ឆ្នាំ ២០១០-២០១៩
ពរជ័យ​នៃ​ការ​ថ្វាយ​បង្គំ
ខែ តុលា ឆ្នាំ ២០១៦


ពរជ័យ​នៃ​ការ​ថ្វាយ​បង្គំ

ការ​ថ្វាយ​បង្គំ​គឺជា​រឿង​ចាំបាច់ ហើយ​សំខាន់​ចំពោះ​ជីវិត​ខាង​វិញ្ញាណ​របស់​យើង ។ វា​គឺជា​រឿង​មួយ​ដែល​យើង​គួរ​ប្រាថ្នា​ចង់​បាន ស្វែង​រក ហើយខិតខំ​ឲ្យ​ទទួល​បាន​បទពិសោធន៍ ។

ការ​យាង​មក​ជួប​របស់​ទ្រង់

បទពិសោធន៍​មួយ​ដ៏​អស្ចារ្យ ហើយ​ទន់ភ្លន់​បំផុត​ដែល​បាន​កត់​ត្រា​នៅ​ក្នុង​បទគម្ពីរ​ដ៏​បរិសុទ្ធ​គឺជា​ដំណើរ​រឿង​អំពី​ព្រះអង្គសង្គ្រោះ​បាន​យាង​ទៅ​ជួប​នឹង​ប្រជាជន​នៅ​ទ្វីប​អាមេរិក បន្ទាប់​ពី​ការ​សុគត និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ។ ប្រជាជន​នោះ​បាន​រង​ទុក្ខ​ដោយ​ការ​បំផ្លិច​បំផ្លាញ​ដ៏​ធំ​​មួយរហូត​វា​បណ្ដាល​ឲ្យ « ផ្ទៃ​ដែនដី​ទាំង​មូល ​[ ត្រូវ]​ខូចខាត » ។ កំណត់ត្រា​នៃ​ព្រឹត្តិការណ៍​ទាំងនេះ​លើក​ឡើង​ថា បន្ទាប់​ពី​ការ​ខូច​ខាត​នោះ មនុស្ស​ទាំង​អស់​បាន​ទួញ​សោក​ជា​បន្ត​បន្ទាប់ ហើយ​នៅ​ក្នុង​ការ​ឈឺចាប់​ដ៏​ធំ​នេះ ពួកគេ​ចង់​បាន​យ៉ាង​ខ្លាំង​នូវ​ការ​ព្យាបាល ភាព​សុខ​សាន្ត និង​ការ​ជួយ​សង្គ្រោះ ។

កាល​ព្រះអង្គ​សង្គ្រោះ​បាន​ចុះ​មក​ពី​ស្ថានសួគ៌ ប្រជាជន​នោះបាន​ក្រាប​ដល់​ព្រះបាទា​ទ្រង់​ពីរ​ដង ។ លើក​ដំបូង​កើត​ឡើង​បន្ទាប់​ពី​ទ្រង់​បាន​មាន​បន្ទូល​ដោយ​សិទ្ធិ​អំណាច​ដ៏​ទេវភាព​របស់​ទ្រង់​ថា

« មើល​ចុះ យើង​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ពួក​ព្យាការី​បាន​ធ្វើ​បន្ទាល់​ថា នឹង​យាង​មក​ឯ​លោកិយ។

« ហើយ​មើល​ចុះ យើង​ជា​ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក » ។

បន្ទាប់​មក​ទ្រង់​បាន​ឲ្យ​ប្រជាជន​ទាំង​នោះ « ចូរ​ក្រោក​ឡើង ហើយ​មក​រក​យើង​ចុះ ដើម្បី​អ្នក​រាល់​គ្នា​អាច​លូកដៃ​មក​ឯ​ចំហៀង​យើង និង​ដើម្បី​អ្នក​រាល់​គ្នា​អាច​ស្ទាប​នូវ​ស្នាម​ដែកគោល​នៅ​ត្រង់​ដៃ និង​ជើង​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង​ថា យើង​គឺជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល និង​ជា​ព្រះ​នៃផែនដី​ទាំង​មូល ហើយ​ត្រូវ​គេ​ធ្វើ​គ​ត​ជំនួស​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក។ …

