ឆ្នាំ ២០១០-២០១៩
អង្គ​ព្យាបាល​ដ៏កំពូល
ខែ តុលា ឆ្នាំ ២០១៦


អង្គ​ព្យាបាល​ដ៏​កំពូល

បងប្អូន​ពុំ​ចាំបាច់​ត្រូវ​ជួប​នឹង​ទុក្ខសោក​ដែល​បណ្ដាល​មកពី​អំពើបាប ការ​ឈឺចាប់​ដែលបណ្ដាល​មកពី​ទង្វើ​របស់អ្នកដទៃ ឬ​ភាពពិត​អំពី​ជីវិត​រមែង​ស្លាប់​ដោយឈឺ​ចាប់—តែ​ម្នាក់​ឯង​នោះទេ ។

ឱកាស​ដ៏ជា​រង្វាន់​មួយ​របស់​ខ្ញុំ​​ គឺ​ការ​ធ្វើ​ដំណើរ—ដើម្បី​រៀនពី​បងប្អូនស្ដ្រី​ខ្ញុំ​នៅ​ទូទាំង​ពិភពលោក។ គ្មាន​អ្វី​ល្អ​ដូច​ការ​ធ្វើការ​រួមគ្នា មើល​មុខគ្នា ហើយ​បាន​ស្គាល់​គ្នា​នឹង​បង​ប្អូន​នោះ​ទេ។

អំឡុង​ពេលនៃ​បទពិសោធន៍​មួយ​ដូច្នេះ អ្នក​ដឹកនាំ​សមាគមសង្គ្រោះ​មួយរូប​បាន​សួរ​ថា « តើ​មាន​អ្វី​ជាក់លាក់​ដែល​ស្ត្រី​គួរ​ផ្ដោតទៅលើ​ឬ​ទេ ? »

ខ្ញុំ​បាន​តប​ថា « ចា៎ស មាន ! » ពេល​ដែល​ប្រសាសន៍​ប្រធាន ​រ័សុល អិម ណិលសុន ថា « ការ​អង្វរ​ដល់​បងប្អូន​ស្ត្រី​របស់​ខ្ញុំ » បាន​ផុស​ក្នុង​គំនិត​ខ្ញុំ ។ ប្រធាន ណិលសុន បាន​បង្រៀន​ថា « យើង​ត្រូវការ​ស្ត្រី​ដែល​មាន​ការ​យល់​ដឹង​រឹងមាំ​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » ។

នីហ្វៃ​បាន​ពិពណ៌នា​អំពី​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​តាម​របៀប​នេះ​ថា ៖

« ដ្បិត​ទ្វារ​ដែល​អ្នក​រាល់គ្នា​ត្រូវ​ចូល​នោះ គឺជា​ការ​ប្រែចិត្ត និង បុណ្យជ្រមុជ​ដោយ​ទឹក ហើយ​បន្ទាប់​មក​គឺជា​ការ​ផ្ដាច់​បាប​ទាំងឡាយ​របស់អ្នក​ដោយ​ភ្លើង និង ​ដោយ​ព្រះវិញ្ញាណ បរិសុទ្ធ ។ …

« ហើយ​ឥឡូវ… ខ្ញុំ​សូម​សួរ​ថា តើ​បាន​សម្រេច​សព្វ​គ្រប់​ហើយ​ឬ​នៅ ? មើលចុះ ខ្ញុំ​សូម​និយាយ​ទៅ​អ្នកថា ៖ ទេ ដ្បិត​អ្នក​រាល់គ្នា​មិនបាន​មក​ដល់​នេះ​ទេ លើក​លែង​តែ​ដោយ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ដោយ​មាន​សេចក្ដីជំនឿ ​ដ៏រឹងប៉ឹង​ដល់​ព្រះអង្គ ដោយ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅលើ​បុណ្យ​គុណ​របស់​ទ្រង់ ដែល​មាន​ឥទ្ធិឬទ្ធិ​ដើម្បី​សង្គ្រោះ ។

« ហេតុដូច្នេះ​ហើយ អ្នករាល់គ្នា​ត្រូវ​តែ​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មានចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប ។ ហេតុដូច្នោះ​ហើយ បើ​សិន​ជា​អ្នក​រាល់គ្នា​ខិតខំ​ជឿន​ទៅមុខ ដោយ​ទទួល​ទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ នោះ​ព្រះវរបិតា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ៖ អ្នករាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

