ឆ្នាំ ២០១០-២០១៩
ចូរ​សិក្សា​ព្រះគម្ពីរ ចូរ​រំពឹង​ទៅ​រក​ព្រះ​អម្ចាស់
ខែ តុលា ឆ្នាំ ២០១៦


ចូរ​សិក្សា​ព្រះគម្ពីរ ចូរ​រំពឹង​ទៅ​រក​ព្រះ​អម្ចាស់

តើ​បងប្អូន​អាច​ឃើញ​ថា​ព្រះគម្ពីរ​មរមន​ជា​មូលដ្ឋាន ជា​ចំណុច​សំខាន់​នៃ​ភាព​រឹងមាំ​ខាង​វិញ្ញាណ របស់​បងប្អូន​ដែរ​ឬ​ទេ ?

ម៉ារី អេលីស្សាប៊ែត រ៉ូលីន

ក្នុង​គំនិត​ខ្ញុំ ខ្ញុំ​គិត​ស្រមៃ​ថា​បងប្អូន​គឺ​ជា​ជំនាន់​កំពុង​ពេញ​វ័យ ដែល​កំពុង​ទស្សនា ឬ ស្តាប់​សម័យប្រជុំ​សន្និសីទ​នេះ​នៅ​គ្រប់​ទិសទី​ទូទាំង​ពិភពលោក ។ ខ្ញុំ​សូម​ចែកចាយ​រឿង​ពិត​មួយ​ជាមួយ​បងប្អូន ជា​រឿង​ដែល​អាច​ក្លាយ​ជា​គំរូ និង ជា​មេរៀន​ផងដែរ ។ រឿង​នេះ​បង្ហាញ​បងប្អូន​អំពី​របៀប​ខិត​កាន់តែ​ជិត​ព្រះអម្ចាស់ និង មាន​សិទ្ធិ​ទទួល​បាន​អំណាច​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ការទប់ទល់​នឹង​ការល្បួង ។

នេះ​គឺ​ជា​រឿង​មួយ​អំពី​យុវនារី​ម្នាក់​រស់នៅ​ទីក្រុង នូវ យ៉ក ដែល​បាន​បាត់​បង់​ឪពុក​នាង​ពី​មុន​នាងមាន​អាយុ​បី​ឆ្នាំ ដោយសារ​ទូក​របស់​គាត់​បាន​លិច​នៅក្នុង​បឹង​ដ៏​ធំ​មួយ ។ រូប​នាង​ផ្ទាល់ ម្តាយ​នាង បងប្រុស និង ប្អូនស្រី​នាង​បាន​ប្តូរ​ទៅ​នៅ​ទីក្រុង​ថ្មី​មួយ​នៅក្នុង​រដ្ឋ​ផ្សេង​ទៀត ដើម្បី​រស់នៅ​ជាមួយ​ម្តាយ​មីង និង ឪពុក​មា​របស់​នាង ។ បន្ទាប់​ពី​គ្រួសារ​នាង​បាន​ទៅ​ដល់​ទីនោះ អ្នក​ផ្សព្វផ្សាយ​សាសនា និង សមាជិក​នៃ​សាសនា​ដែល​ទើប​នឹង​បង្កើត​ថ្មី​បាន​ចូល​មក​ក្នុង​ទីក្រុង​ពួកគេ ដោយ​មាន​ដំណឹង​ដ៏​រុងរឿង​មួយ​អំពី​ការស្តារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ ។ ពួកគេ​បាន​ប្រាប់​រឿង​ដ៏​អស្ចារ្យ​មួយ​អំពី​ទេវតា​មួយ​អង្គ ដែល​បាន​ប្រគល់​កំណត់ត្រា​បុរាណ ឲ្យ​ទៅ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ យ៉ូសែប ស៊្មីធ ជា​កំណត់ត្រា​ដែល​លោក​បាន​បកប្រែ​ដោយ​ព្រះចេស្តា​នៃ​ព្រះ ។ មនុស្ស​ពីរ​នាក់​គឺ អូលីវើរ ខៅឌើរី និង យ៉ូហាន វិតមើរ ពិតជា​បាន​ឃើញ​កំណត់ត្រា​បុរាណ​ដែល​មាន​ឆ្លាក់អក្សរ​​នៅលើ​សន្លឹក​លោហធាតុ​នោះ​ដោយ​ផ្ទាល់​ភ្នែក ហើយ​វិតមើរ​បាន​កាន់​ផ្ទាំង​មាស​នោះ​ដោយ​ដៃ​លោក​ផ្ទាល់ ។ ក្រោយ​មក​កំណត់ត្រា​នេះ​ត្រូវ​បាន​បោះពុម្ព ហើយ​លោក​បាន​យក​គម្ពីរ​នោះ​ទៅ​ជាមួយ​លោក ។ ប្រាកដ​ណាស់​ឈ្មោះ​គម្ពីរ​នោះ​គឺ ​គម្ពីរ​មរមន ។

