ឆ្នាំ ២០១០-២០១៩
បំណង​ប្រាថ្នា​ដ៏​ស្មោះ​របស់​ព្រលឹង
ខែ តុលា ឆ្នាំ ២០១៦


បំណង​ប្រាថ្នា​ដ៏​ស្មោះ​របស់​ព្រលឹង

គ្រប់​គ្រា​នៃ​ការ​អធិស្ឋាន​ដ៏​មាន​តម្លៃ​អាច​ជា​ពេល​ដ៏​បរិសុទ្ធ​ដែល​បាន​ចំណាយ​នឹង​ព្រះវរបិតា​យើង ក្នុង​ព្រះនាម​នៃ​ព្រះបុត្រា តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

នៅ​ក្នុង​ឧបសគ្គ​នៃ​ជីវិត​រមែង​ស្លាប់ យើង​ពុំ​ដែល​ទុក​ឲ្យ​នៅ​តែ​ឯង​ដើម្បី​សម្រេច​កិច្ចការ​របស់​យើង ដើម្បី​តតាំង​នឹង​ចម្បាំង​របស់​យើង ដើម្បី​ប្រឈម​នឹង​មារសត្រូវ ឬ​សំណួរ​ដែល​គ្មាន​ចម្លើយ​ឡើយ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​នូវ​រឿង​ប្រៀប​ប្រដូច​មួយ « ថា​ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ » ។ ទ្រង់​បាន​មាន​បន្ទូល​ពី​ចៅ​ក្រម​ម្នាក់​ដែល​មិន​គោរព​ព្រះ ហើយ​មិន​ខ្វល់​ខ្វាយ​ចំពោះ​មនុស្ស​ដទៃ​ទៀត ។ មាន​ស្ត្រី​មេម៉ាយ​ម្នាក់​បាន​មក​រក​គាត់​ម្តង​ហើយ​ម្តង​ទៀត សូម​រក​យុត្តិធម៌​ទាស់​នឹង​មារសត្រូវ​របស់​នាង ។ អស់​មួយ​រយៈ​មក ចៅ​ក្រម​នោះ​ពុំ​បាន​ធ្វើ​ឲ្យ​គាត់​ស្កប់​ចិត្ត​ឡើយ ។ ប៉ុន្តែ​ជា​លទ្ធផល​នៃ​ការ​សូម​ដ៏​ស្មោះ​ត្រង់​ខ្ជាប់​ខ្ជួន​របស់​នាង នៅ​ទី​បំផុត​ចៅ​ក្រម​នោះ​បាន​គិត « គង់​តែ​យើង​នឹង​ជំនុំជម្រះ​ឲ្យ​ស្ត្រី​មេម៉ាយ​នេះ​ជា​មិន​ខាន ដោយ​ព្រោះ​នាង​នាំ​ឲ្យ​រំខាន​ចិត្ត​យើង​ខ្លាំង​ណាស់ ក្រែង​នាង​ចេះ​តែ​មក​រំអុក​ជានិច្ច​ដូច្នេះ​ទៅ នឹង​នាំ​ឲ្យ​យើង​ពិបាក​ចិត្ត​ទៅ​ទៀត » ។

បន្ទាប់​មក​ព្រះយេស៊ូវ​បាន​ពន្យល់​ថា ៖

« ពួក​រើស​តាំង​របស់​ទ្រង់ ដែល​គេ​អំពាវនាវ​រក​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ នោះ​តើ​ទ្រង់​មិន​សងសឹក​ជំនួស​គេ​ដែរ​ទេ​ឬ​អី …  ?

ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទ្រង់​នឹង​សងសឹក​ជំនួស​អ្នក​ទាំង​នោះ ជា​ប្រញាប់​មិន​ខាន » ។

រួច​ហើយ​ព្រះអម្ចាស់​បាន​សួរ​សំណួរ​នេះ​ថា ៖ « ប៉ុន្តែ​កាល​ណា​កូន​មនុស្ស​នឹង​មក តើ​នឹង​ឃើញ​នៅ​មាន​សេចក្តី​ជំនឿ​នៅ​ផែនដី​ដែរ​ឬ​ដូច​ម្តេច ? »

