ឆ្នាំ ២០១០-២០១៩
វា​ពុំ​ដែល​ឆាប់​ពេក ហើយ​វា​ក៏​ពុំ​យឺត​ពេក​នោះ​ដែរ
តុលា 2015


វា​ពុំ​ដែល​ឆាប់​ពេក ហើយ​វា​ក៏​ពុំ​យឺត​ពេក​នោះ​ដែរ

វា​ពុំ​ឆាប់​ពេក​នោះ​ទេ ហើយ​វា​ក៏​ពុំ​យឺត​ពេល​នោះ​ដែរ​ដើម្បី​ដឹក នាំ ហើយ​ដើរ​នៅ​ក្បែរ​កូនៗ​របស់​យើង ព្រោះ​គ្រួសារ​គឺ​និរន្តរ៍ ។

បងប្អូន​ប្រុស​ស្រី យើង​រួម​ចំណែក​ក្នុង​សង្គ្រាម​តតាំង​នឹង​លោកិយ ។ កាល​ពី​អតីត លោកិយ​ប្រយុទ្ធ​ដើម្បី​បាន​កម្លាំង និង ពេលវេលា ពី​កូនចៅ​របស់​យើង ។ បច្ចប្បន្ន​នេះ វា​ខ្នះខ្នែង​ប្រាប់​កូនចៅ​យើង​អំពី​អត្តសញ្ញាណ និង គំនិត​របស់​ពួកគេ ។ សំឡេង​កងរំពង និង ល្បីល្បាញ​កំពុង​ព្យាយាម​កំណត់​ថាតើ​កូនចៅ​យើង​ជា​នរណា និង អ្វី​ដែល​ពួកគេ​គួរតែ​ជឿ ។ យើង​ពុំ​អាច​ទុក​ឲ្យ​សង្គម​អូសទាញ គ្រួសារ​យើង​ឲ្យ​ក្លាយ​ទៅ​ដូចជា​ខាង​លោកិយ​បាន​ឡើយ ។ យើង​ត្រូវតែ​យក​ឈ្នះ​លើ​សង្គ្រាម​នេះ​ឲ្យ​បាន ។ អ្វី​គ្រប់​យ៉ាង​អាស្រ័យ​លើ​ការណ៍​នេះ​ហើយ ។

កុមារ​ក្នុង​សាសនាចក្រ​ច្រៀង​ចម្រៀង​មួយ ដែល​បង្រៀន​ពួកគេ​អំពី​អត្តសញ្ញាណ​ដ៏​ពិត​របស់​ពួកគេ ៖ « ខ្ញុំ​ជាកូន​របស់​ព្រះ » ។ … ហើយ​ទ្រង់​បាន​ចាត់​ខ្ញុំ​មក បាន​ឲ្យ​ផ្ទះ​ខ្ញុំ​នៅ​លើ​ផែនដី ជាមួយ​ឪពុក​ម្ដាយ » ។ បន្ទាប់​មក កុមារ​អង្វរ​យើង ៖ « នាំ​ខ្ញុំ ដឹក​ខ្ញុំ ដើរ​នៅ​ក្បែរ​ខ្ញុំ ។ … សូម​ជួយ​ខ្ញុំ​ឲ្យ​យល់​ព្រះបន្ទូល មុន​ពេល​កន្លង​ហួស​ទៅ » ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​យើង​នៅ​ក្នុង​សន្និសីទ​ទូទៅ​មុន​ថា ពី​ពេល​នេះ​តទៅ យើង​ត្រូវតែ​រួម​ចំណែក​ធ្វើ​ជា « ឪពុកម្ដាយ​ដែល​ចេះ​គិតគូរ » ។ ជំនាន់​នេះ​គឺ​លំបាក​ណាស់ ។ ប៉ុន្តែ​ដំណឹងល្អ​គឺ​ថា ព្រះ​ជ្រាប​ថា ការណ៍​នេះ​នឹង​ជា​បញ្ហា ហើយ​ទ្រង់​បាន​ប្រទាន​ឱវាទ​នៅ​ក្នុង​បទគម្ពីរ ឲ្យ​យើង​ដឹង​អំពី​របៀប​ជួយ​កូនៗ និង ចៅៗ​របស់​យើង ។

