ឆ្នាំ ២០១០-២០១៩
ខ្ញុំ​នឹង​នាំ​ពន្លឺ​នៃ​ដំណឹង​ល្អ​ចូល​មក​គេហដ្ឋាន​ខ្ញុំ
ខែ តុលា ឆ្នាំ ២០១៦


ខ្ញុំ​នឹង​នាំ​ពន្លឺ​នៃ​ដំណឹង​ល្អ​ចូល​មក​គេហដ្ឋាន​ខ្ញុំ

យើង​អាច​នាំ​ពន្លឺ​នៃ​ដំណឹង​ល្អ​ចូល​មក​គេហដ្ឋាន សាលា​រៀន កន្លែង​ធ្វើការ​របស់​យើង ប្រសិនបើ​យើង​ស្វែងរក ហើយ​ចែកចាយ​ចំណុច​វិជ្ជមាន​អំពី​អ្នក​ដទៃ ។

ជា​ការឆ្លើយតប​ចំពោះ​ការអញ្ជើញ​របស់​ស៊ីស្ទើរ លីនដា ខេ ប៊ើតុន កាល​ពី​សន្និសីទ​ទូទៅ​ខែ​មេសា បងប្អូន​ជា​ច្រើន​នាក់​បាន​ចូលរួម​ក្នុង​ទង្វើ​ដ៏​ចេះ​គិតគូរ និង ចិត្ត​ល្អ​សប្បុរស ដោយ​បាន​ផ្តោត​ទៅ​លើ​ការបំពេញ​តម្រូវការ​របស់​ជន​ភៀសខ្លួន​នៅក្នុង​មូលដ្ឋាន​របស់​បងប្អូន ។ ចេញ​មក​ពី​កម្មវិធី​សាមញ្ញៗ​នៃ​ការខ្នះខ្នែង​របស់​បងប្អូន​ក្នុងការ​ជួយ​ដល់​សហគមន៍ ទង្វើ​ទាំង​នោះ​គឺ​ជា​លទ្ធផល​នៃ​សេចក្តីស្រឡាញ់ ។ នៅពេល​បងប្អូន​បាន​ចែក​រំលែក​ពេលវេលា ទេពកោសល្យ និង​ធនធាន​របស់​បងប្អូន​ នោះ​ដួងចិត្ត​បងប្អូន—និង​ចិត្ត​របស់​ជន​ភៀស​ខ្លួន—នោះ​មាន​ដួងចិត្ត​ជាច្រើន​ទទួល​បាន​​ការធូរ​ស្បើយ ។ ការបង្កើត​ក្តីសង្ឃឹម និង ជំនឿ ព្រមទាំង​ក្តី​ស្រឡាញ់​មាន​កាន់តែ​ច្រើន​ឡើង​រវាង​អ្នក​ទទួល និង ផ្តល់​ឲ្យ​គឺ​ជា​លទ្ធផល​ដែល​កើត​ចេញ​មក​ពី​សេចក្តីសប្បុរស​ដ៏​ពិត​ប្រាកដ ។

ព្យាការី​មរ៉ូណៃ​ប្រាប់​យើង​ថា សេចក្តីសប្បុរស​គឺ​ជា​បុគ្គលិក​លក្ខណៈ​ចាំបាច់​មួយ​នៃ​អស់​អ្នក​ដែល​នឹង​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​នៅក្នុង​នគរ​សេឡេស្ទាល ។ លោក​សរសេរ​ថា « លើក​លែង​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សប្បុរស បើ​ពុំ​នោះ​សោត​ទេ អ្នក​រាល់​គ្នា​នឹង​ពុំ​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ព្រះ​ឡើយ » ។

ប្រាកដ​ណាស់ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​អំពី​សេចក្តីសប្បុរស ។ ការ​ថ្វាយ​ព្រះទ័យ​របស់​ទ្រង់​នៅក្នុង​ជីវិត​មុន​ផែនដី ដើម្បី​ធ្វើ​ជា​ព្រះអង្គសង្គ្រោះ ទង្វើ​ប្រាស្រ័យ​ទាក់ទង​របស់​ទ្រង់​ពេញ​មួយ​ជីវិត​រមែង​ស្លាប់ អំណោយ​ដ៏​អស្ចារ្យ​នៃ​ដង្វាយធួន និង ការខ្នះខ្នែង​ជា​បន្ត​របស់​ទ្រង់​ក្នុង​ការ​នាំ​ពួក​យើង​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​យើង​វិញ​គឺ​ជា​ការបញ្ជាក់​ដ៏​ខ្លាំង​បំផុត​អំពី​សេចក្តីសប្បុរស ។ ទ្រង់​ធ្វើ​កិច្ចការ​ដោយ​ផ្តោត​ទៅ​លើ​រឿង​តែ​មួយ ៖ គឺ​ក្តីស្រឡាញ់​ចំពោះ​ព្រះវរបិតា​ទ្រង់​ដែល​បាន​បង្ហាញ​តាមរយៈ​ក្តីស្រឡាញ់​ទ្រង់​ចំពោះ​ពួកយើង​ម្នាក់ៗ ។ នៅពេល​គេ​សួរ​អំពី​ព្រះបញ្ញត្តិ​ដ៏​សំខាន់​បំផុត នោះ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​តប​ថា ៖

« ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត​អស់​ពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ។

នេះ​ជា​បញ្ញត្តិ​យ៉ាង​សំខាន់​ទី​មួយ ។

« ហើយ​បញ្ញត្តិ​ទី​ពីរ​ក៏​បែប​ដូចគ្នា​គឺ​ថា ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ។

របៀប​មួយ​ដ៏​សំខាន់​បំផុត ដែល​យើង​អាច​បង្កើន ហើយ​បង្ហាញ​ក្តីស្រឡាញ់​ចំពោះ​អ្នក​ជិតខាង​យើង​គឺ​តាមរយៈ​ការមាន​សេចក្តីសប្បុរស​ទាំង​ក្នុង​គំនិត និង ពាក្យ​សម្តី​របស់​យើង ។ ជា​ច្រើន​ឆ្នាំ​មក​ហើយ មិត្ត​ជា​ទីស្រឡាញ់​ម្នាក់​របស់​ខ្ញុំ​បាន​និយាយ​ថា « សេចក្តីសប្បុរស​ដ៏​អស្ចារ្យ​បំផុត​នោះ​គឺជា​ការមិន​វិនិច្ឆ័យ​គ្នា » ។ វា​នៅតែ​ជា​ការ​ពិត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។

ថ្មីៗ​នេះ ពេល​អាលីស្សា​អាយុ​បី​ឆ្នាំ​មើល​ខ្សែ​ភាពយន្ត​មួយ​ជាមួយ​បងប្អូន​បង្កើត​របស់​នាង នាង​បាន​និយាយ​ដោយ​ងឿង​ឆ្ងល់​ថា « ម៉ាក់ មាន់​នោះ​មើល​ទៅ​ចម្លែក​ណាស់ ! »

ម្តាយ​នាង​បាន​មើល​ទៅ​កញ្ចក់​ទូរទស្សន៍ ហើយ​ឆ្លើយ​ទាំង​ញញឹម​ថា « កូន​សម្លាញ់ នោះ​គឺ​ជា​សត្វ​ក្ងោក​ទេ » ។

ជួនកាល​យើង​ដូច​ជា​ក្មេង​អាយុ​បី​ឆ្នាំ​នោះ​ដែរ ពុំ​ទាន់​ស្គាល់​អ្វី​ច្រើន​ឡើយ យើង​មើល​មនុស្ស​ដទៃ​ដោយ​ពុំ​យល់​ពី​ពួកគេ​ទាំងស្រុង ឬ ច្បាស់លាស់​ឡើយ ។ យើង​អាច​ផ្តោតលើ​ភាពខុសគ្នា និង កំហុស​នានា​ដែល​មនុស្ស​នៅជុំ​វិញ​យើង​មាន ចំណែក​ឯ​ព្រះវរបិតាសួគ៌​យើង​ទត​ឃើញ​កូនចៅ​ទ្រង់ ដែល​ទ្រង់​បាន​បង្កើត​ឡើង​តាម​រូប​អង្គ​ទ្រង់​ដ៏​អស់កល្ប​ថា​មាន​សក្តានុពល​ដ៏​អស្ចារ្យ និង​ដ៏​រុងរឿង ។

យើង​ចាំ​ប្រសាសន៍​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត​ថា « កាល​ណា​ខ្ញុំ​កាន់តែ​ចាស់ នោះ​ខ្ញុំ​វិនិច្ឆ័យ​គេ​កាន់តែ​តិច » ។ ប្រសាសន៍​នេះ​រំឭក​ខ្ញុំ​អំពី​ការបង្រៀន​របស់​សាវក​ប៉ុល ៖

« កាល​ដែល​ខ្ញុំ​នៅ​ក្មេង​នៅ​ឡើយ នោះ​ខ្ញុំ​បាន​និយាយ​ដូច​ជា​កូន​ក្មេង ក៏​មាន​គំនិត​ដូច​ជា​កូន​ក្មេង ហើយ​បាន​ពិចារណា ដូច​ជា​កូន​ក្មេង​ដែរ លុះ​កាល​ខ្ញុំ [ កាន់តែ​ចាស់ ] ហើយ នោះ​ខ្ញុំ​បាន​លះ​ចោល​ការ​របស់​កូន​ក្មេង​ចេញ​ទៅ ។

« ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​ដោយសារ​កញ្ចក់ តែ​នៅ​វេលា​នោះ នឹង​ឃើញ​មុខ​ទល់​នឹង​មុខ ឥឡូវ​នេះ ខ្ញុំ​ស្គាល់​មិន​ទាន់​អស់ តែ​នៅ​វេលា​នោះ ខ្ញុំ​នឹង​ស្គាល់​វិញ ដូច​ជា​ព្រះ​ទ្រង់​ស្គាល់​ខ្ញុំ​ដែរ » ។

នៅពេល​យើង​មើល​ឃើញ​ពី​ភាព​មិន​ល្អ​ឥតខ្ចោះ​របស់​យើង​កាន់តែ​ច្បាស់ នោះ​យើង​មើល​អ្នក​ដទៃ​តាម « បែប​ស្រអាប់ ដូច​ជា​ដោយសារ​កញ្ចក់ » កាន់តែ​តិច ។ យើង​ចង់​ប្រើ​ពន្លឺ​នៃ​ដំណឹងល្អ ដើម្បី​មើល​អ្នក​ដទៃ​ដូចជា​ព្រះអង្គសង្គ្រោះ​ទ្រង់​ទត​ឃើញ​ពួកគេ—ដោយ​ក្តីអាណិតអាសូរ ក្តីសង្ឃឹម និង ក្តីសប្បុរស ។ ថ្ងៃ​នោះ​នឹង​កើត​មាន​ឡើង ពេល​យើង​នឹង​មាន​ការយល់​ចិត្ត​អ្នក​ដទៃ​ទាំង​ស្រុង ហើយ​នឹង​មាន​អំណរគុណ​ចំពោះ​សេចក្តីមេត្តា​ដែល​បាន​ប្រទាន​ដល់​យើង—គឺ​ដូច​ជា​យើង​ផ្តល់​គំនិត និង ពាក្យ​សម្តី​ដោយ​សេចក្តីសប្បុរស​ដល់​អ្នក​ដទៃ​អំឡុង​ពេល​នៃ​ជីវិត​នេះ ។

ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​ទៅ​ជិះ​ទូក​ជាមួយ​យុវនារី​មួយ​ក្រុម ។ បឹង​នោះ​មាន​ទឹក​ថ្លា​ឆ្វង់​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​រុក្ខជាតិ​បៃតង កូន​ភ្នំ​ដែល​មាន​ព្រៃ​ក្រាស់ និង ចំណោត​ភ្នំ​ដែល​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល ។ ពេល​យើង​យក​ច្រវ៉ា​អុំ​ទូក លើ​ទឹក​ថ្លា​ឆ្វង់​នោះ ព្រះអាទិត្យ​បាន​បញ្ចេញ​ពន្លឺ​ដ៏​កក់ក្តៅ ពេល​យើង​អុំទូក​កាត់​បឹង​នោះ ។

ប៉ុន្តែ​ភ្លាម​នោះ​មេឃ​បាន​ប្រែជា​ងងឹត ហើយ​ខ្យល់​ដ៏​ខ្លាំង​បាន​ចាប់ផ្តើម​បោកបក់ ។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​មុខ​បាន​ខ្លះៗ យើង​ត្រូវ​អុំ​ដោយ​ឥត​ឈប់​ដៃ​ឡើយ ។ បន្ទាប់​ពី​បាន​ខំ​អុំ​យ៉ាង​ហត់នឿយ​អស់​ពីរបី​ម៉ោង​មក ទីបំផុត​យើង​បាន​បត់​ក្ដោង​ទូក​នៅ​លើ​បឹង​ដ៏​ធំ​នោះ ហើយ​បាន​ដឹង​ដោយ​ក្តី​អស្ចារ្យ និង រីករាយ​ថា​ខ្យល់​កំពុង​បក់​ស្រប​ទិស​ដែល​យើង​ចង់​ទៅ ។

រំពេច​នោះ យើង​បាន​ឆ្លៀត​យក​ប្រយោជន៍​ពី​វា ។ យើង​បាន​ទាញ​តង់​តូច​មួយ​មក ហើយ​ចង​ជាយ​ទាំង​ពីរ​របស់​វា​ទៅ​នឹង​ដង​ច្រវា ហើយ​ជាយ​ផ្សេង​ទៀត​ចង​ទៅ​នឹង​ជើង​របស់​ស្វាមី​ខ្ញុំ ដែល​គាត់​បាន​កន្ធែក​ជើង​ជាន់​លើ​គែម​ទូក ។ ខ្យល់​បាន​បក់​ប៉ះ​ក្តោង​ទូក​ដែល​យើង​ទើប​ច្នៃ​នោះ ទូក​យើង​បាន​ទៅ​មុខ​យ៉ាង​លឿន !

