព្យាបាល​កូន​ប្រុស​ដែល​មាន​របួស​ដ៏​ធ្ងន់ធ្ងរ​របស់​គាត់ ។

សៀវភៅ ពួកបរិសុទ្ធ បង្ហាញ​អំពី​របៀប​ដែល​អាម៉ានដា បាន​រៀន​ទុកចិត្ត​លើ​ព្រះអម្ចាស់​តាមរយៈ​សេចក្តីវេទនា​ដ៏​ខ្លាំង​ក្លា ។ សៀវភៅ​នេះ​ក៏​ប្រាប់​នូវ​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ បាន​រៀន​អំពី​សេចក្តីល្អ​នៃ​ព្រះ​ ទោះបី​នៅក្នុង​គ្រានៃ​ការរងទុក្ខ​ក្តី ។ សៀវភៅ​នេះ​បង្ហាញ​ថា ការដឹង​អំពី​ទំនាក់ទំនង​នៃ​ព្រះអម្ចាស់ ផ្តល់​ទស្សនវិស័យអស់កល្បជានិច្ច​ដល់យើង ជួយ​យើង​ឲ្យ​ឃើញ​នូវ​អ្វីៗតាម​ដែល​មាន​នៅ​ពេល​នេះ និង​មាន​នៅ​ពេល​ខាង​មុខ ហើយ​ជួយ​ពួកគេ​ឲ្យ​អនុវត្ត​សេចក្តីជំនឿ​ថា ព្រះអម្ចាស់​នឹង​ទត​ឃើញ​យើង​តាមរយៈ​គ្រា​លំបាក​នានា ។

នៅពេល​ព្យាការី​យ៉ូសែប​បាន​រៀន​អំពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​គ្រួសារ​របស់​អាម៉ានដា និង​អ្នកដទៃ​ទៀត​នៅ ស្សូល គ្រិគ នោះ​លោក​បាន​ទទួល​អារម្មណ៍​ថា លោក​គួរ​ចូល​គុក ឬ​ត្រូវ​គេ​សម្លាប់​ជាជាង​ទុក​ឲ្យ​ពួកបរិសុទ្ធ​ត្រូវបាន​គេ​ប្រល័យ​ចោល ។ នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​ព្យាយាម​ជជែក​តវ៉ា​នូវ​ដំណោះស្រាយ​ដ៏​សន្តិភាព​មួយ​ជាមួយ​ទាហាន​រដ្ឋ​មិសសួរី ដែល​ប្រុងប្រៀប​វាយ​ប្រហារ​ទីលំនៅ​សំខាន់​របស់​ពួកបរិសុទ្ធ​នៅ ហ្វា វេស ។ ផ្ទុយ​ទៅវិញ យ៉ូសែប​ត្រូវបាន​ចាប់​ខ្លួន ហើយ​ចាត់ទុក​ដូចជា​អ្នក​មាន​ទោស ។

ជិត​ប្រាំ​ខែ​ក្រោយ​មក យ៉ូសែប​បាន​បន្ត​នៅក្នុង​ការឃុំឃាំង បង្ខាំង​នៅក្នុង​ភាព​ត្រជាក់ រមួល​ក្រពើ​ក្នុង​គុក​នៅ​ជាន់​ក្រោម​ក្នុង​គុក​លីប៊ើធី រដ្ឋ​មិសសួរី ។ លោក​បាន​ឆ្ងល់​ថា តើ​ព្រះលាក់​ព្រះកាយ​នៅ​ឯណា ហើយ​តើ​លោក​អាច​ទ្រាំ​នឹង​ស្តាប់​ការស្រែកយំ​របស់​ពួកស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា​បាន​យូរ​ប៉ុន្មាន​ទៀត ។ លោក​បាន​អធិស្ឋាន​ថា « ឱ​ព្រះ​អម្ចាស់​អើយ តើ​ពួក​គេ​ត្រូវ​រង​ទុក្ខ​ចំពោះ​កំហុស និង​ការ​សង្កត់សង្កិន​ដ៏​ខុសច្បាប់​ទាំង​នេះ​ដល់​ណា​ទៅ​មុន​ព្រះ​ហឫទ័យ​របស់​ទ្រង់​នឹង​បាន​ទន់​ទៅ​រក​ពួក​គេ ហើយ​មុន​ព្រះ​អង្គ​មាន​ចិត្ត​ក្ដួល​ដោយ​សេចក្ដី​មេត្តាករុណា​ដល់​ពួក​គេ ? » ( គ. និង ស. ១២១:៣ ) ។