រូបភាព
ព្រះអង្គ​សង្គ្រោះ​ជាមួយ​កូន​ក្មេង​ក្នុង​ព្រះគម្ពីរ​មរមន

នៅ​ក្នុង​ព្រះគម្ពីរ​មរមន ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​ពួក​សាសន៍​នីហ្វៃ ។ ទ្រង់​បាន​ប្រមូល​ក្មេង​តូចៗ​ឲ្យ​មក​ជុំវិញ​ទ្រង់ ។ ទ្រង់​បាន​ប្រទានពរ​ពួកគេ អធិស្ឋាន​ឲ្យ​ពួកគេ ហើយ​ទ្រង់​បាន​ព្រះកន្សែង ។ ក្រោយ​មក ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ឪពុកម្ដាយ​ថា « មើល​ន៎ កូន​តូចៗ​របស់​អ្នក​រាល់​គ្នា » ។

ពាក្យ មើល​ន៎ មាន​ន័យ​ថា សម្លឹង​មើល ហើយ​ឃើញ ។ តើ​ព្រះយេស៊ូវ​មាន​ព្រះទ័យ ឲ្យ​ឪពុកម្ដាយ​មើល​ឃើញ​អ្វី​នៅ​ក្នុង​កូន​តូចៗ​របស់​ខ្លួន ? តើ​ទ្រង់​មាន​ព្រះទ័យ​ចង់ ឲ្យ​ពួកគេ ស្គាល់​អំពី​សក្ដានុពល​ដ៏​ទេវភាព​នៃ​កូនចៅ​របស់​ពួកគេ​ដែរ​ឬ​ទេ ?

នៅ​ពេល​យើង​មើល​ទៅ​កូនៗ និង ចៅៗ​របស់​យើង​សព្វ​ថ្ងៃ​នេះ តើ​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះទ័យ​ឲ្យ​យើង​មើល​ឃើញ​អ្វី​ក្នុង​ពួកគេ ? តើ​យើង​មាន​ដឹង​ថា កូនៗ​យើង​គឺ​ជា​ក្រុម​សាសនាគន់ការី​ដ៏​ធំ​ជាង​គេ​នៃ​សាសនាចក្រ​នេះ​ដែរ​ឬ​ទេ ? តើ​យើង​ត្រូវ​ធ្វើ​អ្វី ដើម្បី​នាំ​ពួកគេ​ឲ្យ​មាន​ការប្រែចិត្ត​ជឿ​ដ៏​អស់កល្ប​ជានិច្ច ?

នៅ​ក្នុង​គម្ពីរ​ម៉ាថាយ ព្រះអង្គ​សង្គ្រោះ​បង្រៀន​យើង​អំពី ការប្រែចិត្ត​ជឿ​ដ៏​អស់កល្ប​ជានិច្ច ។ មនុស្ស​មួយ​ក្រុម​ធំ​បាន​មក​ជុំ​គ្នា​ក្បែរ​សមុទ្រ​កាលីឡេ ដើម្បី​ស្ដាប់​ទ្រង់​បង្រៀន ។

ក្នុង​ឱកាស​នេះ ព្រះយេស៊ូវ​បាន​តំណាល​អំពី​ការដាំ​គ្រាប់​ពូជ—ជា​រឿង​ប្រដូច​នៃ​អ្នក​ព្រោះ​ពូជ ។ ក្នុង​ការបកស្រាយ​របស់​ទ្រង់​ទៅ​ដល់​ពួក​សិស្ស ហើយ​នៅ​ទីបំផុត​ទ្រង់​បាន​មាន​បន្ទូល​មក​យើង​ថា « កាល​ណា​បើ​អ្នក​ណា​ស្តាប់​ព្រះបន្ទូល​ពី​នគរ តែ មិន យល់ នោះ​អា​កំណាច​ក៏​មក​ឆក់​យក​សេចក្តី ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​អ្នក​នោះ​ទៅ​បាត់ » ។ សារលិខិត​សម្រាប់​ឪពុកម្ដាយ​នេះ​គឺ​ច្បាស់លាស់ ៖ វា​មាន​ភាពខុសគ្នា​រវាង ការស្ដាប់​ឮ និង ការយល់ ។ នៅ​ពេល​កូនៗ​យើង​គ្រាន់តែ​ឮ ប៉ុន្តែ​ពុំ​យល់​អំពី​ដំណឹងល្អ​ទេ លំដាប់​នោះ​សាតាំង​នឹង​មាន​ឱកាស ធ្វើ​ឲ្យ​ពួកគេ​លែង​ជឿ​លើ​សេចក្ដីពិត ។