កាល​អាយុ ១២ ឆ្នាំ ម៉ារី បាន​ឮ​អ្នក​ផ្សព្វផ្សាយ​សាសនា​និយាយ​អំពី​គម្ពីរ​នេះ នាង​មាន​អារម្មណ៍​ពិសេស​មួយ​ក្នុង​ចិត្ត ។ ទោះបី​ជា​គម្ពីរ​មរមន​មាន​កម្រាស់​ក្រាស់​ក្តី ក៏​ម៉ារី​ចង់​អាន​វា​យ៉ាង​ខ្លាំងដែរ ។ ពេល​បងប្រុស វិតមើរ​បាន​ចាកចេញ​ទៅ គាត់​បាន​ឲ្យ​គម្ពីរ​ដ៏​មាន​តម្លៃ​នេះ​ទៅ បងប្រុស អ៊ីសាក មួរលី ដែល​ជា​មិត្ត​ម្នាក់​របស់​ឪពុក​មា​នាង​ម៉ារី ហើយ​ក៏​ជា​អ្នក​ដឹកនាំ​ក្នុង​មូលដ្ឋាន​ក្នុង​ព្រះវិហារ​ថ្មី​នោះ។

ក្រោយ​មក​ម៉ារី​បាន​កត់ត្រា​ដូចនេះ ៖ « ខ្ញុំ​បាន​ទៅ​ផ្ទះ​របស់ [ បងប្រុស មួរលី ] … ហើយ​បាន​សូម​មើល​គម្ពីរ​នោះ [ គាត់ ] បាន​ដាក់​គម្ពីរ​នោះ​ក្នុង​ដៃ​របស់​ខ្ញុំ [ ហើយ ] កាល​ខ្ញុំ​សម្លឹង​មើល​វា ខ្ញុំ​មាន​បំណង​ចង់​អាន​គម្ពីរ​នោះ ខ្ញុំ​ពុំ​អាច​ឃាត់​ចិត្ត​ខ្លួន​ឯង​បាន​ឡើយ ហើយ​បាន​សូម​យក​គម្ពីរ​នោះ​ទៅ​ផ្ទះ​​អាន ។ … គាត់​បាន​និយាយ​ថា … គាត់​ពុំ​សូវ​មាន​ពេល​អាន​គម្ពីរ​នេះ​ឡើយ តែ​មាន​ពួក​បងប្អូនប្រុស​មួយ​ចំនួន​បាន​មើល​ខ្លះៗ ប៉ុន្តែ​ខ្ញុំ​បាន​ទទូច​សុំ​គាត់​យ៉ាង​ខ្លាំង ទីបំផុត​គាត់​បាន​និយាយ​ថា ‹ ក្មួយ​តូច ប្រសិនបើ​ក្មួយ​អាច​យក​គម្ពីរ​នេះ​មក​វិញ​មុន​អាហារ​ពេល​ព្រឹក​ថ្ងៃ​ស្អែក នោះ​ក្មួយ​អាច​យក​គម្ពីរ​នេះ​ទៅ​បាន › » ។

រូបភាព
ម៉ារី អេលីស្សាប៊ែត រ៉ូលីន អាន​គម្ពីរ

ម៉ារី​បាន​យក​គម្ពីរ​នោះ​រត់​ទៅ​ផ្ទះ ហើយ​នាង​ជក់ចិត្ត​នឹង​គម្ពីរ​នោះ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​នាង​អាន​វា​ស្ទើរតែ​ពេញ​មួយ​យប់ ។ លុះ​ព្រឹក​ស្អែក​ឡើង ពេល​នាង​បាន​យក​គម្ពីរ​មក​សង​វិញ បងប្រុស មួរលី​និយាយ​ថា « ពូ​គិត​ថា​ក្មួយ​ពុំ​បាន​អាន​គម្ពីរ​នេះ​ច្រើន​ទេ ហើយ​ពូ​ជឿ​ថា ក្មួយ​ពុំ​អាច​ចាំ​សូម្បី​តែ​មួយ​ពាក្យ​ពី​ក្នុង​គម្ពីរ​នេះ​ឡើយ » ។ ម៉ារី​បាន​ក្រោក​ឈរ​ឡើង ហើយ​សូត្រ​ខគម្ពីរ​ដំបូង​គេ​ពី​ក្នុង​ព្រះគម្ពីរ​មរមន​តាម​ការចាំ​របស់​នាង ។ ក្រោយ​មក​នាង​បាន​ប្រាប់​គាត់​អំពី​រឿង​របស់​ព្យាការី​នីហ្វៃ ។ ក្រោយ​មក​ម៉ារី​បាន​សរសេរ​ថា « គាត់​បាន​សម្លឹង​មើល​ខ្ញុំ​ដោយ​ក្តី​ភ្ញាក់​ផ្អើល ហើយ​និយាយ​ថា ‹ ក្មួយ​តូច ក្មួយ​យក​គម្ពីរ​នេះ​ទៅ​ផ្ទះ​វិញ​ចុះ ហើយ​អាន​វា​ឲ្យ​ចប់ ពូ​អាច​រង់ចាំ​បាន › » ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ម៉ារី​បាន​អាន​គម្ពីរ​នោះ​ចប់ ហើយ​នាង​គឺ​ជា​មនុស្ស​ដំបូង​គេ​នៅ​ក្នុង​ទីក្រុង​នាង ដែល​បាន​អាន​គម្ពីរ​នោះ​តាំង​ពី​ដើម​ដល់​ចប់ ។ នាង​បាន​ដឹង​ថា​គម្ពីរ​នោះ​ពិត ហើយ​ថា​វា​បាន​មក​ពី​ព្រះវរបិតាសួគ៌ ។ ដូច្នោះ​នាង​បាន​សិក្សា​ព្រះគម្ពីរ នាង​បាន​រំពឹង​ទៅ​រក​ព្រះ​អម្ចាស់ ។

