ឆ្នាំ ២០១០-២០១៩
ចូរ​រៀន​អំពី​អាលម៉ា និង អាម៉ូលេក
ខែ តុលា ឆ្នាំ ២០១៦


ចូរ​រៀន​អំពី​អាលម៉ា និង អាម៉ូលេក

នេះ​ជា​ក្តីសង្ឃឹម​ខ្ញុំ​ថា អស់​អ្នក​ដែល​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​ភាព​ជា​សិស្ស នឹង​មាន​បើក​ដួងចិត្តមើល ហើយ​រៀន​មកពី​អាលម៉ា និង អាម៉ូលេក ។

អាលម៉ា​កូន

ក្នុង​ចំណោម​តួអង្គ​ដែល​ពុំ​អាច​បំភ្លេច​បាន​ខ្លាំង​បំផុត នៅក្នុង​ព្រះគម្ពីរ​នោះ​គឺ​អាលម៉ា​កូន ។ ទោះបី​ជា​លោក​គឺ​ជា​កូន​របស់​ព្យាការី​ដ៏​អស្ចារ្យ​ក្តី លោក​បាន​វង្វេង​ផ្លូវ​អស់​មួយ​រយៈ ហើយ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដ៏​សែន « អាក្រក់ ហើយ​ថ្វាយ​បង្គំ​រូប​ព្រះ » ។ នោះ​គាត់​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​ទាស់​នឹង​ឪពុក​លោក ហើយ​ស្វែងរក​បំផ្លាញ​សាសនាចក្រ ដោយសារ​ហេតុផល​មួយ​ចំនួន​ដែល​យើង​ពុំ​អាច​យល់ ។ ហើយ​ដោយសារ​តែ​វោហារ និង​ពាក្យ​បញ្ជោរ​ជា​ច្រើន នោះ​លោក​បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង ។

ប៉ុន្តែ​ជីវិត​របស់​អាលម៉ា​បាន​ផ្លាស់ប្តូរ​នៅពេល​ទេវតា​នៃ​ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះ​កាយ​ទ្រង់​ឲ្យ​លោក​ឃើញ ហើយ​មាន​បន្ទូល​ហាក់​បី​ដូច​ជា​សូរផ្គរ​លាន់ ។ អស់​រយៈពេល​បី​យប់​បី​ថ្ងៃ អាលម៉ា​ត្រូវ « ញាំញី​ដោយ​សេចក្ដី​ទុក្ខ​វេទនា​ដ៏​នៅ​អស់​កល្ប​ជានិច្ច…ដោយ​ការ​ឈឺ​ចាប់​នៃ​ព្រលឹង​ដែល​ជាប់​ទោស » ។ ហើយ​ក្រោយ​មក លោក​បាន​ចាំ​ពី​ពន្លឺ​ដែល​កើត​ឡើង​នៅក្នុង​គ្រា​ដ៏​ឈឺ​ចាប់​នោះ—គឺ​ជា​សេចក្តីពិត​អស់កល្ប​ជានិច្ច​ដែល​ឪពុក​លោក​បាន​បង្រៀន ៖ ថា​ព្រះយេស៊ូវ​នឹង​យាង​មក « ដើម្បី​មក​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក » ។ អាលម៉ា​បាន​បដិសេធ​ការបង្រៀន​នោះ​យូរយារ​ណាស់​មក​ហើយ ប៉ុន្តែ​ឥឡូវ​នេះ​ចិត្ត​លោក « នឹក​គិត​ទៅ​លើ​រឿង​នេះ » ហើយ​លោក​បាន​បន្ទាបខ្លួន ស្មោះត្រង់ ដាក់​ទីទុកចិត្ត​របស់​លោក​លើ​ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះគ្រីស្ទ ។

នៅពេល​អាលម៉ា​បាន​ហែល​ឆ្លង​កាត់​បទពិសោធន៍​នោះ​ហើយ លោក​បាន​ផ្លាស់ប្តូរ​ចិត្ត ។ ចាប់តាំង​ពី​គ្រា​នោះ​មក លោក​បាន​បូជា​ជីវិត​លោក​ដើម្បី​កែតម្រូវ​ការខូតខាត​ដែល​លោក​បាន​ធ្វើ ។ លោក​គឺ​ជា​គំរូ​ដ៏​មាន​ឥទ្ធិពល​នៃ​ការប្រែចិត្ត ការអភ័យទោស និង ការស៊ូទ្រាំ​ដោយ​ស្មោះត្រង់ ។

ទីបំផុត​អាលម៉ា​ត្រូវបាន​ជ្រើស​ដើម្បី​ស្នង​តំណែង​ពី​ឪពុក​លោក​ធ្វើ​ជា​អ្នក​ដឹកនាំ​សាសនាចក្រ​នៃ​ព្រះ ។

