ឆ្នាំ ២០១០-២០១៩
ផ្លូវ​ដ៏​ឥតខ្ចោះ​ឆ្ពោះ​ទៅកាន់​សុភមង្គល
ខែ តុលា ឆ្នាំ ២០១៦


ផ្លូវ​ដ៏​ឥតខ្ចោះ​ឆ្ពោះ​ទៅកាន់​សុភមង្គល

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​អំណោយ​ដ៏​មហិមា​ដែល​ជា​ផែនការ​របស់ព្រះវរបិតា​សម្រាប់​យើង ។ វា​គឺជា​ផ្លូវ​ដ៏​ឥតខ្ចោះ​មួយ​ទៅកាន់​ភាព​សុខសាន្ដ និង​សុភមង្គល ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់របស់​ខ្ញុំ ទាំង​នៅក្នុង​មជ្ឈមណ្ឌល​សន្និសីទ​នេះ និងនៅ​ទូទាំង​ពិភពលោក ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ឱកាស​ដើម្បី​ចែកចាយ​គំនិត​ខ្ញុំ​ជាមួយ​នឹង​បងប្អូន​នា​ព្រឹកនេះ ។

ហាសិប​ពីរ​ឆ្នាំ​កន្លង​ទៅ នៅ​ខែកក្កដា ឆ្នាំ ១៩៦៤ ខ្ញុំ​មាន​ការ​ចាត់​តាំង​មួយ​នៅ​ទី​ក្រុង​នូវយ៉ោក អំឡុង​ពេល​ការ​តាំង​ពិព័រណ៍​ពិភពលោក​​ធ្វើ​ឡើងនៅ​ទីនោះ ។ នា​ព្រឹក​ព្រលឹម​មួយ ខ្ញុំ​បាន​ទៅ​ពន្លា​​ក្រុមមរមន​ក្នុង​ការ​តាំង​ពិព័រណ៍​នោះ ។ ខ្ញុំ​បាន​មក​ដល់​មុន​ពេលការ​ចាក់​បញ្ចាំង​ខ្សែភាព​យន្ដសាសនាចក្រដែល​មាន​ចំណង​ជើង​ថា ការ​ស្វែងរក​សុភមង្គល​របស់​មនុស្ស​ វា​បង្ហាញ​អំពី​ផែនការ​នៃ​សុភមង្គល ដែល​ជារឿងបុរាណរបស់​សាសនាចក្រ​ ។ ខ្ញុំ​បាន​អង្គុយ​នៅ​ជិត​យុវជន​ម្នាក់​ដែល​មាន​វ័យ​ប្រហែលជា ៣៥ ឆ្នាំ ។ យើង​បាន​និយាយ​គ្នា​ខ្លះៗ ។ គាត់​ពុំ​មែនជា​សមាជិក​ព្រះវិហារ​យើង​ទេ ។ បន្ទាប់មក​ពន្លឺ​ភ្លើង​បាន​បន្ថយ ហើយ​​ខ្សែ​ភាព​យន្ដចាប់ផ្តើម ។

យើង​បាន​ស្ដាប់​សំឡេង​របស់​អ្នក​អត្ថាធិប្បាយ ពេល​គាត់​បាន​ចោទសួរ​សំណួរ​ដ៏​សំខាន់ និង​ជា​សាកល​ថា ៖ តើខ្ញុំមកពីណា? ហេតុអ្វីខ្ញុំនៅទីនេះ ? តើ​ខ្ញុំ​ទៅកន្លែង​ណា ពេល​ខ្ញុំ​ចាក​ចេញ​ពី​ជីវិត​នេះ ? គ្រប់​ត្រចៀក​ត្រងត្រាប់​ស្ដាប់​ចម្លើយ ហើយ​គ្រប់​កែវភ្នែក​មើល​ចំ​រូបភាព​ដែល​បាន​ចាក់​បញ្ចាំង ។ មាន​ការ​ពិពណ៌នា​អំពី​ជីវិត​មុន​ជីវិត​លើ​ផែនដី​ ព្រមជាមួយ​នឹង​ការ​ពន្យល់​អំពី​គោលបំណង​នៅលើ​ផែនដី​របស់​យើងផងដែរ ។ យើង​បាន​ធ្វើ​ជា​សាក្សី​ពី​ការ​ពិពណ៌នា​ដ៏​រំជួល​ចិត្ត​នៃ​ការ​ឆ្លង​កាត់​ពីជីវិត​នេះ​របស់​ជីតា​ជរា​ម្នាក់ និង​ការ​ជួបជុំ​ដ៏​រុងរឿង​របស់​គាត់​ជាមួយ​នឹង​មនុស្ស​ជា​ទីស្រឡាញ់​ដែល​បាន​ទៅ​មុនគាត់​នៅក្នុងពិភព​វិញ្ញាណ ។

នៅ​ចុង​បញ្ចប់​នៃ​ការ​ចាក់​បញ្ចាំង​ដ៏​ល្អ​នេះ​ អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​យើង មនុស្ស​បាន​ដើរ​ចេញ​ពីបន្ទប់​ដោយ​ស្ងាត់​ស្ងៀម មនុស្ស​ជា​ច្រើនបាន​យំ​​ដោយ​សារ​តែសារលិខិត​នៃ​ខ្សែ​ភាព​យន្ដ​នេះ ។ អ្នក​មក​ទស្សនា​វ័យ​ក្មេង​ដែល​អង្គុយ​នៅ​ជិត​ខ្ញុំ ពុំ​បាន​ក្រោក​ឡើង​ទេ ។ ខ្ញុំ​បាន​សួរ​គាត់ តើ​គាត់​ពេញចិត្ត​នឹង​ការ​ចាក់​បញ្ចាំង​នេះ​ឬទេ ។ គាត់​បាន​ឆ្លើយ​ដោយ​អួល​ដើមក​ថា ៖ « នេះគឺជា​ការ​ពិត ! »

