ឆ្នាំ ២០១០-២០១៩
ប្រយោជន៍​ឲ្យ​អ្នក​នោះ​អាច​ត្រឡប់​​ជា​មាន​កម្លាំង​ខ្លាំង​ឡើង​ដែរ
ខែ តុលា ឆ្នាំ ២០១៦


ប្រយោជន៍​ឲ្យ​អ្នក​នោះ​អាច​ត្រឡប់​​ជា​មាន​កម្លាំង​ខ្លាំង​ឡើង​ដែរ

ខ្ញុំ​សូម​អធិស្ឋាន​ថា ​យើង​នឹងបំពេញ​ការ​ហៅ​របស់​យើង​ដើម្បី​លើក​ស្ទូយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការ​បម្រើ​ដ៏​រុង​រឿង​របស់ពួកគេ ។

កាល​ខ្ញុំ​បាន​ចូលរួម​ការ​ប្រជុំ​នេះ​ជាមួយ​នឹងពួក​អ្នក​កាន់​បព្វជិតភាព​នៃ​ព្រះ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ពរ​ណាស់ ។ ការ​លះបង់ សេចក្ដី​ជំនឿ និង​ការ​បម្រើ​ដ៏​ឥត​សំចៃនៃក្រុម​បុរស និង​យុវជន​នេះគឺជា​អព្ភូតហេតុ​សម័យ​ទំនើប​មួយ ។ នា​រាត្រី​នេះ ខ្ញុំ​និយាយ​ទៅ​កាន់​ពួក​អ្នក​កាន់​បព្វជិតភាព ទាំង​ចាស់ ទាំង​ក្មេង ដែល​បាន​សាមគ្គី​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដ៏​អស់​ពីដួង​ចិត្ត​ចំពោះ​ព្រះអម្ចាស់ យេស៊ូវ​គ្រីស្ទ ។

ព្រះអម្ចាស់​ប្រទាន​ព្រះចេស្ដា​ទ្រង់​ដល់​ពួក​អ្នក​កាន់​បព្វជិតភាព​គ្រប់​ជាន់ថ្នាក់​ដែល​បម្រើ​ដោយ​សក្ដិសម​នៅ​ក្នុង​កាតព្វកិច្ច​បព្វជិតភាព​របស់​ខ្លួន ។

លោក​ វិលហ្វូឌ វូឌដ្រុព្វ ជា​ប្រធាន​នៃ​សាសនាចក្រ បាន​ពិពណ៌នាអំ​ពី​បទពិសោធន៍​របស់​លោក​នៅ​ក្នុង​តំណែង​នៃបព្វជិតភាព ៖

« ខ្ញុំ​បាន​ស្ដាប់​ឮ​ទេសនកថា​ជា​លើក​ដំបូង ​ដែល​ខ្ញុំ​ពុំ​ធ្លាប់​ស្តាប់​ពី​មុន​មកនៅ​ក្នុង​សាសនាចក្រ​នេះ​ ។ ថ្ងៃ​ស្អែក​ឡើងខ្ញុំ​បាន​ជ្រមុជទឹក ។ … ខ្ញុំ​ត្រូវ​បាន​តែង​តាំង​ជា​ថ្នាក់​គ្រូ ។ រំពេច​នោះ បេសកកម្ម​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម ។ … ខ្ញុំ​បាន​ឆ្លង​កាត់​បេសកកម្ម​នោះ​ក្នុង​នាម​ជា​គ្រូ ។ …ខ្ញុំ​ត្រូវ​បាន​តែង​តាំង​ជា​សង្ឃ​នៅ​ឯសន្និសីទ ។ … បន្ទាប់​ពី​ខ្ញុំ​ត្រូវ​បាន​តែង​តាំង​ជា​សង្ឃ​មក ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ឲ្យ​…ទៅ​ធ្វើ​បេសកកម្ម​មួយនៅ​ភាគ​ខាង​ត្បូង​នៃប្រទេស ។ ពេល​នោះ​ជា​រដូវ​ស្លឹក​ឈើ​ជ្រុះ​នា​ឆ្នាំ ១៨៣៤ ។ ខ្ញុំ​មាន​ដៃ​គូ​ម្នាក់​នៅ​ជាមួយ​ខ្ញុំ ហើយ​យើង​បាន​ចាប់ផ្ដើម​ដោយ​គ្មាន​កាបូប និង​យាម​ឡើយ ។ ខ្ញុំ​បាន​ធ្វើ​ដំណើរតែម្នាក់​ឯង​លើ​ចម្ងាយ​ផ្លូវ​យ៉ាង​ឆ្ងាយ​ដើម្បី​ប្រកាស​ដំណឹងល្អ ហើយ​ខ្ញុំ​បាន​ជ្រមុជទឹក​មនុស្ស​ជាច្រើន ដែល​ខ្ញុំ​ពុំ​អាច​ធ្វើ​ពិធី​បញ្ជាក់​ឲ្យ​បាន ដោយសារខ្ញុំ​គ្រាន់​តែ​ជា​សង្ឃ ។ … ខ្ញុំ​បាន​ធ្វើ​ដំណើរ​អស់​មួយ​រយៈដើម្បី​ប្រកាស​ដំណឹងល្អ​ពី​មុន​បាន​តែង​តាំង​ជា​អែលឌើរ ។ …