ប្រជាពលរដ្ឋ​គ្រប់​គ្នា​នៅក្នុង​សាសន៍​នីហ្វៃ​ពិត​ជា​បាន​ដឹង​រឿង​របស់​អាលម៉ា ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា​ Twitters, Instagrams, និង Facebooks នៅ​ជំនាន់​របស់​លោក​ប្រហែល​ជា​បាន​បង្ហោះ​រូបភាព និង រឿងរ៉ាវ​របស់​លោក​ព្រោងព្រាត ។ រូប​លោក​ប្រហែល​ជា​បាន​បង្ហាញ​ជា​ទៀងទាត់​នៅលើ​ទំព័រ​មុខ​គេ​នៃ​សារព័ត៌មានZarahemla Weekly ហើយ​លោក​ប្រហែល​ក្លាយ​ជា​ប្រធាន​បទ​នៃ​វិចារណកថា និង​បណ្តាញ​ពិសេសៗ ។ ជា​រួម លោក​ប្រហែល​ជា​ជន​ល្បីល្បាញ​បំផុត​នៅ​ជំនាន់​របស់​លោក ។

ប៉ុន្តែ​នៅពេល​អាលម៉ា​បាន​ឃើញ​ថា​ប្រជាជន​របស់​លោក​បាន​ភ្លេច​ព្រះ ហើយ​លើក​ចិត្ត​ពួកគេ​ឡើង​នៅក្នុង​ភាពឆ្មើងឆ្មៃ និង ការទាស់ទែងគ្នា នោះ​លោក​បាន​រើស​យក​ការលាលែង​ពី​តំណែង​របស់​លោក ហើយ​បូជា​ខ្លួន​លោក « ទាំង​ស្រុង​ទៅ​លើ​តំណែង​នៃ​សង្ឃ​ជាន់​ខ្ពស់​នៃ​របៀប​ដ៏​បរិសុទ្ធ​នៃ​ព្រះ » ស្រែក​ប្រកាស​អំពី​ការប្រែចិត្ត​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ ។

ដំបូង​អាលម៉ា​បានទទួល​ជោគជ័យ​យ៉ាង​ខ្លាំង—មែន​ហើយ រហូត​ដល់​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង អាំម៉ូណៃហា ។ ប្រជាជន​នៅ​ទីក្រុង​នោះ​បាន​ដឹង​ច្បាស់​ថា អាលម៉ា​ពុំ​មែន​ជា​ថ្នាក់ដឹកនាំ​នយោបាយ​របស់​ពួកគេ​ទៀត​ឡើយ ហើយ​ពួកគេ​មិន​សូវ​គោរព​សិទ្ធិ​អំណាច​បព្វជិតភាព​របស់​លោក​ឡើយ ។ ពួកគេ​បាន​ជេរប្រមាថ មើល​ងាយ​ និង បណ្ដេញ​លោក​ចេញ​ពី​ទីក្រុង​របស់​ពួកគេ ។

អាលម៉ា​បាន​ចាកចេញ​ពី​ទីក្រុង​អាំម៉ូណៃហា ដោយ​ខូច​ចិត្ត ។

ប៉ុន្តែ​ទេវតា​មួយ​អង្គ​ប្រាប់​ឲ្យ​លោក​ត្រឡប់​ទៅ​វិញ ។

ចូរ​គិត​អំពី​រឿង​នេះ ៖ លោក​ត្រូវបាន​ប្រាប់​ឲ្យ​ត្រឡប់​ទៅ​ជួប​មនុស្ស​ដែល​ស្អប់ខ្ពើម​លោក ហើយ​ជា​សត្រូវ​នឹង​សាសនាចក្រ ។ វា​គឺ​ជា​ការចាត់តាំង​មួយ​ដ៏​គ្រោះថ្នាក់ ហើយ​​ប្រហែលជា​​គំរាមកំហែង​ដល់​អាយុ​ជីវិត​ផងដែរ ។ ប៉ុន្តែ​អាលម៉ា​ពុំ​រាថយ​ឡើយ ។ « លោក​បាន​ត្រឡប់​ទៅ​វិញ​យ៉ាង​រួសរាន់ » ។

អាលម៉ា​បាន​តម​អាហារ​អស់​ជា​ច្រើន​ថ្ងៃ​ហើយ នៅពេល​លោក​បាន​ចូល​ទៅក្នុង​ទីក្រុង​នោះ ។ នៅ​ទីនោះ​លោក​បាន​សុំ​បុរស​ម្នាក់​ដែល​លោក​មិន​ស្គាល់​ឲ្យ « ផ្តល់​អាហារ​ដល់​អ្នក​បម្រើ​ដ៏​រាបទាប​នៃ​ព្រះ​ផង​ចុះ » ។

