ឆ្នាំ ២០១០-២០១៩
ចូរ​មាន​មហិច្ឆតា​ចំពោះ​ព្រះគ្រីស្ទ​ចុះ
ខែ តុលា ឆ្នាំ ២០១៦


ចូរ​មាន​មហិច្ឆតា​ចំពោះ​ព្រះគ្រីស្ទ​ចុះ

យើង​មាន​មហិច្ឆតា​ចំពោះ​ព្រះគ្រីស្ទ នៅពេល​យើង​បម្រើ​ដោយ​ស្មោះត្រង់ ទទួល​យក​ការបម្រើ​ដោយ​រាបសា ស៊ូទ្រាំ​ដោយ​សប្បុរស អធិស្ឋាន​ដោយ​ស្មោះត្រង់ ហើយ​ទទួលទាន​សាក្រាម៉ង់​ដោយ​សក្តិសម ។

បងប្អូនប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ថ្ងៃ​នេះ​ខ្ញុំ​ចង់​និយាយ​ទៅកាន់​យុវវ័យ​នៃ​សាសនាចក្រ រួម​ទាំង​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​របស់​យើង​ផងដែរ ។ ប្រាកដ​ណាស់ បងប្អូន​ប្រុសស្រី​ដែល​មាន​ដួង​ចិត្ត​នៅ​ក្មេង​ខ្ចី​ក៏​ត្រូវបាន​អញ្ជើញ​ដោយ​ស្មោះសរ​ដើម្បី​ស្តាប់​សារលិខិត​នេះ​ដែរ ។

កាល​ពី​ថ្ងៃ​ទី ២១​ ខែ សីហា ថ្មីៗ​នេះ ​ប្រធាន រ័សុល អិម ណិលសុន បាន​ឧទ្ទិស​​ឆ្លង​ព្រះវិហារ​សាបពូរ៉ូ​ដ៏​ស្រស់​ស្អាត—ជា​ព្រះវិហារ​បរិសុទ្ធ​ទី​បី​នៅ​ប្រទេស​ជប៉ុន ។ ព្រះវិហារ​បរិសុទ្ធ សាបពូរ៉ូ​ត្រូវបាន​សាងសង់​ឡើង​នៅ​ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន​នៅ​លើ​កោះ ហុកកៃដូ ។ ដូច​ជា​រដ្ឋ យូថាហ៍ ដែរ​ នៅ​កោះ​ហុកកៃដូ មាន​អ្នក​ត្រួសត្រាយ​ដ៏​ឧស្សាហ៍ និង ប្រឹងប្រែង​ធ្វើការ​បាន​តាំង​ទីលំនៅ​នៅ​ទីនោះ ។

ក្នុង​ឆ្នាំ ១៨៧៦ គ្រូបង្រៀន​ដ៏​ល្បីល្បាញ​ម្នាក់​ឈ្មោះ​វេជ្ជ. វីល្លាម ក្លាក ត្រូវបាន​អញ្ជើញ​ឲ្យ​មក​កោះ​ហុកកៃដូ​ដើម្បី​បង្រៀន ។ គាត់​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន​អស់​រយៈពេល​ប្រាំ​បី​ខែ ប៉ុន្តែ​ស្មារតី​​ជា​គ្រិស្តសាសនិក​របស់​គាត់ បាន​បន្សល់​ទុក​នូវ​ឥទ្ធិពល​ដ៏​យូរ​អង្វែង​ដល់​និស្សិត​វ័យ​ក្មេង​របស់​គាត់​ដែល​មិនមែន​ជា​គ្រិស្តសាសនិក​នោះ ។ ពីមុន​ចាកចេញ​ទៅ គាត់​បាន​ផ្តល់​សារលិខិត​មួយ​ដល់​សិស្ស​គាត់ ដែល​វា​ក្លាយ​ជា​សារលិខិតឆ្លាក់​ជាប់​នៅលើ​រូប​ចម្លាក់​លង្ហិន​នេះ ។ គាត់​បាន​និយាយ​ថា « យុវជន​អើយ ចូរ​មាន​មហិច្ឆតា​ចុះ !—ចូរ​មាន​មហិច្ឆតា​ចំពោះ​ព្រះគ្រីស្ទ​ចុះ » ។ ដំបូន្មាន​របស់​គាត់​ឲ្យ « មាន​មហិច្ឆតា​ចំពោះ​ព្រះគ្រីស្ទ » អាច​ជួយ​ណែនាំ​ការសម្រេច​ចិត្ត​រៀងរាល់​ថ្ងៃ​របស់​​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បច្ចុប្បន្ន​នេះ ។