« [ ឥឡូវនេះ ] ខ្ញុំ​បាន​ក្លាយ​ជា​សមាជិក​ម្នាក់​នៃ​ពួក​សាវក​ទាំង​ដប់​ពីរ​នាក់អស់​រយៈពេល​ហាសិប​បួន​ឆ្នាំ​ហើយ ។ ឥឡូវ​នេះ ខ្ញុំ​បាន​ធ្វើ​ដំណើរជាមួយ​នឹង​កូរ៉ុម​នោះ និង​កូរ៉ុម​ផ្សេង​ទៀត​អស់​រយៈពេល ហុក​សិប​ឆ្នាំ ហើយ​ខ្ញុំ​ចង់​និយាយ​ទៅ​ក្រុម​ជំនុំ​នេះ​ថា ខ្ញុំ​មាន​ការ​គាំទ្រ​នៅ​ក្នុង​កម្រិត​ដូចគ្នា​នៃ​ព្រះចេស្ដា​នៃ​ព្រះ កាល​ខ្ញុំមាន​តំណែង​ជា​គ្រូ ហើយ​ជា​ពិសេស​ កាល​ខ្ញុំ​ធ្វើ​កិច្ចការ​របស់​ព្រះ​ក្នុង​នាម​ជា​សង្ឃ និង​ពេល​ខ្ញុំ​ធ្វើ​ជា​សាវក ។ គ្មាន​ភាព​ខុស​គ្នា​នៅ​ក្នុង​រឿង​នេះ​ឡើយ ដរាប​ណា​យើង​ធ្វើ​កាតព្វកិច្ច​របស់​យើង » ។

លទ្ធភាព​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​នៃ​ភាពដូចគ្នា​នេះត្រូវ​បាន​ណែនាំ​នៅ​ក្នុង​ការ​ពិពណ៌នា​របស់​ព្រះអម្ចាស់​អំពី​បព្វជិតភាព​អើរ៉ុន​ថា​ជា « ការ​បន្តោង​បញ្ជាប់ »​ នៃ​បព្វជិតភាព​មិល​គីស្សាដែក ។ ពាក្យ​ ការ​បន្តោង​បញ្ជាប់ មាន​ន័យ​ថា វត្ថុពីរ​តភ្ជាប់​គ្នា ។ ការ​តភ្ជាប់​នេះ​មាន​សារៈសំខាន់​ចំពោះ​បព្វជិតភាព​ដើម្បី​ក្លាយ​ជា​កម្លាំង និង​ពរជ័យ​ដែល​អាច​កើត​មាន​នៅ​ក្នុង​ពិភពលោក​នេះ និង​ជា​រៀង​រហូត ដ្បិត​វា​ « គ្មាន​ទីចាប់ផ្ដើម ឬ​​ឆ្នាំ​បញ្ចប់​ឡើយ » ។

ការ​តភ្ជាប់​នេះ​គឺជា​រឿង​មួយ​សាមញ្ញ ។ បព្វជិតភាពអើរ៉ុន​រៀបចំ​យុវជនសម្រាប់​ការ​ទុកចិត្តមួយ​កាន់​តែ​ពិសិដ្ឋ ។

« អំណាច និង​សិទ្ធិ​អំណាច​នៃ​របស់​ខ្ពស់​ជាង ឬ​បព្វជិតភាព​មិលគីស្សាដែក គឺ​ត្រូវ​កាន់​កូន​សោ​ទាំង​ឡាយ​នៃ​អស់​ទាំង​ព្រះ​ពរ​ខាង​វិញ្ញាណ​នៅ​ក្នុង​សាសនាចក្រ —

« ដើម្បី​មាន​ឯកសិទ្ធិ​ក្នុង​ការ​ទទួល​យកសេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​នគរ​ស្ថាន​សួគ៌ ដើម្បី​ឲ្យ​ស្ថាន​សួគ៌​បាន​បើកចំហ​ចំពោះ​ពួក​គេ ដើម្បី​ទាក់​ទង​ជាមួយ​នឹង​ជំនុំ​ទូ​ទៅ និង​សាសនាចក្រ​នៃ​កូន​ច្បង ហើយ​ដើម្បី​ត្រេកអរ​ចំពោះ​សេចក្ដី​រួបរួម​គ្នា និង​វត្ត​មាន​នៃ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា និង​ព្រះ​យេស៊ូវ​ដ៏​ជាអ្នក​កណ្ដាល​នៃ​សេចក្ដី​សញ្ញា​ថ្មី » ។

កូនសោបព្វជិតភាព​ទាំងនោះត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ពេញ​លេញដោយ​បុរស​ម្នាក់​ ដែល​ជា​ប្រធាន និង​ជា​សង្ឃជាន់​ខ្ពស់​ជា​អធិបតី​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ។ បន្ទាប់​មក តាមរយៈការ​ផ្ទេរ​​សិទ្ធិអំណាច​​របស់លោក បុរស​គ្រប់រូប​ដែល​កាន់​បព្វជិតភាព​មិលគីស្សាដែក​អាច​ទទួល​បាន​សិទ្ធិ​អំណាច និង​ឯកសិទ្ធិ​នៃ​ការ​និយាយ និង​ការ​ធ្វើ​កិច្ចការ​ក្នុង​ព្រះនាម​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ។ អំណាច​នោះ​គ្មាន​ទីបញ្ចប់​ឡើយ ។ វា​ទាក់​ទង​នឹង​ជីវិត និងការ​ស្លាប់ គ្រួសារ និង​សាសនាចក្រ លក្ខណៈ​​ដ៏​អស្ចារ្យ​នៃ​ព្រះ និង​កិច្ចការ​អស់​កល្ប​របស់​ទ្រង់ ។