អាម៉ូលេក

បុរស​ម្នាក់​នោះ​ឈ្មោះ អាម៉ូលេក ។

អាម៉ូលេក​គឺ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ ជា​មនុស្ស​ល្បីល្បាញ​នៅក្នុង​ទីក្រុង​អាំម៉ូណៃហា ។ ទោះបី​លោក​ជា​កូនចៅ​នៃ​អ្នក​មាន​ជំនឿ​ជា​ច្រើន​ជំនាន់​ក្តី ក៏​សេចក្តីជំនឿ​របស់​លោក​បាន​ចុះ​ទន់ខ្សោយ​ដែរ ។ ក្រោយ​មក​លោក​បាន​សារភាព​ថា « ខ្ញុំ​ត្រូវ​បាន​ហៅ​ជា​ច្រើន​ដង តែ​ខ្ញុំ​ធ្វើ​ជា​មិន​ឮ ហេតុដូច្នេះ​ហើយ ខ្ញុំ​បាន​ដឹង​អំពី​ការណ៍​ទាំងនេះ តែ​ខ្ញុំ​ធ្វើ​ជា​មិន [ ជឿ ] ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​បាន​បះបោរ​ទាស់​នឹង​ព្រះ » ។

ប៉ុន្តែ​ព្រះ​បាន​រៀបចំ​អាម៉ូលេក ហើយ​នៅពេល​អាម៉ូលេក​បាន​ជួប​អាលម៉ា នោះ​លោក​បាន​ស្វាគមន៍​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ឲ្យ​ចូល​ទៅ​ផ្ទះ​របស់​លោក ជា​កន្លែង​ដែល​អាលម៉ា​បាន​ស្នាក់​អាស្រ័យ​នៅ​អស់​ជាច្រើន​ថ្ងៃ ។ អំឡុង​ពេលនោះ​អាម៉ូលេក​បាន​បើក​ដួងចិត្ត​លោក​ស្តាប់​សារលិខិត​របស់​អាលម៉ា ហើយ​លោក​មាន​ការផ្លាស់ប្តូរ​យ៉ាង​ខ្លាំង ។ ចាប់តាំង​ពី​គ្រា​នោះ​មក អាម៉ូលេក​ពុំ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​បាន​ក្លាយ​ជា​អ្នក​ការពារ​សេចក្តី​ពិត​ផងដែរ ។

នៅពេល​អាលម៉ា​បាន​ចេញ​ទៅ​ក្នុង​ចំណោម​ប្រជាជន​អាំម៉ូណៃហា​ដើម្បី​បង្រៀន​ម្តង​ទៀត នោះ​លោក​មាន​សាក្សី​ទី​ពីរ​នៅ​ក្បែរ​លោក—គឺ​អាម៉ូលេក​ដែល​ជា​សាក្សី​ម្នាក់​នៃ​ប្រជាជន​នោះ ។

ព្រឹត្តិការណ៍​ដែល​កើត​ឡើង​បន្ទាប់​ទៀត បាន​សរសេរ​អំពី​រឿង​ដ៏​ជូរចត់​ជាង​គេ​បំផុត​មួយ​នៅក្នុង​ចំណោម​គម្ពីរ​ទាំងអស់ ។ បងប្អូន​អាច​អាន​រឿង​នោះ​នៅក្នុង អាលម៉ា​ជំពូក ៨–១៦ ។

ថ្ងៃ​នេះ​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ពិចារណា​សំណួរ​ពីរ ៖

ទីមួយ ៖ « តើ​ខ្ញុំ​អាច​រៀន​អ្វី​ខ្លះ​អំពី​អាលម៉ា ? »

ទី​ពីរ ៖ « តើ​ខ្ញុំ​ដូច​ជា​អាម៉ូលេក​តាម​របៀប​ណា ? »

តើ​ខ្ញុំ​អាច​រៀន​អ្វី​ខ្លះ​អំពី​អាលម៉ា ?

ខ្ញុំ​សូម​ចាប់ផ្តើម​ដោយ​សួរ​ទៅ​អ្នក​ដឹកនាំ​ទាំងអស់​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ទាំង​កាល​ពី​អតីតកាល បច្ចុប្បន្នកាល ឬ នា​ពេល​អនាគត​ថា « តើ​បងប្អូន​អាច​រៀន​អ្វី​ខ្លះ​អំពី​អាលម៉ា ? »

អាលម៉ា​គឺ​ជា​បុរស​ម្នាក់​ដែល​មាន​អំណោយ​ទាន និង មាន​សមត្ថភាព​ដ៏​ខ្លាំង​អស្ចារ្យ ។ វា​ប្រហែល​ងាយ​ស្រួល​ដើម្បី​គិត​ថា លោក​ពុំ​ត្រូវការ​ជំនួយ​ពី​នរណា​ឡើយ ។ ប៉ុន្តែ​តើ​អាលម៉ា​បាន​ធ្វើ​អ្វី​នៅពេល​លោក​បាន​ត្រឡប់​ទៅ​កាន់​ទីក្រុង អាំម៉ូណៃហា​វិញ​នោះ ?