« … នេះ​គឺជា​ផ្លូវ ហើយ​គ្មាន​ផ្លូវ​ឯណា​ទៀតទេ ឬ​នាម​ណា​ទៀត​នៅ​ក្រោម​មេឃ​នេះ ដែល​មនុស្ស​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ​ឡើយ ។ ហើយ​ឥឡូវ​នេះ មើល​ចុះ នេះ​គឺជា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » ។

ហេតុអ្វី​ក៏​យើង​ចាំបាច់​ត្រូវ​យល់ដឹងជាចម្បង​អំពី​គោលលទ្ធិ​ទាំងនេះ ?

ជា​ញឹកញាប់ ខ្ញុំ​បាន​ជួប​នឹង​ស្ត្រី​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយដែល​ត្រូវការ​ជំនួយ​យ៉ាង​ខ្លាំង ប៉ុន្តែ​ពួកគាត់​ពុំ​បាន​ងាក​ទៅ​រក​អង្គ​ដែល​អាច​ប្រទាន​ជំនួយ​ដ៏​អស់កល្បជានិច្ច​នៅ​ឡើយ​ទេ ។ ជាញឹកញាប់ ពួកគាត់​ព្យាយាម​ស្វែងយល់​ដោយ​ការ​ស្វែងរក​នៅក្នុង « អគារ​ដ៏​ធំ ហើយ​ទូលាយ » ។

នៅ​ពេល​យើង​​បង្កើន​ការ​យល់​ដឹង​របស់​យើង​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ នោះ​មិន​យូរទេ យើង​រកឃើញ​ថា យើង​កំពុង​បង្កើន​ការ​យល់ដឹង​កាន់តែខ្លាំង​អំពី « ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា » ។យើង​ក៏​ស្គាល់​ផងដែរ​ថា ព្រះអង្គសង្គ្រោះ​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ស្នូល​នៃ​ផែនការ​នោះ។

នៅពេល​យើង​ដឹង​អំពី​របៀប​អនុវត្ត​គោលលទ្ធិ​នៃព្រះគ្រីស្ទ​ទៅ​ក្នុង​ស្ថានភាព​របស់​យើង​ម្នាក់ៗ នោះ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអង្គសង្គ្រោះ​​រីក​ចម្រើនឡើង ។ ហើយ​យើង​​ស្គាល់​ « ថា​ទោះ​ជា​មាន​ភាពខុសគ្នា​យ៉ាង​ណា​ក្ដី យើង​ទាំងអស់​គ្នា​សុទ្ធតែ​ត្រូវការ​ដង្វាយធួន​ដ៏​ឥត​ព្រំដែន​ដូចគ្នា » ។ យើង​ដឹង​ថា ទ្រង់​គឺជា​គ្រឹះ​របស់​យើង—« សិលានៃព្រះដ៏ប្រោសលោះនៃ​យើង…​ដែល​ជា​គ្រឹះ​ដ៏​ខ្ជាប់​ខ្ជួន​មួយ …​បើ​សិនណា​ [យើង] ​សង់នៅលើ​នោះ នោះ​ [យើង] មិន​អាច​រលំ​បាន​ឡើយ » ។

តើ​គោលលទ្ធិ​នេះ​អាច​ប្រទាន​ពរ​ដល់​យើង នៅពេល​យើង​ស្វែងរក​ភាព​សុខសាន្ដ និងការ​យល់ដឹង ហើយ​ព្យាយាម​ដើម្បី​ប្រកាន់​ខ្ជាប់​ដោយ​អំណរ​នៅក្នុង​ដំណើរ​ជីវិត​រមែង​ស្លាប់​ដ៏​ពិសេស​របស់​យើង​យ៉ាង​ដូចម្ដេច ?

