ឆ្នាំ ២០១០-២០១៩
គោលការណ៍ និងកា​រសន្យា​ទាំងឡាយ
ខែ តុលា ឆ្នាំ ២០១៦


គោលការណ៍ និងកា​រសន្យា​ទាំងឡាយ

សូម​ឲ្យ​យើង​ថែរក្សា​រូបកាយ​ និង​គំនិត​របស់​យើង​ដោយ​ការ​គោរព​តាម​គោលការណ៍​ទាំងឡាយ​ដែល​បាន​ដាក់​នៅក្នុង​ពាក្យ​សម្ដី​នៃប្រាជ្ញា​វាងវៃ ជា​ផែនការ​ប្រទាន​មក​ពី​ព្រះ ។

បងប្អូនប្រុស នារាត្រី​នេះ ខ្ញុំ​អធិស្ឋាន​សូម​ការ​ណែនាំ​ពី​ព្រះវរបិតាសួគ៌​របស់​យើង ពេល​ខ្ញុំ​ចែកចាយ​សារលិខិត​ខ្ញុំជាមួយ​បងប្អូន ។

នៅ​ឆ្នាំ ១៨៣៣​ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់ព្យាការី​យ៉ូសែប ស្ម៊ីធ នូវផែនការ​មួយ​សម្រាប់​ការ​រស់នៅ​ដោយ​មានសុខភាព​ល្អ។ ផែនការ​នោះឃើញ​មាន​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា​កណ្ឌ ៨៩ ហើយ​ត្រូវ​បាន​ស្គាល់​ថា​ជា​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ វា​ផ្ដល់​នូវការ​ដឹកនាំ​ជាក់លាក់​ស្ដីអំពី​អាហារ​ដែល​យើងត្រូវ​បរិភោគ ហើយ​វា​ហាម​ឃាត់​មិនឲ្យ​ប្រើ​សារធាតុ​នានា​ដែល​អន្ដរាយ​ដល់​រូបកាយ​យើង ។

អស់​អ្នក​ដែល​គោរព​ប្រតិបត្តិចំពោះ​បទបញ្ញត្តិ​នានា​របស់​ព្រះអម្ចាស់ ហើយ​គោរព​​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃដោយ​ស្មោះត្រង់ ត្រូវ​បាន​សន្យា​នូវ​ពរជ័យ​ជាក់លាក់​ជាច្រើន ដែល​ក្នុង​នោះ​មាន​សុខភាព​ល្អ និង​ផ្ដល់​កម្លាំង​ខាង​រូបកាយបន្ថែម​ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​អាន​ដំណើរ​រឿង​ពិត​អំពី​ការ​បើក​សម្ដែងដ៏អស្ចារ្យ ស្តី​អំពី​ការ​សន្យា​ទាំងនេះ ។ សមាជិកសាសនាចក្រ​​​ស្មោះ​ត្រង់​មួយរូប​ ឈ្មោះ ចន អេ. ឡាសិន ដែល​បាន​បម្រើ​​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ​នៅ​ក្នុងក្រុម​​ឆ្មាំ​ឆ្នេរ​សហរដ្ឋ​លើ​កប៉ាល់ USS Cambria ។ អំឡុង​ចម្បាំង​មួយ​នៅប្រទេស​ហ្វីលីពីន មាន​ដំណឹងមួយ​អំពី​ការ​មក​ដល់​នៃ​ក្រុមយន្ដហោះ​ទម្លាក់​គ្រាប់​បែក និងយន្ដហោះ​ចម្បាំង​ ។ ​បញ្ជា​ឲ្យជម្លៀស​ចេញជា​បន្ទាន់ ។ ដោយសារ​ក្រុម USS Cambria បាន​ចេញ​ទៅ​បាត់​ហើយ នោះ ចន និង​ដៃគូ​បីនាក់​បាន​ប្រមូល​ឧបករណ៍​ ហើយប្រញាប់​ធ្វើ​ដំណើរ​ទៅកាន់​ឆ្នេរ​ ដោយ​សង្ឃឹម​ថាទៅ​ទាន់​ទូក​មួយ​ដែល​កំពុង​ចេញ​ដំណើរនោះ ។ សំណាង​ល្អ ទូក​បាន​មក​ដឹកពួកគេ ហើយ​ប្រញាប់​ទៅ​កាន់​កប៉ាល់​ចុង​ក្រោយ​ដែល​ធ្វើ​ដំណើរ​ទៅ​ឆ្នេរ ។ ព្រោះ​តែ​ត្រូវ​ជម្លៀសចេញឲ្យ​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន បុរស​ដែល​នៅលើ​កប៉ាល់ចេញ​ដំណើរ​នោះ ពួកគេ​រវល់​នៅលើ​ដំបូល​នាវា ហើយ​មាន​ពេល​ត្រឹម​តែ​បោះ​ខ្សែពួរ​ឲ្យ​ទៅ​បុរស​ទាំង​បួននាក់តោងប៉ុណ្ណោះ ហើយ​សង្ឃឹម​ថា​ពួកគេ​អាច​ឡើងតាម​ខ្សែពួរនោះ​មកដល់​ដំបូល​នាវា​បាន ។