ព្រះអម្ចាស់​កំពុង​រៀបចំ​អ្នក​កាន់​បព្វជិភាព​អើរ៉ុន​ឲ្យ​ក្លាយ​ជា​អែលឌើរ​ម្នាក់ដែល​នឹង​បម្រើ​ដោយ​សេចក្ដី​ជំនឿ អំណាច និង​ការ​ដឹង​គុណ​នៅ​ក្នុង​បព្វជិតភាព​មិលគីស្សាដែក​ដ៏​រុងរឿង​នោះ ។

ចំពោះ​ពួក​អែលឌើរ ការ​ដឹង​គុណ​ដ៏​ជ្រាលជ្រៅ​នឹង​ក្លាយ​ជា​កត្តា​ដ៏​ចាំ​បាច់ចំពោះ​ការ​ធ្វើនូវ​ផ្នែក​របស់​ខ្លួន​​នៅ​ក្នុង​ការ​បម្រើ​បព្វជិតភាព​ដ៏​ពេញ​លេញ ។ បងប្អូន​នឹង​ចងចាំ​កាល​នៅ​ជា​ឌីកុន គ្រូ ឬ​សង្ឃ ជា​ពេល​ដែល​ពួក​អ្នក​កាន់​បព្វជិតភាព​ខ្ពស់​ជាង​បាន​ឈោង​ទៅ​ជួយ ហើយ​លើក​ទឹក​ចិត្ត​បងប្អូន​នៅ​ក្នុង​​ដំណើរ​នៃ​បព្វជិតភាព​របស់​បងប្អូន ។

អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​គ្រប់​រូប​មាននូវ​ការ​ចងចាំ​នេះ ប៉ុន្តែអារម្មណ៍​នៃ​ការ​ដឹងគុណ​អាចនឹង​ធ្លាក់ចុះ​ កាល​ពេល​វេលាចេះ​តែ​កន្លង​ទៅ ។ ក្ដីសង្ឃឹ​មរបស់​ខ្ញុំ​គឺ​ចង់​រំឭក​ពី​អារម្មណ៍​នោះ​ឡើង​វិញ ហើយ​ជា​មួយ​នឹង​អារម្មណ៍​នោះ បងប្អូន​នឹង​​មានការតាំង​ចិត្ត​ដើម្បី​ផ្ដល់ជំនួយ​ដូច​គ្នាដែល​បងប្អូន​ធ្លាប់​ទទួល​ពីមុន ​ដល់​មនុស្ស​គ្រប់​គ្នាតាមដែល​បងប្អូន​អាច​ធ្វើ​បាន ។

ខ្ញុំ​នៅ​ចាំ​ពី​ប៊ីស្សព​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​ហាក់​ដូច​ជា​ខ្ញុំ​មាន​សក្ដានុពល​នៅ​ក្នុង​អំណាច​បព្វជិតភាព ។ កាល​ខ្ញុំ​នៅ​ជា​សង្ឃ នៅ​ថ្ងៃអាទិត្យ​មួយ​ គាត់​បាន​ទូរសព្ទ​មក​ខ្ញុំ ។ គាត់​ប្រាប់​ថា គាត់​ត្រូវការ​ខ្ញុំ​ធ្វើ​ជា​ដៃ​គូ​គាត់ទៅ​សួរ​សុខ​ទុក្ខ​សមាជិក​ខ្លះៗ​ក្នុង​វួដ​របស់​យើង ។ គាត់​បាន​ធ្វើ​ដូចជា​ខ្ញុំ​ជា​ក្ដី​សង្ឃឹម​តែ​មួយ​គត់ ដែល​គាត់​អាច​សម្រេច​កិច្ចការ​នេះបាន ។ គាត់​ពុំ​បាន​ត្រូវការ​ខ្ញុំ​ទេ ។ គាត់​មាន​ទីប្រឹក្សា​ដ៏​ល្អ​នៅ​ក្នុង​គណៈប៊ីស្សព​របស់​គាត់ ។

យើង​បាន​ទៅសួរ​សុខ​ទុក្ខ​ស្ដ្រី​មេម៉ាយ​ម្នាក់​ដែល​ក្រីក្រ ហើយ​ស្រេក​ឃ្លាន ។ គាត់​ចង់​ឲ្យ​ខ្ញុំ​ជួយ​គាត់​យល់​ពីដួងចិត្ត​ស្ត្រី​នោះ សំណូម​ពរ​ឲ្យ​ស្ត្រី​នោះ​ធ្វើ និង​ប្រើ​ថវិកា​មួយ ហើយ​សន្យា​ដល់​ស្ត្រី​នោះ​ថា ស្ត្រី​នោះ​​អាចនឹង​ក្រោក​ឈរ​ឡើង​បាន ដែល​ពុំ​គ្រាន់​តែ​មើល​ថែ​ដល់​ខ្លួនឯង​​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ដល់​មនុស្ស​ដទៃ​ទៀត​ផង ។