ការ​អធិស្ឋាន​គឺ​ជា​កត្តា​ដ៏​ចាំបាច់​ចំពោះ​ការ​អភិវឌ្ឍ​សេចក្ដី​ជំនឿ ។ ពេល​ព្រះអម្ចាស់​យាង​មក​ម្ដង​ទៀត តើ​ទ្រង់​នឹង​រក​ប្រជាជន​ដែល​ស្គាល់​របៀប​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ ហើយ​បាន​រៀបចំ​ខ្លួន​ទទួល​សេចក្ដីសង្គ្រោះ​ឬ ? « ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ព្រះនាម​ព្រះអម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ » ។ យើង​គឺ​ជា​កូនចៅ​របស់​ព្រះវរបិតា​សួគ៌ ហើយ​យើង​អាច​រីករាយ​នឹង​ការ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ទ្រង់ កាល​យើង​អធិស្ឋាន​« ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ » រួច​ហើយ​ធ្វើ​តាម​ចម្លើយ​ដែល​យើង​បាន​ទទួល​ដោយ​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​អធិស្ឋាន យើង​ស្ដាប់ ហើយ​យើង​គោរព​ប្រតិបត្តិ​តាម​ដោយ​សេចក្ដីជំនឿ ដើម្បី​យើង​អាច​រៀន​រួប​រួម​នឹង​ព្រះវរបិតា និង​ព្រះរាជបុត្រា ។

ការ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ​បើក​ផ្លូវ​ដើម្បី​ទទួល​បាន​ពរជ័យ​ដ៏​រុង​រឿង​ពី​ស្ថានសួគ៌ ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ៖

« ចូរ​សុំ​នោះ​តែង​នឹងឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ៖

ដ្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក​នោះ​រមែង​ឃើញ ហើយ​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ » ។

បើ​យើង​ចង់​ទទួល​បាន​ពរជ័យ នោះ​យើង​ត្រូវ​សូម រក ហើយ​គោះ ។ នៅ​ក្នុង​ការ​ស្វែង​រក​សេចក្ដី​ពិត​របស់​លោក យ៉ូសែប ស្ម៊ីធ​បាន​អាន​ចេញ​ពី​បទគម្ពីរ​ថា « តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ » ។ ជា​ការ​ឆ្លើយ​តប​ទៅ​ការ​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​របស់​លោក ស្ថានសួគ៌​ត្រូវ​បាន​បើក​ឡើង ។ ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ បាន​យាង​ចុះ​មក​ក្នុង​សិរីល្អ ហើយ​មាន​បន្ទូល​ទៅ​យ៉ូសែប ស្ម៊ីធ ដែល​ជា​ការ​ចាប់ផ្ដើម​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេលពេញ​កំណត់ ។ ចំពោះ​យើង ការ​ព្យាបាល​ប្រកប​ដោយ​អព្ភូតហេតុ ការ​ការពារ​ដ៏​មាន​ឥទ្ធិពល ចំណេះដឹង​នៃ​ព្រះ ការ​អភ័យទោស​ដ៏​ប្រោស​លោះ និង​ភាព​សុខសាន្ត​ដ៏​មាន​តម្លៃ​គឺ​ស្ថិត​នៅ​ក្នុង​ចម្លើយ​ដែល​កើត​មាន​ចំពោះ​យើង នៅពេល​យើង​ថ្វាយ « បំណង​ប្រាថ្នា​ដ៏​ស្មោះ​របស់​យើង » ដោយ​សេចក្ដី​ជំនឿ ។

យើង​អធិស្ឋាន​ទៅ​ព្រះវរបិតា​យើង នៅ​ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដូច្នេះ​យើង​យាងសមាជិក​ទាំងបី​អង្គ​នៃ​ក្រុម​ព្រះ​មក​ក្នុង​ការ​អធិស្ឋាន​របស់​យើង ។

