ឆ្នាំ ២០១០-២០១៩
សេចក្តី​ជំនឿ​ពុំ​មែន​កើត​មក​ពី​ភាពចៃដន្យ​នោះ​ទេ ប៉ុន្តែ​មក​ពី​ជម្រើស​វិញ
តុលា 2015


សេចក្តី​ជំនឿ​ពុំ​មែន​កើត​មក​ពី​ភាពចៃដន្យ​នោះ​ទេ ប៉ុន្តែ​មក​ពី​ជម្រើស​វិញ

សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អំណោយ​មួយ​ពី​ឋានសួគ៌​ដែល​ប្រទាន​មក នៅពេល​យើង​ជ្រើសរើស​ដើម្បី​ជឿ និង នៅពេល​យើង​ស្វះស្វែង​រក​វា ហើយ តោង​ជាប់​នឹង​វា ។

ព្រះអង្គ​សង្គ្រោះ​ជ្រាប​ដឹង​ពី​ភាពខ្លាំង ឬ ភាព​ខ្សោយ​នៃ​សេចក្តីជំនឿ​របស់​មនុស្ស​ដែល​នៅ​ជុំ​វិញ​ទ្រង់ ។ ចំពោះ​មនុស្ស​ម្នាក់ ទ្រង់​មាន​បន្ទូល​ថា « អ្នក​មាន​សេចក្តី​ជំនឿ​ជា​ខ្លាំង​មែន » ។ ទ្រង់​មាន​បន្ទូល​យ៉ាង​សោកស្តាយ​ចំពោះ​ម្នាក់​ផ្សេង​ទៀត​ថា « ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ » ។ ទ្រង់​បាន​សួរ​អ្នក​ផ្សេង​ទៀត « តើ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា ? » ហើយ​ព្រះយេស៊ូវ​បង្ហាញ​ការគោរព​ដល់​មនុស្ស​ផ្សេង​ទៀត​ដោយ​បន្ទូល​ថា « [ ទោះ​ទាំង​នៅ​ក្នុង​សាសន៍​អ៊ីស្រាអែល​ផង ] ខ្ញុំ​មិន​ដែល​ឃើញ​សេចក្តី​ជំនឿ​ជា​ខ្លាំង​ដល់​ម៉្លេះ​ទេ » ។

ខ្ញុំ​បាន​សួរ​ខ្លួន​ឯងថា « តើ​ព្រះអង្គ​សង្គ្រោះ​ឃើញ​សេចក្តី​ជំនឿ​របស់​ខ្ញុំ​តាម​របៀប​ណា ? » ហើយ​រាត្រី​នេះ​ខ្ញុំ​សូម​សួរ​អ្នក​ថា « តើ​ព្រះអង្គ​សង្គ្រោះ​ឃើញ​សេចក្តី​ជំនឿ​របស់​អ្នក​តាម​របៀប​ណា ? »

សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ពុំ​មែន​ជា​អ្វី​ដែល​អណ្តែត​រាយ​ពាយ​នៅ​ក្នុង​ខ្យល់​នោះ​ឡើយ ។ សេចក្តី​ជំនឿ​ពុំ​មែន​កើត​មាន​ចំពោះ​យើង​ដោយ​ចៃដន្យ ឬ​នៅ​ជាប់​នឹង​យើង​ដោយសារ​តែ​មរតក​របស់​បង​ច្បង​ឡើយ ។ វា​គឺ​ដូច​ជា​ព្រះគម្ពីរ​ចែង​ថា « ជា​ចិត្ត​ដែល​ដឹង​ជាក់… ជា​សម្គាល់​ពី​ការ​ដែល​មើល​មិន​ឃើញ » ។ សេចក្តី​ជំនឿ​បញ្ចេញ​ពន្លឺ​ខាង​វិញ្ញាណ ហើយ​ពន្លឺ​នោះ​គឺ​អាច​ញែក​ចេញ​បាន ។ សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អំណោយ​មួយ​ពី​ឋានសួគ៌​ដែល​ប្រទាន​មក នៅពេល​យើង​ជ្រើសរើស​ដើម្បី​ជឿ និង នៅពេល​យើង​ស្វះស្វែង​រក​វា ហើយ តោង​ជាប់​នឹង​វា ។ សេចក្តី​ជំនឿ​អាច​ប្រែ​កាន់តែ​ខ្លាំង​ឡើងៗ ឬ ក៏​អាច​ចុះ​ខ្សោយ​ទៅៗ ។ សេចក្តី​ជំនឿ​គឺ​ជា​គោលការណ៍​នៃ​អំណាច ពុំ​មែន​សំខាន់​គ្រាន់តែ​សម្រាប់​ជីវិត​នេះ​នោះ​ទេ ប៉ុន្តែ​វា​សំខាន់​នៅ​ក្នុង​ការរីកចម្រើន​របស់​យើង​បន្ទាប់​ពី​សេចក្តី​ស្លាប់ ។ តាមរយៈ​ព្រះគុណ​នៃ​ព្រះគ្រីស្ទ នោះ​ថ្ងៃ​ណា​មួយ យើង​នឹង​ត្រូវបាន​សង្គ្រោះ​តាមរយៈ​សេចក្តី​ជំនឿ​លើ​ព្រះនាម​ទ្រង់ ។ អនាគត​នៃ​សេចក្តី​ជំនឿ​របស់​អ្នក​គឺ​ពុំ​មែន​កើត​មក​ពី​ភាពចៃដន្យ​នោះ​ទេ ប៉ុន្តែ​មក​ពី​ជម្រើស​វិញ ។