ពេល​ក្រុម​យុវនារី​នៅ​លើ​ទូក​ផ្សេង​ទៀត​បាន​ឃើញ ថា​ទូក​យើង​បាន​ទៅ​មុខ​យ៉ាង​ស្រួល​បែប​នោះ ពួកគេ​បាន​ច្នៃ​ធ្វើ​ក្តោង​ទូក​របស់​ខ្លួន​ភ្លាម​ដែរ ។ យើង​បាន​ធូរ​ចិត្ត​ហើយ​សើច​ដោយ​ក្តី​រីករាយ យើង​មាន​អំណរគុណ​ដែល​បាន​រួច​ផុត​ពី​បញ្ហា​នា​ថ្ងៃ​នោះ ។

ដូច​ជា​ខ្យល់​ដ៏​អស្ចារ្យ​នោះ​ដែរ ពេល​យើង​ពុះពារ​នឹង​បញ្ហា​ជីវិត​នេះ ការសរសើរ​ពី​មិត្តភក្តិ ការស្វាគមន៍​ដោយ​ក្តី​រីករាយ​ពី​ឪពុក​ម្តាយ ការងក់ក្បាល​យល់ស្រប​ពី​បងប្អូន​បង្កើត ឬ ស្នាម​ញញឹម​ដ៏​មាន​ឥទ្ធិពល​មកពី​មិត្ត​រួមការងារ ឬ មិត្ត​រួម​ថ្នាក់ ផ្តល់​អារម្មណ៍​ធូរ​ស្បើយ​ដល់​យើង​គឺ​ដូច « ខ្យល់​ដែល​បក់​ក្តោង​ទូក​យើង » ឲ្យ​ទៅមុខ​ដែរ ! ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ថ្លែង​អំពី​គោលការណ៍​នេះ​ថា ៖ « យើង​មិន​អាច​បញ្ជា​ខ្យល់​បាន​ទេ ប៉ុន្តែ​យើង​អាច​បង្វែរ​ក្ដោង​ទូក​បាន ។ ដើម្បី​បាន​សុភមង្គល ភាពសុខសាន្ត និង ភាពសុខដុម​រមនា​ជា​អតិបរិមា សូម​ឲ្យ​យើង ជ្រើសរើស ឥរិយាបទ​ដ៏​វិជ្ជមាន​មួយ » ។

ពាក្យ​សម្តី​មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាស់ ទាំង​លើក​ស្ទួយ​ទឹក​ចិត្ត និង បំបាក់​ទឹកចិត្ត ។ យើង​ទាំងអស់​គ្នា​ប្រហែល​ជា​ចាំ​ពាក្យ​សម្តី​អាក្រក់ៗ ដែល​បំបាក់​ទឹកចិត្ត​យើង និង ពាក្យ​សម្តី​ដែល​បាន​និយាយ​ដោយ​ក្តីស្រឡាញ់​ផ្សេង​ទៀត ដែល​បាន​លើក​ស្ទួយ​វិញ្ញាណ​យើង​ឡើង ។ សូម​ជ្រើសយក​តែ​ការនិយាយ—និង ពាក្យ​សម្តី—ណា​ដែល​លើក​ស្ទួយ ព្រមទាំង​ពង្រឹង​ដល់​អ្នកដទៃ​ដែល​នៅ​ជុំ​វិញ​យើង ហើយ​ជួយ​ពួកគេ​ឲ្យ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គសង្គ្រោះ ។

រូបភាព
ក្រណាត់​ប៉ាក់​នៃ​ឃ្លា « ខ្ញុំ​នឹង​នាំ​ពន្លឺ​នៃ​ដំណឹង​ល្អ​ចូល​មក​គេហដ្ឋាន​ខ្ញុំ »