យើង​អធិស្ឋាន​ទៅ​ព្រះវរបិតា​សួគ៌ និង​ទៅ​ទ្រង់​តែ​មួយ​អង្គ​គត់ ដោយសារ​ទ្រង់​គឺ​ជា « ព្រះ​មួយ​អង្គ​គង់​នៅ​លើ​ស្ថាន​សួគ៌ ដែល​នៅ​ជា​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច គឺ​ពី​អស់​កល្ប​ទៅ​អស់​កល្ប​ជានិច្ច …  ជា​អ្នក​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី និង​របស់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង » ។ ក្នុង​នាម​ជា​ព្រះ​ដ៏​បង្ក​បង្កើត​របស់​យើង ទ្រង់​បាន​ប្រទាន​បទបញ្ញត្តិ​ថា យើង « ស្រឡាញ់ ហើយ​បម្រើ​ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ និង​ពិត​តែ​មួយ ហើយ​ថា​ទ្រង់​ជា​ព្រះ​អង្គ​មួយ​គត់ ដែល​[ យើង ]​គប្បី​ថ្វាយ​បង្គំ » ។

នៅ​ពេល​បងប្អូន​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតា​សួគ៌​ដោយ​សេចក្ដី​ជំនឿ « នោះ​ទ្រង់​នឹង​លួងលោម​ដល់​[ បងប្អូន ] ក្នុង​គ្រា​ដែល​[ បងប្អូន ]​មាន​ទុក្ខ​លំបាក … [ ហើយ​បងប្អូន​អាច ] ទទួល​ទាន​នូវ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ » ។ ប្រធាន ហិនរី ប៊ី អាវរិង បាន​ចែកចាយ​ថា ការ​អធិស្ឋាន​របស់​ឪពុក​លោក កាល​គាត់​មាន​ជំងឺ​មហារីក​បាន​បង្រៀន​លោក​នូវ​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​យ៉ាង​ជ្រាល​ជ្រៅ​រវាង​ព្រះ និង​កូនចៅ​របស់​ទ្រង់ ។

« កាល​ការ​ឈឺចាប់​មាន​កាន់តែ​ខ្លាំង​ឡើង យើង​បាន​ឃើញ​គាត់​លុត​ជង្គង់​ចុះ​នៅ​ក្បែរ​គ្រែ​របស់​គាត់ ។ គាត់​មិន​អាច​ក្រោក​ឡើង​ទៅ​លើ​គ្រែ​វិញ​បាន​ឡើយ ។ គាត់​បាន​ប្រាប់​យើង​ថា គាត់​បាន​អធិស្ឋាន​ទូល​សួរ​ទៅ​ព្រះវរបិតា​សួគ៌​ថា ហេតុអ្វី​បាន​ជា​គាត់​ត្រូវ​រងទុក្ខ​ខ្លាំង​បែប​នេះ ពីព្រោះ​គាត់​បាន​ព្យាយាម​ធ្វើ​ល្អ​ជានិច្ច ។ គាត់​បាន​ពោល​ថា ចម្លើយ​ដ៏​សប្បុរស​មួយ​បាន​ឆ្លើយ​តប​ថា ៖ ‹ ព្រះ​ត្រូវការ​ពួក​បុត្រា​ដែល​ក្លាហាន › ។

« ហេតុដូច្នេះ​ហើយ គាត់​បាន​ស៊ូទ្រាំ​ដល់​ទីបំផុត ដោយ​ទុក​ចិត្ត​ថា ព្រះ​ស្រឡាញ់​គាត់ ស្ដាប់​គាត់ ហើយ​នឹង​លើក​គាត់​ឡើង ។ គាត់​មាន​ពរ​ដោយ​បាន​ដឹង​ជា​មុន ហើយ​មិន​ភ្លេច​ថា ព្រះ​ដ៏​ជា​ទី​ស្រឡាញ់​មួយ​អង្គ​គឺ គង់នៅ​ក្បែរ​ប្រៀប​បាន​នឹង​ការ​អធិស្ឋាន​ដែរ » ។១០