សេចក្ដី​ជំនឿ​របស់​យុវជន​ប្រេស៊ីល​ម្នាក់

កាល​ពី​ខែ​មុន​នៅក្នុង​ប្រទេស​ប្រេស៊ីល ខ្ញុំ​បាន​ជួប​នឹង អារ៉ូលដូ កាវ៉ាល់ខេនធេ ។ គាត់​បាន​ជ្រមុជ​ទឹក​ក្នុង​វ័យ ២១ ឆ្នាំ ជា​សមាជិក​ទីមួយ​នៃ​សាសនាចក្រ​នៅក្នុង​គ្រួសារ​គាត់ ។ សេចក្តី​ជំនឿ​របស់​គាត់​ពុះ​កញ្ជោល​យ៉ាង​ខ្លាំង ហើយ​ភ្លាម​នោះ​គាត់​បាន​ចាប់ផ្តើម​ត្រៀម​ខ្លួន​បម្រើ​បេសកកម្ម ។ ជា​អកុសល ម្តាយ​របស់​អារ៉ូលដូ​ត្រូវបាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​មហា​រីក ។ បី​ខែ​ក្រោយ​មក គ្រាន់តែ​ប៉ុន្មាន​ថ្ងៃ​ពីមុន​គាត់​ស្លាប់ គាត់​បាន​ថ្លែង​ទៅ​កាន់​អារ៉ូលដូ​ពី​កង្វល់​ដ៏​ធំ​របស់​គាត់ ៖ ដោយសារ​គ្មាន​សាច់​ញាតិ​ណា​ជួយ​ពួកគេ​ឡើយ ។ អារ៉ូលដូ​នឹង​ត្រូវ​ទទួល​ភារៈកិច្ច​ទាំងស្រុង​ចំពោះ​ប្អូន​ស្រី​ពីរនាក់ និង ប្អូន​ប្រុស​ម្នាក់​ទៀត​របស់​គាត់ ។ គាត់​បាន​សន្យា​ជាមួយ​ម្តាយ​គាត់​ដោយ​ម៉ឹងម៉ាត់ ។

រូបភាព
បងប្អូន​កាវ៉ាល់ខេនធេ

គាត់​បាន​ធ្វើការ​នៅ​ធនាគារ​នៅពេល​ថ្ងៃ ហើយ​ទៅ​រៀន​សាកលវិទ្យាល័យ​នៅពេល​យប់ ។ គាត់​បាន​បន្ត​គោរព​សេចក្តី​សញ្ញា​បុណ្យ​ជ្រមុជទឹក​របស់​ខ្លួន ប៉ុន្តែ​សេចក្តី​សង្ឃឹម​ដើម្បី​បម្រើ​បេសកកម្ម​ពេញម៉ោង​ត្រូវបាន​រលាយ​បាត់​អស់ ។ បេសកកម្ម​របស់​គាត់​គឺ​ត្រូវ​មើល​ថែទាំ​គ្រួសារ​ខ្លួន ។

ច្រើន​ខែ​ក្រោយ​មក អំឡុង​ពេល​រៀបចំ​ការឡើង​និយាយ​នៅ​ម៉ោង​សាក្រាម៉ង់ អារ៉ូលដូ​បាន​សិក្សា​ពាក្យ​ដែល​សាំយូអែល​បន្ទោស​ទៅ​កាន់​ស្តេច​សូល ៖ គាត់​អាន​ថា « ដែល​ស្តាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញបូជា » ។១០ អារ៉ូលដូ​បាន​ហាក់​បី​ដូច​ជា​បាន​ទទួល​ការបំផុស​គំនិត​ដ៏​អស្ចារ្យ ដែល​គាត់​ត្រូវតែ​ស្តាប់​បង្គាប់​ការហៅ​របស់​ព្យាការី​ឲ្យ​បម្រើ​បេសកកម្ម ។ ដោយ​គ្មាន​មន្ទិល​សង្ស័យ​ពី​ឧបសគ្គ​នៅ​ចំពោះ​មុខ​ខ្លួន នោះ​គាត់​បាន​បោះ​ជំហាន​ទៅមុខ​ជាមួយ​នឹង​សេចក្តី​ជំនឿ​ដ៏​អស្ចារ្យ ។

រូបភាព
អែលឌើរ អារ៉ូលដូ កាវ៉ាល់ខេនធេ

អារ៉ូលដូ​បាន​សន្សំ ប្រាក់ គ្រប់​កាក់​គ្រប់​សេន​ដែល​គាត់​អាច​ធ្វើ​បាន ។ នៅ​អាយុ ២៣ ឆ្នាំ គាត់​បាន​ទទួល​ការបម្រើ​បេសកកម្ម​របស់​ខ្លួន ។ គាត់​បាន​ប្រាប់​ប្អូន​ប្រុស​គាត់​ពី​ចំនួន​ប្រាក់​ដែល​ត្រូវ​ដក​រាល់​ខែ​​​ពី​គណនី​របស់​គាត់​សម្រាប់​គ្រួសារ ។ អារ៉ូលដូ​នៅតែ​ពុំ​ទាន់​មាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​បង់​ថ្លៃ​ចំណាយ​ពេញ​លេញ​សម្រាប់​បេសកកម្ម និង ការ​រស់នៅ​សម្រាប់​បងប្អូន​ប្រុសស្រី​របស់​គាត់​នៅ​ឡើយ ប៉ុន្តែ​ដោយ​សេចក្តី​ជំនឿ​នោះ​គាត់​បាន​ចូល​ទៅ​អិម. ធី. ស៊ី ។ មួយ​សប្តាហ៍​ក្រោយ​មក គាត់​បាន​ទទួល​ពរជ័យ​ដំបូង​នៃ​ពរជ័យ​ជា​ច្រើន ។ ដោយ​ពុំ​បាន​រំពឹង​ទុក ធនាគារ​ដែល​បាន​ជួល​អែលឌើរ កាវ៉ាល់ខេនធេ ឲ្យ​ធ្វើការ​នោះ បាន​ផ្តល់​ប្រាក់​ទ្វេដង​ដល់​គាត់​នៅពេល​គាត់​ឈប់​ធ្វើការ ។ អព្ភូតហេតុ​នេះ រួម​ជាមួយ​នឹង​ជំនួយ​ផ្សេងៗ​ទៀត បាន​ផ្តល់​នូវ​ប្រាក់​ចំណូល​ដ៏​ចំាបាច់​សម្រាប់​បេសកកម្ម​របស់​គាត់ និង​ដល់​គ្រួសារ​គាត់​អំឡុង​ពេល​គាត់​អវត្តមាន ។

