ឆ្នាំ ២០១០-២០១៩
តើ​ខ្ញុំ​បាន​គ្រប់​លក្ខណ៍​ហើយ​ឬ​នៅ ? តើ​ខ្ញុំ​អាច​បាន​គ្រប់​លក្ខណ៍​ដែរ​ឬ​ទេ ?
ខែ តុលា ឆ្នាំ ២០១៦


តើ​ខ្ញុំបាន​គ្រប់​លក្ខណ៍​ហើយ​ឬ​នៅ ? តើ​ខ្ញុំ​អាចបាន​គ្រប់​លក្ខណ៍​ដែរ​ឬ​ទេ ?

បើ​បងប្អូន​ព្យាយាម​ដោយ​ខ្លាំងក្លា ហើយ​មិន​ដោះសារ ឬ​បះបោរ—គឺ​ដោយ​ប្រែចិត្ត​ជា​រឿយៗ ថែមទាំង​ទូល​អង្វរ​សូម​ព្រះគុណ—នោះ​បងប្អូន​នឹង « បាន​គ្រប់​លក្ខណ៍ » ។

បងប្អូន​ប្រុស​ស្រី នេះ​ជា​ពរជ័យ​ដ៏​ធំ​ដែល​យើង​បាន​មក​ប្រជុំ​គ្នា​ដើម្បី​ស្ដាប់​ការបង្រៀន​នៃ​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ។ តើ​នេះ​មិន​អស្ចារ្យ​ទេ​ឬ អំពី​របៀប​ជា​ច្រើន​ដែល​ព្រះវរបិតាសួគ៌​ជា​ទី​ស្រឡាញ់ ទ្រង់​ដឹកនាំ ហើយ​ប្រទាន​ពរ​ដល់​យើង​នោះ ? ទ្រង់​ពិត​ជា​សព្វព្រះទ័យ​ឲ្យ​យើង​បាន​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ ។

ដោយសារតែ​មាន​ក្តី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់ ក្នុង​នាម​ជា​វេជ្ជបណ្ឌិត​វ័យ​ក្មេង​ទើប​បញ្ចប់​ការសិក្សា ខ្ញុំ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ទទួល​បាន​ការបំពាក់បំប៉ន​កម្មសិក្សា​ពេទ្យ​កុមារ​នៅ​ក្នុង​កម្មវិធី​មួយ​ដ៏​ពិបាក និង មាន​ការប្រកួតប្រជែង ។ ពេល​ខ្ញុំ​ជួប​និស្សិត​ដែល​ចុះ​កម្មសិក្សា​ផ្សេង​ទៀត ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​ឯង​មិន​សូវ​ឆ្លាត ហើយ​មិន​ចេះ​ច្រើន​ដូច​ពួកគេ​ឡើយ ។ ខ្ញុំ​បាន​គិត​ថា ខ្ញុំ​មិន​អាច​ធ្វើ​បាន​ល្អ​ដូចជា​ពួកគេ​នោះ​ទេ ។

រយៈ​ពេល​បី​ខែ​ដំបូង នា​ពេល​យប់​ជ្រៅ​មួយ​ខ្ញុំ​បាន​អង្គុយ​ក្នុង​ការិយាល័យ​គិលានុប្បដ្ឋាយិកា​នៅ​មន្ទីរពេទ្យ ទាំង​យំ​ខ្សឹបខ្សួល ហើយ​ងងុយ​ដេក​ផង ខ្ញុំ​បាន​ព្យាយាម​បំពេញ​បែបបទ​ចូល​សម្រាក​ពេទ្យ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​ជំងឺ​រលាក​សួត ។ ខ្ញុំ​មិន​ធ្លាប់​បាក់ទឹកចិត្ត​ដូច្នោះ​ទេ​ក្នុង​មួយ​ជីវិត​ខ្ញុំ ។ ខ្ញុំ​មិន​ចេះ​របៀប​ព្យាបាល​ជំងឺ​រលាក​សួត​របស់​ក្មេង​ប្រុស​អាយុ ១០ ឆ្នាំ​នោះ​ឡើយ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​ឆ្ងល់​ថា​តើ​ខ្ញុំ​កំពុង​តែ​ធ្វើ​អ្វី​ពេល​នោះ ។