ខ្ញុំ​សូម​ផ្ដល់​យោបល់​ឲ្យ​យើង​ចាប់​ផ្ដើម​ដូចជា​នីហ្វៃ​និយាយ​ថា « ដោយ​មាន​សេចក្ដីជំនឿ​ដ៏រឹងប៉ឹង​ដល់ [​ព្រះគ្រីស្ទ] ដោយ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅលើ​បុណ្យ​គុណ​របស់​ទ្រង់ ដែល​មាន​ឥទ្ធិឬទ្ធិ​ដើម្បី​សង្គ្រោះ » ។ នោះ​សេចក្ដីជំនឿ​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ អាច​ឲ្យ​យើង​យក​ឈ្នះ​ឧបសគ្គ​គ្រប់​យ៉ាង ។

តាមពិត​យើង​ឃើញ​ជាញឹកញាប់​ថា​ជំនឿ​យើង​កាន់តែ​ខ្លាំង ហើយ​ទំនាក់​ទំនង​យើង​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់​ត្រូវ​បាន​ដុសខាត់​នៅក្នុង​គ្រា​លំបាក ។ ខ្ញុំសូម​ចែក​ឧទាហរណ៍ចំនួន​បី ។

ទីមួយ ព្រះអង្គសង្គ្រោះ ជា​អង្គ​ព្យាបាល​ដ៏​កំពូល មាន​ព្រះចេស្ដារ​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​យើង ហើយ​ផ្ដល់​នូវ​ការ​សង្គ្រោះ​ដ៏​និរន្ដរ៍​ដល់​យើង​ចេញ​ពី​ទុក្ខ​សោក​ដែល​បណ្ដាល​មក​ពី​អំពើបាប​ផ្ទាល់​ខ្លួន​របស់​យើង ។ នៅពេល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ដល់​ស្ត្រី​សាសន៍​សាម៉ារី​នៅ​ឯ​អណ្ដូង​ទឹក នោះ​ទ្រង់​បាន​ដឹង​អំពី​អំពើបាប​ដ៏​ធ្ងន់​ធ្ងរ​របស់​នាង​រួច​ទៅហើយ ។ ទោះជា​យ៉ាងណា « ព្រះអម្ចាស់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ »  ហើយ​ទ្រង់​​ដឹង​ថា​នាង​មាន​ដួងចិត្ត​ទទួល​រៀន ។

នៅ​ពេល​ស្ត្រី​នោះមក​ដល់​អណ្ដូង​ទឹក ព្រះយេស៊ូវ—ជា​តំណាង​ឲ្យ​ទឹករស់—​បាន​មានបន្ទូល​ដោយ​សាមញ្ញ​ថា « សូម​ឲ្យ​ខ្ញុំ​ផឹក​ផង » ។ ព្រះអង្គសង្គ្រោះ​របស់​យើង​នឹង​មានបន្ទូល​មកកាន់​យើង​ដូចគ្នា​នេះ ដោយ​សំឡេង​មួយ​ដែល​យើង​ស្គាល់ នៅពេល​យើង​មក​រក​ទ្រង់—ដ្បិត​ទ្រង់​ស្គាល់​យើង ។ ទ្រង់​ធ្វើ​ការ​តាម​ស្ថានភាព​បច្ចុប្បន្ន​របស់​យើង ។ ហើយ​ដោយសារ​តែ​ទ្រង់​ជា​នរណា និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង នោះទ្រង់​ជ្រាប ។ ដោយសារ​តែ​ទ្រង់​បាន​ស្គាល់​ការ​ឈឺចាប់​របស់​យើង នោះទ្រង់​អាច​ប្រទាន​ទឹករស់​ដល់​យើង នៅពេល​យើង​ស្វែងរក ។ ទ្រង់​បាន​បង្រៀន​ការណ៍​នេះ​ដល់​ស្រ្តី​សាសន៍​សាម៉ារី នៅពេល​ទ្រង់​មាន​បន្ទូល​ថា « បើ​សិន​ជា​នាង​បាន​ស្គាល់​អំណោយ​ទាន​នៃ​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង នោះ​នាង​នឹង​បាន​សូម​ពី​អ្នក​នោះ​វិញ រួច​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់ដល់​នាង » ។ ទីបំផុត​ស្ត្រី​នោះ​បាន​យល់ ហើយ​បាន​ឆ្លើយ​តប​ដោយ​សេចក្ដីជំនឿ រួច​សួរ​ថា « លោក​ម្ចាស់​អើយ សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ​ផង ដើម្បី​កុំឲ្យ​ខ្ញុំ​ស្រេក » ។