សៀវភៅ ពួកបរិសុទ្ធ បង្រៀន​ពួកយើង​ថា សេចក្តីវេទនា​ពុំ​មែន​ជា​ភស្តុតាង​នៃ​ការមិន​ពេញ​ព្រះទ័យ​របស់​ព្រះ ឬ​ការដក​យក​ពរជ័យ​របស់​ទ្រង់​ឡើយ ។ ការផ្ទុយ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះ ដើម្បីបន្សុទ្ធ​យើង និង​រៀបចំ​យើង​សម្រាប់​ជោគ​វាសនា​សេឡេស្ទាល​ដ៏​អស់​កល្ប​មួយ ( សូមមើល នីហ្វៃ​ទី ២ ២:១១ ) ។ យ៉ូសែប​បាន​រៀន​ថា ការរងទុក្ខ​ដ៏​គ្មាន​ដែន​កំណត់​របស់​ព្រះអង្គសង្គ្រោះ ធ្វើ​ឲ្យ​ទ្រង់​ជួយ​ពួកយើង នៅពេល​ពួកយើង​រងទុក្ខ ហើយ​ទីបំផុត​លើក​តម្កើង​យើង ( សូមមើល អាលម៉ា ៧:១១–១៣ ) ។ ក្នុង​ការឆ្លើយ​តប​ចំពោះ​ការស្រែក​យំអំពាវនាវ​ដ៏​ឈឺ​ចាប់​របស់​យ៉ូសែប នោះ​ព្រះអម្ចាស់​បាន​រៀបរាប់​នូវ​ឧបសគ្គ​ទាំងអស់​ពីមុន​បញ្ចប់ ៖

« បុត្រ​យើង​អើយ ចូរ​អ្នក​ដឹង​ថា គ្រប់​ការណ៍​ទាំងនេះ​នឹង​ផ្ដល់​ការ​ពិសោធន៍​ដល់​អ្នក ហើយ​នឹង​ទៅ​ជា​ការ​ល្អ​ដល់​អ្នក​ទៅ​វិញ ។

កូន​មនុស្ស​បាន​ចុះ​ទាប​ជាង​ការណ៍​ទាំងនោះ​ទៅ​ទៀត ។ តើ​អ្នក​ធំ​ជាង​ទ្រង់​ឬ​អី ? » ( គ. និង ស. ១២២:៧–៨ ) ។

ការដក​បទពិសោធន៍​នូវ រឿង​ទាំង​នេះ ដោយ​ខ្លួន​យើង​អាច​ផ្តល់​ដល់​យើងនូវ​សេចក្តីអាណិតអាសូរ​ដូច​ជា​ព្រះគ្រីស្ទ​ដល់​អស់​អ្នក​ដែល​រងទុក្ខ ។ យ៉ូសែប​បាន​ដឹង​អំឡុងពេល​នៅក្នុង​គុក​ថា « ចិត្ត​របស់​ខ្ញុំ​នឹង​កាន់តែ​ទន់ភ្លន់​ជាង​ពីមុន​ជានិច្ច​បន្ទាប់​ពី​រឿង​នោះ​មក » ។ លោក​ប្រាថ្នា​ថា លោក​អាច​នៅ​ជាមួយ​ពួកបរិសុទ្ធ​ដើម្បី​លួងលោម និង​លួង​ចិត្ត​របស់​ពួកគេ ។ លោកបាន​ពន្យល់​ថា « ខ្ញុំ​ពុំ​អាច​មាន​អារម្មណ៍​ដូច​ខ្ញុំ​មាន​នា​គ្រា​នេះ​ទេ ប្រសិនបើ​ខ្ញុំ​ពុំ​រងទុក្ខ​នូវ​កំហុស​ដែល​ខ្ញុំ​បាន​អត់ទ្រាំ » ។

រូបភាព
woman reading Saints book

ហេតុ​ផលមួយ​ដែល​គណៈប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បង្គាប់ និង​អនុមតិ សៀវភៅ ពួកបរិសុទ្ធ នេះ​គឺ​ថា វា​អាច​ជួយ​យើង​ម្នាក់ៗ​ឲ្យ​ដក​ពិសោធន៍​នូវ រឿង​ទាំង​នេះ តាមរយៈ​រឿង​របស់​មនុស្ស​ដទៃ ។ យើង​អាច​រៀន​មក​ពី​អាម៉ានដា​ថា ទោះបី​ជា​ពេល​ដែល​ព្រះ​ទត​ឃើញ​ថា សក្តិសម​នៅក្នុង​ព្រះប្រាជ្ញាដ៏​គ្មាន​ដែន​កំណត់​របស់​ទ្រង់​ដោយ​ពុំ​រារាំង​អំពើ​អាក្រក់ ឬ​ការរងទុក្ខ នោះ​ទ្រង់​ស្រឡាញ់​យើង ហើយ​ទ្រង់​ខ្វល់​ព្រះទ័យ​ពី​យើង ។ ទ្រង់​ស្តាប់​ការអធិស្ឋាន​របស់​យើង ហើយមាន​ក្ដីមេត្តា​ករុណា និង​មាន​ព្រះទ័យ​ល្អ​ ។