កាល​ពី​ក្មេង ខ្ញុំ​ព្យាយាម​ប៉ាក់​អក្សរ​ថា « ខ្ញុំ​នឹង​នាំ​ពន្លឺ​នៃ​ដំណឹង​ល្អ​ចូល​មក​គេហដ្ឋាន​ខ្ញុំ » នៅលើ​ក្រណាត់​មួយ​ផ្ទាំង ។ នា​រសៀល​ថ្ងៃ​មួយ កាល​ពួកយើង​កំពុង​ប៉ាក់​ក្រណាត់​នោះ គ្រូបង្រៀន​របស់​យើង​បាន​និទាន​រឿង​ប្រាប់​ពួកយើង​អំពី​ក្មេង​ស្រី​ម្នាក់​ដែល​រស់នៅ​លើ​កូន​ភ្នំ​មួយ​នា​ជ្រលង​ភ្នំ​ម្ខាង​ទៀត ។ រៀងរាល់​ថ្ងៃ​បាក់​រសៀល ក្មេង​ស្រី​នោះ​បាន​ឃើញ​ផ្ទះ​មួយ​មាន​ពន្លឺ​ចាំង​តាម​បង្អួច​ពណ៌​មាស​នៅ​លើ​កូន​ភ្នំ​នា​ជ្រលង​ភ្នំ​ម្ខាង​ទៀត ។ ផ្ទះ​នាង​តូច ហើយ​ចាស់​ពុកផុយ ហើយ​ក្មេង​ស្រី​នោះ​ស្រមៃ​ចង់​រស់នៅ​ក្នុង​ផ្ទះ​ដែល​មាន​បង្អួច​ពណ៌​មាស​ដ៏​ស្រស់​ស្អាត​នោះ ។

ថ្ងៃ​មួយ​ក្មេងស្រី​នោះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ជិះ​កង់​កាត់​ជ្រលង​ភ្នំ​នោះ ។ នាង​បាន​ខំ​ធាក់​កង់​រហូត​ដល់​នាង​បាន​ទៅ​ដល់​ផ្ទះ​ដែល​មាន​បង្អូច​ពណ៌​មាស ដែល​នាង​បាន​ពេញ​ចិត្ត​ជា​យូរ​មក​ហើយ​នោះ ។ ប៉ុន្តែ​កាល​នាង​បាន​ចុះ​ពី​លើ​កង់ នាង​បាន​ឃើញ​ថា ផ្ទះ​នោះ​គឺ​ជា​ផ្ទះ​ដែល​គេ​បោះបង់​ចោល ហើយ​ចាស់​ទ្រុឌទ្រោម ដោយ​មាន​ដើម​ឈើ​ខ្ពស់​មួយ​ដុះ​ចំ​ហោណ័ង បង្អួច​បាក់​បែក ​ហើយ​កខ្វក់​នោះ ។ ក្មេងស្រី​នោះ​បាន​ងាក​ទៅ​មើល​ផ្ទះ​របស់​នាង​វិញ​ទាំង​ខក​ចិត្ត ។ ដោយ​ក្តី​ភ្ញាក់ផ្អើល នាង​បាន​ឃើញ​ផ្ទះ​មួយ​មាន​ពន្លឺ​ចាំង​តាម​បង្អួច​ពណ៌​មាស​នៅ​លើ​កូនភ្នំ​នា​ជ្រលង​ភ្នំ​ម្ខាង​ទៀត ហើយ​រំពេច​នោះ​នាង​បាន​ដឹង​ថា​នោះ​គឺ​ជា​ផ្ទះ​របស់​នាង !

ជួលកាល​យើង​ដូច​ជា​ក្មេង​ស្រី​នេះ​ដែរ យើង​មើល​ទៅ​អ្នក​ដទៃ ឬ អ្វី​ដែល​គេ​មាន ហើយ​យើង​មាន​អារម្មណ៍​ថា​យើង​អន់​ជាង​គេ ។ យើង​បាន​ផ្តោត​ចិត្ត​ទៅលើ​ជីវិត​ដែល​បង្ហាញ​ដូច​មាន​ក្នុង​កម្មវិធី Pinterest ឬ Instagram ឬ ត្រូវបាន​ទាក់ទាញ​ដោយ​ជក់ចិត្ត​យ៉ាង​ខ្លាំង​ទៅលើ​ការប្រកួតប្រជែង​នៅ​សាលា ឬ នៅ​កន្លែង​ធ្វើ​ការ​របស់​យើង ។ ប៉ុន្តែ​នៅពេល​យើង​ចំណាយ​ពេល​បន្តិច​ដើម្បី « រាប់​ព្រះពរ​ដ៏​ច្រើន [ របស់​យើង ] » នោះ​យើង​ឃើញ​ទស្សនវិស័យ​កាន់​តែ​ពិត ហើយ​ទទួល​ស្គាល់​ភាពល្អ​នៃ​ព្រះ​ចំពោះ​កូនចៅ ទាំងអស់ របស់​ទ្រង់ ។