បន្ទាប់​ពី​ស្ត្រី​សាសន៍​សាម៉ារី​មាន​បទពិសោធន៍​នេះ​ជាមួយ​ព្រះអង្គសង្គ្រោះ នោះ​នាង​បាន « ទុក​ក្អម​ចោល ក៏​ចូល​ក្នុង​ក្រុង​ដំណាល​ប្រាប់​គេ​ថា

« ចូរ​មក​មើល មាន​មនុស្ស​ម្នាក់ ដែល​ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំង​អស់ ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះគ្រីស្ទ​ទេ​ឬ​អី ? »

នាង​បាន​ទទួល​សាក្សី​មួយ​—នាង​បាន​ចាប់​ផ្ដើម​ទទួលទាន​ទឹក​រស់—ហើយ​នាង​មាន​បំណង​ធ្វើ​ជា​សាក្សី​អំពី​ភាព​ជា​ព្រះ​របស់​ទ្រង់​ដល់​អ្នក​ដទៃ ។

នៅពេល​យើង​មក​រក​ទ្រង់​ដោយ​ដួងចិត្ត​រាបសារ និង​ដួងចិត្ត​ទទួល​រៀន—​ទោះ​ជា​ដួងចិត្ត​របស់​យើង​មាន​បន្ទុក​ធ្ងន់​ដោយ​កំហុស អំពើបាប និង​ការ​រំលង​ក្ដី—ទ្រង់អាច​ផ្លាស់ប្ដូរ​យើង « ​ព្រោះ​ទ្រង់​មាន​ឥទ្ធិឬទ្ធិ​ដើម្បី​សង្គ្រោះ» ។១០ ហើយ​ដោយ​មាន​ដួងចិត្ត​ផ្លាស់ប្ដូរ យើង​អាច​ធ្វើ​ ដូចជា​ស្ត្រី​សាសន៍​សាម៉ារី ចេញ​ទៅ​ក្នុង​ក្រុង​របស់​យើង—ផ្ទះ​សាលា និង​កន្លែង​ធ្វើការ​របស់​យើង—ធ្វើ​ជា​សាក្សី​​អំពីទ្រង់ ។

ទីពីរ អង្គ​ព្យាបាល​ដ៏កំពូល អាច​លួងលោម​ចិត្ត និង​ពង្រឹង​យើង នៅពេល​យើង​ជួប​នឹង​ការ​ឈឺចាប់ ដោយសារ​តែ​ទង្វើរ​អសុចរិត​របស់​អ្នកដទៃ ។ខ្ញុំមាន​ការ​សន្ទនា​ជាមួយ​នឹង​ស្ត្រីៗ​ដែល​មាន​បន្ទុក​ដ៏​ធ្ងន់​ជាច្រើន ។ ផ្លូវនៃ​សេចក្ដីសញ្ញា​របស់​ពួកគាត់​មកពី​ព្រះវិហារបរិសុទ្ធ បានក្លាយ​ជា​ដំណើរ​ដ៏​លំបាក​មួយ​នៃ​ការ​ព្យាបាល ។ ពួកគាត់​បាន​រងទុក្ខ​ដោយ​សារ​ការ​មិន​គោរព​សេចក្ដីសញ្ញា ខូច​ចិត្ត ហើយ​បាត់​បង់​ទំនុក​ចិត្ត ។ មាន​មនុស្ស​ជាច្រើន​បាន​រងគ្រោះ​ដោយ​អំពើ​កំផឹត ហើយ​ត្រូវ​បំពាន​ដោយ​ពាក្យ​សម្ដី ខាង​ផ្លូវ​ភេទ និង​សតិអារម្មណ៍ ដែល​ជា​ញឹកញាប់​វា​កើត​ចេញ​មកពី​ការ​ញៀន​របស់​មនុស្ស​ផ្សេង ។