យ៉ាង​ណា​ក៏​ដោយ បើ​យើង​អាច​ជួយ​ពួកគេ​ឲ្យ​ចាក់​ឫស​នៃ​ការប្រែចិត្ត​ជឿ​ស៊ប់ លំដាប់​នោះ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ កាល​ជីវិត​មាន​ការលំបាក—ហើយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​អាច​ផ្ដល់​អ្វី​មួយ ដែល​ពុំ​អាច​រង​ឥទ្ធិពល​ពី​ខាង​ក្រៅ​បាន​ឡើយ ។ តើ​យើង​អាច​ធានា​បាន​ថា សេចក្ដីពិត​ដ៏​មាន​អានុភាព​ទាំងនេះ ពុំ​ចូល​ត្រចៀក​ម្ខាង ហើយ​ចេញ​តាម​ត្រចៀក​ម្ខាង​ទៀត បាន​យ៉ាង​ដូចម្ដេច ? ការស្ដាប់​ឮ​ព្រះបន្ទូល​ពុំ​គ្រប់គ្រាន់​នោះ​ទេ ។

យើង​ទាំង​អស់​គ្នា​ដឹង​ថា ពាក្យ​ទាំងឡាយ​មាន​ការកែប្រែ ។ ពេល​ខ្លះ​យើង​និយាយ​ពាក្យ​យើង ហើយ​ពួកគេ​ឮ​ពាក្យ​របស់​ពួកគេ ។ អ្នក​អាច​និយាយ​ទៅ​កូន​តូច​អ្នក​ថា « កូន​ឯង​ដូចជា​ដោះសារ​ដដែលៗ » ។ ពួកគេ​ប្រហែល​ឆ្លើយ​ថា « ប៉ា ដដែលៗ​ម៉េច​ទៅ ? »

ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​បាន​ជោគជ័យ ព្រោះ​ពិត​ណាស់ ចុងក្រោយ​បំផុត ពួកគេ​គឺ​ជា​កូនចៅ​ទ្រង់​ពី​មុន​ពួកគេ​ជា​កូនៗ​របស់​យើង ។ ក្នុង​នាម​ជា​ឪពុកម្ដាយ​នៅ​ក្រុង​ស៊ីយ៉ូន អ្នក​បាន​ទទួល​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពេល​អ្នក​អធិស្ឋាន​សូម​ការណែនាំ « នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ​ដល់​អ្នក នូវ​គ្រប់​អ្វី​ទាំង​អស់ដែល​អ្នក​ត្រូវ​ធ្វើ » ក្នុង​ការបង្រៀន​កូនចៅ​របស់​អ្នក ។ នៅ​ពេល​អ្នក​អភិវឌ្ឍ​ដំណើរការ​នៃ​ការរៀនសូត្រ « នោះ​ព្រះ​ចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​នាំ​ពាក្យ​ទាំងនោះ​ចូល​ទៅ​ក្នុង​ចិត្ត​នៃ​កូនចៅ » ។

ខ្ញុំ​គិត​ថា គ្មាន​គំរូ​ក្នុង​ការជួយ​នរណាម្នាក់​ឲ្យ​បង្កើន​ការយល់​ដឹង​ណា ជា​ប្រសើរជាង​រឿង​របស់ ហេលែន ឃែលើរ នោះ​ទេ ។ នាង​ងងឹត​ភ្នែក ព្រមទាំង​ថ្លង់ ហើយ​បាន​រស់នៅ​ក្នុង​ពិភពលោក​ដែល​ងងឹត និង​ស្ងប់ស្ងៀម​មួយ ។ គ្រូ​បង្រៀន​ម្នាក់​ឈ្មោះ អានី ស៊ូលីវ៉ាន់ បាន​មក​ជួយ​នាង ។ តើ​អ្នក​នឹង​បង្រៀន​ក្មេង​ម្នាក់ ដែល​ពុំ​អាច​មើល ឬ ស្ដាប់​ឮ​អ្នក​យ៉ាង​ដូចម្ដេច ?