អាលម៉ា​បាន​ជួប​អាម៉ូលេក ហើយ​បាន​សុំ​ជំនួយ​ពី​លោក ។

ហើយ​អាលម៉ា​បាន​ទទួល​ជំនួយ ។

ជួនកាល​ដោយ​ហេតុផល​មួយ​ចំនួន ក្នុង​នាម​យើង​ជា​ថ្នាក់​ដឹកនាំ ​យើង​ស្ទាក់ស្ទើរ​ចិត្ត​ស្វែងរក និង សុំជំនួយ​ពី​មនុស្ស​ដូច​ជា​អាម៉ូលេក ។ ប្រហែល​ជាយើង​គិត​ថា យើង​អាច​ធ្វើ​កិច្ចការ​នោះ​បាន​ល្អ​ប្រសើរ​ជាង​ដោយ​ខ្លួន​យើង ឬ យើង​មាន​ចិត្ត​ស្ទាក់ស្ទើរមិន​ចង់​​រំខាន​អ្នក​ដទៃ ឬ យើង​ស្មាន​ថា​មនុស្ស​ដទៃ​ពុំ​ចង់​ចូលរួម​ឡើយ ។ ជា​រឿយៗ​យើង​មាន​ចិត្ត​រុញរា​ក្នុងការ​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ប្រើ​ទេពកោសល្យ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ ហើយ​ឲ្យ​ពួកគេ​ចុះ​ប្រឡូក​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នៃ​សេចក្តីសង្គ្រោះ ។

ចូរ​គិត​ពី​ព្រះអង្គសង្គ្រោះ—តើ​ទ្រង់​បាន​ចាប់ផ្តើម​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​តែ​មួយ​អង្គ​ទ្រង់​ឬ ?

មិនមែន​ទេ ។

សារលិខិត​របស់​ទ្រង់​ពុំ​មែន​ថា « កុំ​លូកលាន់​អី ។ ទុក​ឲ្យ​ខ្ញុំ​ធ្វើ​វា » នោះ​ឡើយ ។ ផ្ទុយ​ទៅ​វិញ​ទ្រង់​បាន​បង្គាប់​ថា « ចូរ​មក​តាម​ខ្ញុំ​ចុះ » ។​៩ ទ្រង់​បាន​បំផុស​គំនិត អញ្ជើញ បង្គាប់ និង ឲ្យ​ទុកចិត្ត​អ្នក​ដើរ​តាម​ទ្រង់​ឲ្យ « ធ្វើ​នូវ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ​ធ្វើ​ចុះ » ។​១០ តាម​របៀប​នេះ ព្រះយេស៊ូវគ្រីស្ទ​មិន​ត្រឹមតែ​បាន​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​ឡើយ ប៉ុន្តែ​ថែមទាំង​បាន​ពង្រឹង​ដល់​អ្នក​បម្រើ​ទ្រង់​ផងដែរ ។

មិន​ថា​បងប្អូន​មាន​ការបម្រើ​ក្នុង​មុខងារ​អ្វី​នោះ​ទេ—ទោះ​ជា​​​ប្រធាន​កូរ៉ុម​ឌីកុន ប្រធាន​ស្តេក ឬ ប្រធាន​តំបន់—ដើម្បី​មាន​ជោគជ័យ​ នោះ​បងប្អូន​ត្រូវ​តែ​ស្វែងរក​មនុស្ស​ដូច​ជា​អាម៉ូលេក ។

បុគ្គល​នោះ​អាច​ជា​មនុស្ស​ម្នាក់​ដែល​បន្ទាបខ្លួន ឬ ​ដែល​បងប្អូន​មិន​សូវ​កត់សម្គាល់​នៅក្នុង​ក្រុម​ជំនុំ​របស់​បងប្អូន ។ បុគ្គល​នោះ​អាច​ជា​មនុស្ស​ដែល ទំនង​ជា គ្មាន​ឆន្ទៈ ឬ ពុំ​អាច​បម្រើ​បាន ។ មនុស្ស​ដូច​ជា​អាម៉ូលេក​អាច​ជា​ក្មេង ឬ ចាស់ បុរស ឬ ស្ត្រី​ដែល​គ្មាន​បទពិសោធន៍ ដែល​ធុញទ្រាន់ ឬ ពុំ​សកម្ម​នៅក្នុង​ព្រះវិហារ ។ ប៉ុន្តែ​អ្វី​ដែល​បងប្អូន​ពុំ​បាន​ដឹង​ពេល​បងប្អូន​មើល​ពួកគេ​លើក​ដំបូង​នោះ​គឺ​ថា ពួកគេ​សង្ឃឹម​ចង់​ឮ​ពាក្យ​ពី​មាត់​របស់​បងប្អូន​ថា « ព្រះអម្ចាស់​ត្រូវការ​អ្នក ។ ខ្ញុំ​ត្រូវការ​អ្នក ! » ។