យើង​អធិស្ឋាន​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដោយសារ​សេចក្ដី​សង្គ្រោះ​របស់​យើង​ពឹង​ផ្អែក​លើ​ព្រះគ្រីស្ទ ហើយ​« នៅ​ក្រោម​មេឃ គ្មាន​នាម​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ » ។១១ យើង​មក​រក​ព្រះវរបិតា​នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ១២ ដោយ​សារ​ទ្រង់​គឺជា​ព្រះ​គាំទ្រ​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា ហើយ​ទ្រង់​ពិត​ជា​ជួយ​ទូល​អង្វរ​ជំនួស​យើង ។១៣ ទ្រង់​បាន​រងទុក្ខ ហូរ​លោហិត ហើយ​សុគត​ដើម្បី​ឲ្យ​ព្រះវរបិតា​ទ្រង់​បាន​សិរីល្អ ហើយ​ការ​ទូល​អង្វរ​ដ៏​មាន​ក្ដីមេត្តា​របស់​ទ្រង់​សម្រាប់​យើង បើក​ផ្លូវ​ឲ្យ​យើង​ម្នាក់ៗ​ទទួល​បាន​ភាព​សុខសាន្ត​នៅ​ក្នុង​ជីវិត​នេះ និង​ជីវិត​អស់​កល្ប​ជានិច្ច​នា​ពេល​ខាង​មុខ ។ ទ្រង់​មិន​ចង់​ឲ្យ​យើង​រងទុក្ខ​យូរ ឬ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​ច្រើន​ជាង​អ្វី​ដែល​ចាំបាច់​ឡើយ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ងាក​ទៅ​រក​ទ្រង់ ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់​សម្រាល​បន្ទុក​របស់​យើង ព្យាបាល​ដួង​ចិត្ត​យើង ហើយ​សម្អាត​ព្រលឹង​យើង​តាមរយៈ​ព្រះចេស្ដា​ធ្វើ​ឲ្យ​បរិសុទ្ធ​របស់​ទ្រង់ ។ យើង​មិន​ចង់​ប្រើ​ព្រះនាម​ទ្រង់​ជា​អសារឥត​ការ​ជាមួយ​នឹង​ពាក្យ​ដែល​ទន្ទេញ​ចាំ ហើយ​ដដែលៗ​នោះ​ឡើយ ។ ការ​អធិស្ឋាន​ស្មោះ​សរ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ការ​បង្ហាញ​មួយ​ពី​សេចក្ដី​ស្រឡាញ់​ដែល​មាន​ការ​លះបង់ ការ​ដឹង​គុណ​ដ៏​អស់​កល្ប និង​បំណងប្រាថ្នា​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង​ដើម្បី​អធិស្ឋាន​ដូច​ដែល​ទ្រង់​បាន​អធិស្ឋាន ធ្វើ​ដូចជា​ទ្រង់​បាន​ធ្វើ ហើយ​ប្រែក្លាយ​ដូចជា​ទ្រង់។

យើង​អធិស្ឋាន​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយសារ « អ្នក​ណា​ដែល​សូម​ដោយ​នូវ​ព្រះ​វិញ្ញាណ នោះ​សូម​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ » ។១៤ ពេល​យើង​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​គំនិត​យើង ដើម្បី​ឲ្យ​ពាក្យ​សម្ដី​យើង​សម​ស្រប​តាម​ព្រះទ័យ​របស់​ព្រះ ។ « ចូរ​កុំ​សូម​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​អាច​យក​មក​បម្រើ​ការ​សម្រើប​របស់​អ្នក​ឡើយ ប៉ុន្តែ​ចូរ​សូម​ដោយ​ភាព​រឹងប៉ឹង មិន​វេរ​វៀរ ដើម្បី​កុំ​ឲ្យ​អ្នក​បណ្ដោយ​ទៅ​តាម​សេចក្ដី​ល្បួង ប៉ុន្តែ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បម្រើ​ព្រះ​ដ៏​ពិត និង​ដ៏​មាន​ព្រះ​ជន្ម​រស់​វិញ » ។១៥

« កាល​ដែល​យើង​នឹង​ស្គាល់​របៀប​អធិស្ឋាន​វា​ជា​រឿង​សំខាន់ ប៉ុន្តែ​កាល​ដែល​យើង​ស្គាល់​ពី របៀប​ទទួល​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​របស់​យើង ដើម្បី​ដឹង ដើម្បីស្គាល់ ដើម្បី​អាច​មើល​ឃើញ​យ៉ាង​ច្បាស់ ហើយ​យល់​នូវ​ចេតនា​ដ៏​ច្បាស់​ពី​ព្រះទ័យ និង​ព្រះរាជបំណង​របស់​ព្រះ​សម្រាប់​យើង​ក៏​ជា​រឿង​ដ៏​សំខាន់​ដែរ » ។១៦