« ហើយ​កាល​គេ​ទាំង​អស់​គ្នា​បាន​ដើរ​ទៅ​មុខ​អស់​ហើយ និង បាន​ឃើញ​ច្បាស់​ដោយ​ខ្លួន​គេ​ផ្ទាល់ នោះ​ពួកគេ​ក៏​បន្លឺ​សំឡេង​ព្រម​គ្នា​ថា ៖

« ហូសាណា ! សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រកប​ដោយ​ព្រះ​ពរ! »

ហើយ​បន្ទាប់​មក​ជា​លើក​ទីពីរ « ​ពួក​គេ​បាន​ក្រាប​ចុះ​នៅ​ទាប​ព្រះ​បាទា​នៃ​ព្រះ​យេស៊ូវ » ។ ប៉ុន្តែ​ពេល​នេះធ្វើ​ដោយ​មាន​គោលបំណង ដ្បិត​យើង​ដឹង​ថា ពួកគេ «បាន​ថ្វាយ​បង្គំ​ព្រះអង្គ » ។

បច្ចុប្បន្ន​នេះ

កាល​ពី​ដើម​ឆ្នាំ ខ្ញុំ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ទៅ​ស្តេក​មួយ​នៅ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក ។ វា​ជា​ថ្ងៃ​អាទិត្យ​ធម្មតា ជា​ការ​ប្រជុំ​ដូច​ធម្មតា ដោយ​មាន​សមាជិក​សាសនាចក្រ​ចូល​រួមតាម​ធម្មតា​ដែរ ។ ខ្ញុំ​បាន​មើល កាល​មនុស្ស​ម្នា​បាន​ចូល​ទៅ​ក្នុង​សាល​ប្រជុំ ហើយ​រក​កន្លែង​អង្គុយ​ដោយ​គារវភាព ។ បន្តិច​មក​ស្រាប់​តែ​មាន​ការ​និយាយ​គ្នា​ស្ងាត់ៗ​ទាំង​តក់​ក្រហល់​ឮ​ពេញ​ច្រក​ផ្លូ​វ​ដើរ ។ ម្ដាយ​ឪពុក​បាន​ព្យាយាម—ឲ្យ​កូនៗ​ដ៏​រពឹស​ឲ្យ​នៅ​ស្ងៀម—ពេល​ខ្លះ​វា​ឥត​ប្រយោជន៍​ទេ ។ វា​ជា​រឿង​ធម្មតា ។

ប៉ុន្តែ​ក្រោយ​មក ពីមុន​ការ​ប្រជុំ​ចាប់​ផ្ដើម ​ព្រះវិញ្ញាណ​បានបំ​ផុស​គំនិត​ខ្ញុំ ។

សមាជិក​ទាំង​នេះ​ពុំ​មែន​មក​គ្រាន់​តែ​ដើម្បី​បំពេញ​កាតព្វកិច្ច ឬ​ស្ដាប់​អ្នក​ឡើង​និយាយ​នោះ​ទេ ។

ពួកគេ​មក​ដោយ​មាន​ហេតុផល​មួយ​ដ៏​សំខាន់ ។

ពួកគេ​មក​ដើម្បី​ថ្វាយ​បង្គំ ។

កាល​ការ​ប្រជុំ​ចេះ​តែ​ដំណើរ​ការ​ទៅ​មុខ ខ្ញុំ​បាន​សង្កេត​ឃើញ​សមាជិក​ខុសៗ​គ្នា​នៅ​ក្នុង​ក្រុ​ម​ជំនុំ​នោះ ។ ពួកគេ​ស្ទើរ​តែ​មាន​អារម្មណ៍​នៃ​សួគ៌ា ជា​លក្ខណៈ​មួយ​នៃ​គារវភាព និង​ភាព​សុខ​សាន្ត ។ ចំណុច​ពិសេស​មួយ​ដែល​ពួកគេ​មាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​រំភើប ។ បទពិសោធន៍​ដែល​ពួកគេ​មាន​នៅ​ថ្ងៃ​អាទិត្យ​នោះ​គឺជា​រឿង​មួយ​ដ៏​អស្ចារ្យ ។