បន្ទាប់មក​​យើង​បាន​ទៅ​លួង​លោមចិត្ត​ដល់​ក្មេង​ស្រី​ពីរ​នាក់ដែលរស់​នៅ​ក្នុង​​ស្ថានភាព​​ដ៏​លំបាកមួយ ។ នៅ​ពេល​យើង​ដើរ​ចេញមកវិញ ប៊ីស្សព​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​ថា « ក្មេង​ទាំង​នោះនឹង​ចាំ​ជានិច្ច​ថា យើង​បាន​មក​លេង​ពួកគេ » ។

នៅ​ផ្ទះ​បន្ទាប់​ទៀត ខ្ញុំ​បាន​ឃើញ​ពី​របៀប​អញ្ជើញ​បុរស​មិន​សូវ​សកម្ម​ម្នាក់​ឲ្យ​ត្រឡប់​មក​រក​ព្រះអម្ចាស់​វិញ​តាមរយៈការ​ធ្វើ​ឲ្យ​គាត់​ជឿ​ថា សមាជិក​វួដ​ត្រូវការ​គាត់ ។

ប៊ីស្សព​នោះ​គឺជា​អ្នក​កាន់​បព្វជិភាព​មិលគីស្សាដែក​ដែល​កំពុង​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​ពី​សក្ដានុពល​របស់​ខ្ញុំ ហើយ​បំផុស​គំនិត​ខ្ញុំ​តាម​រយៈ​គំរូគាត់ ។ គាត់​បាន​បង្រៀន​ខ្ញុំ​ដើម្បី​មាន​អំណាច និង​ភាព​ក្លាហានចេញ​ទៅ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ការ​បម្រើ​ចំពោះ​ព្រះអម្ចាស់ ។ គាត់​បានលា​ចាក​លោក​នេះ ទៅ​ទទួល​រង្វាន់​របស់​គាត់ហើយ ប៉ុន្តែ​ខ្ញុំ​នៅចង​ចាំ​គាត់ ដោយសារ​គាត់​បាន​ជួយ​លើក​ខ្ញុំ​ឡើង កាល​ខ្ញុំជា​អ្នក​កាន់​បព្វជិភាពអើរ៉ុន​ដែល​ខ្វះ​​បទពិសោធន៍ ។ ក្រោយ​មក​ទៀត ខ្ញុំ​បាន​ដឹង​ថា គាត់​បាន​មើល​ឃើញខ្ញុំ​ឈរ​នៅ​លើ​ផ្លូវនៃ​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធំ​នៃ​បព្វជិតភាព​នា​ពេល​អនាគត ដែល​ពេល​នោះ​ខ្ញុំ​ពុំ​បាន​ដឹង​ឡើយ ។

ឪពុក​ខ្ញុំ​បាន​ធ្វើ​រឿង​ដូចគ្នា​នេះ​ចំពោះ​ខ្ញុំ ។ គាត់គឺជា​អ្នក​កាន់​បព្វជិតភាព​ម្នាក់​ដែល​មាន​បទពិសោធន៍​ច្រើន ហើយ​ឆ្លាត​វៃ ។ មាន​គ្រា​មួយ គាត់ត្រូវ​បាន​សាវកមួយ​រូប​សុំ​ឲ្យ​គាត់សរសេរសារ​ខ្លី​មួយ​អំពី​ភស្តុតាង​ខាង​វិទ្យា​សាស្ត្រ​​ថាតើ​ផែនដី​នេះមាន​អាយុកាល​​ប៉ុន្មាន​ឆ្នាំ ។ គាត់​បាន​សរសេរ​យ៉ាង​ប្រុង​ប្រយ័ត្ន ដោយ​ដឹង​ថា មនុស្ស​មួយ​ចំនួន​ដែល​អាន​នឹង​មាន​អារម្មណ៍​ជឿជាក់​ថា ផែនដី​នេះ​មាន​អាយុកាល​តិចជាងភស្ដុតាង​​ខាង​វិទ្យាសាស្ត្រ​បា​ន​ប្រាប់ ។

ខ្ញុំ​នៅ​ចាំ​ថា ឪពុក​ខ្ញុំ​បាន​ហុច​នូវ​អ្វី​ដែល​គាត់​បាន​សរសេរ​មក​ឲ្យ​ខ្ញុំ ហើយ​ពោល​មក​ខ្ញុំ​ថា « កូន​សម្លាញ់ កូន​មាន​ប្រាជ្ញា​ខាង​វិញ្ញាណ​ដើម្បី​ដឹង​ថា ប៉ាគួរ​ផ្ញើ​ឯកសារ​នេះ​ទៅ​ពួក​សាវក និង​ពួកព្យាការី​ដែរ​ឬទេ » ។ ខ្ញុំ​ពុំ​ចាំ​ច្រើន​ពី​អ្វី​ដែល​សរសេរ​នៅ​លើ​ក្រដាស​នោះ​ឡើយ ប៉ុន្តែ​ខ្ញុំ​ចាំ​ពុំ​ភ្លេច​ពី​អំណរគុណ​ដែល​ខ្ញុំ​មាន​ចំពោះ​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ដ៏​អស្ចារ្យ​ម្នាក់​ដែល​បាន​មើល​ឃើញ​ប្រាជ្ញា​ខាង​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ខ្ញុំ ដែល​ខ្ញុំ​មើល​មិន​ឃើញ ។