បទពិសោធន៍​ទាំងនេះ ទោះ​ជា​មិន​មែន​ជា​កំហុស​របស់​ពួកគាត់​ផ្ទាល់​ក្ដី ក៏​វា​បាន​បន្សល់​ទុក​នូវ​អារម្មណ៍​ខុសឆ្គង និង​អៀន​ខ្មាស់​ជាច្រើន​ផងដែរ ។ ដោយ​មិន​យល់​អំពី​របៀប​គ្រប់គ្រង​លើ​អារម្មណ៍​ដ៏​ខ្លាំង​ក្លា​ដែល​ពួកគេ​មាននោះ​ ​ពួកគេ​ជាច្រើន​បាន​ព្យាយាម​មិន​អើពើ និង​បំ​ភ្លេច​ចោល ។

ក្ដី​សង្ឃឹម និង​ការ​ព្យាបាល គឺ​ពុំ​អាច​រក​បាន​នៅក្នុង​ការ​បិទ​បាំង​នោះទេ ប៉ុន្តែ​នៅក្នុង​ពន្លឺ និង​ក្ដីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​នៃ​យើង ។១១ អែលឌើរ រីឆាត ជី. ស្កត បាន​ទូន្មាន​ថា « បើ​អ្នក​ផ្ទាល់​គ្មាន​អំពើ​បាប​ធ្ងន់ធ្ងរ​ទេ នោះ​សូម​កុំ​ចាំបាច់​រងទុក្ខ​ដោយ​ព្រោះ​លទ្ធផល​នៃ​អំពើ​បាប​អ្នកដទៃ​ឡើយ ។ … អ្នក​អាចដឹង​ពី​ក្ដី​មេត្តា​ករុណា ។​ … តែ​អ្នក​ពុំ​គួរ​យក​ដាក់​លើ​ខ្លួន​នូវ​អារម្មណ៍​នៃ​ការ​ទទួល​ខុស​ត្រូវ​នោះ​ឡើយ។ … នៅ​ពេល​អ្នក​បាន​ធ្វើ​នូវ​អ្វី​ដែល​សម​ហេតុផល​ដើម្បី​ជួយ​មនុស្ស​​ដែល​អ្នក​ស្រឡាញ់ សូម​ដាក់​បន្ទុក​នៅ​ឯ​ព្រះបាទា​របស់​ព្រះអង្គសង្គ្រោះ​ចុះ ។ … ​ពេល​អ្នក​ធ្វើ​ដូច្នោះ អ្នកនឹង​ពុំ​គ្រាន់​តែ​រក​ឃើញ​នូវ​ភាព​សុខសាន្ដ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​បង្ហាញ​ពី​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះចេស្ដារ​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី​លើក​បន្ទុក​នៃ​អំពើបាប​ពី​មនុស្ស​ជា​ទីស្រឡាញ់​តាមរយៈ​ការ​កែប្រែចិត្ត និង​ការគោរព​ប្រតិបត្តិ​របស់​គាត់ » ។

លោក​បាន​បន្ត ៖ « ការ​ព្យាបាល​ទាំង​ស្រុង នឹង​កើត​មាន​តាមរយៈ​សេចក្ដីជំនឿ​របស់​អ្នក​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះ​ចេស្ដា ព្រមទាំង​ព្រះ​រាជសមត្ថភាព​របស់​ទ្រង់ តាមរយៈ​ដង្វាយធួន​ទ្រង់ ដើម្បី​ព្យាបាល​ស្លាក​ស្នាម​នៃ​អ្វី​ដែល​អយុត្តិធម៌ និង​មិន​សម​នោះ ។១២