រូបភាព
វេជ្ជ. វិល្លាម ក្លាក

តើ « ការ​មាន​មហិច្ឆតា​ចំពោះ​ព្រះគ្រីស្ទ »​ មាន​ន័យ​ដូចម្តេច ? ការ​មាន​មហិច្ឆតា​ចំពោះ​ព្រះគ្រីស្ទ​មាន​ន័យ​ថា​ជា ការជំរុញ​ចិត្ត ការផ្តោត​ចិត្ត និង ការបូជា​ចំពោះ​កិច្ចការ​របស់​ទ្រង់ ។ ការ​មាន​មហិច្ឆតា​ចំពោះ​ព្រះគ្រីស្ទ ពុំ​មែន​មាន​ន័យ​ថា​យើង​នឹង​ត្រូវបាន​ជ្រើសរើស​គោរព​ជា​សាធារណៈ​នោះ​ទេ ។ ការ​មាន​មហិច្ឆតា​ចំពោះ​ព្រះគ្រីស្ទ​មាន​ន័យ​ថា យើង​បម្រើ​ដោយ​ស្មោះត្រង់ និង ដោយ​ឧស្សាហ៍​ព្យាយាម​នៅក្នុង​វួដ និង សាខា​របស់​យើង​ដោយ​ពុំ​រអ៊ូរទាំ គឺ​បម្រើ​ដោយ​ដួងចិត្ត​រីករាយ ។

អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង​បម្រើ​ទូទាំង​ពិភពលោក គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​អំពី​អស់​អ្នក​ដែល​មាន​មហិច្ឆតា​ពិតប្រាកដ​ចំពោះ​ព្រះគ្រីស្ទ ។ ពីរបី​ឆ្នាំ​កន្លង​មក​ហើយ ស៊ិស្ទើរ យ៉ាម៉ាស្ស៊ីតា និង ខ្ញុំ​បាន​បម្រើ​នៅក្នុង​បេសកកម្ម ណាហ្គូយ៉ា ប្រទេស​ជប៉ុន ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង​មាន​មហិច្ឆតា​យ៉ាង​ខ្លាំង​ចំពោះ​ព្រះគ្រីស្ទ ។ មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ក្នុង​ចំណោម​នោះ គឺ​អែលឌើរ ខូវ៉ាន់ ។

រូបភាព
អែលឌើរ ខូវ៉ាន់ ជាមួយ​ប្រធាន និង ស៊ីស្ទើរ យ៉ាម៉ាស្ស៊ីតា

អែលឌើរ ខូវ៉ាន់ កំបុត​ជើង​ខាង​ស្តាំ ដោយសារ​គាត់​មាន​គ្រោះថ្នាក់​ចររាចរណ៍​កាល​ពី​នៅ​វ័យ​ជំទង់ ។ ពីរបី​សប្តាហ៍​បន្ទាប់​ពី​គាត់​បាន​ចូល​បម្រើ​បេសកកម្ម ខ្ញុំ​បាន​ទទួល​ទូរសព្ទ​មកពី​ដៃគូ​របស់​គាត់ ។ ជើង​សប្បនិម្មិត​របស់​អែលឌើរ ខូវ៉ាន់ បាន​បាក់​អំឡុង​ពេល​គាត់​កំពុង​ជិះ​កង់ ។ យើង​បាន​យក​គាត់​ទៅ​កន្លែង​ជួលជួល​ដ៏​ល្អ​មួយ ហើយ​នៅក្នុង​បន្ទប់​នោះ​ហើយ ដែល​ខ្ញុំ​បាន​ឃើញ​ជើង​របស់​គាត់​ជា​លើក​ដំបូង ។ ខ្ញុំ​បាន​ដឹង​ថា គាត់​មាន​ការ​ឈឺ​ចាប់​ជា​ខ្លាំង ។ ជើង​សប្បនិម្មិត​របស់​គាត់​បាន​ជួលជុល​រួច ហើយ​គាត់​បាន​ត្រឡប់​ទៅ​តំបន់​បេសកកម្ម​វិញ ។