ប្រធាន អាវរិង បាន​ចែកចាយ​ថា ៖ « ខ្ញុំ​ធ្លាប់​ទទួល​ចម្លើយ​ច្រើន​ចំពោះ​ការ​អធិស្ឋាន ។ ចម្លើយ​ទាំង​នោះ​មាន​ភាព​ច្បាស់ នៅ​ពេល​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ស្ងាត់​បាត់​ទៅ​ដោយ​សេចក្ដី​ត្រូវការ​ដ៏​លើស​លុប​ដើម្បី ដឹង​នូវ​អ្វី​ដែល​ព្រះ​សព្វ​ព្រះទ័យ ។ នៅ​ពេល​នោះ​ហើយ​ដែល​ចម្លើយ​មក​ពី​ព្រះវរបិតា​សួគ៌​អាច​ចាក់​ចូល​ទៅ​ក្នុង​គំនិត​តាមរយៈ​សំឡេង​ដ៏​តូច​រហៀង ហើយ​អាច​ចារ​នៅ​ក្នុង​ដួង​ចិត្ត​បាន » ។១៧

រូបភាព
ព្រះគ្រីស្ទ​តែងតាំង​ពួកសាវក
រូបភាព
ព្រះ​គ្រីស្ទ​នៅ​ក្នុង​សួន​ច្បារ​គែតសេម៉ានី

កាល​ព្រះអង្គ​សង្គ្រោះ​យាង​ចូល​ទៅ​ក្នុង​សួនច្បារ​គែតសេម៉ានី ព្រលឹង​ទ្រង់​មាន​ភាព​សោកសៅ​យ៉ាង​ខ្លាំង​ស្ទើ​នឹង​សុគត ។ ដោយ​ការ​ឈឺចាប់​របស់​ទ្រង់ មាន​តែ​អង្គ​ម្នាក់​គត់​ដែល​ទ្រង់​បាន​ងាក​ទៅ​រក​គឺ​ព្រះវរបិតា​ទ្រង់ ។ ទ្រង់​បាន​ទូល​អង្វរ​ថា « បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែង​នេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ » ។ ប៉ុន្តែ​ទ្រង់​បាន​បន្ថែម​ថា « ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ។១៨ ទោះ​បី​ជា​ទ្រង់​គ្មាន​អំពើ​បាប​ក្ដី ក៏​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​ហៅ​ឲ្យ​« រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង » រួមទាំង​ជំងឺ និង​ភាព​ទន់ខ្សោយ​ទាំងឡាយ​របស់​រាស្ត្រ​ទ្រង់ ។ « [ ទ្រង់ ] រង​ឈឺ​ចាប់ ស្រប​តាម​សាច់​ឈាម ដើម្បី​ទ្រង់​អាច​យក​ដាក់​លើ​រូប​អង្គ​ទ្រង់​នូវ​អំពើ​បាប​ទាំង​ឡាយ​របស់​រាស្ត្រ​ទ្រង់ ដើម្បី​ទ្រង់​អាច​លុប​ចោល​នូវ​អំពើ​រំលង​ទាំង​ឡាយ​របស់​គេ ស្រប​តាម​ព្រះ​ចេស្ដា​នៃ​ការ​ដោះ​លែង​របស់​ទ្រង់ » ។១៩ ទ្រង់​បាន​អធិស្ឋាន​បី​ដង​ថា « ព្រះវរបិតា​អើយ សូម​ឲ្យ​ព្រះទ័យ​របស់​ព្រះអង្គ​បាន​សម្រេច » ។១០ ពែង​នោះ​ពុំ​បាន​ដក​ចេញ​ឡើយ ។ នៅ​ក្នុង​ការអធិស្ឋាន​ដ៏​ស្មោះ​ត្រង់​រាបសា ទ្រង់​បាន​ទទួល​កម្លាំង​ដើម្បី​ឆ្ពោះ​ទៅមុខ ហើយ​បំពេញ​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់ ដើម្បី​រៀបចំ​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ដើម្បី​យើង​អាច​ប្រែចិត្ត ជឿ គោរព​តាម ហើយ​ទទួល​បាន​ពរជ័យ​នៃ​ភាព​អស់​កល្ប​ជានិច្ច ។