រូបភាព
គ្រួសារ​កាវ៉ាល់ខេនធេ​នៅ​សព្វ​ថ្ងៃ

ម្ភៃ​ឆ្នាំ​ក្រោយ​មក​បងប្រុស កាវ៉ាល់ខេនធេ គឺ​កំពុង​បម្រើ​ជា​ប្រធាន​ស្តេក រ៉េស៊ីហ្វ ប្រេស៊ីល ប៉ោ វីយ៉ាហ្គេម នា​ពេល​ឥឡូវ​នេះ ។ រំឭក​ពី​អតីតកាល​នោះ គាត់​បាន​ថ្លែង​ពី​គ្រា​នោះ​ថា « នៅពេល​ខ្ញុំ​ព្យាយាម​រស់នៅ​ដោយ​សុចរិត នោះ​ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់ និង ការដឹកនាំ​ពី​ព្រះអង្គ​សង្គ្រោះ ។ សេចក្តី​ជំនឿ​របស់​ខ្ញុំ​បាន​រីកចម្រើន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​យក​ឈ្នះ​លើ​ឧបសគ្គ​ជា​ច្រើន​របស់​ខ្ញុំ » ។១១ សេចក្តី​ជំនឿ​របស់​អារ៉ូលដូ​ពុំ​មែន​កើត​មក​ពី​ភាពចៃដន្យ​នោះ​ទេ ប៉ុន្តែ​មក​ពី​ជម្រើស​វិញ ។

មាន​បុរស និង ស្ត្រី​ជា​ច្រើន​នៅក្នុង​សាសនាគ្រិស្ត​ដែល​មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ហើយ​យើង​សូម​ផ្តល់​កិត្តិយស ហើយ គោរព​ពួកគាត់ ។

ពុំ​ឈរ​នៅ​លើ​ដី​អព្យាក្រឹត​ទៀត​ឡើយ

ប៉ុន្តែ​បងប្អូន​ប្រុស​អើយ យើង​ត្រូវ​បាន​ទទួល​អ្វីៗ​ជា​ច្រើន ៖ គឺ​បព្វជិតភាព​នៃ​ព្រះ ជា​អំណាច​នៃ​ព្រះ​ដែល​បានស្តារ​ឡើង​វិញ​មក​លើ​ផែនដី​នេះ​តាមរយៈ​ពួក​ទេវតា​ដ៏​បរិសុទ្ធ ។ ចំណុច​នេះ​ធ្វើ​ឲ្យ​អ្នក​ខុស​ប្លែក​ពី​មនុស្ស​ដទៃ ។ អ្នក​ពុំ​ឈរ​នៅ​លើ​ដី​អព្យាក្រឹត​ទៀត​ឡើយ ។ សេចក្តី​ជំនឿ​របស់​អ្នក​នឹង​រីកចម្រើន​ឡើង ពុំ​មែន​កើត​មក​ពី​ភាពចៃដន្យ​នោះ​ទេ ប៉ុន្តែ​មក​ពី​ជម្រើស​វិញ ។

របៀប​ដែល​យើង​រស់នៅ​នឹង​បង្កើន ឬ បន្ថយ​សេចក្តី​ជំនឿ​របស់​យើង ។ ការអធិស្ឋាន ការគោរព​ប្រតិបត្តិ សេចក្តីទៀងត្រង់ ភាព​បរិសុទ្ធ នៃ​គំនិត និង ទង្វើ ព្រមទាំង ភាព​មិន​អាត្មានិយម​បង្កើន​នូវ​សេចក្តី​ជំនឿ ។ ប្រសិន​បើ​គ្មាន​ចំណុច​ទាំង​នេះ​ទេ នោះ​សេចក្តី​ជំនឿ​នឹង​ថមថយ ។ ហេតុអ្វី​ព្រះអង្គ​សង្គ្រោះ​បាន​ថ្លែង​ទៅ​ពេត្រុស​ថា « ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បី​មិន​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ » ។១២ ដោយសារ​មាន​មារសត្រូវ​ម្នាក់​ដែល​ត្រេកអរ​ក្នុង​ការបំផ្លាញ​សេចក្តី​ជំនឿ​របស់​យើង ! ចូរ​ការ​ពារ​សេចក្ដី​ជំនឿ​របស់​អ្នក​កុំ​ស្រាកស្រាន្ដ​ឡើយ ។

សំណួរ​ស្មោះត្រង់

ការថ្លែង​សំណួរ​ដោយ​ស្មោះត្រង់ គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការស្ថាបនា​សេចក្តី​ជំនឿ ហើយ​យើង​ប្រើ​ទាំង​ប្រាជ្ញា និង អារម្មណ៍​របស់​យើង ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា « យើង​នឹង​ប្រាប់​អ្នក​នៅ​ក្នុង​គំនិត​របស់​អ្នក និង នៅ​ក្នុង​ចិត្ត​របស់​អ្នក » ។១៣ ពុំមែន​គ្រប់​ចម្លើយ​ទាំងអស់​នឹង​បាន​ទទួល​ភ្លាមៗ​នោះ​ទេ ប៉ុន្តែ​ស្ទើរតែ​គ្រប់​សំណួរ​ទាំងអស់​អាច​ត្រូវបាន​ទទួល​ចម្លើយ​តាមរយៈ​ការសិក្សា និង ការស្វះស្វែងរក​ចម្លើយ​ពី​ព្រះ ។ ការប្រើ​គំនិត​របស់​យើង​ដោយ​ពុំ​ប្រើ​ដួងចិត្ត​របស់​យើង នឹង​ពុំ​នាំ​មក​នូវ​ចម្លើយ​ខាង​វិញ្ញាណ​នោះ​ទេ ។ « ហើយ​បើ​មិនមែន [ ជា ]​ព្រះវិញ្ញាណ​នៃ​ព្រះ នោះ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​សណ្ឋាន​ព្រះ​បាន​ដែរ » ។១៤ ហើយ​ដើម្បី​ជួយ​យើង ព្រះយេស៊ូវ​បាន​សន្យា​ប្រទាន​ដល់​យើង​នូវ « ព្រះ​ដ៏​ជា​ជំនួយ​មួយ​អង្គ​ទៀត »ហើយ​ហៅ​ទ្រង់​ថា« ជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិត » ។១៥