នៅប៉ុន្មាន​ឆ្នាំក្រោយ​មក ​មាន​យប់​មួយ បន្ទាប់​ពី​ខ្ញុំ​បាន​តែង​តាំង​ជា​សាវក ព្យាការី​របស់​ព្រះ​បាន​ទូរសព្ទ​មក​ខ្ញុំ ហើយ​សុំ​ឲ្យ​ខ្ញុំ​អាន​រឿង​មួយ​ដែល​បាន​សរសេរ​អំពី​គោលលទ្ធិ​របស់​សាសនាចក្រ ។ លោក​បាន​ចំណាយ​ពេល​ពេញ​មួយ​យប់​អាន​ជំពូក​ជាច្រើន​នៅ​ក្នុង​សៀវភៅ​មួយ ។ លោកបាន​ថ្លែង​ទាំង​អស់​សំណើច​ថា « ខ្ញុំ​​ពុំ​អាច​បញ្ចប់​សៀវភៅ​នេះ​បាន​ទេ ។ លោក​មិន​គួរ​សម្រាក កាល​ខ្ញុំ​កំពុង​ធ្វើ​ការ​នោះទេ » ។ រួចហើយ​លោក​បាន​ប្រើ​ពាក្យ​ស្ទើរ​តែ​ដូច​គ្នា​នឹង​ពាក្យ​ដែល​ឪពុក​ខ្ញុំ​បាន​ប្រើ​ជា​ច្រើន​ឆ្នាំ​មុន ៖ « កូន​សម្លាញ់ កូន​ជា​​មនុស្ស​ម្នាក់​ដែលគួរ​តែ​​អាន​សៀវភៅ​នេះ ។ លោក​នឹង​ដឹង ថាតើវា​ត្រឹមត្រូវ​ដើម្បី​បោះពុម្ព​ដែរ​ឬ​អត់»។

គំរូ​ដូចគ្នា​នោះ​នៃ​អ្នក​កាន់​បព្វជិតភាព​មិល​គីស្សាដែក​ម្នាក់កំពុង​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​សក្ដានុពល​របស់​ខ្ញុំ ហើយផ្ដល់​ភាព​ជឿ​ជាក់​ដល់​ខ្ញុំ កើត​មាន​នា​យប់​មួយ​នៅ​ឯកម្មវិធី​ថ្លែង​សុន្ទរកថា​ដែល​រៀបចំ​ឡើង​ដោយ​សាសនាចក្រ ។ ក្នុង​វ័យ ១៧ ឆ្នាំ ខ្ញុំ​ត្រូវ​បាន​សុំ​ឲ្យ​និយាយ​ទៅ​កាន់មនុស្ស​ដ៏ច្រើន ។ ខ្ញុំ​ពុំ​ដឹង​ថា ត្រូវ​និយាយ​អ្វីនោះ​ទេ ។ ខ្ញុំ​ពុំ​បាន​ឲ្យ​ប្រធាន​បទ​ដែល​ត្រូវ​និយាយ​ឡើយ ដូច្នេះ​ហើយ​ខ្ញុំ​បាន​រៀបចំ​សុន្ទរកថា​មួយ​ដែល​លើស​ពី​ការ​យល់​ដឹង​របស់​ខ្ញុំ​អំពី​ដំណឹងល្អ ។ កាល​ខ្ញុំ​បាន​និយាយ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​កំហុស​មួយ ។ ខ្ញុំ​នៅ​ចាំ​ពី​អារម្មណ៍​ថា​មាន​កំហុស​បន្ទាប់​ពីខ្ញុំ​និយាយ​រួច ។

អ្នក​ឡើង​និយាយ​បន្ទាប់ និង​ចុង​ក្រោយ​គឺ​អែលឌើរ ម៉ាថាយ ខោលី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ។ លោក​គឺជា​វាគ្មិន​ម្នាក់​ដ៏​អស្ចារ្យ—ដែល​ទទួលបាន​ក្ដី​ស្រឡាញ់​ទូទាំង​សាសនាចក្រ ។ ខ្ញុំ​នៅ​ចាំ​ពី​ការ​អង្គុយនៅ​ក្បែរវេទិការ​ ហើយ​មើល​ទៅ​លោក ។

លោក​បាន​ចាប់ផ្ដើមដោយ​សំឡេង​មួយ​ដ៏​មាន​ឥទ្ធិពល ។ លោក​បាន​ថ្លែង​ថា សុន្ទរកថា​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ថា លោក​កំពុង​នៅ​ក្នុង​សន្និសីទ​ដ៏​អស្ចារ្យ​មួយ ។ លោក​បាន​ពោល​ពាក្យ​នេះ​ទាំង​ស្នាម​ញញឹម ។ អារម្មណ៍​របស់​ខ្ញុំ​ថា​ធ្វើ​ខុស​បាន​រសាយ​បាត់ ហើយ​បាន​មាន​ភាពជឿជាក់​ថា នៅ​ថ្ងៃមួយ ខ្ញុំ​អាច​ក្លាយ​ជា​អ្វី​ដែល​លោក​បាន​គិត​ឃើញ​នៅ​ពេល​នោះ ។