រូបភាព
Helen Keller and Anne Sullivan

អស់​ពេល​ជា​យូរ អានី បាន​ពុះពារ​និយាយ​ជាមួយ ហេលែន ។ ថ្ងៃ​មួយ​ជិត​កណ្ដាល​ថ្ងៃ​ត្រង់ គាត់​បាន​នាំ​នាង​ទៅ​កាន់​អណ្ដូងស្នប់ ។ គាត់​បាន​ដាក់​ដៃ ហេលែន ម្ខាង​នៅ​ក្រោម​ទ​បង្ហូរ​ទឹក ហើយ​បាន​ចាប់ផ្ដើម​សប់​ទឹក ។ ពេល​នោះ អានី បាន​ប្រកប​ពាក្យ ទ-ឹ-ក នៅ​លើ​ដៃ​ម្ខាង​ទៀត​របស់ ហេលែន ។ គ្មាន​អ្វី​បាន​កើត​ឡើង​នោះ​ទេ ។ ដូច្នេះ គាត់​បាន​ព្យាយាម​ម្ដង​ទៀត ។ ទ-ឹ-ក  ។ ហេលែន បាន​ក្ដាប់​ដៃ អានី ដោយសារ​នាង​បាន​ចាប់ផ្ដើម​យល់ ។ ទម្រាំ​ដល់​ពេលយប់ នាង​បាន​រៀន​ចេះ ៣០ ពាក្យ ។ តែ​ក្នុង​ពេល​ប៉ុន្មាន​ខែ នាង​បាន​រៀន​ចេះ ៦០០ ពាក្យ ហើយ​អាច​អាន​សៀវភៅ Braille បាន ។ ហេលែន ឃែលើរ បាន​ទទួល​បរិញ្ញា​ពី​មហាវិទ្យាល័យ ហើយ​បាន​ជួយ​ផ្លាស់ប្ដូរ​ពិកភពលោក​សម្រាប់​មនុស្ស​ងងឹត​ភ្នែក និង ថ្លង់ ។ វា​គឺ​ជា​អព្ភូហេតុ​មួយ ហើយ​គ្រូបង្រៀន​របស់​នាង ធ្វើ​ឲ្យ​មាន​អព្ភូហេតុ​កើតឡើង គឺ​ដូច​ជា​អ្នក​ដែល​នឹង​ក្លាយ​ទៅជា​ឪពុក​ម្តាយ ។

ខ្ញុំ​បាន​ឃើញ​លទ្ធផល​របស់​គ្រូ​បង្រៀន​ដ៏​អស្ចារ្យ​ម្នាក់​ទៀត កាល​កំពុង​បម្រើ​ជា​ប្រធានស្តេក​ពួក​មជ្ឃិមវ័យ​នៅ​លីវ​នៅ ប៊ី.វ៉ាយ.យូ–អៃដាហូ ។ បទពិសោធន៍​នោះ បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្ញុំ ។ នា​ល្ងាច​ថ្ងៃ​អង្គារ​ដ៏​ពិសេស​មួយ ខ្ញុំ​បាន​សម្ភាស​យុវជន​ម្នាក់​ឈ្មោះ ផាប់ប្លូ មក​ពី​ទីក្រុង ម៉ិកស៊ីកូ ដែល​បាន​ចង់​បម្រើ​បេសកកម្ម ។ ខ្ញុំ​បាន​សួរ​គាត់​អំពី​ទីបន្ទាល់ និង បំណង​របស់​គាត់​ក្នុង​ការបម្រើ ។ គាត់​បាន​ឆ្លើយ​សំណួរ​ខ្ញុំ​បាន​យ៉ាង​ល្អ​ឥតខ្ចោះ ។ ក្រោយ​មក ខ្ញុំ​បាន​សួរ​អំពី​ភាពសក្ដិសម​របស់​គាត់ ។ គាត់​បាន​ឆ្លើយ​តាម​ត្រង់ ។ តាម​ពិត ចម្លើយ​ទាំងនោះ​ល្អ តែ​ខ្ញុំ​បាន​ឆ្ងល់​ថា « ប្រហែល​គាត់​ពុំ​យល់​អំពី​អ្វី ដែល​ខ្ញុំ​កំពុង​សួរ​នោះ​ទេ » ។ ដូច្នេះ ខ្ញុំ​បាន​រៀប​ពាក្យ​សួរ​ឡើង​វិញ ហើយ​បាន​សម្រេច​ថា គាត់​បាន​ដឹង​យ៉ាង​ប្រាកដ​នូវ​អ្វី​ដែល​ខ្ញុំ​ចង់​សួរ ហើយ​គាត់​មាន​ភាពស្មោះត្រង់​ជាខ្លាំង ។