មនុស្ស​ជា​ច្រើន​ចង់​បម្រើ​ព្រះ​របស់​ពួកគេ ។ ពួកគេ​ចង់​ធ្វើ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​ទ្រង់ ។ ពួកគេ​ចង់​លូក​កណ្តៀវ ហើយ​ច្រូតកាត់​ដោយ​សមត្ថភាព​របស់​ពួកគេ ដើម្បី​រៀបចំ​ផែន​សម្រាប់​ការយាង​ត្រឡប់​មក​វិញ​របស់​ព្រះអង្គសង្គ្រោះ​យើង ។ ពួកគេ​ចង់​ស្ថាបនា​សាសនាចក្រ​ទ្រង់ ។ ប៉ុន្តែ​ពួកគេ​មាន​ចិត្ត​រារែក​ក្នុង​ការចាប់ផ្តើម ។ ជារឿយៗ​ពួកគេ​ចាំ​ឲ្យ​យើង​សុំ​ពួកគេ ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​គិត​ពី​អស់​អ្នក​ដែល​នៅក្នុង​សាខា និង វួដ នៅក្នុង​បេសកកម្ម និង ស្តេក​របស់​បងប្អូន ដែល​ត្រូវការ​ស្តាប់​ឮ​ការហៅ​ឲ្យ​ធ្វើ​កិច្ចការ ។ ព្រះអម្ចាស់​បាន​ធ្វើការ​ជាមួយ​ពួកគេ—ដោយ​រៀបចំ​ពួកគេ បន្ទន់​ចិត្ត​ពួកគេ ។ ចូរ​ស្វែងរក​ពួកគេ​ដោយ​មើល​ពួកគេ​ពី​ក្នុង​ចិត្ត​របស់​បងប្អូន ។

ចូរ​ជួយ​ពួកគេ ។ ចូរ​បង្រៀន​ពួកគេ ។ ចូរ​បំផុស​គំនិត​ពួកគេ ។ ចូរ​សូម​ពួកគេ ។

ចូរ​ចែកចាយ​បន្ទូល​របស់​ទេវតា​ទៅ​កាន់​អាម៉ូលេក​ជាមួយ​ពួកគេ—​ថា​ព្រះ​ពរ​នៃ​ព្រះ​អម្ចាស់​នឹង​សណ្ឋិត​លើ​ពួកគេ និង​លើ​គ្រួសារ​ពួកគេ ។១១ បងប្អូន​នឹង​មាន​ក្តី​រំភើប ក្នុងការ​រកឃើញ​អ្នក​បម្រើ​ដ៏​ក្លាហាន​របស់​ព្រះអម្ចាស់ ដែល​យើង​ពុំ​សូវ​បាន​កត់សម្គាល់​ពី​ពួកគេ ។

តើ​ខ្ញុំ​ដូច​ជា​អាម៉ូលេក​តាម​របៀប​ណា ?

ដោយសារ​ពួកយើង​មួយ​ចំនួន​គប្បី​ស្វែងរក​មនុស្ស​ដូច​ជា​អាម៉ូលេក នោះ​មាន​អ្នក​ខ្លះ​ទៀត​អាច​សួរ​សំណួរនេះ​ថា « តើ​ខ្ញុំ​ដូច​ជា​អាម៉ូលេក​តាម​របៀប​ណា ? »

ប្រហែល​ជា​បងប្អូន​ពុំ​សូវ​មាន​ការតាំងចិត្ត​ក្នុង​ភាពជា​សិស្ស​អស់​ជា​ច្រើន​ឆ្នាំ ។ ប្រហែល​ជា​ទីបន្ទាល់​របស់​បងប្អូន​បាន​ចុះ​ខ្សោយ ។ ប្រហែល​ជា​បងប្អូន​បាន​ដកខ្លួន​ចេញ​ឆ្ងាយ​ពី​រូបកាយ​នៃ​ព្រះគ្រីស្ទ ។ ប្រហែល​ជា​បងប្អូន​បាន​អន់ចិត្ត ឬ ខឹង​សម្បា ។ ដូច​សមាជិកនៃ​សាសនាចក្រ​ពី​ជំនាន់​ដើម​នៅ​ក្រុង​អេភេសូរ​ដែរ ប្រហែល​ជា​បងប្អូន​បាន​បោះ​បង់​ចោល « សេចក្តី​ស្រឡាញ់​ដើម​ចេញ »១២—គឺ​សេចក្តីពិត​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដ៏​មហិមា អស់កល្ប​ជានិច្ច ។

ប្រហែល​ដូច​ជា​អាម៉ូលេក​ដែរ បងប្អូន​បាន​ដឹង​ក្នុង​ចិត្ត​ថា​ព្រះអម្ចាស់​បាន « ហៅ [ បងប្អូន ] ជា​ច្រើន​ដង » ប៉ុន្តែ​បងប្អូន « ធ្វើ​ជា​មិន​ឮ » ។