រំពេច​នោះ គ្រូ​ពេទ្យ​រៀម​ច្បង​ម្នាក់​បាន​ដាក់​ដៃ​លើ​ស្មា​ខ្ញុំ ។ គាត់​សួរ​ថា​តើ​ខ្ញុំ​មាន​បញ្ហា​អ្វី​ឬ​ទេ ហើយ​ខ្ញុំ​បាន​ប្រាប់​គាត់​ពី​ភាពមួរម៉ៅ និង ការភ័យខ្លាច​របស់​ខ្ញុំ ។ ចម្លើយ​របស់​គាត់​បាន​ផ្លាស់ប្ដូរ​ជីវិត​ខ្ញុំ ។ គាត់​ប្រាប់​ថា គាត់ ព្រមទាំង​គ្រូ​ពេទ្យ​រៀមច្បង​ដទៃៗ​ទៀត​មាន​មោទនភាព​ចំពោះ​ខ្ញុំ ហើយ​ពួកគាត់​ដឹង​ថា ខ្ញុំ​នឹង​ក្លាយ​ជា​វេជ្ជបណ្ឌិត​ដ៏​ឆ្នើម​ម្នាក់ ។ និយាយ​ឲ្យ​ខ្លីទៅ គឺ​គាត់​ជឿ​លើ​ខ្ញុំ កាល​ខ្ញុំ​មិន​ទាំង​ជឿ​លើ​ខ្លួនឯង​ផង ។

ដូច​បទពិសោធន៍​របស់​ខ្ញុំ​នេះ​ដែរ​មាន​សមាជិក​យើង​សួរ​ខ្លួន​ឯង​ជាញឹកញាប់​ថា « តើ​ខ្ញុំ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ​ឬ​នៅ ? » ឬ « តើ​ខ្ញុំ​ពិតជា​អាច​ទៅ​កាន់​នគរ​សេឡស្ទាល​បាន​ដែរ​ឬ​ទេ ? » ប្រាកដ​ណាស់ គ្មាន​នរណា​ម្នាក់ « បាន​គ្រប់​លក្ខណ៍ » នោះ​ទេ ។ ខ្ញុំ​សូម​បកស្រាយ​ចម្ងល់​នេះ​ថា​គ្មាន​នរណា​ម្នាក់​អាច « រកបាន » ឬ « សម​នឹង » សេចក្តីសង្គ្រោះ​នោះ​ទេ ប៉ុន្តែ​វា​ជា​ធម្មតា​ទេ​ដែល​យើង​ឆ្ងល់​ថា តើ​ព្រះអម្ចាស់​ទទួល​យក​យើង​ឬ​អត់​នោះ ។

ជួន​កាល ពេល​យើង​ទៅ​ព្រះវិហារ យើង​បាក់ ទឹកចិត្ត​គ្រាន់តែ​ដោយសារ​ការអញ្ជើញ​ដ៏​ស្មោះ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​យើង​រីកចម្រើន​ប៉ុណ្ណោះ ។ យើង​គិត​ក្នុង​ចិត្ត ថា « ខ្ញុំ​មិន​អាច​ធ្វើ​កិច្ចការ​ទាំងនេះ​បាន​ទេ » ឬ « ខ្ញុំ​នឹង​មិន​អាច​ធ្វើ​បាន​ល្អ​ដូច​មនុស្ស​ទាំងនេះ​ទេ » ។ យើង​អាច​មាន​អារម្មណ៍​ដូច​ខ្ញុំ​បាន​មានកាល​នៅ​ក្នុង​មន្ទីរពេទ្យ​យប់​នោះ​ដែរ ។