ប៉ុន្តែ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក ជើង​សប្បនិម្មិត​នោះ​បាន​បន្ត​បាក់​ម្តង​ហើយ​ម្តង​ទៀត ។ អ្នក​ប្រឹក្សា​ខាង​វេជ្ជសាស្ត្រ​​ប្រចាំ​តំបន់​​បាន​ផ្តល់​យោបល់​ថា អែលឌើរ ខូវ៉ាន់ គួរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​រង់ចាំ​ការចាត់តាំង​បម្រើ​បេសកកម្ម​ជា​ថ្មី ។ ខ្ញុំ​បាន​បដិសេធ​យោបល់​នោះ ដោយសារ​អែលឌើរ​ខូវ៉ាន់ គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ ហើយ​គាត់​មាន​បំណង​ប្រាថ្នា​ខ្លាំង​ដើម្បី​បន្ត​នៅ​ក្នុង​ប្រទេស​ជប៉ុន ។ យូរៗ​ទៅ​រាងកាយ​របស់​អែលឌើរ ខូវ៉ាន់ បាន​ចាប់ផ្តើម​ឈាន​ដល់​កម្រិត​មួយ​ដែល​ពិបាក ។ ទោះបី​ជា​យ៉ាង​នោះ​ក្តី គាត់​ពុំ​បាន​ត្អូញត្អែរ ឬ រអ៊ូរទាំ​ឡើយ ។

ជា​ថ្មី​ម្តង​ទៀត គេ​បាន​ប្រាប់​ខ្ញុំ​ថា អែលឌើរ ខូវ៉ាន់ ត្រូវបាន​អនុញ្ញាត​ឲ្យ​បម្រើ​នៅ​កន្លែង​មួយ ដែល​មិន​តម្រូវ​ឲ្យ​គាត់​ជិះ​កង់​ឡើយ ។ ខ្ញុំ​បាន​ពិចារណា​អំពី​ស្ថានភាព​នេះ ។ ខ្ញុំ​បាន​គិត​អំពី​អែលឌើរ ខូវ៉ាន់ និង អនាគត​របស់​គាត់ ហើយ​ខ្ញុំ​បាន​អធិស្ឋាន​អំពី​បញ្ហា​នោះ ។ ប្រាកដ​ណាស់ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ថា អែលឌើរ ខូវ៉ាន់​គួរតែ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​រង់ចាំ​ការចាត់តាំង​បម្រើ​ជា​ថ្មី ។ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​គាត់ ហើយ​បង្ហាញ​ក្តីស្រឡាញ់ និង កង្វល់​របស់​ខ្ញុំ​ចំពោះ​គាត់ ព្រមទាំង​ប្រាប់​គាត់​អំពី​ការសម្រេច​ចិត្ត​របស់​ខ្ញុំ ។ គាត់​ពុំ​បាន​ឆ្លើយ​តប​អ្វី​ឡើយ ។ ខ្ញុំ​អាច​ឮតែ​សំឡេង​គាត់​យំ​តាម​ទូរសព្ទ​តែ​ប៉ុណ្ណោះ ។ ខ្ញុំ​បាន​និយាយ​ថា « អែលឌើរ ខូវ៉ាន់ អែលឌើរ​ពុំ​ចាំបាច់​ឆ្លើយ​តប​ខ្ញុំ​ក្នុង​ពេល​ឥឡូវ​នេះ​ទេ ។ ខ្ញុំ​នឹង​ទូរសព្ទ​ទៅ​អែលឌើរ​ម្តង​ទៀត​នៅ​ថ្ងៃ​ស្អែក ។ សូម​គិត​ដោយ​ការអធិស្ឋាន​ដ៏​ស្មោះសរ​អំពី​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​អែលឌើរ ។