មួយ​ខែ​ក្រោយ​មក មាន​ភ្ញៀវ​ពិសេស​ម្នាក់​មក​លេង​ផ្ទះ​នាង ។ នេះ​គឺ​ជា​អនុស្សាវរីយ​ដែល​ម៉ារី​បាន​កត់ត្រា​ទុក​នៅ​ថ្ងៃ​នោះ ៖ « កាល [ យ៉ូសែប ស៊្មីធ] បាន​ឃើញ​ខ្ញុំ នោះ​លោក​បាន​មើល​ខ្ញុំ​ដោយ​ក្លៀវក្លា ។ … មួយ​សន្ទុះ​ក្រោយ​មក​លោក … បាន​ផ្តល់​ការប្រសិទ្ធពរ​ដ៏​អស្ចារ្យ​មួយ​ដល់​ខ្ញុំ … ហើយ​បាន​ឲ្យ​ព្រះគម្ពីរ​មរមន​នោះ​មក​ខ្ញុំ​ជា​អំណោយ ហើយ​លោក​មាន​ប្រសាសន៍​ថា លោក​នឹង​ឲ្យ​គម្ពីរ​មួយ [ ក្បាល ] ទៀត​ទៅ​បងប្រុស មួរលី ។  ពួកយើង​ទាំងអស់​គ្នា​ទទួល​អារម្មណ៍​ថា លោក​គឺ​ជា​បុរស​របស់​ព្រះ ដ្បិត​លោក​មាន​ប្រសាសន៍​ដោយ​មាន​ព្រះចេស្តា ហើយ​ជា​មនុស្ស​ម្នាក់​​មាន​អំណាច » ។

ក្មេងស្រី​តូច ម៉ារី អេលីស្សាបែត រ៉ូលីន បាន​ឃើញ​អព្ភូតហេតុ​ជា​ច្រើន​ផ្សេង​ទៀត​នៅក្នុង​ជីវិត​នាង ហើយ​នាង​បាន​រក្សា​ទីបន្ទាល់​នាង​អំពី​ព្រះគម្ពីរ​មរមន​ជានិច្ច ។ រឿង​នេះ​មាន​ន័យ​ខ្លាំង​ណាស់​ចំពោះ​ខ្ញុំ ដោយសារ​គាត់​គឺ​ជីដូន​លា​របស់​ខ្ញុំ ។ តាមរយៈ​គំរូ​របស់​ម៉ារី ជាមួយ​នឹង​បទពិសោធន៍​ផ្សេង​ទៀត​ក្នុង​ជីវិត​ខ្ញុំ នោះ​ខ្ញុំ​បាន​រៀន​ថា គ្មាន​នរណា​ម្នាក់​ក្មេង​ពេក​ក្នុងការ​ស្វែងរក និង ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​ព្រះគម្ពីរ​មរមន​ឡើយ ។

មូលដ្ឋាន​នៃ​ទីបន្ទាល់​របស់​អ្នក

មាន​មេរៀន​ផ្ទាល់​ខ្លួន​មួយ​សម្រាប់​បងប្អូន​នៅក្នុង​រឿង​របស់​ម៉ារី ។ បងប្អូន​ម្នាក់ៗ ទាំង​យុវជន និង យុវនារី ព្រមទាំង​ក្មេងៗ​អាច​មាន​អារម្មណ៍​ដូច​ជា​ម៉ារី​មាន​ផងដែរ ។ ពេល​បងប្អូន​អាន​ព្រះគម្ពីរ​មរមន ហើយ​អធិស្ឋាន​ដោយ​មាន​បំណង​ចង់​ដឹង​ថា​ពិត នោះ​បងប្អូន​អាច​ទទួល​ការបំផុស​គំនិត​នៅក្នុង​ចិត្ត​បងប្អូន​ដូច​ម៉ារី​បាន​ទទួល​ផងដែរ ។ បងប្អូន​ក៏​ឃើញ​ថា ពេល​បងប្អូន​ក្រោកឈរ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន បងប្អូន​នឹង​មាន​អារម្មណ៍​ពី​ការបញ្ជាក់របស់​​ព្រះ​​វិញ្ញាណ​ដូចគ្នា​នោះ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​មាន​បន្ទូល​មក​កាន់​ដួងចិត្ត​បងប្អូន ។ បងប្អូន​អាច​ទទួល​អារម្មណ៍​ពី​ការបញ្ជាក់​របស់​ព្រះ​វិញ្ញាណ​ដូច​គ្នា​នេះ ពេល​បងប្អូន​ស្តាប់​អ្នក​ដទៃ​ចែកចាយ​ទីបន្ទាល់​ពួកគេ​អំពី​គម្ពីរ​មរមន ។ សាក្សី​ខាង​វិញ្ញាណ​ទាំង​នេះ អាច​នាំ​ឲ្យ​ព្រះគម្ពីរ​មរមន​ក្លាយ​ជា​មូលដ្ឋាន​នៃ​ទីបន្ទាល់​របស់​បងប្អូន ។