មិនថា​យើង​នៅ​ផ្ទះ​ជាន់​ទី ៨ ឬ ១០៨ នោះ​ទេ យើង​អាច​នាំ​ពន្លឺ​នៃ​ដំណឹង​ល្អ​ចូល​មក​ក្នុង​បរិយាកាស​ផ្ទាល់​ខ្លួន​របស់​យើង ទោះ​ជា​អគារ​ខ្ពស់​បំផុត​នៅក្នុង​ទីក្រុង​ម៉ាន់ហាថាន់ ផ្ទះ​សង់​លើ​សសរ​បង្គោល​នៅ​ប្រទេស​ម៉ាឡេស៊ី ឬ តង់​ដ៏​ធំ​នៅក្នុង​ប្រទេស​ម៉ុងហ្គោលី​ក្តី ។ យើង​អាច​ជ្រើស​រកមើល​ចំណុច​ល្អ​ពី​អ្នក​ដទៃ និង ក្នុង​ស្ថានភាព​នានា​ដែល​នៅ​ជុំ​វិញ​យើង ។ យុវនារី និង ស្ត្រី​វ័យ​ចំណាស់​នៅ​គ្រប់​ទិសទី អាច​បង្ហាញ​ក្តីសប្បុរស នៅពេល​ពួកគេ​ជ្រើស​រើស​ប្រើ​ពាក្យសម្តី​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​ទំនុកចិត្ត និង ជំនឿ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​ប្រាប់​រឿង​មួយ​អំពី​យុវជន​ម្នាក់​ដែល​ត្រូវបាន​មិត្តភក្តិ​គាត់​ចំអន់​លេង​សើច​កាល​គាត់​នៅ​រៀន ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក គាត់​បាន​ប្តូរ​លំនៅ​ទៅ​ឆ្ងាយ បាន​ចូល​បម្រើ​កងទ័ព ទទួល​ការអប់រំ ហើយ​សកម្ម​ក្នុង​សាសនាចក្រ ។ ក្នុង​អំឡុង​ពេល​នោះ ជីវិត​របស់​គាត់​បាន​ពោរពេញ​ដោយ​បទពិសោធន៍​ជោគជ័យ​ដ៏​អស្ចារ្យៗ​ជាច្រើន ។

ច្រើន​ឆ្នាំ​ក្រោយ​មក​ទៀត គាត់​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​គាត់​វិញ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មនុស្ស​ទាំង​នោះ​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ការរីកចម្រើន និង ការផ្លាស់ប្តូរ​របស់​គាត់​ឡើយ ។ ពួកគេ​យល់​ថា គាត់​នៅ​តែ​ជា « មនុស្ស​ដដែល » ហើយ​ពួកគេ​នៅ​តែ​ធ្វើ​ដាក់​គាត់​ដូច​មុន​ដដែល ។ ទីបំផុត បុរស​ដ៏​ល្អ​ម្នាក់​នោះ បាន​បាត់បង់​ភាពជោគជ័យ​ដែល​គាត់​ធ្លាប់​មាន​ស្ទើរតែ​ទាំងស្រុង ដោយ​ពុំ​អាច​ប្រើ​ទេពកោសល្យ​ដ៏​អស្ចារ្យ ដែល​គាត់​បាន​អភិវឌ្ឍ​នោះ ដើម្បី​ប្រទាន​ពរ​ដល់​អ្នក​ដែល​ចំអក និង បដិសេធ​គាត់​ជា​ថ្មី​នោះ​បាន​ឡើយ ។១០ ឱ​នោះ​ជា​រឿង​សោកសៅ​អ្វី​ម៉្លេះ​ចំពោះ​គាត់ និង សហគមន៍​នោះ !

សាវក​ពេត្រុស​បាន​បង្រៀន​ថា « មុន​ដំបូង​បង្អស់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត » ។១១ សេចក្តី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត មាន​ន័យ​ថា « សប្បុរស​ឲ្យ​អស់​ពី​ដួងចិត្ត » ត្រូវបាន​បង្ហាញ​តាមរយៈ​ការបំភ្លេច​នូវ​ការខុស​ឆ្គង និង កំហុស​របស់​អ្នក​ដទៃ ជាជាង​បន្ត​គុំគួន ឬ រំឭក​ពី​ភាពមិន​ល្អ​ឥតខ្ចោះ​កាល​ពី​អតីតកាល​របស់​យើង និង​របស់​អ្នក​ដទៃ ។