ការ​ចងចាំ​នារាត្រី​នោះ​នៅ​តែ​ដឹក​នាំខ្ញុំ​ឲ្យ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ កាល​អ្នក​កាន់​បព្វជិតភាពអើរ៉ុន​ម្នាក់​និយាយ ។ ដោយសារ​តែ​អ្វី​ដែល​អែលឌើរ ខោលី ​បាន​ធ្វើ​ចំពោះ​ខ្ញុំ ខ្ញុំ​តែង​រំពឹង​ទុក​ថា ខ្ញុំ​នឹង​ស្ដាប់​ឮបន្ទូល​របស់​ព្រះ ។ ខ្ញុំ​កម្រ​មាន​ការ​ខក​ចិត្ត​ណាស់ ហើយ​ជា​រឿយៗ​បាន​ការ​ភ្ញាក់​ផ្អើល ហើយ​ខ្ញុំ​គ្រាន់​តែ​ញញឹម​ដូចជា​អែលឌើរ ខោលី​ ​បាន​ធ្វើ ។

រឿង​ជា​ច្រើន​អាច​ជួយ​ពង្រឹងប្អូនៗ​​វ័យ​ក្មេង​របស់​យើង​ឲ្យ​ក្រោក​ឡើង​នៅ​ក្នុង​បព្វជិតភាព ប៉ុន្តែ​គ្មាន​អ្វី​ដែលមាន​ឥទ្ធិពល​ជាង​ការ​ដែល​យើងជួយ​ពួកគេ​ឲ្យ​អភិវឌ្ឍ​សេចក្ដីជំនឿ និង​ភាព​ជឿជាក់​ថា ពួកគេ​អាច​ទទួល​​បាន​ព្រះចេស្ដា​នៃ​ព្រះ​នៅ​ក្នុង​ការ​បម្រើ​បព្វជិតភាព​របស់​ពួកគេនោះ​ទេ ។

​សេចក្ដី​ជំនឿ និង​ភាព​ជឿ​ជាក់​នោះ​ពុំ​នៅ​ជាមួយ​នឹង​ពួកគេ​ដោយសារ​តែ​បទពិសោធន៍​​នៃ​ការ​លើក​ស្ទួយ​ដោយ​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ដ៏​មាន​ទេពកោសល្យ​បំផុត​នោះ​ឡើយ ។ សមត្ថភាព​ដើម្បី​ទទួល​បាន​អំណាច​ទាំងនោះ​ត្រូវ​តែ​បណ្ដុះ​ដោយ​ការ​បង្ហាញ​​នៃ​ភាព​ជឿជាក់​មក​ពី​មនុស្ស​ដែល​មាន​បទពិសោធន៍​ជាច្រើន​នៅ​ក្នុង​បព្វជិតភាព ។

ពួក​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​ក៏​ត្រូវ​ការការ​លើក​ទឹក​ចិត្ត និង​ការ​កែ​តម្រូវ​ជា​ប្រចាំ​ថ្ងៃ និង​គ្រប់​នាទី​មក​ពី​ព្រះអម្ចាស់​ផ្ទាល់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ផង​ដែរ ។ ការណ៍​នោះ​នឹង​កើត​មាន​ចំពោះ​ពួកគេ នៅ​ពេល​ពួកគេ ជ្រើស​បន្ត​មាន​ភាព​សក្ដិសម ។ វា​នឹង​ពឹងផ្អែក​ទៅ​លើ​ការ​ជ្រើស​រើស​ដែល​ពួកគេ​នឹងធ្វើ ។

នោះ​គឺជា​ហេតុផល​ដែល​យើង​ត្រូវ​បង្រៀន​តាមរយៈ​គំរូ និង​ទីបន្ទាល់​ថា បន្ទូល​ ស្ដេចបេនយ៉ាមីន ជាថ្នាក់​ដឹកនាំ​បព្វជិតភាព​មិលគីស្សាដែក​ដ៏​អស្ចារ្យ គឺ​ជា​ការពិត ។ វា​គឺជា​បន្ទូល​នៃ​សេចក្ដី​ស្រឡាញ់​ដែល​បាន​ថ្លែង​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់ ដែល​បព្វជិតភាព​នេះ​គឺជា​របស់​ផង​ទ្រង់ ។ ស្ដេចបេនយ៉ាមីន​ បង្រៀន​ពី​តម្រូវ​ការ​ដើម្បី​ឲ្យ​យើង​បន្ត​មាន​បរិសុទ្ធភាព​​ឲ្យ​ល្មម​គ្រប់​គ្រាន់​ដើម្បី​ទទួល​បាន​ការ​លើក​ទឹកចិត្ត និង​ការ​កែតម្រូវ​ពី​ព្រះអម្ចាស់ ៖

« ហើយ​នៅ​ទី​បញ្ចប់ យើង​ពុំ​អាច​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​អស់​នូវ​ការណ៍​ទាំង​ឡាយ ដែល​អ្នក​រាល់​គ្នា​អាច​ប្រព្រឹត្ត​អំពើ​បាប​នោះ​ទេ ព្រោះ​មាន​ផ្លូវ និង​បែប​ផ្សេងៗ​គ្នា គឺ​មាន​ជា​ច្រើន​ណាស់ ដែល​យើង​ពុំ​អាច​រៀប​រាប់​បាន​ឡើយ ។