បងប្អូន​ស្ត្រី​អើយ ប្រសិន​បើ​អ្នក​រកឃើញ​ថា​ខ្លួន​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​នេះ នោះ​ការ​ព្យាបាល​អាច​នឹង​ត្រូវការ​ពេល​យូរ ។ វា​នឹង​តម្រូវ​ឲ្យ​អ្នក​ស្វែងរក​ការ​ណែនាំ​ និង​ជំនួយ​ត្រឹមត្រូវ​ប្រកប​ដោយ​ការ​អធិស្ឋាន រួមទាំង​ការ​ប្រឹក្សា​ជាមួយ​នឹង ​អ្នកដឹកនាំ​បព្វជិតភាព​ដែល​បាន​តែងតាំង​ដោយ​ត្រឹមត្រូវ ។ នៅពេល​អ្នក​រៀន​​ទំនាក់ទំនង​ដោយ​បើក​ចំហរ ដាក់​ដែនកំណត់​ត្រឹមត្រូវ ហើយ​ប្រហែលជា​នឹង​ស្វែងរក​ការ​ប្រឹក្សា​ពី​អ្នក​មានវិជ្ជាជីវៈ ។ ការថែទាំ​សុខភាព​ខាង​វិញ្ញាណ​ក្នុង​ដំណើរ​ការ​នេះ​គឺ​សំខាន់​ណាស់ ! សូម​ចងចាំ​ពី​អត្តសញ្ញាណ​ដ៏ទេវភាព​របស់​អ្នក ។ អ្នក​គឺជា​បុត្រី​ជា​ទីស្រឡាញ់​របស់​ព្រះ​បិតា​មាតា​សួគ៌ ។ សូម​ទុកចិត្ត​ទៅលើ​ផែនការ​ដ៏​អស់កល្ប​របស់​ព្រះបិតា​សម្រាប់​អ្នក។ បន្ដ​បង្កើន​ការ​យល់ដឹង​របស់​អ្នក អំពី​គោលលទ្ធិ​របស់​ព្រះយេស៊ូវគ្រីស្ទ​ជា​ប្រចាំ​ថ្ងៃ ។ អនុវត្ត​សេចក្ដីជំនឿ​ប្រចាំ​ថ្ងៃ​ដើម្បី​ផឹក​ទឹករស់​ចេញ​ពី​អណ្ដូង​របស់​ព្រះអង្គសង្គ្រោះ​ឲ្យ​កាន់តែ​ច្រើន ។ ​ពឹងផ្អែក​ទៅលើ​ទាយ​ជ្ជទាន​នៃ​អំណាច​ដែល​មាន​សម្រាប់​យើង​ម្នាក់ៗ​តាមរយៈ​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងឡាយ ។ ហើយ​អនុញ្ញាត​ឲ្យ​អំណាច​នៃ​ការ​ព្យាបាល​របស់ព្រះអង្គសង្គ្រោះ​ និង​ដង្វាយធួន​របស់​ទ្រង់​កើត​មាន​នៅក្នុង​ជីវិត​អ្នក ។

ទីបី អង្គ​ព្យាបាល​ដ៏​កំពូល អាច​លួងលោម​ចិត្ត និង​គាំទ្រ​យើង នៅពេល​យើង​ជួប​នឹង « ភាពពិត​អំពី​ជីវិត​រមែង​ស្លាប់ » ដោយការ​ឈឺចាប់១៣ ដូចជា ភាព​អន្ដរាយ ជំងឺសសៃ​ប្រសាទ ជំងឺ ការឈឺ​រ៉ាំរ៉ៃ និង​សេចក្ដីស្លាប់ ។ ថ្មីៗ​នេះ ខ្ញុំ​បាន​ស្គាល់​យុវនារី​ដ៏​ល្អ​ម្នាក់ ឈ្មោះថា ចូស៊ី ដែល​រងទុក្ខដោយ​ជំងឺរវើរវាយ ។ នេះ​គឺ​គ្រាន់តែ​ជា​ដំណើររឿង​បន្ដិច​បន្ដួច​របស់​នាង​ឆ្ពោះ​ទៅកាន់​ការ​ព្យាបាល នៅពេល​នាង​បាន​ចែកចាយ​វា​ជា​មួយ​នឹង​ខ្ញុំ ៖

« ភាព​ខ្មៅ​ងងឹត​ដ៏​អាក្រក់​បំផុត​កើត​មាន​ឡើង​ចំពោះ​គ្រួសារ​ខ្ញុំ និង​ខ្ញុំ ដែល​យើង​ហៅ​វាថា​ជា ‹ ថ្ងៃ​ដេក​សន្ធឹង​សន្ធៃ​ › ។ វា​ចាប់​ផ្ដើម​ដោយ​ការ​មានអារម្មណ៍​ធុញ​ថប់ និង​ការ​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ ហើយ​តទល់​នឹង​សំឡេង ការ​ប៉ះ ឬ​ពន្លឺ​គ្រប់​ប្រភេទ ។ វា​គឺជា​ការ​រងទារុណ​ខាង​សតិអារម្មណ៍​ដ៏​លើសលប់ ។ មាន​ថ្ងៃ​មួយ​ដែល​ខ្ញុំ​ចាំ​មិនភ្លេច ។