រូបភាព
ព្រះ​គ្រីស្ទ​អធិស្ឋាន​នៅ​ក្នុង​សួន​ច្បារ​គែតសេម៉ានី

ចម្លើយ​ដែល​យើង​បាន​ទទួល​ក្នុង​ការ​អធិស្ឋាន​ប្រហែល​ពុំ​មែន​ជា​អ្វី​ដែល​យើង​ប្រាថ្នា​ចង់​បាន​ឡើយ ។ ប៉ុន្តែ​នៅ​គ្រា​ដ៏​លំបាក ការ​អធិស្ឋាន​របស់​យើង​ក្លាយ​ជា​ការ​គាំទ្រ​មួយ​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​ដ៏​ទន់​ភ្លន់ ។ នៅ​ក្នុង​ការ​ទូល​អង្វរ​របស់​យើង យើង​អាច​ទទួល​បាន​កម្លាំង​ដើម្បី​ដើរ​ឆ្ពោះ​ទៅ​មុខ ហើយ​បំពេញ​អ្វី​ទាំងអស់​ដែល​យើង​ត្រូវ​បាន​តែង​តាំង​ឲ្យ​ធ្វើ ។ ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​ពួក​បរិសុទ្ធ​របស់​ទ្រង់​ដែល​កំពុង​រស់​នៅ​ក្នុង​គ្រា​ដ៏​លំបាក​ថា « ចូរ​ឲ្យ​ចិត្ត​អ្នក​បាន​ក្សាន្ត … ដ្បិត​សាច់​ឈាម​ទាំង​អស់​នៅ​ក្នុង​ព្រះ​ហស្ត​របស់​យើង​ហើយ ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា​យើង​ជា​ព្រះ » ។២១

មិន​ថា​ការ​អធិស្ឋាន​របស់​យើង​ធ្វើ​ឡើង​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន ជា​គ្រួសារ នៅ​ឯ​ព្រះវិហារ ឬ ក្នុង​ព្រះវិហារ​បរិសុទ្ធ ឬ​នៅ​ទីណា​ដែល​យើង​រស់​នៅ មិន​ថា​យើង​អធិស្ឋាន​ដោយ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប ទូល​សូម​ការ​អភ័យទោស ស្វែង​រក​ប្រាជ្ញា​ពី​សួគ៌ា ឬ​ទទួល​បាន​កម្លាំង​ដើម្បី​ស៊ូទ្រាំ​បែប​ណា​នោះ​ទេ យើង​អធិស្ឋាន ជានិច្ច ដោយ​អស់​ពី​ចិត្ត នឹង​គិត​ដល់​ព្រះ​ជានិច្ច​សម្រាប់​សុខុមាល​ភាព​របស់​យើង និង​មនុស្ស​ដែល​នៅ​ជុំ​វិញ​យើង ។ បំណង​ប្រាថ្នា​ស្មោះ​ត្រង់​ផ្ដល់​នូវ​វិញ្ញាណ​នៃ​ការ​ដឹង​គុណ​សម្រាប់​ពរជ័យ​ដ៏​ច្រើន​លើស​លុប និង​សម្រាប់​មេរៀន​ជីវិត​ចារ​ជាប់​ក្នុង​ចិត្ត​យើង​នូវ​សេចក្ដី​ជំនឿ​ដ៏​ខ្ជាប់​ខ្ជួន​ទៅ​លើ​ព្រះគ្រីស្ទ « សេចក្ដី​សង្ឃឹម​ដ៏​ភ្លឺ​ស្វាង និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​មនុស្ស​ទាំងអស់ » ។២២

ការ​អធិស្ឋាន​គឺ​ជា​អំណោយទាន​ពី​ព្រះ ។ យើង​មិន​ត្រូវ​មាន​អារម្មណ៍​វង្វេង ឬ ឯកោ​ឡើយ ។ គ្រប់​គ្រា​នៃ​ការ​អធិស្ឋាន​ដ៏​មាន​តម្លៃ​អាច​ជា​ពេល​ដ៏​បរិសុទ្ធ​ដែល​បាន​ចំណាយ​នឹង​ព្រះវរបិតា​យើង ក្នុង​ព្រះនាម​នៃ​ព្រះបុត្រា តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។