ដោយ​មាន​ស្ពាយ​វិទ្យុ​ទាក់ទង​ធ្ងន់នៅ​លើ​ខ្នងផងនោះ ចន បាន​ឃើញ​ថា​គាត់​ព្យួរ​ខ្លួន​នៅ​ចុង​ខ្សែរ​ប្រវែង ១២ ម៉ែត្រ នៅចំហៀង​នាវា​ដែល​បើក​ឆ្ពោះ​ទៅ​សមុទ្រ​ធំធេង ។ គាត់​ចាប់​ផ្ដើម​ទាញ​ខ្លួន​ឡើង ម្ដង​បន្ដិចៗ ដោយ​ដឹងថា​បើ​គាត់​ព្រលែង​ដៃ គាត់​នឹង​ត្រូវ​ស្លាប់ជាពុំ​ខាន ។ បន្ទាប់​ពី​​ឡើងបាន​មួយភាគ នោះ​គាត់​មាន​អារម្មណ៍​ថា​ដៃ​របស់​គាត់ឈឺ​ជា​ខ្លាំង ។ គាត់ហត់​យ៉ាង​ខ្លាំង ​គាត់​មានអារម្មណ៍​ថា​ពុំ​អាច​តោងជាប់​ទៀត​ទេ ។

ពេល​គាត់​អស់កម្លាំង គាត់​បាន​សញ្ជឹងគិត​អំពី​វាសនា​អាក្រក់​របស់​ខ្លួន ចន បាន​យំទូល​ទៅព្រះ​ដោយ​ស្ងាត់ស្ងៀម ប្រាប់​ទ្រង់​ថា គាត់​បាន​គោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ជានិច្ច ហើយ​បាន​រស់​នៅ​ក្នុង​ជីវិត​ស្អាតស្អំ—ឥឡូវ​នេះ​គាត់​ត្រូវការ​ពរជ័យ​ដែល​បាន​សន្យា​នោះ​ជា​ខ្លាំង ។

ចន ក្រោយ​មក​បាន​និយាយ​ថា ពេល គាត់​បាន​បញ្ចប់ការ​អធិស្ឋាន​រួច គាត់​មានអារម្មណ៍​ថាមានកម្លាំង​ដ៏​មហិមា​មួយ ។ គាត់​ចាប់​ផ្ដើម​តោងឡើង​ម្ដងទៀត ហើយ​អាច​ឡើង​យ៉ាង​លឿន ។ នៅពេល​គាត់​ឡើងទៅ​ដល់​ដំបូល​នាវា ការ​ដក​ដង្ហើម​របស់គាត់​គឺ​ធម្មតា—​ពុំ​មែនដោយ​ដង្ហក់​នោះទេ ។ ពរជ័យ​នៃ​សុខភាពល្អ និង​កម្លាំង​បន្ថែម ដែល​បាន​សន្យា​នៅក្នុង​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ ​ត្រូវ​បាន​ប្រទាន​ដល់​គាត់ ។ គាត់​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌​របស់​គាត់នៅ​ពេលនោះ និង​អស់​មួយជីវិត​គាត់ ចំពោះ​ចម្លើយ​ដល់​ការ​អធិស្ឋាន​សូម​ជំនួយ​យ៉ាង​អស់សង្ឃឹម​នោះ ។

បងប្អូន​ប្រុស សូម​ឲ្យ​យើង​ថែរក្សា​រូបកាយ​ និង​គំនិត​របស់​យើង​ដោយ​ការ​គោរព​តាម​គោលការណ៍​ទាំងឡាយ​ដែល​បាន​ដាក់​នៅក្នុង​ពាក្យ​សម្ដី​នៃប្រាជ្ញា​វាងវៃ ជា​ផែនការប្រទាន​មក​ពី​ព្រះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ដ៏រុងរឿង​ដែល​រង់ចាំ​យើង បើ​យើង​ធ្វើ​តាម​ដូច្នោះ ដោយអស់ពី​ដួងចិត្ត និង​ព្រលឹង​ខ្ញុំ ។ ខ្ញុំ​សូម​អធិស្ឋាន​សូម​​ឲ្យ​​​ការ​ណ៍​​នេះ​បាន​ដូច្នោះ នៅក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់​របស់​យើង និ​ង​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។