ខ្ញុំ​សូម​អង្វរ ឱ​បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​អើយ យើង​ត្រូវតែ​ឈប់​ប្រៀបធៀប​ខ្លួន​យើង​ទៅ​នឹង​មនុស្ស​ដទៃ ។ យើង​ធ្វើ​ទារុណកម្ម​ខ្លួន​យើង​ដោយ​ឥត​ប្រយោជន៍​តាមរយៈ​ការប្រកួតប្រជែង និង ការប្រៀបធៀប ។ យើង​វិនិច្ឆ័យ​ខ្លួន​យើង​យ៉ាង​ខុសឆ្គង​តាមរយៈ អ្វីៗ ដែល​យើង​មាន និង គ្មាន ព្រមទាំង​តាមរយៈ យោបល់​របស់​មនុស្ស​ដទៃ ។ តែ​បើ​យើង​ចង់​ប្រៀបធៀប​នោះ ចូរ​ឲ្យ​យើង​ប្រៀបធៀប​ថា​តើ​ពី​មុន និង ឥឡូវ​នេះ យើង​មាន​សភាព​ខុសគ្នា​ដូចម្ដេច​ខ្លះ—ហើយ​ថា​តើ​យើង​ចង់​ក្លាយ​ជា​មនុស្ស​បែប​ណា​នា​ពេល​អនាគត ។ យោបល់​តែ​មួយ​គត់​ដែល​សំខាន់​ចំពោះ​យើង​គឺ​ថា តើ​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​យ៉ាង​ណា​ចំពោះ​យើង ។ សូម​ទូល​សួរ​ទ្រង់​ដោយ​ស្មោះ​ថា​ទ្រង់​គិត​យ៉ាង​ណា​អំពី​អ្នក ។ ទ្រង់​នឹង​ស្រឡាញ់ ហើយ​កែតម្រូវ ប៉ុន្តែ​មិន​បំបាក់​ទឹកចិត្ត​យើង​ឡើយ ដ្បិត​នោះ​គឺ​ជា​ល្បិច​កល​របស់​សាតាំង ។

ខ្ញុំ​សូម​និយាយ​ឲ្យ​ត្រង់ និង ច្បាស់លាស់ ។ ចម្លើយ​ចំពោះ​សំណួរ​ថា « តើ​ខ្ញុំ​បាន​គ្រប់​លក្ខណ៍​ហើយ​ឬ​នៅ ? » និង « តើ​ខ្ញុំ​អាច​បាន​គ្រប់​លក្ខណ៍​ដែរ​ឬ​ទេ ? » គឺ​ថា « មែន​ហើយ​អាច​បាន ! បងប្អូន​នឹង​បាន​គ្រប់​លក្ខណ៍ »មែនហើយ « បងប្អូន​នឹង​ធ្វើ​វា​បាន ដរាប​ណា​បងប្អូន​បន្ត​ប្រែចិត្ត ហើយ​ពុំ​ដោះសារ ឬ​បះបោរ​នោះ » ។ ព្រះ​មិន​មែន​ជា​អាជ្ញាកណ្ដាល​ចិត្ត​អាក្រក់ ដែល​សម្លឹង​មើល​រាល់​ការដោះសារ​ដើម្បី​ដក​យើង​ចេញ​ពី​នគរ​ទ្រង់​ឡើយ ។ ទ្រង់​ជា​ព្រះវរបិតា​ដ៏​ឥតខ្ចោះ ដែល​សព្វព្រះទ័យ​ឲ្យ​កូនចៅ​ទ្រង់​ទាំងអស់​ត្រឡប់​ទៅ​ស្ថានសួគ៌ ហើយ​រស់នៅ​ជាមួយ​ទ្រង់​ជា​គ្រួសារ​វិញ​ជា​រៀង​រហូត ជាង​អ្វីៗ​ទាំងអស់ ។ ទ្រង់​ពិត​ជា​បាន​ប្រទាន​ព្រះរាជបុត្រា​បង្កើត​តែ​មួយ ដើម្បី​ឲ្យ​យើង​មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ !1 សូម​ជឿ​ចុះ ហើយ​បន្ត​មាន​ក្ដីសង្ឃឹម និង​ការលួងលោម​ចិត្ត​មក​ពី​ក្ដី​ពិត​ដ៏​អស់កល្ប​នេះ ។ ព្រះវរបិតាសួគ៌​យើង​សព្វ​ព្រះទ័យ​ឲ្យ​យើង​ត្រឡប់​ទៅ​ឯ​ទ្រង់​វិញ្ ។ នោះ​គឺ​ជា​កិច្ចការ និង សិរីល្អ​របស់​ទ្រង់ ។2