ពេល​ខ្ញុំ​ទូរស័ព្ទ​ទៅ​គាត់​នា​ព្រឹក​បន្ទាប់​នោះ គាត់​បាន​និយាយ​ដោយ​រាបសា​ថា គាត់​នឹង​ធ្វើ​តាម​ការទូន្មាន​របស់​ខ្ញុំ ។

អំឡុង​ពេល​សម្ភាសន៍​លើក​ចុង​ក្រោយ​របស់​ខ្ញុំ​ជាមួយ​គាត់ ខ្ញុំ​បាន​សួរ​សំណួរ​នេះ​ដល់​គាត់ ៖ « អែលឌើរ ខូវ៉ាន់ តើ​អែលឌើរ​បាន​ស្នើ​សុំ​គេ​ឲ្យ​បញ្ជូន​អែលឌើរ​ទៅ​បេសកកម្ម​ណា​ដែល​មិន​តម្រូវ​ឲ្យ​ជិះ​កង់ ដែរ​ឬ​ទេ​ កាល​អែលឌើរ​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ ? »

គាត់​បាន​និយាយ​ថា « បាទ​ប្រធាន ខ្ញុំ​បាន​សុំ​មែន » ។

ខ្ញុំ​បាន​តប​ថា « អែលឌើរ ខូវ៉ាន់ អែលឌើរ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅ​បេសកកម្ម ណាហ្គូយ៉ា​ប្រទេស​ជប៉ុន ជា​កន្លែង​ដែល​តម្រូវ​ឲ្យ​អែលឌើរ​ជិះ​កង់ ។ តើ​អែលឌើរ​បាន​ប្រាប់​រឿង​នេះ​ដល់​ប្រធាន​ស្តេក​របស់​អែលឌើរ​ដែរ​ឬ​ទេ ? »

ខ្ញុំ​ភ្ញាក់ផ្អើល​ចំពោះ​ចម្លើយ​របស់​គាត់ ។ គាត់​បាន​និយាយ​ថា « អត់​ទេ ខ្ញុំ​ពុំ​បាន​ប្រាប់​គាត់​ទេ ។ ខ្ញុំ​បាន​តាំងចិត្ត ប្រសិនបើ ទីនោះ ជា​កន្លែង​ដែល​ព្រះអម្ចាស់​បាន​ហៅ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ទៅ​កន្លែង​ហាត់​ប្រាណ ហើយ​បង្វឹក​រាងកាយ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ជិះ​កង់​បាន » ។

នៅ​ចុង​បញ្ចប់​នៃ​ការសម្ភាសន៍​របស់​យើង គាត់​បាន​សួរ​សំណួរ​នេះ​ដល់​ខ្ញុំ​ទាំង​យំ​ថា ៖ « លោក​ប្រធាន យ៉ាម៉ាស្ស៊ីតា ហេតុអ្វី​បាន​ជា​ខ្ញុំ​មក​ប្រទេស​ជប៉ុន ? « ហេតុអ្វី​ខ្ញុំ​នៅ​ទី​នេះ ? »

ខ្ញុំ​បាន​ឆ្លើយ​ប្រាប់​គាត់​ដោយ​ឥត​រុញរា​ចិត្ត​ថា ៖ « អែលឌើរ ខូវ៉ាន់ ខ្ញុំ​ដឹង​ពី​មូលហេតុ​មួយ​ដែល​អែលឌើរ​មក​ទីនេះ ។ អែលឌើរ​បាន​មក​ទីនេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្ញុំ ។ ខ្ញុំ​បាន​យល់​អំពី​យុវជន​ដ៏​អស្ចារ្យ​ម្នាក់ ដែល​ខ្ញុំ​បាន​បម្រើ​ជាមួយនេះ ។ ខ្ញុំ​មាន​ពរ​ដែល​បាន​បម្រើ​ជាមួយ​អែលឌើរ » ។