ពួកគេ​បាន​កំពុង​ថ្វាយ​បង្គំ ។

ពួកគេ​បានទទួលបទ​ពិសោធន៍​ពី​ស្ថានសួគ៌ ។

ខ្ញុំ​អាច​មើល​ឃើញ​វា​នៅ​លើ​ទឹក​មុខ​របស់​ពួកគេ ។

ហើយ​ខ្ញុំ​បាន​រីករាយ ហើយ​បាន​ថ្វាយ​បង្គំ​ជាមួយ​នឹង​ពួកគេ ។ ហើយ​កាល​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ ព្រះវិញ្ញាណ​បាន​មាន​បន្ទូល​មក​ដួង​ចិត្ត​ខ្ញុំ ។ ហើយ​នៅ​ថ្ងៃ​នោះ ខ្ញុំ​បាន​រៀន​អ្វី​មួយ​ពី​ខ្លួន​ឯង អំពី​ព្រះ និង​អំពី​តួនាទី​នៃ​ការ​ថ្វាយ​បង្គំ​ពិត​នៅ​ក្នុង​ជីវិត​យើង ។

ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​ជីវិត​យើង​ប្រចាំ​ថ្ងៃ

ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយគឺ​មាន​ភាព​អស្ចារ្យ ពេល​និយាយ​ពី​ការ​បម្រើ​នៅ​ក្នុង​ការ​ហៅរបស់​សាសនាចក្រ ។ ប៉ុន្តែ​ពេលខ្លះ យើង​អាច​ធ្វើ​កិច្ចការ​របស់​យើង​ទៅ​តាមទម្លាប់ ដូចជា​យើង​កំពុង​បំពេញ​ការ​ងារ​មួយ​ដូច្នោះ​ដែរ ។ ពេល​ខ្លះ ការ​ចូល​រួម​របស់​យើង​នៅ​ឯ​ការ​ប្រជុំ និង​ការ​បម្រើ​របស់​យើង​នៅ​ក្នុង​នគរ​នេះ​ប្រហែល​ជា​ខ្វះ​នូវ​ធាតុ​ដ៏​បរិសុទ្ធ​នៃ​ការ​ថ្វាយ​បង្គំ ។ ហើយ​បើគ្មាន​ធាតុ​នោះ​ទេ យើង​កំពុង​បាត់​បង់នូវ​ការ​ប្រយុទ្ធ​​ខាង​វិញ្ញាណ​មួយ​ដ៏​ធំ—ជា​អ្វី​មួយ​ដែល​យើង​មាន​សិទ្ធិក្នុង​នាម​ជា​កូនចៅ​នៃ​ព្រះវរបិតា​សួគ៌ ។

ដោយ​លើស​ពី​ព្រឹត្តិការណ៍​រីករាយ​ដោយ​ចៃដន្យ​មួយ ការ​ថ្វាយ​បង្គំ​គឺជា​រឿង​ចាំបាច់​ ហើយ​សំខាន់​ចំពោះ​ជីវិត​ខាង​វិញ្ញាណរបស់​យើង ។ វា​គឺជា​រឿង​មួយ​ដែល​យើង​គួរ​ប្រាថ្នា​ចង់​បាន ស្វែង​រក ហើយខិតខំ​ទទួល​បាន​បទពិសោធន៍ ។

តើ​ការ​ថ្វាយ​បង្គំ​ជាអ្វី ?