ផែនការ​របស់ព្រះបិតា​សម្រាប់​សុភមង្គល​ និង​សេចក្ដីសង្គ្រោះ​របស់​យើង ត្រូវ​បាន​ចែកចាយ​តាមរយៈ​អ្នកផ្សព្វផ្សាយសាសនា​របស់​យើង​នៅទូទាំង​ពិភពលោក ។ ពុំ​មែន​​មនុស្ស​គ្រប់រូបដែលបាន​ស្ដាប់​ឮ​សារលិខិត​ដ៏​ទេវភាព​នេះ ទទួល​យក ហើយ​ជ្រើសរើស​ធ្វើ​តាម​​​នោះទេ ។ ទោះជា​យ៉ាងណា​ក៏ដោយ បុរស​ស្ត្រី​នៅគ្រប់​ទីកន្លែង ក៏ដូចជា​មិត្ត​វ័យក្មេង​របស់​ខ្ញុំ​នៅ​ក្នុងការ​តាំង​ពិព័រណ៍​ពិភពលោក​ក្នុង​ទីក្រុង​នូវយ៉ោក បាន​ទទួល​ស្គាល់​សេចក្ដីពិត ហើយ​ពួកគេ​បាន​ជ្រើសរើស​ធ្វើតាម​ផ្លូវ​ដែល​នឹង​ដឹកនាំ​ពួកគេ​ទៅកាន់​គេហដ្ឋានដោយសុវត្ថិភាព ។ ជីវិត​របស់​ពួកគេ​បានផ្លាស់ប្ដូរ​ជា​រៀងរហូត ។

ផ្នែក​សំខាន់​នៃ​ផែនការនេះ​គឺ​ព្រះអង្គសង្គ្រោះ​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ ។ បើ​គ្មាន​ការពលិកម្ម​ធួន​របស់ទ្រង់​ទេ នោះ​មនុស្ស​ទាំងអស់​នឹង​ត្រូវ​វង្វេង ។ ទោះជា​យ៉ាងណា វាពុំ​គ្រប់គ្រាន់ទេ បើ​គ្រាន់តែ​ជឿ​ទៅលើ​ទ្រង់ និង​បេសកកម្ម​របស់​ទ្រង់​នោះ ។ យើង​ចាំបាច់​ត្រូវ​ធ្វើ​ការ ហើយរៀន ស្រាវជ្រាវ ហើយ​អធិស្ឋាន ប្រែចិត្ត ហើយ​កែលម្អ ។ យើង​ចាំបាច់​ត្រូវ​ស្គាល់​ក្រឹត្យវិន័យ​របស់ព្រះ ហើយ​រស់នៅ​តាម ។ យើងចាំបាច់​ត្រូវ​ទទួល​នូវ​ពិធីបរិសុទ្ធ​សង្គ្រោះ​របស់​ទ្រង់ ។ បើគ្រាន់តែ​ធ្វើ​ដូច្នេះ នោះ​យើង​នឹង​បាន​ទទួល​សុភមង្គល​ដ៏​អស់កល្បជានិច្ច​ពិត ។

យើង​មានពរដែល មាន សេចក្ដីពិត ។ យើង​មាន​កាតព្វកិច្ច​ដើម្បី ចែកចាយ សេចក្ដីពិត ។ ចូរ​យើងរស់នៅ តាម​សេចក្ដីពិត​ដើម្បី​យើង​អាចទទួល​បាន​នូវ​អ្វីៗ​ទាំងអស់​ដែល​ព្រះបិតា​មាន​សម្រាប់​យើង ។ ទ្រង់​ពុំ​ធ្វើ​អ្វី​ក្រៅ​ពី​ដើម្បី​ជា​ប្រយោជន៍​របស់​យើង​នោះទេ ។ ទ្រង់​មានបន្ទូល​មក​យើង​ថា « ដ្បិត​មើល​ចុះ នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង សិរីល្អ​បស់​យើង​គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​អំណោយ​ដ៏មហិមា​ដែល​ជា​ផែនការ​របស់​ព្រះបិតា​សម្រាប់​យើង ដោយអស់​ពីជម្រៅ​នៃ​ព្រលឹង​​របស់​ខ្ញុំ និង​ដោយ​រាបសារបំផុត ។ វា​គឺជា​ផ្លូវ​មួយ​ដ៏​ឥតខ្ចោះ​ទៅកាន់​ភាព​សុខសាន្ដ និង​សុភមង្គល ទាំង​នៅ​ទីនេះ និង​នៅក្នុង​បរលោក​នាយ ។

បងប្អូន​ប្រុសស្រី​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​បន្សល់​ទុក​នូវសេចក្ដីស្រឡាញ់ និង​ពរជ័យ​របស់​ខ្ញុំ​នឹង​​​បងប្អូន​រាល់គ្នា នៅពេល​ខ្ញុំ​បញ្ចប់​ការ​ណ៍​នេះ នៅក្នុង​ព្រះនាម​នៃ​ព្រះ​អង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។