« វា​គឺជា​គ្រា​ដំបូង​នៃជំងឺ​នោះ ដែល​វាជា​បទពិសោធន៍ដ៏​តក់​ស្លុត​ជា​ខ្លាំង ។ ខ្ញុំ​អាច​ចាំ​ថា​ទឹក​ភ្នែកបាន​ហូរ​ស្រោច​លើ​ផ្ទៃ​មុខ​របស់​ខ្ញុំ នៅពេល​ខ្ញុំ​ព្យាយាម​ត្រដរ​រក​ខ្យល់ ។ ប៉ុន្ដែខ្ញុំ​សង្កេត​ឃើញ​ថា ទោះ​ជា​ការ​រងទុក្ខ​ខ្ញុំមាន​ខ្លាំង​ក្ដី ​ក៏វា​នៅ​តិច​ជាង​ការ​ឈឺចាប់​របស់​ម្ដាយ​ខ្ញុំ​ដែល​ភ័យស្លន់ ហើយ​ចង់​ជួយ​ខ្ញុំ​យ៉ាង​ខ្លាំង​នោះ​ដែរ ។

« ការ​ឡប់​សតិ​របស់​ខ្ញុំ ធ្វើ​ឲ្យ​គាត់​ខូច​ចិត្ត​ជា​ខ្លាំង ។ តែ​យើង​ពុំ​យល់អស់​ទេ ទោះជា​ស្ថានភាព​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ក្ដី ក៏​យើង​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ការ​ជួប​នឹង​អព្ភូតហេតុ​ដ៏​ធំ​នោះដែរ ។

« នៅពេល​វា​មាន​សភាព​កាន់តែ​យូរ​ទៅៗ នោះ​ម្ដាយ​របស់​ខ្ញុំ​បាន​ខ្សឹប​ដាក់​ត្រចៀក​ខ្ញុំ​ម្ដងហើយ​ម្ដងទៀត​ថា ‹ ម្ដាយ​នឹងធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ដក​យក​វា​ចេញ​ពី​ខ្លួន​កូន › ។

« សម្រាប់​ពេល​ឥឡូវ​នេះ ភាព​ងងឹត​មាន​កាន់តែ​ខ្លាំង ហើយ​នៅពេល​ខ្ញុំ​ជឿ​ថា​ខ្ញុំ​ពុំ​អាច​ទ្រាំ​បាន​តទៅ​ទៀត នោះមាន​អ្វី​មួយ​កើត​ឡើង​ដោយ​អព្ភូតហេតុ ។

« អំណាច​ដ៏​អស្ចារ្យ និង​មហិមា​មួយ​បាន​មក​គ្របដណ្ដប់​លើ​រូបកាយ​ខ្ញុំ​មួយ​រំពេច ។ បន្ទាប់​មក ខ្ញុំ​បាន​ថ្លែង​ទៅ​ម្ដាយ​ខ្ញុំ​យ៉ាង​ជឿ​ជាក់ ‹ ជា​កម្លាំង​ដែល​មាន​លើស​ពី​ខ្លួន​ខ្ញុំ ›១៤ ដោយពាក្យ​សម្ដី​ដែល​ធ្វើឲ្យ​ផ្លាស់ប្ដូរ​ជីវិត និង​ជា​ការឆ្លើយ​តប​ទៅ​នឹងបំណង​ប្រាថ្នា​ដដែលៗ​របស់​គាត់​ថា​ចង់​រែក​បន្ទុក​នៃ​ការ​ឈឺចាប់​ជំនួស​ខ្ញុំ ។ ខ្ញុំ​បាន​និយាយ​ថា ‹ ម៉ាក់​ពុំ​ចាំបាច់​ធ្វើ​ដូច្នោះ​ទេ មាន​អង្គ​មួយ​បាន​ធ្វើ​រួច​ទៅ​ហើយ ​›» ។

ចេញ​ពី​ជង្ហុក​ងងឹត​នៃ​ជំងឺ​សតិអារម្មណ៍​ដ៏​គ្រោះថ្នាក់ ចូស៊ី បាន​ហៅ​រក​កម្លាំង​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។