ខ្ញុំ​ស្ញើច​សរសើរ​យុវជន​រូប​នេះ រហូត​ដល់​ខ្ញុំ​បាន​សួរ​ថា « ផាប់ប្លូ តើ​នរណា​ដែល​បាន​ជួយ​ប្អូន ឲ្យ​មក​ដល់​ចំណុច​នេះ​នៃ​ជីវិត ដោយ​ឈរ​យ៉ាង​ទៀងត្រង់​នៅ​ចំពោះ​ព្រះអម្ចាស់​យ៉ាង​ដូចនេះ ? »

គាត់​បន្លឺ​ថា « គឺ​ប៉ា​របស់​ខ្ញុំ » ។

ខ្ញុំ​ថ្លែង « ផាប់ប្លូ សូម​ប្រាប់​អំពី​ប្រវត្តិ​របស់​ប្អូន » ។

ផាប់ប្លូ បាន​បន្ត ៖ « កាល​ខ្ញុំ​អាយុ​ប្រាំបួន​ឆ្នាំ ប៉ា​របស់​ខ្ញុំ​បាន​ដាក់​ខ្ញុំ​ឲ្យ​អង្គុយ ហើយ​ប្រាប់​ថា ‹ ផាប់ប្លូ ប៉ា​ក៏​ធ្លាប់​មាន​អាយុ​ប្រាំបួន​ឆ្នាំ​ដែរ ។ នេះ​ជា​អ្វី​ដែល​កូន នឹង​ជួប​ប្រទះ ។ កូន​នឹង​ឃើញ​មនុស្ស​លួច​បើក​មើល នៅ​ឯ​សាលា ។ កូន​នឹង​ស្ថិត​ក្នុង​ចំណោម​មនុស្ស ដែល​ប្រើ​ពាក្យ​មិន​ល្អ ។ កូន​នឹង​មាន​ថ្ងៃ​ណា​មួយ ដែល​កូន​ពុំ​ចង់​ទៅ​ព្រះវិហារ ។ ឥឡូវ បើ​រឿង​ទាំង​នេះ​កើត​ឡើង—ឬ មាន​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​កូន​មាន​បញ្ហា—ប៉ា​ចង់​ឲ្យ​កូន​មក ហើយ​ពិភាក្សា​ជាមួយ​ប៉ា ហើយ​ប៉ា​នឹង​ជួយ​កូន​ឲ្យ​ឆ្លងកាត់​ការណ៍​ទាំង​នោះ ។ ហើយ​ប៉ា​នឹង​ប្រាប់​កូន អំពី​អ្វី​ដែល​កើត​ឡើង​បន្ទាប់​ពី​អាយុ​នេះ › » ។

ខ្ញុំ​បាន​សួរ​ថា « អញ្ចឹង ផាប់ប្លូ តើ​គាត់​បាន​ប្រាប់​ប្អូន​ដូចម្ដេច កាល​ប្អូន​អាយុ ១០ ឆ្នាំ ? »

« គាត់​បាន​ព្រមាន​ខ្ញុំ​អំពី​ការណ៍​អាសគ្រាម និង សម្ដី​លេង​សើច​ចម្អះចម្អូម » ។

« ចុះ​ពេល​ប្អូន​មាន​អាយុ ១១ ឆ្នាំ ? »