ពេល​យើង​ថ្វាយ​បង្គំ​ព្រះ យើង​ទៅ​រក​ទ្រង់​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​គាវរភាព ចិត្ត​រាបសា និង​ភាព​អស្ចារ្យ ។ យើង​ទទួល​ស្គាល់ ហើយ​ទទួល​យក​ទ្រង់​ជា​ស្ដេច ជាព្រះ​បង្កបង្កើត​សកល​លោក ជា​ព្រះវរបិតា​របស់​យើង ។

យើង​គោរព ហើយ​មាន​គារវភាព​ចំពោះ​ទ្រង់ ។

យើង​បន្ទាបខ្លួន​ចំពោះ​ទ្រង់ ។

យើង​បើកចិត្ត​ក្នុង​ការ​អធិស្ឋាន​ដ៏​អស្ចារ្យ ស្រឡាញ់​បន្ទូល​ទ្រង់ រីករាយ​ចំពោះ​ព្រះគុណ​ទ្រង់ ហើយ​តាំង​ចិត្ត​ដើរ​តាម​ទ្រង់​ដោយ​ភាព​ស្មោះ​ស្ម័គ្រ ។

ការ​ថ្វាយ​បង្គំ​ព្រះ​គឺជា​កត្តា​ដ៏ចាំបាច់​មួយ​នៅ​ក្នុង​ជីវិត​នៃ​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដូច្នេះ​បើ​ចិត្ត​យើង​មិ​ន​ទទួល​យក​ទ្រង់ នោះ​យើង​ស្វែង​រក​ទ្រង់​ដោយ​ឥត​ប្រយោជន៍​នៅ​ក្នុង​ក្រុម​ប្រឹក្សា ព្រះវិហារ និង​ព្រះវិហារ​បរិសុទ្ធ ។

ពួក​សិស្ស​ពិត​បាន​ខិតទៅ​ជិត​ដើម្បី​ « ថ្វាយ​បង្គំ​ដល់​ព្រះ​ដ៏​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី និង​សមុទ្រ និង​រន្ធទឹក​ទាំង​ប៉ុន្មាន—ដោយ​អំពាវ​នាវ​ដល់​ព្រះនាម​នៃ​ព្រះអម្ចាស់ ទាំង​ថ្ងៃ​ទាំង​យប់ » ។

យើង​អាច​រៀន​ច្រើន​អំពី​ការ​ថ្វាយ​បង្គំ​ពិត​ដោយ​ពិនិត្យ​មើល​ពី​របៀប​ដែល​មនុស្ស​ដទៃ—ប្រហែល​ជា​អ្នក​ដែល​ពុំ​សូវ​ខុស​គ្នា​ពី​យើង​—បាន​ជួប​ប្រទះ បាន​រៀប​ឥរិយាបថ ហើយ​បាន​ថ្វាយ​បង្គំ​នៅ​ក្នុង​វត្តមាន​របស់​ព្រះ ។

ការ​កោត​សរសើរ អំណរគុណ និង​សេចក្ដី​សង្ឃឹម

នៅ​ផ្នែក​ដំបូង​នៃ​សតវត្សរ៍​ទី ១៩ ពួក​គ្រិស្ដ​សាសនិក​បាន​បោះបង់​ចោល​​នូវ​គំនិត​ថា ព្រះនៅ​តែ​មាន​បន្ទូល​មក​កាន់​មនុស្ស​លោក ។ ប៉ុន្តែ​នៅនិទាឃរដូវក្នុងឆ្នាំ ១៨២០ ការណ៍​នោះ​បាន​ផ្លាស់​ប្ដូរ ​ជា​រៀង​រហូត កាល​ក្មេង​ប្រុស​កសិករ​ដ៏​រាបសា​ម្នាក់​បាន​ចូល​ទៅ​ក្នុង​ព្រៃ ហើយ​លុត​ជង្គង់អធិស្ឋាន ។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក លំហូរ​នៃ​ការ​និមិត្ត វិវរណៈ និងការ​បង្ហាញ​ខ្លួន​នៃ​តួអង្គ​សួគ៌ា​បាន​គ្រប​ដណ្ដប់​ផែន​ដី​នេះ ដោយ​ផ្ដល់​ឲ្យ​មនុស្ស​ទូទៅ​នូវ​ចំណេះដឹង​ដ៏​មាន​តម្លៃ​អំពី​លក្ខណៈ និង​ព្រះរាជ​បំណង​របស់​ព្រះ និង​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​នឹង​មនុស្ស​លោក ។