ទោះជា​ដូច្នោះ​ក្តី ព្រះអម្ចាស់​ទ្រង់​ទត​ឃើញ​ក្នុង​ចិត្ត​បងប្អូន ដូច​ទ្រង់​ទត​ឃើញ​ក្នុង​ចិត្ត​អាម៉ូលេក​ដែរ—ដែល​អនាគត​គឺ​ជា​អ្នក​បម្រើ​ដ៏​អង់អាច​ក្នុងការ​ធ្វើ​កិច្ចការ​សំខាន់ៗ និង ចែកចាយ​ទីបន្ទាល់ ។ មាន​ការបម្រើ​ដែល​គ្មាន​នរណា​ម្នាក់​ទៀត អាច​ធ្វើ​បាន​តាម​របៀប​ដូចគ្នា​នោះ​ទេ ។ ព្រះអម្ចាស់​បាន​ទុក​ព្រះទ័យ​លើ​បងប្អូន​ជាមួយ​នឹង​បព្វជិតភាព​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ដែល​មាន​សក្តានុពល​នៃ​ព្រះ​ដើម្បី​ផ្តល់​ពរ និង លើក​ស្ទួយ​អ្នក​ដទៃ ។ សូម​ស្តាប់​ដោយ​បើក​ដួងចិត្ត​របស់​បងប្អូន ហើយ​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ ។

ដំណើរ​រឿង​របស់​សមាជិក​ម្នាក់

ខ្ញុំ​រំជួលចិត្ត​នឹង​ដំណើរ​រឿង​របស់​បងប្រុស​ម្នាក់ ដែល​បាន​សួរ​ខ្លួន​គាត់​ថា « នៅពេល​ព្រះអម្ចាស់​ហៅ តើ​ខ្ញុំ​នឹង​ឮ​ដែរ​ឬ​ទេ ? » ខ្ញុំ​នឹង​ហៅ​ឈ្មោះ​បងប្រុស​ដ៏​ប្រសើរ​នេះ​ថា ដាវីឌ ។

ដាវីឌ​បាន​ប្រែចិត្ត​ជឿ​លើ​សាសនាចក្រ​នេះ​កាល​ពី ៣០ ឆ្នាំ​កន្លង​ទៅ ។ គាត់​បាន​បម្រើ​បេសកកម្ម ហើយ​ក្រោយ​មក​បាន​ចូលរៀន​សាលា​ច្បាប់ ។ អំឡុង​ពេល​គាត់​កំពុង​សិក្សា និង ធ្វើការ​ដើម្បី​ចិញ្ចឹម​គ្រួសារ​ថ្មោងថ្មី នោះ​គាត់​បាន​រកឃើញ​ព័ត៌មាន​មួយ​ចំនួន​អំពី​សាសនា ដែល​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​ស្មុគស្មាញ ។ កាល​ណា​គាត់​កាន់តែ​អាន​ឯកសារ​អវិជ្ជមាន​នោះ គាត់​កាន់តែ​មាន​ចិត្ត​ច្របូកច្របល់ ។ ទីបំផុត​គាត់​បាន​សុំ​ឲ្យ​គេ​លុប​ឈ្មោះ​របស់​គាត់​ចេញ​ពី​កំណត់ត្រា​សាសនាចក្រ ។

ចាប់​តាំង​ពី​ពេល​នោះ​មក ដូច​ជា​អាលម៉ា​ដែរ​នៅក្នុង​អំឡុងពេល​នៃ​ការបះបោរ​របស់​គាត់ ដាវីឌ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន ជជែក​វែកញែក​ជាមួយ​សមាជិក​សាសនាចក្រ ចូលរួម​ការសន្ទនា​តាម​អ៊ិនធើរណែត ដោយ​មាន​ចេតនា​ប្រកែក​អំពី​ជំនឿ​របស់​ពួកគេ ។