សេចក្តី​ជំនឿ​ពុំ​ទាមទារ​នូវ​ចម្លើយ​ចំពោះ​គ្រប់​សំណួរ​នោះ​ទេ ប៉ុន្តែ​វា​ស្វែងរក​ការបញ្ជាក់ និង ការលើក​ទឹកចិត្ត​ឲ្យ​ឈាន​ឆ្ពោះ​ទៅមុខ ទោះបី​ជា​ពេល​ខ្លះ​យើង​អាច​ទទួល​ស្គាល់​ថា « ខ្ញុំ​ពុំ​ចេះ​គ្រប់​យ៉ាង​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​គ្រប់គ្រាន់​ដើម្បី​បន្ត​ដើរ​នៅលើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស » ។១៦

ការបន្ត​មុជ​ខ្លួន​ឯង​នៅ​ក្នុង​ភាព​មន្ទិល​សង្ស័យ នោះ​នឹង​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​របស់​មនុស្ស​ម្នាក់​លើ​ព្រះយេស៊ូវគ្រីស្ទ និង ការស្តារ​ឡើង​វិញ​ទន់​ខ្សោយ ដោយសារ​ចម្លើយ​មក​ពី​មនុស្ស​ដែល​មាន​ជំនឿ​តិច និង មនុស្ស​ដែល​គ្មាន​ជំនឿ ។១៧ « មនុស្ស​ខាង​សាច់​ឈាម​គេ​មិន​ទទួល​សេចក្តី​ខាង​ឯ​ព្រះវិញ្ញាណនៃ​ព្រះ​ទេ ពី​ព្រោះ​ជា​សេចក្តី​ល្ងង់ល្ងើ​ដល់​គេ » ។១៨

ឧទាហរណ៍ សំណួរ​ទាក់ទង​នឹង​ព្យាការី​យ៉ូសែប ស្ម៊ីធ ពុំមែន​ជា​សំណួរ​ថ្មីថ្មោង​នោះ​ទេ ។ សំណួរ​នោះ​បាន​សួរ​​​ដោយ​ពួក​អ្នក​រិះគន់ តាំងពី​កិច្ចការ​នេះ​បាន​ចាប់ផ្តើម​ម្ល៉េះ ។ ចំពោះ​បុរស​នៃ​សេចក្តី​ជំនឿ​ទាំងអស់ ដែល​ស្វែងរក​តាមរយៈ​ចំណេះ​ដឹង​ដែល​មាន​មក​ពី​សំណួរ​ដ៏​ស្មោះត្រង់​នៅ​សត្សវត្សរ៍​ទី ២១​នេះ​អំពី​ព្រឹត្តិការណ៍ ឬ សេចក្តីថ្លែងការណ៍​នានា​អំពី​ព្យាការី យ៉ូសែប ជិត ២០០​ឆ្នាំ​មុន​នោះ ខ្ញុំ​សូម​ចែកចាយ​ការទូន្មាន​ដ៏​រីករាយ​នេះ ៖ ឥឡូវ សូម​ទុក​ឲ្យ​បងប្រុស​ស្ម៊ីធ​សម្រាក​ខ្លះ​ទៅ ! នៅ​ថ្ងៃ​អនាគត​មួយ អ្នក​នឹង​មាន​ព័ត៌មាន​ច្រើន​ជាង​រាល់​កម្មវិធី​ស្រាវជ្រាវ​សព្វថ្ងៃនេះ​រួម​បញ្ចូល​គ្នា​ដល់​ទៅ​១០០ ដង​ឯនោះ ហើយ​វា​បាន​មក​ពី​ព្រះវរបិតា​សួគ៌​របស់​យើង​ដែល​ត្រាស់​ដឹង​រឿង​គ្រប់​យ៉ាង ។១៩ ចូរ​ពិចារណា​អំពី​ជីវិត​របស់​យ៉ូសែប​ទាំង​មូល—ដែល​បាន​កើតមក​ក្នុងភាព​ក្រីក្រ ហើយ​មាន​ការអប់រំ​ជាផ្លូវ​ការ​តិចតួច គាត់ បាន​បក​ប្រែ​ព្រះគម្ពីរ​មរមន តិចជាង ៩០ ថ្ងៃ ។២០ មានបុរស​ស្ត្រី​ស្មោះត្រង់​ដប់ពាន់​នាក់ បាន​ឱប​ក្រសោប​យក​បុព្វហេតុ​នៃ​ការ​ស្ដារឡើងវិញ ។ នៅ​អាយុ ៣៨​ឆ្នាំ យ៉ូសែប​បាន​ផ្សារភ្ជាប់​ទីបន្ទាល់​របស់​លោក​ជាមួយ​នឹង​លោហិត​ខ្លួន ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា យ៉ូសែប ស៊្មីធ​គឺ​ជា​ព្យាការី​នៃ​ព្រះ ។ សូម​ជឿ​រឿង​នេះ​ចុះ ហើយ​បន្ត​ឆ្ពោះ​ទៅ​មុខ !