អូលីវើរ ខៅឌើរី បាន​រៀបរាប់​គ្រា​ទាំងនោះ​ថា​ជា « ​ថ្ងៃ​ដែល​ពុំ​អាច​បំភ្លេច​បាន​ឡើយ ។ … អំណរ​អ្វី​ហ្ន៎! សេចក្ដី​អស្ចារ្យ​អ្វី​ហ្ន៎! សេចក្ដី​ចម្លែក​អ្វី​ហ្ន៎! »

ពាក្យ​របស់​អូលីវើរ បង្ហាញ​ពី​ធាតុ​ទី​មួយ​ដែល​មាន​ជាមួយ​នឹង​ការ​ថ្វាយ​បង្គំ​ពិត​ចំពោះ​ព្រះ—ជា​អារម្មណ៍​មួយ​នៃ​ភាព​អស្ចារ្យ​ដ៏ធំ​ធេង និង​ការ​ដឹង​គុណ​ដ៏​ជ្រាលជ្រៅ ។

រៀង​រាល់​ថ្ងៃ ជា​ពិសេស​នៅ​ថ្ងៃ​ឈប់​សម្រាក យើង​មានឱកាស​ដ៏​ពិសេស​ដើម្បី​ដក​ពិសោធន៍​នូវ​ភាព​អស្ចារ្យ​នៃ​ស្ថានសួគ៌ ហើយ​ថ្វាយ​ការ​សរសើរ​របស់​យើង​ចំពោះ​ព្រះ​សម្រាប់​ព្រះទ័យ​សប្បុរស​ និង​សេចក្ដី​មេត្តា​ករុណា​ដ៏​ធំធេងរបស់​ទ្រង់ ។

ការ​ណ៍​នេះ​នឹង​នាំ​យើងទៅរក​សេចក្តីសង្ឃឹម ។ កត្តា​ទាំងនេះ​គឺជា​ធាតុ​ទីមួយ​នៃ​ការ​ថ្វាយ​បង្គំ ។

ពន្លឺ ចំណេះដឹង និង​សេចក្ដី​ជំនឿ

នៅបុណ្យថ្ងៃទីហាសិប ព្រះវិញ្ញាណ​បាន​យាង​ចូល​ទៅ​ក្នុង​ចិត្ត និង​គំនិត​នៃ​ពួក​សិស្ស​របស់​ព្រះគ្រីស្ទ ដោយ​បំពេញ​ពន្លឺ និង​ចំណេះដឹង​ដល់​ពួកគេ ។

រហូត​ដល់​ថ្ងៃ​នោះ ពេលខ្លះ​ពួកគេ​មិន​ថា​ពួកគេ​គួរ​ធ្វើ​អ្វី​ទេ ។ យេរូសាឡិម​បាន​ក្លាយ​ជា​កន្លែង​មួយ​ដ៏​គ្រោះថ្នាក់​សម្រាប់​អ្នក​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ ហើយ​ពួកគេ​មាន​ការ​ងឿង​ថា នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ពួកគេ ។

ប៉ុន្តែ​កាល​ព្រះវិញ្ញាណ​បរិសុទ្ធបាន​បំពេញ​ដួង​ចិត្ត​របស់​ពួកគេ ភាព​សង្ស័យ និងការ​ស្ទាក់​ស្ទើរ​បាន​រសាយ​បាត់ទៅ ។ តាមរយៈបទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​ថ្វាយ​បង្គំ​ពិត​នេះ ពួក​បរិសុទ្ធ​នៃ​ព្រះ​បាន​ទទួល​ពន្លឺ ចំណេះដឹងពី​សួគ៌ា និង​ទីបន្ទាល់​ដ៏​រឹង​មាំ​មួយ ។ ហើយការ​ណ៍​នោះ​បាន​​នាំ​ឲ្យ​មានសេចក្ដី​​ជំនឿ ។

តាំង​ពី​គ្រា​នោះ​មក ពួក​សាវក និង​ពួក​បរិសុទ្ធ​បាន​ធ្វើ​កិច្ចការ​ដោយ​មាន​គោលដៅ​ជាក់​លាក់ ។ ពួក​គេ​បាន​ប្រកាស​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​ពិភពលោក​ទាំងមូល​ដោយ​ភាព​អង់​អាច ។