ខ្ញុំ​សូម​ពន្យល់​អំពី​រឿង​នេះ ។ ព្យាការី យ៉ូសែប ស៊្មីធ ដែល​បាន​បកប្រែ​ព្រះគម្ពីរ​មរមន​តាមរយៈ « អំណោយ​ទាន និង ព្រះចេស្តា​នៃ​ព្រះ » បាន​ពិពណ៌នា​អំពី​ព្រះគម្ពីរ​មរមន​ថា​ជា « គម្ពីរ​ដ៏​ត្រឹម​ត្រូវ​បំផុត​ជាង​គម្ពីរ​នានា​ទាំង​អស់​នៅ​លើ​ផែនដី​នេះ ហើយ​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង » ។

ចាប់តាំង​ពី​គម្ពីរ​មរមន​បាន​បោះពុម្ព​លើក​ដំបូង​ក្នុង​ឆ្នាំ ១៨៣០ មាន​គម្ពីរ​នេះ​ជាង ១៧៤ លាន​ក្បាល​ត្រូវបាន​ចេញ​ផ្សាយ​ជា ១១០ ភាសា​ផ្សេងៗ​គ្នា នេះ​បង្ហាញ​ថា​គម្ពីរ​មរមន​គឺ​នៅ​តែ​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ។ ប៉ុន្តែ​រឿង​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​បងប្អូន ?

រូបភាព
មូលដ្ឋាន​គឺ​នៅ​ចំ​កណ្តាល

នៅក្នុង​ន័យ​ស្ថាបត្យកម្ម ពាក្យ​មូលដ្ឋាន​គឺ​ជា​ធាតុ​សំខាន់​មួយ​នៅ​ខ្លោង​ទ្វារ​ចូល​អគារ ។ វា​គឺ​ជា​ថ្ម​មួយ​ដែល​មាន​រូបរាង​ដូច​ជា​ស្នៀត នៅ​ចំ​កណ្តាល ហើយ​វា​នៅ​ត្រង់​ចំណុច​ខ្ពស់​បំផុត​នៃ​ខ្លោង​ទ្វារ ។ វា​គឺ​ជា​ថ្ម​សំខាន់​ជាង​ថ្ម​ផ្សេងៗ​ទាំង​អស់ ដោយសារ​វា​ទប់​ជំហរ​ខ្លោង​ទ្វារ​ទាំង​សង្ខាង​ឲ្យ​មាន​លំនឹង ការពារ​មិន​ឲ្យ​ទ្វារ​រលំ ។ ហើយ​វា​គឺ​ជា​ធាតុ​នៃ​សំណង់​ដែល​ធានា​ឲ្យ​ច្រក​ចូល ឬ មាន​ចន្លោះ​អាច​ចេញ​ចូល​បាន ។

រូបភាព
មូលដ្ឋាន​គឺ​ជា​ខ្លោង​ទ្វារ

នៅក្នុង​ន័យ​ដំណឹង​ល្អ វា​គឺ​ជា​អំណោយ និង​ពរជ័យ​មក​ពី​ព្រះអម្ចាស់ ដែល​ថា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង គឺ​ជា​អ្វី​មួយ​ដែល​ជាក់ស្តែង និង មាន​រូបរាង​ដូច​ជា​ព្រះគម្ពីរ​មរមន ដែល​បងប្អូន​អាច​កាន់ ហើយ​អាន​វា​បាន ។ តើ​បងប្អូន​អាច​ឃើញ​ថា​ព្រះគម្ពីរ​មរមន​ជា​មូលដ្ឋាន ជា​ចំណុច​សំខាន់​នៃ​ភាព​រឹងមាំ​ខាង​វិញ្ញាណ​ដែរ​ឬ​ទេ ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន​បាន​ពន្យល់​លើ​ការបង្រៀន​របស់​យ៉ូសែប ស្ម៊ីធ ។ លោក​ថ្លែង​ថា « មាន​របៀប​បី​យ៉ាង​ដែល ព្រះគម្ពីរ​មរមន​គឺ​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ។ ព្រះគម្ពីរ​មរមន​ជា​មូលដ្ឋាន​នៅក្នុង​សាក្សី​របស់​យើង​អំពី​ព្រះគ្រីស្ទ ។ ព្រះគម្ពីរ​មរមន​ជា​មូលដ្ឋាន​នៃ​គោលលទ្ធិ​របស់​យើង ។ ព្រះគម្ពីរ​មរមន​ជា​មូលដ្ឋាន​នៃ​ទីបន្ទាល់ » ។