អំណោយ​ដែល​ពង្រីក​សេចក្ដី​ជំនឿ​របស់​​យើង

ទាំង​​ព្រះគម្ពីរ​ប៊ីប និង ព្រះគម្ពីរ​មរមន ​បាន​ផ្តល់​ការបញ្ជាក់ដ៏​ល្អ​ដល់​យើង​​​​ថា ​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ នៅ​ក្នុង​ដៃ​ខ្ញុំ​គឺ​ជា​គម្ពីរ​មរមន​ជា​ភាសា​បារាំង​ដែល​បោះពុម្ព​មុន​ដំបូង​គេ ដែល​បាន​បោះពុម្ព​ដោយ យ៉ូហាន ថេលើរ នៅពេល​លោក​បាន​ចាប់ផ្តើម​កិច្ចការ​នេះ​នៅ​ក្នុង​ប្រទេស​បារាំង​ក្នុង​ឆ្នាំ ១៨៥២ ។ ឥឡូវ​នេះ ព្រះគម្ពីរ​មរមន​មួយ​ចំនួន ឬ ទាំងអស់​មាន​ជា ១១០ ភាសា​នៅ​ទូទាំង​ពិភពលោក ។ វា​ផ្តល់​សាក្សី​ខាង​វិញ្ញាណ និង ជាក់ស្តែង​អំពី​ភាពពិត​ដ៏​ពោរពេញ​នៃ​ការស្តារ​ឡើង​វិញ​នេះ ។ តើ​ពេល​ណា ដែល​ជា​ពេល​ចុង​ក្រោយ​ដែល​អ្នក​អាន​ព្រះគម្ពីរ​មរមន​តាំង​ពី​ដើម​រហូត​ដល់​ចប់​នោះ ? សូម​អាន​វា​ម្តង​ទៀត ។ វា​នឹង​បង្កើន​ជំនឿ​របស់​អ្នក ។២១

អំណោយ​មួយ​ទៀត​មក​ពី​ព្រះ​ដែល​ពង្រីក​សេចក្តី​ជំនឿ​របស់​យើង​នោះ​គឺ ការណែនាំ​ពី​គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់ ។ នៅ​ថ្ងៃ​នេះ​យើង​បាន​គាំទ្រ​សមាជិក​ថ្មី​បី​រូប​នៃ​ពួក​ដប់ពីរនាក់ ហើយ​ខ្ញុំ​សូម​ស្វាគមន៍​ដល់​អែលឌើល រ៉ាសបែន អែលឌើរ ស្ទីវិនសុន និង​អែលឌើរ រិនឡាន់​មក​កាន់​ក្រុម​ដ៏​ពិសិដ្ឋ​នៃ​កូរ៉ុម​នៃ​ពួក​ដប់​ពីរនាក់ ។ ប៉ុល បាន​មាន​ប្រសាសន៍​ថា ៖

« ​ទ្រង់​បាន [ ហៅ ] សាវក និង…ព្យាការី …

« ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង … ៖

« ទាល់​តែ​យើង​រាល់​គ្នា​បាន​រួបរួម…ខាង​ឯ​សេចក្តី​ជំនឿ…​រួច​ជា​ស្រេច ហើយ…​បាន​ស្គាល់​ព្រះរាជបុត្រា​នៃ​ព្រះ …  ៖

« ដើម្បី​កុំ​ឲ្យ​​…​ត្រូវ…គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្តី​បង្រៀន​បោក ហើយ​ផាត់​យើង​ចុះ​ឡើង ដោយ​សេចក្តី​ឆបោក​របស់​ផង​មនុស្ស …​ដោយ​ឧបាយកល [ នៃ​អស់​អ្នក​ដែល ] នាំ​ឲ្យ​វង្វេង​ទៀត​ឡើយ » ។២២

ការណែនាំ​ពី​គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់​ជួយ​ការពារ​សេចក្តី​ជំនឿ​របស់​យើង ។

រូបភាព
ភ្លើង​នៃ​សេចក្ដី​ជំនឿ

ទោះ​បី​ជា​ភ្លើង​នៃ​សេចក្តី​ជំនឿ​ដំបូង​របស់​អ្នក អាច​មាន​តិចតួចក្តី ជម្រើស​សុចរិត​នាំ​មក​ទំនុក​ចិត្ត​កាន់តែ​ច្រើន​ឡើង​លើ​ព្រះ ហើយ​សេចក្តីជំនឿ​របស់​អ្នក​រីកចម្រើន ។ ភាព​លំបាក​នៃ​ជីវិត​រមែង​ស្លាប់​បក់​ទាស់​នឹង​អ្នក ហើយ​កម្លាំង​នៃ​សេចក្តី​អាក្រក់​បន្ត​នៅក្នុង​ភាពងងឹត​ដោយ​រំពឹង​ចាំ​ពន្លត់​ភ្លើង​នៃ​ជំនឿ​អ្នក​ ។ ប៉ុន្តែនៅពេល អ្នក​បន្ដ​ធ្វើ​ការ​ជ្រើសរើស​ត្រឹមត្រូវ ទុកចិត្ត​លើ​ព្រះ ហើយ​ធ្វើ​តាម​ព្រះរាជបុត្រា​ទ្រង់ នោះព្រះអម្ចាស់​បញ្ជូន​ពន្លឺ និង​ចំណេះ​ដឹង​ថែមទៀត ហើយជំនឿ​របស់​អ្នក នឹង​បាន​រឹងមាំ ហើយ​ពុំ​យោល​យោគ​ឡើយ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា៖ « ចូរ​កុំ​ខ្លាច​ឡើយ ។ …អនាគត​គឺ​ភ្លឺ​ត្រចះត្រចង់​ដូចជា​សេចក្តី​ជំនឿ​របស់​អ្នក​ដែរ » ។២៣

ផតធើរ, ស្សែន និង​ម៉ាក​អូពិនស្ស

សេចក្តី​ជំនឿ​របស់​យុវជន​នៃ​សាសនាចក្រ​នេះ​គឺ​អស្ចារ្យ​ណាស់ !

រូបភាព
គ្រួសារ​អូពិនស្ស

នៅ​ថ្ងៃ​ទី ១២ ខែ​មិថុនា​ឆ្នាំ​នេះ ខ្ញុំ​បាន​ទទួល​អ៊ីម៉ែល​មួយ​ប្រាប់​ខ្ញុំ​ថា​ប៊ីស្សព​ម្នាក់​មក​ពី​វួដ​មួយ​នៅ​រដ្ឋ យូថាហ៍ ភរិយា​របស់​លោក និង កូន​ពីរ​នាក់​របស់​ពួកគេ​បានស្លាប់​នៅក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ​មួយ ។ ប៊ីស្សព ម៉ាក អូពិនស្ស បាន​បើក​យន្តហោះ នៅពេល​ចាកចេញ​ពី​ព្រលាន​តូច​មួយ ភ្លាម​នោះ​វា​បាន​ធ្លាក់​ពី​លើ​មេឃ​មក​បុក​នឹង​ដី ។ ប៊ីស្សព អូពិនស្ស ភរិយា​របស់​លោក អែមមី និង កូនៗ​របស់​លោក ធែននើរ និង អែលលី បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​នោះ​ដែរ ។ ដោយ​អព្ភូតហេតុ​កូន​ប្រុស​អាយុ​ប្រាំ​ឆ្នាំ​របស់​ពួកគេ ម៉ាស្ស ត្រូវបាន​ខ្ទាត​ចេញ​ពី​កៅ​អី​យន្តហោះ​បាន​រួច​ជីវិត ប៉ុន្តែ​បាន​បាក់​ឆ្អឹង​ច្រើន​កន្លែង ។