ពេល​យើង​ថ្វាយបង្គំ​ដោយ​មាន​ព្រះវិញ្ញាណ យើង​អញ្ជើញ​ពន្លឺ និង​សេចក្ដី​ពិត​ចូល​ក្នុងព្រលឹង​យើង ដែល​វា​ពង្រឹងដល់​សេចក្ដី​ជំនឿ​យើង ។ កត្តា​ទាំងនេះ​ក៏​ជា​ធាតុ​ដ៏​ចាំបាច់​នៃ​ការ​ថ្វាយ​បង្គំ​ពិត​ផង​ដែរ ។

ភាព​ជាសិស្ស និង​សេចក្ដី​សប្បុរស

នៅ​ក្នុង​ព្រះគម្ពីរ​មរមន យើង​បាន​រៀន​ថា តាំងពី​គ្រា​ដែល​អាលម៉ា​ជា​កូន​ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​ផុត​ពី​ការ​រងទុក្ខដែល​ជាផល​នៃ​ការ​បះបោរ​របស់​លោក នោះ​លោក​បាន​ផ្លាស់​ប្ដូរ​ជា​រៀង​រហូត ។ លោក​ « បាន​ធ្វើ​ដំណើរ​ទូ​ទៅ​អស់​ទាំង​ដែនដី … និង​នៅ​ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់ …  បាន​ខំ​ប្រឹង​យ៉ាង​អស់​ពី​ចិត្ត ដើម្បី​ជួសជុល​នូវ​ការ​ខូចខាត​ទាំង​អស់ ដែល​ [ លោក] ​បាន​ធ្វើ​ដល់​សាសនាចក្រ » ។

ការ​ថ្វាយបង្គំ​ជា​ទៀងទាត់​របស់​លោក​ចំពោះ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិបាន​បង្ហាញ​ពី​ភាព​ជា​សិស្ស​ដ៏​សកម្ម ។

ការ​ថ្វាយ​បង្គំ​ពិត​ផ្លាស់​ប្រែ​យើង​ឲ្យ​ក្លាយ​ជា​សិស្ស​ដ៏​ស្មោះ​ត្រង់​នៃ​លោក​គ្រូ និង​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ​ជា​ទី​ស្រឡាញ់​នៃ​យើង ។ យើង​ផ្លាស់​ប្ដូរ ហើយ​ប្រែ​ក្លាយ​កាន់តែ​ដូច​ទ្រង់ ។

យើង​យល់ ហើយយក​ចិត្តទុក​ដាក់​កាន់​តែ​ច្រើន ។ ចេះ​អភ័យទោស​កាន់​តែ​ច្រើន ។ ចេះ​ស្រឡាញ់​កាន់តែ​ច្រើន ។

យើង​យល់ដឹង​ថា យើង​មិន​អាច​និយាយ​ថា​យើង​ស្រឡាញ់​ព្រះ​បាន​ឡើយ កាល​ការ​ស្អប់ ការ​បណ្ដេញ ឬ​ការ​មិន​គិត​ពី​មនុស្ស​ដទៃ​នៅ​ហ៊ុម​​ព័ទ្ធ​យើង​នោះ ។

ការថ្វាយ​បង្គំ​ពិត​នាំ​ទៅ​រកការ​តាំង​ចិត្ត​មិន​ងាក​រេ​មួយ​ដើម្បី​ដើរ​លើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស ។ ហើយ​ការណ៍​នោះ​នាំ​ទៅ​រក​សេចក្ដីសប្បុរស​យ៉ាង​ប្រាកដ ។ កត្តា​ទាំងនេះ​ក៏​ជា​ធាតុ​ចាំបាច់​នៃការ​ថ្វាយ​បង្គំ​ដែរ ។