ប្រធាន ប៊ែនសឹន បាន​បង្រៀន​បន្ថែម​ទៀត​ថា ៖ « ព្រះគម្ពីរមរមន​បង្រៀន​សេចក្តីពិត [ និង ] ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​ដល់​យើង ។ … ប៉ុន្តែ​មាន​អ្វីៗ​ជា​ច្រើន​ទៀត ។ មាន​អំណាច​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​ដែល​នឹង​ចាប់ផ្ដើម​ហូរ​ចូលមក​ក្នុង​ជីវិត​របស់​អ្នក ពេល​អ្នក​ចាប់ផ្ដើម​ធ្វើ​ការសិក្សា​ដោយ​ហ្មត់ចត់​អំពី​ព្រះ​គម្ពីរ​នោះ ។ អ្នក​នឹង​រក​ឃើញ​អំណាច​កាន់តែ​មហិមា ដើម្បី​ទប់ទល់​នឹង​ការល្បួង ។ … អ្នក​នឹង​រកឃើញ​អំណាច​ដើម្បី​ឈរ​នៅ​លើ​ផ្លូវ​តូច និង ចង្អៀត » ។

សាក្សី​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ

ចំពោះ​ខ្ញុំ ព្រះគម្ពីរ​មរមន​បាន​ក្លាយ​ជា​មូលដ្ឋាន​នៃ​ទីបន្ទាល់​របស់​ខ្ញុំ អស់​ពេល​ជា​ច្រើន​ឆ្នាំ និង មាន​បទពិសោធន៍​ជា​ច្រើន​ទៀត​ផងដែរ ។ បទពិសោធន៍​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុងការ​បង្កើត​ឲ្យ​ខ្ញុំ​មាន​ទីបន្ទាល់​នោះ គឺ​កាល​ខ្ញុំ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​នៅក្នុង​តំបន់​បេសកកម្ម​ដំបូង​របស់​ខ្ញុំ​គឺ ៖ គូម៉ាម៉ូតូ ប្រទេស​ជប៉ុន ។ ដៃគូ​ខ្ញុំ និង រូប​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត ។ ខ្ញុំ​បាន​ជួប​ជាមួយ​លោក​យាយ​ម្នាក់ ដែល​ចិត្ត​ល្អ​អញ្ជើញ​ពួកយើង​ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គាត់ ដែល​គេ​ហៅ​ថា genkan​(ជេនកាន់) ជា​ភាសា​ជប៉ុន ។ គាត់​បាន​ឲ្យ​ភេសជ្ជៈ​ត្រជាក់ៗ​ដល់​ពួកយើង​ផឹក​នា​ថ្ងៃ​ដ៏​ក្តៅ​នោះ ។ កាល​នោះ​ខ្ញុំ​ទើប​តែ​ទៅ​ដល់​ប្រទេស​ជប៉ុន ហើយ​ខ្ញុំ​ទើប​តែ​បាន​អាន​ព្រះគម្ពីរ​មរមន​ចប់ ហើយ​បាន​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ដើម្បី​ចង់​ដឹង​ថា​គម្ពីរ​នេះ​ពិត​ដែរ​ឬ​ទេ ។

ដោយសារ​ខ្ញុំ​ទើប​តែ​ទៅ​ប្រទេស​ជប៉ុន នោះ​ខ្ញុំ​និយាយ​ភាសា​ជប៉ុន​ពុំ​បាន​ល្អ​ទេ ។ មែនហើយ ខ្ញុំ​គិត​ថា​លោក​យាយ​ម្នាក់​នោះ​ពុំ​យល់​ច្រើន​ពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ឡើយ ។ ខ្ញុំ​បាន​ចាប់ផ្តើម​បង្រៀន​គាត់​អំពី​ព្រះគម្ពីរ​មរមន ដោយ​ពិពណ៌នា​អំពី​របៀប​ដែល​យ៉ូសែប ស្ម៊ីធ បាន​ទទួល​កំណត់ត្រា​បុរាណ​ដែល​ឆ្លាក់​លើ​ផ្ទាំង​ចំណារ​ពី​ទេវតា និង របៀប​ដែល​លោក​បាន​បកប្រែ​គម្ពីរ​នេះ​ដោយ​ព្រះចេស្តា​នៃ​ព្រះ ។

នៅពេល​ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ថា ព្រះគម្ពីរមរមន​គឺ​ជា​ព្រះបន្ទូល​របស់​ព្រះ និង ជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ នោះ​ខ្ញុំ​បាន​ទទួល​ការបំផុស​គំនិត​ដ៏​ខ្លាំង រួម​ជាមួយ​នឹង​អារម្មណ៍​កក់ក្តៅ​នៃ​ការលួងលោម និង ភាពសុខសាន្ត​ក្នុង​ចិត្ត​របស់​ខ្ញុំ ដែល​ព្រះគម្ពីរ​ពិពណ៌នា​ពី​អារម្មណ៍​ថា « ទ្រូង​របស់​អ្នក [ ខ្មួលខ្មាញ់ ] ខាង​ក្នុង » ។ អារម្មណ៍​នេះ​បាន​បញ្ជាក់​ដល់​ខ្ញុំ​តាម​របៀប​មួយ​ដ៏​មាន​ឥទ្ធិពល​ដែល​ថា ព្រះគម្ពីរមរមន​ពិត​ជា​ព្រះបន្ទូល​នៃ​ព្រះ ។ នៅ​គ្រា​នោះ ខ្ញុំ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​​យំ ខណៈ​ដែល​ខ្ញុំ​បាន​និយាយ​ទៅ​លោក​យាយ​ជនជាតិ​ជប៉ុន​នោះ ។ ខ្ញុំ​ពុំ​ភ្លេច​ពី​អារម្មណ៍​ដ៏​ពិសេស​នា​ថ្ងៃ​នោះ​ឡើយ ។