នាង​ពុំ​ត្រូវ​បាន​ព្យាបាលទាំង​ស្រុង​នៅថ្ងៃនោះ​ទេ ប៉ុន្តែ​នាង​បាន​ទទួល​ពន្លឺ​នៃ​សេចក្ដីសង្ឃឹម​នៅក្នុង​គ្រា​ងងឹតដ៏​ខ្លាំង​នោះ ។ ហើយ​សព្វ​ថ្ងៃ​នេះ ដោយ​បាន​គាំទ្រ​ពីការ​យល់​ដឹង​ជា​ចម្បង​អំពី គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ហើយ​បាន​ពង្រឹង​ជា​ប្រចាំ​ថ្ងៃ​ដោយ​ទឹក​រស់​របស់​ព្រះអង្គសង្គ្រោះ នោះ​ចូស៊ី បាន​បន្ដ​ដំណើរ​របស់​នាង​ឆ្ពោះ​ទៅរក​ការ​ព្យាបាល​ឲ្យ​ជា ហើយ​អនុវត្ត​សេចក្ដីជំនឿ​ដោយ​ពុំ​ងាក​រេ​ទៅលើ​អង្គ​ព្យាបាល​ដ៏​កំពូល ។ នាង​ជួយ​អ្នកដទៃ​នៅ​តាម​ផ្លូវ​ផងដែរ ។ ហើយ​នាង​និយាយ​ថា « នៅពេល​ភាព​ងងឹត​ចេះ​តែ​មានជា​បន្ដបន្ទាប់ នោះ​ខ្ញុំ​ពឹង​ផ្អែក​ទៅលើ​ការ​ចងចាំ​ពី​ព្រះគុណ​ដ៏​ទន់​ភ្លន់​របស់​ទ្រង់ ។ វា​ធ្វើ​ជា​ពន្លឺ​ដឹកនាំ​មួយ នៅពេល​ខ្ញុំ​ពុះពារ​ប្រឈម​មុខ​នឹង​ស្ថានភាព​លំបាក​ទាំងឡាយ » ។១៥

បងប្អូន​ស្ត្រី​អើយ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ថា—

អ្នក​ពុំ​ចាំបាច់​ត្រូវ​បន្ដ​រែក​បន្ទុក​នៃ​ភាព​សោកសៅ​ដែល​បណ្ដាល​មកពី​អំពើបាប​—​តែ​ម្នាក់​ឯង​ទៀត​ទេ ។

អ្នក​ពុំ​ចាំបាច់​ត្រូវ​រែក​ការ​ឈឺចាប់​ដែល​បណ្ដាល​មកពី​ទង្វើ​អសុចរិត​របស់​អ្នក​ដទៃ—​តែ​ម្នាក់​ឯង​ទៀត​ទេ ។

អ្នក​ពុំ​ចាំបាច់​ត្រូវ​ជួប​នឹង​ភាព​ពិត​អំពីជីវិត​រមែង​ស្លាប់​ដោយ​ឈឺចាប់—តែ​ម្នាក់​ឯង​ទៀត​ទេ ។

ព្រះអង្គសង្គ្រោះ​​​បាន​អង្វរ​ថា

« តើ​អ្នករាល់​គ្នា​មិនចង់​ត្រឡប់​មក​រក​យើង ហើយ​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​អ្នក ហើយ​ប្រែចិត្ត​ជឿ​ដើម្បី​យើងអាច​ប្រោស​អ្នកឲ្យ​បាន​ជា​ទេ​ឬ ?

« …  បើ​សិន​ជា​អ្នករាល់គ្នា​មក​រក​យើង នោះ​អ្នករាល់គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ។ មើល​ចុះ ដៃ​នៃ​សេចក្ដីមេត្តា​ករុណា​របស់​យើង​សន្ធឹង​ទៅ​រក​អ្នក ហើយ​អស់អ្នកណា​ដែលមក អ្នក​នោះ​ហើយ​ដែល​យើង​នឹង​ទទួល  … » ។១៦

« [ទ្រង់] នឹង​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ដក​យក​វា​ចេញ​ពីអ្នក » ។ តាមពិត​ទៅ « [ទ្រង់] បាន​ធ្វើ​រួច​ទៅហើយ » ។ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​អង្គ​ព្យាបាល​ដ៏​កំពូល អាម៉ែន ។