ចូល​ទៅ​ក្នុង​របង​របស់​ទ្រង់ដោយ​ការ​ដឹង​គុណ

កាល​ខ្ញុំ​គិត​ឡើង​វិញ​ពី​រឿង​ដែល​បាន​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ​ជា​ធម្មតា នៅ​ក្នុង​សាលា​ប្រជុំ​ធម្មតា​នោះ ក្នុង​ស្តេក​ធម្មតា​នោះ សូម្បី​តែ​នៅ​ថ្ងៃ​នេះ ខ្ញុំ​មាន​ចិត្ត​រំភើបដោយ​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​សាមញ្ញ​នោះ​ដែល​វា​នឹង​ប្រទាន​ពរ​ដល់​ជីវិត​ខ្ញុំ​ជា​រៀង​រហូត ។

ខ្ញុំ​បាន​រៀន​ថា សូម្បីតែ​យើង​ជា​អ្នក​គ្រប់​គ្រង​ដ៏​វិសេស​វិសាល​ចំពោះ​ពេលវេលា ការ​ហៅបម្រើ និង​ការចាត់​តាំង​របស់​យើង—សូម្បី​តែ​យើង​បំពេញ​នៅ​រាល់​ប្រអប់​នៅ​លើ​បញ្ជី​នៃ​បុគ្គល គ្រួសារ ឬ​អ្នក​ដឹកនាំ « ល្អ​ឥត​ខ្ចោះ »​ របស់​យើង​យ៉ាង​ណា​ក្ដី—បើ​យើង​ខ្វះ​ការ​ថ្វាយ​ចំពោះ​ព្រះដ៏​ប្រោស​ឲ្យ​រួច ស្ដេច​សួគ៌ា និង​ព្រះ​ដ៏​រុង​រឿង នោះ​យើង​នឹងបាត់​បង់​អំណរ និង​ភាព​សុខ​សាន្ត​ដ៏​ច្រើន​នៃ​ដំណឹងល្អ ។

កាល​យើង​ថ្វាយ​បង្គំ​ព្រះ យើង​ទទួល​ស្គាល់ ហើយ​ទទួល​យក​ទ្រង់​ដោយ​គារវភាព​ ដូចគ្នា​នឹង​ប្រជាជន​អាមេរិក​កាល​ពី​បុរាណ​ទាំងនោះ​ដែរ ។ យើង​ទៅ​រក​ទ្រង់​ជាមួយ​នឹងអារម្មណ៍​ដ៏​អស្ចារ្យ​ដែល​ពុំ​អាច​យល់​បាន ។ យើង​ស្ញប់ស្ញែង​ដោយ​ការ​ដឹង​គុណ​ចំពោះ​ព្រះទ័យ​សប្បុរស​របស់​ព្រះ ។ ហេតុដូច្នេះ​ហើយ យើង​ទទួល​បាន​សេចក្ដី​សង្ឃឹម ។

យើង​រិះគិត​ពី​បន្ទូល​ព្រះ ហើយ​បន្ទូល​នោះ​បំពេញ​ព្រលឹង​យើង​ដោយ​ពន្លឺ និង​សេចក្ដី​ពិត ។ យើង​ស្គាល់​ទិដ្ឋភាព​ខាង​វិញ្ញាណ​ដែល​អាច​មើល​ឃើញតែ​តាម​រយៈពន្លឺ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ។១០ ហេតុដូច្នេះ​ហើយ យើង​ទទួល​បាន​សេចក្ដី​ជំនឿ ។

កាល​យើង​ថ្វាយ​បង្គំ ព្រលឹង​យើង​ត្រូវបាន​បន្សុទ្ធ​ ហើយ​យើង​តាំង​ចិត្ត​ដើរ​តាម​ដាន​ព្រះបាទា​នៃ​ព្រះអង្គ​សង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ ។ ហើយ​ចេញ​ពី​ការ​តាំង​ចិត្ត​នោះ យើង​ទទួល​បាន​សេចក្ដី​សប្បុរស ។