ខ្ញុំ​បាន​ដឹង​ថា កូន​ប្រុស​របស់​ពួកគេ​គឺ​អែលឌើរ ផតធើរ អូពិនស្ស កំពុង​បម្រើ​នៅក្នុង​បេសកកម្ម​ម៉ាស្សល កោះ​ម៉ាហូរ៉ូ ហើយ​ថា​កូន​ប្រុស​អាយុ ១៧​ឆ្នាំ​របស់​ពួកគេ​ឈ្មោះ ស្សែន នៅឯ​សាលា​នៅ​ប្រទេស​អាល្លឺម៉ង់​ក្នុង​ឱកាស​ផ្លាស់ប្តូរ​វប្បធម៌ ។

ខ្ញុំ​បាន​ទូរសព្ទ​ទៅ​អែលឌើរ អូពិនស្ស នៅ​កោះ​គ្រីស្ទម៉ាស់ ។ ទោះបី​ជា​មាន​ការខកចិត្ត​ដោយ​ការស្លាប់​ដែល​ពុំ​បាន​រពឹង​ទុក​របស់​ម្តាយ ឪពុក ប្អូន​ប្រុស និង ប្អូន​ស្រី​របស់​ខ្លួន​ក្តី ក៏​ភ្លាមនោះ​អែលឌើរ អូពិនស្ស បាន​ខ្វល់​ពី​ប្អូន​ប្រុស​ទាំងពីរ​របស់​ខ្លួន​វិញ ។

ទីបំផុត​គឺ​អែលឌើរ អូពិនស្ស និង ប្អូន​ប្រុស​របស់​គាត់ ស្សែន ដែល​បាន​សម្រេច​ចិត្ត​ថា​មនុស្ស​ផ្សេង​ទៀត​អាច​ជួយ​កិច្ចការ​នៅ​ផ្ទះ ហើយ​ថា​ផតធើរ​គួរតែ​បន្ត​បេសកកម្ម​របស់​គាត់​ទៀត ។ ពួកគេ​បាន​ដឹង​ថា នោះ​ជា​អ្វី​ដែល​ឪពុក​ម្តាយ​របស់​ពួកគេ​ចង់​បាន ។

រូបភាព
អែលឌើរ​ផតធើរ អូពិនស្ស​នៅ​ឯ​ពិធី​បុណ្យ​ជ្រមុជទឹក​មួយ

នៅពេល​ខ្ញុំ​បាន​និយាយ​ជាមួយ​អែលឌើរ អូពិនស្ស នោះ​ខ្ញុំ​យល់​ពី​អារម្មណ៍​សោកស្តាយ​របស់​គាត់ ប៉ុន្តែ​ខ្ញុំ​ក៏​យល់​ពី​ភ្លើង​ដែល​មិន​ចេះ​រលត់​នៃ​សេចក្តី​ជំនឿ​របស់​គាត់​ដែរ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា « ខ្ញុំ​មាន​ទំនុកចិត្ត ហើយ​ខ្ញុំ​ដឹង​ដោយ​គ្មាន​សង្ស័យ​អ្វី​សោះ​ថា ខ្ញុំ​នឹង​ជួប​គ្រួសារ​ខ្ញុំ​ម្តង​ទៀត ។ … កម្លាំង​នៅក្នុង​ការសាកល្បង​របស់​យើង​គឺ​តែង​រកឃើញ​ជានិច្ច​នៅក្នុង … ព្រះអម្ចាស់​របស់​យើង​គឺ ព្រះយេស៊ូវ​គ្រីស្ទ ។ … ព្រះហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ​បាន​ជួយ [ ខ្ញុំ ] និង ប្អូនប្រុស​ខ្ញុំ​យ៉ាង​ច្បាស់​ឲ្យ​ឆ្លង​កាត់​ឧបសគ្គ​ដ៏​សែន​លំបាក [ នេះ ] » ។២៤

រូបភាព
ស្សែន អូពិនស្ស​និយាយ​នៅ​ឯ​ពិធី​បុណ្យ​សព

ខ្ញុំ​បាន​ជួប​ស្សែន​លើក​ដំបូង​នៅ​ពិធី​បុណ្យ​សព ។ នៅពេល​ខ្ញុំ​បាន​មើល​ទៅ​មជ្ឈូស​បួន​នៅ​ចំពោះ​មុខ​យើង​នៅក្នុង​សាលា​ប្រជុំ នោះ​ខ្ញុំ​បាន​ភ្ញាក់ផ្អើល​ចំពោះ​សេចក្តី​ជំនឿ​របស់​ក្មេង​អាយុ ១៧​ឆ្នាំ​នេះ នៅពេល​គាត់​បាន​ថ្លែង​ទៅ​កាន់​ក្រុម​ជំនុំ ។ គាត់​និយាយ​ថា « ថ្ងៃ​នេះ យើង​បាន​ជួបជុំ​គ្នា​ដោយ​មាន​ចិត្ត​រាបសា និង ព្រលឹង​ព្រួយ​លំបាក ដើម្បី​ចងចាំ​ពី​ជីវិត​របស់​ម្តាយ ឪពុក​ខ្ញុំ ធែននើរ និង អែលលី ។ … យើង​បាន​ជជែក​គ្នា យំ​ជាមួយ​គ្នា ចងចាំ​គ្នា ហើយ​ដឹង​ពី​ព្រះហស្ត​របស់​ព្រះ​ចំពោះ​យើង​ទាំងអស់​គ្នា ។ …