បាន​ស្តារ​ឡើង​វិញ​នូវ​ពរជ័យ​ព្រះវិហារ​បរិសុទ្ធ

គ្មាន​កន្លែង​ណា​ដែល​សេចក្តី​មេត្តា​ និង​សេចក្តីសប្បុរស​បង្ហាញដល់​យើង​ច្រើន​ជាង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។ ចំណុច​សំខាន់​នៃ​សៀវភៅ ពួកបរិសុទ្ធ គឺជា​ដំណើររឿង​នៃ​ពរជ័យ​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ស្តារ​ឡើងវិញ ។ ភាគ​ទីមួយ​បញ្ចប់​នៅពេល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​រាប់​ពាន់​នាក់​ទទួល​ពិធីប​រិសុទ្ធ​ពិសិដ្ឋ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ណៅវូ​ក្នុង​ឆ្នាំ ១៨៤៦ ។ ភាគទីពីរ​នឹង​បញ្ចប់​នៅក្នុង​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារបរិសុទ្ធ​សលត៍ លេក ហើយ​ពួកបរិសុទ្ធ​ចាប់ផ្តើម​ទទួល​ពិធីបរិសុទ្ធ​នៅ​ទីនោះ​ក្នុង​ឆ្នាំ ១៨៩៣ ។ ភាគទី​បី​នឹង​បញ្ចប់​ជាមួយ​នឹង​ពួកបរិសុទ្ធ​នៅ​អឺរ៉ុប​ចាប់ផ្តើម​ប្រមូល​ផ្តុំ​គ្នា​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ប្រទេស​ស្វីស​ក្នុង​ឆ្នាំ ១៩៥៥ ។ ភាគ​ទី​បួន​នឹង​នាំ​ម​ក​នូវ​ដំណើរ​រឿង​មក​ដល់​សម័យ​បច្ចុប្បន្ន នៅពេល​ព្រះវិហារ​បរិសុទ្ធមាន​ច្រើន​នៅលើផែនដី ហើយ​ពួកបរិសុទ្ធ​នៅ​ជុំវិញ​សកលលោក​ទទួល​ពិធីបរិសុទ្ធ​នៃ​ភាពតម្កើង​ឡើង ដូច​ដែល​ពួកព្យាការី​បាន​គិតឃើញ​កាល​ពី​យូរ​លង់​ណាស់​មក​ហើយ ។

នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ យើង​ចុះ​សេចក្តីសញ្ញា ហើយ​ទទួល​អំណាច​ដើម្បី​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់ រួមទាំង​អំពើ​អាក្រក់ និង​ការរងទុក្ខ​នៅក្នុង​ពិភពលោក​នេះ ។ យើង​ទទួល​ការការពារ និង​អំណាច​ដ៏​ខ្លាំងក្លា​ដើម្បី​ចេញ​មកនៅក្នុង​ដំណើរ​រស់​ឡើង​វិញ ផ្សារភ្ជាប់​ជាមួយ​មនុស្ស​ជាទីស្រឡាញ់​ជា​រៀងរហូត ។