« ប៉ុន្តែ យើង​អាច​និយាយ​ប្រាប់​អ្នក​តែប៉ុណ្ណោះ​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​ប្រយ័ត្ន​ខ្លួន ទាំង​គំនិត​របស់​ខ្លួន និង​ពាក្យ​សម្ដី​របស់​ខ្លួន និង​កិច្ចការ​របស់​ខ្លួន ហើយ​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​បន្ត​ទៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​អំពី​ការ​យាង​មក​នៃ​ព្រះ​អម្ចាស់​របស់​យើង រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​ខ្លួន​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស។ ហើយ​ឥឡូវ​នេះ ឱ​មនុស្ស​លោក​អើយ សូម​ចងចាំ ហើយ​កុំ​វិនាស​បង់​ឡើយ » ។

យើង​ទាំងអស់​គ្នា​ដឹង​ថា ព្រួញ​ឆេះ​របស់​មារសត្រូវ​នៃ​សេចក្ដីសុចរិត​កំពុង​តែ​បាញ់​មក​ដូចជាខ្យល់​ដ៏​អាក្រក់​មួយទាស់​នឹងពួក​អ្នក​កាន់​បព្វជិតភាព​វ័យ​ក្មេង​ដែល​យើង​ស្រឡាញ់​ជា​ទីបំផុត ។ ចំពោះ​យើង ពួកគេ​ហាក់​ដូចជា កងទ័ព​កម្លោះ ដែល​បាន​ហៅ​ខ្លួន​ឯង​ថាជា​កូន​ប្រុស​របស់​ហេលេមិន ។ ពួកគេ​អាច​រួច​ជីវិត​បាន ដូចជា​ ទ័ពវ័យ​ក្មេង​ទាំងនោះ ប្រសិន​បើ​ពួកគេ​រក្សា​ខ្លួន​ឲ្យ​មាន​សុវត្ថិភាព​ ដូចជា​ស្ដេច​បេនយ៉ាមីន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពួកគេ​ធ្វើ ។

ពួក​កូន​ប្រុស​របស់​ហេលេមិន​គ្មាន​ការ​សង្ស័យ​ឡើយ ។ ពួក​គេ​ច្បាំង​ដោយ​ក្លាហាន ហើយ​ក្លាយ​ជា​អ្នក​ការពារ​ដ៏​មាន​ជោគជ័យ ដោយសារ​ពួកគេ​បាន​ជឿ​សម្ដី​ម្ដាយ​របស់​ខ្លួន ។ យើង​យល់​ដឹង​ពី​អំណាច​នៃ​សេចក្ដី​ជំ​នឿរបស់​ម្ដាយ​ជាទីស្រឡាញ់​ម្នាក់ ។ ម្ដាយ​គ្រប់​រូប​ផ្ដល់​ការ​គាំទ្រ​ដ៏​អស្ចារ្យ​ដល់កូនប្រុស​ខ្លួន​នៅសព្វថ្ងៃ​នេះ ។ ​ក្នុង​នាម​ជា​ពួក​អ្នក​កាន់​បព្វជិតភាព យើងអាច ហើយ​ត្រូវ​តែ​​បន្ថែមការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ដើម្បី​បំពេញ​​ការ​ទទួល​ខុស​ត្រូវ​ដូច​ដែល​យើង​បាន​ប្រែចិត្ត​ជឿ​ចំពោះ​ការ​គាំទ្រ​នោះ យើង​ត្រូវ​តែ​ឈោង​ទៅ​ជួយ​ពង្រឹង​ដល់​បងប្អូន​ប្រុស​របស់​យើង ។

ខ្ញុំ​សូម​អធិស្ឋាន​ថា អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​គ្រប់​រូប​នឹង​ទទួល​យក​ឱកាស​​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ៖

« ហើយ​បើ​សិន​ជា​មាន​មនុស្ស​ណា​មួយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​កម្លាំង​ខ្លាំង​ឡើង​នៅ​ក្នុង​ព្រះ​វិញ្ញាណ ចូរ​ឲ្យ​អ្នក​នោះ​យក​អ្នក​ណា​មួយ​ដែល​ទន់ខ្សោយ​ទៅ​ជា​មួយ​គាត់ ប្រយោជន៍​ឲ្យ​អ្នក​នោះ​អាច​បាន​ស្អាង​ឡើង​ក្នុង​ភាព​ស្លូតបូត​គ្រប់​យ៉ាង ប្រយោជន៍​ឲ្យ​អ្នក​នោះ​អាច​ត្រឡប់​ជា​មាន​កម្លាំង​ខ្លាំង​ឡើង​ដែរ។

« ហេតុ​ដូច្នេះ​ហើយ ចូរ​យក​អស់​អ្នក​ណា​ដែល​បាន​តែងតាំង​ឡើង​ចំពោះ​បព្វជិតភាព​តូច​ជាង​ទៅ​ជា​មួយ​អ្នក​ចុះ ហើយ​ចាត់​ឲ្យ​ពួក​គេ​ទៅ​មុន​អ្នក ដើម្បី​ណាត់​ពេល​ទុក ហើយ​ដើម្បី​រៀបចំ​ផ្លូវ និង​ដើម្បី​បំពេញ​កិច្ចការ​ទាំង​ឡាយ​ណា ដែល​រូប​អ្នក​ផ្ទាល់​ពុំ​អាច​បំពេញ​បាន​នោះ។