កាតព្វកិច្ច និង ឯកសិទ្ធិ​របស់​យើង​គឺ​ត្រូវ​ទទួល​យក​ការរីកចម្រើន​នៅក្នុង​ខ្លួន​ មនុស្ស​គ្រប់​រូប ពេល​យើង​ព្យាយាម​ក្លាយ​ឲ្យ​ដូច​ជា​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ។ ឱ​វា​ជា​ក្តី​រំភើប​អ្វី​ម៉្លេះ ពេល​ឃើញ​ពន្លឺ​នៅក្នុង​កែវ​ភ្នែក​របស់​មនុស្ស​ម្នាក់ ដែល​បាន​ស្គាល់​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​កំពុង​ធ្វើ​ការផ្លាស់ប្តូរ​ពិតប្រាកដ​នៅក្នុង​ជីវិត​របស់​ពួក​គេ​នោះ ! អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​មាន​បទពិសោធន៍​នៃ​អំណរ ពេល​បាន​ឃើញ​អ្នក​ប្រែចិត្ត​ជឿ​ចុះ​ទៅក្នុង​ទឹក​នៃ​បុណ្យ​ជ្រមុជ ហើយ​ក្រោយ​មក​ចូល​ព្រះវិហារ​បរិសុទ្ធ គឺ​ជា​សាក្សី​នៃ​ពរជ័យ​នៃ​ការអនុញ្ញាត​—និង ការលើក​ទឹកចិត្ត—ដល់​មនុស្ស​ដទៃ​ឲ្យ​ផ្លាស់ប្តូរ ។ សមាជិក​ដែល​ស្វាគមន៍​អ្នក​ប្រែចិត្ត​ជឿ ដោយ​ចាត់ទុក​ថា​ពួកគេ​ជា​មនុស្ស​អស្ចារ្យ​ចូល​ក្នុង​នគរ​ព្រះ រកឃើញ​សេចក្តីពេញ​ចិត្ត​ក្នុង​ការជួយ​ពួកគេ​ឲ្យ​មាន​អាម្មរណ៍​នៃ​ក្តីស្រឡាញ់​របស់​ព្រះអម្ចាស់ ។ ភាពអស្ចារ្យ​បំផុត​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ភាពពិត​នៃ​ការរីកចម្រើន​អស់កល្ប—យើង​ពុំ​គ្រាន់តែ អនុញ្ញាត​ឲ្យ​ មាន​ការផ្លាស់ប្តូរ​កាន់តែ​ប្រសើរ​ឡើយ ប៉ុន្តែ​ថែម​ទាំង​ត្រូវបាន​លើក​ទឹកចិត្ត ហើយ​ត្រូវបាន បង្គាប់ ឲ្យ​បន្ត​ព្យាយាម​កែលម្អ​ខ្លួន ហើយ​ទីបំផុត​នឹង​ទទួល​បាន​ភាព​ល្អ​ឥតខ្ចោះ ។

ប្រធាន ថូម៉ាស អេស ម៉នសុន​បាន​ទូន្មាន​ថា ៖ « បងប្អូន​ទាំងអស់​គ្នា​អាច​បង្ហាញ​នូវ​សេចក្តីសប្បុរស​តាម​របៀប​តូចៗ​ជាច្រើន ។ …ជាជាង​វិនិច្ឆ័យ [ ឬ ] រិះគន់ [ គ្នា ] ចូរ​យើង​មាន​សេចក្តីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ​ចំពោះ​បងប្អូន​យើង​ដែល​រួម​ដំណើរ​ជាមួយ​គ្នា​ក្នុង​ជីវិត​នេះ ។ ចូរ​យើង​ទទួល​ស្គាល់​ថា មនុស្ស​ម្នាក់ៗ​កំពុង​ប្រឹងប្រែង​អស់​ពី​សមត្ថភាព [ ខ្លួន ] ដើម្បី​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដែល​កើត​មាន​ចំពោះ [ ពួកគេ ] ហើយ​សូម​ឲ្យ យើង ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ពួកគេ » ។១២

ក្នុង​ន័យ​វិជ្ជមាន​មនុស្ស​មាន​ចិត្ត​សប្បុរស​គឺ​ចេះ​អត់ធ្មត់ ចិត្ត​ល្អ ហើយ​រីករាយ ។ មនុស្ស​មាន​ចិត្ត​សប្បុរស​គិត​ពី​មនុស្ស​ដទៃ​មុន អនុវត្ត​ការគ្រប់គ្រង​ខ្លួន រកមើល​ចំណុច​ល្អ​ពី​អ្នក​ដទៃ ហើយ​រីករាយ​នៅពេល​នរណា​ម្នាក់​មាន​ជោគជ័យ ។១៣