សាក្សី​ផ្ទាល់​ខ្លួន​របស់​បងប្អូន

បងប្អូន​ម្នាក់ៗ​ក៏​អាច​ទទួល​សាក្សី​ផ្ទាល់​ខ្លួន​អំពី​គម្ពីរ​នេះ​ផងដែរ ! តើ​បងប្អូន​ដឹង​ថា​ព្រះគម្ពីរ​មរមន​សរសេរ​ឡើង​សម្រាប់​បងប្អូន—និង សម្រាប់​ជំនាន់​របស់​បងប្អូន​ដែរ​ឬ​ទេ ? គម្ពីរ​នេះ​គឺជា​ពរជ័យ​មួយ​នៃ​ការរស់នៅ​ក្នុង​ជំនាន់​មួយ​ដែល​យើង​ហៅ​ថា​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ ។ ដ្បិត​គម្ពីរ​មរមន​ត្រូវបាន​សរសេរ​ឡើង​ដោយ​អ្នក​និពន្ធ​ពី​បុរាណ​ដ៏​មាន​ការបំផុស​គំនិត—ពួកលោក​ជា​ច្រើន​នាក់​គឺ​ជា​ព្យាការី—តែ​ពួកលោក និង ប្រជាជន​នៅ​ជំនាន់​ពួកលោក​ពុំ​បាន​ទទួល​ប្រយោជន៍​នៃ​ការមាន​គម្ពីរ​នេះ​ពេញ​លេញ​ឡើយ ។ ឥឡូវ​បងប្អូន​​ទទួល​បាន​កំណត់ត្រា​ដ៏​ពិសិដ្ឋ​នេះយ៉ាង​ងាយ ដែល​ព្យាការី ពួកសង្ឃ និង ស្តេច​បាន​ផ្តល់​តម្លៃ​ឲ្យ ឱប​ក្រសោប និង រក្សា​ទុក ! បងប្អូន​​ទទួល​ប្រយោជន៍​ដោយបាន​​កាន់​ព្រះគម្ពីរ​មរមន​ទាំង​មូល​នៅក្នុង​ដៃ ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​​ណាស់ មាន​ព្យាការី​ក្នុង​គម្ពីរ​មរមន​ម្នាក់​គឺ​មរ៉ូណៃ​បាន​ឃើញ​ជំនាន់​របស់​យើង—គឺ​ជំនាន់​របស់​បងប្អូន ។ លោក​ថែម​ទាំង​បាន​ឃើញ​បងប្អូន​នៅក្នុង​ការនិមិត្ត កាល​ពី​រាប់រយ​ឆ្នាំ​មុន ! មរ៉ូណៃ​បាន​សរសេរ ៖

« មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​បាន​បង្ហាញ​ដល់​ខ្ញុំ​នូវ​ការណ៍​ដ៏​ធំ ហើយ​អស្ចារ្យ​ទាំង​ឡាយ …​អំពី​ថ្ងៃ​ដែល​ការណ៍​ទាំង​នេះ គឺ​ព្រះគម្ពីរមរមន នឹង​កើត​ឡើង​នៅ​ក្នុង​ចំណោម​ពួក​អ្នក ។

មើល​ចុះ ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ហាក់​បី​ដូច​ជា​អ្នក​រាល់​គ្នា​នៅ​ទី​នេះ ប៉ុន្តែ​អ្នក​រាល់​គ្នា​ពុំ​នៅ​ទី​នេះ​ទេ ។ ប៉ុន្តែ​មើល​ចុះ ព្រះ​យេស៊ូវ​គ្រីស្ទ ទ្រង់​បង្ហាញ​អ្នក​រាល់​គ្នា​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ធ្វើ » ។