« មួយ​ថ្ងៃ​ពី​មុន​ខ្ញុំ​បាន​ដឹង​ដំណឹង​គ្រោះ​ថ្នាក់​នេះ ខ្ញុំ​បាន​ឃើញ​សំបុត្រ​មួយ​ពី​ម៉ាក់​ខ្ញុំ​នៅ​ក្នុង​កាបូប​របស់​ខ្ញុំ ។ នៅក្នុង​សំបុត្រ​នោះ​គាត់​បាន​សរសេរ ៖ ‹ ស្សែន ចូរចាំ​ថា​កូន​គឺ​ជា​នរណា ហើយ​ថា​កូន​មក​ពី​ណា ។ ពួក​យើង​នឹង​អធិស្ឋាន​សម្រាប់​កូន ព្រមទាំង​នឹក​កូន ›» ។ ស្សែន បានបន្ដ​ថា ៖ « គ្មាន​អ្វី​ផ្សេង​ទៀត​ដែល​អាច​ប្រៀបផ្ទឹម​នឹង​ពាក្យ​ចុង​ក្រោយ​ពី​ម្តាយ​របស់​ខ្ញុំ​ឡើយ ។ ខ្ញុំ​ដឹង​ថា​គាត់​ជាមួយ ធែននើរ អែលលី និង ឪពុក​របស់​ខ្ញុំ​កំពុង…អធិស្ឋាន​សម្រាប់ [ បងប្រុស​ខ្ញុំ និង ] រូប​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា … ពួកគេ​អធិស្ឋាន​ឲ្យ​ខ្ញុំ​ចងចាំ​ថា​ខ្លួន​ខ្ញុំ​គឺ​ជា​នរណា … ពីព្រោះ​ខ្ញុំ ក៏​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​បុត្រ​របស់​ព្រះ ហើយ​ទ្រង់​បាន​បញ្ចូន​ខ្ញុំ​មក​ផែនដី​នេះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​[ ថា ] … ទោះបី​ជា​យើង​មាន​អារម្មណ៍​ថា​ឯកោ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ក៏​ព្រះ​នឹង​ពុំ​បោះបង់​យើង​ចោល​ឡើយ » ។២៥

មិត្ត​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ សេចក្តី​ជំនឿ​របស់​អ្នក​ពុំ​មែន​មាន​មក​តាំងតែ​ពី​ពេល​អ្នក​កើត​ឡើយ ហើយ​វា​ក៏​ពុំ​បញ្ចប់​ទៅ​វិញ​នៅពេល​ស្លាប់​ដែរ ។ សេចក្តី​ជំនឿ​គឺជាជម្រើស​មួយ ។ សូម​ពង្រឹង​សេចក្តី​ជំនឿ​របស់​អ្នក ហើយ​រស់នៅ​ដើម្បី​សម​នឹង​ទទួល​បាន​នូវ​បន្ទូល​អនុមតិ​របស់​ព្រះអង្គ​សង្គ្រោះ ៖ « អ្នក​មាន​សេចក្តី​ជំនឿ​ខ្លាំង​មែន » ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា សេចក្តីជំនឿ​របស់​អ្នក តាមរយៈ​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​នៅ​ថ្ងៃ​ណា​មួយ​នឹង​ធ្វើ​ឲ្យ​អ្នក​អាច​ឈរ​ជាមួយ​អស់​អ្នក​ដែល​អ្នក​ស្រឡាញ់ មាន​ភាព​ស្អាតស្អំ ហើយ​បរិសុទ្ធ​នៅ​ក្នុង​វត្តមាន​នៃ​ព្រះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ម៉ាថាយ ១៥:២៨

  2. ម៉ាថាយ ៦:៣០

  3. លូកា ៨:២៥

  4. ម៉ាថាយ ៨:១០

  5. ហេព្រើរ ១១:១

  6. សូម​មើល អាលម៉ា ៣២:៣៥

  7. សូមមើល L. Whitney Clayton « Choose to Believe, » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣៦–៣៩ ។

  8. សូមមើល Lectures on Faith, ( ឆ្នាំ ១៩៨៥ ) ៣ ។

  9. សូម​មើល អេភេសូរ ២:៨

  10. សាំយូអែលទី ១ ១៥:២២

  11. ការសម្ភាសន៍​ផ្ទាល់​ជាមួយ​អារ៉ូលដូ កាវ៉ាលខេនធេ ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០១៥ សាវ៉ាឌើរ ប្រទេស​ប្រេស៊ីល ព្រម​ទាំង​តាម​អ៊ីម៉ែល​កាលបរិច្ឆេទ ថ្ងៃ​ទី ៣១ ខែ សីហា ឆ្នាំ ២០១៥ ។ មាន​អ្វីៗ​ជា​ច្រើន​ទៀត​អំពី​ដំណើរ​រឿង​នៃ​ការ​តាំងចិត្ត​របស់អារ៉ូលដូ កាវ៉ាលខេនធេ​ចំពោះ​ម្តាយ​របស់​គាត់ ដើម្បី​ថែទាំបងប្អូន​ប្រុសស្រី​របស់​គាត់ ។ អំឡុងឆ្នាំ​ក្រោយៗ​មក​បន្ទាប់​ពី​មរណភាព​របស់​ម្តាយ​គាត់ នោះ​គាត់បានហៅ​បងប្អូន​ប្រុសស្រី​របស់​គាត់​ដោយ​បើក​ចំហ​ថា​ជា « កូនៗ » ។ អំឡុង​ពេល​បេសកកម្ម​របស់​គាត់ សំបុត្រ និង ការទូរសព្ទ​នៅ​ថ្ងៃ​បុណ្យ​គ្រីស្ទ និង ថ្ងៃ​បុណ្យ​ម្តាយ ជាញឹកញាប់​បាន​ប្រាប់​ពី​ឧបសគ្គ​នានា​របស់​បុគ្គល​ម្នាក់ៗ​នៃ​សមាជិក​គ្រួសារ​របស់​ខ្លួន ។​ តាមរយៈ​ពលិកម្ម​ដ៏ច្រើន​​បន្ទាប់ពី​បេសកកម្ម​របស់​គាត់ អារ៉ូលដូ បាន​ទទួលខុសត្រូវ​ខាង​ហិរញ្ញវត្ថុ​សម្រាប់ការ​សិក្សា​របស់ពួកគេ និង​បេសកកម្ម​របស់​ប្អូនប្រុស​គាត់ ។ អារ៉ូលដូ បាន​រង់ចាំ​រហូត​ដល់​​ប្អូន​ស្រី ប្អូនប្រុស​របស់គាត់​បាន​រៀបការ​អស់ មុនពេល​អាយុ ៣២ ឆ្នាំ ។ ពួកគេ​បន្ត​នៅ​ជា​គ្រួសារ​ដ៏​ស្និទ្ធស្នាល ។