« គាត់​បាន​ព្រមាន​ខ្ញុំ​អំពី​ការណ៍​នានា ដែល​អាច​ធ្វើ​ឲ្យ​ញៀន ហើយ​បាន​រំឭក​ខ្ញុំ​អំពី​ការប្រើ​សិទ្ធិ​ជ្រើសរើស » ។

នេះ​គឺ​ជា​ឪពុក ដែល​បាន​ជួយ​កូន​ប្រុស​គាត់ « មួយ​បន្ទាត់​ម្ដងៗ ឯណេះ​បន្ដិច ឯណោះ​បន្ដិច »១០ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពុំ​មែន​គ្រាន់តែ​ឲ្យ​ឮទេ ប៉ុន្តែ​ថែមទាំង​យល់​ផង ។ ឪពុក​ផាប់ប្លូ​បាន​ដឹង​ថា ក្មេនៗ​របស់​យើង​រៀន​ចេះ នៅ​ពេល​ពួកគេ​រួចរាល់​ដើម្បី​រៀន ពុំ​មែន​នៅ​ពេល​យើង​រួចរាល់​ដើម្បី​បង្រៀន​នោះ​ទេ ។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​ផាប់ប្លូ កាល​យើង​បាន​បញ្ជូន​ពាក្យសុំ​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​របស់​គាត់​នា​ល្ងាច​នោះ ប៉ុន្តែ​ខ្ញុំ​ក៏​កាន់តែ​មាន​មោទនភាព​ចំពោះ​ឪពុក​ផាប់ប្លូ​ខ្លាំង​ទៅ​ទៀត ។

នា​ល្ងាច​នោះ ពេល​កំពុង​បើក​ឡាន​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា « តើ​ផាប់ប្លូ​នឹង​កា្លយ​ជា​ឪពុក​ប្រភេទ​ណា ? » ចម្លើយ​គឺ​ច្បាស់​ណាស់ ៖ គាត់​នឹង​ធ្វើ​ដូចជា​ឪពុក​គាត់​អញ្ចឹង ។ ព្រះយេស៊ូវ បាន​មាន​បន្ទូល​ថា « ព្រះរាជបុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី ដោយ​ព្រះអង្គ​ទ្រង់​បាន​ទេ ធ្វើ​បាន​តែ​ការ​អ្វី​ដែល​ឃើញ​ព្រះវរបិតា​ធ្វើ » ។១១ នេះ​គឺ​ជា​បែបបទ​ដែល​ព្រះវរបិតាសួគ៌ ប្រទានពរ​ដល់​កូនចៅ​ទ្រង់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ។

ពេល​ខ្ញុំ​បន្ត​គិត​អំពី​បទពិសោធន៍​ខ្ញុំ​ជាមួយ​ផាប់ប្លូ ខ្ញុំ​មាន​អារម្មណ៍​ក្រៀមក្រំ ព្រោះ​កូន​ស្រី​ទាំង​បួន​នាក់​របស់​យើង​បាន​ធំ​ឡើង ហើយ​ចៅ​ទាំង​ប្រាំបួន​នាក់​ដែល​ខ្ញុំ​មាន​នៅ​គ្រា​នោះ ពុំ​បាន​រស់នៅ​ក្បែរ​ខ្ញុំ​ឡើយ ។ ពេល​នោះ ខ្ញុំ​គិត​ថា « តើ​ខ្ញុំ​អាច​ជួយ​ពួកគេ ដូចជា​ឪពុក​ផាប់ប្លូ​បាន​ជួយ​គាត់​បាន​តាម​របៀប​ណា​ទៅ ? តើ​ពេល​វេលា​ជា​ច្រើន បាន​កន្លង​ទៅ​ហើយ​ឬ ? » កាល​ខ្ញុំ​អធិស្ឋាន​ក្នុង​ចិត្ត ព្រះវិញ្ញាណ​បាន​ខ្សឹប​ប្រាប់​សេចក្ដីពិត​ស៊ីជម្រៅ​នេះ​ដល់​ខ្ញុំ ៖ « វា​ពុំ ដែល​ឆាប់​ពេក ហើយ​វា​ក៏​ពុំ​យឺត​ពេក​នោះ​ដែរ ដើម្បី​ចាប់ផ្ដើម​ការណ៍​ដ៏​សំខាន់​នេះ » ។ ខ្ញុំ​បាន​ដឹង​ភ្លាម​ថា ការណ៍​នោះ​មាន​ន័យ​ដូចម្ដេច ។ ខ្ញុំ​ស្ទើរតែ​ពុំ​អាច​ចាំ ទាល់​តែ​ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ​នោះ​ទេ ។ ខ្ញុំ​បាន​សុំ​ឲ្យ​ភរិយា​ខ្ញុំ ស្សារ៉ូល ទូរស័ព្ទ​ទៅ​កូន​យើង​ទាំង​បួន​នាក់ ហើយ​ប្រាប់​ពួកគេ​ថា យើង​ចង់​ទៅ​លេង​ពួកគេ ព្រោះ​ខ្ញុំ​មាន​អ្វី​មួយ​សំខាន់​ដើម្បី​ប្រាប់​ពួកគេ ។ ការផ្ដល់ដំណឹង​ភ្លាមៗ​របស់​ខ្ញុំ​បាន​បំភ័យ​ពួកគេ​ខ្លះ​ដែរ ។