ដើម្បី​ជួយ​ឲ្យ​ព្រះគម្ពីរ​មរមន​ក្លាយ​ជា​មូលដ្ឋាន​នៃ​ទីបន្ទាល់​របស់​បងប្អូន នោះ​ខ្ញុំ​សូម​ផ្តល់​ការអញ្ជើញ​មួយ​ដល់​បងប្អូន ។ ថ្មីៗ​នេះ​ខ្ញុំ​បាន​ដឹង​ថា យុវវ័យ​ជាច្រើន​បាន​ចំណាយ​ពេល​ជា​មធ្យម​ជិត ប្រាំពីរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​មើល ទូរទស្សន៍ កុំព្យូទ័រ និង ទូរសព្ទ​ស្មាតហ្វូន ។ សូម​ចាំ​ក្នុង​ចិត្ត​ថា តើ​បងប្អូន​អាច​ធ្វើ​ការផ្លាស់ប្តូរ​បន្តិច​បាន​ទេ ? តើ​រៀងរាល់​ថ្ងៃ​បងប្អូន​អាច​ជំនួស​ការមើល​ទាំង​នោះ—ជាពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម អ៊ិនធើរណែត ហ្គេម ឬ ទូរទស្សន៍—ដោយ​ការអាន​គម្ពីរ​មរមន​បាន​ដែរ​ឬ​ទេ ? ប្រសិនបើ​ការសិក្សា​ដែល​ខ្ញុំ​បាន​និយាយ​នោះ​វា​ពិតប្រាកដ​មែន នោះ​បងប្អូន​អាច​ងាយ​រក​ពេល​អាន​ព្រះគម្ពីរ​មរមន​ត្រឹមតែ ១០ នាទី​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ។ ហើយ​បងប្អូន​អាច​សិក្សា​វា​តាម​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​បងប្អូន​រីករាយ និង យល់​អំពី​វា—ទោះបី​បងប្អូន​អាន​តាម​ឧបករណ៍​ចល័ត ឬ អាន​ចេញ​ពី​គម្ពីរ​ផ្ទាល់​របស់​ខ្លួន​ក្តី ។ ថ្មីៗ​នេះ​ប្រធាន រ័សុល អិម ណិលសុន បាន​ដាស់​តឿន​ថា « យើង​ពុំ​គួរ​យក​ការអាន​ព្រះគម្ពីរ​មរមន​ថា ជា​កាតព្វកិច្ច​ដ៏​ពិបាក​ធ្ងន់ធ្ងរ​នោះ​ឡើយ គឺ​ដូចជា​ការលេប​​ថ្នាំ​ល្វីង​យ៉ាង​លឿន ឲ្យ​តែ​រួចៗ​នោះ​ឡើយ » ។

រូបភាព
យុវវ័យ​អាន​ព្រះគម្ពីរ​មរមន
រូបភាព
កុមារ​អាន​ព្រះគម្ពីរ​មរមន

ចំពោះ​ក្មេង​តូចៗ​មួយ​ចំនួន ក្មួយៗ​អាច​អាន​គម្ពីរ​ជាមួយ​ឪពុក​ម្តាយ យាយតា ឬ មនុស្ស​ជា​ទីស្រឡាញ់ ។ ប្រសិនបើ​មាន​ជំពូក ខគម្ពីរ ឬ ផ្នែក​ណា​មួយ​ពិបាក​ ដែល​ធ្វើ​ឲ្យ​ក្មួយ​មិន​ចង់​អាន សូម​បន្ត​អាន​ទៅ​មុខ​ទៀត ។ ខ្ញុំ​ស្រមៃ​ឃើញ​បងប្អូន​ធ្វើ​តាម​គំរូ​របស់​ម៉ារី ។ ខ្ញុំ​ស្រមៃ​ឃើញ​បងប្អូន​រំភើប​ក្នុង​ការរក​ពេល និង កន្លែង​ស្ងប់ស្ងាត់​អាន​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​ស្រមៃ​ឃើញ​បងប្អូន​រក​ឃើញ​ចម្លើយ ការណែនាំ ហើយ​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​ព្រះគម្ពីរ​មរមន និង ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​បងប្អូនសិក្សា​​ព្រះគម្ពីរ នោះ​បងប្អូនរំពឹង​​ទៅរក​ព្រះ​អម្ចាស់ ។

រូបភាព
ការមើល​ព្រះគម្ពីរ

បងប្អូន​នឹង​ពិចារណា​អំពី​វគ្គ​បទគម្ពីរ​នៃ​គម្ពីរ​ដ៏​មាន​តម្លៃ​នេះ ហើយ​ជួប​ព្រះអង្គសង្គ្រោះ​ជា​ទីស្រឡាញ់​របស់​បងប្អូន​គឺ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ស្ទើរតែ​គ្រប់​ទំព័រ ។ តាម​​ការ​ប៉ានស្មាន​មួយ​ថា ក្នុង​ទម្រង់​មួយ​ចំនួន ព្រះនាម​របស់​ទ្រង់​​ត្រូវបាន​ប្រើ​ជា​មធ្យម ១.៧ ខគម្ពីរ​ម្តង ។ សូម្បី​តែ​ព្រះគ្រីស្ទ​ផ្ទាល់ ទ្រង់​បាន​ថ្លែង​ទីបន្ទាល់​អំពី​ភាពពិត​ពេញលេញ​នៃ​ការណ៍​នេះ នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​ថ្លែង​ថា « ប្រាកដ​ដូច​ជា​ព្រះ​អម្ចាស់​របស់​អ្នក និង​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ ការណ៍​នោះ​ពិតមែន » ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ការ​អញ្ជើញ និង ការសន្យា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក តាមរយៈ​ព្យាការី​មរ៉ូណៃ​ចំពោះ​យើង​ម្នាក់ៗ—និង ចំពោះ​មនុស្ស​គ្រប់​គ្នា​ដែល​អាន​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​សូម​បញ្ចប់​ដោយ​ការ​អាន​ការអញ្ជើញ និង ការសន្យា​នោះ ហើយ​បន្ថែម​ទីបន្ទាល់​របស់​ខ្ញុំ ៖ « ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ទទួល​នូវ​ការណ៍​ទាំង​នេះ [ ព្រះគម្ពីរ​មរមន ] នោះ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​សូម​សួរ​ដល់​ព្រះ​ជា​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច ដោយ​នូវ​ព្រះ​នាម​នៃ [ ព្រះយេស៊ូវ] គ្រីស្ទ បើសិន​ជា​ការណ៍​ទាំង​នេះ​មិន​ពិត ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​សូម​សួរ​ដោយ​ចិត្ត​ស្មោះ​សរ​គឺ ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​ទ្រង់​នឹង​សម្ដែង​សេចក្តី​ពិត​នៃ​ការណ៍​នេះ​ដល់​អ្នក​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។១០