ខ្ញុំ​ស្រឡាញ់​អ្វី​ដែល​ប្រធាន ហ្គរដុន  ប៊ី ហ៊ិងគ្លី បាន​បង្រៀន​យើង​អំពី​គោលការណ៍​នេះ ។ ក្នុង​ឱកាស​មួយ​ចំនួន ខ្ញុំ​បាន​ឮ​លោក​មាន​ប្រសាសន៍​ថា បងប្អូន​ប្រុសស្រី អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​រំពឹង​ពី​យើង​គឺ​យើង​ត្រូវតែ​ព្យាយាម ប៉ុន្តែ​បងប្អូន​ត្រូវតែ​ព្យាយាម ដោយ​ខ្លាំងក្លា ! »3

« ការព្យាយាម​ដោយ​ខ្លាំងក្លា » មាន​ន័យ​ថា ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព ដោយ​ទទួល​ស្គាល់​ចំណុច​ដែល​យើង​ត្រូវ​ពង្រឹង ហើយ​ព្យាយាម​ម្ដង​ទៀត ។ ពេល​ធ្វើ​ដូច្នេះ​ម្ដង​ហើយ​ម្ដង​ទៀត នោះ​យើង​ចូល​កាន់តែ​ជិត​ព្រះអម្ចាស់ យើង​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ទ្រង់​កាន់តែ​ខ្លាំង4 ហើយ​យើង​ទទួល​បាន​ព្រះគុណ ឬ ជំនួយ​ពី​ទ្រង់​កាន់តែ​ច្រើន ។5

ពេល​ខ្លះ​ខ្ញុំ​គិត​ថា យើង​ពុំ​ដឹង​ថា​ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់​ជួយ​យើង​ខ្លាំង​កម្រិត​ណា​នោះ​ទេ ។ ខ្ញុំ​ចូលចិត្ត​ប្រសាសន៍​អែលឌើរ ដេវីឌ អេ បែដណា ថា ៖

« យើង​ភាគ​ច្រើន​យល់​ច្បាស់​ថា ដង្វាយធួន​គឺ​សម្រាប់​មនុស្ស​មាន​បាប ។ ប៉ុន្តែ ខ្ញុំ​ពុំ​ប្រាកដ​ទេ​ថា យើង​ដឹង ហើយ​យល់​ដែរ​ឬ​អត់​ថា ដង្វាយធួន​ក៏​សម្រាប់​ពួក​បរិសុទ្ធ​ដែរ ។ …

« … ដង្វាយធួន​ផ្ដល់​ជំនួយ​ឲ្យ​យើង​ឈ្នះ​លើ ហើយ​ចៀសវាង​ការណ៍​អាក្រក់ ហើយ​ឲ្យ​យើង​ធ្វើ ព្រមទាំង​ក្លាយ​ជា​មនុស្ស​ល្អ ។ …

« ‹ … នោះ​គឺ … តាមរយៈ​ព្រះគុណ​នៃ​ព្រះអម្ចាស់​ដែល​បុគ្គល​ម្នាក់ៗ … ទទួល​បាន​ភាពរឹងមាំ និង ជំនួយ​ដើម្បី​ប្រព្រឹត្ត​អំពើ​ល្អ តែ​បើ​គ្មាន​ព្រះគុណ​នេះ​ទេ ពួកគេ​មិន​អាច [ ប្រព្រឹត្ត ] ល្អ​បាន​ឡើយ ។ … ព្រះគុណ​នេះ​គឺ​ជា​ព្រះចេស្ដា​ដ៏​ជា​ជំនួយ … › ឬ​ជំនួយ​សួគ៌ា​ដែល​ជួយ​បំពេញ​តម្រូវការ​ភ្លាមៗ​របស់​យើង ដើម្បី​បាន​សក្ដិសម​ចូល​នគរ​សេឡេស្ទាល » ។6

អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ទទួល​បាន​ជំនួយ​នេះ គឺ​ត្រូវ​ទូល​សូម ហើយ​ប្រព្រឹត្ត​តាម​ការបំផុសគំនិត​ដ៏​សុចរិត​ដែល​យើង​មាន ។

រឿង​ល្អ​នោះ​គឺ បើ​យើង​ប្រែចិត្ត​ដោយ​ស្មោះ នោះ​អំពើ​បាប​ពី​មុន​របស់​យើង​មិន​អាច​រារាំង​យើង​ពី​ភាពតម្កើងឡើង​បាន​ឡើយ ។ មរ៉ូណៃ​ប្រាប់​យើង​ពី​អ្នក​ប្រព្រឹត្ត​រំលង​ក្នុង​ជំនាន់​របស់​លោក​ដូចនេះ ៖ « ប៉ុន្តែ ដរាប​ណា​ពួកគេ​ប្រែ​ចិត្ត ហើយ​ស្វែងរក​ការអត់ទោស​ដោយ​ស្មោះ​អស់​ពី​ចិត្ត នោះ​ពួកគេ​តែងតែ​នឹង​បាន​អត់​ទោស​ឲ្យ » ។7

ព្រះអម្ចាស់​ផ្ទាល់​មាន​បន្ទូល​អំពី​អ្នក​ប្រព្រឹត្ត​បាប​ថា ៖

« ប្រសិន​ជា​គេ​ទទួល​សារ​ភាព​នូវ​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន​ចំពោះ​អ្នក និង​ចំពោះ​យើង ហើយ​ប្រែ​ចិត្ត​ដោយ​ស្មោះ​អស់​ពី​ចិត្ត អ្នក​នោះ​ហើយ​ដែល​អ្នក​ត្រូវ​អត់​ទោស​ឲ្យ ហើយ​យើង​ក៏​នឹង​អត់​ទោស​ឲ្យ​គេ​ដែរ ។

« មែន​ហើយ ហើយ​ដរាបណា​រាស្ត្រ​យើង​ប្រែ​ចិត្ត យើង​នឹង​អត់​ទោស​ឲ្យ​គេ​ចំពោះ​ការ​រំលង​ច្បាប់​ទាំង​ឡាយ​ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​យើង » ។8

បើ​យើង​ប្រែចិត្ត​ដោយ​ស្មោះ ព្រះ​ពិតជា​នឹង​អភ័យទោស​ឲ្យ​យើង ទោះជា​យើង​បាន​ប្រព្រឹត្ត​បាប​ដដែលៗ​នោះ​ម្ដង​ហើយ​ម្ដង​ទៀត​ក្ដី ។ ដូច​អែលឌើរ ជែហ្វ្រី  អ័រ ហូឡិន មាន​ប្រសាសន៍​ថា ៖ « ទោះ​អ្នក​គិត​ថា​ខ្លួន​ឯង​បាន​ខក​ខាន​ច្រើន​ដង ទោះ​អ្នក​គិត​ថា​ខ្លួន​ឯង​បាន​ធ្វើ​កំហុស​ច្រើន​យ៉ាង​ណា​ក្ដី …  ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា អ្នក ពុំ បាន​ធ្វើ​ដំណើរ​ហួស​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ឡើយ ។ វា​មិន​អាច​ទៅ​រួច​សម្រាប់​អ្នក​ទេ ដែល​លិច​ទៅ​ផុត​ពី​ពន្លឺ​នៃ​ដង្វាយធួន​ដ៏​និរន្ដន៍​របស់​ព្រះគ្រីស្ទ ជា​ពន្លឺ​ដែល​ចែងចាំង​ដ៏​ចិញ្ចាច​នោះ » ។9