ខ្ញុំ​រីករាយ​ដើម្បី​ប្រាប់​ថា អែលឌើរ ខូវ៉ាន់ បាន​ត្រឡប់​ទៅ​ផ្ទះ​ជា​ទីស្រឡាញ់​របស់​គាត់​វិញ ហើយ​ត្រូវបាន​ចាត់តាំង​ឲ្យ​បម្រើ​បេសកកម្ម​ជា​ថ្មី​ម្តង​ទៀត នៅ​កន្លែង​មួយ​ដែល​គាត់​ផ្សព្វផ្សាយ​ដោយ​ជិះ​ឡាន ។ ខ្ញុំ​ពុំ​គ្រាន់តែ​កោតសរសើរ​អែលឌើរ ខូវ៉ាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​កោតសរសើរ​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់​ទូទាំង​ពិភពលោក ដែល​បម្រើ​ដោយ​ឆន្ទៈ គ្មាន​ការត្អូញត្អែរ ឬ រអ៊ូរទាំនោះ ។ សូម​អរគុណ អែលឌើរ និង ស៊ីស្ទើរ ចំពោះ​សេចក្តីជំនឿ ការផ្តោត​ចិត្ត​ទុក្ខ​ដាក់ និង មហិច្ឆតា​ដ៏​មោះមុត​របស់​អ្នក​ចំពោះ​ព្រះគ្រីស្ទ ។

ព្រះគម្ពីរមរមន​មាន​ដំណើរ​រឿង​ជា​ច្រើន​អំពី​មនុស្ស​ដែល​មាន​មហិច្ឆតា​ចំពោះ​ព្រះគ្រីស្ទ ។ អាលម៉ា​ជា​កូន​គឺ​ជា​យុវជន​ម្នាក់​ដែល​បៀតបៀន​សាសនាចក្រ និង សមាជិក​សាសនាចក្រ ។ ក្រោយ​មក​លោក​បាន​ជួប​នូវ​ការផ្លាស់ប្តូរ​ដួងចិត្ត​យ៉ាង​ធំ ហើយ​បាន​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​មាន​ប្រសិទ្ធភាព ។ លោក​បាន​ស្វែងរក​ការដឹកនាំ​ពី​ព្រះអម្ចាស់ ហើយ​លោក​បាន​ផ្តល់​ពរ​ដល់​ដៃគូ​របស់​លោក ពេល​លោក​បាន​បម្រើ​ជាមួយ​ពួកគេ ។ ព្រះអម្ចាស់​បាន​ពង្រឹង​លោក ហើយ​លោក​បាន​យក​ឈ្នះ​លើ​ការសាកល្បង​ដែល​លោក​បាន​ជួប ។

អាលម៉ា​ម្នាក់​នេះ​បាន​ផ្តល់​ដំបូន្មាន​ដល់​ហេលេមិន​ជា​កូនប្រុស​លោក​ដូច​នេះ ៖

« នរណា​ដែល​ដាក់​ទី​ទុក​ចិត្ត​របស់​ខ្លួន​ទៅ​លើ​ព្រះ អ្នក​នោះ​ហើយ ដែល​នឹង​បាន​គាំទ្រ​នៅ​ក្នុង​ការ​ពិសោធន៍​របស់​គេ និង​វិបត្តិ​របស់​គេ និង​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ ។ …

… កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ។ …

ចូរ​ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់​នូវ​គ្រប់កិច្ចការ​របស់​កូន ហើយ​ទ្រង់​នឹង​ដឹកនាំ​កូន​ទៅ​រក​ការ​ល្អ » ។