យើង​បាន​ចាប់ផ្ដើម ជួប​កូនស្រី​ច្បង​របស់​យើង ព្រមទាំង​ស្វាមី​នាង ។ ខ្ញុំ​និយាយ ៖ « ម្ដាយ​កូន និង ប៉ា ចង់​ឲ្យ​កូន​ដឹង​ថា យើង​ធ្លាប់​មាន​អាយុ​ដូច​កូន​ម្ដង​ដែរ ។ យើង​បាន​មាន​អាយុ ៣១ ឆ្នាំ ដោយ​មាន​គ្រួសារ​តូច​មួយ ។ យើង​ដឹង​អំពី​អ្វី​ដែល​កូន​អាច​នឹង ជួប​ប្រទះ ។ វា​អាច​ជា​បញ្ហា​ខាង​ហិរញ្ញវត្ថុ ឬ សុខភាព ។ វា​អាច​ជា​បញ្ហា​ខាង​សេចក្ដី​ជំនឿ ។ កូន​អាច​មាន​អារម្មណ៍​សន្ធប់​ក្នុង​ជីវិត ។ ពេល​ការណ៍​នេះ​កើត​ឡើង ប៉ា​ចង់​ឲ្យ​កូន​មក ហើយ​ពិភាក្សា​ជាមួយ​យើង ។ យើង​នឹង​ជួយ​កូន​ឲ្យ​ឆ្លងកាត់​ការណ៍​ទាំង​នោះ ។ យើង​ពុំ​ចង់​ជ្រៀតជ្រែក​ជីវិត​កូន​រាល់​ពេល​ទេ ប៉ុន្តែ យើង​ចង់​ឲ្យ​កូន​ដឹង​ថា យើង​តែងតែ​គាំទ្រ​កូន​ជានិច្ច ។ ហើយ​កាល​យើង​ជួបជុំ​គ្នា​នេះ ប៉ា​ចង់​ប្រាប់​កូន​អំពី​បទសម្ភាសន៍​មួយ ដែល​ប៉ា​បាន​ធ្វើ​ជាមួយ​យុវជន​ម្នាក់​ឈ្មោះ ផាប់ប្លូ » ។

បន្ទាប់​ពី​បាន​ប្រាប់​រឿង​ហើយ ខ្ញុំ​ពោល​ថា « យើង​ពុំ​ចង់​ឲ្យ​កូន​ខកខាន​ក្នុង​ការជួយ​កូនៗ​របស់​កូន និង ចៅៗ​របស់​ប៉ា​ឲ្យ​យល់​អំពី​សេចក្ដីពិត​ដ៏​សំខាន់​នេះ​ឡើយ » ។