  12. លូកា ២២:៣២

  13. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:២  ។

  14. កូរិនថូស​ទី ១ ២:១១

  15. យ៉ូហាន ១៤:១៦-១៧

  16. សូមមើល Adam Kotter « When Doubts and Questions Arise » Liahona ខែ​មីនា ឆ្នាំ​២០១៥ ២០១៥ ទំព័រ ៣៩–៤១ ។

  17. អែលឌើរ នែល អេ ម៉ាក់ស្វែល ម្ដង​នោះ​បាន​​មាន​ប្រសាសន៍ថា ៖ « មនុស្ស​មួយ​ចំនួន​ទទួច​ចង់​សិក្សា​ពី​សាសនាចក្រ​​តាមរយៈ​ក្រសែ​ភ្នែក​នៃ​អ្នក​ដែល​ចាកចេញ​ពី​សាសនាចក្រ​នេះ​តែប៉ុណ្ណោះ​—គឺ​ដូច​ជា​ការសម្ភាសន៍​​ពួក​សាសន៍​យូដា​ឲ្យ​យល់​ពី​ព្រះយេស៊ូវគ្រីស្ទ​អញ្ចឹង ។ អ្នក​ដែល​ចាកចេញ​​នោះ​តែងតែ​ប្រាប់​យើងកាន់តែ​ច្រើន​អំពី​ពួកគេ​ជាជាង អំពី​អ្វី​ៗដែល​ពួកគេ​បាន​ចាកចេញ​មក​នោះ » ( « All Hell Is Moved » [ Brigham Young University devotional ថ្ងៃ​ទី ៨ ខែ វិច្ឆិកា ១៩៩៧ ] ៣ speeches.byu.edu)

  18. កូរិនថូស​ទី ១ ២:១៤

  19. « ខ្ញុំ​ពុំ​ដែល​ប្រាប់​អ្នក​ឡើយ​ថា​ខ្ញុំ​ពុំ​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​គ្មាន​កំហុស​នៅក្នុង​វិវរណៈ​ដែល​ខ្ញុំ​បាន​បង្រៀន​ឡើយ » (ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៥២២ ) ។

  20. សូមមើល John W. Welch and Tim Rathbone, «The Translation of the Book of Mormon: Basic Historical Information » ( Foundation for Ancient Research and Mormon Studies ឆ្នាំ​១៩៨៦ ) ។

  21. សាក្សី​ខាង​វិញ្ញាណ​នៃ​ព្រះគម្ពីរមរមន​គឺ​ផ្តោត​សំខាន់​លើ​ការប្រែចិត្ត​ជឿ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ វា​គឺ​ជា​សាក្សី​ដែល​ត្រូវតែ​រំឭក​វា​ម្តង​ហើយ​ម្តង​ទៀត ។ ប្រសិនបើ​​មិន​ដូច្នោះ​ទេ អារម្មណ៍​ខាង​វិញ្ញាណ​រិចរិល ហើយ​ម្នាក់​នោះ​នឹង​ពុំ​ចងចាំ​ពី​ព្រះចេស្តា​​ដែល​គាត់​ធ្លាប់​បាន​ទទួល​អារម្មណ៍​នោះ​ឡើយ ។ « ហើយ​ប្រជាជន​បាន​ចាប់ផ្តើម​ភ្លេច​ទីសម្គាល់ និង ការអស្ចារ្យ​ទាំងឡាយ ដែល​ពួកគេ​បានឮ​នោះ ហើយ​បាន​ចាប់ផ្តើម​មាន​សេចក្តី​អស្ចារ្យកាន់តែ​តិចទៅៗចំពោះ​ទីសម្គាល់… អំពីស្ថានសួគ៌ ដរាប​ដល់ពួកគេ​បាន​ចាប់ផ្តើម​រឹងរូសនៅ​ក្នុង​ចិត្ត​របស់​គេ និង ងងឹតងងុល​នៅក្នុង​គំនិត​របស់​គេ ហើយបាន​ចាប់ផ្តើម​មិន​ជឿ​អ្វីៗ​ទាំងអស់ ដែល​ពួកគេ​បាន​ឃើញ ហើយ​បាន​ឭ… ហើយ [ចាប់​ផ្ដើម​] ​ជឿថា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ គឺ​ជាការណ៍​មួយ​ដ៏​ឆ្កួត​លីលា ហើយ​ឥតប្រយោជន៍​ទៅ​វិញ » (  នីហ្វៃ​ទី ៣ ២:១–២  ) ។

  22. អេភេសូរ ៤:១១–១៤

  23. ថូម៉ាស អេស. ម៉នសុន « Be of Good Cheer » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ២ ។

  24. អ៊ីម៉ែល​ផ្ទាល់​ខ្លួន​បាន​ទទួល​ពី​អែលឌើរ ផតធើរ អូពិនស្ស ថ្ងៃ​ទី ២៣ ខែ សីហា ឆ្នាំ ២០១៥ ។

  25. វាចា​របស់​ស្សែន អូពិនស្ស នៅ​ពិធី​បុណ្យ​សព​សម្រាប់​សមាជិក​គ្រួសារ​គាត់ ថ្ងៃ​ទី ២២. ខែ មិថុនា ឆ្នាំ ២០១៥ ។