កូនប្រុស​ទី​ពីរ​របស់​យើង​បាន​រស់នៅ​ក្នុង​យុវវ័យ​ឆ្ងាយ​ពី​សាសនាចក្រ ។ ពេល​គាត់​ឈាន​ដល់​អាយុ ២០ ឆ្នាំ គាត់​មាន​បទពិសោធន៍​មួយ ដែល​ធ្វើ​ឲ្យ​គាត់​ចង់​ផ្លាស់ប្តូរ​ជីវិត ។ ដោយ​សេចក្តីស្រឡាញ់ ការអធិស្ឋាន និង ជំនួយ​ពី​គ្រួសារ​គាត់ និង សមាជិក​សាសនាចក្រ និង តាមរយៈ​ក្តីមេត្តា​ករុណា និង ព្រះគុណ​របស់​ព្រះអម្ចាស់ នោះ​គាត់​បាន​ត្រឡប់​មក​សាសនាចក្រ​វិញ ។

ក្រោយ​មក​គាត់​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅ​បេសកកម្ម ស៊ីអាថល វ៉ាស៊ីនតោន ។ ដំបូង​គាត់​បាន​រង​ទុក្ខ​ដោយ​ការខក​ចិត្ត​ជា​ខ្លាំង ។ រៀងរាល់​យប់​ក្នុង​អំឡុង​ពេល​បី​ខែ​ដំបូង គាត់​បាន​ទៅ​ក្នុង​បន្ទប់​ទឹក ហើយ​យំ​រហូត ។ ដូច​ជា​អែលឌើរ ខូវ៉ាន់​ដែរ គាត់​​ចង់​យល់​ថា « ហេតុអ្វី​ខ្ញុំ​នៅ​ទីនេះ ? »

បន្ទាប់​ពី​គាត់​បាន​បម្រើ​អស់​មួយ​ឆ្នាំ​មក យើង​បាន​ទទួល​អ៊ីម៉ែល​មួយ ដែល​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​យើង ។ គាត់​បាន​សរសេរ​ថា ៖ « ឥឡូវ​នេះ​កូន​ពិតជា​បាន​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ និង ពី​ព្រះ​យេស៊ូវ​ហើយ ។ កូន​នឹង​ខិតខំ​ធ្វើ​ការ ដើម្បី​ក្លាយ​ខ្លួន​ដូច​ជា​ព្យាការី​បុរាណ ។ ទោះបី​ជា​កូន​កំពុង​ជួប​ការលំបាក​ជា​ច្រើន​ក្តី ប៉ុន្តែ​កូន​ពិត​ជា​សប្បាយ​ណាស់ ។ ការបម្រើ​ព្រះយេស៊ូវ​គឺ​ពិត​ជា​កិច្ចការ​មួយ​ដ៏​អស្ចារ្យ ។ គ្មាន​កិច្ចការ​ណា​ដែល​អស្ចារ្យ​ជាង​នេះ​ឡើយ ។ កូន​រីករាយ​ខ្លាំង​ណាស់ » ។

គាត់​មាន​អារម្មណ៍​ដូច​អាលម៉ា​ ៖ « ហើយ ឱ អំណរ និង រស្មី​ដ៏​អស្ចារ្យ​ដែល​ឪពុក​បាន​ឃើញ មែនហើយ ព្រលឹង​ឪពុក​បាន​ពោរពេញ​ទៅ​ដោយ​​អំណរ​លើស​ជាង​ការឈឺចាប់​របស់​ឪពុក​ទៅ​ទៀត ! »