ការណ៍​នេះ​ពុំ​មាន​ន័យ​ថា អំពើ​បាប​អាច​ទទួល​យក​បាន​ឡើយ ។ អំពើ​បាប​តែង​មាន​លទ្ធផល​របស់​វា ។ អំពើបាប​តែង​ធ្វើ​ឲ្យ​អន្តរាយ ហើយ​បង្ក​ការឈឺចាប់​ទាំង​អ្នក​ប្រព្រឹត្ត​បាប និង អ្នក​រងគ្រោះ​ដោយ​អំពើ​បាប​របស់​គេ ។ រីឯ​ការប្រែចិត្ត​ដ៏​ពិត​មិន​ងាយស្រួល​ធ្វើ​នោះ​ទេ ។10 លើស​ពី​នេះ សូម​យល់​ថា ទោះ​ជា​ព្រះ​ដក​យក​កំហុស និង ស្នាម​ប្រឡាក់​នៃ​អំពើបាប​យើង​កាល​យើង​ប្រែចិត្ត​ដោយ​ស្មោះ​ក្ដី ក៏​ទ្រង់​អាច​មិន​ដក​យក​លទ្ធផល​នៃ​អំពើបាប​របស់​យើង​ភ្លាមៗ​ដែរ ។ ពេល​ខ្លះ​យើង​នឹង​ចងចាំ​វា​អស់​មួយ​ជីវិត ។ អំពើ​បាប​ធ្ងន់​បំផុត​គឺ អំពើបាប​ដែល​គ្រោង​ទុក​ជាមុន​ដែល​មនុស្ស​ម្នាក់​ពោល​ថា « ខ្ញុំ​អាច​ប្រព្រឹត្ត​បាប​ឥឡូវ​នេះ ហើយ​ប្រែចិត្ត​តាម​ក្រោយ » ។ ខ្ញុំ​ជឿ​ថា នេះ​គឺ​ជា​ការប្រមាថ​ក្រៃលែង​ដល់​ពលិកម្ម និង ការរងទុក្ខ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះអម្ចាស់​មាន​បន្ទូល​ថា « ដ្បិត​យើង​ជា​ព្រះ​អម្ចាស់ ពុំ​អាច​ទត​មើល​អំពើ​បាប សូម្បីតែ​បន្តិចបន្តួច​បាន​ឡើយ » ។11

អាលម៉ា​មាន​ប្រសាសន៍​ថា « មើលចុះ ឪពុក​ប្រាប់​កូន​ថា សេចក្ដី​ទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ។12

មូលហេតុ​មួយ​ដែល​ការថ្លែង​របស់​អាលម៉ា​ពិត គឺ​ថា​នៅ​ពេល​ប្រព្រឹត្ត​បាប​ដដែលៗ នោះ​យើង​ដក​ខ្លួន​ឆ្ងាយ​ពី​ព្រះវិញ្ញាណ បែរ​ជា​បាក់​ទឹកចិត្ត ហើយ​ឈប់​ប្រែចិត្ត ។ ប៉ុន្តែ​ខ្ញុំ​សូម​ថ្លែង​ឡើង​វិញ​ថា ដោយសារ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ប្រែចិត្ត ហើយ​បាន​អត់ទោស​ឲ្យ​ទាំងស្រុង ដរាប​ណា​យើង​ប្រែចិត្ត​ដោយ​ស្មោះ ។

អ្វី​ដែល​យើង​មិន​អាច​បាន​អត់ទោស​ឲ្យ​គឺ ការដោះសារ​ជាជាង​ការប្រែចិត្ត ។ ខ្ញុំ​នឹង​មិន​ខិតខំ​រាប់​ខ្លួន​ឯង​ជា​សុចរិត​ចេញ​ពី​អំពើបាប​ដោយ​ពោល​ថា « ព្រះ​ជ្រាប​ហើយ​ថា​វា​ពិបាក​ណាស់​សម្រាប់​ខ្ញុំ ដូច្នេះ​ទ្រង់​ទទួល​យក​ខ្ញុំ​ហើយ » ។ « ការព្យាយាម​ដោយ​ខ្លាំងក្លា » មាន​ន័យ​ថា យើង​បន្ត​រស់នៅ​ក្នុង​បទដ្ឋាន​ព្រះអម្ចាស់ ដែល​មាន​កំណត់​ក្នុង​សំណួរ​សម្ភាសន៍​យក​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដោយ​ពេញ​លេញ ។