« មើល​ចុះ នេះ​ហើយ​ជា​មាគ៌ា​ដែល​ពួក​សាវក​របស់​យើង​នៅ​សម័យ​បុរាណ បាន​សាង​សាសនាចក្រ​របស់​យើង​ឡើង​ដល់​យើង »។

បងប្អូន​ដែល​ជា​ថ្នាក់​ដឹកនាំ​បព្វជិតភាព និង​ឪពុក​នៃ​ពួក​អ្នក​កាន់​កាន់​បព្វជិតភាព​អើរ៉ុន​អាច​ធ្វើ​ឲ្យ​មាន​អព្ភូតហេតុ​បាន ។ បងប្អូន​អាចជួយ​ព្រះអម្ចាស់​បំពេញ​តំណែង​របស់​ពួក​អែលឌើរ​ដ៏​ស្មោះ​ត្រង់​ជាមួយ​នឹង​យុវជន​ដែល​ទទួល​យក​ការ​ហៅ​ឲ្យ​ប្រកាស​ដំណឹងល្អ ហើយ​ធ្វើ​កិច្ចការ​នេះ​ដោយ​ភាពជឿជាក់ ។ បងប្អូន​នឹង​ឃើញ​ថា មនុស្ស​ជាច្រើន​ដែល​បងប្អូន​បាន​លើកស្ទួយ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​បន្ត​ស្មោះត្រង់​ រៀបការ​ដ៏​សក្ដិសម​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​បន្ត​លើក​ស្ទួយ និង​រៀបចំមនុស្ស​ដទៃ​វិញ ។

កិច្ចការ​នេះ​នឹង​ពុំ​ត្រូវការ​កម្មវិធី​សកម្មភាព​ថ្មីៗ សម្ភារ​បង្រៀន​ដ៏​ប្រសើរ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ល្អ​នោះ​ទេ ។ វានឹង​ពុំ​ត្រូវ​ឲ្យ​មាន​កា​រ​ហៅ​ណា​មួយ​ដែល​លើស​ពី​អ្វី​ដែល​បងប្អូន​មាននៅ​ពេល​នេះ​ឡើយ ។ សម្បថ និង សេចក្តីសញ្ញានៃបព្វជិតភាព​ផ្ដល់​អំណាច សិទ្ធិអំណាច និង​ការ​ដឹកនាំ​ដល់​បងប្អូន ។ ខ្ញុំ​សូម​អធិស្ឋាន​ថា បងប្អូន​នឹងទៅ​ផ្ទះ​ ហើយ​សិក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​សម្បថ និង​សេចក្ដី​សញ្ញាណ​នៃ​បព្វជិតភាព​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា កណ្ឌ ៨៤ ។

យើង​ទាំងអស់​គ្នា​សង្ឃឹម​ថា យុវជន​ជា​ច្រើន​នឹង​មាន​បទពិសោធន៍​ដូចជា វិលហ្វូឌ វូឌដ្រុព្វ ដែល​ជា​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​ម្នាក់ បាន​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​​អំណាច​នៃ​ការ​ប្រែចិត្ត​ជឿ ។

ខ្ញុំ​សូម​អធិស្ឋាន​ថា ​យើង​នឹងបំពេញ​ការ​ហៅ​របស់​យើង​ដើម្បី​លើក​ស្ទូយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការ​បម្រើ​ដ៏​រុង​រឿង​របស់ពួកគេ ។ ខ្ញុំ​សូម​អរគុណ​អស់​ពី​ដួង​ចិត្តដល់​មនុស្ស​ដ៏ប្រពៃ​ដែល​បាន​លើក​ស្ទួយ​ខ្ញុំ ហើយ​បាន​បង្ហាញ​ខ្ញុំ​ពី​របៀប​ស្រឡាញ់ ហើយ​លើក​ស្ទួយ​មនុស្ស​ដទៃទៀត ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ប្រធាន ថូម៉ាស អេស ម៉នសុន កាន់​កូនសោ​បព្វជិតភាព​ទាំងអស់​នៅ​លើ​ផែនដីក្នុង​សម័យ​នេះ ។ ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ថា លោក​គឺជា​គំរូ​សម្រាប់​យើង​ទាំងអស់​គ្នា​ក្នុង​ការ​ឈោង​ទៅ​លើក​ស្ទួយ​មនុស្ស​ដទៃ ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិត​ភាព​មិលគីស្សាដែក ។ ខ្ញុំ​មាន​អំណរគុណ​ខ្លាំង​ណាស់​ចំពោះ​របៀប​ដែល​លោក​បាន​លើក​ស្ទួយ​ខ្ញុំ ហើយ​បាន​បង្ហាញ​ខ្ញុំ​ពី​របៀប​លើក​ស្ទួយ​មនុស្ស​ដទៃ ។

ព្រះជាព្រះវរបិតា​មាន​ព្រះជន្មរស់។ ព្រះ​យេសូវ គឺ​ជា​ព្រះ​គ្រីស្ទ ។ ​នេះ គឺជា​សាសនាចក្រ និង​នគរ​របស់​ទ្រង់ ។ នេះ​ជា​បព្វជិតភាព​របស់​ទ្រង់ ។ ខ្ញុំបានដឹង​ការណ៍​នេះ​ដោយ​ខ្លួន​ឯង​តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។