សៀវភៅ ពួក​បរិសុទ្ធ នឹង​ជួយ​យើង​ឲ្យ​រក្សា​សេចក្តីសញ្ញា​តាមរយៈ​ការពង្រីក​ការចងចាំ​របស់​យើង​នៅក្នុង​របៀប​នៃ​ពិធីសាក្រាម៉ង់ ។ វា​នឹង​ជួយ​យើង​ឲ្យ​ចងចាំ​ជានិច្ច​នូវ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​យើង ? បើ​គ្មាន​កំណត់ត្រា​ពី​ទំនាក់ទំនង​របស់​ព្រះ​កាល​ពី​អតីតកាល នោះ​យើង​ពុំ​អាច « នឹក​ឃើញ​ថា តើ​ព្រះ​អម្ចាស់​ទ្រង់​មាន​សេចក្ដី​មេត្តាករុណា​យ៉ាង​ណាដល់​កូន​ចៅ​មនុស្ស » នោះ​ទេ ( មរ៉ូណៃ ១០:៣ ) ។ ដោយសារ​ហេតុផល​ទាំង​នេះ​ហើយ យើង​ជំពាក់​គុណ​ព្រះអម្ចាស់ និង​ពួកបរិសុទ្ធ​ដែល​បាន​កត់ត្រា​បទពិសោធន៍​របស់​ពួកគេ​អំពី​សេចក្តីស្រឡាញ់​របស់​ទ្រង់​ដល់​ពួកគេ ។ ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​យ៉ូសែប​ ស្ម៊ីធ កត់ត្រា​បទពិសោធន៍​របស់​លោក ( សូមមើល គ. និង ស. ២១:១ ) ។ ទ្រង់​បាន​បង្គាប់​ឲ្យ​អ្នក​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ធ្វើ​ការ​ក្រោម​ការដឹកនាំ​របស់​យ៉ូសែប​ដើម្បី « ឲ្យ​កត់​បញ្ជី និង​ប្រវត្តិ​សាសនាចក្រ​ជានិច្ច » ( គ. និង ស. ៤៧:៣ ) ។ ទ្រង់​បាន​បង្គាប់​ថា ប្រវត្តិសាស្ត្រ​រួមមាន « គ្រប់​ទាំង​អស់ ដែល​នឹង​ទៅ​ជា​ការ​ល្អ​ដល់​សាសនាចក្រ និង​ដល់​តំណ​មនុស្ស​មាន​វ័យ​ធំ​ឡើង » ( គ. និង ស. ៦៩:៨ ) ។

ជាមួយ​នឹង​វិវរណៈ​ទាំង​នេះ និង​សេចក្តីសញ្ញា​ដើម្បី​ចងចាំ​ព្រះអង្គសង្គ្រោះ​ជានិច្ច​នៅក្នុង​ចិត្ត នោះ​គណៈប្រធាន​ទីមួយ និង​ពួក​សាវក​ដប់ពីរ​នាក់​បាន​ចាប់ផ្តើម​ដាក់​ផែនការ​អំពី​សៀវភៅ ពួក​បរិសុទ្ធ តាំង​ពី ១០ ឆ្នាំ​មុន ។ ឥឡូវ​នេះ យើង​សូម​លើក​ទឹកចិត្ត​អ្នក​ឲ្យ​អាន​វា ដោយ​ទុកចិត្ត​ថា វា​នឹង​ជួយ​អ្នក​នៅក្នុង​ការយល់​ដឹង​អំពី​ផែនការ​របស់​ព្រះ​ឲ្យឃើញ​ថា តើ​ព្រះ​អម្ចាស់​ទ្រង់​មាន​សេចក្ដី​មេត្តាករុណា​យ៉ាង​ណា ឲ្យ​ស៊ូទ្រាំ​ដោយ​ស្មោះត្រង់​នៅក្នុង​គ្រា​ល្អ និង​គ្រា​អាក្រក់ ឲ្យ​ទទួល​បាន​សេចក្តីអាណិតអាសូរ​ដូចជា​ព្រះគ្រីស្ទ​សម្រាប់​មនុស្ស​ដទៃ និង​រក្សា​សេចក្តីសញ្ញា​ដែល​នាំ​អ្នក​ឆ្ពោះ​ទៅរក​ភាពតម្កើង​ឡើង ។

កំណត់​ចំណាំ

  1. គំរូ​រួមមាន​នីហ្វៃ ( នីហ្វៃ​ទី​ទី ១ ១៧:២៣–៤៣ ), ស្តេច​បេនយ៉ាមីន ( ម៉ូសាយ ១ ), លិមហៃ ( ម៉ូសាយ ៧ ), ទេវតា​មួយ​អង្គ​របស់​ព្រះអម្ចាស់​ចំពោះ​អាលម៉ា ( ម៉ូសាយ ២៧ ), អាលម៉ា ( អាលម៉ា ៩:១០ ), មរមន ( មរមន ៣:១៧–២២ ), និង​ ម៉ូសេ ( និក្ខមនំ ១៣:៣ ) ។

  2. យ៉ូសែប ស៊្មីធ នៅក្នុង « History, circa Summer 1832 » ទំព័រ ២ josephsmithpapers.org ។

  3. សូមមើល « History, 1838–1856, volume A-1 [ 23 December 1805–30 August 1834 ] » ទំព័រ ៣ josephsmithpapers.org ។

  4. សូមមើល « Revelation, 12 January 1838–C » [ 1 ] josephsmithpapers.org ។

  5. សូមមើល Saints ភាគ​ ១ ជំពូក​ ៣០ « Fight Like Angels » ។

  6. « Letter to Presendia Huntington Buell, 15 March 1839 » [ 1 ] josephsmithpapers.org ។