ក្នុង​នាម​ជា​បងប្អូន​ស្រី ( និង បងប្អូន​ប្រុស ) នៅក្នុង​ស៊ីយ៉ូន តើ​យើង​នឹង​តាំងចិត្ត​« រួបរួម សាមគ្គី … ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ទន់ភ្លន់ ហើយ​គិតគូរ ចូរ​សប្បាយ​ហើយ​ជួយ​នៅក្នុង [ ព្រះអង្គ​សង្គ្រោះ ] ដែរ​ឬ​ទេ ? »១៤ ដោយ​ក្តីស្រឡាញ់ និង ក្តីសង្ឃឹម​ដ៏​ច្រើន តើ​យើង​អាច​ស្វែងរក ហើយ​ទទួល​យក​លក្ខណៈ​ល្អៗ​របស់​អ្នក​ដទៃ ដើម្បី​អនុញ្ញាត និង លើក​ទឹកចិត្ត​ឲ្យ​មាន​ការរីកចម្រើន​ដែរ​ឬ​ទេ ? តើ​យើង​អាច​រីករាយ​ចំពោះ​ជោគជ័យ​របស់​អ្នក​ដទៃ ខណៈ​ដែល​យើង​កំពុង​បន្ត​កែលម្អ​ខ្លួន​យើង​ដែរ​ឬ​ទេ ?

ប្រាកដ​ណាស់​យើង អាច នាំ​ពន្លឺ​នៃ​ដំណឹង​ល្អ​ចូល​មក​គេហដ្ឋាន សាលា​រៀន កន្លែង​ធ្វើការ​របស់​យើង ប្រសិនបើ​យើង​ស្វែងរក ហើយ​ចែកចាយ​ចំណុច​វិជ្ជមាន​អំពី​អ្នក​ដទៃ ហើយ​កុំ​ផ្តោត​ទៅ​លើ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​នោះ ។ ឱ​ខ្ញុំ​មាន​អំណរគុណ​ពេញ​ដួងចិត្ត​អ្វី​ម៉្លេះ​ទេ ! ពេល​ខ្ញុំ​គិត​អំពី​ការប្រែចិត្ត​ដែល​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ បាន​ផ្តល់​ដល់​យើង​ទាំងអស់​គ្នា ដែល​ជា​មនុស្ស​មាន​អំពើ​បាប​ដោយ​ចៀស​ពុំ​រួច នៅក្នុង​ពិភពលោក​មិន​ល្អ​ឥតខ្ចោះ និង លំបាក​នេះ !

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពេល​យើង​ធ្វើ​តាម​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​របស់​ទ្រង់ នោះ​យើង​អាច​ទទួល​បាន​អំណាយ​ទាន​នៃ​សេចក្តីសប្បុរស ដែល​នឹង​នាំ​អំណរ​ដ៏​មហិមា​ដល់​យើង​នៅក្នុង​ជីវិត​នេះ និង ពរជ័យ​នៃ​ជីវិត​អស់កល្ប​ដែល​បាន​សន្យា​ដើម្បី​រស់នៅ​ជាមួយ​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល​លីនដា ខេ ប៊ើតុន « I Was a Stranger » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១៣–១៥ ។

  2. មរ៉ូណៃ ១០:២១ 

  3. ម៉ាថាយ ២២:៣៧-៣៩ ។

  4. Sandra Rogers« Hearts Knit Together » នៅក្នុង Hearts Knit Together ៖ សុន្ទរកថា​ដកស្រង់​ពី​សន្និសីទ​ស្ត្រី​ឆ្នាំ ១៩៩៥ ( ឆ្នាំ ១៩៩៦ ) ទំព័រ ៧ ។

  5. ជែមស៍ អ៊ី ហ្វោស្ត នៅក្នុង ដាល្លិន អេក អូក « ‹ Judge Not › and Judging » Ensign ខែ សីហា ឆ្នាំ ១៩៩៩ ទំព័រ ១៣ ។

  6.  កូរិនថូសទី ១ ១៣:១១–១២ ។

  7. ថូម៉ាស អេស ម៉នសុន « Living the Abundant Life » Liahona ខែ មករា ឆ្នាំ ២០១២ ទំព័រ ៤ ។

  8. កែសម្រួល​ចេញ​មក​ពី Laura E. Richards, The Golden Windows: A Book of Fables for Young and Old ( ឆ្នា ១៩៣០ ) ទំព័រ ១–៦ ។

  9. « ចូរ​រាប់ព្រះពរ » ទំនុកតម្កើង លេខ ១៥០ ។

  10. សូមមើល ជែហ្វ្រី អ័រ ហូឡិន « The Best Is Yet to Be » Liahona ខែ មករា ឆ្នាំ ២០១០ ទំព័រ ១៨–១៩ ។

  11.  ពេត្រុសទី ១ ៤:៨ ។

  12. ថូម៉ាស អេស ម៉នសុន « Charity Never Faileth » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៥ ។

  13. សូមមើល កូរិនថូសទី ១ ១៣:៤–៦ ។

  14. « ជា​បងប្អូន​ស្រី​ស៊ីយ៉ូន » ទំនុកតម្កើង លេខ ១៩៦ ការ​គូស​បញ្ជាក់​បាន​បន្ថែម ។