ទង្វើ​មួយ​ទៀត​ដែល​រារាំង​យើង​មិន​ឲ្យ​ចូល​ស្ថានសួគ៌ និង​មិន​ឲ្យ​ទទួល​បាន​ជំនួយ​ដែល​យើង​ត្រូវ​ការ​នៅ​ពេល​នេះ​គឺ ការបះបោរ ។ យើង​រៀន​ចេញ​ពី​គម្ពីរ​ម៉ូសេ​ថា សាតាំង​ត្រូវបាន​បណ្ដេញ​ចេញ​ពី​ស្ថានសួគ៌​ដោយសារ​តែ​ការបះបោរ ។13 ពេល​ណា​មួយ​ដែល​យើង​បន្លឺ​ក្នុង​ចិត្ត​ថា « ខ្ញុំ​មិន​ត្រូវការ​ព្រះ​ទេ ហើយ​ខ្ញុំ​ពុំ​ចាំបាច់​ប្រែចិត្ត​ឡើយ » នោះ​យើង​បះបោរ​ហើយ ។

ក្នុង​នាម​ជា​ពេទ្យ​រោគ​កុមារ​ម្នាក់ ខ្ញុំ​ដឹង​ថា បើ​បុគ្គល​ម្នាក់​បដិសេធ​ការព្យាបាល​សង្គ្រោះ​ជីវិត វា​អាច​នាំ​ទៅ​រក​ការស្លាប់​ខាង​សាច់​ឈាម ។ ស្រដៀង​នេះ​ដែរ ពេល​យើង​បះបោរ​ទាស់​នឹង​ព្រះ គឺ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​បដិសេធ​ជំនួយ និង​ក្ដី​សង្ឃឹម​ដ៏​ប្រសើរ​បំផុត​ដែល​វា​នឹង​ដឹកនាំ​យើង​ឆ្ពោះ​ទៅ​រក​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ ។ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ដូចនេះ​បាន​ដោយ​កម្លាំង​ខ្លួន​ឯង​ឡើយ ។ គ្មាន​នរណា​ម្នាក់​អាច « បាន​គ្រប់​លក្ខណ៍ » ទេ លើកលែង​តែ​តាម​បុណ្យ​គុណ និង​សេចក្ដី​មេត្តាករុណា​នៃ​ព្រះគ្រីស្ទ​ប៉ុណ្ណោះ14 ប៉ុន្តែ​ដោយសារ​ព្រះ​គោរព​ដល់​សិទ្ធិ​ជ្រើសរើស​របស់​យើង នោះ​យើង​ក៏​មិន​អាច​បាន​សង្គ្រោះ​ដោយ​គ្មាន​ការព្យាយាម​ដែរ ។ នោះ​គឺ​ជា​តុល្យភាព​រវាង​ព្រះគុណ និង ការខិតខំ​ដំណើរការ​ទៅ​បាន ។ យើង​អាច​មាន​ក្ដីសង្ឃឹម​នេះ​ក្នុង​ព្រះគ្រីស្ទ ព្រោះ​ទ្រង់​សព្វព្រះទ័យ​ជួយ ហើយ​កែប្រែ​យើង ។ តាម​ពិត​ទៅ ទ្រង់​បាន​ជួយ​បងប្អូន​រួច​មក​ហើយ ។ បងប្អូន​គ្រាន់តែ​ឈប់ ហើយ​គិត​បន្តិច ព្រមទាំង​ទទួល​ស្គាល់​ជំនួយ​ទ្រង់​ក្នុង​ជីវិត​បងប្អូន ។