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពីការស្តារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ​នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​នេះ និង អំពី​ព្រះគម្ពីរ​មរមន​ថា​ជា​ភស្តុតាង​ជាក់​នឹង​ភ្នែក​នៃ​ការស្តារ​ឡើង​វិញ​នោះ ។ ដូច​ដែល​ព្រះបន្ទូល​នៅក្នុង​គម្ពីរ​នេះ​បាន​បំផុស​គំនិត​ដល់​ក្មេង​ស្រី​អាយុ ១២ ឆ្នាំ​ឲ្យ​ទទួល​យក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញកា​ល​ពី​ជិត​ពីរ​សតវត្សរ៍​មុន​នេះ នោះ​សេចក្តីពិត​ដែល​បងប្អូន​នឹង​រក​ឃើញ​នៅក្នុង​គម្ពីរ​នេះ​នឹង​លើក​ស្ទួយ ហើយ​បំផុស​គំនិត​បងប្អូន​តាម​របៀប​មួយ​ស្រដៀង​គ្នា​នេះផង​ដែរ ។ សេចក្តីពិត​ទាំង​នោះ​នឹង​ពង្រឹង​ជំនឿ​បងប្អូន បំពេញ​ព្រលឹង​បងប្អូន​ដោយ​ពន្លឺ ហើយ​រៀបចំ​បងប្អូន​សម្រាប់​អនាគត​មួយ ដែល​បងប្អូន​កម្រ​នឹង​មាន​សមត្ថភាព​អាច​យល់​បាន ។

នៅក្នុង​គម្ពីរ​មរមន បងប្អូន​នឹង​រកឃើញសេច​ក្តីស្រឡាញ់​ដ៏​ច្រើន​លើសលុប និង ព្រះគុណ​នៃ​ព្រះ​ដែល​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន ។ នៅពេល​បងប្អូន​ព្យាយាម​ធ្វើ​តាម​ការបង្រៀន ដែល​បងប្អូន​ឃើញ​នៅក្នុង​គម្ពីរ​នេះ នោះ​អំណរ​របស់​បងប្អូន​នឹង​កើន​ឡើង ការយល់​របស់​បងប្អូន​ចម្រើន​ឡើង ហើយ​ទទួល​ចម្លើយ​ចំពោះ​ឧបសគ្គ​ជា​ច្រើន​ដែល​មាន​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ នៅពេល​បងប្អូនសិក្សា​​ព្រះគម្ពីរ នោះ​បងប្អូនរំពឹង​​ទៅរក​ព្រះ​អម្ចាស់ ។ ព្រះ​គម្ពីរ​មរមន​គឺ​ជា​ព្រះបន្ទូល​របស់​ព្រះ​ដែល​បាន​បើក​សម្តែង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ការណ៍​នេះ​ដោយ​អស់​ពី​ចិត្ត និង ព្រលឹង​ខ្ញុំ នៅ​ក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល « Mary Elizabeth Rollins Lightner » Utah Genealogical and Historical Magazine, ខែ កក្កដា ឆ្នាំ ១៩២៦ ទំព័រ ១៩៣–៩៥ ។

  2. បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន

  3. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon—Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៥, ៧ ។

  4. គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៨ ។

  5. មរមន ៨:៣៤–៣៥ ។

  6. សូមមើល American Academy of Pediatrics, “Media and Children,” aap.org ។

  7. រ័សុល អិម ណិលសុន « Strengthen the Shepherds » ( សុន្ទរកថា​ដែល​បាន​ថ្លែង​នៅ​ការប្រជុំបំពាក់បំប៉ន​ថ្នាក់ដឹកនាំ​សន្និសីទ​ទូទៅ. ថ្ងៃ​ទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៦ ) ។

  8. សូមមើល Susan Easton Black, Finding Christ through the Book of Mormon ( ឆ្នាំ ១៩៨៧ ) ទំព័រ ១៦–១៨ ។

  9. គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:៦ ។

  10. មរ៉ូណៃ ១០:៤ សូមមើល​ផងដែរ ខ​ទី ៣, ៥ ។