កាល​យើង​ថ្វាយ​បង្គំ ចិត្ត​យើង​សរសើរ​តម្កើង​ព្រះទាំង​ថ្ងៃ​ទាំង​យប់ ។

យើង​គោរព​ទ្រង់​ជា​បន្ត​បន្ទាប់—នៅ​ក្នុង​សាលា​ប្រជុំ ផ្ទះ ព្រះវិហារ​បរិសុទ្ធ និង​រាល់​កិច្ចការ​របស់​យើង ។

នៅ​ពេល​យើង​ថ្វាយ​បង្គំ យើង​បើកដួងចិត្ត​របស់​យើង​​ចំពោះ​អំណាច​នៃ​ការ​ព្យាបាល​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ជីវិត​យើង​ក្លាយ​ជា​ភស្តុតាង និង​ការ​ស្តែង​ឲ្យ​ឃើញ​នៃ​ការ​ថ្វាយ​បង្គំ​របស់​យើង ។

បងប្អូន​ប្រុសស្រី​ខ្ញុំ​អើយ បទពិសោធន៍​ខាង​វិញ្ញាណ​មិន​ពាក់​ព័ន្ធ​នឹង​អ្វី​ដែល​កំពុង​កើត​ជុំវិញ​យើង​នោះ​ទេ ប៉ុន្តែ​វា​ទាក់​ទង​នឹង​អ្វីៗ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ចិត្ត​យើង ។ ខ្ញុំ​សូម​ធ្វើ​សាក្សី​ថា ការ​ថ្វាយ​បង្គំ​ពិត​នឹងកែ​ប្រែ​ការ​ប្រជុំ​សាសនាចក្រ​ដ៏​សាមញ្ញៗ​​ឲ្យ​ក្លាយ​ជា​អាហារ​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ ។ វា​នឹង​ធ្វើ​ឲ្យ​ជីវិត​យើង​បាន​ប្រសើរ ពង្រីក​ការ​យល់​ដឹង​យើង ហើយ​ពង្រឹង​ទីបន្ទាល់​របស់​យើង ។ ដ្បិត​កាល​យើង​គោរព​ប្រតិបត្តិ​តាម​ព្រះដូចជាអ្នក​តែង​ទំនុក​ដ៏​ពិរោះ​កាល​ពី​បុរាណ នោះ​យើង « ចូល​តាម​ទ្វារ​ទ្រង់​ ដោយ​ពោល​ពាក្យ​អរ​ព្រះគុណ ហើយ​ចូល​ទៅ​ក្នុង​ទីលាន​ទ្រង់ ដោយ​បទ​សរសើរ [ យើង​] អរ​ព្រះគុណ​ចំពោះ​ទ្រង់ ហើយ​មាន​ពរ​ដល់​ព្រះនាម​ទ្រង់ ។

« ពី​ព្រោះព្រះយេហូវ៉ា​ទ្រង់​ល្អ សេចក្ដី​សប្បុរសនៃ​ទ្រង់ស្ថិត​ស្ថេរ​នៅ​ជានិច្ច ហើយ​សេចក្ដី​ស្មោះត្រង់​របស់​ទ្រង់​ក៏​នៅ​អស់​ទាំង​ដំណ​មនុស្ស​តទៅ » ។១១

តាម​រយៈ​ការ​ថ្វាយ​បង្គំ​ស្មោះ​ត្រង់​ពី​ចិត្ត យើង​រីកចម្រើន ហើយ​ធំ​ធាត់​នៅ​ក្នុង​សេចក្ដី​សង្ឃឹម សេចក្ដី​ជំនឿ និង​សេចក្ដី​សប្បុរស ។ ហើយ​តាមរយៈ​ដំណើរ​ការ​នោះ យើង​ប្រមូល​ពន្លឺ​សួគ៌ា​ចូល​មក​ក្នុង​ព្រលឹង​យើង ដែល​បំពេញ​ជីវិត​យើង​ជាមួយ​នឹង​អត្ថន័យ ភាព​សុខសាន្ត និង​អំណរ​ដ៏​អស់​កល្ប​មក​ពី​ព្រះ ។

នោះ​គឺជា​ពរជ័យ​នៃ​ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​ជីវិត​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​រាបសា អំពី​ការណ៍​នេះ​នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។