ខ្ញុំ​សូម​ធ្វើ​សាក្សី​ថា បើ​បងប្អូន​ព្យាយាម​ដោយ​ខ្លាំងក្លា ហើយ​មិន​ដោះសារ ឬ​បះបោរ​ទេ—ដោយ​ប្រែចិត្ត​ជា​រឿយៗ ថែមទាំង​ទូល​អង្វរ​សូម​ព្រះគុណ ឬ​ជំនួយ​ពី​ព្រះគ្រីស្ទ—នោះ​បងប្អូន​នឹង « បាន​គ្រប់​លក្ខណ៍ » នៅ​ចំពោះ​ព្រះ បងប្អូន​អាច​បាន​គ្រប់​លក្ខណ៍​នៅ​ក្នុង​ព្រះគ្រីស្ទ ហើយ​នឹង​ទទួល​បាន​ពរជ័យ ព្រមទាំង​សិរីល្អ និង​អំណរ​ដែល​ព្រះ​សព្វព្រះទ័យ​ប្រទាន​ដល់​បុត្រាបុត្រី​ដ៏​មាន​តម្លៃ​របស់​ទ្រង់—រួម​មាន​បងប្អូន និង​ខ្ញុំ​ផងដែរ ។ ខ្ញុំ​សូមថ្លែង​ទីបន្ទាល់​ថា ព្រះ​មាន​ព្រះជន្ម​រស់ ហើយ​ចង់​ឲ្យ​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់ ។ នៅក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូម​មើល យ៉ូហាន ៣:១៦ ។

  2. សូម​មើល ម៉ូសេ ១:៣៩ ។

  3. ការដកស្រង់​ប្រសាសន៍​ចេញ​ពី​ប្រធាន​ហ៊ិងគ្លី​នេះ គ្មាន​ការបោះពុម្ព​ទេ ប៉ុន្តែ​មាន​កត់ត្រា​ដូច​ខាង​ក្រោម​នេះ ៖ « Just do the best you can, but be sure it is your very best » ( « A Challenging Time—a Wonderful Time » Teaching Seminary: Preservice Readings [ Church Educational System manual ឆ្នាំ ២០០៤ ] ទំព័រ ១៨ ) ។ លោក​ក៏​បាន​មាន​ប្រសាសន៍​ដូចនេះ​ដែរ ៖ « ចូរ​កុំ​ចាប់​កំហុស​ខ្លួន​ឯង​ដោយ​ប្រើ​គំនិត​នៃ​បរាជ័យ ។ ចូរ​កុំ​ដាក់​គោលដៅ​ខ្ពស់​លើស​ពី​សមត្ថភាព​ពេក​ដែល​អ្នក​មិន​អាច​សម្រេច​បាន​ឡើយ ។ ចូរ​ធ្វើ​អ្វី​ដែល​អ្នក​អាច​ទៅ​បាន​ដោយ​សាមញ្ញ មធ្យោបាយ​ដែល​អ្នក​ស្គាល់​ច្បាស់​បំផុត រីឯ​ព្រះអម្ចាស់​នឹង​ទទួល​យក​ការខិតខំ​របស់​អ្នក » ( « Rise to the Stature of the Divine within You » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ទំព័រ ៩៦ ) ។

  4. សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:២៤ ។

  5. សូម​មើល អេធើរ ១២:២៧ ។

  6. ដេវីឌ អេ បែដណា « The Atonement and the Journey of Mortality » Liahona ខែ​មេសា ឆ្នាំ ២០១២ ទំព័រ ១៤ ។

  7. មរ៉ូណៃ ៦:៨ ។

  8. ម៉ូសាយ ២៦:២៩–៣០ ។

  9. ជែហ្វ្រី អរ ហូឡិន « The Laborers in the Vineyard » Liahona  ខែ​ឧសភា ឆ្នាំ ២០១២ ទំព័រ ៣៣ ។

  10. សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៥–១៩ ។

  11. គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣១ ។

  12. អាលម៉ា ៤១:១០ ។

  13. សូម​មើល ម៉ូសេ ៤:៣ ។

  14. សូម​មើល នីហ្វៃទី ២  ២:៦–៨ ។