នៅក្នុង​ជីវិត​យើង យើង​ជួប​បទពិសោធន៍​នៃ​ការសាកល្បង ប៉ុន្តែ​ប្រសិនបើ​យើង​មាន​មហិច្ឆតា​ចំពោះ​ព្រះគ្រីស្ទ នោះ​យើង​អាច​ផ្តោត​លើ​ទ្រង់ ហើយ​មាន​អារម្មណ៍​​អំណរ សូម្បី​តែ​យើង​កំពុង​នៅក្នុង​ការលំបាក​ទាំង​នោះ​ក្តី ។ ព្រះ​ដ៏​ប្រោសលោះ​របស់​យើង​គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​បំផុត ។ ទ្រង់​បាន​យល់​ពី​បេសកកម្ម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ហើយ​បាន​គោរពប្រតិបត្តិ​តាម​ព្រះទ័យ​របស់​ព្រះ​ជា​ព្រះវរបិតា ។ ឱ វា​ជា​ជម្រើស​ដ៏​មាន​ពរ​អ្វី​ម៉្លេះ ដើម្បី​នាំ​គំរូ​ដ៏​អស្ចារ្យ​របស់​ទ្រង់ មក​ក្នុង​ការចងចាំ​របស់​យើង​រៀងរាល់​សប្តាហ៍ នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ ។

បងប្អូនប្រុសស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ យើង​មាន​មហិច្ឆតា​ចំពោះ​ព្រះគ្រីស្ទ នៅពេល​យើង​បម្រើ​ដោយ​ស្មោះត្រង់ ទទួល​យក​ការបម្រើ​ដោយ​រាបសា ស៊ូទ្រាំ​ដោយ​សប្បុរស អធិស្ឋាន​ដោយ​ស្មោះត្រង់ ហើយ​ទទួលទាន​សាក្រាម៉ង់​ដោយ​សក្តិសម ។

ចូរ​ឲ្យ​យើង​មាន​មហិច្ឆតា​ចំពោះ​ព្រះគ្រីស្ទ នៅពេល​យើង​ទទួល​ការលំបាក និង ការសាកល្បង​របស់​យើង ដោយ​អត់ធ្មត់ និង សេចក្តីជំនឿ ព្រមទាំង​រកឃើញ​អំណរ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​យើង ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​ស្គាល់​បងប្អូន ។ ទ្រង់​ជ្រាប​ដឹង​ពី​ឧបសគ្គ និង កង្វល់​របស់​បងប្អូន ។ ទ្រង់​ជ្រាប​ដឹង​ពី​បំណង​ប្រាថ្នា​របស់​បងប្អូន​ដើម្បី​បម្រើ​ទ្រង់ ដោយ​ការលះបង់ មែនហើយ​គឺ​ដោយ​មាន​មហិច្ឆតា ។ សូម​ឲ្យ​ទ្រង់​ដឹកនាំ និង ប្រទាន​ពរ​ដល់​បងប្អូន នៅពេល​បងប្អូន​ធ្វើ​បែប​នោះ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. វិល្លាម ស៊្មីធ ក្លាក ( ឆ្នាំ ១៨២៦–៨៦ ) គឺ​ជា​សាស្ត្រាចារ្យ​ផ្នែក​គីមីវិទ្យា រុក្ខសាស្ត្រ និង សត្តសាស្ត្រ ហើយ​បាន​បម្រើ​ជា​វរសេនីយឯក​អំឡុង​សង្គ្រាម​ស៊ីវិល​អាមេរិក ។ គាត់​គឺ​ជា​អ្នក​ដឹកនាំ​ក្នុងការ​អប់រំ​ផ្នែក​កសិកម្ម និង ជា​ប្រធាន​​មហាវិទ្យាល័យ​កសិកម្ម ម៉ាស្សាឈូសេត ។ ( សូមមើល « William S. Clark » wikipedia.com ) ។

  2. រូបចម្លាក់​នេះ​ស្ថិត​នៅ​លើ​កូន​ភ្នំ Sapporo Hitsujigaoka Observation ។

  3. William S. Clark, in Ann B. Irish, Hokkaido: A History of Ethnic Transition and Development on Japan’s Northern Island (ឆ្នាំ ២០០៩), ទំព័រ ១៥៦ ។

  4. អាលម៉ា ៣៦:៣; ៣៧:៣៥, ៣៧ ។

  5. អាលម៉ា ៣៦:២០ ។