បងប្អូន​ប្រុស​ស្រី ឥឡូវ​ខ្ញុំ​ទទួល​ស្គាល់​តាម​របៀប​កាន់តែ​មាន​ន័យ អំពី​អ្វី​ដែល​ព្រះអម្ចាស់​រំពឹង​ពី​ខ្ញុំ​ក្នុង​នាម​ជា​ឪពុក និង ក្នុង​នាម​ជីតា​មួយ​រូប ក្នុង​ការស្ថាបនា​ដំណើរការ​មួយ​ដើម្បី​ជួយ​គ្រួសារ​ខ្ញុំ ពុំ​ឲ្យ​គ្រាន់តែ​ស្ដាប់​ឮ​ទេ ប៉ុន្តែ ថែមទាំង​យល់​ផង ។

កាល​ខ្ញុំ​ចម្រើន​វ័យ​កាន់តែ​ចាស់ ខ្ញុំ​នឹក​ឃើញ​ពាក្យ​ទាំងនេះ ៖

ពេល​វេលា​អើយ ពេល​វេលា​អើយ សូម​ត្រឡប់​មក​វិញ

ហើយ​សូម​ឲ្យ​ពួកគេ​ក្លាយ​ជា​កូន​តូចៗ​របស់​ខ្ញុំ​វិញ តែ​មួយ​យប់​ក៏​បាន​ដែរ !១២

ខ្ញុំ​ដឹង​ថា ខ្ញុំ​ពុំ​អាច​បង្វិល​ពេលវេលា​ថយ​ក្រោយ​បាន​ទេ ប៉ុន្តែ ឥឡូវ​ខ្ញុំ​ដឹង—ថា​វា​ពុំ​ឆាប់​ពេក​នោះ​ទេ ហើយ​វា​ក៏​ពុំ​យឺត​ពេល​នោះ​ដែរ​ដើម្បី​ដឹក នាំ ហើយ​ដើរ​នៅ​ក្បែរ​កូនៗ​របស់​យើង ព្រោះ​គ្រួសារ​គឺ​និរន្តរ៍ ។

នេះ​គឺ​ជា​សក្ខីភាព​របស់​ខ្ញុំ​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​យើង​ខ្លាំង​ក្រៃ ទើប​ទ្រង់​បញ្ជូន​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​ព្រះអង្គ ឲ្យ​មក​រស់នៅ​ក្នុង​ជីវិត​រមែងស្លាប់ ដើម្បី​ព្រះយេស៊ូវ​អាច​មាន​បន្ទូល​មក​យើង​ថា « ខ្ញុំ​គង់​ជាមួយ​អ្នក ខ្ញុំ​ដឹង​អំពី​អ្វី​ដែល​កើតឡើង​បន្ទាប់ ហើយ​ខ្ញុំ​នឹង​ជួយ​អ្នក​ឆ្លង​កាត់​វា​បាន » ។ ខ្ញុំ​ដឹង​ថា ទ្រង់​នឹង​ធ្វើ​ដូចនេះ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. « ខ្ញុំ​ជា​កូន​របស់​ព្រះ » ទំនុកតម្កើង លេខ ១៨៨ ។

  2. សូម​មើល រ័សុល អិម ណិលសុន « The Sabbath Is a Delight » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៣១ ។

  3. សូមមើល នីហ្វៃ​ទី ៣ ១៧:២១  ។

  4. នីហ្វៃទី ៣ ១៧:២៣  ។

  5. សូម​មើល ម៉ាថាយ ១៣:១-១៣

  6. ម៉ាថាយ ១៣:១៩ ការសង្កត់ធ្ងន់​ត្រូវ​បាន​បន្ថែម ។

  7. នីហ្វៃទី ២ ៣២:៥

  8. នីហ្វៃទី ២ ៣៣:១

  9. សូម​មើល “Anne Sullivan,” biography.com/people/anne-sullivan-9498826; “Helen Keller,” biography.com/people/helen-keller-9361967 ។

  10. អេសាយ ២៨:១០

  11. យ៉ូហាន ៥:១៩

  12. ដកស្រង់​ចេញ​ពី កំណាព្យ​របស់ អេលីស្សាបែត អេឃើរ អាលែន « Rock Me to Sleep » នៅ​ក្នុង ការបោះពុម្ព​របស់ វិល្លាម ខូលីន ប្រាយអិន បណ្ណាល័យ​ក្រុមគ្រួសារ​នៃ​កំណាព្យ និងចម្រៀង ( ឆ្នាំ ១៨៧០ ) ទំព័រ ២២២–២៣ ។