គាត់​ពូកែ​ណាស់​ខាង​រឿង​ជជែកវែក​ញែក​នោះ ។

សមាជិក​ម្នាក់​ដែល​គាត់​បាន​ជជែក​ជាមួយ​នោះ ខ្ញុំ​នឹង​ហៅ​ឈ្មោះ​គាត់​ថា​យ៉ាកុប ។ យ៉ាកុប​តែងតែ​មាន​ចិត្ត​ល្អ ហើយ​គោរព​ដាវីឌ ប៉ុន្តែ​គាត់​ក៏​រឹងប៉ឹង​ក្នុង​ការ​ការពារ​សាសនាចក្រ​ផងដែរ ។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ដាវីឌ និង យ៉ាកុប​បាន​បង្កើន​ការគោរព និង មាន​មិត្តភាព​ជាមួយ​គ្នា ។ អ្វី​ដែល​ដាវីឌ​ពុំ​ដឹង​នោះ​គឺ​ថា យ៉ាកុប​បានអធិស្ឋាន​ឲ្យ​ដាវីឌ ហើយ​បាន​អធិស្ឋាន​យ៉ាង​ស្មោះត្រង់​អស់​ជាង​មួយ​ទសវត្សរ៍ ។ គាត់​ថែមទាំង​បាន​ដាក់​ឈ្មោះ​មិត្ត​របស់​គាត់​ក្នុង​ការអធិស្ឋាន​នៅ​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ហើយ​សង្ឃឹម​ថា​ព្រះ​នឹង​បន្ទន់​ចិត្ត​របស់​ដាវីឌ ។

យូរៗ​ទៅ ដាវីឌ​បាន​ផ្លាស់ប្តូរ​ដោយ​សន្សឹមៗ ។ គាត់​បាន​ចាប់ផ្តើម​ចាំ​ពី​ឥទ្ធិពល​នៃ​បទពិសោធន៍​ខាង​វិញ្ញាណ​ដែល​គាត់​ធ្លាប់​មាន ហើយ​គាត់​ចាំ​ពី​សុភមង្គល​ដែល​គាត់​បាន​ទទួល កាល​គាត់​នៅ​ជា​សមាជិក​សាសនាចក្រ ។

ដូច​អាលម៉ា​ដែរ ដាវីឌ​ពុំ​បាន​បំភ្លេច​ទាំងស្រុង​នូវ​សេចក្តីពិត​នៃ​ដំណឹងល្អ​ដែល​គាត់​ធ្លាប់​ឱបក្រសោប​យក​នោះ​ទេ ។ ហើយ​ដូច​អាម៉ូលេក​ដែរ ដាវីឌ​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​បាន​ជួយ​ដល់​គាត់ ។ ឥឡូវ​នេះ​ដាវីឌ​ជា​ដៃគូ​នៅក្នុង​ក្រុមហ៊ុន​ច្បាប់—ជា​របរ​មួយ​ប្រកប​ដោយ​កិត្យានុភាព ។ គាត់​បាន​បង្កើន​កេរ្តិ៍ឈ្មោះ​សាសនាចក្រ​នេះ​វិញ ដែល​ពីមុន​គាត់​ធ្លាប់តែ​រិះគន់​នោះ ហើយ​គាត់​មាន​មោទនភាព​យ៉ាង​ខ្លាំង ក្នុងការ​សុំ​ឲ្យ​ចូលរួម​សាសនាចក្រ​វិញ ។

ដូច្នោះ​ហើយ គាត់​បាន​បន្ត​ទទួល​អារម្មណ៍​នូវ​ការទាក់ទាញ​របស់​អ្នក​គង្វាល ។

គាត់​ជឿ​លើ​ខគម្ពីរ​នេះ​ដោយ​អស់​ពី​ចិត្ត « តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ » ។១៣​ គាត់​បាន​អធិស្ឋាន​ថា « ឱ​ព្រះវរបិតា ទូលបង្គំ​ចង់​ក្លាយ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ម្តង​ទៀត ប៉ុន្តែ​ទូលបង្គំ​ត្រូវការ​ចម្លើយ​ជា​ច្រើន​ចំពោះ​សំណួរ​ដែល​ទូលបង្គំ​មាន » ។

គាត់​បាន​ចាប់ផ្តើម​ស្តាប់​ការខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណ និង ស្តាប់​ចម្លើយ​ដ៏​បំផុសគំនិត​មក​ពី​មិត្តភក្តិ ដែល​គាត់​ពុំ​ធ្លាប់​ធ្វើ​ពី​មុនមក ។ យូរៗទៅ ចម្ងល់​របស់​គាត់​បាន​ប្រែ​ទៅ​ជា​សេចក្តី​ជំនឿ ហើយ​ទីបំផុត​គាត់​បាន​ដឹង​ជាថ្មី​ម្តង​ទៀត​ថា គាត់​អាច​មាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង អំពីសាសនាចក្រ​ដែល​បាន​ស្តារ​ឡើង​វិញ​របស់​ទ្រង់ ។

នៅ​ត្រង់​ចំណុច​នោះ គាត់​បាន​ដឹង​ថា គាត់​នឹង​អាច​យក​ឈ្នះ​លើ​អំនួត​របស់​គាត់ ហើយ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​​ទទួល​ឲ្យ​ត្រឡប់​មក​ចូល​សាសនាចក្រ​វិញ ។

ទីបំផុត ដាវីឌ​បាន​ជ្រមុជទឹក ហើយ​ចាប់ផ្តើម​រាប់​ថ្ងៃ​ថយ​ក្រោយ រហូត​ដល់​គាត់​អាច​​ស្តារ​ពរជ័យ​របស់​គាត់ឡើង​វិញ ។

ខ្ញុំ​មាន​ចិត្ត​រីករាយ​ដែល​បាន​ដឹង​កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន​ថា ពរជ័យ​របស់​ដាវីឌ​បាន​ស្តារ​ឡើង​វិញ​ដល់​គាត់​ហើយ ។ គាត់​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សាសនាចក្រ​ម្តង​ទៀត ហើយ​កំពុង​បម្រើ​ជា​គ្រូបង្រៀន​គោលលទ្ធិ​ដំណឹងល្អ​នៅក្នុង​វួដ​របស់​គាត់ ។ គាត់​ឆ្លៀត​ឱកាស​គ្រប់​ពេល ដើម្បី​និយាយ​ជាមួយ​មនុស្ស​ដទៃ អំពី​ការផ្លាស់ប្តូរ​របស់​គាត់ ជួសជុល​ការខូចខាត​ដែល​គាត់​បាន​ធ្វើ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ដំណឹង​ល្អ និង សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សេចក្ដីបញ្ចប់

បងប្អូន​ប្រុសជា​ទីស្រឡាញ់ មិត្ត​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​យើង​ព្យាយាម​រក​មើល ស្វែងរក បំផុស​គំនិត ហើយ​ពឹងផ្អែក​លើ​មនុស្ស​ដូច​ជា អាម៉ូលេក​នៅក្នុង​វួដ និង ស្តេក​របស់​យើង ។ មាន​អាម៉ូលេក​ជា​ច្រើន​នាក់​នៅក្នុង​សាសនាចក្រ​សព្វ​ថ្ងៃ​នេះ ។

ប្រហែល​ជា​បងប្អូន​​ស្គាល់​ម្នាក់ដែរ ។ ប្រហែល​ជា​បងប្អូន​គឺ​ជា​អាម៉ូលេក​ម្នាក់ដែរ ។

ប្រហែល​ជាព្រះអម្ចាស់​បាន​ខ្សឹប​ប្រាប់​បងប្អូន ជំរុញ​ឲ្យ​បងប្អូន​ត្រឡប់​មក​រក​សេចក្តី​ស្រឡាញ់​ដើម​វិញ ចែករំលែក​ទេពកោសល្យ​របស់​បងប្អូន អនុវត្ត​បព្វជិតភាព​ដោយ​សក្តិសម ហើយ​បម្រើ​ជាមួយ​បងប្អូន​ជា​ពួកបរិសុទ្ធ ក្នុងការ​ខិត​ឲ្យ​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ហើយ​ស្ថាបនា​នគរ​ព្រះនៅ​ផែនដី​នេះ ។

ព្រះអង្គសង្គ្រោះ​ពេញ​ដោយ​ក្តីស្រឡាញ់​របស់​យើង​ជ្រាប​ថា​បងប្អូន​នៅ​ទី​ណា ។ ទ្រង់​ជ្រាប​ពី​ដួងចិត្ត​បងប្អូន ។ ទ្រង់​ចង់សង្គ្រោះ​បងប្អូន។ ទ្រង់​នឹង​ជួយ​បងប្អូន ។ ចូរ​បើកដួង​ចិត្ត​បងប្អូន​ចំពោះ​ទ្រង់ ។ នេះ​ជា​ក្តីសង្ឃឹម​ខ្ញុំ​ថា អស់​អ្នក​ដែល​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​ភាព​ជា​សិស្ស—ទោះបី​គ្រាន់តែ​ពីរបី​ដឺក្រេ​ក្តី—សូម​ពិចារណា​អំពី​សេចក្តី​ល្អ និង ព្រះគុណ​នៃ​ព្រះ ​បើកដួងចិត្ត​រៀន​អំពី​អាលម៉ា និង អាម៉ូលេក ហើយ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​ដែល​ផ្លាស់ប្តូរ​ជីវិត​ដូចនេះ ៖ « ចូរ​មក​តាម​ខ្ញុំ »។

ខ្ញុំ​ជំរុញ​ចិត្ត​បងប្អូន​ឲ្យ​ផ្ទៀង​ត្រចៀក​ស្តាប់ការអំពាវនាវ​របស់​ទ្រង់ ប្រាកដ​ណាស់​បងប្អូន​នឹង​ទទួល​រង្វាន់​ពី​ស្ថានសួគ៌ ។ ព្រះ​ពរ​នៃ​ព្រះ​អម្ចាស់​នឹងសណ្ឋិត​លើ​បងប្អូន និង​លើ​គ្រួសារ​របស់​បងប្អូន ។១៤

ខ្ញុំសូមថ្លែងទីបន្ទាល់ពីការណ៍នេះ ហើយទុកពរជ័យខ្ញុំនឹងបងប្អូនរាល់គ្នា ក្នុងនាមជាសាវកនៃព្រះអម្ចាស់ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។